សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការរស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ


6:12

ការរស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ

ព្រះចេស្តា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​ដ៏​បរិសុទ្ធ​ជាមួយ​ អែលឌើរ នែល អិល អាន់ឌើរសិន

ថ្ងៃ អាទិត្យ​ទី ១១ ខែ មិថុនា ឆ្នាំ ២០២៣

សារលិខិត​បើក​​​

សាយណ្ហ​សួស្តី បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ ។ ជូន​ចំពោះ​អ្នកអប់រំ​ខាង​សាសនា​របស់យើង​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​ពិភពលោក ជា​បឋម​ខ្ញុំ​សូម​សម្តែង​ការដឹងគុណ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​របៀប​ដែល​បងប្អូន​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​សិស្ស​របស់​យើង ។ ជាក់ស្តែង អ្នក​កំពុង​បង្ហាត់​បង្ហាញ​ដល់ ទំពាំង​ស្នង​ឫស្សី របស់​សាសនាចក្រ​នៅក្នុង​ថ្នាក់​ទាំងឡាយ​របស់​បងប្អូន ។ នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​នៅ​ជុំវិញ​ពិភពលោក ខ្ញុំ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​របៀប​ដែល​អ្នក​មើលថែ​ដល់​សិស្ស​នៅ​ក្នុង​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទូល​ជា​លើក​ដំបូង​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​ព្រះបរមងារ​ដែល​នាង​បានជ្រើសរើស​គឺ « រ៉ាបូនី » ។ អត្ថបទ​នេះ​បញ្ជាក់​ពាក្យ​នេះ​ឡើងវិញ​ថា​ជា « លោក​ចៅហ្វាយ » ប៉ុន្តែ​ការបកប្រែ​ជា​ភាសា​ក្រិក​គឺ « លោកគ្រូ » ។ ឱ នេះ​ជា​ការហៅ​ដ៏​ថ្លៃថ្នូរ​ដែល​យើង​មាន​រួមគ្នា​ក្នុង​នាម​ជា​អ្នកអប់រំ ដើម្បី​ចង្អុល​បង្ហាញ​សិស្ស​របស់​យើង​ទៅកាន់​លោក​ចៅច្វាយ ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​សុន្ទរកថា​ណែនាំ​របស់ខ្ញុំ យើង​នឹង​ទទួល​បាន​ការប្រឹក្សា​ពី​សាវក​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​របៀប​បង្រៀន​សេចក្ដីពិត​ក្នុង​បរិយាកាស​មួយ​ដែល​ការយល់​ច្រឡំ និង​ការបោក​បញ្ឆោត​កំពុង​កើនឡើង ។ ខ្ញុំ​មាន​បទពិសោធន៍​ថ្មីៗ​មួយ​ដែល​បង្កើន​ការយល់ដឹង​របស់​ខ្ញុំ​ផ្ទាល់​អំពី​បញ្ហា​ប្រឈម​នេះ ។ ខ្ញុំ​បាន​ទទួល​ការចាត់តាំង​ជាមួយ​ប្រធាន អាវរិង ទៅ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវៃ ដែល​មាន​និស្សិត​ម្នាក់​បាន​លើក​ពី​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ថា « នៅ​ពេល​ខាង​មុខ យើង​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេសា្ត ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។  និស្សិត​រូប​នោះ​បាន​សួរ​អំពី​ផល​ប៉ះពាល់ដល់​យុវមជ្ឈិមវ័យ ។ ខ្ញុំ​បាន​បន្ត​ពន្យល់​ពី​របៀប​ដែល​ព្រះវិញ្ញាណ​នឹង​ជួយ​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត—ជម្រើស​ជីវិត​ដ៏​សំខាន់​អំពី​អ្វី​ដែល​ត្រូវ​សិក្សា នរណា​ត្រូវ​ណាត់ជួប និង​រៀបការ កន្លែង​ធ្វើការ និង​ទីកន្លែង​រស់នៅ ។

ប៉ុន្តែ​ក្រោយ​មក​ប្រធាន អាវរិង បានឆ្លើយតប​ដោយ​ការលើក​ឡើង​នូវ​វគ្គ​ជម្រុះ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ដែល​លោក​បាន​ពិពណ៌នា​អំពី​ភាព​សំខាន់​នៃ​« ការ​រស់រាន​ខាង​វិញ្ញាណ » ។ លោក​បាន​ចង្អុល​បង្ហាញ​ថា ការរស់រានមាន​ជីវិត​ខាង​វិញ្ញាណ គឺ​យើង​ត្រូវ​ការ​ឲ្យ​ហួស​ពី​ជម្រើស​នៃ​ជីវិត​សាមញ្ញ​ដែល​ខ្ញុំ​បាន​ណែនាំនោះ ។ លោក​បាន​ពន្យល់​ពី​របៀប​ដែល​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង​នឹង​រស់នៅ​ក្នុង​យុគសម័យ​មួយ ដែល​មារសត្រូវ​នឹង​លាក់​កំបាំង​សេចក្តីពិត​យ៉ាង​ឆ្លាតវៃ ដែល​ថា បើ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ នោះ​វា​នឹង​មិន​អាច​ទៅ​រួច—នឹង​កាន់តែ​ពិបាក​បែងចែក—ដើម្បី​ប្រាប់​ពី​ភាពខុសគ្នា​រវាង​ការណ៍​ល្អ និង​អាក្រក់ រវាងសេចក្តី​ពិត និង​កំហុស ។ បន្ទាប់មក ការរស់រានមានជីវិត​ខាងវិញ្ញាណ​បាន​ក្លាយជា​បញ្ហា​នៃ​ការស្គាល់​សេចក្តីពិត ។

យប់នេះ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​គិតពិចារណា​ពី​របៀប​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ស្គាល់​សេចក្តីពិត ។ ខ្ញុំ​ក៏​សង្ឃឹម​ថា យើង​នឹង​ពិចារណា​ពី​តួនាទី​របស់​យើង​ក្នុង​ការបង្រៀន​សេចក្តីពិត​ដោយ​ភាពច្បាស់លាស់ និង​ចំៗ​ផងដែរ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ពេល​ដែល​យើង​រៀន​ពី​អែលឌើរ អាន់ឌើរសិន ហើយ​ខ្ញុំ​ធ្វើ​ជា​សាក្សី​ចំពោះ​បងប្អូន​ថា នៅពេល​យើង​ស្ថាបនា​ការបង្រៀន​របស់យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​នៅក្នុង​គោលលទ្ធិ​បរិសុទ្ធ នោះ​យើង​បង្កើត​គំរូ​មួយ​សម្រាប់​សិស្ស​របស់​យើង​ដើម្បី​មើលឃើញ និង​ស្គាល់​សេចក្តីពិត មិន​ត្រឹមតែ​នៅក្នុង​ថ្នាក់​របស់យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ផងដែរ ។ ខ្ញុំ​សូម​ពោល​ពាក្យ​ទាំងនេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

ការណែនាំ​ពី​អែលឌើរ នែល អិល អាន់ឌើរសិន

ឥឡូវ​នេះ ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​ណែនាំ​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ។ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​អាច​ចែកចាយ​អំពី​អែលឌើរ អាន់ឌើរសិន— អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស្ចារ្យ​របស់​លោក សមិទ្ធិផល​ផ្នែក​អប់រំ និង​អាជីវកម្ម​របស់​លោក និង​ការបម្រើ​សំខាន់ៗ​របស់​លោក​ចំពោះ​សាសនាចក្រ រួមទាំង​ការហៅ​ជា​អ្នកដឹកនាំ​បេសកកម្ម​ទៅ​កាន់​បេសកកម្ម​បរដូ ប្រទេស​បារាំង​ផងដែរ ។ អែលឌើរ អាន់ឌើរសិន និយាយ​ភាសា​បារាំង ប៉ុន្តែ​ក៏​ចេះ​ភាសា​ព័រទុយហ្គាល់ និង​អេស្ប៉ាញ​ដែរ ។ សម្រាប់​ពួក​យើង​មួយ​ចំនួន​នៅ​រាត្រី​នេះ សំណាងល្អ​ណាស់ លោក​ក៏​ចេះ​ភាសា​អង់គ្លេស​ផងដែរ លោក​បាន​រស់នៅ​ជុំវិញ​ពិភពលោក ហើយ​ស្គាល់​សាសនាចក្រ​គ្រប់​ទីកន្លែង​ដែល​បងប្អូន​កំពុង​បង្រៀន និង​លើកស្ទួយ​ដល់​សិស្ស​របស់​យើង ។

ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​គិត​អំពី​អែលឌើរ អាន់ឌើរសិន មាន​លក្ខណៈ​ពីរ​យ៉ាង ដែល​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​នឹង​ចងចាំ​នៅ​ពេល​ដែល​បងប្អូន​ស្តាប់​លោក​នា​រាត្រី​នេះ ។ ទីមួយ អែលឌើរ អាន់ឌើរសិន មើល តាមដាន ហើយ​ការពារ​ព្យាការី​របស់​ព្រះ ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ក្នុង​កិច្ចការ​នេះ​ថា​នៅ​ក្នុង​របៀប​ដែល​បន្ទាប់​ពី​សន្និសីទ​ទូទៅ អែលឌើរ អាន់ឌើរសិន បោះពុម្ព ហើយ​សិក្សា​ពាក្យ​សម្ដី​របស់​ព្យាការី ហើយ​បន្ទាប់​មក​ធ្វើ​ឲ្យ​ពាក្យសំដី​នោះ​ក្លាយ​ជា​ផ្នែក​នៃ​ការ​បង្រៀន​របស់​លោក​ផ្ទាល់ ។ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ដោយ​ផ្ទាល់​ថា អែលឌើរ អាន់ឌើរសិន បាន​ពង្រីក​ការបង្រៀន​របស់​ប្រធាន ណិលសុន ស្ដីពី​ការធ្វើ​ជា​អ្នកផ្សះផ្សា​គេ ការធ្វើជា​មនុស្ស​សុចរិត ការធ្វើ​ជា​ឪពុកម្តាយ​ដែល​មាន​ការទទួលខុសត្រូវ ហើយ​ការស្ថាបនា​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទីពីរ អែលឌើរ អាន់ឌើរសិន ខ្លួនលោក​​ផ្ទាល់​គឺ​ជា​សាក្សី​ពិសេស​មួយ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​យក​ការហៅ​នេះ​ជា​កិច្ចការ​ដ៏​ពិសិដ្ឋ​មួយ ។ នៅក្នុង​ការចាត់តាំង​មួយ​ជាមួយនឹង​អែលឌើរ និង​ស៊ីស្ទើរ អាន់ឌើរសិន ទៅ​សាលា​ទ័ព​អាកាស​នៅ​រដ្ឋ​ខូឡូរ៉ាដូ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ខ្ញុំ​បាន​មើល​លោក​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​សិស្ស​និស្សិត​ដែល​បាន​មក​ស្តាប់​លោក​មាន​ប្រសាសន៍ ។ នៅពេល​ខ្ញុំ​អង្កេត​មើល​លោក​នៅ​ល្ងាច​នោះ ខ្ញុំ​មាន​ចំណាប់អារម្មណ៍ និង​ការបញ្ជាក់​ដ៏​លើសលប់​ថា ខ្ញុំ​នៅ​ក្នុង​វត្តមាន​សាក្សី​ដ៏​ពិសេស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​នឹង​ស្គាល់​ឱកាសនេះថា ​ឥឡូវ​យើង​បាន​ស្ដាប់​មក​ពី​សាវក​របស់​ព្រះអម្ចាស់​ដែល​ដើរតាម​ព្យាការី និង​ជា​សាក្សី​នៃ​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ ។ អែលឌើរ អាន់ឌើរសិន ពួកយើង​ទន្ទឹង​រង់ចាំ​ការបង្រៀន​របស់​លោក ។