ពួកពលបរិវារទេវតាសម័យទំនើប
សាយ័ណ្ហសួស្តី បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំមានពរជ័យដែលមានឱកាសថ្លែងទៅកាន់បងប្អូននារាត្រីនេះ កាលដែលយើងអបអរព្រឹត្តិការណ៍ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក—ការយាងមកនៃព្រះរាជបុត្រានៃព្រះមកកាន់ពិភពលោក ។ ការប្រសូត ព្រះជន្ម និងដង្វាយធួនរបស់ព្រះគ្រីស្ទ គឺជាអំណោយរបស់ព្រះវរបិតាសួគ៌ដល់យើងទាំងអស់គ្នា ។
កាលដែលយើងអបអរការប្រសូតរបស់ព្រះអង្គសង្គ្រោះនៅក្នុងពេលដ៏រីករាយប្រចាំឆ្នាំនេះ នោះក្ដីស្រឡាញ់ដែលនៅតែបន្ត និងគ្មានទីបញ្ចប់របស់ព្រះ ហាក់ដូចជាជ្រាបចូលក្នុងព្រលឹងរបស់យើងកាន់តែបរិបូរ ជួយយើងឲ្យបង្វែរដួងចិត្តយើងទៅកាន់គ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងយើង ហើយជួយយើងឲ្យកាន់តែយល់ដល់អ្នកដែលមានអារម្មណ៍ឯកោ ឬអ្នកដែលត្រូវការការលួងលោម និងសេចក្ដីសុខសាន្ត ។
ក្នុងការនិយាយអំពីព្រឹត្តិការណ៍ជុំវិញការប្រសូតរបស់ព្រះយេស៊ូវ ខ្ញុំតែងតែស្ងើចថា ដំណឹងល្អរបស់លូកាចែកចាយនូវគំរូមួយចំនួនអំពីការលួងលោម និងសេចក្ដីសុខសាន្ត ដែលបានផ្ដល់ឲ្យដល់ពួកអ្នកដែលឃើញថាពួកគេនៅក្នុងកាលៈទេសៈទាំងនេះ ។ យើងអាចមើលឃើញគំរូបែបនោះ នៅពេលព្រះវរបិតាសួគ៌ដែលប្រកបដោយក្ដីស្រឡាញ់របស់យើង បានបញ្ជូនពួកទេវតារបស់ទ្រង់ឲ្យមកជួបនឹងពួកអ្នកគង្វាលដែលនៅដាច់ស្រយ៉ាលពីគេឯង នាពេលយប់ ដើម្បីប្រកាសពីការប្រសូតរបស់ព្រះរាជបុត្រា ហើយពេលដែលពួកអ្នកគង្វាលបានទៅជួបម៉ារា និងយ៉ូសែប ដែលកំពុងថែទាំព្រះឱរសដែលទើបប្រសូតនៅឆ្ងាយពីផ្ទះរបស់ពួកគេនៅស្រុកកាលីឡេនោះ ។
ការធ្វើដំណើរដ៏យូររបស់យ៉ូសែប និងម៉ារា ពីភូមិណាសារ៉ែតទៅបេថ្លេហិម ដើម្បីទៅចុះឈ្មោះបង់ពន្ធ ពុំមែនគ្រាន់តែជាការចៃដន្យនោះទេ ដោយសារអស់ជាច្រើនសតវត្សមកហើយ ពួកព្យាការីពីបុរាណបានព្យាករថា ព្រះអង្គសង្គ្រោះនៃពិភពលោកនឹងប្រសូតនៅបេថ្លេហិម ជាក្រុងរបស់ហ្លួងដាវីឌ ។១ យើងឃើញថា ព្រះវរបិតាសួគ៌របស់យើងពិតជាបានត្រាស់ដឹងយ៉ាងច្បាស់ ហើយបានចូលរួមក្នុងគ្រប់ភាពលម្អិតជុំវិញការប្រសូតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ។ « កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់ » ។ ២
កាលដែលខ្ញុំគិតអំពីស្ថានភាពសង្គមរបស់ពួកអ្នកគង្វាល និងគូស្វាមីភរិយាវ័យក្មេងនោះ ខ្ញុំឆ្ងល់ថាតើការលេចមករបស់ពួកពលបរិវារទេវតាដល់ពួកអ្នកគង្វាលនៅទីវាល និងការមកដល់របស់ពួកអ្នកគង្វាលជួបនឹងម៉ារា និងយ៉ូសែប បាននាំមកដល់ជីវិតពួកគេម្នាក់ៗនូវការលួងលោម សេចក្ដីសុខសាន្ត និងអំណរជាយ៉ាងណា ។
សម្រាប់ពួកអ្នកគង្វាល ពួកទេវតាអាចបាននាំមកនូវការលួងលោមដែលចាំបាច់ថា ព្រះទ្រង់ត្រាស់ដឹងពីពួកគេ ហើយបានឃើញពីតម្លៃនៅក្នុងខ្លួនពួកគេថា ជាសាក្សីដ៏ជម្រើសទីមួយអំពីកូនចៀមនៃព្រះដែលនឹងប្រសូត ។ សម្រាប់ម៉ារា និងយ៉ូសែប ពួកអ្នកគង្វាលអាចបាននាំមកនូវការលួងលោមដែលត្រូវការដ៏ខ្លាំង ថាមានអ្នកផ្សេងទៀតបានដឹងអំពីអព្ភូតហេតុដ៏ទេវភាពដែលពួកគាត់បានរួមចំណែក ។៣
ប្រាកដណាស់ ក្នុងចំណោមយើងគឺជាពួកអ្នកគង្វាលសម័យទំនើប—ជាបុរស និងស្ត្រីដែលធ្វើការដល់យប់ជ្រៅ និងព្រឹកព្រលឹមដើម្បីប្រកបរបរចិញ្ចឹមជីវិត ។ ពួកអ្នកគង្វាលសម័យទំនើបមួយចំនួនទាំងនេះ អាចរួមមានអ្នកការពារសន្តិសុខ បុគ្គលិកមន្ទីរពេទ្យ ឬសង្គ្រោះបន្ទាន់ បុគ្គលិកហាងលក់ទំនិញពេលយប់ និងស្ថានីយ៍ប្រេងឥន្ទនៈ និងក្រុមអ្នកយកព័ត៌មាន ។ ជួនកាលពួកអ្នកដែលធ្វើការវេនយប់អាចមានអារម្មណ៍ថានៅដាច់ឆ្ងាយពីការប្រាស្រ័យទាក់ទងក្នុងសង្គមជាមួយនឹងអ្នកដែលធ្វើការម៉ោងធម្មតា ។ ជាងនោះទៀត មានយ៉ូសែប និងម៉ារាសម័យទំនើបផងដែរ ដែលបានប្ដូរទៅនៅឆ្ងាយពីស្រុកកំណើត និងអ្នកដែលកំពុងព្យាយាមសម្របទៅនឹងជីវិតថ្មី កាលដែលពួកគេអបអរថ្ងៃដ៏សំខាន់ៗដូចជាបុណ្យគ្រីស្ទម៉ាស់ ខួបកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ។
កាលដែលបុណ្យគ្រីស្ទម៉ាស់ជិតចូលមកដល់ ខ្ញុំឆ្ងល់ថាបើយើងអាចក្លាយកាន់តែដូចជាពួកពលបរិវារទេវតា ដោយការទៅសួរសុខទុក្ខពួកអ្នកគង្វាលសម័យទំនើប ដើម្បីផ្ដល់ដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ ភាពសុខសាន្ត និងការលួងលោម ។ ហើយខ្ញុំឆ្ងល់ថាបើយើងអាចក្លាយកាន់តែដូចជាពួកអ្នកគង្វាល ដោយការឆ្លើយតបទៅនឹងការហៅឲ្យទៅសួរសុខទុក្ខ និងធ្វើការងារបម្រើដល់យ៉ូសែប និងម៉ារាសម័យទំនើបនៅក្នុងភូមិ និងសហគមន៍របស់យើង ដើម្បីផ្ដល់ការបញ្ជាក់ថា ព្រះស្រឡាញ់ពួកគេ និងកំពុងទតមើល និងថែរក្សាពួកគេ ។
គ្រួសារខ្ញុំ និងខ្ញុំមានបទពិសោធន៍ផ្សេងៗជាច្រើននូវអារម្មណ៍លួងលោមចិត្ត និងភាពសុខសាន្ដដែលពួកទេវតាសម័យទំនើបអាចនាំឲ្យមាន ។ យប់នេះ ខ្ញុំចង់ឆ្លុះបញ្ចាំងអំពីស្ថានភាពមួយនៃស្ថានភាពទាំងនោះ ។ នៅក្នុងឆ្នាំ ២០០៣ យើងបានផ្លាស់ពីប្រទេសកំណើតរបស់យើងមកកាន់រដ្ឋយូថាហ៍ ។ នៅរដូវរងានោះ យើងបានទទួលរងនូវព្យុះព្រិលដ៏ធំបំផុតដែលរដ្ឋយូថាហ៍ពុំធ្លាប់មានជាច្រើនឆ្នាំ ។ យើងមិនដែលបានឃើញអ្វីដូចនោះទេនៅក្នុងជីវិតយើង ដោយសារយើងបានធំដឹងក្ដីនៅមាត់សមុទ្រដែលមានដើមត្នោត និងខ្សាច់ ។ ផ្ទះរបស់យើងនៅកាច់ជ្រុងនៅលើទួលមួយនៅក្នុងក្រុងបោនធីហ្វូលដែលមានផ្លូវដើរយ៉ាងវែង ។ ពេលព្រិលចាប់ផ្ដើមធ្លាក់ ភរិយាខ្ញុំបានចាប់ផ្ដើមផ្លុំព្រិលចេញពីផ្លូវឡាន និងផ្លូវដើរដោយក្លៀវក្លា ដោយសារខ្ញុំបានរអិលដួលលើទឹកកក ហើយបានបាក់កដៃខ្ញុំពីរបីថ្ងៃមុននោះ កាលខ្ញុំដើរតាមផ្លូវដើរទៅសួរសុខទុក្ខអ្នកជិតខាងម្នាក់របស់យើង ។ គ្រោះថ្នាក់នោះបង្កឲ្យខ្ញុំត្រូវវះកាត់ និងមានរុំបង់ដ៏ធំមួយនៅដៃខ្ញុំអស់ពេលពីរបីខែ ។ ពេលនាងបានចាប់ផ្ដើមផ្លុំព្រិលតំបន់នោះជាលើកទីមួយនៅក្នុងជីវិតនាង ភរិយាជាទីស្រឡាញ់របស់ខ្ញុំពុំបានដឹងសោះថា នាងត្រូវប្ដូរទិសដៅនៃបំពង់ផ្លុំ បន្ទាប់ពីសម្អាតផ្លូវដើរមួយចំហៀងហើយ ។ ដូច្នេះ ពេលនាងទៅសម្អាតម្ខាងទៀត ពេលនោះហើយដែលបំពង់ផ្លុំបានបាញ់ព្រិលទៅកន្លែងដែលនាងបានសម្អាតរួចហើយ ។ នាងផ្លុំទៅវិញទៅមក តែគ្មានបានផលសោះឡើយ ។ វារញ៉េរញៃណាស់ ! ដោយសារតែនាងនៅក្នុងអាកាសធាតុត្រជាក់យូរពេក នាងបានឈឺត្រចៀកទាំងសងខាង ហើយស្ទើរតែថ្លង់អស់ពីរខែ ។ នៅពេលជាមួយគ្នានោះដែរ កូនប្រុសអាយុ ១៦ ឆ្នាំរបស់ខ្ញុំបានរងរបួសខ្នងរបស់គាត់ពេលជិះស្គីលើទឹកកក ហើយត្រូវដេកលើគ្រែដើម្បីឲ្យរបួសគាត់បានជា ។ ដូច្នេះយើងបានស្ថិតក្នុងស្ថានភាព ម្នាក់ដេកលើគ្រែ ម្នាក់ថ្លង់ ម្នាក់ជាប់បង់រុំ ហើយទាំងអស់គ្នារងារណាស់ ។ ខ្ញុំប្រាកដណាស់ថា អ្នកជិតខាងយើងមើលមកគួរឲ្យចាប់អារម្មណ៍ណាស់ ។ នៅព្រឹកព្រលឹមដ៏ត្រជាក់មួយ នៅប្រហែលម៉ោង ៥ ព្រឹក ខ្ញុំបានភ្ញាក់ឡើងដោយសារសំឡេងម៉ាស៊ីនផ្លុំព្រិលខាងក្រៅបង្អួចខ្ញុំ ។ ខ្ញុំមើលចេញតាមបង្អួចឃើញអ្នកជិតខាងខ្ញុំ បងប្រុស ប្លេន វិល្លាម ។ គាត់មានអាយុជិតចិតសិបឆ្នាំហើយ គាត់បានចេញពីផ្ទះដ៏កក់ក្ដៅដ៏មានផាសុកភាពរបស់គាត់ ហើយបានចេញមកដោយស្ងាត់ស្ងៀម ហើយបានសម្អាតផ្លូវឡាន និងផ្លូវដើរយើង ដោយដឹងថា យើងពុំអាចធ្វើវាបានដោយខ្លួនឯង ។ គាត់បានមកក្នុងរបៀបដ៏ស្ងាត់ស្ងៀម និងសាមញ្ញរបស់គាត់ នោះមិត្តម្នាក់ទៀត បងប្រុស ដានីយ៉ែល អាលមីដា បានមកផ្ទះយើងដើម្បីបើកឡានជូនខ្ញុំទៅទីក្រុងសលត៍លេកទៅធ្វើការ ដោយសារខ្ញុំពុំអាចបើកបរនឹងបង់រុំដ៏ទទឹងទទែងរបស់ខ្ញុំបានទេ ។ ពួកគាត់មានចិត្តល្អ ហើយបានជួយខ្ញុំដោយស្ងាត់ស្ងៀមជារៀងរាល់ព្រឹក រហូតដល់គ្រួសារខ្ញុំបានជា ហើយអាចធ្វើអ្វីៗដោយខ្លួនយើងបាន ។ អំឡុងរដូវបុណ្យគ្រីស្ទម៉ាស់ដ៏ត្រជាក់នៅឆ្នាំ ២០០៣ បងប្រុសដែលមានចិត្តដូចទេវតាទាំងនេះត្រូវបានបញ្ជូនមកឲ្យយើង គឺដូចជាទេវតាដែលផ្ដល់ការងារបម្រើដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នកគង្វាលដ៏រាបទាបពីបុរាណដែរ ។ បងប្រុសទាំងពីរនាក់នេះបានធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយបានគិតពីសេចក្ដីត្រូវការរបស់យើង ពីមុនពួកគាត់គិតពីខ្លួនឯង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ជីវិតរបស់ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ឥតខ្ចោះនៃសេចក្ដីស្រឡាញ់ និងចិត្តល្អចំពោះមនុស្ស ។ ទ្រង់តែងតែបំភ្លេចព្រះអង្គឯងដើម្បីអ្នកដទៃ ។ ទង្វើដែលពុំគិតពីខ្លួនឯងរបស់ទ្រង់បានបង្ហាញនៅក្នុងកិច្ចការទាំងអស់ដែលទ្រង់បានធ្វើជារៀងរាល់ថ្ងៃក្នុងជីវិតទ្រង់ ហើយពុំកំណត់ចំពោះរដូវកាល ឬថ្ងៃឈប់សម្រាកជាក់លាក់ណាមួយទេ ។ នៅពេលយើងបង្វែរដួងចិត្តគិតក្រៅពីខ្លួនឯងដូចជាព្រះអង្គសង្គ្រោះបានធ្វើ ខ្ញុំសន្យាថាយើងអាចមានបទពិសោធន៍ល្អប្រសើរជាងចំពោះអត្ថន័យនៃបុណ្យគ្រីស្ទម៉ាស់ ។ នៅពេលយើងធ្វើដូច្នោះ ខ្ញុំអាចអះអាងនឹងបងប្អូនថា យើងនឹងរកឃើញនូវឱកាសរាប់មិនអស់ដើម្បីផ្ដល់ខ្លួនយើងដោយស្ងាត់ស្ងៀម និងចិត្តល្អចំពោះអ្នកដទៃដែលត្រូវការយើង ។ វានឹងជួយយើងឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែប្រសើរ ហើយរកឃើញភាពសុខសាន្តសម្រាប់ខ្លួនយើងនៅលើផែនដី និងមានសុច្ឆន្ទៈចំពោះមនុស្សក្នុងរង្វាស់ដ៏ធំ ដែលនឹងកំណត់ពីក្ដីស្រឡាញ់ ភាពសុខសាន្ត និងកម្លាំងជាថ្មី ដែលយើងអាចទទួល និងចែកចាយជាមួយអ្នកដទៃទៀត ។ កាលយើងធ្វើតាមស្នាមបាទារបស់ព្រះអង្គសង្គ្រោះ នោះសូមឲ្យយើងស្ដាប់មើលសំឡេងបាទា ហើយឈោងទៅចាប់ព្រះហស្ដដ៏ខ្ជាប់ខ្ជួនរបស់ជាងឈើ ។ ខ្ញុំសូមអះអាងដល់បងប្អូនថា បុណ្យគ្រីស្ទម៉ាស់មិនគ្រាន់តែជាថ្ងៃមួយ ឬរដូវមួយប៉ុណ្ណោះនោះទេ ប៉ុន្តែនឹងជាលក្ខខណ្ឌនៃដួងចិត្ត និងគំនិត ហើយអំណរ និងសេចក្ដីស្រឡាញ់ដែលថាបុណ្យគ្រីស្ទម៉ាស់នឹងតែងតែនៅជិតបង្កើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ ជាទារកតូចដែលបានចាប់កំណើតនៅបេថ្លេហិម គឺតាមពិតជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោក ។
រីករាយបុណ្យគ្រីស្ទម៉ាស់ដល់បងប្អូនទាំងអស់គ្នា ។ ខ្ញុំថ្លែងការណ៍ទាំងនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។