ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយ​ទាន​ចំនួន​បួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​បងប្អូន


អំណោយ​ទាន​ចំនួន​បួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​បងប្អូន

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ នេះ​គឺជា​រដូវកាល​មួយ​ដ៏​សំខាន់​ខ្លាំង​ណាស់ ! យើង​ចូល​ចិត្ត​ច្រៀង​បទ​« ចូរ​មក​ពួកអ្នក​ស្មោះត្រង់ »  ហើយមាន​ចិត្ត​រីករាយ​ដើម្បី​សរសើរ​តម្កើង​ទ្រង់ ៖ ព្រះយេស៊ូវគ្រីស្ទ—ជា​ព្រះឱរស​ដ៏​អស្ចារ្យ​នៃ​ភូមិ​បេថ្លេហិម—​« ព្រះ​យេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ [ និង ] ជា​ព្រះ​មែស៊ី​នៅក្នុងព្រះ​គម្ពីរ​សញ្ញា​ថ្មី » ។

រាត្រី​នេះ​ចូរ​យើង​ពិចារណា​ជាមួយ​គ្នា​អំពី​ពរជ័យ​ដែល​កើត​មាន​ចំពោះ​យើង ពេល​យើង​ផ្តោត​ចិត្ត​ទៅលើ​ព្រះជន្ម បេសកកម្ម គោលលទ្ធិ និង​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ដូចជា​ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​ចំពោះ​ពួកបរិសុទ្ធ​នៅ​ជំនាន់​ទ្រង់​ដែរ នោះ​ខ្ញុំ​អញ្ជើញ​បងប្អូន​ឲ្យ « គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » ។ ពរជ័យ​នោះ​គឺ​មាន​សម្រាប់​យើង​នៅលើ​ផែនដី​នេះ​ក្នុង​ពេល​នេះ ប៉ុន្តែ​បន្ថែម​ទៅលើ​ពរជ័យ​នោះ​គឺ​ការសន្យា​បន្ត​ទៀត​នៃ « សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។ ដោយ​បាន​ថ្លែង​យ៉ាង​សាមញ្ញ នោះ​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ឯកសិទ្ធិ​នៃ​បទពិសោធន៍​អំណរ​ជារៀង​រហូត​ដែល​ពុំ​អាច​ថ្លែង​បាន ។

ខ្ញុំ​បាន​នឹក​ចាំ​ពី​រឿង​នេះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន កាល​ខ្ញុំ​បាន​ជួប​នឹង​ទេវតា​មួយ​រូប​ឈ្មោះ​លីឌៀ ។ ទេវតា​រូប​នេះ​ពុំ​ពាក់​រូប-ស​ទេ ហើយ​នាង​ងាយ​ឲ្យ​យើង​បាន​ជួប ដោយ​នាង​ការ​មក​កាន់​ការិយាល័យ​របស់​ខ្ញុំ ។ លីឌៀ​មាន​អាយុ ១២ ឆ្នាំ ។ មាន​គេ​ប្រាប់​ខ្ញុំ​ថា នាង​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​ដ៏​កម្រ​មួយ​យ៉ាង​ធ្ងន់​ធ្ងរ ។ នាង​មាន​ទឹក​មុខ​ដូចជា​ទេវតា ហើយ​មាន​ភាព​ចាស់​ទុំ​លើស​ពី​អាយុ​នាង​ទៅ​ទៀត ។ នៅពេល​យើង​បាន​និយាយ​អំពី​ជីវិត និង​អនាគត​របស់​នាង នាង​បាន​ស្ងប់ចិត្ត និង​ភាព​សុខសាន្ត ។ នៅពេលខ្ញុំ​សួរ​ថា តើ​នាង​មាន​សំណួរ​អ្វីទេ នាង​បាន​តប​យ៉ាង​លឿន​ថា « តើ​ស្ថានសួគ៌​មាន​ទិដ្ឋភាព​បែប​ណា ? » ការណ៍​នេះ​បាន​ដឹកនាំ​ទៅ​រក​ការ​ពិភាក្សា​ចេញ​ពី​ចិត្ត​មួយ​អំពី​គោលបំណង​នៃ​ជីវិត​នេះ និង​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​នៃ​យើង និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​គោរព ហើយ​ធ្វើ​តាម​ពួក​ទ្រង់ ។

រូបភាព
លីឌៀ និង​ប្រធាន​ណិលសុន

ខ្ញុំ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​សេចក្ដី​ជំនឿ​របស់​លីឌៀ និង​គ្រួសារ​របស់​នាង ! ទោះជា​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ដ៏​លំបាក​បំផុត​មួយ​នៅ​ក្នុង​ជីវិត​នេះ​ក្ដី ក៏លីឌៀ​នៅ​តែ​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ​ដែរ ។ នាង​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ។ នាង​ដឹង​ថា ព្រះអម្ចាស់​ស្រឡាញ់​នាង ហើយ​នឹង​មើល​ថែនាង ។ គ្រួសារ​ដ៏​ស្មោះត្រង់​របស់​នាង​ក៏​ពោរពេញ​ដោយ​ភាព​សុខសាន្ត និង​ស្ងប់​ចិត្ត​ដូចគ្នា​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ ។

ក្ដី​ប្រាថ្នា​របស់​លីឌៀ​គឺ​ចង់​ជួប​នឹង​ប្រធាន​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ប៉ុន្តែ បំណង​ប្រាថ្នា របស់​នាង​គឺ​លើស​ពី​បទពិសោធន៍​មួយ​គ្រា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទៅ​ទៀត ។ បំណង​ប្រាថ្នា​ធំ​បំផុត​របស់​នាង​គឺ​ចង់​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​របស់​នាង​ជា​រៀង​រហូត​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ នាង​ក៏​មាន​បំណងប្រាថ្នា​ដើម្បី​បាន​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ជានិច្ច​ផង​ដែរ ។

ពិតណាស់ បំណង​ប្រាថ្នា​របស់​យើង​ជះ​ឥទ្ធិពល​ដល់​យើង​ម្នាក់ៗ​តាម​របៀប​ដ៏​អស្ចារ្យ ពុំ​គ្រាន់​តែ​នៅ​ក្នុង​ជីវិត​នេះ និង​នៅ​ពេលនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត ។ សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ​មក​ពី​អាលម៉ា​ថា « [ ព្រះអម្ចាស់ ] ប្រទាន​ឲ្យ​មនុស្ស តាម​បំណង​របស់​គេ » ។

បំណង​ប្រាថ្នា​មាន​សារៈសំខាន់​នៅ​ក្នុង​រដូវ​កាល​នៃ​ការ​ផ្ដល់​អំណោយ​នេះ នៅពេល​យើង​គិត​យ៉ាង​ច្បាស់​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ នៅ​ក្នុង​រដូវ​កាល​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​បំណង​ប្រាថ្នា​របស់​បងប្អូន​ផ្ទាល់ ។ តើ​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​បងប្អូន​គឺជា​អ្វី ? តើ​បងប្អូន​ពិត​ជា​ចង់​ដក​ពិសោធន៍ ហើយ​សម្រេច​បាន​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​នេះ ? តើ​បងប្អូន​ពិត​ជា​ចង់​ក្លាយ​កាន់​តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​មែន​ទេ ? តើ​បងប្អូន​ពិត​ជា​ចង់​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​គ្រួសារ​របស់​បងប្អូន​ជា​រៀង​រហូត ហើយ​រស់នៅ​ដូចជា​ទ្រង់​ឬទេ ?

ប្រសិន​បើ​ដូច្នោះ​មែន បងប្អូន​នឹង​ចង់​ទទួល​យក​អំណោយ​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដើម្បី​ជួយ​បងប្អូន និង​ខ្ញុំ​នៅ​ក្នុង​គ្រា​សាកល្បង​របស់​យើង​នេះ ។ ចូរ​យើង​ផ្ដោត​លើ​អំណោយ​ចំនួន បួន ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​នឹង​យល់​ព្រម​ទទួល វា ។

ទីមួយ ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន និង​ខ្ញុំ​នូវ​សមត្ថភាព​គ្មាន​កំណត់ ដើម្បី​ស្រឡាញ់ ។ វា​រួម​បញ្ចូល​ទាំង​សមត្ថភាព​ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់ និង​អស់​អ្នក​ដែល ពុំ ស្រឡាញ់​បងប្អូន​ព្រមទាំង​បាន​បៀតបៀន ហើយ​ចង​គំនុំ​ចំពោះ​បងប្អូន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ដោយមាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​រៀន​ស្រឡាញ់​ដូចជា​ទ្រង់ ។ វា​ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​មួយ—ពិតណាស់​ជា​ការ​បន្ទន់​ចិត្ត​របស់​យើង—ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពី​របៀបមើល​ថែ​គ្នា ដ៏​ពិត​ប្រាកដ ។ បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ យើង​អាច​ផ្ដល់​ការងារ​បម្រើ​យ៉ាង​ពិត​ប្រាកដ​តាម​របៀប​ព្រះអម្ចាស់ នៅពេល​យើង​ទទួល​យក​អំណោយ​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។

ចូរ​ទូល​សូម​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​ទ្រង់​ត្រូវការ​ឲ្យ​បងប្អូន​ស្រឡាញ់ រួម​ទាំង​មនុស្ស​ដែល​ពុំ​ងាយ​ទទួល​យក​សេចក្ដីស្រឡាញ់​ក្ដី ។ បងប្អូន​ប្រហែល​ជា​ត្រូវ​ទូល​សូម​ព្រះ​ឲ្យ​ប្រទាន​ពួក​ទេវតា​របស់​ទ្រង់​ដើម្បី​ដើរ​ជាមួយ​នឹង​បងប្អូន​ទៅ​កន្លែង​ដែល​បងប្អូន​ពុំ​ចង់​ទៅ ។

អំណោយ​ទី​ពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​បងប្អូន​គឺ​លទ្ធភាព ដើម្បី​អភ័យទោស ។ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​បាន​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រមទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ភាពឃោរឃៅ​ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។

ជាធម្មតា វា​ងាយ​ស្រួល​ដើម្បី​អភ័យ​ទោស​ដល់​មនុស្ស​ដែល​ស្វែង​រក​ការ​អភ័យ​ទោស​ពី​បងប្អូន​ដោយ​ស្មោះ និង​ដោយ​រាបសា ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​តាម​គ្រប់​រូប​ភាព ។ បន្ទាប់​មក ទង្វើ​ដ៏​ឈឺចាប់​របស់​ពួកគេ​ពុំ​អាច​បំផ្លាញ​ព្រលឹង​របស់​បងប្អូន​បាន​ទៀត​ឡើយ ។

អំណោយ​ទី​បី​មក​ពី​ព្រះអង្គ​សង្គ្រោះ​គឺ ការ​ប្រែចិត្ត ។ អំណោយ​នេះ​ពុំត្រូវ​បាន​យល់​ច្បាស់​លាស់​ជានិច្ច​នោះ​ទេ ។ ដូច​បងប្អូន​ដឹង​ហើយ ព្រះគម្ពីរ​សញ្ញា​ថ្មី​ដើម​ឡើយ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ក្រិក ។ នៅ​វគ្គ​មួយ​ត្រង់​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះអំពាវ​នាវ​ឲ្យ​មនុស្ស​ប្រែចិត្ត ពាក្យ​ដែល​បាន​បកប្រែ​ថា « ប្រែចិត្ត​ជា​ភាសា​ក្រិក​គឺ​ពាក្យ​ថា metanoeo ។ នេះ​គឺ​ជា​ពាក្យ​ករិយាសព្ទ​ជា​ភាសា​ក្រិក​ដ៏​មាន​អនុភាព​មួយ ។ បុព្វបទ​នៃ​ពាក្យ​ថា meta មាន​ន័យ​ថា « ផ្លាស់ប្ដូរ » ។ យើង​ក៏​ប្រើ​បុព្វបទ​នោះ​ក្នុង​ភាសា​អង់គ្លេស​ដែរ ។ ឧទាហរណ៍ ពាក្យ metamorphosis មាន​ន័យ​ថា « ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ ឬ​ទម្រង់ » ។ ពាក្យ noeo ដែល​នៅ​ខាង​ចុង​ទាក់ទង​នឹង​ពាក្យ​ក្រិក​មួយ​ដែល​មាន​ន័យ​ថា​« គំនិត » ។១០ វា​ក៏​ទាក់ទង​ផង​ដែរ​នឹង​ពាក្យ​ក្រិក​ផ្សេង​ទៀត​ដែល​មាន​ន័យ​ថា « ចំណេះដឹង »១១ « ស្មារតី »១២ និង « ដង្ហើម » ។១៣

តើ​យើង​អាច​ចាប់ផ្ដើម​មើល​ឃើញ​ទំហំ និង​ជម្រៅ​នៃ​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ប្រទាន​ឲ្យ​យើង នៅពេល​ទ្រង់​ប្រទាន​ដល់​យើង​នូវ​អំណោយ​ដើម្បី​ប្រែ​ចិត្ត ដែរ​ឬទេ ? ទ្រង់​អញ្ជើញ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត ចំណេះដឹង វិញ្ញាណ សូម្បី​តែ​ដង្ហើម​របស់​យើង ។ ឧទាហរណ៍ នៅពេល​យើង​ប្រែចិត្ត យើង​ដកដង្ហើម​ជាមួយ​នឹង​អំណរគុណ​ចំពោះ​ព្រះ ជា​អង្គ​ដែល​ផ្ដល់​ដង្ហើម​ឲ្យ​យើង​ជា​រៀង​រាល់​ថ្ងៃ ។១៤ ហើយ​យើង​ប្រាថ្នា​ចង់​ប្រើ​ដង្ហើម​នោះ​ដើម្បី​បម្រើ​ទ្រង់ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ការប្រែចិត្ត​គឺជា​អំណោយ​មួយ​ដ៏​ត្រចះ​ត្រចង់ ។ វា​គឺជា​ដំណើរ​ការ​មួយ​ដែល​ពុំ​គួរ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ។ វា​គឺជា​អំណោយ​មួយ​សម្រាប់​យើង ដើម្បី​ទទួល​ដោយ​អំណរ ហើយ​ប្រើ—ថែម​ទាំង​ឱប​ក្រសោប​យក—ជារៀង​រាល់ថ្ងៃ នៅពេល​យើង​ខិតខំ​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ។

បិតា​របស់​ស្ដេច​ឡាម៉ូណៃ​បាន​យល់​ដឹង​ពី​អនាគត​នៃ​អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះគ្រីស្ទ ហើយ​បាន​ធ្វើ​តាម​ទ្រង់ ។ ទ្រង់​បាន​ប្រកាស​ថា ទ្រង់​នឹង​លះបង់​អំពើបាប ទាំងអស់ របស់​ទ្រង់​ដើម្បី​ទទួល​បាន​ឯកសិទ្ធិ​នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ។១៥ ការ​ប្រែចិត្ត​ពិត​ពុំ​មែន​ជា​រឿង​ដែល​កើត​ឡើង​តែ​ម្ដង​នោះទេ ។ វា​គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​គ្មាន​ទីបញ្ចប់ ។ វា​មាន សារៈសំខាន់ ចំពោះ​ការ​រីកចម្រើន និង​មាន​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត ការ​លួង​លោម និង​អំណរ ។

អំណោយ​ទី​បួន​មក​ពី​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ជា​កា​រសន្យា​មួយ—ជា​ការ​សន្យា​នៃ ជីវិត​ជា​និរន្ដរ ។ វា​ពុំ​មែន​មាន​ន័យ​ថា គ្រាន់​តែ​ជាការ​រស់​នៅ​សម្រាប់​ពេល​ដ៏​យូរ​អង្វែង​នោះ​ទេ ។ មនុស្ស​គ្រប់​គ្នា​នឹង​រស់​នៅ​ជា​រៀង​រហូត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ទោះ​ជា​ពួកគេ​បាន​ទទួល​នគរ ឬ​សិរីល្អ​ណា​មួយ​ក្ដី ។ មនុស្ស​គ្រប់​គ្នា​នឹង​បាន​រស់​ឡើង​វិញ ហើយ​ដក​ពិសោធន៍​នូវ អមតភាព ។ ប៉ុន្តែ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​លើស​ពីការ​កំណត់​ពេលវេលា​មួយ​ទៅ​ទៀត ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺជា​ជីវិត​មួយ​ដែល​ព្រះវរបិតា​សួគ៌ និង​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​រស់​នៅ ។ នៅពេល​ព្រះវរបិតា​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង ទ្រង់​កំពុង​មាន​បន្ទូល​ថា « ប្រសិន​បើ​អ្នក​ជ្រើស​ធ្វើ​តាម​ព្រះរាជបុត្រា​របស់​យើង—ប្រសិន​បើ បំណង​ប្រាថ្នា របស់​អ្នក ពិត ជា​ដើម្បី​ក្លាយ​ឲ្យ​កាន់​តែ​ដូចជា​ទ្រង់​មែន—នោះអ្នក​ត្រូវ​រស់​នៅ​ដូចជា​យើង ហើយ​គ្រប់​គ្រង​ពិភព និង​នគរ​នានា​ដូចជា​យើង » ។

អំណោយ​ដ៏​វិសេស​វិសាល​ទាំង​បួន​នេះ​នឹង​នាំ​យក​អំណរ​ដ៏​ច្រើន​មក​ឲ្យ​យើង នៅពេល​យើង​ទទួល​យក​វា ។ វា​អាច​កើត​ឡើង​បាន ដោយសារ​ព្រះយេហូវ៉ា​បាន​យាង​ចុះ​មក​ផែនដីក្នុង​នាម​ជា​ព្រះឱរស​យេស៊ូវ ។ ទ្រង់​បាន​ប្រសូត​មក​ពី​ព្រះវរបិតា​ដែល​មាន​ជីវិត​អមតៈ និង​មាតា​ដែល​មាន​ជីវិត​រមែង​ស្លាប់ ។ ទ្រង់​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្ថានភាព​ដ៏​រាបសា​បំផុត ។ ការ​ប្រសូត​របស់​ទ្រង់​គឺជា​ការ​ប្រសូត​ដ៏​បរិសុទ្ធ​ដែល​បាន​ឃើញ​ជាមុន​ដោយ​ពួកព្យាការី​ចាប់​តាំង​ពី​ជំនាន់​អ័ដាម​មក​ម្ល៉េះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​ដ៏​ធំ​ធេង​របស់​ព្រះ—ជា​អំណោយ​ពី​ព្រះវរបិតា​ទៅ​កាន់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។១៦ យើង​សាទរ​នឹង​ការ​ប្រសូត​នោះ​ពេញ​ដោយ​អំណរ​រៀង​រាល់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់ ។

ដោយ​គំនិត និង​អារម្មណ៍​របស់​យើង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក តើ យើង ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​អំណោយទាំង​នេះដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដោយ​ស្មោះ​ដល់​យើង ? តើ​អ្វី​ទៅ​គឺជា​គន្លឹះ​ដើម្បី​ស្រឡាញ់​ដូចជា​ទ្រង់ អភ័យទោស​ដូចជា​ទ្រង់ ប្រែចិត្ត​ដូចជា​ទ្រង់ ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ហើយ​នៅ​ទីបំផុត​រស់​នៅ​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា​សួគ៌​នៃ​យើង ?

គន្លឹះ​នោះ​គឺជា​ការ​ចុះ ហើយ​គោរព​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ។ យើង ជ្រើស​រើស រស់​នៅតាម និង​រកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នោះ ។ វា​ពុំ​មែន​ជា​ផ្លូវ​លំបាក​ទេ ។ វា​គឺជា ផ្លូវ ទៅ​រក​អំណរ​ពិត​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចបន្ទាប់​ពី​ជីវិត​នេះ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ចង់​ឲ្យ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌​មាន​ឱកាស​ស្ដាប់​ឮ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្ដាប់​តាម​ការ​បង្រៀន​របស់​ទ្រង់ ហើយ​ចង់​ឲ្យ​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ដូច​ដែល​បាន​សន្យា​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ហើយ​ខ្ញុំ​ប្រាថ្នា​ថា យើង​នឹង​ជឿ ហើយ​ទទួល​យក​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​យើង​ម្នាក់ៗ ។ សេចក្ដីស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ ហើយ​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​បាន​នាំ​ទ្រង់​ឲ្យ​ធ្វើ​ដង្វាយ​ធួន​សម្រាប់​បងប្អូន និង​ខ្ញុំ ។ អំណោយ​នោះ—ដែល​ជា​ដង្វាយធួន​របស់​ទ្រង់—អនុញ្ញាត​ឲ្យ​រាល់​អំណោយទាន​ផ្សេង​ទៀត​របស់​ទ្រង់​ក្លាយ​ជា​របស់​ផង​យើង ។

នៅ​ថ្ងៃ​ខាងមុខ—ក្នុង​សហសវត្សរ៍​ដែល​យើង​កំពុង​ត្រៀមខ្លួន​ឥឡូវ​នេះ—« គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង » ១៧ ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ហើយ​វា​ពុំ​គ្រាន់​តែ​ក្រុម​ចម្រៀង​រោងឱបោសថ​ដ៏​អស្ចារ្យ​នៅ​វិសាល​ដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ច្រៀង​បទ « ហាលេលូយ៉ា » ប៉ុណ្ណោះ​ទេ ។១៨ មនុស្ស​គ្រប់​គ្នា​ដែល​បាន​ជ្រើស​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​នឹង​ច្រៀង ហើយ​ស្រែក​ថា « ហាលេលូយ៉ា ដ្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ » ។១៩ « នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា និង​ជា​របស់​ផង​ព្រះគ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ » ២០ « ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ » ។២១

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ—ជា​ព្រះមែស៊ី ។ នេះគឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ដែល​ទ្រង់​ដឹកនាំ​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។ យើង​សូម​បួង​សួង​ដោយ​រាបសា​ថា ពរជ័យ​របស់​ទ្រង់​នឹង​កើត​មាន​ចំពោះ​បងប្អូន​ម្នាក់ៗ រួម​ទាំង​បំណង​ប្រាថ្នា និង​លទ្ធភាព​ដើម្បី​ទទួល​យក​រាល់​អំណោយទាន​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​បងប្អូន នៅ​ក្នុង​ព្រះនាម​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។