សុបិននារាត្រីនោះ
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០២០
ថ្ងៃអាទិត្យ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២០
មជ្ឈដ្ឋាននោះពោរពេញទៅដោយភាពសុខសាន្ត ជារាត្រីដែលនឹងនាំមកដល់នៅដើមនិទាឃរដូវ ។ ផ្ទៃមេឃមានភាពស្រឡះល្អ ដោយមានដួងតារារះឡើងបន្តិចម្ដងៗរហូតទៅដល់រាប់ពាន់ដួង ។ ពួកអ្នកគង្វាលនៅទីវាលកំពុងស្វែងរកកន្លែងជ្រកពីកម្ដៅថ្ងៃ ហើយសម្រាកក្រោយពីធ្វើការយ៉ាងនឿយហត់ ។ រឿងមិនធម្មតា—ប៉ុន្តែស្រស់ស្អាតដ៏អស្ចារ្យ—នៅក្នុងទស្សនីយភាពឃ្វាលចៀមនៅឯកូនភ្នំដែលមានក្រោលសត្វមួយនៅជិតនឹងភូមិ ដែលមានមនុស្សពីរនាក់កំពុងនៅជិតទារកកំពុងដេកក្នុងស្នូកម្នាក់ មានតែសត្វស្រុកតែពីរបីក្បាលប៉ុណ្ណោះកំពុងធ្វើជាសាក្សីនូវភាពអស្ចារ្យដែលវាបានឃើញ ។
មនុស្សទាំងបីនាក់នេះ គ្មានមិត្តភក្ដិ ឬអ្នកទទួលភ្ញៀវក្នុងភូមិបេថ្លេហិមដែលមានមនុស្សកោះករឡើយ ទីមួយគឺ មាតាព្រហ្មចារីវ័យក្មេងឈ្មោះ មារ៉ា ( ប្រហែលជានាងស្ថិតក្នុងវ័យជំទង់ បើតាមប្រពៃណីនៅសម័យនោះបានចូលជាធរមាន ) ដែលភាពក្លាហាន និងសេចក្ដីជំនឿដ៏មុតមាំរបស់នាងទាក់ទាញអារម្មណ៍លើសពីអ្វីដែលបានកត់ត្រាទុកទៅទៀត ។ ទីពីរ ស្វាមីរបស់នាងឈ្មោះ យ៉ូសែប ដែលមានវ័យចាស់ជាងភរិយាវ័យក្មេងរបស់លោក ប៉ុន្តែតាមនិយមន័យលោកគឺជាបុរសដែលស័ក្ដិសមបំផុតនៅលើផែនដីដើម្បីចិញ្ចឹមបីបាច់ទារកមួយរូបដែលមិនមែនជាកូនប្រុសបង្កើតរបស់យ៉ូសែប ប៉ុន្តែនៅទីបំផុតនឹងក្លាយជាបិតាខាងវិញ្ញាណរបស់ យ៉ូសែប ។ ទីបី ហើយជាចុងក្រោយ និងមានភាពស្រស់ស្អាតជាងអ្វីៗទាំងអស់គឺទារកដែលត្រូវដាក់ឈ្មោះថា ព្រះយេស៊ូវ ដោយរុំនឹងសំពត់ផ្ទំនៅលើចំបើងដែលស្អាតបំផុតដែលឪពុកដ៏ព្រួយបារម្ភរូបនេះអាចរកបាន ។
រឿងមិនកើតឡើងមួយដែលទិដ្ឋភាពដ៏ស្ងប់ស្ងាត់គ្មានប្រជាប្រិយភាពបានបង្ហាញឲ្យឃើញថាខុសគឺថា មិនធ្លាប់់មានទារកណាម្នាក់ដែលកើតមកត្រូវបានគេស្គាល់ច្រើនត្រូវបានគេចារទុក ហើយមានការរំពឹងទុកច្រើនរួចទៅហើយនោះទេ ។ ពិតណាស់ ចំណេះដឹងថាតើទ្រង់គឺជានរណាបានចាប់ផ្ដើមឡើងនៅនគរស្ថានសួគ៌ពីមុន មនុស្សគ្រប់គ្នា បានចាប់កំណើតមកម្ល៉េះ ! ក្នុងនាមជាបុត្រច្បងនៃព្រះវរបិតា១ នៅក្នុងពិភពវិញ្ញាណ ទ្រង់ត្រូវបានជ្រើសទុកជាមុននៅទីនោះជាព្រះអង្គសង្គ្រោះនៃពិភពលោក២ ដែលបានតែងតាំងទុកជាមុនជា « កូនចៀមដែលត្រូវគេសំឡាប់តាំងពីកំណើតលោកីយ៍មក » ។៣ ក្រោយមកទៀតពីមុនការប្រសូតរបស់ទ្រង់ នោះទ្រង់បានធ្វើជាព្រះយេហូវ៉ាដ៏មានមហិទ្ធិឫទ្ធិនៃព្រះគម្ពីរសញ្ញាចាស់ ដោយជួយណូអេសង្គ្រោះគ្រួសាររបស់លោកនៅគ្រាទឹកជំនន់៤ និងដោយទតមើល យ៉ូសែប សង្គ្រោះគ្រួសាររបស់លោកនៅគ្រាទុរ្ភិក្ស ។៥ ទ្រង់គឺជាព្រះយេហូវ៉ាដ៏អស្ចារ្យដែលព្រះនាមរបស់ទ្រង់ រួមមាន« ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព »៦ ទ្រង់គឺជាអាលផា និងជាអូមេកា៧នៅក្នុងផែនការនៃសេចក្ដីមេត្តាករុណាដ៏អស្ចារ្យដែលនៅទីបំផុតនឹង« ផ្សាយ ដំណឹង ល្អ ដល់ មនុស្ស ទាល់ ក្រ … ប្រោស មនុស្ស ដែល មាន ចិត្ត សង្រេង … ប្រកាស ប្រាប់ ពី សេចក្តី ប្រោស លោះ ដល់ ពួក ឈ្លើយ ហើយ[បើក] ការ ដោះ លែង ដល់ ពួក អ្នក ដែល ជាប់ ចំណង » ។៨
ដើម្បីសម្រេចបានការណ៍នេះ ទ្រង់បានបង្កើតសេចក្ដីសង្គ្រោះតែអង្គឯង ដោយគ្មានដៃគូក្នុងជីវិតរមែងស្លាប់ណាម្នាក់អាចជួយដល់ទ្រង់ ហើយគ្មានដៃគូសួគ៌ាណាម្នាក់អាចធ្វើបានដែរ ។ ដោយទ្រាំទ្រនូវរាល់អំពើបាប និងបន្ទុកដ៏សោកសៅនៃមនុស្ស នោះទ្រង់បាននាំយកអំណោយទាននៃសេចក្ដីសង្គ្រោះដែលមិនអាចយល់បានដល់គ្រួសារមនុស្សលោកទាំងមូលតាំងពីអ័ដាមរហូតដល់ចុងបញ្ចប់នៃពិភពលោកនេះ ។ នៅក្នុងព្រះជន្មរបស់ទ្រង់ទាំងមូល ទ្រង់នឹងធ្វើជា « អ្នកគង្វាល ជាអ្នកថែទាំព្រលឹង[ យើង ]រាល់គ្នា វិញហើយ »៩ « ជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ »១០ ជា « ប្រភពនៃអស់ទាំងសេចក្ដីសុចរិត » ។១១ ករណីកិច្ច និងការទាមទារទាំងអស់នៅក្នុងជីវិតរមែងស្លាប់ទាំងនេះមិនទាន់បានបំពេញនៅឡើយទេ ។ តែមិនមែនរាត្រីនេះទេ ។ មិនមែនយប់នេះទេ ។ នៅពេលនេះ ទ្រង់គ្រាន់តែជាទារកនៅក្នុងដៃនៃមាតាដែលស្រឡាញ់ទ្រង់ ហើយមើលថែដោយឪពុកដែលរាបសា និងរឹងមាំប៉ុណ្ណោះ ។
មិនយូរប៉ុន្មានពួកអ្នកគង្វាលទាំងនោះបានមក ដែលតំណាងឲ្យសកម្មភាពខាងសាច់ឈាមដ៏រាបទាបបំផុត និងភាពក្រីក្របំផុតរបស់មនុស្ស និងកិច្ចការរបស់ពួកគេ ។ ក្រោយមក ពួកស្ដេចបានមក ពួកហោរាមកពីទិសខាងកើត ដែលតំណាងឲ្យភាពខ្ពស់បំផុតនៃការសម្រេចបានខាងសាច់ឈាមដ៏ស្ដុកស្ដមបំផុតរបស់មនុស្ស និងកិច្ចការរបស់ពួកគេ ។ លើសពីនេះទៀត—គឺលើសអ្វីៗទាំងអស់—ពួកទេវតាបានមកច្រៀងបទ« សួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត »១២ពួកទេវតាសួគ៌ដ៏ច្រើននេះបានសរសើរចំពោះព្រះឱរសរូបនេះដែលនៅទីបំផុតបានយាងមកកាន់ផែនដី ។ ពិតណាស់ ពួកទេវតាបានគូសដានផ្លូវទៅកាន់កន្លែងដាក់ចំណីសត្វនេះអស់ជាច្រើនសតវត្សរ៍ ។ ចុងក្រោយបំផុត មានទេវតាមួយអង្គបានមកឯមារ៉ានៅក្នុងការប្រកាសដំណឹងដ៏អស្ចារ្យនេះដល់នាងអំពីអ្វីដែលនាងត្រូវជ្រើសរើសឲ្យធ្វើ និងបុគ្គលដែលនាងត្រូវជ្រើសរើសឲ្យក្លាយជា ។១៣ ទេវតាមួយអង្គបានមកឯយ៉ូសែបដោយផ្ដល់សេចក្ដីក្លាហានដល់លោកដើម្បីរៀបការនឹងនារីរូបនេះដែលមានបុត្ររួចហើយយ៉ាងអាថ៌កំបាំង ជាបទបញ្ញត្តិមួយដែលលោកបានគោរពតាមដោយឥតបង្អង់ និងដោយស្មោះត្រង់ ។១៤ បន្ទាប់ពីការប្រសូតនោះ មានទេវតាមួយអង្គបានប្រាប់ស្វាមីភរិយាវ័យក្មេងនេះឲ្យរត់ភៀសខ្លួនចេញ—ភៀសខ្លួនពីអ្វីដែលជាការសម្លាប់រង្គាលរបស់ ស្តេចហេរ៉ូឌ ដល់កុមារគ្មានកំហុស ( កុមារតូចៗដែលរងគ្រោះដំបូងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលជាគ្រីស្ទាន ) ហើយដែលទេវតាអង្គដដែលនោះបានប្រាប់ស្វាមីភរិយាគូនោះ នៅពេលពួកគាត់អាចត្រឡប់ពីស្រុកអេស៊ីព្ទ ដើម្បីទៅរស់នៅស្រុកណាសារ៉ែតដ៏ឆ្ងាយ មិនមែននៅក្នុងភូមិបេថ្លេហិម ឬក្រុងយេរូសាឡិមឡើយ ។១៥ ជាក់ស្តែង ពួកទេវតានៅស្ថានសួគ៌បានជ្រាបដឹងច្រើនជាងជីវិតរមែងស្លាប់នៅលើផែនដី ទាក់ទងនឹងអត្ថន័យនៃការប្រសូត និងបេសកកម្មរបស់កុមាររូបនេះ ដោយមានឈ្មោះថា « [ ទ្រាំទ្រ ] រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយ[ បានទទួល ]ផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង ៖ … [ ដើម្បីត្រូវ ] របួស ដោយព្រោះអំពើរំលងរបស់យើង [ ហើយ ] ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ៖ [ ដើម្បីធ្វើឲ្យវាច្បាស់ថា ] ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយ [ ថា ]យើងរាល់គ្នាបានប្រោសឲ្យជា [ ដោយសារ ]ស្នាមរំពាត់នៅអង្គទ្រង់ ។ »១៦
សម្រាប់ខ្លួនខ្ញុំផ្ទាល់ វាជារឿងដ៏សំខាន់ដែលព្រឹត្តិការណ៍ទាំងនេះបានលាតត្រដាងនៅរាត្រីនោះ គ្រានោះ នៅពេលដែលភាពនឿយហត់បានរម្សាយ ហើយភាពតានតឹងក៏បានសម្រាក នៅពេលការអធិស្ឋានត្រូវបានពោលពាក្យពេលដែល វិវរណៈត្រូវបានទទួល ហើយអង្គដ៏ទេវភាពក៏ហាក់ដូចជាកាន់តែខិតជិត ។ ហើយមួយឆ្នាំម្តង ពេលយប់គឺជាពេលដែលកុមារអាចបិទភ្នែករបស់ពួកគេទាំងចិត្តរំភើបដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្តពួកគេ ដោយដឹងថាថ្ងៃស្អែកគឺជាព្រឹកថ្ងៃបុណ្យគ្រីស្ទម៉ាស់ ។ ពិតមែនហើយ ទោះជាមានការលំបាកយ៉ាងណានៅសម័យរបស់យើងក្តី ក៏សុបិនដ៏ផ្អែមល្ហែមនៃរាត្រីនោះអាចធ្វើឲ្យអ្វីៗបានប្រសើរបានដែរ ។ ដូចដែលអែលឌើរ ប៉ាលី ភី ប្រាត្ត នៅគ្រាមួយបានសរសេរថា ៖
« ព្រះបានបើកសម្តែងសេចក្តីណែនាំ សំខាន់ៗជាច្រើន … តាមមធ្យោបាយនៃការសុបិន ។ … [ បន្ទាប់មក ]សរសៃប្រសាទលែង [មាន] ការឈឺចាប់ ហើយមនុស្សរមែងស្លាប់បានស្ថិតក្នុង [ការដេកលក់យ៉ាងស្ងៀមស្ងាត់ ហើយ] … សិរីរាង្គខាងវិញ្ញាណ … ទាក់ទងនឹងព្រះអាទិទេព … [ ជាមួយ ]ពួកទេវតា ហើយ[ ជាមួយ ]វិញ្ញាណនៃមនុស្សសុចរិតបានធ្វើឲ្យល្អឥតខ្ចោះ » ។១៧
ដូច្នេះហើយ វាជារាត្រីដ៏អស្ចារ្យដែលយើងងឿងឆ្ងល់ជាខ្លាំង ដែលការពិតជា « ក្ដីសង្ឃឹម និងភាពភ័យខ្លាចជាយូរមក »១៨ត្រូវបានបំពេញនៅក្នុងសុបិននៃភូមិបេថ្លេហិម ។
រាត្រីនោះ[ នៅ ]ស្រុកយូដា
តារាដ៏ចម្លែកបានបញ្ចេញរស្មី
បុរសខ្វាក់ម្នាក់[ ដេក ]ដេកទាំងរសាប់រសល់ក្រៃ
ដោយស្រមៃឃើញ[ ថា ]ភ្នែកគាត់ភ្លឺ ។
រាត្រីនោះពួកគង្វាលឮសូរចម្រៀង
ពួកទេវតាច្រៀងនៅក្បែរនោះ
បុរសថ្លង់ម្នាក់ដេកមិនលក់សោះ
ដោយស្រមៃឃើញ[ ថា ]គាត់ស្ដាប់ឮ។
រាត្រីនោះនៅក្នុងក្រោលសត្វ
ម្ដាយ និងកុមារតូចបានសម្រាក[យ៉ាងស្ងៀមស្ងាត់]
បុរសខ្វិន[ មា្នក់ ]បានកម្រើកជើងខ្លួន
ដោយស្រមៃឃើញ[ ថា ]គាត់[អាចដើរយ៉ាងសមសួន]។
រាត្រីនោះម៉ារាជាម្ដាយដ៏ទន់ភ្លន់
ក្រោកឡើងអន្រន់បំពេរទារកតូច
បុរសឃ្លង់ម្នាក់បានដេកទាំងញញឹម
ដោយស្រមៃដឹង[ ថា]ខ្លួនគាត់ជាស្អាត ។
រាត្រីនោះពេលបៅដោះម្ដាយទ្រង់
ព្រះរាជបុត្រតូចត្រូវការការពារយ៉ាងផ្ចិតផ្ចង់
ស្រីពេស្យាម្នាក់បានដេកលក់ទាំងរីករាយ
ដោយស្រមៃ[ ថា ]ថានាងបានបរិសុទ្ធ ។
រាត្រីនោះព្រះអម្ចាស់ផ្ទុំក្នុងស្នូក
ទ្រង់ប្រសូតមកដើម្បីសង្គ្រោះ
បុរសម្នាក់បានស្លាប់ទៅ
ដោយស្រមៃឃើញថាគ្មានផ្នូរឡើយ ។១៩
ខ្ញុំទុកជាមួយបងប្អូន ជាអំណោយបុណ្យគ្រីស្ទម៉ាស់របស់ខ្ញុំនូវ ក្តីសុបិន្តរបស់បេថ្លេហិម ។ ហើយខ្ញុំធ្វើដូច្នេះក្នុងព្រះនាមទារកដែលធ្វើឲ្យក្តីសុបិន្តទាំងអស់ក្លាយជាការពិត សូម្បីតែព្រះអម្ចាស់យេស៊ូវគ្រីស្ទអាម៉ែន៕