ការយល់ពីគោលបំណងនៃបុណ្យគ្រីស្ទម៉ាស់កាន់តែច្បាស់
ខ្ញុំស្រឡាញ់រដូវកាលនេះ ពេលយើងជួបជុំគ្នាជាក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីចងចាំដល់ការប្រសូតនៃព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទរបស់យើង ហើយអរព្រះគុណចំពោះព្រះជន្ម និងពលិកម្មដ៏ធួនជានិរន្ដរ៍របស់ទ្រង់ ។ ខ្ញុំស្រឡាញ់ការរំឭករាប់មិនអស់នៅជុំវិញខ្លួនយើងអំពីរដូវដ៏ពិសេសនេះ ហើយនៅតែមានអារម្មណ៍រំភើប និងចូលរួមបុណ្យគ្រីស្ទម៉ាស់ដូចពីកុមារភាពរបស់ខ្ញុំ មិនថាវានៅប្រទេសអង់គ្លេសដ៏ត្រជាក់ ឬនៅអារ៉ាប់ដ៏ក្ដៅថប់ខ្យល់នោះទេ ។
ខ្ញុំប្រហែលដូចជាទៀតដែរ កាលពីសប្ដាហ៍មុន ខ្ញុំបានខ្វល់នឹងពន្លឺបុណ្យគ្រីស្ទម៉ាស់ ពិបាកសម្គាល់អំពូលមួយដែលបណ្ដាលឲ្យខ្សែភ្លើងមួយខ្សែត្រូវងងឹត ។ នៅពេលអំពូលភ្លើងត្រូវបានរកឃើញ ហើយដាក់ជំនួសពន្លឺទាំងអស់បានភ្លឺឡើង រួចហើយមានភាពធូរស្រាល និងរីករាយដែលកើតមកពីជោគជ័យតូចមួយ ។
រឿងមួយដែលខ្ញុំចូលចិត្តធ្វើ ពេលបុណ្យគ្រីស្ទម៉ាស់ឈានចូលមកដល់នោះគឺ អង្គុយក្បែរដើមគ្រីស្ទម៉ាស់របស់យើង ដោយបិទភ្លើងផ្សេងទៀតទាំងអស់ ភ្នែកខ្ញុំមើលឲ្យស្រវាំង ពេលខ្ញុំមើលទៅដើមនោះពេញដោយពន្លឺសតូចៗ ។ ពេលភ្នែកខ្ញុំមើលលែងច្បាស់ ពន្លឺភ្លើងនីមួយៗរីកធំឡើងយ៉ាងស្រទន់ កាលវាចាំងចេញពីគ្រឿងលម្អពណ៌ក្រហមៗ ។ ឥទ្ធិពលបែបនេះគឺរីករាយណាស់ ។ ជាញឹកញាប់ យើងចាក់ភ្លេងដែលថ្លែង « អំណរដល់លោក ព្រះបុត្រកើតហើយ »១និង « ព្រះខ្ពស់បំផុត កាលអ៊ីស្រាអែលរាយពេញ ដូចដួងតារាជះរស្មីថ្លា » ។២
កាលភ្នែកខ្ញុំមើលភ្លើងនៅលើដើមគ្រីស្ទម៉ាស់ ខ្ញុំនឹកចាំជាថ្មីម្ដងទៀតដល់បេសកកម្មដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះរបស់យើង ដែលជាគោលបំណងដ៏ចម្បងក្នុងគ្រាដ៏ស្ងាត់ទាំងនេះ ។ ទ្រង់មានបន្ទូលថា « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។៣ ខ្ញុំសញ្ជឹងគិតពីយប់ដ៏បរិសុទ្ធដែលទ្រង់បានប្រសូតមកពោរពេញដោយការដឹងគុណដល់អំណោយរបស់ព្រះវរបិតានៃក្ដីអំណរ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដែលបានបញ្ជូនមកកាន់ផែនដីតាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ។៤
គ្រាដ៏ស្ងប់ស្ងាត់ក្នុងការសមាធិ និងការគិតសារឡើងវិញបែបនេះ អាចជាការកម្រណាស់សម្រាប់យើង ក្នុងពេលរៀបចំសម្រាប់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ ។ ខែធ្នូពោរពេញដោយការជប់លៀង និងការប្រគុំតន្ដ្រី ការជួបជុំគ្នា និងអំណោយ ។ កាលវិភាគបានពេញអស់ ហើយពេលខ្លះការរំពឹងទុកដែលយើងដាក់លើខ្លួនឯងបក់ផាត់អំណរនៃរដូវកាលនេះចេញពីយើង ជាជាងដាក់បន្ថែម ។
ដូច្នេះការបង្រៀនរបស់ប្រធាន ណិលសុន សំខាន់ ៖ « អំណរដែលយើងមាននោះ វាទទួលឥទ្ធិពលតិចតួចមកពីកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងពីអ្វីៗទាំងអស់ដែលជីវិតយើងផ្តោតទៅលើ » ។ នៅពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ … ព្រមទាំងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើងមកពី ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។៥
នេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីឲ្យយើងពិចារណាប្រកបដោយការអធិស្ឋានអំពីការផ្ដោតចិត្តរបស់យើង ។ តើអ្វីជាសេចក្ដីសង្ឃឹមរបស់បងប្អូនសម្រាប់រដូវគ្រីស្ទម៉ាស់នេះ ? តើអ្វីជាបំណងប្រាថ្នាដ៏ស្មោះសរបស់បងប្អូនសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់បងប្អូន កាលបងប្អូនជួបជុំគ្នាក្នុងពេលដ៏បរិសុទ្ធបំផុតនេះ ?
ក្នុងរយៈពេលពីរអាទិត្យកន្លះទៀត ថ្ងៃបុណ្យគ្រីស្ទម៉ាស់នឹងមកដល់ ។ សូមពិចារណាពីអ្វីដែលបងប្អូនដាក់ក្នុងកាលវិភាគខ្លួនសម្រាប់រយៈពេលពីរអាទិត្យកន្លះទៀត ។ បងប្អូនអាចមានអារម្មណ៍លើសលប់ ដោយសារតែការតាំងចិត្តដ៏ច្រើន និងអ្វីទាំងអស់ដែលបងប្អូនត្រូវធ្វើ ។ តើកាលវិភាគរបស់បងប្អូនដាក់ពេញពេកឬ ? តើប្រពៃណី និងសម្ពាធខាងវប្បធម៌មួយចំនួនបណ្ដាលឲ្យបងប្អូនមានអារម្មណ៍តានតឹង ហើយរារាំងបងប្អូនពីការទទួល និងគិតដល់អំណរនៃការប្រសូតរបស់ព្រះគ្រីស្ទដែរឬទេ ? តើបងប្អូនអាចធ្វើឲ្យកាលវិភាគរបស់ខ្លួនក្នុងបុណ្យគ្រីស្ទម៉ាស់នេះសាមញ្ញ ហើយដាក់គម្រោងប្រសើរមួយសម្រាប់ឆ្នាំក្រោយដោយរបៀបណា ?
យើងត្រូវតែប្រយ័ត្នកុំឲ្យរវល់ និងហត់នឿយខ្លាំងពេក ដោយសារខំប្រឹងធ្វើកិច្ចការច្រើនជ្រុល រហូតដល់យើងភ្លេចពីមូលហេតុចម្បងនៃរដូវកាលនេះ ហើយមិនអាចលុតជង្គង់នៅឯស្នូក ថ្វាយបង្គំស្ដេចដែលប្រសូតថ្មី និងថ្វាយអំណោយផ្ទាល់ខ្លួនរបស់យើងទៅទ្រង់នោះឡើយ ។
ម្ដាយវ័យក្មេង និងពួកយើងទាំងអស់គ្នា តើបងប្អូនមានអារម្មណ៍លើសលប់ឬទេ ? …តើបងប្អូនផ្ដោតនៅត្រង់ណា ? ប្រហែលឆ្នាំនេះ បងប្អូនមិនផ្ញើកាតគ្រីស្ទម៉ាស់ ឬបងប្អូនបំភ្លេចការរំពឹងទុកដែលបំផុសផ្សេងទៀតមួយចំនួនដែលបងប្អូនរំពឹងទុកពីខ្លួនឯង ។ ការចំណាយខាងពេលវេលា ឬទឹកប្រាក់ នឹងដកយកសមត្ថភាពរបស់យើងខ្លះចេញពីការផ្ដោតលើព្រះអង្គសង្គ្រោះ និងអំណរពីបុណ្យគ្រីស្ទម៉ាស់របស់ទ្រង់ ។
ឪពុកវ័យក្មេង និងពួកយើងទាំងអស់គ្នាអើយ តើបងប្អូនផ្ដោតចិត្តនៅត្រង់ណា ? ប្រហែលឆ្នាំនេះ បងប្អូនមានបុណ្យគ្រីស្ទម៉ាស់ដ៏សាមញ្ញមួយ ដែលមានអំណោយធ្វើដោយដៃ និងអំណោយជាការបម្រើច្រើនជាងមុន ពីព្រោះសម្ពាធ និងការចំណាយក្នុងការព្យាយាមទិញវាគឺមានភាពសម្បើមខ្លាំងពេក—និងមិនចាំបាច់—ហើយវានឹងដកយកសមត្ថភាពរបស់បងប្អូនខ្លះចេញពីការផ្ដោតលើព្រះអង្គសង្គ្រោះ និងមានអារម្មណ៍សុខសាន្ដក្នុងបុណ្យគ្រីស្ទម៉ាស់របស់ទ្រង់ ។
ការបម្រើក្នុងព្រះវិហារបរិសុទ្ធក្នុងពេលគ្រីស្ទម៉ាស់អាចមានអត្ថន័យជាពិសេស ។ ព្រះវិហារបរិសុទ្ធកែតម្រូវការផ្ដោតចិត្តរបស់យើង បង្កើនអំណររបស់យើង ហើយបង្រួបបង្រួមក្រុមគ្រួសារនៅទីនេះ និងនៅម្ខាងទៀតនៃវាំងនន ។ សូមពិចារណាពីការបម្រើក្នុងព្រះវិហារបរិសុទ្ធ ជំនួសឲ្យសកម្មភាពបុណ្យគ្រីស្ទម៉ាស់ផ្សេងទៀត ដែលមិនអាចជួយបងប្អូនឲ្យទទួលបានសេចក្ដីស្ងប់ក្នុងរដូវបុណ្យគ្រីស្ទម៉ាស់នេះ ។ ពិធីបរិសុទ្ធដ៏បរិសុទ្ធទាំងនោះ—ពោលគឺសេចក្ដីសុខសាន្ដ និងអំណាចបព្វជិតភាព ដែលវាមានសម្រាប់មនុស្សទាំងអស់ ដែលឱបក្រសោបវា—កើតមានឡើងដោយសារតែព្រះរាជបុត្រាបង្កើតតែមួយគត់របស់ព្រះវរបិតាប៉ុណ្ណោះ ជា « កូនចៀមដែលគេសម្លាប់តាំងពីការបង្កើតលោកិយមក » ៦ ដែលយើងប្រារព្ធការប្រសូតរបស់ទ្រង់នាពេលនេះ ។
កាលបុណ្យគ្រីស្ទម៉ាស់នេះមកដល់ ចូរយើងធ្វើកិច្ចការដែលមានអត្ថន័យបន្ថែមទៀត ហើយលះបង់កិច្ចការដែលមិនសូវមានអត្ថន័យចោល ។ ចូរយើងព្យាយាមធ្វើកិច្ចការរបស់ព្រះយេស៊ូវនៃណាសារ៉ែត—លើកស្ទួយអ្នកមានទុក្ខសោក ព្យាបាលអ្នកខូចចិត្ត ទៅលេងអ្នកជាប់គុក ផ្ដល់អាហារដល់អ្នកស្រេកឃ្លាន ផ្ដល់សម្លៀកបំពាក់ដល់អ្នកអាក្រាត និងផ្ដល់សំឡេងដល់អ្នកគ្មានសំឡេង អ្នកមិនសូវសំខាន់ អ្នកដែលគេភ្លេច និងអ្នកដែលគេប្រមាថ ។៧
សម្រាប់បងប្អូនដែលស្ថិតក្នុងវិបត្តិនាបុណ្យគ្រីស្ទម៉ាស់នេះ សូមឲ្យបងប្អូនរកឃើញអំណោយនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ មានជាពិសេសសម្រាប់បងប្អូន ។ នៅគ្រានេះ មនុស្សជាច្រើនរងការឈឺចាប់នឹងការបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារជំងឺ ជរាភាព ឬឧប្បទ្ទវហេតុដ៏អាក្រក់មួយចំនួន ។ មនុស្សជាច្រើនចងចាំដល់ការបាត់បង់ពីអតីតកាល ដែលបានកើតឡើងនៅរដូវគ្រីស្ទម៉ាស់ ហើយវានឹងជាអនុស្សាវរីយ៍ដ៏ខ្លោចផ្សារមួយសម្រាប់បងប្អូន ។ អ្នកខ្លះកំពុងទួញសោកនឹងជម្រើសដែលមនុស្សជាទីស្រឡាញ់របស់ពួកគេបានរើសនៅពេលនេះ ។ អ្នកផ្សេងទៀតនៅឯកោ គ្មានគ្រួសារ ជួបនឹងចលាចល ឬមូលហេតុណាមួយ ប្រឈមនឹងបុណ្យគ្រីស្ទម៉ាស់ដ៏ប្លែកខ្លាំងមួយ ដែលខុសពីអ្វីដែលពួកគេធ្លាប់បានប្រារព្ធកាលពីអតីតកាល ។
សូមជឿថា មានអំណោយដ៏ពិសេសមួយក្នុងរដូវកាលនេះមានសម្រាប់បងប្អូន ។ សូមស្វែងរកក្នុងគ្រាដ៏ស្ងប់ស្ងាត់តែឯងនោះ ដើម្បីបងប្អូនអាចពិចារណា អធិស្ឋាន និងមានអារម្មណ៍ពីព្រះទ័យសណ្ដោសស្រឡាញ់របស់ព្រះអង្គ ដែលការប្រសូតរបស់ទ្រង់ធ្វើឲ្យមានអំណរក្នុងជីវិតយើង ។ ការសន្យាគឺថា នៅថ្ងៃមួយ « គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ » ។៨ « គេនឹងមិនឃ្លាន ឬស្រេកទៀត ។ … ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ » ។៩
សូមចំណាយពេលនៅស្ងៀម ដកដង្ហើម និងងឿងឆ្ងល់ ។ សូមសំឡឹងមើលទៅលើ ។ សូមផ្ដោតលើអំណោយដ៏មហិមារបស់ទ្រង់—ចំណេះដឹងថាបងប្អូនជានរណាឲ្យប្រាកដ និងការយល់ដឹងថា ការសាកល្បងនៅទីនេះនឹងកន្លងទៅយ៉ាងឆាប់ ហើយថាអំណរនៅទីនេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃអំណរដែលនឹងកើតឡើងប៉ុណ្ណោះ ។ « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ អំណរដែលយើងមាននោះ វាមានឥទ្ធិពលតិចតួចលើកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ » ។
« ហើយឥឡូវនេះ ខ្ញុំចង់ទូន្មានអ្នករាល់គ្នាឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការី និងពួកសាវកបានសរសេរមកនេះ សូមឲ្យព្រះគុណនៃព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធផង ដែលធ្វើបន្ទាល់អំពីទ្រង់អាចមកសណ្ឋិតនៅក្នុងអ្នករហូតតទៅ » ។១០ ដើម្បីឲ្យយើងអាចនិយាយថា « យើងទទួលព្រះអង្គ ប្រសូតនាព្រឹកផូរផង់ ។… ចូរមកថ្វាយបង្គំព្រះអង្គ » ។១១
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕