សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ព្រះចេស្តា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​ដ៏បរិសុទ្ធ ខែ មិថុនា ឆ្នាំ ២០២៣


32:25

ព្រះចេស្តា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​ដ៏​បរិសុទ្ធ

ព្រះចេស្តា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​ដ៏​បរិសុទ្ធ​ជាមួយ​អែលឌើរ នែល អិល អាន់ឌើរសិន

ថ្ងៃ អាទិត្យ​ទី ១១ ខែ មិថុនា ឆ្នាំ ២០២៣

អែលឌើរ នែល អិល អាន់ឌើរសិន ៖សូម​អរគុណ អែលឌើរ ហ្គីលប៊ឺត ។ សូម​អរគុណ​បងប្រុស វិប ។ មិត្តភក្តិ និង​មិត្ត​រួម​ការងារ​ពីរនាក់​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ពួក​លោក​ខ្លាំងណាស់ ។

តើ​ក្រុម​ចម្រៀង​នោះ​អស្ចារ្យ​ណាស់ មែនទេ ? ហើយ​មាន​គារវភាព​យ៉ាងខ្លាំង ! បងប្អូន​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ។ សូម​អរគុណ​ច្រើន !

ខ្ញុំ​បាន​គិត​អំពី​ពាក្យ​ពេចន៍ទាំងនោះ នៅពេល​ដែល​បងប្អូន​ច្រៀង​ព្រមគ្នា​ក្នុង​វគ្គ​ទីបី « ទ្រង់​ជា​ពន្លឺ​ខ្ញុំ ហើយ​ជា​កម្លាំង​ចិត្ត ។ ខ្ញុំ​មាន​ឫទ្ធិ​ឧត្តម​ដោយ​ព្រះចេស្ដា​ទ្រង់ » ។ បើ​យើង​អាច​ទទួល​អារម្មណ៍​ពី​ពាក្យ​ពេចន៍ទាំង​នោះ​ចាក់​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ឆ្អឹង​របស់​អ្នក​ដែល​យើង​បង្រៀន នោះ​វា​នឹង​អាច​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ។

តើ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​នៅក្នុង​រោងឧបោសថ មែនដែរ​ឬទេ ? យើង​ពុំ​ចាំបាច់​ត្រូវ​មក​ទីនេះ​​ញឹកញាប់​ទៀត​ឡើយ ។ បង​ប្អូន​ខ្លះ​មិន​ដែល​បាន​មក​ទីនេះ​ទេ​ពី​មុន​មក ដោយ​បងប្អូន​នៅ​ក្មេង​ពេក ។ យើង​ខ្លះ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ពី​រោង​ឧបោសថ​ចាស់​​ដ៏​ធំ​នេះ ។ តើ​មាន​បងប្អូន​ប៉ុន្មាន​នាក់​នៅ​ទីនេះ​មាន​ការ​ចងចាំ​ល្អ​ពី​កន្លែង​នេះ ? ( សូម​លើក​ដៃ )

សាមសិប​ឆ្នាំ​មុន អែលឌើរ គ្រីស្តូហ្វឺសិន និង​ខ្ញុំ​ត្រូវបាន​ហៅ​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ។ តាម​ខ្ញុំ​នៅ​ចាំ យើង​អង្គុយ​នៅ​ទីនេះ​ហើយ​យើង​បាន​ឡើង​មក​អង្គុយ​លើ​កៅអី​ពណ៌​ក្រហម​ទាំង​នោះ ។ សាវក​មួយ​រូប គឺ​អែលឌើរ ម៉ាវីន អាសតុន បាន​ឈឺ​អំឡុង​សន្និសីទ​នោះ ដូច្នេះ​អែលឌើរ គ្រីស្តូហ្វឺសិន និង​ខ្ញុំ​បាន​ថ្លែង​សាក្សី​ដ៏​រាបទាប​របស់យើង ។ យើង​​ពុំ​មានពេល​គ្រប់គ្រាន់​រៀបចំ​ឡើយ ។

ខ្ញុំ​មាន​ការចងចាំ​មួយ​ទៀត​នៅ​ទីនេះ ដែល​ខ្ញុំ​នឹង​ចែក​ចាយ​មួយ​បងប្អូន ។

ខ្ញុំ​មិន​ដែល​មាន​ឱកាស​និយាយ​ម្តង​ទៀត​ទេ តាំង​ពី​ទីបន្ទាល់​នៅ​ឆ្នាំ ១៩៩៣ ។ យើង​បាន​មក​សន្និសីទ​ចុងក្រោយ​ដែល​បាន​ធ្វើឡើង​នៅ​ទីនេះ នៅ​រោងឧបោសថ​នេះ វា​នៅ ខែ តុលា ឆ្នាំ ១៩៩៩ ។

មាន​អ្វី​មួយ​បាន​កើតឡើង​ដែល​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ។ វា​គឺ​ជា​ព្រឹក​ថ្ងៃ​សុក្រពីមុន សន្និសីទ—​ម៉ោង ៧:៣០នាទី ។ ខ្ញុំ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ​កាល​ដែល​ទូរសព្ទ​បាន​រោទិ៍​ឡើង ។ សម្លេង​ម្ខាង​ទៀត​បាន​សួរ​ថា « បងប្រុស អាន់ឌើរសិន ខ្ញុំ​ជា​ប្រធាន ហ៊ីងគ្លី » ។ ខ្ញុំ​គឺ​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ប៉ុន្ដែ​ខ្ញុំ​ចំណាយ​ពេល​តិច​ណាស់​ជាមួយ​ប្រធាន ហ៊ីងគ្លី ។ ពាក្យ​ដំបូង​របស់​លោក​មក​កាន់​ខ្ញុំ—ខ្ញុំ​និយាយ​ពិត​មែន—លោក​មាន​ប្រសាសន៍​ថា « តើ​ប្អូន​ជា​កីឡាករ​បម្រុង​ប្រភេទ​ណា​ដែរ ? » ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​ឆ្លើយតប​យ៉ាងម៉េច​ទេ តែ​ខ្ញុំ​រអ៊ូ​តិចៗ ។ លោក​បាន​បន្ដ​ថា ៖ « អែលឌើរ រ៉ូបឺត ហែល ឈឺ ។ លោក​នឹង​ចូល​វះ​នៅ​ថ្ងៃ​ចន្ទ ហើយ​នឹង​មិន​អាច​ឡើង​និយាយ​នៅ​ព្រឹក​ស្អែក​បាន​ទេ ។ យើង​ចង់​ឲ្យ​ប្អូន​និយាយ​ជំនួស​លោក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ។ យល់ព្រម​ ? លា​សិន​ហើយ » ! វា​បាន​នាំ​មក​នូវ​កង្វល់​ជា​ច្រើន​ម៉ោង ។ វា​គឺ​ជា​បទពិសោធន៍​តែមួយ​គត់​របស់​ខ្ញុំ នៃ​ការផ្តល់​ឲ្យ​នូវ​ការចាត់តាំង​ឡើង​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ​នៅ​ទីនេះ​ក្នុង​រោង​ឧបោសថ ។

បើ​យើង​មាន​ពេល យើង​ចង់​ស្ដាប់​បទពិសោធន៍​ទាំង​អស់​របស់​បងប្អូន ។

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​ដោយ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​និង​ក្តី​ស្រឡាញ់​របស់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​ចំពោះ​បងប្អូន​ម្នាក់ៗ ។ យើង​គោរព និង​កោត​សរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​សេចក្ដី​ជំនឿ និង​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ នេះ​គឺជា​ជំនាន់​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​យ៉ាង​ខ្លាំង ។ ជីវិត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​វ័យក្មេង​របស់​យើង​រាប់រយ​ពាន់​នាក់​ស្ថិត​នៅក្នុង​ឥទ្ធិពល​របស់​បងប្អូន​យ៉ាង​ស្រទន់ ។ មិន​ថា​បងប្អូន​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន​នៅក្នុង​វួដ ឬ​ស្តេក​របស់​បងប្អូន ឬ​ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​គ្រូបង្រៀន​ម្នាក់​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​មួយ​ក្នុង​ចំណោម​ថ្នាក់​ទាំង ៦៣៨ របស់​យើង​នៅ​ទូទាំង​ពិភពលោក ឬ​នៅ​ថ្នាក់​សិក្ខាសាលា​ដែល​រៀន​ក្រោយ​ចប់​ម៉ោង​សាលា​នោះ​ទេ—ខ្ញុំ​ទើបតែ​សួរ​បងប្រុស វិប ថា​តើ​យើង​មាន​ថ្នាក់​ប៉ុន្មាន ហើយ​គាត់​បាន​ឆ្លើយ​ថា មាន​ថ្នាក់​សិក្ខាសាលា​ប្រហែល​ជា ៨០,០០០ ថ្នាក់ ។ ប្រាកដ​ណាស់ ថ្នាក់​សិក្ខាសាលា​ដែល​រៀន​ក្រោយ​ចប់​ម៉ោង​សាលា គឺ​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក កាណាដា និង​សាលារៀន​របស់​សាសនាចក្រ ។ ឬ​បើ​បងប្អូន​បម្រើ​ក្នុង​សមត្ថភាព​ណាមួយ ដែល​ជួយ​ដល់​ការងារ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ខ្ញុំ​សូម​អរគុណ​បងប្អូន​ដោយ​ស្មោះ​ជំនួស​ឲ្យ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ យើង​ស្រឡាញ់​បងប្អូន ហើយ​យើង​អធិស្ឋាន​ឲ្យ​បងប្អូន ។ យើង​ចាត់ទុក​បងប្អូន​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដូច​យើង​ដែរ នៅពេល​យើង​រៀបចំ​មនុស្ស​សុចរិត​នៅ​ទូទាំង​ប្រជាជាតិ វប្បធម៌ និង​ភាសា​ទាំងឡាយ​នៃ​ពិភពលោក​នេះ ដើម្បី​រៀបចំ​សម្រាប់​ការយាង​ត្រឡប់​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ​មកកាន់​ផែនដី​នេះ​វិញ ។

ដើម្បី​គោរព​ដល់​បងប្អូន​ម្នាក់ៗ និង​គ្រូបង្រៀន​ដ៏​ឧត្តម​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​មុន​បងប្អូន ថ្មីៗ​នេះ ខ្ញុំ​បាន​សន្ទនា​យ៉ាង​ខ្លី​ជាមួយ​ប្រធាន អេនឌី ឌីអាស ដែល​ជា​ប្រធាន​ស្ដេក​នៅ​ទីនេះ​នៅ​ទីក្រុង សលត៍ លេក ។ យើង​បាន​និយាយ​អំពី​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម​របស់​គាត់ កាល​គាត់​នៅ​ក្មេង ។ ហើយ​នេះ​គឺជា​ការតភ្ជាប់​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​អាយុ ១៣ ឆ្នាំ នៅ​ទីក្រុង​ថេមប៉ា រដ្ឋ​ផ្លរីដា មួយ​ឆ្នាំ​ក្រោយមក ប្រធាន ឌីអាស បាន​ចាប់ផ្ដើម​ចូលរៀន​ថ្នាក់​សិក្ខាសាលា ដែល​ជា​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម​ដែល​ភរិយា​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ខេធី ទៅ​រៀន ។ ឥឡូវ​នេះ បងប្អូន​នឹង​សម្គាល់​ឃើញ​ថា គាត់​មើល​ទៅ​ចាស់​ជាង ខេធី ច្រើន ។ ជីវិត​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ​ខុសៗ​គ្នា ។ គ្រូបង្រៀន​ថ្នាក់​នោះ​គឺជា​ម្តាយ​របស់ ខេធី ដែល​ជា​អនាគត​ម្តាយ​ក្មេក​របស់​ខ្ញុំ ស៊ីស្ទើរ ម៉ាថា វិល្លាមស៍ ។ សូម​ស្ដាប់​ការសន្ទនា​ដ៏​ខ្លី​នេះ​រវាង​ខ្ញុំ និង​ប្រធាន ឌីអាស ។

[ វីដេអូ​ចាប់ផ្ដើម ]

អែលឌើរ អាន់ឌើរសិន ៖ ថ្ងៃនេះ ខ្ញុំ​នៅ​ទីនេះ​ជាមួយ​នឹង​ប្រធាន អេនឌី ឌីអាស ជា​ប្រធាន​ស្ដេក​រីវើរសាយ សលត៍ លេក ។ ប្រធាន ឌីអាស និង​ខ្ញុំ​មាន​អ្វីមួយ​ដូចគ្នា ហើយ​នោះ​គឺ​ថា ភរិយា​របស់​ខ្ញុំ ខេធី បាន​រៀន​នៅ​ថ្នាក់​សិក្ខាសាលា​របស់​គាត់​ជាង ៥០ ឆ្នាំ​មុន ហើយ​លើសពី​នោះ​ទៅ​ទៀត គ្រូបង្រៀន​របស់​ពួកគាត់​គឺជា​ម្តាយ​របស់ ខេធី ស៊ីស្ទើរ ម៉ាថា វិល្លាមស៍ ។ គាត់​គឺជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ។ ប្រាកដ​ណាស់ ខ្ញុំ​ស្គាល់​គាត់​យ៉ាង​ច្បាស់ ។ តាំងពី​ពេល​នោះ​មក គាត់​បាន​លា​ចាក​លោក​នេះ ។ ប៉ុន្តែ​ខ្ញុំ​ចង់​ទទួល​បាន​អារម្មណ៍​ខ្លះ​នៅ​ត្រង់​នេះ​អំពី​ស៊ីស្ទើរ ម៉ាថា វិល្លាមស៍ ជាង ៥០ ឆ្នាំ​ក្រោយមក ពី​បុរស​ម្នាក់​ដែល​ឥឡូវ​នេះ​ជា​ប្រធាន​ស្តេក​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅពេល​គាត់​មាន​អាយុ ១៣ ឆ្នាំ ហើយ​បន្ទាប់​មក បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​មួយ​ឆ្នាំ​ក្រោយមក ។ ប្រធាន ឌីអាស សូម​ប្រាប់​យើង​ពី​អារម្មណ៍​ទាំងស្រុង​អំពី​ស្ដ្រី​រូប​នេះ ដែល​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​លោក ។

ប្រធាន អេនឌី ឌីអាស ៖ គាត់​ប្រហែល​ជា​ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​ស្ត្រី​បី​រូប ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​ខ្ញុំ—ម្តាយ​ខ្ញុំ ភរិយា​ខ្ញុំ និង​ស៊ីស្ទើរ វិល្លាមស៍។

អែលឌើរ អាន់ឌើរសិន ៖តើ​លោក​មិន​និយាយ​ពន្លើស​រឿង​នេះ​ទេ​ឬ ?

ប្រធាន ឌីអាស ៖ខ្ញុំ​មិន​និយាយ​ពន្លើស​ទេ ។

អែលឌើរ អាន់ឌើរសិន ៖ តើ​គាត់​អាច​សំខាន់​ខ្លាំង​ចំពោះ​លោក​យ៉ាងម៉េច​ទៅ ?

ប្រធាន ឌីអាស ៖ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន ហើយ​រៀន​ដំណឹងល្អ ពីព្រោះ​ខ្ញុំ​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៅ​អាយុ ១៣ ឆ្នាំ ហើយ​បន្ទាប់​មក នៅ​អាយុ ១៤ ឆ្នាំ ខ្ញុំ​ចាប់ផ្ដើម​ចូល​រៀន​ថ្នាក់​សិក្ខាសាលា ។ ហើយ​គាត់​គឺជា​មនុស្ស​ម្នាក់​ដ៏​សំខាន់ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​ដំណឹងល្អ ។ កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ការងារ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទៅ​ធ្វើការ​នៅ​ម៉ោង​ពីរ​ព្រឹក ហើយ​បន្ទាប់ពី​ខ្ញុំ​ចេញពី​ធ្វើការ ខ្ញុំ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម​នោះ​តែម្ដង​នៅ​ម៉ោង​ប្រាំមួយ​ព្រឹក ព្រោះ​ខ្ញុំ​មិន​ចង់​ខកខាន​ថ្នាក់​នេះ​ទេ វា​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ។ ហើយ​គាត់​បាន​ត្រៀម​អារម្មណ៍ « តោះ ចាប់ផ្ដើម​មាន​បទពិសោធន៍​ខាង​វិញ្ញាណ » ជាស្រេច ហើយ​ខ្ញុំ​ចង់​បាន​បទពិសោធន៍​ខាង​វិញ្ញាណ​ទាំងនោះ ។

អែលឌើរ អាន់ឌើរសិន ៖តើ​គាត់​បន្ដ​បង្រៀន​ភាពបរិសុទ្ធ​នៃ​ដំណឹងល្អ និង​ធ្វើឲ្យ​ដំណឹងល្អ​មាន​ភាពសាមញ្ញ ឬក៏​គាត់—ខ្ញុំ​ចាំ​ថា ៥០ ឆ្នាំ​មុន​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​ខ្លះ យើង​បាន​ស្វែងយល់​ពី​អ្វី​ដែល​យើង​មិន​ដឹង​សោះ​តែ​ម្ដង ។

ប្រធាន ឌីអាស ៖ គាត់​ពិតជា​បាន​បង្រៀន​ខ្ញុំ​នូវ​គោលលទ្ធិ​ដ៏បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ ។ គាត់​បាន​និយាយ​អំពី​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត និង​អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​យើង​ដែល​គង់នៅ​ស្ថានសួគ៌​វិញ ដោយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

អែលឌើរ អាន់ឌើរសិន ៖ តើ​គាត់​បាន​ជួយ​លោក​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​លោក​ទៅលើ​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បន្ដ​មាន​ពេញ​មួយ​ជីវិត​របស់​លោក​ដែរ​ឬ​ទេ ?

ប្រធាន ឌីអាស ៖ បាទ គាត់​បាន​ជួយ ។ ព្រោះ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​យើង​ដែល​គង់នៅ​ស្ថានសួគ៌ និង​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​មក​ពី​គាត់ ។ និង​អ្វីៗ​ទាំងអស់​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ដែល​គាត់​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​បាន និង​គោលលទ្ធិ​ទាំងឡាយ​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន ។ គាត់​មាន​ទីបន្ទាល់ ហើយ​គាត់​បាន​ថ្លែង—ខ្ញុំ​មិន​ដែល​ឃើញ​គាត់​បញ្ចប់​មេរៀន​ដោយ​មិន​បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​អំពី​ដំណឹងល្អ​នៃ​ព្រះអង្គ​សង្រ្គោះ និង​អំពី​អ្វី​ដែល​គាត់​បាន​បង្រៀន​សម្រាប់​ថ្ងៃ​នោះ​ទេ វា​ពិត​ជា​សំខាន់​ណាស់ ។ ហើយ​គាត់​ជា​មនុស្ស​ដែល​ពេញ​ដោយ​ថាមពល គាត់​នឹង​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ពេញ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ដំណឹងល្អ ដូច​គាត់​ដែរ ។ ហើយ​ពេល​ខ្ញុំ​មើល​ទៅ​គាត់ ខ្ញុំ​បាន​ព្យាយាម​ធ្វើតាម​អ្វី​ដែល​គាត់​បាន​ធ្វើ ។

អែលឌើរ អាន់ឌើរសិន ៖ មែនហើយ ពេល​លោក​ក្រឡេក​មើល​ទៅ​អតីតកាល បើ​លោក​អាច​និយាយ​អ្វីមួយ​ទៅកាន់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន—ទៅកាន់​នរណាម្នាក់​ដូចជា​លោក ដែល​ជា​មនុស្ស​ថ្មី​នៅក្នុង​សាសនាចក្រ ដែល​ទើប​នឹង​ចូល—តើ​លោក​នឹង​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ទៅ ប្រធាន ឌីអាស ?

ប្រធាន ឌីអាស ៖ ចូរ​ស្រឡាញ់​សិស្ស​របស់​បងប្អូន ។ សូម​ឲ្យ​ពួកគេ​ដឹង​ថា បងប្អូន​ស្រឡាញ់​ព្រះវរបិតា​សួគ៌ ហើយ​ថា​ព្រះវរបិតា​សួគ៌​ស្រឡាញ់​ពួកគេ ។ ថា​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ពួកគេ ។ ហើយ​ថា បើ​បងប្អូន​នឹង​ដើរតាម​ព្រះ និង​ព្យាការី​របស់​ទ្រង់ នោះ​បងប្អូន​នឹង​អាច​ត្រឡប់​ទៅ​វិញ​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​យើង​ម្ដងទៀត ។

អែលឌើរ អាន់ឌើរសិន ៖ បាទ ខ្ញុំ​ប្រាកដ​ចិត្ត​ថា ឪពុក​ម្តាយ​លោក​នឹង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​លោក ។ ហើយ​ខ្ញុំ​ដឹង​ថា ស៊ីស្ទើរ វិល្លាមស៍ ដែល​បាន​បញ្ចប់​ជីវិត​រមែង​ស្លាប់​នេះ ២៥ ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ នឹង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​លោក​ដែរ ។

ប្រធាន ឌីអាស ៖ បាទ ខ្ញុំ​រីករាយ​ណាស់​ដែល​ឮ​ដូច្នេះ ។

អែលឌើរ អាន់ឌើរសិន ៖ ល្អណាស់ សូម​អរគុណ​ច្រើន ។ ហើយ​សូម​អរគុណ​ដែល​បាន​ចែកចាយ​រឿង​ទាំងនេះ​ជាមួយ​យើង ។

ប្រធាន ឌីអាស ៖ ដោយ​ក្ដី​រីករាយ ។

[ វីដេអូ​ចប់ ]

អែលឌើរ អាន់ឌើរសិន ៖ បងប្រុស និង​បងស្រី ឌីអាស មាន​វត្តមាន​ជាមួយ​យើង​នា​រាត្រី​នេះ ។ បងប្រុស និង​បងស្រី ឌីអាស តើ​បងទាំងពីរ​អាច​ក្រោកឈរ​បាន​ទេ ដើម្បី​ពួកយើង​អាច​ស្គាល់ ។ សូម​អរគុណ​ច្រើន ។

ប្រធាន ឌីអាស គឺជា​តំណាង​នៃ​ឥទ្ធិពល​ដែល​បងប្អូន​កំពុង​មាន ហើយ​នឹង​បន្ត​មាន​ទៅលើ​ជំនាន់​កំពុង​ពេញវ័យ​នេះ ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះប្រោសលោះ និង​របៀប​ដែល​បងប្អូន​លើក​ទ្រង់​ជា​ពន្លឺ​នៅក្នុង​អ្វីៗ​ទាំងអស់ ដែល​បងប្អូន​និយាយ និង​ធ្វើ ។

ដោយ​មាន​ការបម្រើ​ដ៏ជា​គំរូ​របស់​បងប្អូន​រួច​ហើយ ការអធិស្ឋាន​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​ថា ខ្ញុំ​អាច​ចែកចាយ​នូវ​ការយល់ដឹង​មួយ ឬ​ពីរ​ដែល​នឹង​លើកស្ទួយ​បងប្អូន​ខាង​វិញ្ញាណ ហើយ​តាម​របៀប​ដ៏​តូចតាច​បំផុត វា​នឹង​ជួយ​បងប្អូន​ពង្រឹង​ការបម្រើ​ដ៏​សុចរិត​ដែល​បងប្អូន​កំពុង​ធ្វើ​នេះ ។

នេះ​គឺ​ជា​គំនិត​ពិចារណា​ទីមួយ​សម្រាប់​បងប្អូន ៖ ចូរ​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ឲ្យបាន​កាន់តែ​ញឹកញាប់ និង​មាន​អានុភាព​ជាងមុន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​គិត​អំពី​របៀប​ដែល​ប្រសាសន៍​ទាំងនេះ​ពី​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​សន្និសីទ​ទូទៅ​កាលពី ខែ មេសា កន្លង​ទៅ​នេះ គឺ​ទាន់​ពេលវេលា​សម្រាប់​សិស្ស​ដែល​បងប្អូន​បង្រៀន ៖ « មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវបាន​រកឃើញ​នៅក្នុង​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ ! »

នៅពេល​ខ្ញុំ​ត្រូវបាន​ហៅ​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​កាល​ពី ៣០ ឆ្នាំ​កន្លង​ទៅ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ មជ្ឈិមវ័យ​ជាតិ​អាមេរិក​ប្រាំបួន​នាក់​ក្នុង​ចំណោម​ដប់​នាក់​គឺ​ជា​គ្រិស្ដបរិស័ទ ។ យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ឥឡូវ​នេះ គ្រិស្ដបរិស័ទ​នៅ​សហរដ្ឋ​អាមេរិក​មាន ៦៤ ភាគរយ​នៃ​ប្រជាជន ហើយ​នឹង​ទំនង​ជា​ធ្លាក់​ចុះក្រោម ៥០ ភាគរយ​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ទៀត ។ ប្រជាជាតិ​ផ្សេងទៀត​បាន​ប្រឈម​មុខ ឬ​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​សេចក្ដី​ជំនឿ​ស្រដៀង​គ្នា​នេះ ។

ជា​ការពិត​ណាស់ មិន​មែន​បងប្អូន​ទាំងអស់​ដែល​ចូលរួម​នៅ​ថ្ងៃនេះ​មកពី​ប្រទេស​ដែល​គ្រិស្ដសាសនា​គឺជា​សាសនា​រដ្ឋ​នោះ​ទេ ហើយ​បងប្អូន​ជាច្រើន​មកពី​តំបន់​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅតែ​បន្ដ​រឹងមាំ ។ ប៉ុន្តែ​មិន​ថា​យើង​រស់នៅ​ទីណា​នោះ​ទេ យើង​ដឹង​ថា ផ្លូវ​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ចាប់ផ្ដើម​ដោយ​ការប្រែចិត្ត​ជឿ​ដ៏​ជ្រាលជ្រៅ និង​តាំង​ចិត្ត​ទៅកាន់​ព្រះអង្គ​សង្រ្គោះ​របស់​យើង ដោយ​មាន​គារវភាព​ចំពោះ​ព្រះជន្ម និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។

« ថូម៉ាស ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ … ធ្វើ​ដូចម្ដេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន ? ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

នៅក្នុង​សារលិខិត​បើក​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន គណៈប្រធាន​ទីមួយ​បាន​សរសេរ​ថា ៖ « ក្មួយៗ​ពិតជា​ស្ថិត​ក្នុង​ចំណោម​វិញ្ញាណ​ជម្រើស​របស់​ព្រះវរបិតា​សួគ៌ ដែល​បាន​បញ្ជូន​មក​ផែនដី​នៅពេល​នេះ ដើម្បី​ធ្វើ​កិច្ចការ​សំខាន់ៗ ។ … សូម​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​គឺជា ‹ កម្លាំង​នៃ​យុវជន › » ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​អគារ​ថ្នាក់​សិក្ខាសាលា​របស់​ចៅៗ​ខ្ញុំ ។ ខ្ញុំ​ចាប់​អារម្មណ៍​ដែល​ឃើញ​មាន​រូបភាព​ព្រះអង្គ​សង្រ្គោះ​ជាច្រើន និង​ព្រះបន្ទូល​របស់​ទ្រង់​ផ្ទាល់ និង​បទគម្ពីរ​ផ្សេងទៀត​ព្យួរ​នៅលើ​ជញ្ជាំង ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

បងប្រុស ឆាត វិប បាន​បង្រៀន​គោលការណ៍​នេះ ៖ « របៀប​ដ៏​សំខាន់​បំផុត​តែមួយ​គត់​ដែល​យើង​អាច​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​ជំនាន់​ដែល​កំពុង​ពេញវ័យ​គឺ ត្រូវ​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​កណ្ដាល​នៃ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង​ឲ្យ​កាន់តែ​ពេញលេញ » ។

តើ​យើង​មិន​ទទួល​បាន​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​មកពី​សន្និសីទ​ទូទៅ ខែ មេសា ទេ​ឬ​អី នៅពេល​ប្រធាន ដាល្លិន អេក អូក បាន​ដកស្រង់​ពាក្យសម្ដី​របស់​នីហ្វៃ​ថា « សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់ [ ដែល ] អ្នក​ត្រូវ​ធ្វើ »រួចហើយ​បន្ដ​សារលិខិត​ដ៏មាន​អានុភាព​របស់​លោក​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ចែកចាយ « ការជ្រើសរើស​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​យើង—អ្វី​ដែល​ទ្រង់ បាន​មាន​បន្ទូលទាំង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្រះគម្ពីរ​មរមន ។ ប្រធាន អូក បាន​បញ្ចប់​ដោយ​ការប្រកាស​នៃ​ព្យាការី​ដ៏​សាមញ្ញ​នេះ​ថា ៖ « ខ្ញុំ​សូម​អះអាង​ពី​សេចក្ដីពិត​នៃ​ការបង្រៀន​ទាំងនេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន » ។

មាន​ព្រះចេស្ដា​ដ៏ខ្លាំងក្លា​នៅក្នុង​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

« ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ។

« ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ » ។

« មើលចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។… យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ។១០

បើ​បងប្អូន​ធ្លាប់​ឆ្ងល់​ថា​តើ​ត្រូវ​និយាយ​អ្វី សូម​ថ្លែង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​និយាយ​អំពី​បទពិសោធន៍​របស់​ទ្រង់ និយាយ​អំពី​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ និយាយ​ពាក្យ​សម្ដី​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

នៅពេល​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ក្នុង​ចិត្ត​នៃ​សិស្ស​វ័យក្មេង​របស់​យើង​អំពី​សេចក្ដីពិត​នៃ​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ដែល​មាន​អំណាច​ដ៏ខ្លាំង និង​នៅ​យូរ​អង្វែង​ជាង​អំណាច​នៃ​ការបង្រៀន​របស់​យើង​ផ្ទាល់ ។

សូម​យើង​ពិចារណា​ដោយ​រាបសា​ថា តើ​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​គួរតែ​ធ្វើ​ក្នុង​ការបង្រៀន និង​ការថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ គោលលទ្ធិ​របស់​ទ្រង់ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់​ស្ដីពី​ការព្យាបាល និង​ការរីក​ចម្រើន ដូច​ដែល​ប្រធាន ណិលសុន បាន​សុំ​មក​ដែរ​ឬទេ ។

ពីព្រោះ​លំនាំ​បង្រៀន​របស់​យើង​ពី​អតីតកាល​ប្រហែល​ជា​មិន​គ្រប់គ្រាន់​សម្រាប់​សព្វ​ថ្ងៃនេះ និង​អ្វី​ដែល​នឹង​កើតឡើង​នៅពេល​អនាគត​នោះ​ទេ ចូរ​យើង​ពង្រីក​ការយល់ដឹង​របស់​យើង​ផ្ទាល់ ហើយ​ដូច​ដែល​ប្រធាន ណិលសុន បាន​ផ្តល់​ដំបូន្មាន​មក « ចូរ​រៀន​បន្ថែម​ទៀត » ដោយ​ខ្លួនយើង ហើយ​លើក​ទឹកចិត្ត​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ឲ្យ « រៀន​បន្ថែម​ទៀត » អំពី « ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។១១

ឥឡូវ​នេះ គំនិត​ពិចារណា​ទី​ពីរ​របស់​ខ្ញុំ ៖ ចូរ​យើង​រក្សា​គោលលទ្ធិ​ឲ្យបាន​បរិសុទ្ធ និង​សាមញ្ញ ។

អ្វី​ដែល​យើង​ពិតជា​ដឹង​អំពី​ព្រះវរបិតា​សួគ៌​របស់​យើង ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​យើង ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា គោលការណ៍​នៃ​សេចក្តីជំនឿ និង ការប្រែចិត្ត និង​ពិធីបរិសុទ្ធ​ទាំងឡាយ—យើង​ដឹង​អ្វីៗ​ទាំងអស់​នេះ—សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​មាន​ព្រះបញ្ញត្តិ សេចក្ដី​សញ្ញា ការគោរព​ប្រតិបត្តិ និង​ការកាន់ខ្ជាប់ ព្រមទាំង​ពរជ័យ​ដែល​បាន​សន្យា​របស់​យើង​ហួសពី​ពិភព​រមែង​ស្លាប់​នេះ—អ្វីៗ​ទាំងអស់​នេះ​គឺ​ច្បាស់​ខ្លាំង​ណាស់ យើង​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​ទៅ « ហួស​ទីដៅ »១២ដូច​ដែល​ព្រះគម្ពីរ​បង្រៀន​ឡើយ ។

យើង​ផ្ដោត​ការបង្រៀន​របស់​យើង​ទៅលើ​ព្រះវរបិតា​សួគ៌​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​របស់​ទ្រង់ ដើម្បី​ជួយ​យុវវ័យ​របស់​យើង​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​លើ​ទ្រង់​ទាំងទ្វេ ប្រែចិត្ត​ជឿ​លើ​ទ្រង់​ទាំងទ្វេ ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​ទាំង​ទ្វេ ។

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​មាន​នៅក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួក​ព្យាការី ព្រោះ​ពួកលោក​ទទួល​ខុសត្រូវ​លើ​ការប្រាប់​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​ដោយ​ពួកព្យាការី មាន​នូវ​គោលការណ៍​នៃ​សាក្សី​ជាច្រើន ជា​គោលការណ៍​មួយ​ដែល​បងប្អូន​បាន​ស្ដាប់ឮ​ជាញឹកញាប់​នៅក្នុង​សន្និសីទ​ទូទៅ និង​ជា​គោលការណ៍​ដែល​ខ្ញុំ​បាន​ចែកចាយ​ជាង ១០ ឆ្នាំ​មុន ៖ « បញ្ហា​មួយ​ចំនួន​បាន​មន្ទិល​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ឃើញ​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​ធ្វើ​ដោយ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ជាច្រើន​ទសវត្សរ៍​កន្លង​ទៅ ដែល​មើលទៅ​ហាក់​ដូចជា​ខុសគ្នា​នឹង​គោលលទ្ធិ​របស់​យើង ។ មាន​គោលការណ៍​ដ៏​សំខាន់​មួយ​ដែល​គ្រប់គ្រង​គោលលទ្ធិ​នៃ​សាសនាចក្រ​នេះ ។ គោលលទ្ធិ​នេះ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​ទាំង ១៥ រូប​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ វា​មិន​បាន​លាក់​ទុក​នៅក្នុង​កថាខណ្ឌ​មិន​ច្បាស់​នៃ​ការនិយាយ​មួយ​នោះ​ទេ ។ គោលការណ៍​ដ៏​ពិត​ត្រូវបាន​បង្រៀន​ជាញឹកញាប់ ហើយ​ដោយ​មនុស្ស​ជាច្រើន ។ គោលលទ្ធិ​របស់​យើង​មិន​ពិបាក​រក​នោះ​ទេ » ។១៣

តើ​បងប្អូន​អាច​ឃើញ​សារៈសំខាន់​នៃ​ការលើកឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ពី​ការបង្រៀន​របស់​ពួក​ព្យាការី និង​សាវក​នៅបក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន​ដែរ​ឬ​ទេ ? ការដឹកនាំ​ទាំងឡាយ​របស់​ព្រះអម្ចាស់​សម្រាប់​សំណួរ និង​កង្វល់​នៅក្នុង​ពិភពលោក​សម័យ​ទំនើប​របស់​យើង មាន​មកពី​អ្នក​ដែល​ត្រូវបាន​តែងតាំង​ដោយ​សិទ្ធិ​អំណាច​នៃ​សាវក ។ បើ​ទំនុកចិត្ត​ទៅលើ​ពួក​ព្យាការី និង​សាវក​ធ្លាក់ចុះ នោះ​ការបង្វែរ​អារម្មណ៍ ការដឹកនាំ​ខុស និង​ទស្សនវិជ្ជា​នៃ​ពិភពលោក​នេះ អាច​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​វង្វេង​ចេញពី​គ្រឹះ​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​បាន ។ សូម​ទន្ទឹង​រង់ចាំ​ស្ដាប់​សន្និសីទ​ទូទៅ​យ៉ាង​អន្ទះសា ហើយ​ពិភាក្សា​ពី​ការបង្រៀន​ដ៏​សំខាន់​ទាំងនេះ​បន្ទាប់​ពី​នោះ ។ សូម​កំណត់​ឲ្យបាន​ច្បាស់​ពី​តួនាទី​ដ៏ពិសិដ្ឋ​នៃ​អ្នក​ដែល​បាន​ចាក់ប្រេង​តាំង​របស់​ព្រះអម្ចាស់ ។ កាល​ពិភពលោក​នេះ​ដាច់​ទៅ​កាន់តែ​ឆ្ងាយ​ពី​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​តួនាទី​របស់​ពួក​សាវក​នឹង​កាន់តែ​សំខាន់​ខ្លាំង​ឡើង ។

ក្នុង​ការរក្សា​គោលលទ្ធិ​របស់​ព្រះអម្ចាស់​ឲ្យបាន​បរិសុទ្ធ និង​អាច​យល់​បាន សូម​ប្រុង​ប្រយ័ត្ន​ដើម្បី​នៅក្នុង​ព្រំដែន​ដែល​ព្រះ​បាន​បង្កើត​ឡើង​ជានិច្ច ដោយ​ចៀសវាង​ពី​កំហុស​ដែល​កើតឡើង​តាមរយៈ​ការប៉ាន់ស្មាន និង​គំនិត​ផ្ទាល់ខ្លួន​ដែល​មិនមែន​ជា​គោលលទ្ធិ ។ គំនិត​បែប​នេះ​អាច​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​មិន​មាន​កម្លាំង​នៃ​សេចក្ដីពិត​ដែល​ពង្រឹង​សេចក្ដី​ជំនឿ​នោះ​ទេ ។

ខ្ញុំ​ចូលចិត្ត​មេរៀន​ដែល​ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​កូនប្រុស​របស់​លោក នៅពេល​កូនប្រុស​របស់​លោក​បាន​សួរ​សំណួរ​មួយ ដែល​មិន​បាន​ពន្យល់​ច្បាស់​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ចម្លើយ​របស់​លោក ៖ « កូនប្រុស ប៉ា​មិន​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នោះ​ទេ ប៉ុន្ដែ​ប៉ា​ចង់​ឆ្លើយ​សំណួរ​មួយ ដែល​ប៉ា​ដឹង​ចម្លើយ » ។ បន្ទាប់​មក លោក​បាន​ថ្លែង​សាក្សី​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ការនិមិត្ត​ដំបូង ។ សូម​យើង​ស្ម័គ្រចិត្ត​និយាយ​ថា « ខ្ញុំ​មិន​ដឹង​អំពី​រឿង​នោះ​ទេ ប៉ុន្ដែ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ពិតជា​ដឹង » ។

សូម​ពិចារណា​សំណួរ និង​ចម្លើយ​ទាំងនេះ ៖

« បងប្រុស ចូនស៍ តើ​មាន​ទំនាក់ទំនង​អ្វី​រវាង​ទ្រឹស្ដី Big Bang និង​អ័ដាម និង​អេវ៉ា ? » « ខ្ញុំ​មិន​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​អ្វី​ដែល​យើង​ពិតជា​ដឹង​អំពី​អ័ដាម និង​អេវ៉ា » ។

« បងស្រី ហ្គុងសាឡេស៍ ហេតុអ្វី​យើង​មិន​ដឹង​អ្វី​ទៀត​អំពី​ព្រះមាតា​របស់​យើង​នៅ​ស្ថានសួគ៌ ? » « ខ្ញុំ​មិន​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា ប្អូន​គឺជា ‹ បុត្រី​សំណព្វ​របស់​ព្រះបិតា​មាតា​សួគ៌​ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច ›១៤

សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្វែរ​សំណួរ​ល្អៗ ប៉ុន្តែ​ជា​សំណួរ​ដែល​ល្បួង​ឲ្យមាន​ការប៉ាន់ស្មាន ទៅជា​ចម្លើយ​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​នេះ​ជា​ឧបសគ្គ​មួយ​សម្រាប់​បងប្អូន ។ សូម​ជួយ​បណ្ដុះ​ការយល់ដឹង​នេះ​ដល់​សិស្ស​របស់​បងប្អូន​ថា សំណួរ​ទាំងអស់​មិន​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ស្មើគ្នា​ទេ ។ ការយល់ដឹង និង​ភាពចាស់​ទុំ​ខាង​វិញ្ញាណ​ជួយ​បែងចែក​សំណួរ​សំខាន់ៗ​ពី​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

ដោយ​មាន​ភាពត្រឹមត្រូវ ភាពច្បាស់លាស់ និង​ភាពសាមញ្ញ យើង​អញ្ជើញ​សាក្សី​ដែល​បញ្ជាក់​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « កាលណា​ព្រះដ៏​ជា​ជំនួយ​ទ្រង់​យាង​មក … គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត … ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ។១៥

ព្រិកហាំ យ៉ង់ បាន​រៀបរាប់​ពី​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ តាម​របៀប​នេះ ៖ « លោក​បាន​យក​ស្ថានសួគ៌ និយាយ​តាម​ន័យ​ធៀប ហើយ​នាំ​ស្ថានសួគ៌​ចុះមក​ផែនដី ហើយ​លោក​បាន​យក​ផែនដី​នេះ ឡើង​ទៅ​លើ ហើយ​បើក​កិច្ចការ​នៃ​ព្រះ​ឡើង​ឲ្យ​ងាយយល់ និង​មាន​ភាពសាមញ្ញ » ។១៦

សូម​ប្រុង​ប្រយ័ត្ន​ថា ដំណើររឿង និង​រឿងរ៉ាវ​ដែល​បងប្អូន​ស្ដាប់​ឮ គឺ​មិន​ត្រូវបាន​បន្ថែម​បន្ថយ​ទេ ។ សូម​ព្យាយាម​ធានា​ថា ព្រះគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ដែល​បងប្អូន​កំពុង​ដកស្រង់ គឺ​ស្ថិត​នៅក្នុង​បរិបទ​ដែល​វា​មាន​បំណង​ចង់​ប្រាប់ ។

វា​ងាយស្រួល​ក្នុង​ការទោរទន់​ទៅរក​អ្វីមួយ​ថ្មី ឬ​គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ហួសពី​កម្រិត​នៃ​ការយល់ដឹង​របស់​យើង ។ សូម​បន្ដ​នៅក្នុង​ទីសុវត្ថិភាព​នៃ​គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​សាមញ្ញ ។

សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្រើស​របស់​បងប្អូន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ រឿងរ៉ាវ​ផ្ទាល់ខ្លួន និង​មេរៀន​ដែល​ប្រើ​កម្មវត្ថុ ។ បើ​ប្រើ​ដោយ​ប្រសិទ្ធភាព វា​បន្ថែម​ចំណាប់​អារម្មណ៍ និង​ភាពស៊ី​ជម្រៅ ។ បើ​សង្កត់​ធ្ងន់​ហួស​កម្រិត វា​អាច​បង្វែរ​ចេញពី​ការបង្រៀន​របស់​បងប្អូន​បាន ។ វិធីសាស្ត្រ​នេះ​អាច​បាំង​សារលិខិត​ពិត​បាន ។

ព្យាការី​អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា ដំណឹង​ដ៏រីករាយ​នៃ​ដំណឹងល្អ​គឺ « បាន​មកឲ្យ​យើង​ដឹង​ដោយ​ពាក្យ​ដ៏ច្បាស់លាស់ ដើម្បី​ឲ្យ​យើង​អាច​យល់ ដើម្បី​កុំឲ្យ​យើង​អាច​ភាន់​ច្រឡំ​បាន​ឡើយ » ។១៧

« ឯ​ត្រែ​ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុងប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន ? »១៨

សូម​គិត​អំពី​របៀប​ដែល​ព្រះគម្ពីរ​ទាំងនេះ​មាន​ភាពច្បាស់លាស់​យ៉ាងខ្លាំង ៖

« ចូរ​មក​ឯ​ខ្ញុំ » ។១៩

« បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួនឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន [ រាល់ថ្ងៃ ] មក​តាម​ខ្ញុំ​ចុះ » ។២០

« ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​ការរំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ » ។២១

« ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។២២

« នេះ​ជា​សេចក្តី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ » ។២៣

នៅក្នុង​ទេសនកថា​ដ៏មាន​អានុភាព​របស់​លោក « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « [ ព្រះវរបិតា​សួគ៌ ] ទ្រង់​ទំនាក់ទំនង​ដោយ​សាមញ្ញ ស្ងប់ស្ងាត់ និង​ច្បាស់លាស់ ដែល​យើង​មិន​អាច​យល់​ខុស​អំពី​ទ្រង់ » ។២៤

ច្បាស់ ត្រឹមត្រូវ និង​សាមញ្ញ​គឺជា​របៀប​ដ៏ទេវភាព​នៃ​ការបង្រៀន ។

សូម​មាន​ប្រាជ្ញា ពេល​បងប្អូន​ធ្វើឲ្យ​មាន​តុល្យភាព​លើ​គោលលទ្ធិ​ដែល​បងប្អូន​បង្រៀន ។ សូម​ផ្ដល់​ទម្ងន់​សមរម្យ​ទៅលើ​ចំណុច​មួយ​នៃ​គោលលទ្ធិ​នៅក្នុង​បរិបទ​នៃ​សេចក្ដីពិត​ដែល​ទាក់ទង​ផ្សេងទៀត ។ សូម​ចងចាំ​ពី​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការបង្រៀន​ព្រះបញ្ញត្តិ​ថា ៖ « គួរតែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការទាំងនេះ ហើយ​ការឯទៀត​នោះ​ក៏​មិន​ត្រូវ​ចោល​ផង » ។២៥

អែលឌើរ នែល អិល ម៉ាកស្វែល បាន​ពន្យល់​ថា « គោលការណ៍​នៃ​ដំណឹងល្អ​ត្រូវបាន​ត្បាញ​ចូលគ្នា​នៅក្នុង​ក្រណាត់​មួយ ដែល​ធ្វើឲ្យ​វា​ត្រូវ​គ្នា និង​មាន​តុល្យភាព​ជាមួយ​គ្នា » ។២៦

សូម​គិត​អំពី​រឿង​នេះ ៖ សេចក្ដី​ស្រឡាញ់ និង​ក្រឹត្យវិន័យ​របស់​ព្រះ ការអភ័យ​ទោស និង​ការប្រែចិត្ត ស្រឡាញ់​អ្នក​ដទៃ សិទ្ធិ​ជ្រើសរើស និង​ការទទួល​ខុសត្រូវ ។

ដូច​ដែល​បាន​និយាយ​ច្រើន​ដង​ហើយ សូម​កុំ​បង្រៀន​ដើម្បី​ឲ្យ​បាន​ត្រឹមតែ​យល់​ឡើយ តែ​ត្រូវ​បង្រៀន​ដើម្បី​កុំឲ្យ​បងប្អូន​យល់ខុស​ផងដែរ ។

ទីបំផុត ដូច​ដែល​យើង​ទាំងអស់​គ្នា​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​ចែកចាយ​នៅក្នុង​បរិយាកាស​មួយ​ដែល​ស្វាគមន៍ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ព្រះវិញ្ញាណ ។ យើង​មិន​អាច​បង្ខំ​ឲ្យមាន​ព្រះវិញ្ញាណ​បាន​ទេ ។ យើង​អធិស្ឋាន​សូម ហើយ​យើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ ប៉ុន្តែ​យើង​មិន​ព្យាយាម​ប្រឌិត​បទពិសោធន៍​ខាង​វិញ្ញាណ​ទេ ។

ជាង ៣០ ឆ្នាំ​មុន ប្រធាន ដាល្លិន អេក អូក បាន​ប្រាប់​ខ្ញុំ​ពី​បទពិសោធន៍​ជាមួយ​កូនស្រី​របស់​លោក ឈ្មោះ ជេននី ដែល​កាលនោះ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ។ នេះ​ជា​ពាក្យ​សម្តី​របស់​លោក ៖ « ជេននី បាន​ចូល​រៀន​ថ្នាក់​យុវនារី ឬ​ចូលរួម​សកម្មភាព​យុវនារី​មួយ កាល​នាង​នៅ​វ័យ​ជំទង់ ។ ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​សួរ​នាង​ថា តើ​ការជួបជុំ​នោះ​យ៉ាង​ម៉េច​ដែរ ដូច​ដែល​ឪពុក​ម្ដាយ​គ្រប់រូប​សួរ ។ ជេននី បាន​តប​ថា ‹ មែន​ហើយ គ្រូ​បាន​និយាយ​ថា យប់​នេះ យើង​នឹង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ។ បើ​គ្រប់​គ្នា​កាន់ដៃ​គ្នា​ជា​រង្វង់​មួយ នោះ​យើង​នឹង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ › » ។

ខ្ញុំ​បន្ត​ដកស្រង់​សម្តី​ប្រធាន​អូក ៖ « ខ្ញុំ​បាន​សួរ ជេននី ថា ‹ តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? › ហើយ​នាង​បាន​ឆ្លើយ​ថា ‹ ខ្ញុំ​មាន​អារម្មណ៍​ថា​គគ្រេច​ណាស់ ! › » ( ប្រហែល​សព្វថ្ងៃ ៣០ ឆ្នាំ​ក្រោយ​មក យើង​អាច​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​កខ្វក់ » ។ ខ្ញុំ​មិន​ដឹង​ថា យើង​និយាយ​ពាក្យ​អ្វី​ឲ្យ​ត្រូវ​ទេ ) ។ ប្រធាន អូក បាន​បន្ត​ថា « ខ្ញុំ​តប​ទៅវិញ​ថា ‹ ប៉ា​សប្បាយ​ចិត្ត ព្រោះ​ពេល​ប៉ា​ស្ដាប់ឮ​អ្វីមួយ​ដូច្នេះ ប៉ា​ក៏​មាន​អារម្មណ៍​គគ្រេច​ដែរ › » ។ បន្ទាប់​មក ប្រធាន អូក បាន​និយាយ​ថា « ខ្ញុំ​បាន​បង្រៀន​នាង​ថា បទពិសោធន៍​ខាង​វិញ្ញាណ​មិន​កើតមាន​តាម​ការគ្រោង​ណាត់ជួប​នោះ​ទេ តែ​វា​កើតឡើង នៅពេល​យើង​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ » ។

បងប្អូន​នៅ​ចាំពី​សេចក្ដី​ស្រឡាញ់​ដែល​ប្រធាន ឌីអាស ទទួល​បាន​ពី​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​គាត់ ស៊ីស្ទើរ វិល្លាមស៍ ដែរ​ទេ ? យើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ នៅពេល​យើង​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ដ ភាពទន់ភ្លន់ ភាពស្លូតបូត និង​សេចក្ដី​ជំនឿ ។

បងប្អូន​ទាំងអស់​គ្នា​ស្គាល់​បទគម្ពីរ​នេះ ៖ « អ្នកណា​ដែល​ទទួល​ព្រះបន្ទូល ដោយសារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត នោះ​បាន​ទទួល​ព្រះបន្ទូល ដូចជា​បាន​ផ្សាយ​ព្រះបន្ទូល​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។ … ហេតុដូច្នោះ​ហើយ អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់គ្នា​ទៅវិញ​ទៅមក ហើយ​ទាំងពីរ​នាក់​ត្រូវបានស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ។២៧

ដូច្នេះ ការណ៍​នេះ​មិន​ត្រឹមតែ​ពឹងលើ​បងប្អូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​សិស្ស​នៅក្នុង​ថ្នាក់រៀន​របស់​បងប្អូន​ផងដែរ ។ សិស្ស​របស់​យើង​នឹង​រៀន​ពី​បងប្អូន ថា មាន​តែ​តាមរយៈ​ការគោរព​ប្រតិបត្តិ និង​ការចងចាំ​ទ្រង់​ជានិច្ច​ប៉ុណ្ណោះ ទើប​ពួកគេ​អាច​បន្ដ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​ជាមួយ​ពួកគេ​ជានិច្ច ។

នេះ​គឺជា​ប្រសាសន៍​របស់​ប្រធាន អាវរិង ៖

« គោលលទ្ធិ​បង្កើន​នូវ​អានុភាព​របស់​វា នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់ថា​វា​គឺជា​ការពិត ។ យើង​រៀបចំ​អ្នក​ដែល​យើង​បង្រៀន​បាន​ល្អ​បំផុត និង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ទទួល​បាន​ការបំផុស​គំនិត​ដ៏​ស្ងប់ស្ងាត់​នៃ​សំឡេង​ដ៏តូច​រហៀង ។ ការណ៍​នេះ​ត្រូវការ​យ៉ាង​ហោច​ណាស់​សេចក្ដី​ជំនឿ​ខ្លះ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ត្រូវការ​យ៉ាង​ហោច​ណាស់​ភាពរាបសា​ខ្លះ ឆន្ទៈ​ខ្លះ​ដើម្បី​ចុះចូល​តាម​ព្រះឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង ។ បុគ្គល​ដែល​បងប្អូន​បាន​ជួយ អាច​មាន​ភាពរាបសា និង​ឆន្ទៈ​តិចតួច ប៉ុន្តែ​បងប្អូន​អាច​ជំរុញ​ឲ្យ​ពួកគេ​ចង់​ជឿ​បាន ។ លើស​ពី​នោះ​ទៀត បងប្អូន​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​អំណាច​មួយ​ទៀត​នៃ​គោលលទ្ធិ ។ សេចក្ដីពិត​អាច​រៀបចំ​ផ្លូវ​ខ្លួនវា​បាន ។ ការគ្រាន់តែ​ស្ដាប់​ឮ​ពាក្យ​នៃ​គោលលទ្ធិ​អាច​បណ្ដុះ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​ក្នុង​ចិត្ត​បាន ។ ហើយ​សូម្បីតែ​គ្រាប់ពូជ​ដ៏តូច​មួយ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ក៏​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បាន​ដែរ » ។២៨

ជា​ពាក្យ​ដ៏មាន​ន័យ ។ បងប្អូន​ទាំងអស់​មាន​គារវភាព​ខ្លាំង​ណាស់ ។ សូម​អរគុណ​ច្រើន​ដែល​អនុញ្ញាតឲ្យ​ខ្ញុំ​ចំណាយ​ពេល​នេះ​ជាមួយ​បងប្អូន ។ យើង​ស្រឡាញ់​បងប្អូន ហើយ​យើង​សូម​អរគុណ​ចំពោះ​អ្វី​ទាំងអស់​ដែល​បងប្អូន​ធ្វើ​ដើម្បី​ពង្រឹង​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ​របស់​យើង និង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុងនាមជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ហើយ​ដោយ​សិទ្ធិ​អំណាច​ជា​សាវក​របស់​ខ្ញុំ ខ្ញុំ​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ថា គំនិត និង​ចិត្ត​របស់​បងប្អូន​នឹង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តា​ករុណា ការបង្រៀន និង​គារវភាព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ពលិកម្ម​ដ៏ធួន ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​យើង ។ ខ្ញុំ​ផ្ដល់​ពរជ័យ​ដល់​បងប្អូន បើ​វា​ជា​បំណង​ប្រាថ្នា​របស់​បងប្អូន ថា​សមត្ថភាព​របស់​បងប្អូន​ក្នុង​ការបង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដោយ​ភាពបរិសុទ្ធ និង​ដោយ​អំណាច​នឹង​កើនឡើង ហើយ​ថា​បងប្អូន​នឹង​ឃើញ និង​មាន​អារម្មណ៍​ពី​សាក្សី​ដែល​បញ្ជាក់​នោះ​មកពី​ព្រះវិញ្ញាណ​នៅ​លើ​សិស្ស​ដ៏​ល្អ​របស់​បងប្អូន ។

ខ្ញុំ​ថ្លែង​សាក្សី​ដ៏​ពិតប្រាកដ និង​ជាក់ច្បាស់​របស់​ខ្ញុំ​ដល់​បងប្អូន​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​អំពី​ការសន្យា​របស់​ទ្រង់ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​ដែរ » ។២៩ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។