ឆ្នាំ ២០១០-២០១៩
អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​មើល​ថែ​ដល់​មនុស្ស
ខែ មេសា ឆ្នាំ ២០១៨


2:3

អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​មើល​ថែ​ដល់​មនុស្ស

សាសនាចក្រ​គឺ​ដើម្បី​មើល​ថែ​ដល់​បងប្អូន ដែល​ជា​ពួក​សិស្ស​របស់​ព្រះអម្ចាស់—អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ធ្វើ​តាម​ទ្រង់ និង​អ្នក​ដែល​បាន​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន ។

កាល​កំពុង​រៀបចំ​សម្រាប់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ប៉ារីស​ប្រទេស​បារាំង​ដ៏​អស្ចារ្យ ខ្ញុំ​មាន​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។ នៅ​ឆ្នាំ ២០១០ នៅ​ពេល​យើង​រកឃើញ​ទីតាំង​សង់​ព្រះវិហារ​បរិសុទ្ធ​ហើយ ចៅ​ហ្វាយ​ក្រុង​បាន​សុំ​ជួប​នឹង​យើង​ដើម្បី​ដឹង​បន្ថែម​ទៀត​អំពី​សាសនាចក្រ​របស់​យើង ។ ការ​ប្រជុំ​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​អគារ​មួយ ។ យើង​បាន​រៀបចំ​យ៉ាង​ល្អិត​ល្អន់​នូវ​បទបង្ហាញ​មួយ​ដែល​បាន​ដាក់​បញ្ចូល​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត​មួយ​ចំនួន​នៃ​ព្រះវិហារ​បរិសុទ្ធ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សេចក្ដី​សង្ឃឹម​ក៏​ក្លៀវ​ក្លា​បំផុត​របស់​ខ្ញុំ​គឺ​ថា ភាព​ស្រស់​ស្អាត​នៃ​ស្ថាបត្យកម្ម​របស់​អគារ​ទាំង​នេះ​នឹង​បញ្ចុះ​បញ្ចូល​ចៅ​ហ្វាយ​ក្រុង​រូប​នោះ​ឲ្យ​គាំទ្រ​គម្រោង​របស់​យើង ។

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​គឺ​ថា ចៅហ្វាយ​ក្រុង​រូប​នោះ​បាន​បង្ហាញ​ថា ជា​ជាង​មើល​បទបង្ហាញ​របស់​យើង នោះ​គាត់ និង​ក្រុម​របស់​គាត់​ចង់​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ដើម្បី​ដឹង​ថា តើ​ព្រះវិហារ​របស់​យើង​គឺ​ជា​ព្រះវិហារ​បែប​ណា ។ នៅ​ខែ​បន្ទាប់ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ត្រឡប់​មក​ស្ដាប់​របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ម្នាក់​ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ​សាសនា​ផង​ដែរ ។ នាង​បាន​ប្រសាសន៍​ថា « លើស​ពី​អ្វី​ទាំងអស់ យើង​ចង់​ដឹង​ថា តើ​សមាជិក​សាសនាចក្រ​របស់​លោក​គឺជា​នរណា ។ ដំបូង យើង​បាន​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់​មួយ​របស់​លោក ។ យើង​បាន​អង្គុយ​នៅ​ជួរ​ខាង​ក្រោយ​នៃ​រោង​ថ្វាយ​បង្គំ ហើយ​បាន​សង្កេត​មើល​មនុស្ស​នៅ​ក្នុង​ក្រុម​ជំនុំ​នោះ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។ បន្ទាប់​មក យើង​បាន​ជួប​នឹង​ពួក​អ្នក​ជិត​ខាង​របស់​លោក—អ្នក​ដែល​រស់​នៅ​ជុំវិញ​មជ្ឈមណ្ឌល​ស្តេក​របស់​លោក—ហើយ​យើង​បាន​សួរ​ពួក​គេ​ថា តើ​ពួក​មរមន​គឺជា​មនុស្ស​បែប​ណា » ។

« ដូច្នេះ​តើ​អ្វី​ទៅ​ជា​ការសន្និដ្ឋាន​របស់​អ្នកស្រី ? » ខ្ញុំ​បាន​សួរ ដោយ​មាន​ភ័យ​បារម្ភ​បន្តិច​បន្តួច ។ នាង​បាន​តប​ថា « យើង​បាន​រក​ឃើញ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺជា​សាសនាចក្រ​ស្រដៀង​នឹង​សាសនាចក្រ​ដើម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាង​គេ​បំផុត​ជាង​ព្រះវិហារ​ណាៗ​ទាំងអស់​ដែល​យើង​ស្គាល់ » ។ ខ្ញុំ​ស្ទើរ​តែ​បដិសេធ​ថា « វា​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​ទេ ! វា​ពុំ​មែន​ជា​ព្រះវិហារ​ដែល​ស្រដៀង​នោះ​ទេ វា គឺ​ជា សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ—ជា​សាសនាចក្រ​ដ៏​ពិត​តែ​មួយ ! » ប៉ុន្តែ​ខ្ញុំ​បាន​ទប់​ចិត្ត​ខ្លួន​ឯង ហើយ​បាន​ធ្វើ​ការអធិស្ឋាន​ថ្លែង​អំណរគុណ​ដោយ​ស្ងប់​ស្ងាត់​ក្នុង​ចិត្ត ។ បន្ទាប់​មក លោក​ចៅហ្វាយ​ក្រុង​បាន​ប្រាប់​យើង​ថា ដោយ​ផ្អែក​លើ​ការ​រកឃើញ​របស់​ពួកគាត់ នោះ​គាត់ និង​ក្រុម​របស់​គាត់​គ្មាន​ការ​ជំទាស់​ចំពោះ​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ឡើយ ។

នៅ​ថ្ងៃ​នេះ ពេល​ខ្ញុំ​គិត​អំពី​បទពិសោធន៍​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ប្រាជ្ញា និង​វិញ្ញាណ​នៃ​ការ​ញាណ​ដឹង​របស់​ចៅហ្វាយ​ក្រុង​រូប​នោះ ។ គាត់​បាន​ដឹង​ថា គន្លឹះ​ដ៏​សំខាន់​ដើម្បី​យល់​ដឹង​អំពី​សាសនាចក្រ​នេះ​គឺ​ពុំ​មែន​មើល​សាសនាចក្រ​នេះ​តាមរយៈ​រូបរាង​ខាង​ក្រៅ​នៃ​អគារ​របស់​វា ឬ​ជា​ស្ថាប័ន​មួយ​ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ​នោះ​ទេ ប៉ុន្តែ​តាមរយៈ​សមាជិក​ស្មោះត្រង់​រាប់​លាន​នាក់​ដែល​ខិតខំ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀង​រាល់​ថ្ងៃ ។

និយមន័យ​អំពី​សាសនាចក្រ​អាច​ត្រូវ​បាន​ទទួល​មក​ពី​វគ្គ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​បាន​ចែង​ថា « ហើយ​ពួក​អ្នក [ សំដៅ​លើ​សិស្ស​របស់​ព្រះអម្ចាស់ ] ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះយេស៊ូវ នោះ​បាន​ហៅ​ថា សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ » ។

និយាយ​ម្យ៉ាង​ទៀត សាសនាចក្រ​គឺ​ដើម្បី​មើល​ថែ​ដល់​មនុស្ស ។ វា​គឺ​ដើម្បី​មើល​ថែ​ដល់​បងប្អូន ដែល​ជា​ពួក​សិស្ស​របស់​ព្រះអម្ចាស់—អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ធ្វើ​តាម​ទ្រង់ និង​អ្នក​ដែល​បាន​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​តាមរយៈ​សេចក្ដី​សញ្ញា ។

មាន​គ្រា​មួយ​ប្រធាន រ័សុល អិម ណិលសុន​បាន​ប្រដូច​សាសនាចក្រ​ទៅ​នឹង​រថយន្ត​ដ៏​ស្អាត​មួយ ។ យើង​ទាំងអស់​ចូល​ចិត្ត នៅ​ពេល​រថយន្ត​របស់​យើង​ស្អាត ហើយ​ថ្មី ។ ប៉ុន្តែ​គោលបំណង​របស់​រថយន្ត​គឺ​ពុំមែន​ធ្វើ​ជា​ម៉ាស៊ីន​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ វា​គឺ​ដើម្បី​ដឹក មនុស្ស ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ ។ តាម​របៀប​ដូចគ្នា​នេះ​ដែរ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​មាន​អំណរគុណ​ដែល​មាន​កន្លែង​ថ្វាយ​បង្គំ​ដ៏​ស្រស់​ស្អាត ហើយ​មើល​ថែ​បាន​យ៉ាង​ល្អ ហើយ​យើង​ក៏​រីករាយ​ដែល​កម្មវិធី​នានា​ដំណើរ​ការ​ទៅ​ល្អ​ដែរ ។ ប៉ុន្តែ​ទាំង​នេះ​គ្រាន់​តែ​ជា​ប្រព័ន្ធ​គាំទ្រ​ប៉ុណ្ណោះ ។ គោលបំណង​តែ​មួយ​គត់​របស់​យើង​គឺ​ដើម្បី​អញ្ជើញ​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ព្រះ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ដឹកនាំ​គាត់​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នោះ ។ គ្មាន​អ្វី​ដែល​សំខាន់​ជាង​នេះ​ទេ ។ កិច្ចការ​ដែល​យើង​ធ្វើ​គឺ​ដើម្បី​មើល​ថែ​មនុស្ស និង​សេចក្ដីសញ្ញា ។

តើ​វា​មិន​អស្ចារ្យ​ទេ​ឬ​អី ដែល​ឈ្មោះ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​វិវរណៈ​ចង​ភ្ជាប់​នូវ​កត្តា​ដ៏​សំខាន់​បំផុត​ពីរ​យ៉ាង​នៅ​ក្នុង​សេចក្ដីសញ្ញា​នីមួយៗ​នៃ​ដំណឹងល្អ ? ទីមួយ​គឺជា​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រ​នេះ​គឺជា​របស់​ផង​ទ្រង់ ហើយ​ដង្វាយធួន និង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​របស់​ទ្រង់​គឺជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ។ ឈ្មោះ​ទីពីរ​សំដៅ​ទៅ​លើ​យើង ៖ ពួក​បរិសុទ្ធ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ពួក​សាក្សី និង​ពួក​សិស្ស​របស់​ទ្រង់ ។

ខ្ញុំ​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ការ​ផ្ដោត​លើ​មនុស្ស នៅ​ពេល​ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​ស្តេក​នៅ​ប្រទេស​បារាំង ។ នៅ​ការ​ចាប់ផ្ដើម​នៃ​ការ​បម្រើ​របស់​ខ្ញុំ ខ្ញុំ​មាន​គោលដៅ​ដ៏​ធំ​មួយ​ចំនួន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​សម្រាប់​ស្ដេក ៖ ដូចជា​ការ​បង្កើត​វួដ​ថ្មី ការ​សង់​សាលាប្រជុំ​ថ្មី ព្រមទាំង​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ក្នុង​តំបន់​របស់​យើង​ទៀត​ផង ។ ពេល​ខ្ញុំ​ត្រូវ​បាន​ដោះ​លែង​នៅ​ប្រាំ​មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មិន​បាន​សម្រេច​បាន​គោលដៅ​ណា​មួយ​ឡើយ ។ ការណ៍​នេះ​មើល​ទៅ​ដូចជា​មាន​ភាព​បរាជ័យ​ទាំង​ស្រុង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​នោះ គោលដៅ​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ ។

កាល​ខ្ញុំ​អង្គុយ​នៅ​លើ​វេទិកា​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​បាន​ដោះ​លែង ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​អារម្មណ៍​នៃ​ការ​ដឹង​គុណ និង​ភាព​ជោគជ័យ ។ ខ្ញុំ​បាន​សម្លឹង​មើល​មុខ​សមាជិក​រាប់​រយ​នាក់​ដែល​កំពុង​ចូល​រួម ។ ខ្ញុំ​អាច​នឹក​ចាំ​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​ទាក់ទង​នឹង​ពួកគេ​ម្នាក់ៗ ។

គឺ​បងប្អូន​ប្រុស​ស្រី​ទាំង​នោះ​ហើយ​ដែល​បាន​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក អ្នក​ដែល​ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​ចូល​រួម​ព្រះវិហារ​បរិសុទ្ធ​ដំបូង​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​យុវវ័យ និង​គូ​ស្វាមី​ភរិយា​ដែល​ខ្ញុំ​បាន​ញែក​ចេញ ឬ​ដោះ​លែង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​បម្រើ កាល​ពួកគេ​បាន​ឆ្លង​កាត់​ការ​សាកល្បង និង​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​នូវ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ចំពោះ​ពួកគេ​ម្នាក់ៗ ។ ខ្ញុំ​បាន​រក​ឃើញ​អំណរ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ការ​បម្រើ​ពួកគេ ហើយ​បាន​រីករាយ​នៅ​ក្នុង​ការ​កើន​ឡើង​នូវ​ភាព​ស្មោះត្រង់ និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « រឿង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​សាសនាចក្រ​គឺ​ពុំ​មែន​ស្ថិតិ​ដែល​ត្រូវ​រាយការណ៍ ឬ​ការ​ប្រជុំ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ថា តើ​មនុស្ស​ម្នាក់ៗ—បាន​បម្រើ​ដល់​មនុស្ស​ម្នាក់​ម្ដង​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​—ត្រូវ​បាន​លើក​ស្ទួយ ហើយ​បាន​លើក​ទឹក​ចិត្ត ហើយ​នៅ​ទីបំផុត​បាន​ផ្លាស់ប្ដូរ​ដែរ​ឬ​អត់ » ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​យើង​សកម្ម​នៅ​ក្នុង​ដំណឹងល្អ​ដែរ​ឬ​ទេ ឬ​យើង​គ្រាន់តែ​រវល់​នៅ​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ ? គន្លឹះ​ដ៏​សំខាន់​គឺ​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​កិច្ចការ ។ បើ​យើង​ធ្វើ​កិច្ចការ​នោះ យើង​នឹង​ផ្ដោត​លើ​ការ​ជួយ​សង្គ្រោះ​បុគ្គល​ម្នាក់ៗ​ដោយ​ឯក​ឯង ជា​ជាង​ផ្ដោត​លើ​ការធ្វើ​កិច្ចការ និង​ការ​អនុវត្ត​កម្មវិធី ។

តើ​បងប្អូន​ធ្លាប់​សួរ​ខ្លួន​ឯង​ទេ បើ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​កាន់​វួដ ឬ​សាខា​របស់​បងប្អូន​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ តើ​វា​នឹង​មាន​ទិដ្ឋភាព​បែប​ណា​ទៅ ? តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ខ្លះ ? តើ​ទ្រង់​នឹង​ខ្វល់​ខ្វាយ​ចង់​ដឹង​ថា រូបភាព​ល្អ​គ្រប់​គ្រាន់ ឬ​បើ​កៅអី​នៅ​ក្នុង​ថ្នាក់​រៀន​តម្រៀប​ត្រឹមត្រូវ​ដែរ​ឬទេ ? ឬ​ក៏​ទ្រង់​នឹង​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​ទ្រង់​អាច​ស្រឡាញ់ បង្រៀន និង​ប្រទាន​ពរ​ទៅវិញ ? ប្រហែល​ជា​ទ្រង់​នឹង​ស្វែង​រក​សមាជិក​ថ្មី​ម្នាក់ ឬ​មិត្ត​ម្នាក់​ដើម្បី​ស្វាគមន៍ បងប្អូន​ប្រុស​ស្រី​ម្នាក់​ដែល​មាន​ជំងឺ ហើយ​ត្រូវការ​ការ​លួង​លោម​ចិត្ត ឬ​យុវវ័យ​វង្វេង​ផ្លូវ​ម្នាក់​ដែល​ត្រូវការ​ការ​លើក​ស្ទួយ និង​ការ​លើក​ទឹក​ចិត្ត ។

តើ​ព្រះយេស៊ូវ​នឹង​ចូល​រួម​ថ្នាក់​ណា​ខ្លះ ? ខ្ញុំ​គិត​ថា ទ្រង់​នឹង​ចូល​ទៅ​ថ្នាក់​កុមារ​មុន​គេ ។ ទ្រង់​ប្រហែល​ជា​លុត​ជង្គង់​ចុះ ហើយ​មាន​បន្ទូល​នឹង​ពួកគេ ។ ទ្រង់​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ និទាន​រឿង​ប្រាប់​ពួកគេ សរសើរ​ដល់​គំនូរ​របស់​ពួកគេ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ឥរិយាបថ​របស់​ទ្រង់​នឹង​មាន​ភាព​សាមញ្ញ ពិត​ប្រាកដ ហើយ​គ្មាន​ការ​ធ្វើ​ពុត​ឡើយ ។ តើ​យើង​អាច​ធ្វើ​រឿង​ដូចគ្នា​ដែរ​ឬទេ ?

ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា នៅ​ពេល​បងប្អូន​ខិតខំ​ធ្វើ​តាម​ព្រះអម្ចាស់ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការស្វែង​រក​មនុស្ស​ដែល​បងប្អូន​អាច​ជួយ ហើយ​ផ្ដល់​ពរ​ជ័យ​ឡើយ ។ នៅ​ព្រះវិហារ​បងប្អូន​នឹង​ផ្ដោត​លើ​ការ​បង្រៀន​បុគ្គល​ម្នាក់ៗ និង​ការ​ធ្វើ​ឲ្យ​ដួង​ចិត្ត​ពួកគេ​រីករាយ ។ កង្វល់​របស់​បងប្អូន​គឺ ដើម្បី​លើក​កម្ពស់​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ជាជាង​ការ​រៀបចំ​សកម្មភាព​ដ៏​ល្អ​ឥតខ្ចោះ​មួយ ដើម្បី​បម្រើ​ដល់​សមាជិក​ផ្សេង​ទៀត​ជា​ជាង​រាប់​ចំនួន​សួរ​សុខ​ទុក្ខ​ដែល​បងប្អូន​បាន​ធ្វើ ។ វា​ពុំ​មែន​ដើម្បី​បងប្អូន​ទេ ប៉ុន្តែ​ដើម្បី​ពួកគេ ដែល​យើង​ហៅ​ថា បងប្អូន​ប្រុស​ស្រី​របស់​យើង ។

ពេលខ្លះ​យើង​និយាយ​អំពី​ការ​ទៅ​ព្រះវិហារ ។ ប៉ុន្តែ​សាសនាចក្រ​គឺ​លើស​ពី​អគារ​ឬ​កន្លែង​ជាក់​លាក់​មួយ​ទៅ​ទៀត ។ វា​ពិត ហើយ​សកម្ម​ចំពោះ​ការ​រស់​នៅ​ដ៏​រាបសា​បំផុត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​បំផុត​នៃ​ពិភពលោក ដូចគ្នា​នឹង​នៅ​ឯ​ទីស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​សលត៍ លេក​ដែរ ។ ព្រះអម្ចាស់​ផ្ទាល់​បាន​មាន​បន្ទូល​ថា​« ដ្បិត​កន្លែង​ណា​ដែល​មាន ២ ឬ ៣ នាក់​ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ »។

យើង​នាំ​យក​សាសនាចក្រ​ទៅ​ជាមួយ​នឹង​យើង​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ ៖ កន្លែង​ធ្វើ​ការ សាលារៀន ដើរ​កម្សាន្ត ហើយ​ជា​ពិសេស​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។ វត្តមាន និង​ឥទ្ធិពល​របស់​យើង​អាច​ល្មម​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ទីកន្លែង​ណា​ដែល​យើង​ទៅ​ក្លាយ​ជា​ទីបរិសុទ្ធ​មួយ ។

ខ្ញុំ​ចាំ​ពី​ការ​សន្ទនា​មួយ​ដែល​ខ្ញុំ​មាន​ជាមួយ​នឹង​មិត្ត​ម្នាក់​ដែល​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ​របស់​យើង ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា បុរស​ដែល​មាន​ភាព​សក្ដិសម​គ្រប់​រូប​ក្នុង​សាសនាចក្រ​របស់​យើង​អាច​ទទួល​បព្វជិតភាព ។ គាត់​បាន​សួរ​ថា « ចុះ​តើ​មាន​អ្នក​កាន់​បព្វជិតភាព​ប៉ុន្មាន​នាក់​នៅ​ក្នុង​វួដ​របស់​លោក ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ចន្លោះ​ពី ៣០ ទៅ ៤០ នាក់ » ។

គាត់​បាន​បន្ត​ថា « នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ យើង​មាន​តែ​សង្ឃ​ម្នាក់​គត់ ។ ហេតុអ្វី​លោក​ត្រូវ​ការ​ពួក​សង្ឃ​ច្រើន​ម្ល៉េះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ? »

យោង​តាម​សំណួរ​របស់​គាត់ ខ្ញុំ​ទទួល​ការ​បំផុស​គំនិត​ឲ្យ​តប​ថា « ខ្ញុំ​យល់​ស្រប​នឹង​លោក ។ ខ្ញុំ​គិត​ថា យើង​មិន​ត្រូវការ​ពួកអ្នក​កាន់​បព្វជិតភាព​ច្រើន​បែប​នេះ​នៅ​ព្រះវិហារ​នា​ថ្ងៃ​អាទិត្យ​នោះ​ទេ ។ ប៉ុន្តែ​យើង​ពិត​ជា​ត្រូវការ​អ្នក​កាន់​បព្វជិតភាព​ម្នាក់​នៅ​គ្រប់​គេហដ្ឋាន ។ ហើយ​នៅពេល​គ្មាន​បព្វជិតភាព​នៅ​ក្នុង​គេហដ្ឋាន​មួយ អ្នក​កាន់​បព្វជិតភាព​ផ្សេង​ទៀត​ត្រូវ​បាន​ហៅ​ឲ្យ​មើល​ថែ ហើយ​បម្រើ​ដល់​គ្រួសារ​នោះ » ។

កាតព្វ​កិច្ច​របស់​យើង​ពុំ​មែន​គ្រាន់​តែ​នៅ​ថ្ងៃ​អាទិត្យ​ឯ​ព្រះវិហារ​ប៉ុណ្ណោះ​ទេ ។ ការ​ថ្វាយ​បង្គំ​របស់​យើង​បន្ត​រៀង​រាល់​ថ្ងៃ​នៅ​អំឡុង​សប្ដាហ៍ មិន​ថា​យើង​នៅ​ទីណា ហើយ​ធ្វើ​អ្វី​នោះ​ទេ ។ ជា​ពិសេស គេហដ្ឋាន​របស់​យើង​គឺជា​« ទីជម្រក​ចម្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង » ។ ជារឿយៗ គឺ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​នោះ​ហើយ​ដែល​យើង​អធិស្ឋាន យើង​ប្រសិទ្ធពរ យើង​សិក្សា យើង​បង្រៀន​បន្ទូល​នៃ​ព្រះ ហើយ​យើង​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ ។ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ថា គេហដ្ឋាន​របស់​យើង​គឺ​ជា​កន្លែង​ពិសិដ្ឋ​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ—ហើយ​ពេល​ខ្លះ​ច្រើន​ជាង​កន្លែង​ផ្លូវ​ការ​ដែល​យើង​ថ្វាយ​បង្គំ​ទៅ​ទៀត ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ភាព​រឹង​មាំ និង​ភាព​ក្លៀវ​ក្លា​របស់​វា​កើត​ចេញ​មក​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​ពួក​សិស្ស​របស់​ទ្រង់​រាប់​លាន​នាក់ ដែល​ខិតខំ​រៀង​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​តាម​គំរូ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​មើល​ថែ​ដល់​មនុស្ស​ដទៃ ។ ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ដឹកនាំ​សាសនាចក្រ​នេះ ។ ប្រធាន រ័សុល អិម ណិលសុន​គឺជា​ព្យាការី​ដែល​ទ្រង់បាន​ជ្រើស​រើស​ដើម្បី​ដឹកនាំ ហើយ​ណែនាំ យើង​នៅ​ក្នុង​ជំនាន់​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ពី​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. នីហ្វៃទី ៣ ២៦:២១ ។

  2. សូម​មើល រ័សុល អិម ណិលសុន general conference leadership meeting ខែ មេសា ឆ្នាំ ២០១២ ។

  3. អិម រ័សុល បាឡឺដ​« O Be Wise » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២០ ។

  4. ម៉ាថាយ ១៨:២០ ។

  5. រ័សុល អិម ណិលសុន​« The Doctrinal Importance of Marriage and Children » ( worldwide leadership training meeting ខែ កុម្ភៈ ឆ្នាំ ២០១២ ) នៅលើ​គេហទំព័រ broadcasts.lds.org ។