12CRAVEN-1
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាសរបស់គណៈប្រធានទីមួយ
ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២០
ការរុំ និងការឱបពីសួគ៌ា
ដោយស៊ិស្ទើរ បែកឃី ក្រេវិន
ទីប្រឹក្សាទីពីរ គណៈប្រធានយុវនារីទូទៅ
អនុស្សាវរីយ៍បុណ្យគ្រីស្ទម៉ាស់មួយដែលខ្ញុំចូលចិត្តបានកើតឡើង ពេលខ្ញុំអាយុប្រាំមួយឆ្នាំ ។ វាគឺនៅពេលល្ងាចមុនបុណ្យគ្រីស្ទម៉ាស់ ពេលខ្ញុំគេងលើគ្រែជាន់ទីពីរ នៅក្នុងបន្ទប់ដែលខ្ញុំចែកជាមួយប្អូនស្រីរបស់ខ្ញុំក្នុងផ្ទះយើងនៅទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។ ខ្ញុំពិតជារំភើបនឹងព្រឹកថ្ងៃគ្រីស្ទម៉ាស់ដែលនឹងមកណាស់—រំភើបខ្លាំង រហូតដល់ខ្ញុំគេងពុំសូវលក់សោះ ដោយសារពេលខ្លះនាយប់នោះ ខ្ញុំបានភ្ញាក់ពេលឮសូរសំឡេងកណ្ដឹង ។ បន្ទាប់មក ខ្ញុំបានឮសំឡេងទ្វារបន្ទប់យើងបើកឮសូរងឺតៗ ។ ហើយនៅពេលពន្លឺភ្លើងចេញពីបន្ទប់ផ្សេងចាំងចំមុខខ្ញុំ នោះខ្ញុំបានក្រោកអង្គុយភ្លាម ហើយមើលទៅទ្វារនោះ ។ អ្វីដែលខ្ញុំបានឃើញគឺមិនគួរឲ្យជឿទាល់តែសោះ ! លោកតា ណូអែល បានឈរនៅមាត់ទ្វារនោះ ។ ខ្ញុំមិនលេងសើចទេ—គឺគាត់មែន ! គាត់បានបន្លឺសំឡេងថា « ហូ ហូ ហូ » រួចហើយសួរខ្ញុំថា តើខ្ញុំចង់ដើរតាមគាត់ទៅក្នុងបន្ទប់ទទួលភ្ញៀវដើម្បីមើលដើមគ្រីស្ទម៉ាស់ដែលបំភ្លឺភ្លើងដែរឬទេ ។ ខ្ញុំបានភាំង ហើយនិយាយលែងចេញ ប៉ុន្ដែខ្ញុំបានចុះតាមកាំជណ្ដើរគ្រែខ្ញុំយ៉ាងលឿន ហើយដើរតាមគាត់ទៅបន្ទប់ខាងមុខ ជាកន្លែងដែលម្ដាយ និងបងប្រុសខ្ញុំបានឈរក្បែរដើមគ្រីស្ទម៉ាស់ ។ ប៉ុន្ដែ ពេលខ្ញុំមើលជុំវិញបន្ទប់ ខ្ញុំមិនឃើញប៉ារបស់ខ្ញុំទេ—តើគាត់អាចខកខានរឿងនេះម្ដេចកើតទៅ ? ម៉ាក់ប្រាប់ថា គាត់យកសម្រាមទៅចោល ប៉ុន្ដែ លោកអើយ គាត់ទៅយូរម្ល៉េះ ! មកដល់ថ្ងៃនេះហើយ ខ្ញុំនៅមានអារម្មណ៍សោកស្ដាយដែលគាត់មិនមានឱកាសជួបនឹងលោកតាណូអែល ។ លោកតាណូអែល សួរថា តើខ្ញុំជាក្មេងល្អដែរឬទេ ហើយខ្ញុំឆ្លើយយ៉ាងរីករាយថា ខ្ញុំជាក្មេងល្អ ។ ក្រោយពីធ្វើឲ្យប្រាកដថាគាត់បានហូបនំ និងទឹកដោះគោដែលយើងបានដាក់ឲ្យគាត់ហើយ ខ្ញុំបានចូលទៅគេងវិញ ហើយពីរបីម៉ោងក្រោយមក បានភ្ញាក់ឡើងនាពេលព្រឹកបុណ្យគ្រីស្ទម៉ាស់ដ៏រីករាយ ។
ជីតារបស់ស្វាមីខ្ញុំ លោកតា ហេធិន លុន បានមានព្រឹកបុណ្យគ្រីស្ទម៉ាស់ខុសគ្នាមួយ កាលគាត់នៅក្មេង ពេលរស់នៅក្នុងអាណានិគមម៉ិចស៊ិកូនៅចុងសតវត្សរ៍ឆ្នាំ ១៨០០ ។ គាត់ប្រាប់ដំណើររឿងនេះនៅក្នុងប្រវត្តិរបស់គាត់ ៖ « បុណ្យគ្រីស្ទម៉ាស់បានមកដល់ ហើយយើងមានចៀមនៅក្នុងទ្រុងក្រោមជង្រុកដែលជាកន្លែងកក់ក្ដៅ ដោយសារមានព្រិលនៅលើដីពេលនោះ ។ ខ្ញុំបានក្រោកពីព្រលឹមស្រាងៗនាថ្ងៃបុណ្យគ្រីស្ទម៉ាស់ដើម្បីទៅមើលថា តើចៀមរបស់ខ្ញុំយ៉ាងម៉េចហើយ ។ ខ្ញុំបានឮសំឡេងពីក្នុងក្រោលដ៏តូចរហៀង ។ ខ្ញុំបានដើរចូលទៅក្នុងក្រោល ហើយឃើញថា ណេលី កើតបានកូនចៀមភ្លោះ—ពីរ ។ ខ្ញុំបានរត់ត្រឡប់ទៅផ្ទះវិញយ៉ាងលឿន … [ ហើយ ]ខ្ញុំបានទះដៃ ហើយបាននិយាយទៅកាន់ម្ដាយរបស់ខ្ញុំថា ‹ ខ្ញុំមានកាដូគ្រីស្ទម៉ាស់ដ៏ល្អបំផុតជាងអ្នកទាំងអស់គ្នា ៖ អូ ណេលី បានបង្កើតកូនចៀមតូចៗពីរ › ។ ក្មេងៗទាំងអស់បានចេញពីតុរត់ចោលផ្លែក្រូច និងចំណីរបស់ពួកគេ សំដៅទៅជង្រុកដើម្បីមើលកូនចៀមតូចទាំងនោះរបស់ណេលី ។ វាជារឿងដ៏អស្ចារ្យបំផុតនៃអ្វីៗដែលយើងធ្លាប់ទទួលបាននៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ » ។១ អ្វីដែលអស្ចារ្យគឺ ឆ្នាំក្រោយនោះ និងច្រើនឆ្នាំបន្ទាប់មកទៀត ចៀមរបស់លោកតាហេធិន បានកើតកូនចៀមថ្មីៗទៀតនៅព្រឹកថ្ងៃគ្រីស្ទម៉ាស់ ។
ពេលខ្ញុំបានឮរឿងនេះដំបូង បេះដូង និងចិត្តរបស់ខ្ញុំបានគិតដល់កូនចៀមមួយទៀតភ្លាម ដែលបានប្រសូតនៅថ្ងៃគ្រីស្ទម៉ាស់នោះដែរ ៖ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាកូនចៀមនៃព្រះ ។ ដូចជាលោកតាហេធិន ដែលបានរត់ទៅមើលកូនចៀមថ្មីរបស់គាត់ដែរ ខ្ញុំស្រមៃឃើញអ្នកគង្វាលប្រញាប់ទៅមើលព្រះរាជបុត្រានៃព្រះដែលទើបប្រសូតថ្មី ។ តើបងប្អូនអាចស្រមៃឃើញអ្វីដែលពួកគេបានឃើញនៅក្នុងកន្លែងដ៏រាបសា និងពិសិដ្ឋនោះដែរឬទេ ? ខ្ញុំស្រមៃឃើញយ៉ូសែបជាទីស្រឡាញ់អង្គុយក្បែរភរិយាលោក ម៉ារា ពេលពួកលោកគិតដល់ការប្រសូតរបស់ព្រះមែស៊ីដែលបានសន្យា ។ ដំណើររឿងរបស់ម៉ារា ដែលរុំទារកដ៏តូចរបស់គាត់ដោយក្រណាត់រុំនោះគឺពិសេសខ្លាំងណាស់ចំពោះខ្ញុំ ។
ថ្មីៗនេះ យើងបានស្វាគមន៍ចៅស្រីថ្មីម្នាក់ចូលក្នុងគ្រួសាររបស់យើង ។ ថ្ងៃមួយ ខ្ញុំបានមើលម្ដាយរបស់នាងបានរុំនាងដោយភួយដ៏ទន់ និងកក់ក្ដៅមួយ ហើយបានឱបនាងជាប់យ៉ាងណែន ។ ការរុំមានន័យសាមញ្ញថា ការខ្ចប់យ៉ាងតឹង ។ ការរុំដោយក្រណាត់ និងភួយត្រូវបានអនុវត្តជាយូរយារណាស់មកហើយ ដើម្បីថ្នម និងលួងលោម ហើយថែមទាំងប្រើដើម្បីលួងទារកដែលកាចផងដែរ ។ ពេលខ្ញុំមើលកូនប្រសាស្រីរបស់យើងរុំកូនតូចរបស់នាង នោះខ្ញុំបានគិតដល់អ្នកដទៃ ដែលអាចត្រូវការការរុំ ទោះជាពីចម្ងាយក្ដី ។ ពាក្យល្អមួយម៉ាត់ ការស្ដាប់ ឬដួងចិត្តដែលយោគយល់អាចថ្នម និងលួងលោមដល់ព្រលឹងរបស់មនុស្សដែលមានបញ្ហាបាន ។
ជិតបីឆ្នាំកន្លងទៅ កូនប្រសាប្រុសរបស់យើងបានឆ្លងកាត់វិបត្តិវេជ្ជសាស្ដ្រដ៏ធ្ងន់ធ្ងរមួយ ។ ដើម្បីដឹងថាកើតអ្វី គាត់បានធ្វើតេស្ដ និងទម្រង់ការជាច្រើនដែលទីបំផុតបាននាំឲ្យគាត់ត្រូវវះកាត់បេះដូង ។ ពេលកូនប្រសាប្រុសរបស់យើងទទួលការវះកាត់ កូនស្រីរបស់យើងបានផ្ញើសារមួយទៅឪពុកម្ដាយក្មេករបស់នាង ដើម្បីជូនជាដំណឹងដល់ពួកគាត់អំពីកូនប្រុសរបស់ពួកគាត់ ។ មកពីប្រទេសមួយទៀតដ៏ឆ្ងាយ ជាកន្លែងដែលពួកគេកំពុងបម្រើបេសសកម្ម ម្ដាយក្មេកនាងបានឆ្លើយតបដោយពាក្យលួងលោមទាំងនេះ ៖ « ម៉ាក់ផ្ញើការឱបពីសួគ៌ាដល់កូន » ។
ពីរបីនាទីក្រោយមក មានគិលានុបដ្ឋាយិកាម្នាក់បានដើរកាត់នាង ប៉ុន្ដែក៏បានឈប់ ។ គាត់បានសំឡឹងទៅភ្នែកកូនស្រីយើងដែលជោគជាំដោយទឹកភ្នែក ហើយសួរនាងថា តើនាងចង់បានភួយដណ្ដប់ឬអត់ ប៉ុន្ដែនាងបានបដិសេធថា មិនអីទេ ។ គិលានុបដ្ឋាយកានោះបានដើរចេញទៅ ប៉ុន្ដែបានត្រឡប់មកវិញភ្លាមដោយមានភួយដ៏កក់ក្ដៅមួយ ។ គាត់បានរុំភួយនោះជុំវិញកូនស្រីយើងយ៉ាងណែន ហើយបានប្រាប់នាងថា « ខ្ញុំមានអារម្មណ៍ថា អ្នកត្រូវការការឱបពីសួគ៌ា » ។
កូនចៀមនៃព្រះ ដែលត្រូវបានគេស្គាល់ថាជាអ្នកគង្វាលល្អផងដែរ ស្គាល់កូនចៀមរបស់ទ្រង់នីមួយៗ ។ ក្នុងគ្រាដែលយើងត្រូវការ ជារឿយៗទ្រង់បញ្ជូនទេវតាលើផែនដីឲ្យមក ដូចជាគិលានុបដ្ឋាយិកាដែលមានចិត្តមេត្តាដល់កូនស្រីរបស់យើងដើម្បីរុំ និងឱបក្រសោបយើងនៅក្នុងព្រះពាហុនៃក្ដីស្រឡាញ់របស់ទ្រង់ ។២ ទ្រង់បានយាងមកឯលោកិយដើម្បីនាំសេចក្ដីសុខសាន្ដ និងសិរីសួស្ដីដល់មនុស្សទាំងអស់ ។៣ ទ្រង់កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយទួញយំជាមួយនឹងអ្នកណាដែលទួញយំ ។៤
ពេលខ្ញុំគិតដល់របៀបជាច្រើន ដែលព្រះអម្ចាស់ស្រឡាញ់ និងខ្វល់ខ្វាយដល់យើងម្នាក់ៗ ខ្ញុំមានបំណងចង់ធ្វើអ្វីឲ្យកាន់តែច្រើនដើម្បីចែកចាយក្ដីស្រឡាញ់នោះដល់មនុស្សដទៃ ។ ខ្ញុំក៏ប្រាថ្នាដែរថាអាចស្គាល់កាន់តែច្បាស់ពីការឱប និងការរុំពីសួគ៌ាដែលខ្ញុំបានទទួលនោះ ប៉ុន្ដែខ្ញុំស្គាល់វាយឺតបន្តិច ។
ក្នុងពិភពលោកដែលត្រូវការសេចក្ដីសុខសាន្ដយ៉ាងខ្លាំងនេះ នោះសម្ដីរាបសារបស់យើង ទង្វើប្រកបដោយចិត្តមេត្តា និងសណ្ដានចិត្តល្អរបស់យើងអាចជាវិធីរុំអ្នកផ្សេងដោយភួយដ៏កក់ក្ដៅបាន ។ ខ្ញុំបានយល់ថា កាលណាយើងកាន់តែធ្វើតាមការបំផុសគំនិតដើម្បីបម្រើមនុស្សដទៃ នោះព្រះអម្ចាស់កាន់តែប្រទានភួយសួគ៌ាច្រើនឡើងឲ្យយើងចែកចាយ ។ តើបងប្អូនបានទទួលការបំផុសគំនិតអ្វីខ្លះ ? តើបងប្អូនស្គាល់នរណាដែលត្រូវការការឱបពីសួគាខ្លះ ? ការប៉ះពាល់ផ្ទាល់ ឬពីចម្ងាយរបស់យើងអាចធ្វើឲ្យមានភាពខុសគ្នាខ្លាំងនៅក្នុងជីវិតរបស់មនុស្សជាទីស្រឡាញ់ម្នាក់ ឬសូម្បីតែជនចម្លែកម្នាក់ ។
កាលយើងអបអរដល់ការប្រសូតរបស់ព្រះអង្គសង្គ្រោះយើង ខ្ញុំសូមអធិស្ឋានថា យើងមិនត្រឹមតែអាចមានអារម្មណ៍ពីក្ដីស្រឡាញ់ ចិត្តមេត្តា និងសេចក្ដីសុខសាន្ដរបស់ទ្រង់ប៉ុណ្ណោះទេ តែថែមទាំងអាចចែកចាយពរជ័យទាំងនោះដល់មនុស្សដទៃផងដែរ ។ កាលខ្ញុំសញ្ជឹងគិតពីអំណោយនៃកូនចៀមនៃព្រះ ជាទារកដែលរុំ និងផ្ទំនៅក្នុងស្នូក នោះខ្ញុំសូមបន្ទរពាក្យរបស់លោកតាហេធិនកាលនៅក្មេងថា ។ ទ្រង់គឺ « ជារឿងដ៏អស្ចារ្យបំផុតនៃអ្វីៗដែលយើងធ្លាប់ទទួលបាន [ ឬ ដែលនឹងទទួលបាន ] នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ » ។៥
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕