ការ ផ្សាយ ប្រចាំ ឆ្នាំ
ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ


2:3

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ

ការ​ចាក់ផ្សាយ​អំពី​ការ​បំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​ប្រចាំ​ឆ្នាំ • ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ • មហោស្រព​មជ្ឈមណ្ឌល​សន្និសីទ

ថ្ងៃ​នេះ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​ថ្លែង​ទៅ​កាន់​បង​ប្អូន ។ ខ្ញុំ​សូម​គោរព​ដល់​បងប្អូន​ចំពោះ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​បងប្អូន​ធ្វើ ។ បងប្អូន​កំពុង​ធ្វើ​ការងារ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ​ឲ្យ​រៀន​កាន់តែ​ជ្រៅជ្រះ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយគិត​ដល់​ការងារ​នោះ​ក្នុង​ចិត្ត​ ជា​ហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​និយាយ​នា​ថ្ងៃ​នេះ អំពី​ការបង្រៀន​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដល់​យុវវ័យ​ដ៏​អស្ចារ្យ​ទាំង​នោះ ។

ប្រធាន​ណិលសុន​បាន​ហៅ​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​ក្រោក​ឡើង​ឆ្ពោះ​ទៅ​កាន់​ឯកសិទ្ធិ​ដ៏​អស្ចារ្យ ដែល​ព្រះ​បានប្រទាន​ឲ្យ​យើង ។ នោះ​ជា​ការទទួល​ខុសត្រូវ​របស់​យើង និង​ជំនាន់​ដែល​កំពុងពេញ​វ័យ ។ ខ្ញុំ​ដឹង​ថា យើង​ទាំងអស់​គ្នា​ត្រូវតែ​ធ្វើការ​កាន់តែ​ច្រើន ដើម្បី​ជួយ​យុវវ័យ​ដ៏​មាន​តម្លៃ​ទាំង​នេះ​ឲ្យ​រៀន​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​កាន់តែ​ស៊ីជម្រៅ ។ ពួកគេ​ត្រូវដឹង ហើយ​យល់​ពី​វា​នៅក្នុង​គំនិត និង​ចិត្ត​របស់​ពួកគេ ពួកគេ​ត្រូវ​ស្រឡាញ់ ហើយ​រស់នៅ​តាម​ផែនការ​នេះ ហើយ​ពួកគេ​ត្រូវ​ក្លាយ​ដូច​ជា​អ្វី​ដែល​ព្រះវរបិតា​បាន​តែងតាំង​ពួកគេ​ពី​មុន​លោកិយ​នេះ ។ នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ និង​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​បាន ។ ខ្ញុំ​ដឹង​ថា នោះ​គឺ​ជា​ការពិត ។

ជាច្រើន​ឆ្នាំ​មុន ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អាល្លឺម៉ង់ ។ នៅ​ជំនាន់​នោះ យើង​បាន​ប្រើ​ក្តារ​មួយ​ដែល​មាន​ក្រណាត់​ទន់ៗ ហើយ​កាត់​វា​ចេញ​ជា​រង្វង់​តូចៗ​ដើម្បី​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ រង្វង់​តូចៗ​ទាំង​នោះ​តំណាង​ឲ្យ​ពិភព​មុន​ឆាក​ជីវិត​នេះ ជីវិត​រមែង​ស្លាប់ និង​ពិភពវិញ្ញាណ ព្រមទាំង​នគរ​នៃ​សិរីរុងរឿង​ទាំង​បី ។ តាម​ខ្ញុំ​ចាំ​វាំងនន​នៃ​ការបំភ្លេច​គឺ​ជា​បន្ទាត់​ក្រងិចក្រងុក​ខ្លីៗ ហើយ​ថ្ងៃ​នៃ​ការជំនុំជម្រះ​គឺ​ជា​រូប​ចតុកោណ​មួយ ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឈប់​ប្រើ​ក្តារ​ក្រណាត់​ទន់ៗ​នោះ​ទៀត​ហើយ ប៉ុន្តែ​សូម​ជឿ​ខ្ញុំ​ចុះ​រង្វង់​តូចៗ​នោះ​នៅ​មាន ហើយ​នៅ​ល្អ ។

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​មក​ពី​មេរៀន​ថ្នាក់​សិក្ខាសាលា​ព្រះគម្ពីរ​មរមន​ស្តីពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ឥឡូវ​នេះ ខ្ញុំ​ប្រាកដ​ចិត្ត​ថា ដ្យាក្រាម​នេះ​មាន​ប្រយោជន៍​ដល់​សិស្ស ហើយ​មេរៀន​នេះ​គឺ​ពិត​ជា​ការសង្ខេប​ដ៏​អស្ចារ្យ​អំពី​កត្តា​គន្លឹះ​នៃ​ផែនការ​របស់​ព្រះវរបិតា ។

ទោះ​យ៉ាង​ណា ខ្ញុំ​ខ្វល់​ពី​រង្វង់​ទាំង​នោះ ហើយ​ខ្ញុំ​មាន​ការអញ្ជើញ​ចំនួន​ពីរ​ដល់​បងប្អូន នៅពេល​បងប្អូន​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។

ទី​មួយ សូម​ការពារ​សិស្ស​កុំ​ឲ្យ​គិត​ថា ដ្យាក្រាម​នេះ​គឺ​ជា​ផែនការ ។ ដ្យាក្រាម​នេះ​ពុំមែន​ជា​ផែនការ​ទេ ប៉ុន្តែ​សិស្ស​ងាយ​នឹង​ច្រឡំ​ថា ប្រសិនបើ​ពួកគេ​ដាក់​រង្វង់​នោះ​ត្រឹមត្រូវ នោះ​ពួកគេ​យល់​ពី​ផែនការ​ហើយ ។

ទី​ពីរ សូម​ជួយ​ឲ្យ​ផែនការ​នេះ​កាន់តែ​មាន​អត្ថន័យ​នៅ​ក្នុង​គំនិត និង​ដួងចិត្ត​របស់​គេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ផែនការ​របស់​ព្រះវរបិតា ។ ឥឡូវ ខ្ញុំ​ជឿ​ថា វិធី​ដើម្បី​ធ្វើ​កិច្ចការ​នោះ​គឺ​នាំ​ពួកគេ​ឲ្យ​ចូល​កាន់តែ​ស៊ីជម្រៅ​ក្នុង​ផែនការ​នោះ ។

ក្នុង​ស្មារតី​នេះ ខ្ញុំ​បាន​ជ្រើសរើស​គោលការណ៍​បី​ដើម្បី​គូស​បញ្ជាក់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ដែល​ខ្ញុំ​ជឿ​ថា​នឹង​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ឲ្យ​ស្គាល់ ស្រឡាញ់ និង​រស់នៅតាម​ផែនការ​ដ៏​រុងរឿង​នេះ ។

គោលការណ៍​ទី #១ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្លូវ សេចក្តីពិត និង​ជីវិត

ដូច្នេះ​គោលការណ៍​ទី​មួយ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត ។ ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​គឺ​ជា​ស្នូល​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​អ្វី​គ្រប់​យ៉ាង​ក្នុង​ផែនការ​របស់​ព្រះវរបិតា​អាច​កើត​ឡើង​បាន ។ សូម​ស្តាប់​ពាក្យ​ពេចន៍​របស់​អាលម៉ា កាល​លោក​បាន​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​ពួកយើង ៖ « ហើយ​ទ្រង់​នឹង​យាង​ទៅ ដោយ​រង​ការ​ឈឺចាប់ និង​ទុក្ខវេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង…

ហើយ​ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ…ទ្រង់​នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា…ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ ។…

ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺ​ចាប់ ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ » ។

ខ្ញុំ​ចូលចិត្ត​ខគម្ពីរ​ទាំង​នេះ ។ ពាក្យ​ពេចន៍​ដ៏​អស្ចារ្យ​ត្រង់​ខ​នេះ អាលម៉ា​ថ្លែង​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ នេះ​គឺ​ជា​ដំណើររស់​ឡើង​វិញ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​មនុស្ស​ទាំងអស់ ។ នេះ​គឺជា​ការអភ័យទោស និង​ការប្រោសលោះ​ពី​អំពើ​បាប​សម្រាប់​អស់​អ្នក​ដែល​ប្រែចិត្ត ។ នេះ​គឺជា​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​ព្យាបាល លើក​ស្ទួយ និង​ពង្រឹង​យើង​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ នេះ​គឺជា​អំណាច​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​រំដោះ​យើង​ពី​សេចក្តីស្លាប់ និង​អំពើ​បាប ហើយ​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​ពរជ័យ​នៃ​ការលើក​តម្កើង និង​ជីវិត​អស់កល្ប​ជានិច្ច ។

ខ្ញុំ​ចង់​ឲ្យ​សិស្ស​យើង​ដឹង ហើយ​យល់ថា តើ​ព្រះយេស៊ូវគ្រីស្ទ​ពិតជា​សំខាន់​ខ្លាំង​ប៉ុណ្ណា​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា និង​ចំពោះ​ជីវិត​របស់​ពួកគេ ។ ដោយសារ​តែ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​ពន្លឺ​របស់​ទ្រង់​បំភ្លឺ​ដល់​ការបង្កបង្កើត​ទាំងអស់​របស់​ព្រះ ។ ប្រាកដ​ណាស់ ទ្រង់ « ជា​ពន្លឺ​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់ » ។ ពន្លឺ​នោះ​បាន​ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំងអស់ ហើយ​នាំ​យក « ក្រឹត្យវិន័យ​មួយ ដែល​តាម​រយៈ​ក្រឹត្យវិន័យ​នេះ អ្វី​គ្រប់​យ៉ាងទាំងអស់​ត្រូវបាន​គ្រប់គ្រង » ។ សូម​គិត​ពី​រឿង​នោះ ! អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​សកលលោក​របស់​ព្រះ កាឡាក់ស៊ី​ដ៏​ធំបំផុត​ដែល​មាន​តារា​រាប់​រយពាន់​លាន កម្ទេច​តូចៗ​បំផុត​នៃ​វត្ថុ រូបកាយ​រមែង​ស្លាប់​របស់​យើង វិញ្ញាណ​អមត​របស់​យើង និង​ការរីកចម្រើន​ដ៏​អស់​កល្ប​របស់​យើង​ទាំងអស់​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រឹត្យវិន័យ​ព្រះ តាមរយៈ​សេចក្តីស្រឡាញ់​នៃ​ព្រះវរបិតាសួគ៌​របស់​យើង និង​ដង្វាយធួន​ដ៏​មហស្ចារ្យ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ភាព​សកល​នៅក្នុង​ឥទ្ធិពល​ដែល​វា​មាន ហើយ​វា​មាន​ភាព​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង​ក្រៃលែង ។ ប្រាកដ​ណាស់ សេចក្ដី​ស្រឡាញ់ សេចក្តីមេត្តា​ករុណា និង​អំណាច​របស់​ព្រះអង្គសង្គ្រោះ​យើង​ផ្តល់​ពរ​ដល់​សិស្ស​យើង​គ្រប់​រូប ។ ខគម្ពីរ​បង្រៀន​យើង​ថា ព្រះយេស៊ូវ​បាន​រង​ការឈឺចាប់ ទុក្ខព្រួយ និង​ក្តីលំបាក​គ្រប់​យ៉ាង​ដែល​សិស្ស​យើង​ជួប​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ។ ទ្រង់​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​មនុស្ស​លោក​ទាំងអស់​ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រែចិត្ត ។ ព្រះយេស៊ូវ​ស្គាល់​សិស្ស​របស់​យើង​ម្នាក់ៗ​យ៉ាង​ច្បាស់ និង​ល្អ​ឥតខ្ចោះ ។ ទ្រង់​ស្គាល់​ផ្លូវ​របស់​ពួកគេ ដោយសារ​ទ្រង់​ធ្លាប់​បាន​យាង​ដើរ​លើ​ផ្លូវ​ទាំង​នោះ​រួច​ហើយ ។

ពួកគេ​អាច​ត្រឡប់​ទៅកាន់​ទ្រង់​វិញ មាន​សេចក្តីជំនឿ​លើ​ទ្រង់ ប្រែចិត្ត​ពី​អំពើ​បាប​របស់​គេ ហើយ​ធ្វើតាម​ទ្រង់​ដោយ​មាន​ទំនុកចិត្ត និង​ទុកចិត្ត​ថា ទ្រង់​ស្គាល់​ផ្លូវ​នោះ ។ ទ្រង់​គឺ​ពិតជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅកាន់​អ្វីៗ​ដែល​សំខាន់​បំផុត​ចំពោះ​ពួកគេ ។១០ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការអភ័យទោស និង​ការព្យាបាល​ដ៏​អស្ចារ្យ ។ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះទៅកាន់​អំណរ​ដ៏​យូរ​អង្វែង ។ ទ្រង់​គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រកភាព​ជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កម្លាំង​ពី​ព្រះ ការលួងលោម វិវរណៈ ពន្លឺ និង​អំណាច​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​ភាព​ក្លាហាន និង​ការអត់ធ្មត់ និង​ទៅកាន់​លក្ខណៈ​ទាំងអស់​នៃ​ព្រះ ។ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ និង​ឥតខ្ចោះ និង​ភាពសុខសាន្ត​ដែល​លើស​អស់​ពី​ការយល់​ដឹង​ទាំងឡាយ ។ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​ទំនាក់ទំនង​នៃ​សេចក្តីស្រឡាញ់ និង​ការបម្រើ ដែល​នាំ​មក​នូវ​ការបំពេញ​ផ្ទាល់​ខ្លួន​កាន់តែ​ស៊ីជម្រៅ មាន​អត្ថន័យ និង​គោលបំណង​នៅក្នុង​ជីវិត​គេ​ក្នុង​ពេល​នេះ និង​រៀង​រហូត​តទៅ ។ ទ្រង់​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​ភាពតម្កើងឡើង និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាមួយ​ព្រះវរបិតាសួគ៌ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​បង្រៀន​សិស្ស​របស់​យើង​ថា « អ្វីៗ​ទាំងអស់​ដែល​ល្អ​កើត​មក​ពី​ព្រះយេស៊ូវគ្រីស្ទ » ។១១ ទ្រង់​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​ពួកគេ ។

គោលការណ៍​ទី #២ ៖ បុត្រា​បុត្រី​របស់​ព្រះ​មាន​អត្តសញ្ញាណ និង​គោលបំណង​ដ៏​នៅ​អស់​កល្ប​ជានិច្ច

សិស្ស​របស់​យើង​ម្នាក់ៗ​មាន​អត្តសញ្ញាណ និង​គោលបំណង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ពួកគេ​ម្នាក់ៗ « គឺ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតា​សួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃព្រះ » ។១២

ផែនការ​នៃ​ព្រះវរបិតាសួគ៌​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​យើង​គ្រប់​រូប ឲ្យ​បំពេញ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​អស់​កល្ប​ជានិច្ច​របស់​ពួកគេ តាមរយៈ​សេចក្តី​មេត្តាករុណា និង​ព្រះគុណ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​ចង់​ផ្តោត​សំខាន់​លើ​កត្តា​បី​នៃ​អត្តសញ្ញាណ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ដែល​ខ្ញុំ​គិត​ថា វា​សំខាន់​ខ្លាំង​ឲ្យ​ពួកគេ​យល់ ។

ខ្ញុំ​ចាប់ផ្តើម​ជាមួយ​នឹង​ការពិត​ដែល​ថា សិស្ស​របស់​យើង​គឺ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង ហើយ​ទទួល​អារម្មណ៍​ថា ទ្រង់​ពិតជា​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌ ។ តាមរយៈ​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ នោះ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​សិស្ស​យើង​ឲ្យ​មាន​ឱកាស និង​សមត្ថភាព​ដើម្បី​រៀន​ឲ្យ​ស៊ីជម្រៅ​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​របស់​ទ្រង់—ដើម្បី​បង្កើន​ចំណេះ និង​ការយល់​ដឹង ដើម្បី​ទទួល​បាន​សមត្ថភាព​ធ្វើ​កិច្ចការ​សុចរិត​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រែក្លាយ​ដូចជា​ទ្រង់ ។ នេះ​ជា​គោលបំណង​ដ៏​ធំ​នៃ​កត្តា​គ្រឹះដ៏​សំខាន់​នេះ​នៃ​អត្តសញ្ញាណ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ។​១៣

ផ្នែក​សំខាន់​ទី​ពីរ​នៃ​អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​ពួកគេ​នោះ​គឺ​ភាព​ជា​ម្តាយ ឬ​ឪពុក ស្វាមី ឬ​ភរិយា​ក្នុង​គ្រួសារ​អស់កល្ប​ជានិច្ច ។១៤ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ព្រោះ​នោះ​ជា​លក្ខណៈ​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។១៥ នៅក្នុង​ទស្សនវិស័យ​ដ៏​អស់​កល្បជានិច្ច​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ នោះ​សិស្ស​របស់​យើង​គឺជា​ម្តាយ និង​ឪពុក​នៅក្នុង​នគរ​ទ្រង់ ។ នោះ​ជា​អត្តសញ្ញាណ​ដ៏​អស់​កល្ប​របស់​ពួកគេ ហើយ​នោះ​ជា​ផែនការ​របស់​ទ្រង់ ។ ហេតុដូច្នោះហើយ គោលបំណង​ដ៏​អស់កល្ប​របស់​ពួកគេ គឺ​បង្កើត​នូវ​អាពាហ៍ពិពាហ៍​សេឡេស្ទាល និង​គ្រួសារ​ដ៏​អស់កល្ប​មួយ ។

ទីបំផុត សិស្ស​របស់​យើង​ត្រូវ​ដឹង​ថា ពួកគេ​ជា​ពូជ​អ័ប្រាហាំ ជា​រាស្ត្រ​ក្នុង​សេចក្តីសញ្ញា​របស់​ព្រះ អម្ចាស់ ។ ព្រះ​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង​យក​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​បព្វជិតភាព​ដ៏​បរិសុទ្ធ ( រួមមាន​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ) ទៅកាន់​គ្រប់​សាសន៍ ដើម្បី​ផ្តល់​ពរ​ដល់​ក្រុមគ្រួសារ​ទាំង​អស់​លើ​ផែនដី​ដែល​នៅ​ទាំង​សង្ខាង​វាំង​នន ។១៦ នេះ​គឺ​ជា​ការប្រមូល​ផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ហើយ​វា​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា ។១៧ សិស្ស​របស់​យើង​គឺជា​ពូជ​នៃ​អ័ប្រាហាំ ហើយ​គោលបំណង​ដ៏​អស់កល្ប​របស់​ពួកគេ​គឺ ធ្វើ​កិច្ចការ​របស់​ព្រះ​ដូច​អ្នក​បម្រើ​ដែល​ទ្រង់​ទុក​ព្រះទ័យ ។ ពួកគេ​មាន​កន្លែង​សំខាន់ តួនាទី​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

សូម​ឈប់​មួយ​សន្ទុះ ហើយ​គិត​ពី​ពរជ័យ​ដ៏​បំផុសគំនិត​ដែល​ពិតជា​អស្ចារ្យ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ប្រទាន​ដល់​សិស្ស​របស់​យើង ។ ប៉ុន្តែ​សិស្ស​មួយ​ចំនួន​របស់​យើង​នៅតែ​ឆ្ងល់​ថា តើ​ព្រះ​មាន​អត្តសញ្ញាណ និង​គោលបំណង​ដូច​នេះ​សម្រាប់​ពួកគេ​ដែរ​ឬ​ទេ ។ សិស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ការប្រែក្លាយ​ដូចជា​ព្រះវរបិតា ការធ្វើការ​ដូច​អ្នក​បម្រើ​ដែល​ទ្រង់​ទុក​ព្រះទ័យ ឬ​ការផ្សារភ្ជាប់​អស់កល្ប​នឹង​ដៃគូ​ជាទីស្រឡាញ់ និង​ការមាន​កូន​អាច​ជា​ការណ៍​មិន​អាច​ធ្វើ​បាន​ចំពោះ​ពួកគេ ។ ពេល​ពួកគេ​ឆ្លុះ​កញ្ចក់ នោះ​ពួកគេ​ពុំ​អាច​ឃើញ​អ្វី​ដែល​ខ្ញុំ​បាន​ពិពណ៌នា​នៅ​ថ្ងៃ​នេះ​ទេ ។ ប្រសិនបើ​សិស្ស​របស់​អ្នក​មួយ​ចំនួន​មាន​អារម្មណ៍​បែប​នោះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្លុះ​កញ្ចក់​នោះ​ម្តង​ទៀត ។ សូម​ប្រាប់​ពួកគេ​ឲ្យ​ឆ្លុះ​កញ្ចក់​ដោយ​ភ្នែក​នៃ​សេចក្តីជំនឿ ហើយ​ពុំ​គ្រាន់តែ​មើល​មុខ​ពួកគេ​នោះ​ទេ តែ​មើល​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដែល​នៅ​ក្បែរ​គេ​ដោយ​អំណាច និង​សិរីរុងរឿង និង​សេចក្តីស្រឡាញ់​ដែល​គ្មាន​ដែន​កំណត់​ដ៏​ឥត​ខ្ចោះ ។ ទ្រង់​ពុំ​បាន​យាង​មក​ដើម្បី​ដក​ពរជ័យ​ពី​ពួកគេ​នោះ​ទេ ។​១៨

គោលការណ៍​ទី #៣ ៖ គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះយេស៊ូវគ្រីស្ទ​ថ្វាយ​ព្រះនាម​ទ្រង់ឲ្យ​នោះ​គឺ​ជា​ផ្នែក​នៃ​ផែនការ

ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​គ្រាន់​តែ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​ឡើយ ប៉ុន្តែ​ព្រះនាម​ទ្រង់ ព្រះចេស្តា​ទ្រង់ កិច្ចការ​ទ្រង់ និង​បុគ្គលិក​លក្ខណៈ​ទ្រង់​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា ។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​យើង​ដឹង និង​យល់​ថា គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ថ្វាយ​ព្រះនាម​ទ្រង់​ឲ្យ​នោះ​គឺ​ជា​ផ្នែ​ក​នៃ​ផែនការ​របស់​ព្រះវរបិតា ។

សូម​គិត​មួយ​ភ្លែត​អំពី​អ្វីៗ​ទាំង​នោះ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ព្រះនាម​ទ្រង់​នៅ​ទីណា​ខ្លះ ? នេះ​គឺ​ជា​បញ្ជី​មួយ​នៃ​អ្វីៗ​ដែល​មាន​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ដែល​ខ្ញុំ​ជឿ​ថា វា​សំខាន់​បំផុត​សម្រាប់​ឲ្យ​សិស្ស​យើង​ដឹង និង​យល់ ៖

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖ ឈ្មោះ​នៃ​សាសនាចក្រ​គឺជា​សាក្សី​មួយ​ដែល​វា​ត្រូវបាន​បង្កើត​ឡើង​តាមរយៈ និង​ដឹកនាំ​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ វា​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។១៩ សាសនាចក្រ​គឺជា​នគរ​ព្រះ​លើ​ផែនដី​នេះ ។ តាមរយៈ​សាសនាចក្រ​របស់​ព្រះអម្ចាស់ នោះ​ព្រះអង្គសង្គ្រោះ​គាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ការស្នើ​របស់​ពួកគេ​សុំ​ជីវិត​អស់កល្ប​ជានិច្ច ហើយ​រៀបចំ​ផែនដី​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ សាសនាចក្រ—​សេចក្តីពិត​របស់​ព្រះអម្ចាស់ និង​សាសនាចក្រ​ដ៏​សកម្ម—គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​សេចក្តីសង្គ្រោះ​នៃ​កូនចៅ​របស់​ទ្រង់ ។

  • បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ៖ បព្វជិតភាព​ដ៏​បរិសុទ្ធ​គឺជា​អំណាច និង​សិទ្ធិ​អំណាច​នៃ​ព្រះ ។ វា​ត្រូវបាន​ផ្តល់​ឲ្យ​ដល់​បុរសដើម្បី​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​អាច​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​សិទ្ធិ​អំណាច​ទ្រង់ ព្រមទាំង​ដោយ​ព្រះចេស្តា​ទ្រង់ ។ តាមរយៈ​អំណាច និង​សិទ្ធិ​អំណាច​នោះ នោះ​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ហើយ​ទទួល​ពរជ័យ​ដ៏​មហិមា​នៃ​ផែនការ​ដ៏​រុងរឿង​របស់​ព្រះវរបិតា ។២០

  • ដំណាក់​នៃ​ព្រះអម្ចាស់ ៖ យើង​រស់នៅ​ក្នុង​គ្រា​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ច្រើន​នៅ​ទូទាំង​ផែនដី​ទាំង​មូល ។ យើង​រីករាយ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង សម្រាប់​បុត្រាបុត្រី​ដ៏​ស្មោះត្រង់​ជាច្រើន​របស់​ទ្រង់ ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ រួមមាន​ទាំង​ការផ្សារភ្ជាប់​គ្រួសារ​អស់កល្ប​ជានិច្ច​នៅ​ទាំង​សង្ខាង​នៃ​វាំងនន ។ ពិធី​បរិសុទ្ធ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់​ភ្ជាប់​ពួកយើង​ទៅ​នឹង​អំណាច​នៃ​ភាព​ជា​ព្រះ ពិធី​ទាំង​នោះ​គឺ​ចាំបាច់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ។២១

  • ព្យាការី​នៃ​ព្រះអម្ចាស់ ៖ ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ព្យាការី​របស់​ទ្រង់​ថា ៖ « ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល​ហាក់​ដូច​ជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ » ។២២ ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​ជា​អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ ។ ពាក្យ​សម្តី​របស់​លោក​គឺជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​សម្រាប់​ពួកយើង សម្រាប់​ពរជ័យ​របស់​យើង​ក្នុង​ជីវិត​នេះ និង​ភាពតម្កើង​ឡើង និង​ជីវិត​អស់កល្ប​ជានិច្ច​របស់​យើង​នៅ​បរលោក​នាយ ។ ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​នៃ​ផែនការ​របស់​ព្រះវរបិតា ។

  • ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះគម្ពីរ​មរមន​គឺ​ជាសាក្សី​មួយ​ដែល​ថា ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ ថា​យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​នៃ​ការស្តារ​ឡើង​វិញ ហើយ​ថា ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅថ្ងៃ​ចុង​ក្រោយ​នេះ ។ វា​ក៏​មាន​នូវ​ការបង្រៀន​ដ៏​អស្ចារ្យ​អំពី​ផែនការ​របស់​ព្រះវរបិតា​វា​មាន​នូវ​ទីបន្ទាល់​ដ៏​មាន​អនុភាព ។២៣ ដោយសារ​ហេតុផល​ទាំងអស់​នេះ​ហើយ​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដ៏​អស្ចារ្យ​នេះ ។

  • បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ថ្វាយ​ព្រះនាម​ទ្រង់​ទៅលើ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ។ ទ្រង់​ថ្វាយ​ព្រះនាម​ទ្រង់​លើ​បងប្អូន​ដែល​បង្រៀន​នៅពេល​អ្នក​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ។២៤ ទ្រង់​មាន​ព្រះបំណង​ថ្វាយ​ព្រះនាម​ទ្រង់​លើ​សិស្ស​របស់​បងប្អូន និង​លើ​ទីបន្ទាល់​ដែល​ពួកគេ​នឹង​ថ្លែង​ទៅកាន់​ពិភពលោក ពេល​ពួកគេ​ចូលរួម​ក្នុង​ការប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល ។២៥ នេះ​ជា​ផែនការ​របស់​ព្រះវរបិតា ។

អ្វីៗ​ដែល​យើង​បាន​លើក​ឡើង​នៅត្រង់​នេះ—ហើយ​មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​លើក​ឡើង ដូចជា​គ្រប់​សាលា​ប្រជុំ​ទូទាំង​ពិភពលោក និង​ការអធិស្ឋាន​របស់​យើង​ទៅ​ព្រះវរបិតាសួគ៌—គឺ​ជា​អ្វី​ៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្វាយ​ព្រះនាម​ទ្រង់ ។ វា​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ និង​ការបំពេញ​នៃ​ការព្យាករ ។ ដូច​ប៉ុល​បាន​និយាយ​ជា​យូរ​មក​ថា « សម្រាប់​ការ​កាន់​កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់ [ ព្រះវរបិតា ] បាន​មក​ដល់ ដើម្បី​នឹង​បំព្រួញ​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ។២៦

បងប្អូន​ប្រុស​ស្រី សូម​ជួយ​សិស្ស​យើង​ឲ្យ​ដឹង​ថា អ្វីៗ​ទាំង​នេះ​ដែល​ពួកគេ​ស្គាល់​ច្បាស់—សាសនាចក្រ បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ ព្យាការី ព្រះគម្ពីរ​មរមន ខ្លួន​ពួកគេ—ទាំងអស់​នេះ​មាន​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ដោយសារ​អ្វីៗ​ទាំង​នោះ​នៅ​ទីនោះ​ដើម្បី​នាំ​យើង​ទៅ​កាន់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ផ្លូវ​នាំ​ទៅ​រក​ភាព​សុខសាន្ត​ក្នុង​ជីវិត​នេះ និង​ភាពតម្កើង​ឡើង និង​ជីវិត​អស់កល្ប​ជានិច្ច​នៅ​បរលោក​នាយ ។

ឥឡូវ ខ្ញុំ​នឹង​បញ្ចប់​នា​ថ្ងៃ​នេះ​ជាមួយ​នឹង​គំនិត​មួយ​អំពី​តួនាទី​នៃ​ផែនការ​របស់​ព្រះវរបិតា​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​សិស្ស​យើង ។ គំនិត​នោះ​មក​ពី​បន្ទូល​របស់​ស្តេច​បេនយ៉ាមីន​ថ្លែងទៅ​កាន់​រាស្ត្រ​ទ្រង់ ។ នៅ​ពេល​ចាប់ផ្តើម​ការថ្លែង​របស់​ទ្រង់ ទ្រង់​បាន​ថ្លែង​ថា « សូម​ឲ្យ​អ្នក​ប្រុង​ស្ដាប់​តាម​យើង​វិញ ហើយ​សូម​បើក​ត្រចៀក​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ឮ និង​ចិត្ត​អ្នក ដើម្បី​ឲ្យ​រាល់​គ្នា​អាច​បាន​យល់ និង​គំនិត​អ្នក ដើម្បី​ឲ្យ​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ អាច​បាន​លាតត្រដាង​បង្ហាញ​ដល់​អ្នក​ចុះ » ។២៧

ខ្ញុំ​ចូលចិត្ត​ឃ្លា « ដើម្បី​ឲ្យ​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ អាច​បាន​លាតត្រដាង​បង្ហាញ​ដល់​អ្នក​ចុះ » ហើយ​ខ្ញុំ​ចង់​អនុវត្ត​វា​ចំពោះ​សិស្ស​យើង ។ ឥឡូវ ស្តេច​បេនយ៉ាមីន​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា « សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ » ដែល​ទ្រង់​ចង់​បង្ហាញ​ដល់​រាស្ត្រ​ទ្រង់ គឺជា​ធាតុ​ចាំបាច់​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដ៏​មហិមា​របស់​ព្រះវរបិតា ។ សម្រាប់​គោលបំណង​យើង សេចក្តីថ្លែងការណ៍​របស់​ស្តេច​បេន​យ៉ាមីន​មាន​អត្ថន័យ​ពីរ ។ ទីមួយ វា​មាន​ន័យ​ថា ប្រសិនបើ​សិស្ស​យើង​បើក​ចិត្ត និង​គំនិត​របស់​ពួកគេ ហើយ​យើង​បង្រៀន​ដោយ​ព្រះវិញ្ញាណ នោះ​សិស្ស​យើង​នឹង​ឃើញ ហើយ​យល់​ពី​ផែនការ​នេះ ។ ប៉ុន្តែ​វា​មាន​ន័យ​មួយ​ទៀត ។ ប្រសិនបើ​ពួកគេ​យល់​ពី​ផែនការ​នេះ​នៅក្នុង​ចិត្ត​ពួកគេ នោះ​ផែនការ​នេះនឹង​ក្លាយ​ជា​ផ្លូវ​ដែល​ពួកគេ​ឃើញ​ខ្លួន​ពួកគេ និង​ពិភពលោក​ជុំ​វិញ​ពួកគេ ។ ផែនការ​នេះ​នឹង​ក្លាយ​ជា​ទស្សន​របស់​ពួកគេ ។ សិស្ស​របស់​យើង​នឹង​ឃើញ​ផែនការ​នេះ ហើយ​ផែនការ​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​ឃើញ ។

តើ​សិស្ស​យើង​ពិតជា​អាច​ឃើញ​ផែនការ​នេះ​ដោយ​របៀប​ណា ? ថ្នាក់​រៀន​របស់​យើង​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ដំណើរការ​នេះ ហើយ​ព្រះវរបិតា​បាន​ធ្វើ​អ្វីៗ​ជាច្រើន​ដើម្បី​លាតត្រដាង​បង្ហាញ​ផែនការ​របស់​ទ្រង់​ដល់​ពួកគេ ។ សូម​បង្រៀន​សិស្ស​យើង​ថា ពួកគេ​អាច​ឃើញ​ផែនការ​នេះ ៖

  • នៅពេល​ទារក​កើត និង​គ្រប់​ពេល​ដែល​នរណា​ម្នាក់​ស្លាប់ ។២៨

  • នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅក្នុង​ពិធី​បរិសុទ្ធ​សម្រាប់​មរណជន ។២៩

  • នៅក្នុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​នៅ​ថ្ងៃ​ឈប់សម្រាក ។៣០

  • នៅក្នុង​ការប្រែចិត្ត នៅពេល​ពួកគេ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​សូម​ការអភ័យទោស​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។៣១

  • នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​ជា​សក្ខីបទ​ដ៏​មាន​អនុភាព​អំពី​ព្រះយេស៊ូវគ្រីស្ទ ។៣២

  • នៅក្នុង​ការឃើញ ការស្តាប់ និង​ការធ្វើ​តាម​ព្យាការី​នៃ​ព្រះ ។៣៣

  • ការប្រសិទ្ធពរ​បព្វជិតភាព ។៣៤

  • នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ជា​កន្លែង​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ ពន្លឺ និង​ព្រះចេស្តា​ទ្រង់ ។៣៥

  • គ្រប់​ពេល​ដែល​ពួកគេ​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ក្នុង​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ។៣៦

សូម​ជួយ​សិស្ស​ឲ្យ​ដឹង និង​ទទួល​អារម្មណ៍​ពី​សេចក្តីពិត​ដ៏​អស្ចារ្យ​នេះ ៖ ពេល​ពួកគេ​ឃើញ​អ្វីៗ​ទាំង​នេះ នោះ​ពួកគេ​កំពុង​ឃើញ​ផែនការរបស់​ព្រះវរបិតា​នៅក្នុង​សកម្មភាព​ហើយ ។ ប្រសិនបើ​ពួកគេ​បើក​ដួងចិត្ត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជាសាក្សី​ដល់​ពួកគេ​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​គឺ​ជាការពិត ហើយ​ផែនការ​នោះ​គឺ​សម្រាប់​ពួកគេ ។៣៧ ពេល​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការយល់​ដឹង​របស់​ពួកគេ​កើន​ឡើង នោះ​ផែនការ​នេះ​នឹង​ក្លាយ​ជា​ទស្សន​វិសយ​របស់​ពួកគេ​ស្តីពី​ជីវិត និង​ខ្លួន​របស់​ពួកគេ ។ ពួកគេ​នឹង​ឃើញ​ខ្លួន​ពួកគេ​នៅក្នុង​ផែនការ​នេះ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ឃើញ​ពិភពលោក​ជុំ​វិញ​ពួកគេ​ដូច​ព្រះអម្ចាស់​ទត​ឃើញ ។

ផែនការ​នេះ​នឹង​ក្លាយ​ជា​ប្លង់​ដែល​ពួកគេ​ប្រើ​ដើម្បី​យល់​ពី​កង្វល់ បញ្ហា និង​ឧបសគ្គ​នានា​ដែល​ពួកគេ​ជួប​ប្រទះ ។ ប្រាកដ​ណាស់ នោះ​ជា​អ្វី​ដែល​យើង​បង្រៀន​យ៉ាង​ច្បាស់​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ ខ្ញុំ​សូម​ដកស្រង់​វា ៖ « ដើម្បី​ពិនិត្យ​មើល​គោលគំនិត​ខាង​គោលលទ្ធិ សំណួរ​ខាង​គោលលទ្ធិ និង​បញ្ហា​សង្គម​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ នោះ​យើង​គួរ​ពិចារណា​វា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ការ​បង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ។… ការ​ធ្វើ​ដូចនេះ អនុញ្ញាត​ឲ្យ​យើង​ព្រាង​សំណួរ​ជា​ថ្មី…ហើយ​មើល​ទៅ​គំនិត​នានា​ដោយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ដោយ​ការ​ទទួល​យក​ការ​សន្មត…​របស់​លោកិយ » ។៣៨

ប្រសិនបើ​សិស្ស​យើង​ធ្វើ​តាម​លំនាំ​នេះ នោះ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នឹង​ក្លាយ​ជា​ផ្លូវ​ដែល​ពួកគេ​យល់​ពី​ខ្លួន​ពួកគេ និង​ការទទួលខុសត្រូវ ឱកាស និង​ពរជ័យ​របស់​ពួកគេ ។ វា​ជា​របៀប​ដែល​ពួកគេ​នឹង​ស្វែងរក​អត្ថន័យ និង​គោលបំណង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ណែនាំ និង​បង្រៀន​ពួកគេ នោះ​ពួកគេ​នឹង​មាន​នូវ​អ្វី​ដែល​ប៉ុល​បាន​ហៅ​ថា « មាន​គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ » ។៣៩

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​អធិស្ឋាន​ថា ផែនការ​នៃ​ព្រះវរបិតា​នឹង​មាន​ក្នុង​ចិត្ត​របស់​បងប្អូន ថា​បងប្អូន​នឹង​ឃើញ​ខ្លួន​បងប្អូន​ក្នុង​ផែនការ​នេះ ហើយ​ថា​ផែនការ​នេះ​នឹង​ក្លាយ​ជា​របៀប​ដែល​បងប្អូន​ឃើញ​ពិភពលោក​នេះ ។៣៨ ខ្ញុំ​សូម​ថ្លែង​សាក្សី​ថា ផែនការ​របស់​ព្រះវរបិតា​គឺ​ពិត ។ ព្រះវរបិតា​របស់​យើង​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ជា​ព្រះ​អង្គសង្គ្រោះ និង​ជា​ព្រះ​ប្រោស​លោះ​របស់​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។ បងប្អូន​កំពុង​ធ្វើ​ការងារ​របស់​ទ្រង់ ដើម្បី​បង្រៀន​ផែនការ​របស់​ព្រះវរបិតា​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។