ឆ្នាំ ២០១០-២០១៩
បែក​គ្នា​មែន​ពិត តែ​ចិត្ត​ជា​ធ្លុង​មួយ
ខែ តុលា ២០១៧


2:3

បែក​គ្នា​មែន​ពិត តែ​ចិត្ត​ជា​ធ្លុង​មួយ

នៅ​ក្នុង​សាសនាចក្រ ទោះ​ជា​យើង​មាន​ភាពខុស​គ្នា​ក្ដី ក៏​ព្រះអម្ចាស់​ចង់​ឲ្យ​យើងរួបរួម​គ្នា​ដែរ !

នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​បើក​ឡាន​ដោយ​ក្ដី​រំភើប​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​មើល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ។ ក្រោយ​ពី​ខ្ញុំ​បាន​ឡាន​ចេញ​មក​បាន​បន្តិច​ខ្ញុំ​បាន​ឃើញ​ពី​ចម្ងាយ មាន​បុរស​ម្នាក់​អង្គុយ​លើ​រទេះ​ពិការ​គាត់​ដែល​មាន​បិទ​ទង់​ជ័យប្រទេស​​ប្រេស៊ីល​កំពុង​បង្វិល​កង់​យ៉ាង​លឿន​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​ក៏​កំពុង​ទៅ​ផ្ទះ​មើល​ការ​ប្រកួត​នោះ​ដែរ !

ពេល​ដល់​ផ្លូវ​បំបែក​យើង​បាន​ឃើញ​គ្នា ហើយ​រំពេច​នោះ​ខ្ញុំ​មាន​អារម្មណ៍​រួបរួម​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បុរស​នោះ ! យើង​ទៅ​ផ្លូវ​ខុស​គ្នា ពុំ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន ហើយមាន​លក្ខខណ្ឌ​សង្គម និង​រូបកាយ​ខុស​គ្នា ប៉ុន្តែ​ចំណង់​ចំណូល​ចិត្ត​ដូចគ្នា​ចំពោះ​កីឡា​បាល់​ទាត់ និង​ក្ដី​ស្រឡាញ់​ចំពោះ​ប្រទេស​ជាតិ​បាន​ធ្វើ​ឲ្យ​យើង​ដូច​ជា​មាន​ចិត្ត​តែ​មួយ​នៅ​ពេល​នោះ ! ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​បុរស​នោះ​ឡើយ​ចាប់តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​ថ្ងៃ​នេះ​ទោះ​វា​កន្លង​ទៅ​ច្រើន​ឆ្នាំ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ចាំ​ពី​កែវភ្នែក និង​អារម្មណ៍​ដែល​ភ្ជាប់​យ៉ាង​ខ្លាំង​ទៅ​នឹង​បុរស​នោះ​ដែរ ។ ទីបំផុត​យើង​បាន​ឈ្នះ​ការ​ប្រកួត​ពាន​រង្វាន់​ពិភលោក​នៅ​ឆ្នាំ​នោះ !

នៅ​ក្នុង​សាសនាចក្រ ទោះ​ជា​យើង​មាន​ភាពខុស​គ្នា​ក្ដី ក៏​ព្រះអម្ចាស់​ចង់​ឲ្យ​យើងរួបរួម​គ្នា​ដែរ ! ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី សញ្ញា​ថា « ចូរ​រួម​គ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។

ពេល​យើងទាំងអស់​គ្នា​​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ឬ​ព្រះវិហារ​បរិសុទ្ធ​មួយ​ដើម្បី​ថ្វាយ​បង្គំ​ជា​ក្រុម យើង​គួរ​ទុក​ចោល​នូវ​ភាព​ខុស​គ្នា​របស់​យើង រួម​ទាំង ពូជ​សាសន៍ ឋានៈ​សង្គម ចំណង់​ចំណូល​ចិត្ត​ខាង​នយោបាយ ជោគជ័យ​ការ​សិក្សា និង​ខាង​អាជីព ហើយ​ជំនួស​វិញ​ដោយ​ផ្ដោត​លើ​គោលបំណង​រួម​ខាង​វិញ្ញាណ​របស់​យើង ។ យើង​ចម្រៀង​ទំនុក​តម្កើង​រួម​គ្នា គិត​ពី សេចក្ដីសញ្ញា​ដូច​គ្នា​អំឡុង​ពិធី សាក្រាម៉ង់ ហើយ​និយាយ​ព្រម​គ្នា​ថា « អាម៉ែន »​ បន្ទាប់​ពី​សុន្ទរកថា មេរៀន និង​ការ​អធិស្ឋាន—វា​មាន​ន័យ​ថា យើង​ព្រម​ព្រៀង​រួម​គ្នា​នឹង​អ្វី​ដែល​បាន​ចែកចាយ ។

រឿង​ទាំងនេះ​ដែល​យើង​ធ្វើ​រួម​គ្នា​ជួយ​បង្កើតអារម្មណ៍​រឹង​មាំ​មួយ​នៃ​សាមគ្គីភាព​នៅ​ក្នុង​ក្រុម​ជំនុំ ។

ប៉ុន្តែ​អ្វី​ដែល​កំណត់ ពង្រឹង ឬ​បំផ្លាញ​សាមគ្គីភាព​យើង​គឺជា​ទង្វើ​របស់​យើង ពេល​យើង​បែក​ចេញ​ពី​សមាជិក​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ។ ដូច​យើង​ដឹង​ហើយ​ថា វា​គឺជា​រឿង​ចៀស​មិន​រួច ហើយ​ជា​រឿង​ធម្មតា​ដែល​យើង​និយាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

អាស្រ័យ​លើ​ពាក្យ​ពេចន៍​ដែល​យើង​ជ្រើស​រើស​និយាយ​អំពី​គ្នា នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​ « មាន​ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី »​ ដូច​អាលម៉ា​បាន​បង្រៀន​ដល់​អ្នក​ដែល​លោក​បាន​ជ្រមុជទឹក​នៅ​ឯ​ទឹក​ទន្លេ​មរមន ឬ​វា​អាច​កាត់​យក​ក្ដី​ស្រឡាញ់ ការ​ទុក​ចិត្ត និង​បំណង​ល្អ​ដែល​ពួក​យើង​គួរ​មាន ។

មាន​មតិ​យោបល់​ដែល​បំផ្លាញ​សាមគ្គីភាព​ដូចជា « មែន​ហើយ គាត់​គឺជា​ប៊ីស្សព​ល្អ អូ៎ ប៉ុន្តែ​បើ​អ្នក​បាន​ឃើញ​គាត់​កាល​ពី​ក្មេង​វិញ ! »

ប៉ុន្តែ​ការ​និយាយ​ដែល​ល្អ​ជាង​នេះ​គឺ​ « ប៊ីស្សព គឺជា​មនុស្ស​ល្អ ហើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​គាត់​មាន​ភាព​ចាស់​ទុំ ហើយ​មាន​ប្រាជ្ញា​ច្រើន​ណាស់ » ។

ពេល​ខ្លះ​យើង​បង្ហាញ​ពី​ភាព​អវិជ្ជភាព​របស់​មនុស្ស​ដោយ​ពោល​ថា « ប្រធាន​សមាគម​សង្គ្រោះ​របស់​យើង​គឺជា​មនុស្ស​កែ​មិន​ឡើង​ទេ គាត់​រឹង​រូស​ណាស់ ! » ផ្ទុយ​ទៅ​វិញ យើង​អាច​និយាយ​ថា « មួយ​រយៈ​នេះ​ប្រធាន​សមាគម​សង្គ្រោះ​របស់​យើង​ខ្វះ​នូវ​ភាព​បត់​បែន ប្រហែល​ជា​គាត់​ជួប​បញ្ហា​លំបាក​មួយ​ចំនួន​ហើយ ។ ចូរ​យើង​ជួយ​គាត់ ហើយ​គាំទ្រ​គាត់ ! »

បងប្អូន​ប្រុស​ស្រី យើង​យើង​គ្មាន​សិទ្ធិ​ពិពណ៌នា​មិន​ល្អ​អំពី​នរណា​ម្នាក់​ឡើយ រួមមាន​អ្នក​នៅ​ក្នុង​រង្វង់​សាសនាចក្រ ! ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​របស់​យើង​អំពី​សមាជិក​ផ្សេង​ទៀត​គួរ​ឆ្លុះ​បញ្ចាំង​នូវ​ជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​ទ្រង់ ហើយ​ថា​យើង​អាច​ផ្លាស់​ប្ដូរ​ឲ្យ​ប្រសើរ​ឡើង​ជានិច្ច​ នៅ​ក្នុង​ទ្រង់ និង​តាម​រយៈ​ទ្រង់ !

សមាជិក​ខ្លះ​ចាប់ផ្ដើម​រិះគន់ ហើយ​បែង​ចែក​រវាង​ថ្នាក់​ដឹកនាំ និង​សមាជិក​ដោយសារ​តែ​រឿង​តូច​តាច ។

រឿង​នេះ កើត​មាន​ចំពោះ​បុរស​ម្នាក់​ឈ្មោះ សាយមិន រ៉ាយឌើរ ដែល​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ក្នុង​ឆ្នាំ​១៨៣១ ។ បន្ទាប់​ពី​អាន​វិវរណៈ​មួយ​ដែល​ទាក់​ទង​នឹង​គាត់ គាត់​មាន​ចិត្ត​មួម៉ៅ​ដោយ​ឃើញ​ថា​ឈ្មោះ​គាត់ រ៉ាយឌើរ ត្រូវ​បាន​ប្រកប​ខុស ដោយ​ប្រើ​អក្សរ iជំនួស​ឲ្យ​អក្សរ y ។ ប្រតិកម្ម​របស់​គាត់​ចំពោះ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​សង្ស័យ​ចំពោះ​ព្យាការី ហើយ​បាន​ដឹកនាំ​ទៅ​រក​ការ​បៀតបៀន​ដល់​យ៉ូសែប ហើយ​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​សាសនាចក្រ ។

យើង​ទាំង​អស់​គ្នា​ក៏​នឹង​ដក​ពិសោធន៍​នូវ​ការ​កែតម្រូវ​ខ្លះៗ​មកពី​ថ្នាក់​ដឹកនាំ ដែល​វា​នឹង​ក្លាយ​ជា​ការ​សាកល្បង​មួយ​ថា តើ​យើង​មាន​សាមគ្គីភាព​នឹង​ពួកគាត់​ដល់​កម្រិត​ណា​ដែរ ។

កាល​ខ្ញុំ​អាយុ ១១ ឆ្នាំ ខ្ញុំ​ចាំ​ថា​ ៤៤ ឆ្នាំ​មុន សាលាប្រជុំ​ដែល​គ្រួសារ​ខ្ញុំ​ទៅ​ចូល​រួម​ត្រូវ​ធ្វើ​ការ​កែ​លម្អ​យ៉ាង​ច្រើន ។ ពី​មុន​ចាប់ផ្ដើម​ការ​កែ​លម្អ​នោះ មាន​នូវ​ការ​ប្រជុំ​មួយ​ដែល​មាន​ថ្នាក់​ដឹកនាំ​តំបន់ និង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​បាន​ពិភាក្សា​គ្នា អំពី​របៀប​ដែល​សមាជិក​នឹង​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ ។ ឪពុក​ខ្ញុំ​ធ្លាប់​គ្រប់​គ្រង​អង្គភាព​នោះ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ បាន​បង្ហាញ​នូវ​គំនិត​មុតមាំ​របស់​គាត់​ថា កិច្ចការ​នេះ​គួរ​ធ្វើ​ឡើង​ដោយ​អ្នក​ម៉ៅការ ពុំ​មែន​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​ទេ ។

ក្រៅ​ពី គំនិត​របស់​គាត់​ត្រូវ​គេ​បដិសេធ នោះ​យើង​បាន​ឮ​ថា​គាត់​ក៏​ត្រូវ​បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ជា​សាធារណៈ​ផងដែរ​ ។ ឥឡូវ នេះ​គឺជា​បុរស​ម្នាក់​ដែល​មាន​ការ​លះបង់​ខ្ពស់​ចំពោះ​សាសនាចក្រ និង​ក្នុងនាមជា​អតីតយុទ្ធជន​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ទ្វីប​អឺរ៉ុប ធ្លាប់​តតាំង ហើយ​ច្បាំង​ចំពោះ​អ្វី​ដែល​គាត់​ជឿ ! មនុស្ស​ម្នាក់​អាច​នឹង​ងឿង​ឆ្ងល់​ថា តើគាត់​មាន​ប្រតិកម្ម​បែប​ណា​បន្ទាប់​ពី​មាន​រឿង​នោះ ។ តើ​គាត់​នឹង​បន្ត​គំនិត​គាត់ ហើយ​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឡើង​នោះ​មែន​ទេ ?

យើង​ធ្លាប់​ឃើញ​​ក្រុម​គ្រួសារ​ក្នុង​វួដ​យើង​ដែល​បាន​ចុះខ្សោយ​នៅ​ក្នុង​ដំណឹងល្អ ហើយ​បាន​ឈប់​មក​ការ​ប្រជុំ ដោយសារ​ពួកគេ​ពុំ​អាច​រួប​រួម​នឹង​អ្នក​ដឹកនាំ ។ រូបខ្ញុំ​ផ្ទាល់​​ក៏​បាន​ឃើញ​មិត្ត​យើង​ជាច្រើន​ក្នុង​ថ្នាក់​កុមារ ពុំ​បាន​បន្ត​ស្មោះត្រង់​ក្នុង​យុវវ័យ​របស់​ពួកគេ ដោយសារ​ឪពុក​ម្ដាយ​ពួកគេ​ចាំ​ចាប់​កំហុស​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ ។

ប៉ុន្តែ ឪពុក​ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​រួប​រួម​នឹង​ពួក​បរិសុទ្ធ ។ ច្រើន​ថ្ងៃ​ក្រោយ​មក ពេល​សមាជិក​វួដ​បា​នប្រមូល​ផ្ដុំ​គ្នា​ជួយ​ការ​សាង​សង់ នោះ​​គាត់ ​« បាន​ប្រាប់ » ​គ្រួសារ​យើង​ឲ្យ​តាម​គាត់​ទៅ​សាលា​ប្រជុំ ដើម្បី​យើង​ទៅ​ជួយ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ។

ចិត្តខ្ញុំ​ច្របូក​ច្របល់ ។ ខ្ញុំ​បាន​ចង់​សួរ​គាត់​ថា « ប៉ា ហេតុអ្វី​យើង​ត្រូវ​ជួយ​ការ​សាង​សង់​នោះ បើ​ប៉ា​ជំទាស់​មិន​ឲ្យ​សមាជិក​ធ្វើ​កិច្ចការ​នេះ​ផង ? » ប៉ុន្តែ​នៅពេល​មើល​មុខ​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​ហ៊ាន​ធ្វើ​ទឹកមុខឆ្ងល់​នឹង​រឿង​នោះ​ឡើយ ។ ខ្ញុំ​ចង់​មាន​ភាពរីករាយ​សម្រាប់​ការឧទ្ធិស​អគារ​ជា​ថ្មី ។ សំណាង​ល្អ ខ្ញុំ​បាន​សម្រេច​នៅ​ស្ងៀម ហើយ​ទៅ​ជួយ​នៅ​ក្នុង​អគារ​នោះ !

ឪពុក​ខ្ញុំ​ពុំ​បាន​​ឃើញ​សាលា​ប្រជុំ​ថ្មី​នោះ​ទេ ដោយ​សារ​គាត់​បាន​ចែកឋាន​ពី​មុន​កិច្ចការ​នេះ​បាន​បញ្ចប់ ។ ប៉ុន្តែ​គ្រួសារ​យើង​​ដែល​ម្តាយ​ខ្ញុំ​ជា​អ្នកដឹកនាំ បន្ត​ធ្វើ​ផ្នែក​យើង​រហូត​វា​ត្រូវ​បាន​បញ្ចប់ ហើយ​ការណ៍​នោះ​ធ្វើ​ឲ្យ​យើង​រួបរួម​នឹង​ឪពុក​ខ្ញុំ ជាមួយសមាជិក​ផ្សេង​ទៀត ជាមួយ​ថ្នាក់​ដឹកនាំ​របស់​យើង ហើយសំខាន់​បំផុត​គឺ​ព្រះអម្ចាស់ !

ពីមុន​បទពិសោធន៍​ដ៏​ឈឺចាប់​របស់​ទ្រង់​នៅ​​ក្នុង​សួនច្បារ​គែតសេម៉ានី​ កាល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​ទៅ​ព្រះវរបិតា​សម្រាប់​ពួក​សាវក​ទ្រង់ និង​ពួក​បរិសុទ្ធ​ទាំងអស់ នោះ​ទ្រង់​មាន​បន្ទូល​ថា « ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ » ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​សម្រេច​ចិត្ត​រួប​រួម​នឹង​សមាជិក ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ—ទាំង​ពេល​យើង​ជួប​ជុំ​គ្នា ហើយ​ជា​ពិសេស​ពេល​យើង​បែក​គ្នា—យើង​ក៏​នឹង​មាន​អារម្មណ៍​សាមគ្គី​ភាព​កាន់​តែ​ល្អ​ឥត​ខ្ចោះ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ សង្គ្រោះ​ដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។