ឆ្នាំ ២០១០-២០១៩
ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​រាបសា
ខែ មេសា ឆ្នាំ ២០១៨


2:3

ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​រាបសា

ភាពស្លូតបូត​គឺ​ជា​លក្ខណៈ​សំខាន់​របស់​ព្រះប្រោសលោះ ហើយ​ត្រូវបាន​ញែក​ដាច់​តាមរយៈ​ការឆ្លើយតប​ដោយ​សុចរិត មាន​ឆន្ទៈ​ចុះចូល និង​មាន​ការគ្រប់គ្រង​ខ្លួន​ឯង​រឹងប៉ឹង ។

ខ្ញុំ​រីករាយ​នៅក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​ដើម្បី​គាំទ្រ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ហើយ​ខ្ញុំ​សូម​ស្វាគមន៍​ដោយ​ស្មោះអស់​ពី​ជម្រៅ​ដួងចិត្ត​ដល់​អែលឌើរ ហ្កង និង​អែលឌើរ សូរ៉េស ចូលមក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ការបម្រើ​ដ៏​ស្មោះត្រង់​របស់​ពួកលោក​នឹង​ផ្តល់​ពរ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅ​ទូទាំង​ពិភពលោក ហើយ​ខ្ញុំ​មាន​ចិត្ត​អន្ទះសារ​ដើម្បី​បម្រើ និង​រៀន​ជាមួយ​នឹង​ពួកលោក ។

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន ហើយ​បំភ្លឺ​ដល់​យើង ពេល​យើង​រៀន​ជាមួយ​គ្នា​អំពី​កត្តា​សំខាន់​មួយ​នៃ​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​របស់​ព្រះអង្គស​ង្គ្រោះ​ ដែល​ពួកយើង​ម្នាក់ៗ​គួរតែ​ព្យាយាម​យក​ធ្វើ​ជា​គំរូ​តាម ។

ខ្ញុំ​នឹង​លើក​បង្ហាញ​ឧទាហរណ៍​បួន​ប្រាំ​ដែល​គូស​បញ្ជាក់​អំពី​គុណសម្បត្តិ​ដូច​ព្រះគ្រីស្ទ​នេះ ពីមុន​ស្វែងរក​លក្ខណៈ​ពិសេស​នៅពេល​ក្រោយ​ទៀត​នៅក្នុង​សារលិខិត​របស់​ខ្ញុំ ។ សូម​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​ឧទាហរណ៍​នីមួយៗ ហើយ​ពិចារណា​ជាមួយ​ខ្ញុំ​អំពី​ចម្លើយ​ដែល​អាច​កើត​មាន​ចំពោះ​សំណួរ​ដែល​ខ្ញុំ​នឹង​សួរ ។

ឧទាហរណ៍ទី ១ ។ កំលោះ​អ្នក​មាន និង​អាមូលេក

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​រៀន​អំពី​កំលោះ​អ្នក​មាន​ម្នាក់​ដែល​បាន​ទូល​សួរ​ព្រះ​យេស៊ូវ​ថា « លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ? » ដំបូង​ព្រះអង្គសង្គ្រោះ​បាន​ក្រើន​រំឭក​គាត់​ឲ្យ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ ។ បន្ទាប់​មក ទ្រង់​បាន​ប្រទាន​តម្រូវការ​បន្ថែម​មួយ​ទៀត​ដល់​កំលោះ​នោះ​ដែល​ត្រូវនឹង​តម្រូវការ និង​កាលៈទេសៈ​ជាក់លាក់​របស់​គាត់ ។

« នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ ។

កាល​មនុស្ស​កំលោះ​បាន​ឮ​ព្រះបន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន » ។

សូម​ប្រៀបធៀប​ចម្លើយ​របស់​កំលោះ​អ្នក​មាន​ជាមួយ​នឹង​បទពិសោធន៍​របស់​អាមូលេក ដូច​បាន​ពិពណ៌​នា​នៅក្នុង​ព្រះគម្ពីរ​មរមន ។ អាមូលេក​គឺ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មានទ្រព្យ​សម្បត្តិ ជាមួយ​នឹង​សាច់ញាតិ និង​មិត្ត​ជាច្រើន ។ លោក​បាន​ពិពណ៌នា​អំពី​ខ្លួន​លោក​ថា ជា​មនុស្ស​ដែល​ត្រូវបាន​ហៅ​ជា​ច្រើន​ដង ប៉ុន្តែ​ធ្វើ​ជា​ពុំ​ឮ ជា​មនុស្ស​ដែល​បាន​ដឹង​អំពី​ការណ៍​ទាំងឡាយ​នៃ​ព្រះ ប៉ុន្តែ​ធ្វើ​ជា​មិន​ដឹង ។ ប្រាកដ​ណាស់ អាមូលេក​គឺ​ជា​មនុស្ស​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​ត្រូវបាន​បង្វែរ​ដោយ​កង្វល់​នៃ​លោកិយ​ច្រើន​ដូចជា​កំលោះ​អ្នក​មាន​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នោះ​ដែរ ។

ទោះបី​លោក​ធ្លាប់​ពង្រឹង​ចិត្ត​របស់​លោក​កាល​ពីមុន​ក្តី អាមូលេក​បាន​គោរព​តាម​សំឡេង​នៃ​ទេវតា​មួយ​អង្គ បាន​ទទួល​ព្យាការី​អាលម៉ា​ឲ្យ​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​ផ្តល់​អាហារ​ដល់​លោក ។ លោក​ត្រូវបាន​បំផុសគំនិត​ខាង​វិញ្ញាណ​អំឡុងពេល​ដែល​ជួប​អាលម៉ា ហើយ​ត្រូវ​បានហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ។ បន្ទាប់​មក អាមូលេក​បាន​បោះបង់​ចោល « មាស និង​ប្រាក់​ទាំង​អស់​របស់​លោក និង​វត្ថុ​មាន​តម្លៃៗ​របស់​លោក … ដើម្បី​ព្រះ​បន្ទូល​នៃ​ព្រះ [ ហើយ​ត្រូវបាន ] បដិសេធ​ដោយ​ពួក​អ្នក​ដែល​ធ្លាប់​ជា​មិត្តភក្តិ​របស់​លោក និង​ដោយ​ឪពុក​លោក និង​ញាតិ​សន្តាន​របស់​លោក​ផង​ដែរ » ។

តើ​អ្នក​គិត​ថា អ្វី​ទៅ​ជា​មូលហេតុ​ខុស​គ្នា​រវាង​ចម្លើយ​របស់​កំលោះ​អ្នកមាន និង អាមូលេក ?

ឧទាហរណ៍ទី ២ ។ ពេហូរ៉ាន

អំឡុងពេល​សង្គ្រាម​ដ៏​គ្រោះថ្នាក់​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន សំបុត្រ​ឆ្លើយឆ្លង​គ្នា​រវាង​មរ៉ូណៃ​ជា​មេទ័ព​នៃ​ទាហាន​ពួកសាសន៍​នីហ្វៃ និង​ពេហូរ៉ាន ដែល​ជា​មេចៅក្រម និង​ជា​អភិបាល​នៃ​ដែនដី ។ មរ៉ូណៃ​ដែល​មាន​ទាហាន​រងទុក្ខ​ដោយសារ​ការខ្វះ​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល បាន​សរសេរ​សំបុត្រ​ទៅ​ពេហូរ៉ាន « ទុកជា​ការកាត់​ទោស » ហើយ​បាន​ចោទប្រកាន់​លោក និង​បងប្អូន​លោក​ដែល​ជា​អ្នក​ដឹកនាំ​ថា ពុំ​ចេះ​គិតគូរ ខ្ជិល​ច្រអូស ធ្វេសប្រហែស និង​ថែម​ទាំង​ចោទ​ថា ក្បត់​ជាតិ​ទៀត​ផង ។

ពេហូរ៉ាន​អាច​ងាយ​នឹង​អន់​ចិត្ត​ចំពោះ​មរ៉ូណៃ និង​ការចោទ​ប្រកាន់​ខុស​របស់​លោក ប៉ុន្តែ​ពេហូរ៉ាន​ពុំ​បាន​អាក់​អន់​ចិត្ត​ឡើយ ។ លោក​បាន​ឆ្លើយ​តប​ទៅ​វិញ​ដោយ​សេចក្តីអាណិតអាសូរ ហើយ​បាន​ពិពណ៌នា​អំពី​ការបះបោរ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​មរ៉ូណៃ​ពុំ​បាន​ដឹង ។ ហើយ​ក្រោយ​មក​ពេហូរ៉ាន​បាន​ប្រកាស​ថា ៖

« មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​គឺ​មរ៉ូណៃ​ថា ខ្ញុំ​ពុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធំ​ទាំង​ឡាយ​របស់​អ្នក​ទេ មែន​ហើយ វា​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ​វិញ ។…

…នៅ​ក្នុង​សំបុត្រ​របស់​អ្នក អ្នក​បាន​រិះគន់​ខ្ញុំ ប៉ុន្តែ​វា​មិន​ជា​អ្វី​ទេ ខ្ញុំ​មិន​ខឹង​ទេ ប៉ុន្តែ​អរ​រីករាយ​នឹង​ចិត្ត​ខ្ពង់ខ្ពស់​របស់​អ្នក » ។

តើ​អ្នក​គិត​ថា អ្វី​ទៅ​ជា​មូលហេតុ​ដែល​ពេហូរ៉ាន​មាន​ការអត់ធ្មត់​ឆ្លើយ​តប​ទៅនឹង​ការចោទ​ប្រកាន់​របស់​មរ៉ូណៃ ?

ឧទាហរណ៍ទី ៣ ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន ហិនរី ប៊ី អាវរិង

នៅក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ប្រាំមួយ​ខែ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​ការឆ្លើយតប​របស់​លោក​ចំពោះ​ការអញ្ជើញ​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ដើម្បី​សិក្សា ពិចារណា និង​អនុវត្ត​សេចក្តីពិត​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ លោក​បាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​ការទូន្មាន​របស់​លោក ។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត ខ្ញុំ​បាន​ធ្វើ​បញ្ជី​ថា តើ​ព្រះគម្ពីរ​មរមន គឺជា អ្វី អ្វី​ដែល​វា អះអាង បដិសេធ បំពេញ បញ្ជាក់ បើកសម្តែង ។ ដោយ​ពិនិត្យ​មើល​ព្រះគម្ពីរ​មរមន​តាម​របៀប​នេះ វា​បាន​ក្លាយ​ជា​ការ​អនុវត្ត​មួយ​ដែល​ធ្វើ​ឲ្យ​យល់​ច្បាស់ ហើយ​បំផុស​គំនិត ! ខ្ញុំ​សូម​ឲ្យ​បងប្អូន​ម្នាក់ៗ​ធ្វើ​តាម​របៀប​នេះ » ។

ដូចគ្នា​នោះ​ផងដែរ​ប្រធាន ហិនរី ប៊ី អាវរិង បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៅក្នុង​ជីវិត​របស់​លោក​អំពី​ការស្នើសុំ​របស់​ប្រធាន​ម៉នសុន ។ លោក​បាន​សង្កេត​ឃើញ​ថា ៖

« ជាមួយ​នឹង​ទីបន្ទាល់​នេះ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​ហើយ ។ ប្រហែល​ជា​ខ្ញុំ​អាច​មាន​ហេតុ​ផល​ថា ប្រសាសន៍​របស់​ប្រធាន​ម៉នសុន​គឺ​សម្រាប់​អ្នក​ដទៃ​ទៀត ។ ប៉ុន្តែ​ដូច​បងប្អូន​ជា​ច្រើន​ដែរ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការលើក​ទឹកចិត្ត​ពី​ព្យាការី និង​ការសន្យា​របស់​លោក​ចំពោះ​ខ្ញុំ​ឲ្យ​ខិតខំ​កាន់តែ​ខ្នះខ្នែង​ឡើង ។…

លទ្ធផល​ដ៏​ជា​ទីរីករាយ​សម្រាប់​ខ្ញុំ និង​បងប្អូន​ជា​ច្រើន គឺ​ជា​អ្វី​ដែល​ព្យាការី​បាន​សន្យា ។

តើ​អ្នក​គិត​ថា អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការឆ្លើយ​តប​ភ្លាមៗ និង​ដោយ​ស្មោះ​ចំពោះ​ការអញ្ជើញ​របស់​ប្រធាន​ម៉នសុន​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ទាំងពីរ​រូប​នេះ ?

ខ្ញុំ​មិន​កំពុង​ផ្តល់​យោបល់​ថា ការឆ្លើយតប​ខាង​វិញ្ញាណ​ដ៏​រឹងប៉ឹង​របស់​អាមូលេក, ពេហូរ៉ាន, ប្រធាន ណិលសុន និង ប្រធាន អាវរិង គឺ​ជា​លទ្ធផល​តែ​មួយ​គត់​នៃ​គុណសម្បត្តិ​ដូច​ព្រះគ្រីស្ទ​ឡើយ ។ ប្រាកដ​ណាស់ មាន​លក្ខណៈ​ទាក់ទង និង​បទពិសោធន៍​ជាច្រើន​ទៀត​ដែល​បាន​ដឹកនាំ​ទៅរក​ភាពចាស់​ទុំ​ខាង​វិញ្ញាណ​ដែល​បាន​បង្ហាញ​នៅក្នុង​ជីវិត​នៃ​ពួកអ្នក​បម្រើ​ដ៏​ថ្លៃថ្នូរ​ទាំង​បួន​រូប​នេះ ។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ និង​ពួកព្យាការី​របស់​ទ្រង់​បាន​ផ្តោត​លើ​គុណសម្បត្តិ​ចាំបាច់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ការ​ដើម្បី​យល់​កាន់តែ​ច្បាស់ ហើយ​ព្យាយាម​អភិវឌ្ឍ​នៅក្នុង​ជីវិត​របស់​យើង ។

ភាព​ស្លូតបូត

សូម​កត់សម្គាល់​ពី​បុគ្គលិកលក្ខណៈ​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ទ្រង់​នៅក្នុង​ខគម្ពីរ​ដូច​តទៅ​នេះ ៖ « សូម​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នករាល់គ្នា នឹង​បាន​សេចក្តីសម្រាក​ដល់​ព្រលឹង ។

យើង​គួរ​រៀន​អ្វី​មួយ​មក​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជ្រើសរើស​ដើម្បី​គូស​បញ្ជាក់​អំពី​ភាពស្លូតបូត​ពី​ក្នុង​ចំណោម​លក្ខណៈ​ទាំងអស់ និង​គុណធម៌​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ការជ្រើសរើស ។

លំនាំ​ស្រដៀង​គ្នា​នេះ​រក​ឃើញ​នៅក្នុង​វិរណៈ​ដែល​បាន​ទទួល​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ ក្នុង​ឆ្នាំ ១៨២៩ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូត​បូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះអ្នក​នឹង​បាន​សេចក្ដីសុខសាន្ដ​ក្នុង​យើង » ។

ភាពស្លូតបូត​គឺ​ជា​លក្ខណៈ​សំខាន់​របស់​ព្រះប្រោសលោះ ហើយ​ត្រូវបាន​ញែក​ដាច់​តាមរយៈ​ការឆ្លើយតប​ដោយ​សុចរិត មាន​ឆន្ទៈ​ចុះចូល និង​មាន​ការគ្រប់គ្រង​ខ្លួន​ឯង​រឹងប៉ឹង ។ គុណសម្បត្តិ​នេះ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ពេញលេញ​អំពី​ប្រតិកម្ម​រៀងៗ​ខ្លួន​របស់​អាមូលេក, ពេហូរ៉ាន, ប្រធាន ណិលសុន និង ប្រធាន អាវរិង ។

ឧទាហរណ៍ ប្រធាន ណិលសុន និង ប្រធាន អាវរិង បាន​ឆ្លើយតប​ដោយ​សុចរិត និង​ឆាប់​រហ័ស​ចំពោះ​ការលើក​ទឹកចិត្ត​របស់​ប្រធាន ម៉នសុន ឲ្យ​អាន និង​សិក្សា​ព្រះគម្ពីរ​មរមន ។ ទោះបីជា​ពួកលោក​ទាំង​ពីរ​រូប​នេះ​បម្រើ​នៅក្នុង​មុខងារ​សំខាន់ និង​អាច​មើល​ឃើញ​នឹង​ភ្នែក ព្រមទាំង​បាន​សិក្សា​ព្រះគម្ពីរ​យ៉ាង​ទូលំទូលាយ​អស់​ជា​ច្រើន​ទសវត្សរ៍​ក្តី ក៏​ពួកលោក​បាន​បង្ហាញ​នៅក្នុង​ការឆ្លើយ​តប​របស់​ពួកលោក​ដោយ​គ្មាន​ការស្ទាក់ស្ទើរ ឬ​ដោយសារ​ពួកលោក​ជា​មនុស្ស​សំខាន់​ឡើយ ។

អាមូលេក​មាន​ឆន្ទៈ​ចុះចូល​ចំពោះ​ព្រះទ័យ​របស់​ព្រះ បាន​ទទួល​យក​ការហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ហើយ​ទុក​កាលៈទេសៈ​ដ៏​ល្អ​របស់​គាត់ និង​ទំនាក់ទំនង​ក្រុមគ្រួសារ​មួយ​អន្លើរ​សិន ។ ហើយ​ពេហូរ៉ាន​ត្រូវបាន​ទទួល​ពរ​ជាមួយ​នឹង​ការយល់​ដឹង និង​ការគ្រប់គ្រង​ខ្លួន​ឯង​រឹងប៉ឹង​ដើម្បី​អនុវត្ត ជាជាង​ប្រតិកម្ម​ទៅតាម​អ្វី​ដែល​លោក​បាន​ពន្យល់​ទៅ​មរ៉ូណៃ​អំពី​ឧបសគ្គ​ដែល​កើត​ឡើង​មក​ពី​ការបះបោរ​ប្រឆាំង​ទាស់​នឹង​រដ្ឋាភិបាល ។

ជារឿយៗ គុណសម្បត្តិ​នៃ​ភាពស្លូតបូត​ដូច​ព្រះគ្រីស្ទ​គឺ​ត្រូវបាន​ភាន់ច្រឡំ​នៅក្នុង​ពិភពលោក​សម័យ​ទំនើប​របស់​យើង​នេះ ។ ភាពស្លូតបូត​គឺ​ជាភាព​រឹងប៉ឹង ពុំ​មែន​ទន់ខ្សោយ​ទេ ជាសកម្ម ពុំ​មែន​អកម្ម​ទេ ជា​ភាពក្លាហាន ពុំមែន​មុខខ្មូរ​នោះ​ទេ ជា​ការដាក់​បង្ខាំង ពុំមែន​ជ្រុល​និយម​ទេ ជា​ភាពរាបសា ពុំ​មែន​លើក​តម្លើង​ខ្លួន​ទេ ជា​ការមាន​សន្តាន​ចិត្ត​ល្អ ពុំ​មែន​កាចសាហាវ​ទេ ។ មនុស្ស​ស្លូតបូត​គឺ​ពុំ​រហ័ស​ខឹង​ពុំ​ចេះ​អួតអាង ឬ​ពុំ​ក្អេងក្អាង និង​ទទួល​ស្គាល់​សមិទ្ធផល​របស់​អ្នក​ដទៃ​ដោយ​ពុំ​ស្ទាក់ស្ទើរ​ចិត្ត ។

ទោះបីជា ភាព​រាបសា ជាទូទៅ​ពិពណ៌នា​អំពី​ការពឹងផ្អែក​លើ​ព្រះ និង​តម្រូវការ​ខ្ជាប់ខ្ជួន​សម្រាប់​ការណែនាំ និង​ការគាំទ្រ​របស់​ទ្រង់​ក្តី ក៏​បុគ្គលិលក្ខណៈ​ដាច់​ដោយ​ឡែកនៃ ភាព​ស្លូតបូត គឺ​ងាយទទួល​អារម្មណ៍​ខាង​វិញ្ញាណ​ជាក់លាក់ ដើម្បី​រៀន​ទាំង​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​មក​ពី​មនុស្ស​ដែល​ហាក់បី​ដូច​ជា​ពុំ​សូវ​មាន​សមត្ថភាព ពុំ​សូវ​មាន​បទពិសោធន៍ ឬ​ពុំ​សូវ​មាន​ការអប់រំ ជា​អ្នក​ដែល​គ្មាន​កាន់​មុខងារ​សំខាន់ ឬ​អ្នក​ដែល​មើល​ទៅ​ទំនង​ជា​នឹង​ពុំ​មាន​អ្វី​ច្រើន​ដើម្បី​រួម​ចំណែក​បាន​ច្រើន​នោះ ។ សូម​រំឭក​អំពី​ណាម៉ាន់ មេទ័ព​របស់​ស្តេច​ស៊ីរី បាន​យក​ឈ្នះ​លើ​អំនួត​របស់​លោក ហើយ​បាន​ទទួល​ការទូន្មាន​ដ៏​ស្លូតបូត​មក​ពី​អ្នកបម្រើ​របស់​លោក​ដើម្បី​ធ្វើ​តាម​អេលីសេ​ជា​ព្យាការី ហើយ​បាន​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង ។ ភាពស្លូតបូត​គឺ​ជា​ការការពារ​ដ៏​ចម្បង​មក​ពី​កង្វាក់​នៃ​អំនួត​ដែល​ជារឿយៗ​កើត​ឡើង​មក​ពី កេរ្តិ៍​ឈ្មោះ តំណែង អំណាច ទ្រព្យ​សម្បត្តិ និង​ការសរសើរ ។

ភាពស្លូតបូត—គឺ​ជា​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង​ជា​អំណោយ​ទាន​ខាង​វិញ្ញាណ

ភាពស្លូតបូត​គឺ​ជា​លក្ខណៈ​មួយ​ដែល​បាន​អភិវឌ្ឍ​តាមរយៈ​បំណង​ប្រាថ្នា ការអនុវត្ត​ដោយ​សុចរិត​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​ការព្យាយាម​រក្សា​ការផ្តាច់​បាប​របស់​យើង​ជានិច្ច ។ វា​ក៏​ជា​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ដែល​យើង​អាច​ស្វែងរក​បាន​យ៉ាង​សមរម្យ ។ ប៉ុន្តែ​យើង​គួរ​ចងចាំ​ថា គោលបំណង​សម្រាប់​ការប្រទាន​ពរជ័យ​បែប​នោះ​ត្រូវបាន​ប្រទាន​ឲ្យ ព្រមទាំង​ផ្តល់​ប្រយោជន៍ និង​បម្រើ​បុត្រា​បុត្រី​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

នៅពេល​យើង​មក ហើយ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​ប្រែក្លាយ​ដូចទ្រង់​កាន់តែ​ច្រើន​ឡើង និង​បន្តិច​ម្តងៗ ។ យើង​ត្រូវបាន​ផ្តល់​នូវ​អំណាច​ដោយ​ព្រះវិញ្ញាណ​ដែល​លត់​ដំ​ការគ្រប់គ្រង​ខ្លួន​ឯង និង​ឥរិយាបថ​ដែល​ខ្ជាប់ខ្ជួន និង​ស្ងប់សុខ ។ ដូច្នេះ​ភាពស្លូតបូត​គឺ​ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ និង​ពុំមែន​ជា​អ្វីៗ​ដែល​យើង​គ្រាន់តែ​ធ្វើ​ឡើយ ។

ម៉ូសេ « បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សម្តី និង​ការ​ធ្វើ​យ៉ាង​ចំណាន » ។ ប៉ុន្តែ​លោក « សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី » ។ ចំណេះ​ដឹង និង​សមត្ថភាព​របស់​លោក​អាច​បណ្តាល​ឲ្យ​លោក​មាន​អំនួត​បាន ។ ផ្ទុយទៅវិញ ឥរិយាបថ និង​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត​ដែល​លោក​ត្រូវ​បាន​ផ្តល់​ពរ​ឲ្យ​មាន​ភាព​ក្រអឺតក្រទម​តិចតួច​នៅក្នុង​ជីវិត​របស់​លោក ហើយ​បាន​ពង្រីក​សមត្ថភាព​របស់​ម៉ូសេ​ឲ្យ​ក្លាយ​ឧបករណ៍​មួយ​ដើម្បី​សម្រេច​បាន​នូវ​ព្រះ​រាជ្យ​បំណង​របស់​ព្រះ ។

លោក​ចៅហ្វាយ​គឺ​ជា​គំរូ​មួយ​នៃ​ភាព​ស្លូតបូត

គំរូ​ដ៏​ឆ្នើម និង​មាន​អត្ថន័យ​បំផុត​នៃ​ភាព​ស្លូតបូត​គឺ​មាន​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។

ព្រះប្រោសលោះ​ដ៏​មហិមា​ដែល « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ » ហើយ​បាន​រងទុក្ខ និង​ហូរ​លោហិត ហើយ​សុគត « ដើម្បី​យើង​ត្រូវបាន សម្អាត ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង » បាន លាង ជើង​ប្រឡាក់​ដី​ឲ្យ​សាវក​របស់​ទ្រង់ ។ ភាពស្លូតបូត​បែប​នោះ​គឺ ជា​បុគ្គលិកលក្ខណៈ​ដាច់​ដោយ​ឡែក​មួយ​របស់​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​បម្រើ និង​អ្នក​ដឹកនាំ ។

ព្រះយេស៊ូវ​បាន​ប្រទាន​គំរូ​ដ៏​មហិមា​បំផុត​នៃ​ការឆ្លើយ​តប​ដោយ​សុចរិត និង​មាន​ឆន្ទៈ​ចុះចូល កាល​ទ្រង់​រងទុក្ខ​ដ៏​សែន​ឈឺចាប់​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ។

« លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅកាន់ [ ពួកសិស្ស​ទ្រង់ ] ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្តី​ល្បួង​ឡើយ ។

រួច​ទ្រង់​…ក៏​លុត​ព្រះជង្ឃ​កា្រប​ចុះ​អធិស្ឋាន​ថា

ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។

ភាព​ស្លូត​បូត​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​បទពិសោធន៍​ដ៏​ចាំបាច់​អស់កល្ប​ជានិច្ច និង​ពោរពេញ​ដោយ​ក្តីឈឺចាប់​នេះ ចាត់​ទុក​ប្រាជ្ញា​របស់​ព្រះ​ប្រសើរ​ជាង​ប្រាជ្ញា​របស់​យើង ។

ភាព​ខ្ជាប់ខ្ជួន​នៃ​ព្រះទ័យ​ចុះចូល និង​ការគ្រប់គ្រង​ខ្លួន​ឯង​រឹងប៉ឹង​របស់​ព្រះអម្ចាស់​គឺ​ជា​ការបំផុស​គំនិត និង​ជា​មេគំនិត​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។ នៅពេល​ក្រុម​ប្រដាប់​អាវុធ​នៃ​អ្នក​យាម​ព្រះវិហារ​បរិសុទ្ធ និង​ពួកទាហាន​រ៉ូម​បាន​មក​ដល់​សួន​ច្បារ​គែតសេម៉ានី ដើម្បី​ចាប់​ខ្លួន​ព្រះយេស៊ូវ នោះ​ពេត្រុស​បាន​ដក​ដាវ​របស់​គាត់ ហើយ​បាន​កាត់​ស្លឹក​ត្រចៀក​ខាង​ស្តាំ​របស់​អ្នក​បម្រើ​នៃ​សង្ឃ​ជាន់​ខ្ពស់ ។ បន្ទាប់​មក ព្រះអង្គ​សង្គ្រោះ​បាន​ពាល់​ស្លឹក​ត្រចៀក​របស់​អ្នក​បម្រើ​នោះ រួច​បាន​ព្យាបាល​គាត់ ។ សូម​កត់​សម្គាល់​ថា ទ្រង់​បាន​ជួយ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ដែល​នឹង​ប្រុង​ចាប់​ទ្រង់ ដោយ​ប្រើប្រាស់​អំណាច​សួគ៌ា​ដូចគ្នា​នោះ ដែល​អាច​រារាំង​ពី​ការចាប់​ព្រះកាយ​ទ្រង់ និង​ត្រូវ​គេ​ឆ្កាង ។

ក៏​សូម​ពិចារណា​អំពី​របៀប​ដែល​ទ្រង់​ត្រូវបាន​គេ​ចោទ​ប្រកាន់ ហើយ​កាត់​ទោស​នៅ​ចំពោះ​មុខ​ពីឡាត់​ថា​ឲ្យ​ត្រូវ​ឆ្កាង ។ ព្រះយេស៊ូវ​បាន​ប្រកាស​អំឡុង​ពេល​ដែល​គេ​ក្បត់​ទ្រង់​ថា « តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​ដប់ពីរ​កង មក​ខ្ញុំ​ជា​មួយ​រំពេច​ទេ​ឬ​អី ? » ប៉ុន្តែ « ចៅក្រម​ដ៏​អស់​កល្ប​ជានិច្ច​នៃ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង » ត្រូវបាន​ជំនំជម្រះ​នៅ​ចំពោះ​មុខ​អ្នក​ដែល​គេ​តែងតាំង​បណ្តោះអាសន្ន​ខាង​ផ្លូវ​ច្បាប់​ដែល​មិន​គួរ​នឹង​កើត​ឡើង​ទៅ​វិញ ។ « តែ [ ព្រះយេស៊ូវ ] ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់ » ។ ភាព​ស្លូតបូត​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​ការឆ្លើយ​តប​ដ៏​លុតដំ​របស់​ទ្រង់ ការគ្រប់គ្រង​ខ្លួន​ឯង​ដ៏​រឹងប៉ឹង និង​ការគ្មាន​ព្រះទ័យ​ប្រើប្រាស់​អំណាច​ដែល​គ្មាន​ព្រំដែន​របស់​ទ្រង់​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ព្រះអង្គ​ឡើយ ។

ការសន្យា និង​ទីបន្ទាល់

មរមន​បាន​រក​ឃើញ​ភាព​ស្លូតបូត​ថា ជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំ​ឲ្យ​កើត​មាន​នូវ​សមត្ថភាព និង​អំណោយទាន​ខាង​វិញ្ញាណ​ទាំងអស់ ។

« ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​មនុស្ស​ណា​មួយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​អត់​ពី​សេចក្ដី​ជំនឿ​ទៅ នោះ​ពុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើយ ។

ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​នោះ​ពុំ​អាច​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ទេ លើក​លែងតែ​អ្នក​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ។

បើ​សិន​ជា​យ៉ាង​នេះ​មែន នោះ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​ជា​ការ​ឥត​ប្រ​យោជន៍​ទៅ​វិញ ដ្បិត​គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​មនុស្ស​ស្លូតបូត ហើយ​សុភាព​រាបសា​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុ​ភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ដ្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស » ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក » ។ ភាពស្លូតបូត​គឺ​ជា​កត្តា​ចាំបាច់​មួយ​នៃ​លក្ខណៈ​របស់​ព្រះ ហើយ​អាច​ទទួល​បាន និង​អភិវឌ្ឍ​បាន​នៅក្នុង​ជីវិត​របស់​យើង​ដោយសារ និង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះប្រោសលោះ​របស់​យើង​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​មាន​ព្រះជន្ម​រស់នៅ ។ ហើយ​ខ្ញុំ​សូម​សន្យា​ថា ទ្រង់​នឹង​ដឹកនាំ ការពារ និង​ពង្រឹង​យើង​នៅពេល​យើង​ដើរ​នៅក្នុង​ភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​នូវ​សាក្សី​ដ៏​រឹងមាំ​របស់​ខ្ញុំ​អំពី​សេចក្តីពិត និង​ការសន្យា​ទាំង​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ។