យប់សុខសាន្តបរិសុទ្ធ
ខ្ញុំចង់ប្រាប់រឿងពីរដែលបានកើតឡើងចំពោះខ្ញុំ ហើយដក់ជាប់ក្នុងចិត្តខ្ញុំជាច្រើនឆ្នាំ ហើយឥឡូវនេះវាកំពុងបង្រៀនខ្ញុំពីមេរៀនដែលខ្ញុំត្រូវការ ។
មេរៀនទីមួយបានកើតឡើងកាលខ្ញុំមានអាយុ ៦ ឆ្នាំ ។ អ្នកដឹកនាំភ្លេងរបស់យើងនៅវួដហាន់ធើរទី ៥ គឺជាបងស្រី ប៊េវើរលី វ៉ាយលី ។ ឥឡូវនេះ ខ្ញុំដឹងថា គាត់ប្រហែលជាមានអាយុមិនទាន់ ៤០ ឆ្នាំផង ប៉ុន្តែគាត់មានកូនៗវ័យជំទង់ ព្រមទាំងទំនងជាឆ្លាត ហើយមានភាពចាស់ទុំចំពោះយើងនៅក្នុងថ្នាក់កុមារតូចៗ ។ គាត់កំប្លែង ហើយធ្វើដាក់ពួកយើងដូចជាយើងជាពួកមជ្ឈិមវ័យ ហើយយើងចូលចិត្តទង្វើនោះ ។ យើងកោតសរសើរគាត់ ហើយចង់ធ្វើឲ្យគាត់សប្បាយចិត្ត ។ គាត់បានប្រាប់យើងថា យើងអាចច្រៀងឲ្យឮៗដើម្បីឲ្យឪពុកម្ដាយយើងនៅបន្ទប់ជិតនោះស្តាប់ឮ ។ កុំស្រែក—ត្រូវខំច្រៀងឲ្យល្អ ! ហើយយើងបានច្រៀងចេញពីដួងចិត្តរបស់យើង ។ គាត់ក៏បានបង្រៀនយើងផងដែរនូវបទចម្រៀងមួយនៅក្នុងសៀវភៅទំនុកតម្កើងរបស់ពួកមជ្ឈិមវ័យ ដោយពោលថា គាត់បានដឹងថា យើងគឺជាអ្នកចម្រៀងដែលពេញវ័យគ្រប់គ្រាន់ដើម្បីចងចាំពាក្យពិបាកៗបាន ។ ហើយគាត់បានពន្យល់ពីអត្ថន័យនៃពាក្យទាំងអស់ឲ្យយើងយល់ ។ គាត់បានបង្រៀនយើងថា រាល់បទចម្រៀងមាននូវសារលិខិតពិសេសមួយសម្រាប់យើង ហើយប្រសិនបើយើងគិតពីពាក្យទាំងនោះ យើងនឹងរកឃើញសារលិខិតជាពិសេសសម្រាប់ជីវិតរបស់យើងផ្ទាល់ ។
នៅបុណ្យគ្រីស្ទម៉ាស់នោះ ខ្ញុំបានព្យាយាមអនុវត្តអ្វីដែលបងស្រីវ៉ាយលីបានបង្រៀនយើង ហើយខ្ញុំបានរៀនពីវគ្គទាំងអស់ក្នុងបទ « យប់សុខសាន្ត » ។ ឥឡូវនេះ ខ្ញុំសូមអភ័យទោសជាមុនចំពោះអ្នកបកប្រែដោយសារវារៀងពិបាកបន្តិច ។ កាលខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំបានគិតយ៉ាងខ្លាំងពីពាក្យនៅក្នុងវគ្គទីបី ប៉ុន្តែខ្ញុំមិនបានយល់ពីវិធីប្រើវណ្ណយុត្តឡើយ ។ ជំនួសឲ្យការច្រៀងថា « ព្រះបុត្រព្រះបរិសុទ្ធ » ដែលមានន័យថា ព្រះយេស៊ូវគឺជាពន្លឺដែលចេញពីសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ខ្ញុំបានយល់ថា ព្រះបុត្រព្រះស្រឡាញ់ពន្លឺដ៏បរិសុទ្ធ—ទ្រង់កោតសរសើរអ្វីមួយដែលកើតចេញពីពន្លឺដ៏បរិសុទ្ធ ។ ដោយគិតដូចជាបងស្រីវ៉ាយលីខ្ញុំបានខិតខំស្វែងរករបៀបដែលខ្ញុំអាច« បរិសុទ្ធ »ដូចជាព្រះយេស៊ូវដែរ ។
រឿងទីពីរបានកើតឡើងកាលខ្ញុំមានអាយុ ៩ ឆ្នាំ ។ ខ្ញុំបានរៀនលេងព្យាណូដូចក្មេងជាច្រើនដែរ ។ ខ្ញុំគ្មានទេពកោសល្យនោះទេ ហើយប្រហែលជាការលើកទឹកចិត្តដល់ខ្ញុំ នោះប៊ីស្សពរបស់ខ្ញុំបានសួរថា តើខ្ញុំចង់លេងបទគ្រីស្ទម៉ាស់នៅក្នុងការប្រជុំសាក្រាម៉ង់នៅថ្ងៃឆ្លងបុណ្យគ្រីស្ទម៉ាស់ដែរឬទេ ។ ខ្ញុំបានសម្រេចចិត្តលេងបទ « យប់សុខសាន្ត » ។ គ្រូបង្រៀនព្យាណូរបស់ខ្ញុំបានជួយខ្ញុំរៀបចំខ្លួន ។ ឪពុកម្ដាយរបស់ខ្ញុំបានស្ដាប់ខ្ញុំលេងបទនោះដោយប្រើព្យាណូពណ៌ខ្មៅរបស់យើងដែលនៅបន្ទប់ក្រោមដីប្រហែលជា ១០០ ដង ។ មានម្នាក់បាននិយាយថា ប្រហែលខ្ញុំអាចទន្ទេញចម្រៀង ហើយមិនប្រើតន្ត្រីទេ ប៉ុន្តែ ខ្ញុំភ័យយ៉ាងខ្លាំងចំពោះការលេងនៅមុខមនុស្សគ្រប់គ្នាក្នុងវួដរបស់ខ្ញុំ រហូតដល់ខ្ញុំពុំអាចចងចាំទំនុកភ្លេងនោះបាន ។ ផ្ទុយទៅវិញ ខ្ញុំបានចាប់ផ្ដើមមានផែនការមួយ ។ ខ្ញុំចង់យកក្រដាសទំនុកភ្លេងទៅជាមួយនឹងខ្ញុំ ដូច្នេះជំនួសឲ្យការដាក់វានៅលើព្យាណូ ខ្ញុំបានដាក់វានៅលើភ្លៅខ្ញុំវិញ ។ ខ្ញុំអាចមើលដៃរបស់ខ្ញុំ ហើយឃើញក្រដាសទំនុកភ្លេង ប៉ុន្តែវាទំនងដូចជាខ្ញុំបានចងចាំទំនុកភ្លេងនោះ ។ ផែនការនេះបានដំណើរការយ៉ាងល្អបានតែ ២០ វិនាទីប៉ុណ្ណោះ ។ ខ្ញុំបានដាក់ទំនុកភ្លេងនោះនៅលើសំពត់សម្រាប់បុណ្យគ្រីស្ទម៉ាស់របស់ខ្ញុំ ហើយពេលខ្ញុំលេងវា សាច់សំពត់នោះរលោងពេក ហើយនៅពាក់កណ្ដាលវគ្គទីមួយ ក្រដាសទំនុកភ្លេងនោះបានរអិលចេញពីសំពត់របស់ខ្ញុំ ហើយបានធ្លាក់ចូលទៅក្រោមព្យាណូ ។ ខ្ញុំគិតលែងឃើញអ្វីទាំងអស់ ។ គ្មានផ្លូវដែលខ្ញុំអាចយកទំនុកភ្លេងនោះបានវិញឡើយ ហើយខ្ញុំនឹកមិនឃើញអ្វីទាំងអស់ ។ ខ្ញុំបានខំលេងឲ្យអស់ពីលទ្ធភាពទាំងស្ទាក់ស្ទើរ ។ ខ្ញុំលេងពុំបានល្អឡើយ ។
ខ្ញុំបានលេងខុសណោតភ្លេង ហើយខ្ញុំអាចឃើញថា ទស្សនិជនបានរួញស្មារបស់ពួកគេ ។ ខ្ញុំបានលេងទាំងខុសដល់វគ្គទីពីរ ។ ខ្ញុំបានរំលងវគ្គទីបីយ៉ាងឈ្លាសវៃ ហើយរត់យ៉ាងលឿនចុះពីវេទិកាទាំងមុខក្រហម ខំទប់ចិត្តកុំឲ្យយំ ។ ឪពុកម្ដាយរបស់ខ្ញុំបានខ្សឹបថា « តើមានរឿងអ្វីកើតឡើង ? កូនចេះចម្រៀងនោះច្បាស់ណាស់ » ។ ខ្ញុំចង់ចេញពីព្រះវិហារឲ្យឆាប់ៗ ។ ខ្ញុំមិនចង់ជួប ឬនិយាយនឹងនរណាទេ ខ្ញុំមានភាពអាម៉ាស់ខ្លាំងណាស់ ។ កាលការប្រជុំនោះបានបញ្ចប់ទៅ គ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់ខ្ញុំដែលមានវ័យចំណាស់ គឺបងស្រី អាលម៉ា ហេតុន បានដើរមករកខ្ញុំ ។ ខ្ញុំព្យាយាមគេចមុខពីគាត់ ប៉ុន្តែគាត់បានចាប់ដៃខ្ញុំ ។ ជំនួសឲ្យការប្រាប់ខ្ញុំថា ខ្ញុំធ្វើបានល្អ ដែលមនុស្សគ្រប់គ្នាដឹងថា វាមិនពិតនោះគាត់បានពោលពាក្យមួយដែលខ្ញុំនឹងចងចាំពេញមួយជីវិតរបស់ខ្ញុំ ។ គាត់បានពោលថា « សារ៉ុនទោះជាមានលទ្ធផលចេញមកបែបណាក្ដី ។ មនុស្សគ្រប់គ្នាអាចឃើញពីការខិតខំដែលក្មួយបានធ្វើ ហើយយើងស្រឡាញ់ក្មួយ ទោះជាក្មួយលេងព្យាណូបានល្អ ឬមិនល្អក្ដី » ។
នោះគឺជាការពិត ។ ប៉ុន្តែវាមិនអាក្រក់ខ្លាំងដូចដែលខ្ញុំបានរំពឹងទុកឡើយ ។ សេចក្ដីពិតនោះគឺថា ខ្ញុំបានខិតខំ ហើយពួកគាត់ស្រឡាញ់ខ្ញុំ ទោះជាខ្ញុំពុំអាចលេងព្យាណូបានក្ដី ។ ខ្ញុំបានញញឹមបន្តិច ហើយគាត់បានឱបខ្ញុំ ហើយរំពេចនោះអ្វីៗទាំងអស់បានប្រសើរឡើង ។
មើលចុះ ប៊េវើរលី វ៉ាយលី និង អាលម៉ា ហេតុន ពុំបានធ្វើអ្វីដែលធំនោះទេ ។ ពួកគាត់ពុំបានសរសេរអ្វីចូលក្នុងសៀវភៅកំណត់ហេតុរបស់ពួកគាត់ឡើយ ។ គ្មាននរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់គាត់ដឹងពីរឿងនេះទេ ។ ពួកគាត់គ្រាន់តែបានបង្រៀនដល់កុមារតូចៗពីរបៀបច្រៀង ហើយយល់ពីដំណឹងល្អ ។ តើមានអ្វីដែលសាមញ្ញជាងនេះ ? វាគឺគ្មានទេ ។ ប្រសិនបើបងប្អូនសួរខ្ញុំថា ពេលមនុស្សម្នាក់« បរិសុទ្ធ »មានភិនភាគបែបណានោះ គឺដូចជាប៊េវើរលី វ៉ាយលី ។ គឺដូចជា អាលម៉ា ហេតុន ។ ពួកគាត់ម្នាក់ៗអាចស្គាល់ភាព « បរិសុទ្ធ »នៃកុមារតូចម្នាក់ដែលខិតខំអស់ពីលទ្ធភាព ហើយស្រឡាញ់នាងដោយសារទង្វើនោះ ទោះជាលទ្ធផលពុំបានល្អឥតខ្ចោះក្ដី ។
ព្រះវរបិតាសួគ៌របស់យើងក៏ដូចគ្នាផងដែរ ។ ទ្រង់មើលឃើញយើង ដែលជាបុត្រាបុត្រីតូចៗរបស់ទ្រង់ កំពុងខិតខំប្រឹងប្រែង ។ ការខិតខំរបស់យើងពុំតែងតែទទួលបានជោគជ័យឡើយ ប៉ុន្តែទ្រង់ដឹងពីការខិតខំដែលយើងកំពុងធ្វើ—ពេលខ្លះជាការខិតខំប្រឹងប្រែងឆ្លងកាត់មហន្តរាយមួយ—ហើយទ្រង់ស្រឡាញ់យើងចំពោះការខិតខំនោះ ។ ចំពោះរាល់សំឡេងមិនពីរោះ ការលេងខុសខ្ទង់ តន្ត្រីដែលពុំធ្លាប់ស្គាល់របស់យើង នោះទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ជាព្រះរាជបុត្របរិសុទ្ធ ។ ព្រះយេស៊ូវគ្រីស្ទនឹងជួសជុលរាល់ការលេងខុសខ្ទង់ ហើយប្រោសលោះរាល់សំឡេងស្រួយ ប្រសិនបើយើងងាកទៅរកទ្រង់ ហើយសូមជំនួយរបស់ទ្រង់ ។ ដោយសារតែការប្រសូត ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចសម្រាកនៅក្នុងភាពសុខសាន្តនៃស្ថានសួគ៌ » ។១
ខ្ញុំមានចិត្តរីករាយខ្លាំងណាស់សម្រាប់រដូវកាលបុណ្យគ្រីស្ទម៉ាស់នេះដើម្បីច្រៀងចម្រៀងដែលមានសារលិខិតពិសេសមួយមកពីព្រះអង្គសង្គ្រោះនៃពិភពលោកសម្រាប់អស់អ្នកដែលមានដួងចិត្តឈឺចាប់ ។ ខ្ញុំសូមសន្យានឹងបងប្អូននូវរឿងដូចគ្នាដែលបងស្រីវ៉ាយលីបានសន្យាដល់កុមារទាំងនោះ ។ ប្រសិនបើបងប្អូនគិតពីពាក្យដែលបងប្អូនច្រៀងនៅរដូវកាលនេះ អ្នកនឹងរកឃើញសារលិខិតដ៏ទេវភាពមួយដែលរៀបចំយ៉ាងពិសេសសម្រាប់បងប្អូន ដែលវានឹងលើកកម្ពស់ ហើយលួងលោមដល់បងប្អូន ។ នេះគឺជាសារលិខិតមួយដែលខ្ញុំបានរកឃើញសម្រាប់រដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ។ ខ្ញុំមានទុក្ខព្រួយចំពោះមនុស្សដែលជំនួយសប្បុរសធម៌របស់យើងពុំអាចទៅដល់ និងរបៀបដែលប្រជាជាតិនានា ពេលខ្លះធ្វើឲ្យយើងមានការលំបាកដើម្បីឈោងទៅជួយបងប្អូនប្រុសស្រីដែលរងទុក្ខ ។ ហើយកាលពីព្រឹកមិញនេះនៅក្នុងថ្នាក់សមាគមសង្គ្រោះ ខ្ញុំបានផ្តោតចិត្តទុកដាក់លើចម្រៀងដែលយើងបានច្រៀង ៖
សូមពរដល់កូនទាំងឡាយដោយព្រះទ័យស្រទន់
នាំយើងខ្ញុំទៅស្ថានសួគ៌ប្រកបដោយព្រះគុណ ។២
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះរាជបុត្រព្រះបរិសុទ្ធ ទ្រង់បរិសុទ្ធ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។