សេចក្តីពិតដ៏ចាំបាច់—តម្រូវការរបស់យើងដើម្បីអនុវត្ត
ការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស្ម៊ីធ បាននាំមកនូវចំណេះដឹង និងសេចក្តីពិតដែលចាំបាច់សម្រាប់សុភមង្គលរបស់យើងនៅក្នុងជីវិតនេះ និងភាពតម្កើងឡើងរបស់យើង ។
កាលខ្ញុំអាយុប្រហែលជាប្រាំពីរឆ្នាំ ខ្ញុំបានសួរម្តាយខ្ញុំថា « ពេលម៉ាក់ និងខ្ញុំស្លាប់ ហើយឡើងទៅស្ថានសួគ៌ តើម៉ាក់នឹងនៅតែជាម្តាយរបស់ខ្ញុំដែរឬទេ ? » ភរិយាខ្ញុំពុំរំពឹងថានឹងទទួលបានសំណួរបែបនោះឡើយ ។ ប៉ុន្តែការឆ្លើយតបអស់ពីសមត្ថភាពនៃចំណេះដឹងរបស់ខ្លួន ភរិយាខ្ញុំបាននិយាយថា « ទេកូន នៅលើស្ថានសួគ៌យើងនឹងក្លាយជាបងប្អូនប្រុសស្រីនឹងគ្នា ។ ម៉ាក់នឹងមិនមែនជាម្តាយកូនទៀតឡើយ » ។ នោះមិនមែនជាចម្លើយដែលខ្ញុំចង់បានឡើយ ។
បន្ទាប់ពីការសន្ទនាដ៏ខ្លីនោះមក មានយុវជនពីររូបបានមកដល់ទ្វាររបងផ្ទះយើង ។ ដោយអព្ភូតហេតុ ឪពុករបស់ខ្ញុំបានអនុញ្ញាតឲ្យពួកគេចូលមកក្នុងផ្ទះ ។ ពួកគេបាននិយាយថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
យើងរៀនហៅឈ្មោះពួកគេថាអែលឌើរ ពួកគេបានចាប់ផ្តើមបង្រៀនគ្រួសាររបស់យើង ។ ខ្ញុំចងចាំយ៉ាងច្បាស់អំពីអារម្មណ៍នៃសុភមង្គល និងក្តីរំភើបគ្រប់ពេលដែលពួកគេបានមកផ្ទះ របស់យើង ។ ពួកគេបានប្រាប់យើងអំពីយុវជនម្នាក់ដែលបានទៅព្រៃពិសិដ្ឋដើម្បីទូលសួរព្រះថា តើព្រះវិហារណាមួយដែលពិត ហើយថាគាត់បានឃើញព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ ពួកអែលឌើរបានបង្ហាញយើងអំពីរូបភាពនៃការនិមិត្តនោះ ហើយនៅពេលខ្ញុំបានឃើញរូបនោះ ខ្ញុំបានដឹងថា យ៉ូសែប ស្ម៊ីធ ពិតជាបានឃើញព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបាននិយាយថា ដោយសារការនិមិត្តនេះ នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានមានម្តងទៀតនៅលើផែនដីនេះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាក៏បានបង្រៀនពួកយើងអំពីផែនការនៃសុភមង្គល ហើយបានឆ្លើយសំណួររបស់គ្រួសារយើងអំពីសាសនា ។ ពួកគេបានបង្រៀនយើងថា ក្រុមគ្រួសារពិតជាអាចរស់នៅជាមួយគ្នាបន្ទាប់ពីជីវិតនេះក្នុងនាមជាឪពុក ម្តាយ និងជាកូនប្រុសស្រីនឹងគ្នា ។
ក្រុមគ្រួសាររបស់យើងបានជ្រមុជទឹក ។ ដំណើរលើផ្លូវផ្លាស់ប្តូរពីទម្លាប់ចាស់ ការលះបង់ប្រពៃណី និងការក្លាយជាសមាជិកសកម្មក្នុងសាសនាចក្រគឺជាគ្រាដ៏លំបាកណាស់ ។ ប៉ុន្តែដោយសារតែព្រះគុណ និងសេចក្តីស្រឡាញ់នៃព្រះ ហើយដោយមានជំនួយពីថ្នាក់ដឹកនាំ និងសមាជិកជាច្រើន នោះយើងបានឆ្លងកាត់ផុតនៅប៉ុន្មានឆ្នាំដំបូងដ៏លំបាកនោះ ។
មនុស្សរាប់លាននាក់ដែលបានចូលរួមសាសនាចក្ររួចហើយ ព្រមទាំងមនុស្សជាច្រើនដែលកំពុងប្រែចិត្តជឿ និងជ្រមុជទឹករៀងរាល់សប្តាហ៍ បានទទួលទីបន្ទាល់អំពីការនិមិត្តដំបូង ។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើបន្ទាល់នេះជាញឹកញាប់ដល់ពួកយើងម្នាក់ៗ ពេលយើងព្យាយាមរស់នៅតាមសេចក្តីពិតសាមញ្ញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស្ម៊ីធ បាននាំមកនូវចំណេះដឹង និងសេចក្តីពិតបន្ថែមទៀតដែលចាំបាច់សម្រាប់សុភមង្គលរបស់យើងនៅក្នុងជីវិតនេះ និងភាពតម្កើងឡើងនៅក្នុងវត្តមាននៃព្រះ ។ ខ្ញុំនឹងនិយាយអំពីសេចក្តីពិតចំនួនបី ដែលយើងបានទទួល និងត្រូវតែអនុវត្តតាម ដោយសារក្មេងប្រុសនោះបានលុតជង្គង់ចុះអធិស្ឋានដោយស្មោះសរ ។
ព្រះហៅពួកព្យាការីដើម្បីដឹកនាំ និងណែនាំយើង
សេចក្តីពិតដ៏ចាំបាច់ដែលយើងរៀនមកពីការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស្ម៊ីធ គឺថាព្រះហៅពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដើម្បីណែនាំ នាំផ្លូវ ព្រមាន និងដឹកនាំយើង ។ ពួកបុរសទាំងនេះគឺជាសារទូតរបស់ព្រះនៅលើផែនដី ដោយមានសិទ្ធិអំណាចដើម្បីនិយាយ និងធ្វើការក្នុងព្រះនាមព្រះអម្ចាស់ ។ តាមរយៈការធ្វើតាមការទូន្មានរបស់ពួកលោកដោយហ្មត់ចត់ នោះយើងនឹងត្រូវបានការពារ ហើយទទួលពរជ័យដ៏ជម្រើសនៅលើដំណើររបស់យើងលើផែនដីនេះ ។
អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ កាលនៅកម្លោះ និងជាអ្នកត្រឡប់ពីបេសកកម្ម នោះខ្ញុំបានចូលរួមសម័យប្រជុំបព្វជិតភាពនៃសន្និសីទទូទៅនៅក្នុងរោងឧបោសថនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ។ កាលនោះប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជាប្រធានសាសនាចក្រ បានជំរុញឲ្យអ្នកត្រឡប់ពីបេសកកម្មគ្រប់រូបយកការរៀបការជារឿងសំខាន់ ហើយដាក់វាជាអាទិភាពខ្ពស់បំផុតនៅក្នុងជីវិតរបស់ខ្លួន ។ បន្ទាប់ពីសម័យប្រជុំនោះ ខ្ញុំបានដឹងថាខ្ញុំត្រូវបានអំពាវនាវឲ្យប្រែចិត្ត ហើយត្រូវអនុវត្តតាមការទូន្មានរបស់ព្យាការី ។
ដូច្នេះ ខ្ញុំបានសម្រេចចិត្តទៅប្រទេសកំណើតរបស់ខ្ញុំនៅប្រេស៊ីល ដើម្បីស្វែងរកប្រពន្ធ ។ ពីមុនចេញទៅប្រទេសប្រេស៊ីលសម្រាប់ការចុះកម្មសិក្សារយៈពេលពីរខែ ខ្ញុំបានទូរសព្ទទៅម្តាយខ្ញុំ និងមិត្តភក្តិមួយចំនួនឲ្យធ្វើបញ្ជីមួយអំពីនារី ១០ នាក់—ដែលពួកគេម្នាក់ៗមានសក្តានុពលអាចធ្វើជាភរិយាខ្ញុំបាន ។
អំឡុងពេលនៅប្រទេសប្រេស៊ីល បន្ទាប់ពីការពិចារណា និងការអធិស្ឋានជាច្រើនមក ខ្ញុំបានជួបដើរលេងជាគូ ភ្ជាប់ពាក្យ ហើយកំណត់ថ្ងៃរៀបការជាមួយនារីម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីនោះ ។ វាពុំមែនជាការបំបែកកំណត់ត្រាសម្រាប់និស្សិតនៅ ប្រូវ៉ូ រដ្ឋ យូថាហ៍ ក្នុងការដើរលេងជាគូ និងភ្ជាប់ពាក្យឡើយ ប៉ុន្តែវាគឺជារឿងមួយដ៏លឿនសម្រាប់បទដ្ឋានប្រទេសប្រេស៊ីល ។
ពីរបីខែក្រោយមក ខ្ញុំបានរៀបការជាមួយអ៊ីលៀន ។ គាត់គឺជាមនុស្សជាទីស្រឡាញ់ក្នុងជីវិតខ្ញុំ និងជាពរជ័យដ៏ជម្រើសមួយ ។
ខ្ញុំពុំផ្តល់យោបល់ថា មនុស្សគ្រប់គ្នាគួរតែធ្វើបញ្ជីមួយស្រដៀងនោះឡើយ ប៉ុន្តែខ្ញុំកំពុងផ្តល់យោបល់ថា—ប្រហែលលើសពីការផ្តល់យោបល់ទៅទៀត—ថាយើងអនុវត្តតាមជានិច្ច នៅពេលព្យាការីនៅរស់របស់យើងមានប្រសាសន៍ ។
ព្យាការីរបស់ព្រះនាសព្វថ្ងៃនេះគឺប្រធាន ថូម៉ាស អេស ម៉នសុន ហើយយើងនឹងមានពរតាមរយៈការធ្វើតាមការទូន្មានរបស់លោកដោយហ្មត់ចត់ ។
ចំណេះដឹងអំពីនិស្ស័យដ៏ពិតរបស់ព្រះ
សេចក្តីពិតមួយទៀតដែលយើងរៀនមកពីការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស៊្មីធ គឺនិស្ស័យដ៏ពិតរបស់ព្រះ ។ សូមស្រមៃមើលថា តើយើងមានពរជ័យប៉ុណ្ណាក្នុងការដឹងថា ព្រះមានព្រះកាយជាសាច់ និងឆ្អឹងមានរូបរាងជាក់ស្តែងដូចជាពួកយើង ថាយើងអាចថ្វាយបង្គំព្រះមួយអង្គដ៏ពិត ដែលយើងអាចយល់ ហើយដែលទ្រង់បង្ហាញព្រះកាយ និងបើកសម្តែងអង្គទ្រង់ និងព្រះបុត្រាទ្រង់ដល់ពួកព្យាការី—ទាំងព្យាការីជំនាន់បុរាណ និងព្យាការីសម័យចុងក្រោយនេះ ។ ទ្រង់គឺជាព្រះដែលព្រះសណ្តាប់ និងឆ្លើយការអធិស្ឋានរបស់យើង ជាព្រះដែលទតមកលើយើងពីស្ថានសួគ៌ និងជាមានព្រះទ័យខ្វល់ជានិច្ចអំពីសុខុមាលភាពខាងវិញ្ញាណ និងខាងសាច់ឈាមរបស់យើង ជាព្រះដែលប្រទានសិទ្ធិជ្រើសរើសដល់យើង ដើម្បីសម្រេចចិត្តសម្រាប់ខ្លួនយើងក្នុងការធ្វើតាមទ្រង់ និងគោរពបទបញ្ញត្តិទ្រង់ដោយគ្មានការបង្ខិតបង្ខំ ជាព្រះដែលប្រទានពរជ័យដល់យើង ហើយអនុញ្ញាតឲ្យយើងជួបការសាកល្បង ដើម្បីយើងអាចរីកចម្រើន ហើយប្រែក្លាយដូចជាទ្រង់ ។
ទ្រង់គឺជាព្រះដែលពោរពេញដោយក្តីស្រឡាញ់ ដែលបានប្រទានផែនការដែលយើងអាចរីករាយនឹងមានសុភមង្គលនៅក្នុងជីវិតនេះ និងអស់កល្បជានិច្ច ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់យើង
ចេញមកពីការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស៊្មីធ យើងបានទទួលចំណេះដឹងនៃភាពពិត និងបេសកកម្មដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលជាថ្មជ្រុងយ៉ាងឯកនៃសាសនារបស់យើង ។
ដោយសារសេចក្តីស្លាប់ត្រូវបាននាំឲ្យកើតមាននៅក្នុងពិភពលោកនេះ ហើយប្រាកដដូចជាយើងកំពុងរស់នៅ នោះយើងនឹងស្លាប់នៅថ្ងៃណាមួយ ។ ផលប៉ះពាល់មួយនៃសេចក្តីស្លាប់ គឺជាការបាត់បង់រូបកាយរបស់យើងជាអចិន្ត្រៃ យើងពុំអាចធ្វើអ្វីបានដើម្បីទាញយករូបកាយនោះវិញឡើយ ។ លើសពីនេះទៅទៀត ដោយសារយើងទាំងអស់គ្នាមានបាបអំឡុងពេលនៃដំណើររបស់យើងលើផែនដីនេះ នោះយើងពុំអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវរបិតាសួគ៌យើងវិញឡើយ ។
តើអ្នកអាចស្រមៃអំពីផលវិបាកនៃការពុំនៅក្នុងវត្តមានរបស់ព្រះ និងការគ្មានរូបកាយម្តងទៀតទៅមើល ?
ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះត្រូវបានតម្រូវឲ្យរំដោះយើងចេញពីសេចក្តីស្លាប់ និងអំពើបាប ។ ក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានយាងមកលើផែនដី រងទុក្ខ សុគតលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងអាចរស់ឡើងវិញផងដែរ និងអាចរស់នៅក្នុងវត្តមានរបស់ព្រះម្តងទៀត តាមរយៈការប្រែចិត្តដ៏ស្មោះសរ និងការចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ ។
យ៉ាកុបបានពន្យល់ថា « ឱសេចក្ដីល្អសប្បុរសនៃព្រះរបស់យើងធំណាស់ហ្ន៎ ព្រះទ្រង់បានរៀបចំផ្លូវសម្រាប់ឲ្យយើងរំដោះខ្លួនចេញពីក្រញាំនៃវិរូបដ៏គួរស្ញែងខ្លាចនេះ មែនហើយ វិរូបនោះគឺជាសេចក្ដីស្លាប់ និងស្ថាននរក ដែលខ្ញុំហៅថា សេចក្ដីស្លាប់នៃរូបកាយ ហើយសេចក្ដីស្លាប់នៃវិញ្ញាណផង » ។
ព្រះយេស៊ូវគឺជាព្រះម៊ែស៊ីដែលបានសន្យា អ្នកតែងក្រឹត្យវិន័យ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអម្ចាស់នៃយើង ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ ជាស្តេចជាអ្វីៗទាំងអស់របស់យើង ។
ចូរយើងទាំងអស់គ្នាបន្តអនុវត្តតាមសេចក្តីពិត និងចំណេះដឹងដ៏ចាំបាច់ទាំងអស់នេះ ដោយថ្វាយការគោរពប្រតិបត្តិដល់ព្រះ និងបុត្រាសំណព្វរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។