ចូរកុំខ្លាចនឹងធ្វើល្អឡើយ
ព្រះអម្ចាស់ប្រាប់យើងថា ពេលយើងឈរលើថ្មដារបស់ទ្រង់ដោយសេចក្តីជំនឿ នោះក្តីសង្ស័យនឹងសាបសូន្យទៅ ហើយបំណងប្រាថ្នាធ្វើល្អនឹងកើនឡើងវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអធិស្ឋានដោយរាបទាបថា ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងគង់នៅជាមួយពួកយើងពេលខ្ញុំនិយាយនាថ្ងៃនេះ ។ ដួងចិត្តខ្ញុំពោរពេញដោយអំណរគុណចំពោះព្រះអម្ចាស់ ជាម្ចាស់នៃសាសនាចក្រនេះ ខ្ញុំមានអំណរគុណចំពោះការបំផុសគំនិតដែលយើងបានទទួលក្នុងការអធិស្ឋានដោយចិត្តស្មោះ ទេសនកថាដ៏បំផុសគំនិត និងចម្រៀងនៃពួកទេវតានៅក្នុងសន្និសីទនេះ ។
កាលពីខែមេសា ប្រធាន ថូម៉ាស អេស ម៉ន បានផ្តល់សារលិខិតមួយដែលជះឥទ្ធិពលលើដួងចិត្តមនុស្សនៅទូទាំងពិភពលោករួមទាំងខ្ញុំផងដែរ ។ លោកបានមានប្រសាសន៍អំពីអំណាចនៃព្រះគម្ពីរមរមន ។ លោកបានជំរុញឲ្យយើងសិក្សា ពិចារណា និងអនុវត្តការបង្រៀនដែលមានក្នុងនោះ ។ លោកបានសន្យាថា ប្រសិនបើយើងលះបង់ពេលវេលារៀងរាល់ថ្ងៃដើម្បីសិក្សា និងពិចារណា ហើយគោរពបទបញ្ញត្តិដែលមានក្នុងព្រះគម្ពីរមរមន នោះយើងនឹងមានទីបន្ទាល់ដ៏ចាំបាច់អំពីសេចក្តីពិតរបស់ព្រះគម្ពីរនេះ ហើយទីបន្ទាល់ដែលយើងទទួលបានអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់នឹងជួយយើងឲ្យស៊ូទ្រាំដោយសុវត្ថិភាពនៅក្នុងគ្រាលំបាក ។ ( សូមមើល «The Power of the Book of Mormon»Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៦–៨៧ ) ។
ដូចបងប្អូនជាច្រើនដែរ ខ្ញុំបានស្តាប់ពាក្យពេចន៍របស់ព្យាការីថា ជាសំឡេងនៃព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំ ។ ហើយដូចបងប្អូនជាច្រើនដែរ ខ្ញុំបានសម្រេចចិត្តធ្វើតាមពាក្យពេចន៍ទាំងនោះ ។ តាំងពីក្មេងរហូតដល់ឥឡូវនេះ ខ្ញុំមានអារម្មណ៍នៃទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ថាព្រះវរបិតា និងព្រះបុត្រាបានបង្ហាញព្រះកាយ និងមានបន្ទូលទៅកាន់យ៉ូសែប ស្ម៊ីធ ហើយថាពួកសាវកពីបុរាណបានមកជួបព្យាការី យ៉ូសែប ដើម្បីស្តារកូនសោបព្វជិតភាពដល់សាសនាចក្រនៃព្រះអម្ចាស់ឡើងវិញ ។
ជាមួយនឹងទីបន្ទាល់នេះ ខ្ញុំបានអានព្រះគម្ពីរមរមនរៀងរាល់ថ្ងៃអស់រយៈពេលជាង ៥០ ឆ្នាំហើយ ។ ដោយសារខ្ញុំបានធ្វើរឿងនេះ នោះខ្ញុំអាចមានហេតុផលគ្រប់គ្រាន់ថា ប្រសាសន៍របស់ប្រធានម៉នសុនគឺសម្រាប់អ្នកដទៃផ្សេងទៀត ។ ប៉ុន្តែដូចបងប្អូនជាច្រើនដែរ ខ្ញុំបានទទួលអារម្មណ៍នៃការលើកទឹកចិត្តពីព្យាការី និងការសន្យារបស់លោកចំពោះខ្ញុំឲ្យខិតខំកាន់តែខ្នះខ្នែងឡើង ។ បងប្អូនជាច្រើនបានធ្វើដូចខ្ញុំ ៖ បានអធិស្ឋានដោយបំណងដ៏ខ្លាំងក្លា បានប្តេជ្ញាចិត្តពិចារណាព្រះគម្ពីរកាន់តែច្រើន ហើយព្យាយាមកាន់តែខ្លាំងក្នុងការបម្រើព្រះអម្ចាស់ និងអ្នកដទៃទៀតជំនួសទ្រង់ ។
លទ្ធផលដ៏ជាទីរីករាយសម្រាប់ខ្ញុំ និងបងប្អូនជាច្រើន គឺជាអ្វីដែលព្យាការីបានសន្យា ។ ពួកយើងដែលទទួលយកការទូន្មានដ៏បំផុសគំនិតរបស់លោកទៅក្នុងដួងចិត្ត បានស្តាប់ឮព្រះវិញ្ញាណកាន់តែច្បាស់ឡើង ។ យើងបានរកឃើញអនុភាពកាន់តែប្រសើរឡើងក្នុងការទប់ទល់នឹងការល្បួង ហើយទទួលអារម្មណ៍នៃសេចក្តីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ លើដំណឹងល្អរបស់ទ្រង់ និងលើសាសនាចក្រដ៏សកម្មរបស់ទ្រង់ ។
នៅក្នុងជំនាន់នៃការកើនឡើងនូវការរំជើបរំជួលក្នុងពិភពលោក អស់អ្នកដែលមានទីបន្ទាល់កើនឡើង បានបណ្តេញក្តីសង្ស័យ និងការភ័យខ្លាចចេញ ហើយបាននាំនូវអារម្មណ៍នៃភាពសុខសាន្តដល់យើងវិញ ។ ការស្តាប់តាមការទូន្មានរបស់ប្រធាន ម៉នសុន មានឥទ្ធិពលពីរដ៏អស្ចារ្យផ្សេងទៀតលើរូបខ្ញុំ ៖ ទីមួយ ព្រះវិញ្ញាណដែលលោកបានសន្យាបានបង្កើតនូវស្មារតីនៃភាពសុទិដ្ឋិនិយមអំពីអ្វីដែលកើតឡើងនាពេលខាងមុខ ទោះបីជាការរំជើបរំជួលក្នុងពិភពលោកនេះហាក់ដូចជាកើនឡើងក្តី ។ ហើយទីពីរ ព្រះអម្ចាស់បានប្រទានដល់ខ្ញុំ—និងបងប្អូន—នូវអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់ចំពោះអស់អ្នកដែលមានទុក្ខព្រួយកាន់តែខ្លាំងឡើង ។ យើងបានទទួលអារម្មណ៍ខ្លាំងឡើងក្នុងបំណងទៅជួយសង្គ្រោះអ្នកដទៃ ។ បំណងប្រាថ្នានោះគឺជាគោលការណ៍សំខាន់នៅក្នុងការងារបម្រើ និងការបង្រៀនរបស់ប្រធានម៉នសុន ។
ព្រះអម្ចាស់បានសន្យានូវសេចក្តីស្រឡាញ់ដល់អ្នកដទៃ ហើយលើកទឹកចិត្តដល់ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ពេលពួកលោកមានកិច្ចការដែលហាក់ដូចជាលំបាកធ្វើនាពេលខាងមុខ ។ ព្រះអម្ចាស់មានបន្ទូលថា ភាពក្លាហានដ៏ចាំបាច់កើតឡើងពីសេចក្តីជំនឿរបស់ពួកគេលើទ្រង់ដែលជាថ្មដារបស់ពួកគេ ៖
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ ឱបុត្រារបស់យើងអើយ ដ្បិតពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រោះចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រោះចុះពូជល្អ នោះអ្នករាល់គ្នាក៏នឹងច្រូតបានពូជល្អទុកជារង្វាន់របស់អ្នកដែរ ។
ហេតុដូច្នេះហើយ កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ដ្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ ។
មើលចុះ យើងមិនបានកាត់ទោសអ្នកទេ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក ។
ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ ។
ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » (គ. និង ស. ៦:៣៣–៣៧) ។
ព្រះអម្ចាស់បានប្រាប់ថ្នាក់ដឹកនាំទ្រង់ពីការស្តារឡើងវិញ ហើយទ្រង់ប្រាប់យើងថា ពេលយើងឈរលើថ្មដារបស់ទ្រង់ដោយសេចក្តីជំនឿ នោះក្តីសង្ស័យនឹងសាបសូន្យទៅ ហើយបំណងប្រាថ្នាធ្វើល្អនឹងកើនឡើងវិញ ។ នៅពេលយើងទទួលយកការអញ្ជើញរបស់ប្រធានម៉នសុនឲ្យដាំក្នុងចិត្តយើងនូវទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះយើងទទួលអនុភាព បំណងប្រាថ្នា និងភាពក្លាហានដើម្បីទៅសង្គ្រោះអ្នកដទៃដោយពុំខ្វល់ខ្វាយពីតម្រូវការរបស់ខ្លួនយើងឡើយ ។
ខ្ញុំបានឃើញសេចក្តីជំនឿ និងភាពក្លាហានបែបនោះជាច្រើនដង កាលពួកបរិសុទ្ធដែលមានជំនឿបានប្រឈមមុខនឹងការលាកល្បងដ៏គួរឲ្យខ្លាច ។ ឧទាហរណ៍មួយ ខ្ញុំបាននៅរដ្ឋអៃដាហូ ពេលទំនប់ទឹក តេតុន ដាម បានបាក់នៅថ្ងៃ ៥ ខែ មិថុនា ឆ្នាំ ១៩៧៦ ។ ទឹកបាក់ទំនប់នោះបានហូរធ្លាក់ចុះមក ។ មនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ។ មានផ្ទះ និងហាងពាណិជ្ជកម្មរាប់ពាន់កន្លែងត្រូវបានបំផ្លិចបំផ្លាញ ។ គួរឲ្យរន្ធត់ណាស់ មានមនុស្សតិចជាង ១៥ នាក់បានស្លាប់ ។
អ្វីដែលខ្ញុំបានឃើញនៅទីនោះ គឺខ្ញុំបានឃើញថា ពួកបរិសុទ្ធថ្ងៃចុងក្រោយឈរយ៉ាងរឹងប៉ឹងនៅលើថ្មដានៃទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ ។ ដោយសារពួកគេជឿជាក់ថា ទ្រង់ទតមើលថែលើពួកគេ នោះពួកគេគ្មានការភ័យព្រួយឡើយ ។ ពួកគេបំភ្លេចការសាកល្បងផ្ទាល់ខ្លួន ដើម្បីទៅសង្គ្រោះអ្នកដទៃ ។ ហើយពួកគេធ្វើដូច្នេះដោយសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ ហើយពុំទាមទារការតបស្នងឡើយ ។
ឧទាហរណ៍ នៅពេលទំនប់ទឹក តេតុន ដាម បានបាក់ គូស្វាមីភរិយាមួយគូជាពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងធ្វើដំណើរចេញឆ្ងាយពីផ្ទះរបស់ពួកគេជាច្រើនគីឡូម៉ែត្រ ។ ពេលពួកគេបានស្តាប់ឮព័ត៌មាននេះតាមវិទ្យុភ្លាម នោះពួកគេប្រញាប់ត្រឡប់ទៅទីក្រុងរីកប៊ើហ្គ វិញ ។ ជាជាងទៅផ្ទះរបស់ពួកគេផ្ទាល់ដើម្បីឃើញថា តើផ្ទះពួកគេខូតខាតឬអត់នោះ ពួកគេបានទៅរកប៊ីស្សពពួកគេវិញ ។ ប៊ីស្សពបាននៅក្នុងអគារមួយដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលជួយសង្គ្រោះ ។ ប៊ីស្សពកំពុងជួយដឹកនាំអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដែលមកដល់ទីនោះដោយជិះឡានសាលាពណ៌លឿង ។
គូស្វាមីភរិយានោះបានដើរសំដៅទៅរកប៊ីស្សប ហើយនិយាយថា « ពួកខ្ញុំទើបតែត្រឡប់មកវិញ ។ ប៊ីស្សព តើយើងអាចជួយនៅទីណាបាន ? » ប៊ីស្សពបានឲ្យឈ្មោះគ្រួសារទៅពួកគេ ។ គូស្វាមីភរិយានោះបានបន្តកាយភក់ និងបាចទឹកចេញពីផ្ទះមួយទៅផ្ទះមួយ ។ ពួកគេបានធ្វើការតាំងពីព្រលឹមទល់ព្រលប់អស់ជាច្រើនថ្ងៃ ។ ទីបំផុតពួកគេបានឈប់សម្រាកដើម្បីទៅមើលផ្ទះរបស់ពួកគេ ។ ផ្ទះរបស់ពួកគេបានលិចលង់ក្នុងទឹក ដោយគ្មានសេសសល់អ្វីទុកឲ្យសម្អាតឡើយ ។ ដូច្នេះជាថ្មីម្ដងទៀតពួកគេបានត្រឡប់ទៅរកប៊ីស្សពពួកគេវិញភ្លាម ។ ពួកគេបានសួរថា « ប៊ីស្សព តើលោកមាននរណាម្នាក់ដែលពួកខ្ញុំអាចជួយដែរឬទេ ? »
អព្ភូតហេតុនៃភាពក្លាហាន និងសេចក្តីសប្បុរសនោះ—ដែលជាសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ—បានបន្តកើតឡើងអស់ជាច្រើនឆ្នាំ និងនៅទូទាំងពិភពលោក ។ វាបានកើតឡើងនៅក្នុងគ្រាដ៏អាក្រក់នៃការបៀតបៀន និងការសាកល្បងក្នុងគ្រាដែលព្យាការី យ៉ូសែប ស៊្មីធ នៅរដ្ឋមិសសួរី ។ វាបានកើតឡើងពេល ព្រិកហាំ យ៉ង់ បានដឹកនាំការធ្វើដំណើរពី ណៅវ៉ូ ហើយក្រោយមកទៀតបានហៅពួកបរិសុទ្ធឲ្យទៅទីវាលខ្សាច់នៅភាគខាងលិចសហរដ្ឋអាមេរិក ដើម្បីជួយគ្នាបង្កើតទីក្រុងស៊ីយ៉ូនថ្វាយព្រះអម្ចាស់ ។
ប្រសិនបើអ្នកអានកំណត់ហេតុរបស់ពួកអ្នកត្រួសត្រាយទាំងនោះ អ្នកនឹងឃើញអព្ភូតហេតុនៃសេចក្តីជំនឿបណ្តេញការសង្ស័យ និងការភ័យខ្លាច ។ ហើយអ្នកអានអំពីពួកបរិសុទ្ធដែលទុកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនមួយអន្លើរ ដើម្បីជួយនរណាម្នាក់ទៀតដែលត្រូវការជំនួយ ពីមុនត្រឡប់ទៅរកចៀម ឬចម្ការដែលពុំទាន់ភ្ជួររាស់របស់ខ្លួន ។
ខ្ញុំបានឃើញអព្ភូតហេតុដូចគ្នានេះកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីព្យុះកំណាច អ៊ីម៉ា នៅ ពឺតតូ រីកូ, សេន ថូម៉ាស់ និងហ្លូរីដា ជាកន្លែងដែលពួកបរិសុទ្ធថ្ងៃចុងក្រោយសហការនឹងព្រះវិហារដទៃទៀត ក្រុមសហគមន៍ក្នុងមូលដ្ឋាន និងអង្គការជាតិក្នុងការចាប់ផ្តើមសម្អាត ។
ដូចជាមិត្តភក្តិរបស់ខ្ញុំនៅ រីកប៊ើហ្គដែរ គូស្វាមីភរិយាមួយគូនៅ ហ្លូរីដា ដែលមិនមែនជាសមាជិក បានផ្តោតលើការជួយដល់សហគមន៍ ជាជាងខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិរបស់ខ្លួន ។ ពេលពួកបរិសុទ្ធមួយចំនួនដែលជាអ្នកជិតខាងផ្តល់ជំនួយកាត់ដើមឈើធំពីរដើមដែលពាំងផ្លូវឡានរបស់ពួកគេ គូស្វាមីភរិយានោះបានពន្យល់ថា ពួកគេមានការស្មុគស្មាញណាស់ ហើយបានទៅជួយអ្នកដទៃទៀត ដោយមានជំនឿថា ព្រះអម្ចាស់នឹងប្រទានជំនួយដែលពួកគេត្រូវការនៅឯផ្ទះរបស់ពួកគេ ។ ក្រោយមកស្វាមីគាត់បានចែកចាយថា ពីមុនសមាជិកសាសនាចក្រយើងបានមកជួយ គូស្វាមីភរិយានោះបានអធិស្ឋាន ។ ពួកគេបានទទួលចម្លើយថា នឹងមានជំនួយបញ្ចូនមក ។ វាបានកើតឡើងនៅអំឡុងពេលប៉ុន្មានម៉ោងក្រោយពីការបញ្ជាក់នោះ ។
ខ្ញុំបានឮព័ត៌មានថា មានមនុស្សមួយចំនួនបានចាប់ផ្តើមហៅពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលពាក់អាវយឺតដៃជំនួយពណ៌លឿងថា « ពួកទេវតាពណ៌លឿង » ។ ស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់បានបើកឡានគាត់មកជួយបម្រើ ហើយបុរសម្នាក់ដែលស្ត្រីនោះជួយបានរៀបរាប់អំពី « បទពិសោធន៍ខាងវិញ្ញាណ » ដែលបុរសនោះបានមាន ពេលពួកអ្នកពាក់អាវពណ៌លឿងបានរំកិលដើមឈើចេញពីរានហាលផ្ទះរបស់គាត់ ហើយគាត់និយាយថា ពួកគេ « បានច្រៀងចម្រៀងមួយបទឲ្យខ្ញុំស្តាប់ស្តីពីការធ្វើជាបុត្ររបស់ព្រះ » ។
មានអ្នករស់នៅរដ្ឋហ្លូរីដា ម្នាក់ទៀត—ដែលពុំមែនជាសមាជិកយើង—បានថ្លែងថា មានពួកបរិសុទ្ធថ្ងៃចុងក្រោយបានមកផ្ទះរបស់គាត់ ពេលគាត់កំពុងរៀបចំនៅក្នុងរានហាលដែលខូចខាតរបស់គាត់ដោយមានអារម្មណ៍ស្មុគស្មាញជាខ្លាំង បែកញើស ហើយហៀបនឹងយំ ។ អ្នកស្ម័គ្រចិត្តទាំងនោះបានធ្វើឲ្យគាត់បន្លឺពាក្យឡើងថា « វាពិតជាអព្ភូតហេតុ » ។ ពួកគេពុំគ្រាន់តែបម្រើដោយឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ពួកគេថែមទាំងមាននូវការសើចសប្បាយ និងស្នាមញញឹមដោយពុំចង់ទទួលការតបស្នងអ្វីឡើយ ។
នៅយប់ជ្រៅនាថ្ងៃសៅរ៍មួយ ខ្ញុំបានឃើញការឧស្សាហ៍ព្យាយាម និងស្តាប់ឮសំឡេងសើចសប្បាយនោះ ពេលខ្ញុំបានទៅសួរសុខទុក្ខពួកបរិសុទ្ធមួយក្រុមនៅក្នុងរដ្ឋហ្លូរីដា ។ ពួកអ្នកស្ម័គ្រចិត្តទាំងនោះបានឈប់ធ្វើការបោសសម្អាតរបស់ពួកគេមួយសន្ទុះ ដោយទុកពេលឲ្យខ្ញុំចាប់ដៃពួកគេ ។ ពួកគេបាននិយាយថា សមាជិកស្ដេករបស់ពួកគេចំនួន ៦០ នាក់នៅរដ្ឋ ចចចារ បានបង្កើតគម្រោងមួយចូលរួមក្នុងការជួយសង្គ្រោះនៅរដ្ឋហ្លូរីដា មុនយប់នោះមួយថ្ងៃ ។
ពួកគេបានចេញទៅ ចចចារ នៅម៉ោង ៤ ព្រឹក បើកឡានអស់ជាច្រើនម៉ោង ធ្វើការពេញតាំងពីព្រឹកទល់យប់ ហើយមានផែនការធ្វើការសម្អាតម្ដងទៀតនៅថ្ងៃស្អែក ។
ពួកគេបានរៀបរាប់ប្រាប់ខ្ញុំពីរឿងនេះដោយស្នាមញញឹម និងឥរិយាបថរីករាយ ។ ភាពតានតឹងមួយដែលខ្ញុំបានឃើញគឺថា ពួកគេចង់ឈប់ឲ្យមានការអរគុណ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅធ្វើការវិញ ។ ប្រធានស្តេកបានបញ្ឆេះរណាររបស់គាត់ ហើយបានកាត់ដើមឈើដែលរលំ ហើយមានប៊ីស្សពម្នាក់បានរំកិលមែកឈើ ពេលយើងត្រឡប់ចូលក្នុងរថយន្តវិញ ដើម្បីទៅក្រុមសង្គ្រោះមួយទៀត ។
នៅព្រលឹមនាព្រឹកនោះ ពេលយើងបើកឡានចេញទៅកន្លែងមួយទៀត មានបុរសម្នាក់បានដើរសំដៅមករកឡានយើង ដោះមួកគាត់ចេញ ហើយបានអរគុណយើងសម្រាប់ពួកអ្នកស្ម័គ្រចិត្តទាំងនោះ ។ គាត់បាននិយាយថា « ខ្ញុំពុំមែនជាសមាជិកក្នុងសាសនាចក្រអ្នកទេ ។ ខ្ញុំសឹងតែមិនជឿលើអ្វីដែលអ្នកបានធ្វើចំពោះពួកយើងឡើយ ។ សូមព្រះប្រទានពរដល់អ្នក » ។ មានអ្នកស្ម័គ្រចិត្តអិល.ឌី.អេស.ម្នាក់ពាក់អាវពណ៌លឿងដែលឈរនៅក្បែរគាត់បានញញឹម ហើយញាក់ស្មា ដោយបង្ហាញថាគាត់ពុំចង់បានការសរសើរអ្វីឡើយ ។
អំឡុងពេលដែលអ្នកស្ម័គ្រចិត្តមកពី រដ្ឋចចចារ បានមកជួយបុរសនេះដែលគាត់សឹងតែពុំចង់ជឿ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់រយនាក់ ដែលទទួលរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់នោះនៃរដ្ឋហ្លូរីដា បានចេញដំណើរទៅរាប់រយគីឡូម៉ែត្រទៅកន្លែងផ្សេងទៀតក្នុងរដ្ឋហ្លូរីដា ដែលពួកគេបានឮថា មានមនុស្សដែលរងគ្រោះធ្ងន់ធ្ងរជាងនេះទៅទៀត ។
ថ្ងៃនោះ ខ្ញុំបានចាំ ហើយបានយល់កាន់តែច្បាស់អំពីប្រសាសន៍របស់ព្យាការីយ៉ូសែប ស្ម៊ីធ ដែលថា ៖ « មនុស្សដែលពេញដោយសេចក្តីស្រឡាញ់នៃព្រះ គឺមិនចង់បានពរជ័យសម្រាប់តែគ្រួសារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែចង់ឲ្យពរជ័យនោះមានពេញពិភពលោកទាំងមូល មានចិត្តអន្ទះសារផ្តល់ពរដល់មនុស្សជាតិទាំងមូល » (Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ] ទំព័រ ៤២៦ ) ។
យើងឃើញសេចក្តីស្រឡាញ់បែបនេះនៅក្នុងជីវិតពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់ទិសទី ។ រាល់ពេលដែលមានព្រឹត្តិការណ៍សោកដនាកម្មនៅលើពិភពលោកនេះ ពួកបរិសុទ្ធថ្ងៃចុងក្រោយបរិច្ចាគ និងស្ម័គ្រចិត្តជួយក្នុងកិច្ចការជំនួយមនុស្សធម៌របស់សាសនាចក្រ ។ សំណើសុំអ្នកស្ម័គ្រចិត្តនេះគឺពិតចាំបាច់ណាស់ ។ ប្រាកដណាស់ នៅក្នុងកាលៈទេសៈមួយចំនួន យើងត្រូវស្នើសុំឲ្យអ្នកដែលស្ម័គ្រចិត្តរង់ចាំក្នុងការធ្វើដំណើរទៅតំបន់ជួយសង្គ្រោះ រហូតដល់អស់អ្នកដែលដឹកនាំការងារនេះបានរៀបចំទទួលពួកគេសិន ។
បំណងប្រាថ្នាដើម្បីផ្តល់ពរ គឺជាផលផ្លែនៃមនុស្សដែលទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អទ្រង់ សាសនាចក្រទ្រង់ដែលបានស្តារឡើងវិញ និងព្យាការីរបស់ទ្រង់ ។ នោះជាមូលហេតុដែលរាស្ត្ររបស់ទ្រង់គ្មានការសង្ស័យ និងការភ័យខ្លាចឡើយ ។ នោះជាមូលហេតុដែលពួកអ្នកផ្សព្វផ្សាយស្ម័គ្រចិត្តបម្រើនៅគ្រប់ច្រកល្ហក់នៅលើពិភពលោក ។ នោះជាមូលហេតុដែលឪពុកម្តាយអធិស្ឋានជាមួយកូនៗពួកគេសម្រាប់អ្នកដទៃ ។ នោះជាមូលហេតុដែលថ្នាក់ដឹកនាំសំណូមពរដល់ពួកយុវវ័យរបស់ពួកគេ ឲ្យទទួលសំណើរបស់ប្រធានម៉នសុន ឲ្យសិក្សាព្រះគម្ពីរមរមនឲ្យបានស៊ីជម្រៅ ។ ផលផ្លែនោះពុំកើតឡើងដោយការជំរុញពីថ្នាក់ដឹកនាំឡើយ ប៉ុន្តែវាកើតឡើងដោយពួកយុវវ័យ និងសមាជិកអនុវត្តដោយសេចក្តីជំនឿ ។ សេចក្តីជំនឿនោះនាំឲ្យឈានទៅរកសកម្មភាពដែលតម្រូវឲ្យលះបង់ភាពអត្មានិយម នាំមកនូវការផ្លាស់ប្តូរដួងចិត្តដែលធ្វើឲ្យពួកគេទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។
ប៉ុន្តែដួងចិត្តរបស់យើងបន្តផ្លាស់ប្តូរបាន លុះត្រាតែយើងបន្តធ្វើតាមការទូន្មានរបស់ព្យាការី ។ ប្រសិនបើយើងឈប់ទ្រឹងបន្ទាប់ពីយើងបានខិតខំតែម្តង នោះការផ្លាស់ប្តូរនឹងសាបសូន្យទៅ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់បានបង្កើនសេចក្តីជំនឿពួកគេលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ លើព្រះគម្ពីរមរមនថា ជាព្រះបន្ទូលរបស់ព្រះ និងលើការស្តារឡើងវិញនៃកូនសោបព្វជិតភាពនៅក្នុងសាសនាចក្រដ៏ពិតរបស់ទ្រង់ ។ ការកើនឡើងនៃទីបន្ទាល់នោះបានធ្វើឲ្យយើងកាន់តែមានភាពក្លាហាន ហើយខ្វាយខ្វល់ចំពោះកូនចៅផ្សេងទៀតរបស់ព្រះ ។ ប៉ុន្តែឧបសគ្គ និងឱកាសនានាដែលនៅខាងមុខយើងតម្រូវឲ្យមានការខ្នះខ្នែងកាន់តែខ្លាំងថែមទៀត ។
យើងពុំអាចទស្សនទាយអំពីសេចក្តីលម្អិតបានឡើយ ប៉ុន្តែយើងដឹងអំពីរឿងដែលនឹងកើតឡើងនាពេលខាងមុខ ។ យើងដឹងថានៅថ្ងៃចុងក្រោយ ពិភពលោកនឹងស្ថិតភាពរំជើបរំជួល ។ យើងដឹងថា នៅកណ្តាលនៃស្ថានភាពដ៏អួរអាប់ដែលកើតឡើង ព្រះអម្ចាស់នឹងដឹកនាំពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ ឲ្យនាំយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនឹងគ្រប់ទាំងប្រជាជន ។ ហើយយើងដឹងថា ពួកសិស្សដ៏ពិតរបស់ព្រះអម្ចាស់នឹងមានភាពសក្តិសម ហើយរៀបចំខ្លួនទទួលទ្រង់ ពេលទ្រង់យាងមកម្តងទៀត ។ យើងមិនត្រូវខ្លាចឡើយ ។
ដូច្នេះដរាបណាយើងបានស្ថាបនាសេចក្តីជំនឿ និងភាពក្លាហានក្នុងចិត្តយើង នោះព្រះអម្ចាស់មានការរំពឹងទុកកាន់តែច្រើនពីយើង—និងពីជំនាន់បន្ទាប់ពីពួកយើង ។ ពួកគេត្រូវតែរឹងប៉ឹង និងក្លាហានកាន់តែខ្លាំងឡើង ដោយសារពួកគេនឹងធ្វើកិច្ចការដែលកាន់តែអស្ចារ្យ ហើយលំបាកជាងយើងទៅទៀត ។ ហើយពួកគេនឹងប្រឈមមុខនឹងការប្រឆាំងដ៏ច្រើនមកពីសត្រូវនៃព្រលឹងរបស់យើង ។
ផ្លូវឆ្ពោះទៅរកសុទិដ្ឋិនិយមដែលព្រះអម្ចាស់បានប្រទានឲ្យ នៅពេលយើងឆ្ពោះទៅមុខគឺ ៖ « ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » (គ. និង ស. ៦:៣៦) ។ ប្រធានម៉នសុនបានប្រាប់យើងអំពីរបៀបធ្វើបែបនោះ ។ យើងត្រូវពិចារណា និងអនុវត្តតាមព្រះគម្ពីរមរមន និងប្រសាសន៍របស់ព្យាការី ។ អធិស្ឋានជានិច្ច ។ ចូរមានចិត្តជឿ ។ បម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត គំនិត កម្លាំង និងពលំរបស់យើង ។ យើងត្រូវអធិស្ឋានដោយអស់ពីកម្លាំងចិត្តរបស់យើងទូលសូមអំណាយទាននៃសេចក្តីសប្បុរស ដែលជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨) ។ ហើយលើសពីអ្វីៗទាំងអស់ យើងត្រូវមានភាពទៀងទាត់ និងខ្ជាប់ខ្ជួនក្នុងការធ្វើតាមការទូន្មានរបស់ព្យាការី ។
នៅពេលផ្លូវនោះមានការលំបាក យើងអាចពឹងលើការសន្យារបស់ព្រះអម្ចាស់—ជាការសន្យាដែលប្រធាន ម៉នសុនបានរំឭកយើង នៅពេលលោកបានដកស្រង់ជារឿយៗនូវបន្ទូលរបស់ព្រះអង្គសង្គ្រោះ ៖ « ហើយអស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ដ្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់យាងទៅខាងមុខអ្នក នៅពេលអ្នកធ្វើកិច្ចការរបស់ទ្រង់ ។ ជួនកាលអ្នកនឹងក្លាយជាទេវតាដែលព្រះអម្ចាស់បញ្ជូនឲ្យទៅលើកស្ទួយអ្នកដទៃ ។ ជួនកាលអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលមានទេវតាហ៊ុមព័ទ្ធជុំវិញដើម្បីលើកស្ទួយអ្នកឡើង ។ ប៉ុន្តែអ្នកនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅក្នុងចិត្តអ្នកជានិច្ច ដូចដែលអ្នកបានទទួលការសន្យានៅគ្រប់ពិធីសាក្រាម៉ង់ដែរ ។ អ្នកគ្រាន់តែរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
គ្រាដ៏ល្អបំផុតនឹងកើតមានក្នុងពេលខាងមុខសម្រាប់នគរព្រះលើផែនដីនេះ ។ ការជំទាស់នឹងពង្រឹងសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទដូចវាធ្លាប់មានតាំងពីជំនាន់ព្យាការី យ៉ូសែប ស៊្មីធ មកម្ល៉េះ ។ សេចក្តីជំនឿឈ្នះលើសេចក្តីភ័យខ្លាចជានិច្ច ។ ការធ្វើការជាមួយគ្នាបង្កើតឲ្យមានសាមគ្គីភាព ។ ហើយការអធិស្ឋានរបស់អ្នកសម្រាប់អស់អ្នកដែលខ្វះខាតត្រូវបានព្រះដែលមានក្តីស្រឡាញ់ស្ដាប់ឮ និងឆ្លើយតប ។ ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតាមានព្រះជន្មរស់ ហើយទ្រង់សព្វព្រះទ័យឲ្យបងប្អូនត្រឡប់ទៅផ្ទះដើម្បីទៅរកទ្រង់វិញ ។ នេះជាសាសនាចក្រពិតនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ទ្រង់ស្គាល់បងប្អូន ទ្រង់ស្រឡាញ់បងប្អូន ទ្រង់មើលថែបងប្អូន ។ ទ្រង់បានធួនសម្រាប់អំពើបាបរបស់បងប្អូន និងរបស់ខ្ញុំ ព្រមទាំងអំពើបាបនៃកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។ ការធ្វើតាមទ្រង់នៅក្នុងជីវិតបងប្អូន និងការបម្រើរបស់បងប្អូនដល់អ្នកដទៃ គឺជារបៀបតែមួយគត់ ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ ហើយបន្សល់ទុកនូវពរជ័យ និងសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូន ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះគ្រីស្ទ អាម៉ែន ។