« ចូរកុំសង្ស័យឡើយ តែចូរជឿ »
ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ • ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ • មហោស្រពមជ្ឈមណ្ឌលសន្នីសីទ
អែលឌើរ ឌេល ជី រេនឡាន់ ៖ យើងមានអំណរគុណដែលជួបនឹងបងប្អូន ។ យើងមានអំណរចំពោះអ្វីដែលបងប្អូនធ្វើ កាលបងប្អូនបង្រៀន និងគាំទ្រដល់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានទូទាំងពិភពលោក ។ កាលបងប្អូនធ្វើដូច្នោះ សូមចាំជានិច្ចដល់ព្រះទ័យដ៏រីករាយរបស់ព្រះអម្ចាស់ដោយសារការបម្រើរបស់បងប្អូន ។ ទ្រង់ជាផ្នែកនៃសិស្សរបស់បងប្អូន ទ្រង់គង់ជាមួយបងប្អូន ទ្រង់បានយាង « ទៅពីមុខអ្នក » ទ្រង់ « នឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក » ហើយ « ព្រះវិញ្ញាណរបស់ទ្រង់នឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក » ហើយ « ពួកទេវតារបស់ទ្រង់នៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ។១
ខ្ញុំអរគុណបងប្អូនជំនួសឲ្យព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ចំពោះសេចក្ដីជំនឿ និងភាពស្មោះត្រង់របស់បងប្អូន ។ សូមអរគុណដែលបានទទួលយកការទទួលខុសត្រូវរបស់បងប្អូន ។ សូមអរគុណដែលបានជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យត្រឡប់ទៅកាន់ទ្រង់វិញ ។ សូមអរគុណដែលបានអញ្ជើញបុត្រាបុត្រីទ្រង់ឲ្យមករកព្រះគ្រីស្ទ ។
ស៊ិស្ទើរ រូស អិល រេនឡាន់ ៖ សូមអរគុណចំពោះក្រុមចម្រៀងដ៏អស្ចារ្យនេះ ដែលបានយាងព្រះវិញ្ញាណមកក្នុងការប្រជុំ ។ ខ្ញុំប្រាកដចិត្តថា យើងទាំងអស់គ្នាត្រូវបានលើកស្ទួយឡើងដោយប្រសាសន៍ដ៏អស្ចារ្យរបស់បងប្រុស ឆាដ អេច វិប និងអែលឌើរ គីម ប៊ី ក្លាក ។ ពួកយើងអរគុណពួកលោកចំពោះគំរូនៃភាពជាសិស្សរបស់ពួកលោកផងដែរ ។ យើងរីករាយដែលមានឱកាសមកជួបបងប្អូនថ្ងៃនេះហើយនិយាយពីសេចក្ដីជំនឿ និង មន្ទិលសង្ស័យ ជាប្រធានបទដែលបងប្អូនលើកឡើងជារឿយៗ ។
អែលឌើរ រេនឡាន់ ៖ សូមស្រមៃថាទូកបងប្អូនលិច កាលជិះនៅកណ្ដាលមហាសមុទ្រ ។ បងប្អូនបានពាក់អាវពោងការពារជីវិត ហើយបានហែលទឹករាប់ម៉ោងទៅកាន់ច្រាំងដែលបងប្អូនគិតថាជិតបំផុត ប៉ុន្ដែបងប្អូនមិនប្រាកដនោះទេ ។ បងប្អូនបានខ្សោះទឹកពីក្នុងខ្លួនយ៉ាងខ្លាំង រហូតរាល់ពេលដែលបងប្អូនចាប់ហែលទឹក បងប្អូនបានវិលមុខ ។ តាមការស្មានរបស់បងប្អូន ច្រាំងនៅឆ្ងាយពីបងប្អូន ៣០ គីឡូម៉ែត្រ ឬ ១៨ ម៉ែលស៍ទៀត ។ បងប្អូនខ្លាចថាខ្លួននឹងស្លាប់ ។ នៅរាងឆ្ងាយបន្ដិច បងប្អូនឮសំឡេងម៉ាស៊ីនតូចមួយ ។ សំឡេងនោះហាក់មកជិតបងប្អូន ក្ដីសង្ឃឹមថាបានសង្គ្រោះបងប្អូនបានកើតមានឡើង ។ កាលបងប្អូនមើល នោះបងប្អូនឃើញទូកនេសាទមួយមកដល់ ។
ស៊ិស្ទើរ រេនឡាន់ ៖ « ឱ អរគុណណាស់ អ្នកបើកទូកនោះឃើញបងប្អូន ! ទូកនោះឈប់ ហើយអ្នកនេសាទសម្បុរក្រមៅចិត្តល្អម្នាក់ជួយបងប្អូនឲ្យឡើងទូក ។ ដោយមានអំណរគុណ បងប្អូនវារទៅកន្លែងអង្គុយលើទូកនោះ ដកដង្ហើមធំដែលបានរួចជីវិត ។ អ្នកនេសាទនោះឲ្យទឹក និងនំផ្អែមខ្លះៗដល់បងប្អូនបរិភោគ ។ ទឹក និងនំផ្អែមនោះផ្ដល់ការផ្គត់ផ្គង់ចាំបាច់ឲ្យបងប្អូនឆាប់ជា ។ បងប្អូនមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តយ៉ាងខ្លាំង ។ បងប្អូននៅតាមផ្លូវទៅផ្ទះរបស់បងប្អូនវិញ ។
កាលបងប្អូនចាប់ស្រួលខ្លួនវិញ ហើយរាងសះស្បើយ បងប្អូនចាប់យកចិត្តទុកដាក់នឹងអ្វីមួយដែលបងប្អូនមិនបានកត់សម្គាល់ពីមុនមក ។ ទឹកពីបំពង់នោះរាងធុំក្លិនបន្ដិច ហើយមិនមែនជាទឹកដែលបងប្អូនចង់ផឹក—គឺទឹកម៉ាកអេវីយ៉ង់ ឬព្យែរៀរនោះទេ ។ អាហារផ្គត់ផ្គង់ដែលបងប្អូនពិតជាចង់ញ៉ាំនោះគឺសាច់ដ៏ផុយ រួចហើយនំក្រូសង់សូកូឡា ។ បងប្អូនក៏សម្គាល់ឃើញថា អ្នកនេសាទចិត្តល្អនោះចាស់ ពាក់ស្បែកជើងរហែក និងខោពណ៌ខៀវចាស់ ។ ឈ្នួតនៅលើមួកគាត់ប្រឡាក់ ហើយមើលទៅគាត់ស្ដាប់មិនសូវឮទេ ។
អែលឌើរ រេនឡាន់ ៖ បងប្អូនក៏ឃើញថា ទូកនោះរាងចំណាស់ ហើយថាមានស្នាមពៀចនៅខាងស្ដាំចង្វារ ។ ថ្នាំលាបទូកខ្លះៗចាស់ សឹក និងរបកចេញ ។ បងប្អូនក៏សម្គាល់ថា ពេលអ្នកនេសាទទម្លាក់ដៃពីចង្កូត នោះទូកទាញទៅខាងស្ដាំ ។ បងប្អូនចាប់ផ្ដើមបារម្ភថា ទូក និងអ្នកបើកទូកនេះមិនអាចផ្ដល់ការសង្គ្រោះដែលបងប្អូនត្រូវការទេ ។ បងប្អូនសួរអ្នកនេសាទចំណាស់នោះអំពីស្នាមពៀច និងចង្កូត ។ គាត់និយាយថា គាត់មិនសូវបារម្ភពីរឿងទាំងនោះទេ ដោយសារគាត់បើកទូកនោះទៅមកដើម្បីនេសាទលើផ្លូវដដែល រាល់ថ្ងៃរាប់ឆ្នាំមកហើយ ។ ទូកនោះតែងនាំគាត់ដល់កន្លែងដែលគាត់ចង់ទៅដោយសុវត្ថិភាព និងទំនុកចិត្ត ។
បងប្អូនភ្ញាក់ផ្អើល ! តើគាត់អាចមិនបារម្ភពីស្នាមពៀច និងចង្កូតនោះយ៉ាងម៉េច ? ហើយហេតុអ្វីអាហារផ្គត់ផ្គង់នោះមិនអាចឆ្ងាញ់ធ្វើឲ្យបងប្អូនចូលចិត្តបាន ? កាលបងប្អូនផ្ដោតលើទូក និងអ្នកនេសាទកាន់តែខ្លាំង នោះបងប្អូនកាន់តែបារម្ភខ្លាំងឡើង ។ បងប្អូនសង្ស័យនឹងការសម្រេចចិត្តរបស់បងប្អូនដើម្បីឡើងទូកពីដំបូងមក ។ ចិត្តអន្ទះសាបងប្អូនចេះតែឆួលឡើង ។ ទីបំផុត បងប្អូនទាមទារឲ្យអ្នកនេសាទនោះឈប់ទូក ហើយដាក់បងប្អូនចុះក្នុងទឹកវិញ ។ ទោះបីជាបងប្អូននៅឆ្ងាយពីច្រាំងជាង ២០ គីឡូម៉ែត្រ ឬ ១២ ម៉ែលស៍ក្ដី ក៏បងប្អូនមិនអាចទ្រាំនៅលើទូកនោះបានដែរ ។ ដោយសោកស្ដាយបន្ដិច អ្នកនេសាទនោះជួយដាក់បងប្អូនចុះក្នុងមហាសមុទ្រវិញ ។
ស៊ិស្ទើរ រេនឡាន់ ៖ នៅក្នុងរឿងប្រៀបប្រដូចនេះ ទូកនោះតំណាងឲ្យសាសនាចក្រ ហើយអ្នកនេសាទនោះតំណាងឲ្យអស់អ្នកដែលបម្រើនៅក្នុងសាសនាចក្រ ។២ គោលបំណងតែមួយគត់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺ ដើម្បីជួយដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងកិច្ចការរបស់ទ្រង់ដើម្បីនាំឲ្យមានជីវិតដ៏អស់កល្បជានិច្ចដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។៣ តើទូក និងអ្នកនេសាទនោះបង្រៀនយើងអ្វីខ្លះអំពីសាសនាចក្រ ? តើស្នាមពៀច និងថ្នាំរបកនៅព្រះវិហារផ្លាស់ប្ដូរសមត្ថភាពវាដើម្បីផ្ដល់ពិធីបរិសុទ្ធដ៏សង្គ្រោះ និងតម្កើងឡើងដែលមានសិទ្ធិអំណាច ដើម្បីជួយបងប្អូនឲ្យក្លាយដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ឬទេ ? ប្រសិនបើអ្នកនេសាទនោះត្រូវកាន់ចង្កូតនឹងដៃទាំងពីរដើម្បីឲ្យទូកបើកត្រង់ តើការណ៍នោះប្រឆាំងនឹងសមត្ថភាពរបស់គាត់ និងរបស់ទូកដើម្បីនាំយើងទៅកន្លែងដែលយើងចង់ទៅដោយសុវត្ថិភាព និងទំនុកចិត្តដែរទេ ? បងប្អូនមិនចាំបាច់ធ្វើជាអ្នកមើលឆុតដែលបានតែងតាំងដូចជាស្វាមីខ្ញុំ ដើម្បីដឹងថា ការចុះក្នុងទឹកវិញជាជាងនៅលើទូកនោះគឺគ្រោះថ្នាក់ណាស់ ។
សមាជិកគ្រប់រូបនៃសាសនាចក្រនេះត្រូវការសាក្សីផ្ទាល់ខ្លួនគេអំពីសេចក្ដីពិតពេញលេញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បើគ្មានការប្រែចិត្តនោះទេ រួមទាំងការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តផង នោះមនុស្សអាចចាប់ផ្ដើមផ្ដោតលើនំផ្អែម និងថ្នាំចាស់នៃរឿងប្រៀបធៀបនោះហើយ ។
អែលឌើរ រេនឡាន់ ៖ ការចាប់ផ្ដើមនៃទីបន្ទាល់របស់ខ្ញុំបានកើតឡើង នៅពេលខ្ញុំរស់នៅទីក្រុងហ្គូតធើបួក ប្រទេសស៊ុយអែត ។ កាលនោះខ្ញុំអាយុ ១១ ឆ្នាំ ។ ប្រធានបេសកកម្មបានធ្វើការអញ្ជើញដល់យុវវ័យទាំងអស់ឲ្យអានព្រះគម្ពីរមរមន ។ បងប្រុសរបស់ខ្ញុំដែលខ្ញុំតែងកោតសរសើរ និងគោរពនោះបានទទួលយកការអញ្ជើញនោះ ។ ខ្ញុំចង់ក្លាយដូចជាគាត់ ដូច្នេះខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរមរមនដែរ ។ កាលកំពុងអាននោះ ប្រហែលពេលខ្ញុំអានដល់គម្ពីរអាលម៉ា ទីប្រឹក្សាម្នាក់របស់ប្រធានបេសកកម្មបានប្រាប់យើងថា យើងគួរតែអធិស្ឋានអំពីអ្វីដែលយើងកំពុងអាននោះ ។ ខ្ញុំចាំពីល្ងាចដែលខ្ញុំបានធ្វើតាមការអញ្ជើញនោះច្បាស់ណាស់ ។ ខ្ញុំនៅចាំពីផ្ទះដែលយើងបានរស់នៅ និងបន្ទប់ដែលបងប្រុសខ្ញុំ និងខ្ញុំបានគេង ។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានគេងលក់ ខ្ញុំបានក្រោកពីគ្រែ ហើយលុតជង្គង់ចុះនៅក្បែរនោះ ហើយខ្ញុំបានចាប់ផ្ដើមការអធិស្ឋានដ៏សាមញ្ញមួយដើម្បីដឹងថា តើព្រះគម្ពីរមរមនពិតឬយ៉ាងណា ។
ខ្ញុំមិនបានឮសំឡេងអ្វីទេ ប៉ុន្ដែព្រះហាក់ដូចជាបានមានបន្ទូលមកខ្ញុំថា « យើងបានប្រាប់ឯងជាយូរមកហើយថា វាពិត » ។ បទពិសោធន៍នោះបានផ្លាស់ប្ដូរខ្ញុំ ។ វាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ។ វាបានចាប់ផ្ដើមដំណើរការមួយនៃជំនឿ ដំណើរការមួយនៃការដើរលើផ្លូវនៃសេចក្ដីសញ្ញា ហើយព្យាយាមធ្វើបន្ថែមទៀត និងឲ្យកាន់តែប្រសើរឡើង ។ គឺនៅទីក្រុងហ្គូតធើបួកនោះហើយដែលខ្ញុំបានរៀនពីរបៀបប្រែចិត្ត ។ គឺនៅទីក្រុងហ្គូតធើបួកនោះហើយដែលខ្ញុំបានចាប់ផ្ដើមកោតសរសើរដល់បុគ្គលដែលតម្កើងការហៅរបស់គេ ហើយដែលខិតខំធ្វើការដើម្បីស្ថាបនានគរព្រះ ។ គឺនៅទីនោះឯងដែលខ្ញុំបានចាប់ផ្ដើមសរសើរដល់ពួកបរិសុទ្ធដ៏ស្មោះត្រង់របស់ព្រះ មិនថាពួកគេរស់នៅទីណាទេ ។ ហ្គូតធើបួក និងអគារដែលយើងបានជួបគ្នានៅ វិកថូរៀហ្គាថាន ក្លាយជាកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ។
ទាក់ទងទៅនឹងអ្នកប្រែចិត្តជឿពីដើមដំបូងរបស់អាលម៉ា យើងអាន ៖ « ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ការណ៍ទាំងអស់នេះត្រូវបានធ្វើឡើងនៅទីមរមន មែនហើយ នៅក្បែរទឹកមរមនគឺនៅក្នុងព្រៃក្បែរទឹកមរមន មែនហើយ ឱទីកន្លែងមរមន ទឹកមរមន ព្រៃមរមន ម្ដេចក៏ល្អដល់ម្ល៉េះហ្ន៎ ចំពោះភ្នែកនៃពួកអ្នក ដែលបានស្គាល់ព្រះដ៏ប្រោសលោះរបស់ខ្លួន មែនហើយ ឱពួកគេមានពរហើយ ព្រោះពួកគេនឹងច្រៀងសរសើរដល់ព្រះអង្គជារៀងរហូត » ។៤
គឺនៅទីក្រុងហ្គូតធើបួកដែលខ្ញុំបានស្គាល់ព្រះប្រោសលោះរបស់ខ្ញុំ ។ ហ្គូតធើបួក និង វិកថូរៀហ្គាថាន បានក្លាយជា « ទឹកមរមន » របស់ខ្ញុំ ។
ស៊ិស្ទើរ រេនឡាន់ ៖ តើបងប្អូនបានស្គាល់ព្រះប្រោសលោះរបស់បងប្អូននៅកន្លែងណា ? តើបងប្អូនមានអារម្មណ៍យ៉ាងដូចម្ដេច ? ប្រសិនបើបងប្អូនភ្លេច យើងជំរុញឲ្យបងប្អូនរកនឹកឲ្យចាំ ហើយជំរុញដល់សិស្សដែលបងប្អូនបង្រៀនឲ្យនឹកចាំពីអារម្មណ៍នោះផង ។ ចំណេះដឹង និងអារម្មណ៍ទាំងនេះគឺជាទីចាប់ផ្ដើមនៃសេចក្ដីជំនឿ ។
សេចក្ដីជំនឿគឺជាជម្រើសមួយដែលបុគ្គលម្នាក់ៗត្រូវរើស ។ សេចក្ដីជំនឿមិនមែនគ្រាន់តែជាការចង់ឲ្យអ្វីមួយក្លាយជាការពិតតាមចិត្តនឹក ហើយបញ្ចុះបញ្ចូលខ្លួនឯងទាំងរវើរវាយនោះទេ ។ សេចក្ដីជំនឿគឺជាការធានានៃការមានអ្វីៗដែលយើងមើលមិនឃើញខាងសាច់ឈាម ។ វាក៏ជាគោលការណ៍នៃសកម្មភាពផងដែរ ។ ប្រហែលអាចនិយាយបានថា សេចក្ដីជំនឿជាប្រភេទការចងចាំខាងវិញ្ញាណមួយអំពីការរស់នៅមុនជីវិតផែនដីរបស់យើង ។
« សេចក្ដីជំនឿត្រូវតែពឹងពាក់ដល់ព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យបាននាំជនណាម្នាក់ទៅរកសេចក្ដីសង្គ្រោះ ។ … សេចក្ដីជំនឿកើតឡើងដោយសារការឮដំណឹងល្អ ដែលបានបង្រៀនដោយពួកអ្នកធ្វើការដែលមានសិទ្ធិអំណាច [ ដូចជាបងប្អូន ] ដែលបានចាត់មកពីព្រះ ។ អព្ភូតហេតុមិនធ្វើឲ្យមានសេចក្ដីជំនឿទេ ប៉ុន្តែសេចក្ដីជំនឿដ៏ធំ គឺមានឡើងដោយសារការគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទវិញ ។ ម្យ៉ាងទៀត សេចក្ដីជំនឿមានមកដោយសារសេចក្ដីសុចរិត » ។៥ សេចក្ដីជំនឿមិនកើតមកពីការទាមទារឲ្យមានទីសម្គាល់មកពីព្រះឡើយ ប៉ុន្ដែដោយការគោរព និងធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ។
អែលឌើរ រេនឡាន់ ៖ ព្រះសព្វព្រះទ័យឲ្យយើងមានសេចក្ដីជំនឿ ។ ទ្រង់សព្វព្រះទ័យឲ្យយើងមានសេចក្ដីជំនឿ ដើម្បីទ្រង់អាចប្រទានពរដល់យើងបាន ។ អាលម៉ាបានប្រាប់រឿងនេះដល់ពួកសាសន៍សូរាំដ៏រាបសា ៖ « ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា ហើយខ្ញុំចង់ឲ្យអ្នកចងចាំថា ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណាដល់អស់អ្នកណា ដែលជឿដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ ទ្រង់មានព្រះហឫទ័យជាដំបូងបំផុតថា អ្នករាល់គ្នាគួរតែជឿ មែនហើយ គឺជឿដល់ព្រះបន្ទូលរបស់ទ្រង់ » ។៦
សេចក្ដីជំនឿគឺជាកូនសោចាក់យកសេចក្ដីមេត្តាករុណារបស់ព្រះ ។ បន្ទាប់មកអាលម៉ាបានបង្រៀនថា មនុស្សត្រូវសម្រេចចិត្តថា គាត់ចង់មានសេចក្ដីជំនឿ រួចហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពីមុនសេចក្តីជំនឿអាចធំធាត់ឡើង ។ អាលម៉ាបន្ដថា « ប៉ុន្តែមើលចុះ បើសិនជាអ្នករាល់គ្នាចង់ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន គឺដើម្បីធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ហើយអនុវត្តសេចក្ដីជំនឿមួយតូច មែនហើយ គឺបើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ នោះសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនអ្នក គឺរហូតដល់អ្នកអាចទុកកន្លែងមួយ សម្រាប់ពាក្យសម្ដីរបស់ខ្ញុំមួយចុះ » ។៧
ដើម្បីឲ្យសេចក្ដីជំនឿធំធាត់ឡើង មនុស្សម្នាក់ត្រូវតែជ្រើសរើសមានសេចក្ដីជំនឿ ។ មនុស្សម្នាក់ត្រូវមានបំណងចង់មានសេចក្ដីជំនឿ ។ មនុស្សម្នាក់ត្រូវធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
ស៊ិស្ទើរ រេនឡាន់ ៖ ប្រហែលការបង្ហាញមួយនឹងបញ្ជាក់ពីការណ៍នេះ ។ យើងមានក្ដារមួយដែលមានដែកគោលដំលើវានៅទីនេះ ។ យើងមានដែកគោល ១២ ទៀតផងដែរ ។ ដូច្នេះ បងសំឡាញ់ខ្ញុំមានកិច្ចការមួយឲ្យបងធ្វើ ។ តើបងអាចដាក់ដែកគោល ១២ ផ្សេងទៀតនៅលើដែកគោលមួយដែលបានដំលើក្ដារនោះបានទេ ?
អែលឌើរ រេនឡាន់ ៖ ថាម៉េច ?
ស៊ិស្ទើរ រេនឡាន់ តើបងអាចធ្វើបានទេ ? មែនហើយដាក់បានមួយហើយ ។ នៅសល់ដែកគោល ១១ ទៀត ។ ខណៈរកដំណោះស្រាយនឹងសំណួរនេះ អ្នកខ្លះអាចព្យាយាមដាក់ដែកគោលមួយលើក្បាលដែកគោលដំនោះ រួចហើយឈប់ ។
អែលឌើរ រេនឡាន់ ៖ តើអូនមានស្ករកៅស៊ូទេ ?
ស៊ិស្ទើរ រេនឡាន់ ៖ មានម្នាក់គិតថា ជំហានបន្ទាប់នេះពុំអាចធ្វើទៅរួចទេ ។ មនុស្សជាច្រើនបានឈប់ព្យាយាមដោយគិតថា « រឿងនេះមិនអាចធ្វើបានទេ » ។
ប៉ុន្ដែប្រសិនបើបងប្អូនមានឆន្ទៈសួរបែបនេះវិញថា « តើវាអាចធ្វើបានទេ ? » នោះបងប្អូនអាចមានឆន្ទៈរកវិធីសាស្ដ្រមួយទៀត ។ សាកល្បងវារបៀបនេះ ! សូមដាក់ដែកគោលមួយផ្ដេកកាត់ពីមុខអ្នក ។ ឥឡូវ ដាក់ដែកគោលមួយទៀតកាត់ដែកគោលទីមួយ ដោយដាក់មុខដែកគោលមករកអ្នក ។ ដាក់ដែកគោលបន្ទាប់កាត់ដែកគោលទីមួយ ដោយដាក់ក្បាលដែកគោលមករកអ្នក ។ បន្ដដាក់ដែកគោលទាំងអស់ដូច្នេះ ប៉ុន្ដែដែកគោលចុងក្រោយសូមដាក់កាត់ដែកគោលទីមួយតាមគន្លងដែលមាននេះ ។
កាលបងប្អូនធ្វើដូច្នេះ បងប្អូនឃើញថា មានរបៀបមួយមែន ។ បងប្អូនចាប់គិតថា « ការណ៍នេះអាចធ្វើបាន » ។ ក្ដីសង្ឃឹមរបស់បងប្អូនកើនឡើង ។ ទីបំផុត បងដាក់ជិតរួចហើយ ។
អែលឌើរ រេនឡាន់ ៖ ក្តីសង្ឃឹមខ្ញុំពិតជាកើនឡើងមែន ។
ស៊ិស្ទើរ រេនឡាន់ ៖ សូមដាក់ដែកគោលចុងក្រោយលើគេ ហើយស្របនឹងដែកគោលទីមួយ កាត់ដែកគោលផ្សេងទៀត ។ ត្រូវហើយ ! គឺដូច្នេះឯង ។ ឥឡូវ ដោយប្រុងប្រយ័ត្នសូមចាប់តែដែកគោលខាងក្រោមគេ សូមលើកដែកគោលទាំងអស់ឡើង ហើយដាក់ដែកគោលខាងក្រោមនោះនៅលើដែកគោលដែលដំលើក្ដារ ។
ជួនកាលការព្យាយាមលើកដំបូងពុំដំណើរការទេ ។ ដូច្នេះជាមួយនឹងការដកពិសោធន៍ជាច្រើន អ្នកអាចព្យាយាមជាលើកទីពីរ ។ សូមធ្វើតាមជំហានដដែល ។ ដាក់ដែកគោលចុងក្រោយលើគេបង្អស់ ដោយប្រុងប្រយ័ត្នដោយប្រុងប្រយ័ត្នបំផុត—
អែលឌើរ រេនឡាន់ ៖ អូនអត់និយាយអញ្ចឹងសោះលើកមុន ។
ស៊ិស្ទើរ រេនឡាន់ ៖ សូមលើកដែកគោលទាំងអស់ ហើយដាក់វាឲ្យមានលំនឹង ។ អស្ចារ្យណាស់ ! កាលណាបងប្អូនដឹងពីរបៀបធ្វើវា នោះដំណោះស្រាយហាក់ដូចជាជាក់ស្ដែង ។
អែលឌើរ រេនឡាន់ ៖ កុំដកដង្ហើម ប្រយ័ត្នធ្លាក់ !
ស៊ិស្ទើរ រេនឡាន់ ៖ វាក៏ពិតដូចគ្នាក្នុងការទទួលបានទីបន្ទាល់មួយផងដែរ ។ កាលណាបងប្អូនដឹងពីរបៀបទទួលបានចម្លើយមួយពីព្រះ នោះលទ្ធផលហាក់ដូចជាជាក់ច្បាស់ ។ រឿងនេះមានចែងនៅក្នុងសេចក្ដីសន្យានៃព្រះគម្ពីរមរមនដែលស្វាមីខ្ញុំបានធ្វើតាមកាលនៅអាយុ ១១ ឆ្នាំ ហើយកាលយើងទាំងអស់គ្នាធ្វើតាម ពេលយើងបានទទួលទីបន្ទាល់យើង ។ « ហើយកាលណាអ្នករាល់គ្នាទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្តីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។៨
ពេលបងប្អូនចាប់ផ្ដើមដោយសំណួរថា « តើរឿងទាំងនេះអាចជារឿងពិតមែនឬ ? » វាដឹកនាំទៅរកសេចក្ដីជំនឿ ។ បើបងប្អូនចាប់ផ្ដើមដោយសំណួរថា « តើរឿងនេះអាចជារឿងខុសឆ្គងឬទេ ? » វាដឹកនាំទៅរកមន្ទិលសង្ស័យ ។ ហើយមន្ទិលសង្ស័យមិនដែលនាំទៅរកសេចក្ដីជំនឿឡើយ ។
អែលឌើរ រេនឡាន់ ៖ នៅក្នុងឱកាសមួយ កាលទៅទស្សនាសន្និសីទស្ដេកមួយ ប្រធានស្ដេកម្នាក់បានសុំខ្ញុំឲ្យទៅជួបនឹងបុរសម្នាក់ដែលខ្ញុំនឹងហៅថា ស្ទេផាន ។ ស្ទេផានជាសមាជិកដ៏ស្មោះត្រង់ម្នាក់នៅក្នុងសាសនាចក្រ ។ គាត់ជាអ្នកត្រឡប់មកពីបេសកកម្ម ហើយបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានបម្រើយ៉ាងស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែបានចាប់ផ្ដើមសង្ស័យអំពីសាសនាចក្រ ។ កាលខ្ញុំបានទៅជួបនឹងស្ទេផាន គាត់បាននិយាយថា គាត់មានបញ្ហានឹងការពិតដែលថា យ៉ូសែប ស្ម៊ីធ បានសរសេរ ឬហៅឲ្យសរសេរកំណែបួននៃការនិមិត្តដំបូង ។ គាត់បានគិតថា ការណ៍នេះអាចមានន័យថា យ៉ូសែប ស្ម៊ីធ បានបង្កើតវាឡើង ។
ខ្ញុំឲ្យស្ទេផានទាក់ទងនឹងបុរសម្នាក់ដែលធ្វើការនៅក្នុងនាយកដ្ឋានប្រវត្តិសាសនាចក្រ ដែលបានស្រាវជ្រាវរកកំណែទាំងបួនកាលពីរាប់ទសវត្សរ៍កន្លងទៅ ។ ស្ទេផានបានជួបនឹងអ្នកស្រាវជ្រាវនោះ ។ លើកក្រោយពេលខ្ញុំបាននិយាយនឹងស្ទេផាន ខ្ញុំបានសួរថា « អញ្ចឹង តើលោកមានអារម្មណ៍យ៉ាងណាអំពីការនិមិត្តដំបូង ? »
គាត់បានឆ្លើយថា « មែនហើយ រឿងនោះលែងអីហើយ ដោយសារសំណួររបស់ខ្ញុំបានទទួលចម្លើយ ។ វាលែងរំខានខ្ញុំទៀតហើយ ។ ប៉ុន្ដែឥឡូវនេះ ខ្ញុំពិតជាខ្វល់ពីអាពាហ៍ពិពាហ៍ពហុពន្ធភាពដែលបានអនុវត្តនៅក្រុងណៅវូ និងក្រោយពីសេចក្ដីថ្លែងនៅឆ្នាំ ១៨៩០ ។ រឿងនោះពិតជាអំពល់ដល់ខ្ញុំណាស់ » ។
ខ្ញុំបានសុំឲ្យស្ទេផានទៅជួបនឹងម្នាក់ផ្សេងទៀតនៅក្នុងនាយកដ្ឋានប្រវត្តិសាសនាចក្រ ។ បន្ទាប់ពីការពិភាក្សានោះ ខ្ញុំបានទាក់ទងទៅស្ទេផាន ហើយបានសួរថាគាត់យ៉ាងម៉េចហើយ ។
គាត់ប្រាប់ថា « មែនហើយ រឿងនោះមិនរំខានខ្ញុំទៀតឡើយ ។ ខ្ញុំយល់ពីអ្វីដែលបានកើតឡើង ហើយកង្វល់ខ្ញុំបានដោះស្រាយ ។ ប៉ុន្ដែឥឡូវនេះ ខ្ញុំពិតជាខ្វល់ណាស់ ដែលបព្វជិតភាពត្រូវបានដកចេញពីពូជពង្សពួកអាហ្វ្រិកស្បែកខ្មៅទាំងនោះ » ។
ស៊ិស្ទើរ រេនឡាន់ ៖ ស្ទេផានគឺដូចជាមនុស្សជាច្រើន ។ គាត់បានជ្រើសរើសធ្វើជាអ្នកសង្ស័យឥតឈប់ឈរ ។ ពេលវេលាចេះតែកន្លងទៅ កាលកង្វល់មួយដោះស្រាយហើយ នោះកង្វល់មួយទៀតបានមក ។ មិនថាមានគេព្យាយាមជួយឆ្លើយតបនឹងសំណួរទាំងនេះយ៉ាងណានោះទេ គាត់នៅតែមានប្រធានបទផ្សេងទៀតដែលគាត់សង្ស័យ ។ អ្វីដែលស្ទេផានធ្វើ គឺជាទម្រង់បែបសាសនាមួយនៃការដោះស្រាយរយៈពេលខ្លី ។ បងប្អូនដឹងទេ ល្បែងរបស់កូនក្មេង នៅពេលសត្វមួយផុសចេញមកពីក្តារ ហើយអ្នកបានវ៉ៃវាភ្លាម នោះសត្វមួយទៀតនឹងចេញមកនៅកន្លែងផ្សេងមួយទៀត ។
រឿងនេះជាស្ថានភាពដ៏ខុសដាច់គ្នាមួយសម្រាប់ស្ដ្រីម្នាក់ដែលយើងបានជួបនៅ លូប៊ុមបាស៊ី សាធារណរដ្ឋប្រជាមានិតកុងហ្គោ ។ នាងឈ្មោះថា អេនជែលិក ។ នាងជាអ្នកត្រឡប់មកពីបេសកកម្មដ៏ស្មោះត្រង់ម្នាក់ ។ នាងមានទីបន្ទាល់ដ៏រឹងមាំមួយអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ នាងស្រឡាញ់ព្រះគម្ពីរមរមន ។ នាងស្រឡាញ់អ្វីៗគ្រប់យ៉ាងអំពីសាសនាចក្រ ។
នៅពេលយើងបានជួបនាង នាងកំពុងអានសៀវភៅមួយដែលបានសរសេរដោយថ្នាក់ដឹកនាំសាសនាចក្រម្នាក់ ពីមុនលោកបានក្លាយជាប្រធានសាសនាចក្រ ។ សៀវភៅនោះត្រូវបានសរសេរមុនវិវរណៈស្ដីពីបព្វជិតភាពឆ្នាំ ១៩៧៨ ហើយផ្ដល់យោបល់ថា ដោយសារតែរឿងមួយចំនួនកើតឡើងក្នុងជីវិតមុនផែនដីនេះ ទើបពួកពូជពង្សអាហ្វ្រិកស្បែកខ្មៅទាំងនោះមិនត្រូវបានតម្កើងឡើងឡើយ ។ អេនជែលិកបានសុំរកជំនួយដើម្បីយល់ពីមូលហេតុដែលរឿងនេះដូច្នេះ ។ នាងទទួលបានចម្លើយពីសមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់នាពេលបច្ចុប្បន្នថា ថ្នាក់ដឹកនាំសាសនាចក្រពីមុនរូបនេះខុសហើយ គឺច្បាស់លាស់ និងសាមញ្ញ និងថាលោកបានសរសេរពីគំនិតរបស់លោក តែគំនិតនោះគឺមិនត្រឹមត្រូវទេ ។ អេនជែលិកពេញចិត្តនឹងការពន្យល់នេះ ។ នាងបានធ្វើសកម្មភាពដោយសេចក្ដីជំនឿ តាមរយៈការនៅបន្ដលើផ្លូវសេចក្ដីសញ្ញា ហើយទុកចិត្តលើព្រះ ។
អែលឌើរ រេនឡាន់ ៖ មន្ទិលសង្ស័យមិនដែលនាំមុខសេចក្ដីជំនឿឡើយ ។ ពន្លឺមិនពឹងលើភាពងងឹតសម្រាប់ការបង្កើតវាឡើយ ។ កាលពេត្រុសលិចចុះក្នុងទឹក បន្ទាប់ពីលោកព្យាយាមដើរលើវា នោះលោកមិនឮឃ្លា « អូ៎ ពេត្រុស បើអ្នកគ្រាន់តែមានមន្ទិលថែមទៀត » នោះទេ ។ ទេ តែលោកឮថា « ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? »៩
នៅក្នុងសៀវភៅ Lectures on Faith ភាពខុសគ្នារវាងសេចក្ដីជំនឿ និង មន្ទិលសង្ស័យត្រូវបានពន្យល់ ៖ « ហើយត្រង់ណាមានមន្ទិលសង្ស័យ និងភាពមិនប្រាកដប្រជា នោះគ្មានសេចក្ដីជំនឿឡើយ ហើយក៏ពុំអាចមានដែរ ។ ដោយសារមន្ទិលសង្ស័យ និង សេចក្ដីជំនឿមិនមានក្នុងបុគ្គលតែមួយក្នុងពេលដូចគ្នាឡើយ ព្រោះមនុស្សដែលគំនិតស្ថិតក្រោមការសង្ស័យ និងការភ័យខ្លាចមិនមានទំនុកចិត្តដែលមិនរង្គោះរង្គើទេ ហើយត្រង់ណាដែលមានទំនុកចិត្តដែលមិនរង្គោះរង្គើមិនកើតឡើង នោះសេចក្ដីជំនឿមានភាពទន់ខ្សោយ ឯត្រង់ណាដែលសេចក្ដីជំនឿខ្សោយ នោះបុគ្គលនោះនឹងមិនអាចប្រឆាំងនឹងការផ្ទុយ ទុក្ខលំបាក និងការវេទនាទាំងអស់ដែលពួកគេនឹងត្រូវជួបដើម្បីក្លាយជាមរតករបស់ព្រះ និងរួមមរតកជាមួយព្រះគ្រីស្ទ ជាព្រះយេស៊ូវបានឡើយ ហើយកាលគេអស់កម្លាំងក្នុងគំនិតគេ នោះសត្រូវនឹងមានអំណាចលើគេ ហើយបំផ្លាញគេចោល » ។១០
នេះគឺជាអ្វីដែលបានកើតឡើងចំពោះស្ទេផាន ។ គាត់អនុញ្ញាតឲ្យមន្ទិល និងការមិនប្រាកដប្រជាវាយលុកគំនិតគាត់ ។ កាលវេលាចេះតែកន្លងទៅ គាត់មិនមានកម្លាំងដើម្បីប្រឈមនឹងឧបសគ្គដែលមនុស្សនឹងជួបក្នុងនាមជាសមាជិកនៃសាសនាចក្រឡើយ ។ គាត់អស់កម្លាំងក្នុងគំនិតគាត់ ហើយសេចក្ដីជំនឿគាត់បានបាត់ទៅ ។
ស៊ិស្ទើរ រេនឡាន់ ៖ ការមានសំណួរអំពីសាសនាចក្រ និងគោលលទ្ធិមិនមែនជាបញ្ហានោះទេ ។ ការជ្រើសរើសធ្វើជាអ្នកសង្ស័យឥតឈប់ឈរគឺជាបញ្ហា ។ យ៉ូសែប ស្ម៊ីធ បានយល់ពីរឿងនោះ កាលលោកអាន « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។១១
ប៉ុន្ដែវគ្គនោះបន្ដថា « តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿឥតសង្ស័យអ្វីសោះ » ។១២
និយាយម្យ៉ាងទៀតគឺ សូមដល់ព្រះដោយមិនសង្ស័យថា ទ្រង់អាចផ្ដល់ចម្លើយដល់អ្នកបាន ។ វគ្គគម្ពីរបន្ដថា « ដ្បិតអ្នកណាដែលសង្ស័យ [ ឬមានមន្ទិល ] នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត ២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ » ។១៣
ដើម្បីទទួលបានចម្លើយដូចដែលយ៉ូសែប ស្ម៊ីធ បានស្វែងរក ដើម្បីទទួលបានចម្លើយដែលយើងខ្វះ នោះយើងត្រូវទៅរកព្រះដោយដួងចិត្តជឿស៊ប់ និងគំនិតដែលប្រាថ្នាថា រឿងរ៉ាវរបស់ព្រះនឹងបានប្រាប់ដល់យើង ។
អែលឌើរ រេនឡាន់ ៖ យើងស្រឡាញ់ប្រយោគមួយដែលអែលឌើរ ចន អេ វីតសូ ជាសាវកពីដើមម្នាក់ថ្លែងក្នុងគ្រាកាន់កាប់នេះពីប្រទេសណ័រវេ ។ ខ្ញុំនឹងសម្រាយអ្វីដែលលោកបានមានប្រសាសន៍ដូច្នោះ ៖ « លើកលែងតែផ្លាស់ទៅជាការសួរ [ មកពីប្រភពត្រឹមត្រូវ ] នោះមន្ទិលសង្ស័យគ្មានតម្លៃក្នុងពិភពលោកនេះទេ ។ … កាលមានអំនួតក្នុងនាមជាអ្នកសង្ស័យម្នាក់ … ជាអ្នកសង្ស័យមិនទៅមុខ នោះបុគ្គលម្នាក់ទាស់នឹងខ្លួនគេ គ្មានឆន្ទៈខំធ្វើការ [ ត្រឹមត្រូវ ] បង់ថ្លៃការរកឃើញ [ ដ៏ទេវភាព ] នោះចៀសមិនផុតពីការឈានដល់ការឥតជំនឿ និងភក់ជ្រាំនៃភាពងងឹតទេ ។ មន្ទិលរបស់គេរីកធំដូចជាផ្សិតពុលក្នុងម្លប់ងងឹតក្នុងបន្ទប់នៃសតិ និងវិញ្ញាណរបស់គេ ។ ចុងក្រោយ នឹងខ្វាក់ដូចជាសត្វកំពីងដូងក្នុងរូងវា ជាធម្មតាគេជំនួសការចំអកដោយហេតុផល ហើយភាពច្រអូសដោយការងារ ។ សេចក្ដីពិតដ៏សាមញ្ញបំផុតមានតម្លៃស្មើផលបូកនៃការសង្ស័យបែបនោះទាំងអស់ ។ … មន្ទិលសង្ស័យមិនខុសទេ លុះត្រាវាក្លាយជាទីបញ្ចប់ [ នៅក្នុង និងនៃមន្ទិលសង្ស័យនោះ ] ។ វាលូតជាសេចក្ដីថ្លៃថ្នូរខ្លាំង ពេលវាក្លាយជាការស្វែងរក និងការអនុវត្តដ៏សកម្ម [ ដ៏ទេវភាព ] នៃសេចក្ដីពិតនោះ ។… មន្ទិលសង្ស័យគឺអាក្រក់ កាលវាចិញ្ចឹម និងធំឡើងតែខ្លួនវា ព្រមដោយភាពច្រអូសដ៏រឹងរូស នាំឲ្យមានការសង្ស័យថែមទៀត » ។១៤
សម្ដីរបស់អែលឌើរ វីតសូ នៅតែពិត ។ មន្ទិលសង្ស័យដ៏អាប់អួរមិននាំទៅរកការស្គាល់ភាពពិតរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទឡើយ វាមិននាំទៅរកការដឹងច្បាស់ថា យើងមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់ និងមានព្រះទ័យល្អឡើយ ។ យើងអាចដឹងពីសេចក្ដីពិតពេញលេញនៃកិច្ចការថ្ងៃចុងក្រោយនេះបាន ប៉ុន្ដែវាតម្រូវឲ្យយើងជ្រើសរើសសេចក្ដីជំនឿមិនមែនមន្ទិលឡើយ ហើយថាយើងត្រូវទៅរកចម្លើយយើងពីប្រភពត្រឹមត្រូវ ។ វាតម្រូវឲ្យយើងទទួលស្គាល់ថា ជម្រើសនោះគឺជារបស់យើង ។ វាមិនមែនជាកម្លាំងខាងក្រៅដែលបក់មកលើយើង ថា ឲ្យយើងទទួលយកដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងពិធីបរិសុទ្ធដ៏សង្គ្រោះក្នុងជីវិតយើងឬអត់នោះទេ ។ យើងជ្រើសរើសទុកចិត្តលើព្រះ ។
ស៊ិស្ទើរ រេនឡាន់ ៖ ពេលខ្លះយើងជួបនឹងការត្រូវសម្រេចចិត្តថា តើរឿងនោះពិតឬអត់ ។ មរមនផ្ដល់លំនាំមួយឲ្យយើងធ្វើតាម ៖ « ហេតុដូច្នោះហើយ អ្វីទាំងអស់ដែលល្អ កើតមកពីព្រះ ហើយអ្វីដែលអាក្រក់ កើតមកពីអារក្ស … ប៉ុន្តែមើលចុះ អ្វីដែលមកពីព្រះ អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ ហេតុដូច្នោះហើយ អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់គឺផុសគំនិតមកពីព្រះ ។ … ដ្បិតមើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ ត្រូវបានប្រទានដល់អ្នករាល់គ្នាឲ្យវិនិច្ឆ័យ ដើម្បីឲ្យអ្នកដឹងខុស និងត្រូវ ហើយវិធីវិនិច្ឆ័យនោះច្បាស់លាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះ ហាក់បីដូចជាពន្លឺថ្ងៃពីយប់ងងឹត ។ ដ្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីព្រះ ។ ប៉ុន្តែអ្វីៗដែលបញ្ចុះបញ្ចូលឲ្យមនុស្សធ្វើអាក្រក់ ហើយមិនឲ្យជឿដល់ព្រះគ្រីស្ទ ហើយបដិសេធទ្រង់ ហើយមិនបម្រើព្រះទេ នោះអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីអារក្ស » ។១៥
ដូច្នេះ វាសាមញ្ញបំផុត ។ ប្រសិនបើជម្រើសមួយនាំបងប្អូនឲ្យធ្វើល្អ ហើយជឿលើព្រះគ្រីស្ទ នោះវាមកពីព្រះ ។ ប្រសិនបើជម្រើសនោះទាញបងប្អូនឲ្យធ្វើអាក្រក់ ហើយបដិសេធព្រះគ្រីស្ទ នោះវាមកពីអារក្ស ។ កាលបងប្អូនដើរលើផ្លូវនៃសេចក្ដីសញ្ញា បងប្អូនអាចដឹងថា រឿងទាំងឡាយដែលបង្អាក់បងប្អូនពីផ្លូវនោះ ដែលបញ្ចុះបញ្ចូលបងប្អូនមិនឲ្យជឿលើព្រះគ្រីស្ទគឺជារឿងខុស ។ រឿងទាំងឡាយដែលបញ្ចុះបញ្ចូលបងប្អូនឲ្យជឿលើព្រះ ស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិទ្រង់គឺមកពីព្រះ ។
អែលឌើរ រេនឡាន់ ៖ វាគួរចាប់អារម្មណ៍ថា របៀបដែលមនុស្សម្នាក់ឆ្លើយតបនឹងការបំផុសគំនិតខាងវិញ្ញាណពឹងលើជម្រើសថា តើគេជឿ ឬសង្ស័យ ។ បងប្អូនចាំទេ ក្នុងជំពូកទី២នៃគម្ពីរកិច្ចការ កាលពួកសាវកចេញទៅផ្សព្វផ្សាយ ។ ពួកលោកបានឮសូរសំឡេងពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង ។ « រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗតាមដែលព្រះវិញ្ញាណប្រទានឲ្យ ។ … កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងតែអធិប្បាយ ។ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមកដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយតើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី ? ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ ? »១៦
ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះបណ្ដាលឲ្យមនុស្សជាច្រើនប្រែចិត្ត ។ ប៉ុន្ដែសម្រាប់មនុស្សផ្សេង មានចម្លើយខុសគ្នាមួយ ។ យើងអានថា « តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះស្រវឹងស្រាថ្មីទេ » ។១៧
ព្រះវិញ្ញាណគឺដូចគ្នា នេះជាព្រះវិញ្ញាណបរិសុទ្ធដែលចាក់ស្រោចលើពួកសាវកកាលីឡេទាំងនោះដែលបានផ្សាយពីព្រះយេស៊ូវគ្រីស្ទ ។ នៅថ្ងៃបុណ្យរំលងនោះ ព្រះវិញ្ញាណបានចាក់ស្រោចយ៉ាងបរិបូរណ៍ ប៉ុន្ដែនៅតែមានមនុស្សមួយចំនួនចំអកដល់អស់អ្នកដែលប្រែចិត្ត និងដោះសាពីបទពិសោធន៍នោះ ។ ជាលទ្ធផល ពួកគេខកខានព្រឹត្តិការណ៍ចាក់ស្រោចនៃព្រះវិញ្ញាណដ៏បរិសុទ្ធនេះ ។ តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នា ? វាគឺជាជម្រើសរបស់ពួកគេ ។ អស់អ្នកដែលជ្រើសរើសសេចក្ដីជំនឿ និងជំនឿស៊ប់ជាជាងមន្ទិល បានមានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យដែលនាំទៅរកការប្រែចិត្តជឿ ។
ស៊ិស្ទើរ រេនឡាន់ ៖ អាលម៉ាថ្លែងពីការណ៍នេះផងដែរ ។ លោកបានពោលថា « ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តរឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិចប៉ុណ្ណោះ ឯនរណាដែលពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ រហូតដល់អ្នកនោះដឹងគ្រប់សេចក្ដី ។ ហើយពួកអ្នកណាដែលធ្វើចិត្តរឹងរូស ពួកគេនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិច រហូតដល់ពួកគេពុំអាចដឹងអ្វីអំពីការអាថ៌កំបាំងទាំងឡាយរបស់ព្រះអង្គបានឡើយ ហើយខណៈនោះ ពួកគេនឹងត្រូវអារក្សចាប់ឃុំឃាំង ហើយដឹកនាំតាមអំពើចិត្តរបស់វាទៅកាន់សេចក្ដីបំផ្លិចបំផ្លាញ » ។១៨
ត្រឡប់ទៅរឿងប្រៀបធៀបរបស់យើងវិញ អស់អ្នកដែលជ្រើសរើសបន្ដនៅលើទូកចំណាស់ ប្រហែលជាស្នាមពៀចដែលមានថ្នាំរបក គឺជាអស់អ្នកដែលមិនពង្រឹងដួងចិត្តគេ ។ ពួកគេដើរលើផ្លូវនៃសេចក្ដីសញ្ញា ហើយបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ ។ រួចមក កាលពួកគេស៊ូទ្រាំដល់ទីបញ្ចប់ នោះការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចកើតមានដល់គេ ។ វាគឺជាអំណោយដ៏មានតម្លៃបំផុតដែលព្រះអាចប្រទានឲ្យ ។ គឺតាមរយៈដំណើរការនេះដែលយើងមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ស្គាល់ភាពពិតដ៏រស់រវើករបស់ទ្រង់ និងស្គាល់ពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ទ្រង់ ។ អំណោយទានខាងវិញ្ញាណនេះនឹងប្រទានដល់អ្នកទាំងអស់ដែលសក្ដិសម ។
គម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញាចែងថា « ចំពោះមនុស្សខ្លះ ត្រូវបានប្រទានដោយព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក ។ ចំពោះមនុស្សខ្លះទៀត ត្រូវបានប្រទានឲ្យជឿដល់ពាក្យពេចន៍នៃពួកគេ ប្រយោជន៍ឲ្យពួកគេអាចមានជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ បើសិនជាពួកគេមានចិត្តស្មោះត្រង់រហូតតទៅ » ។១៩
អែលឌើរ រេនឡាន់ ៖ នៅខែ មេសា ឆ្នាំ ២០០៩ ខ្ញុំត្រូវបានគាំទ្រឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងសាសនាចក្រ ។ នៅខែ តុលា ឆ្នាំ ២០០៩ ខ្ញុំត្រូវបានសុំឲ្យនិយាយនៅសន្និសីទទូទៅ ។ នេះជាផ្នែកនៃ « កម្មវិធីមិនច្បាស់សម្រាប់អ្នកមានសិទ្ធិអំណាចថ្មី » ។ ខ្ញុំអន្ទះសាចង់ឲ្យឪពុករបស់ខ្ញុំអាចស្ដាប់សន្និសីទបាន ។ គាត់បានខិតខំធ្វើការជាជាងឈើ និងសំណង់ម្នាក់ពេញមួយជីវិតគាត់ ហើយនៅអាយុ ៩២ ឆ្នាំ គាត់មានបញ្ហាខ្នងធ្ងន់ធ្ងរ ។ គាត់មិនអាចមកមជ្ឈមណ្ឌលសន្និសីទបានទេ ។ ដូច្នេះ ប្អូនស្រីរបស់ខ្ញុំម្នាក់បានជួយឲ្យគាត់អាចមើលការប្រជុំនោះតាមទូរទស្សន៍នៅផ្ទះគាត់ក្នុងទីក្រុងសលត៍ លេក ។
បន្ទាប់ពីសន្និសីទនោះ ខ្ញុំបានទៅផ្ទះគាត់ចង់ដឹងពីគំនិតគាត់អំពីការនិយាយរបស់ខ្ញុំ ។ គាត់ជាមនុស្សមិនសូវនិយាយស្ដី ហើយមិនសូវចេះសរសើរប៉ុន្មានទេ ។
ខ្ញុំបាននិយាយថា « ប៉ា បានមើលសន្និសីទឬទេ ? »
គាត់ឆ្លើយថា « បាន » ។
ខ្ញុំថា « ប៉ា បានឮខ្ញុំនិយាយទេ ? »
គាត់ឆ្លើយថា « បាន » ។
ខ្ញុំបាននិយាយថា « ចុះប៉ាគិតយ៉ាងម៉េចដែរ ? »
គាត់ឆ្លើយថា « អូ៎ វាល្អតើ ។ ប៉ាប៊ិះនឹងមានមោទភាពចំពោះឯង » ។ ហើយនោះជាការសរសើរដ៏ល្អបំផុតចេញពីមាត់គាត់ ។
ប៉ុន្ដែក្រោយមក ខ្ញុំដឹងថា គាត់មិនសូវមានអារម្មណ៍នឹងនរទេនៅរសៀលនោះ ព្រោះគាត់ពិតជាចង់ប្រាប់ខ្ញុំពីសប្ដិដែលគាត់បានឃើញកាលពីយប់មុន ។ គាត់មិនមែនជាអ្នកស្រមើស្រមៃទេ ។ គាត់មិនដែលគិតរវើរវាយឡើយ ។ ខ្ញុំដឹងថា គាត់មិនដែលកុហកទេ ។ គាត់តែងតែស្មោះត្រង់យ៉ាងខ្លាំង ។ គាត់បាននិយាយថា « ប៉ាយល់សប្ដិថា ប៉ាបានស្លាប់ ហើយបានឃើញព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានឱបប៉ាក្នុងរង្វង់ព្រះហស្ដទ្រង់ ហើយមានបន្ទូលថា អំពើបាបរបស់ប៉ាបានអភ័យទោសហើយ ។ ហើយកូនអើយ អារម្មណ៍នោះល្អណាស់ » ។ នោះជាអ្វីដែលគាត់បាននិយាយ ហើយខ្ញុំក៏លែងសួរអ្វីទៀត ។ គាត់បានស្លាប់ពីរខែក្រោយមក កាលរូស និងខ្ញុំបានទៅប្រទេសម៉ាដាហ្គាស្កា ។
បន្ទាប់ពីចូលក្នុងសាសនាចក្រនៅក្រុង ឡាសម៉ូ ប្រទេសហ្វាំងឡង់ កាលអាយុ ២៤ ឆ្នាំមក ប៉ាខ្ញុំបានរស់នៅពេញមួយជីវិតគាត់ស្របតាមពន្លឺ និងចំណេះដឹងដែលគាត់បានទទួល ។ គាត់បានធ្វើតាមអ្វីទាំងអស់ដែលបានសុំដល់គាត់ ។ គាត់បានក្លាយជាបុគ្គលម្នាក់ដែលសក្ដិសមនឹងអំណោយទាននៃព្រះវិញ្ញាណដើម្បីដឹងថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយត្រូវបានឆ្កាងសម្រាប់អំពើបាបនៃពិភពលោកនេះ និងសម្រាប់អំពើបាបរបស់គាត់ ។ ការសក្ដិសមនឹងអំណោយទាននេះមិនទាក់ទងនឹងភេទ ហើយក៏មិនពាក់ព័ន្ធនឹងថ្នាក់បព្វជិតភាពដែរ ។ ការសក្ដិសមនឹងអំណោយទាននោះពាក់ព័ន្ធនឹងការជ្រើសរើសសេចក្ដីជំនឿ និងការជ្រើសរើសផ្លូវនៃសេចក្ដីសញ្ញា ។
ស៊ិស្ទើរ រេនឡាន់ ៖ បងប្អូនប្រុសស្រី កាលបងប្អូនជួយដល់បុគ្គលទាំងឡាយឲ្យយកឈ្នះលើការសង្ស័យ ហើយអនុវត្តសេចក្ដីជំនឿ នោះបងប្អូនសម្រេចបានអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានជំរុញឲ្យយើងធ្វើក្នុងនាមជាសាសនាចក្រ ។ លោកបានមានប្រសាសន៍ថា « សារលិខិតរបស់យើងទៅកាន់ពិភពលោកគឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំងនៅសង្ខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងសក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច » ។២០ ការទទួលយកការអញ្ជើញនេះគឺជាទង្វើនៃសេចក្ដីជំនឿ ។
កាលបងប្អូនបង្រៀន បងប្អូនក៏ជួយដល់អស់អ្នកដែលបានចាកចេញពីផ្លូវនៃសេចក្ដីសញ្ញាដែរ ។ បងប្អូនបង្រៀនសម្រាប់ពួកគេ សម្រាប់កូនៗ ចៅៗ និងប្រហែលជាចៅទួតគេដែរ ។ ព្រះអង្គសង្គ្រោះបានដាស់តឿនថា « ដ្បិតចំពោះអ្នកនោះហើយដែលត្រូវធ្វើការងារបម្រើ ដ្បិតអ្នករាល់គ្នាពុំដឹងថា ដល់ពេលណាទេដែលអ្នកនោះនឹងត្រឡប់មកវិញ ហើយប្រែចិត្ត ហើយមករកយើងដោយអស់ពីដួងចិត្ត ហើយយើងនឹងប្រោសឲ្យគេបានជា ហើយអ្នករាល់គ្នានឹងទៅជាមធ្យោបាយក្នុងការនាំមកនូវសេចក្តីសង្គ្រោះដល់គេ » ។២១
នេះគឺជាគ្រាសុទិដ្ឋិនិយមដ៏អស្ចារ្យមួយក្នុងសាសនាចក្រ ។ សេចក្ដីពិតដែលបានលាក់ទុកអស់រាប់សតវត្សរ៍មកត្រូវបានបើកបង្ហាញ ។ ព្រះវិហារបរិសុទ្ធដ៏ល្អឯកមានគ្រប់កន្លែងលើផែនដី ។ អ្នកផ្សព្វផ្សាយសាសនាផ្សាយដំណឹងនៃអំណរដ៏អស្ចារ្យនៅស្ទើរគ្រប់ជាតិសាសន៍ ។ ក្នុងនាមជាអវៈយវៈមួយនៃពួកបរិសុទ្ធ និងពួកសិស្សនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ យើងត្រូវរួបរួមគ្នាក្នុងការងារបម្រើតាម « របៀបដ៏បរិសុទ្ធ » មួយ ដូចដែលប្រធាន ណិលសុន បានលើកទឹកចិត្ត ហើយព្រះអម្ចាស់កំពុងពន្លឿន « កិច្ចការរបស់ទ្រង់ឲ្យឆាប់កើតនៅពេលកំណត់ » ។២២ ព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរនឹងគង់ជាមួយយើង ។២៣ សារលិខិតដែលបងប្អូនបង្រៀន គឺជាសារលិខិតនៃអំណរ និងសុភមង្គលដ៏អស្ចារ្យដែលជាពរជ័យមួយសម្រាប់អ្នកស្មោះត្រង់ ។២៤
អែលឌើរ រេនឡាន់ ៖ ការទទួលខុសត្រូវទីមួយដែលខ្ញុំមានក្នុងនាមជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់គឺ ត្រូវទៅប្រាប់នាយកដ្ឋានប្រវត្តិសាសនាចក្រថា ខ្ញុំនឹងជំនួសអែលឌើរ ជែហ្រ្វី អរ ហូឡិន ជាអ្នកប្រឹក្សាឲ្យនាយកដ្ឋានរបស់ពួកគេ ។ ដូចបងប្អូនអាចស្រមៃបានថា មាន « ការយំសោក ការថ្ងូរ និងការសង្កៀតធ្មេញ » ២៥ កាលពួកគេដឹងថា អ្នកប្រឹក្សាជាទីស្រឡាញ់របស់ពួកគេត្រូវបានជំនួស ។ ពេលនោះស្ទើរខ្វះក្រដាសជូតទឹកភ្នែក ។
ជាផ្នែកនៃកិច្ចការរបស់ខ្ញុំក្នុងនាមជាអ្នកប្រឹក្សាម្នាក់ដល់នាយកដ្ឋានប្រវត្តិសាសនាចក្រ ខ្ញុំបានអានច្បាប់ចេញផ្សាយទាំងអស់នៃ The Joseph Smith Papers ។ ខ្ញុំក៏បានអានភាគទីមួយនៃនិទានកថាប្រវត្តិសាសនាចក្រដែលមានចំណងជើងថា Saints ២៦ ការអានអ្វីៗដែលយ៉ូសែប ស្ម៊ីធ បានសរសេរ ឬបានរាយការណ៍ថាបានពោលនោះ ពិតជាបានពង្រឹងដល់ទីបន្ទាល់របស់ខ្ញុំអំពីតួនាទីរបស់លោកក្នុងនាមជាព្យាការីម្នាក់ដ៏ជម្រើសរបស់ព្រះ ដើម្បីស្ដារកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ ។
យ៉ូសែប ស្ម៊ីធ មិនដែលប្រព្រឹត្តដូចជាអ្នកបោកប្រាស ដែលលួចបោកបញ្ឆោតគេនោះទេ ។ យ៉ូសែប ស្ម៊ីធ បានជឿយ៉ាងស៊ប់ថា លោកបានឃើញអ្វីដែលលោកបានពោលថា លោកបានឃើញគឺព្រះវរបិតាសួគ៌របស់យើង និងព្រះយស៊ូវគ្រីស្ទ, មរ៉ូណៃ, យ៉ូហាន បាទីស្ទ, ពេត្រុស, យ៉ាកុប, និង យ៉ូហាន, ម៉ូសេ, អេលីយ៉ាស និង អេលីយ៉ា ។ លោកបានប្រព្រឹត្តយ៉ាងល្អ ក្នុងនាមជាម្នាក់ដែលមានផ្ទាំងចំណារមាស ហើយបានបកប្រែអត្ថបទបុរាណទាំងនោះដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ លោកបានប្រព្រឹត្តយ៉ាងល្អក្នុងនាមជាម្នាក់ដែលទទួលបានវិវរណៈមកពីព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ លោកបានប្រព្រឹត្តយ៉ាងល្អ ក្នុងនាមជាម្នាក់ដែលបានទទួលបព្វជិតភាព និងកូនសោទាំងឡាយនៃភាពជាសាវកដ៏បរិសុទ្ធ ។
ខ្ញុំដឹងតាមរបៀបដ៏មានអនុភាព និងទុកចិត្តបានជាងអ្វីដែលញាណទាំងប្រាំខ្ញុំអាចដឹង និងបង្ហាញបានថា យ៉ូសែប ស្ម៊ីធ បានឃើញអ្វីដែលលោកបានពោលថា លោកបានឃើញ បានបកប្រែព្រះគម្ពីរមរមនដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ហើយបានទទួលបព្វជិតភាពដោយមានកូនសោពិតសម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ ។ ខ្ញុំដឹងថា នេះជារឿងពិត ។ ខ្ញុំដឹងថា កូនសោទាំងនោះមានលើផែនដីសព្វថ្ងៃនេះ ហើយថាប្រធាន ណិលសុន គឺជាអ្នកស្នងតំណែងដ៏ស្របច្បាប់របស់យ៉ូសែប ស្ម៊ីធ នៅលើផែនដីនេះ ។
អ្វីដែលយើងគិតថាជាស្នាមពៀច និងថ្នាំរបកនៅលើទូកចាស់នោះ អាចប្រែជារង្វាន់ពីព្រះ និងការដឹកនាំពីព្រះចេញពីទស្សនវិស័យដ៏អស់កល្បមួយ ។ ព្រះអម្ចាស់អាចលូកព្រះហស្ដមកស្នាមពៀច និងថ្នាំរបកនោះ ហើយទ្រង់ក៏អាចប្រើវាសម្រាប់ព្រះរាជបំណងផ្ទាល់របស់ទ្រង់បានដែរ ។ ខ្ញុំដឹងច្បាស់ខ្លួនខ្ញុំថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដឹកនាំកិច្ចការរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ។ អ្នកបម្រើរបស់ទ្រង់ស្គាល់ទ្រង់ច្បាស់ ។ ខ្ញុំស្គាល់ទ្រង់ ។
ស៊ិស្ទើរ រេនឡាន់ ៖ ខ្ញុំមានអំណរគុណដើម្បីបន្ថែមទីបន្ទាល់របស់ខ្ញុំថា ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះ ។ ពេលយើងអនុវត្តសេចក្តីជំនឿ ពុំសង្ស័យ នៅក្នុងពលិកម្មដ៏ធួនរបស់ទ្រង់ និងផលផ្លែនៃដង្វាយធួន នោះជីវិតយើងនឹងបានពរអស់កល្បជានិច្ច ។ ខ្ញុំមានអំណរគុណដែលទ្រង់បានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញនាបច្ចុប្បន្ននេះជាមួយនឹងពរជ័យដ៏ពោរពេញ ដែលមានសម្រាប់បុត្រាបុត្រីរបស់ព្រះនៅលើផែនដីនេះ ។
អែលឌើរ រេនឡាន់ ៖ សារលិខិតដែលយើងមានគឺ « ចូរកុំសង្ស័យឡើយ តែចូរជឿ » ។២៧ ខ្ញុំនៅទីនេះក្នុងតួនាទីខ្ញុំជាសាវកម្នាក់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំនៅទីនេះដើម្បីថ្លែងជាសាក្សីពិសេសអំពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ថាទ្រង់មានព្រះជន្មរស់ និងជាព្រះអង្គសង្គ្រោះរបស់ពិភពលោកនេះ ។ ខ្ញុំថ្លែងជាសាក្សីពីក្ដីមេត្តា ក្ដីស្រឡាញ់ និងក្ដីកង្វល់ថែទាំដ៏អស្ចារ្យរបស់ទ្រង់ដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ខ្ញុំថ្លែងជាសាក្សីពីពលិកម្មដ៏ធួនដែលមិនអាចប្រៀបធៀបបានរបស់ទ្រង់សម្រាប់បងប្អូន និងខ្ញុំ ។ កាលខ្ញុំមកស្គាល់ព្រះអង្គសង្គ្រោះ នោះខ្ញុំបានរៀនពីព្រះរាជបំណងដ៏មហិមារបស់ទ្រង់ដើម្បីជួសជុល ជួយព្យាបាលរបួស ប៉ះប៉ូវដួងចិត្តដែលប្រេះស្រាំ ។ ទាំងនេះជាគុណលក្ខណៈដ៏អស្ចារ្យរបស់ទ្រង់ ។
ខ្ញុំពិតជាអធិស្ឋានថា ពរជ័យដ៏ច្រើនបំផុតរបស់ព្រះនឹងមានដល់បងប្អូន គ្រួសារ សិស្សរបស់បងប្អូន ថាបងប្អូននឹងជួយសិស្សទាំងនោះឲ្យអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ថាពួកគេ « មិនសង្ស័យឡើយ តែជឿ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2018 by Intellectual Reserve, Inc. All rights reserved. កំណែថ្មីទី ៖ ៣/១៨ ការបកប្រែនៃ “‘Doubt Not, but Be Believing.’” Cambodian ។ PD60006246 258