ព្រះគម្ពីរ
នីហ្វៃ ទី ៣ 24


ជំពូក​ទី ២៤

ទូត​របស់​ព្រះ​អម្ចាស់​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ដល់​ការ​យាង​មក​ជា​លើក​ទី​ពីរ — ព្រះ​គ្រីស្ទ​នឹង​អង្គុយ​ជំនុំ​ជំរះ — សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់ និង​ដង្វាយ​ទាំង​ឡាយ — សៀវភៅ​រំឭក​បាន​កត់​ទុក — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាឡាគី ៣។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​គេ​សរសេរ​ទុក​នូវ​ពាក្យ​ទាំង​ឡាយ ដែល​ព្រះ​វរបិតា ទ្រង់​បាន​ប្រទាន​ឲ្យ​ម៉ាឡាគី ដែល​ទ្រង់​នឹង​ប្រាប់​ដល់​គេ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​គេ​បាន​កត់​ហើយ នោះ​ទ្រង់​ក៏​ពន្យល់​ប្រាប់​ពាក្យ​ទាំង​នោះ ហើយ​នេះ​គឺ​ពាក្យ​ទាំង​ឡាយ ដែល​ទ្រង់​បាន​ប្រាប់​ទៅ​គេ​ថា ៖ ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ាឡាគី​ដូច្នេះ​ថា — មើល​ចុះ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​យើង ហើយ​ព្រះ​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែងរក នោះ​ទ្រង់​នឹង​យាង​មក​ដល់​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​ម​ក ជា​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​ទាំង​នោះ មើល​ន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

តែ​មាន​អ្នក​ឯណា​ធន់​នៅ​បាន​ក្នុង​កាលដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​កាលដែល​ទ្រង់​លេច​មក? ត្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក។

ហើយ​ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់ ហើយ​ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​និង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់​ដោយ​សេចក្ដី​សុចរិត។

គ្រា​នោះ ដង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូសាឡិម នឹង​ទៅ​ជា​ទី​គាប់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដូច​កាលពីដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ។

ហើយ​យើង​នឹង​មក​ជិត​អ្នក​រាល់​គ្នា​ដើម្បី​នឹង​ជំនុំ​ជំរះ ហើយ​យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស​ទាស់​នឹង​ពួក​មន្តអាគម ហើយ​ទាស់​នឹង​ពួក​កំផិត ហើយ​ទាស់​នឹង​ពួក​ដែល​ស្បថ​បំពាន ហើយ​ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់សង្កិន ស្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បែរ​ចេញ​ពី​ពួក​អ្នក​ចម្លែក ហើយ​ឥត​កោតខ្លាច​ដល់​យើង​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

ត្បិត​យើង គឺ​ព្រះ​អម្ចាស់ យើង​មិន​ប្រែប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប​អើយ អ្នក​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។

អ្នក​រាល់​គ្នា​បាន​បោះបង់​ចោល​ពិធី​បរិសុទ្ធ​របស់​យើង ចាប់​តាំង​ពី​គ្រា​ពួក​អយ្យកោ​រៀង​មក ឥត​កាន់​តាម​ឡើយ។ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​យើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​អ្នក​ដែរ។ តែ​អ្នក​រាល់​គ្នា​ថា ៖ តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្ដេច?

ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ។ រួច​បែរជា​សួរ​ថា ៖ តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯណា? គឺ​ក្នុង​ដង្វាយ​មួយ​ភាគ​ដប់ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង។

អ្នក​រាល់​គ្នា​គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្ដា​សា​ហើយ ដោយ​ព្រោះ​តែងតែ​កោង​យក​របស់​យើង​យ៉ាង​ដូច្នេះ។

១០ចូរ​នាំ​យក​ដង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀងអាហារ​នៅ​ក្នុង​ដំណាក់​នៃ​យើង ហើយ​ល្បង​ល​យើង​ឥឡូវ​នេះ បើ​យើង​មិន​បើក​បង្អួច​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​អ្នក​ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

១១ដូច្នេះ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​អ្នក​ឡើយ ឯ​ដើម​ទំពាំងបាយជូរ​នៅ​ចម្ការ​របស់​អ្នក ក៏​មិន​ជម្រុះ​ផ្លែ​ពី​កាល​នៅ​ក្ដឹប​ដែរ នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

១២យ៉ាង​នោះ គ្រប់​ទាំង​សាសន៍​នឹង​ថា អ្នក​រាល់​គ្នា​មាន​ពរ ត្បិត​ដែនដី​របស់​អ្នក​រាល់​គ្នា នឹង​បាន​ជា​ដែនដី​សប្បាយ​ណាស់ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

១៣ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា បាន​ទាស់​នឹង​យើង​ជា​ខ្លាំង។ ទោះ​បី​យ៉ាង​នោះ​ក៏​អ្នក​រាល់​គ្នា​ថា ៖ តើ​យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់?

១៤អ្នក​រាល់​គ្នា​បាន​ពោល​ថា ៖ ជា​ការ​ឥត​ប្រយោជន៍​ទេ​ដែល​បម្រើ​ព្រះ ហើយ​តើ​មាន​ប្រយោជន៍​អ្វី ដែល​យើង​កាន់​តាម​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ដែល​យើង​ដើរ​ដោយ​សោកសៅ​នៅ​ចំពោះ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ?

១៥ហើយ​ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ​ទុកជា​សប្បាយ​ហើយ មែន​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង មែន​ហើយ គេ​ល្បង​ល​ព្រះ ហើយ​ក៏​រួច​ខ្លួន​ផង។

១៦គ្រា​នោះ ពួក​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះ​អម្ចាស់ ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញយៗ ហើយ​ព្រះ​អម្ចាស់​ទ្រង់​ប្រុង​ស្ដាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក​នៅ​ចំពោះ​ព្រះ​អម្ចាស់​សម្រាប់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់។

១៧ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​យើង គឺជា​របស់​ផង​យើង​ពិត ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត។

១៨គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក ហើយ​ចេះ​វែកញែក​រវាង​សេចក្ដី​សុចរិត និង​សេចក្ដី​អាក្រក់ រវាង​មនុស្ស​ដែល​គោរព​ដល់​ព្រះ និង​មនុស្ស​ដែល​មិន​គោរព​ផង៕