ដើម្បីឲ្យអំណរបងប្អូនបានពេញលេញ
ព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃរាល់ការព្យាបាល ភាពសុខសាន្ត និងការរីកចម្រើនអស់កល្បជានិច្ច ។
បងប្អូនប្រុសស្រី នេះជាអំណរមួយដែលខ្ញុំមានវត្តមានជាមួយបងប្អូន ។ ហើយនោះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់បងប្អូននាព្រឹកនេះ—គឺការមានអំណរដ៏ពោរពេញ ។
ចំណងជើងព័ត៌មានថ្មីមួយសរសេរថា « គ្រោះមហន្តរាយធ្វើឲ្យប្រទេសជាតិ [ និង ] ពិភពលោករង្គោះរង្គើ » ។ ផុតពីព្យុះសង្ឃរា និងទឹកជំនន់ កើតមានរលកកម្ដៅ និងភាពរាំងស្ងួត ពីភ្លើងឆេះព្រៃ និងការរញ្ជួយដី កើតមានសង្គ្រាម និងជំងឺដ៏គ្រោះថ្នាក់ វាហាក់ដូចជា « ផែនដីទាំងមូល [ ស្ថិត ] ក្នុងភាពវឹកវរខ្លាំង » ។
មានមនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយមានមនុស្សរាប់មិនអស់បានរងការរំខាន់ដោយសារបញ្ហាទាំងនេះ ។ ជម្លោះក្នុងក្រុមគ្រួសារ និងសហគមន៍ ក៏ដូចជាការភ័យខ្លាច ការសង្ស័យក្នុងចិត្ត និងការបាត់បង់ការរំពឹងទុកក៏ធ្វើឲ្យយើងចលាចលផងដែរ ។ ខ្ញុំអាចពិបាកនឹងមានអំណរដែលលីហៃបានបង្រៀនថាគឺជាគោលបំណងនៃជីវិត ។ ពេលខ្លះយើងគ្រប់គ្នាធ្លាប់សួរថា « តើខ្ញុំរកក្ដីសុខឯណា ? ឯណាក្តីរីករាយ… ? » យើងឆ្ងល់ថា « តើខ្ញុំរកឃើញអំណរតាមរបៀបណា ទោះមានការលំបាកក្នុងជីវិតនេះក៏ដោយ ? »
ចម្លើយប្រហែលទំនងជាសាមញ្ញពេក ប៉ុន្តែវាបានបង្ហាញថាពិតតាំងពីជំនាន់អ័ដាមមកម៉្លេះ ។ អំណរជានិរន្តរអាចរកឃើញដោយផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អដូចទ្រង់បានបង្ហាញហើយបង្រៀន ។ កាលណាយើង រៀន មានជំនឿ ហើយធ្វើតាម ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះយើងបានយល់ដឹងថា ទ្រង់គឺជាប្រភពនៃរាល់ការព្យាបាល ក្ដីសុខ និងដំណើរការដ៏អស់កល្ប ។ ទ្រង់អញ្ជើញយើងម្នាក់ៗឲ្យមករកទ្រង់ ជាការអញ្ជើញមួយដែលប្រធាន ហិនរី ប៊ី អាវរិង បានកំណត់ថាជា « ការអញ្ជើញដ៏សំខាន់បំផុតដែលមនុស្សគ្រប់គ្នាអាចទទួលយក » ។
រៀនអំពីព្រះយេស៊ូវគ្រីស្ទ
តើយើងមករកទ្រង់តាមរបៀបណា ? កាលពីខែមេសា ប្រធាន រ័សុល អិម ណិលសុន និងអែលឌើរ អិម រ័សុល បាឡឺដ បានលើកទឹកចិត្តយើងឲ្យសិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ជាផ្នែកមួយនៃការរៀនសូត្រអំពីព្រះអង្គសង្គ្រោះ ។ មានមនុស្សជាច្រើនបានទទួលយកសំណូមពរនេះ ហើយបានពរ ។ ថ្មីៗនេះ មានមិត្តខ្ញុំម្នាក់បានឲ្យសំណៅឯកសាររួមនឹងរូបភាពដំណឹងល្អដែលបង្ហាញពីវគ្គនីមួយៗដល់កូនធំៗនាង ។ នាងបានលើកទឹកចិត្តកូនៗនាងជួយចៅៗនាងឲ្យយល់ ហើយទន្ទេញចាំវា ។ មួយរយៈក្រោយមក មិត្តខ្ញុំបានចែកចាយវីដេអូមួយអំពីចៅស្រីនាងអាយុប្រាំមួយឆ្នាំបានសូត្រការទន្ទេញចាំរបស់ខ្លួនដោយភាពរីករាយ និងត្រៀមខ្លួន ។ ខ្ញុំបាននឹកឃើញថា បើក្មេងអាយុប្រាំមួយឆ្នាំអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ !
ពេលខ្ញុំបានសិក្សាអំពីជីវប្រវត្តិ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយតាំងចិត្តទន្ទេញឲ្យចាំនូវ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » នោះការដឹងគុណ និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់បានកើនឡើង ។ ប្រយោគនីមួយៗក្នុងឯកសារដ៏បំផុសគំនិតនោះមាននូវការបង្រៀនមួយ ហើយបានបង្កើនការយល់ដឹងរបស់ខ្ញុំអំពីតួនាទីជាព្រះ និងបេសកកម្មលើផែនដីរបស់ទ្រង់ ។ អ្វីដែលខ្ញុំបានរៀនសូត្រ ហើយមានអារម្មណ៍នៅគ្រានៃការសិក្សា និងការសញ្ជឹងគិតនេះបញ្ជាក់ថា ព្រះយេស៊ូវពិតជា « ជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក » ។ បទគម្ពីរបុរាណ និងប្រសាសន៍របស់ពួកព្យាការីនៅថ្ងៃចុងក្រោយដែលសរសេរ ឬសរសើរតម្កើងទ្រង់ ថ្លែងជាសាក្សីថា « មាគ៌ារបស់ទ្រង់គឺជាផ្លូវដែលនាំទៅរកសុភមង្គលនៅក្នុងជីវិតនេះ និងនៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងលោកដែលមកដល់ » ។
មានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ពេលបងប្អូនសិក្សាអំពីជីវប្រវត្តិ និងការបង្រៀនរបស់ព្រះគ្រីស្ទតាមរបៀបជាច្រើន ជំនឿរបស់អ្នកលើទ្រង់នឹងកើនឡើង ។ បងប្អូននឹងដឹងថា ទ្រង់ស្រឡាញ់បងប្អូន ហើយយល់ចិត្តបងប្អូនយ៉ាងល្អឥតខ្ចោះ ។ ក្នុងរយៈពេល ៣៣ ឆ្នាំរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ទ្រង់បានរងការបដិសេធ ការបៀតបៀន ការស្រេកឃ្លាន និងការនឿយហត់ ភាពឯកោ ការរំលោភបំពានខាងពាក្យសម្ដី និងខាងរូបកាយ ហើយទីបំផុតបានសុគតក្រោមដៃមនុស្សមានបាប ។ ក្នុងសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងត្រង់កាលវ៉ារី ទ្រង់ជ្រាបនូវរាល់ការឈឺចាប់ ការរងទុក្ខ ការល្បួង ការឈឺ និងជំងឺរបស់យើង ។
មិនថាយើងបានរងទុក្ខអ្វីនោះទេ ទ្រង់គឺជាប្រភពនៃ ការព្យាបាល ។ អស់អ្នកដែលធ្លាប់ជួបការការរំលោភបំពាន ការបាត់បង់ដ៏ធំ ជំងឺរ៉ាំរៃ ឬពិការភាព ការចោទប្រកាន់មិនពិត ការបៀតបៀនដ៏សាហាវ ឬការបំផ្លិចបំផ្លាញខាងវិញ្ញាណដោយសារអំពើបាប ឬការយល់ខុសអាចបានជាសះស្បើយដោយសារព្រះដ៏ប្រោសលោះនៃពិភពលោក ។ ប៉ុន្តែ ទ្រង់នឹងពុំយាងចូលដោយគ្មានការអញ្ជើញឡើយ ។ យើងត្រូវមករកទ្រង់ ហើយឲ្យទ្រង់ធ្វើនូវអព្ភូតហេតុរបស់ទ្រង់ ។
នៅថ្ងៃនិទាឃរដូវមួយដ៏ស្រស់ស្អាត ខ្ញុំបានបើកចំហរទ្វារឲ្យខ្យល់អាកាសល្អចូលមក ។ មានបក្សីតូចមួយបានហើរចូលតាមទ្វារនោះ ហើយវាបានដឹងថានេះ ពុំមែនជាទីកន្លែងដែលវាចង់មកទេ ។ វាបានហើរពេញបន្ទប់ទៅវិញទៅមកបុកនឹងបង្អួចកញ្ចក់ក្នុងគោលបំណងចង់ចេញទៅក្រៅ ។ ខ្ញុំបានព្យាយាមនាំវាចេញទៅតាមទ្វារ ប៉ុន្តែវាភ័យខ្លាច ហើយបានគេចចេញជានិច្ច ។ ទីបំផុត វាបានទៅទំនៅលើដងរនាំងបង្អួចដោយវង្វេងវង្វាន់យ៉ាងខ្លាំង ។ ខ្ញុំបានយកអំបោសមួយមក ហើយលូកតិចៗទៅកន្លែងដែលបក្សីនោះកំពុងទំ ។ ពេលខ្ញុំដាក់ចុងអំបោសនៅក្បែរជើងវា បក្សីនោះបានដើរសាកមើលលើចុងអំបោសនោះ ។ បន្តិចម្ដងៗ ខ្ញុំបានដើរទៅទ្វារចំហនោះ ដោយខំកាន់អំបោសឲ្យនឹងតាមដែលខ្ញុំអាចធ្វើបាន ។ ពេលខ្ញុំទៅដល់ទ្វារភ្លាម បក្សីនោះក៏ហើរទៅបាត់ទៅ ។
ដូចជាបក្សីនោះដែរ ពេលខ្លះយើងខ្វះការទុកចិត្ត ដោយសារយើងពុំយល់អំពីក្ដីស្រឡាញ់ដ៏ពិតរបស់ព្រះ និងព្រះទ័យទ្រង់ចង់ជួយយើង ។ ប៉ុន្តែពេលយើងសិក្សាអំពីផែនការរបស់ព្រះវរបិតាសួគ៌ និងបេសកកម្មរបស់ព្រះយេស៊ូគ្រីស្ទ យើងយល់ថា គោលបំណងរួមរបស់ទ្រង់គឺជាសុភមង្គល និងការរីកចម្រើនអស់កល្បរបស់យើង ។ ពួកទ្រង់រីករាយជួយយើង ពេលយើងទូលសូម ស្វែងរក ហើយគោះ ។ ពេលយើងអនុវត្តជំនឿ ហើយបើកចិត្តយើងដោយរាបសាទៅរកចម្លើយរបស់ពួកទ្រង់ យើងនឹងរួចផុតពីឧបសគ្គនៃការយល់ខុស និងការសន្មតរបស់យើង ហើយយើងអាចនឹងបង្ហាញឲ្យឃើញផ្លូវទៅមុខ ។
ព្រះយេស៊ូវគ្រីស្ទក៏ជាប្រភពនៃ ក្ដីសុខសាន្ត ផងដែរ ។ ទ្រង់អញ្ជើញយើងឲ្យ « ពឹងផ្អែកលើព្រះហស្ដ[ ទ្រង់ ] » ហើយសន្យានូវ « សេចក្ដីសុខសាន្ត … ដែលហួសលើសពីអស់ទាំងគំនិត » ជាអារម្មណ៍មួយដែលកើតមានពេលព្រះវិញ្ញាណទ្រង់ « មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ព្រលឹងរបស់យើង » មិនថាបញ្ហាជុំវិញខ្លួនយើងជាអ្វីឡើយ ។ មិនថាវាជាបញ្ហាផ្ទាល់ខ្លួន ឧបសគ្គក្នុងគ្រួសារ ឬវិបត្តិក្នុងសហគមន៍នោះទេ សេចក្ដីសុខសាន្តនឹងកើតមាន ពេលយើងទុកចិត្តថា ព្រះរាជបុត្រាស្ងួនភ្ញារបស់ព្រះមានព្រះចេស្ដាដើម្បីរម្ងាប់ព្រលឹងឈឺចាប់របស់យើងបាន ។
ស្នេហ្សេណា ផាដវិនស្គី ជាសមាជិកម្នាក់ក្នុងចំណោមពួកបរិសុទ្ធមួយក្រុមតូចនៅកាល់ឡូវ៉ាក ប្រទេសក្រូអាត បានពឹងផ្អែកលើព្រះអង្គសង្គ្រោះពេលស្វាមីនាង និងឪពុកម្ដាយនាងបានចែកឋានក្នុងរយៈពេលតែប្រាំមួយខែកាលពីឆ្នាំមុន ។ នាងមានការឈឺចាប់ខ្លាំង ប៉ុន្តែដោយមានទីបន្ទាល់មួយថា ក្រុមគ្រួសារមានជានិរន្តរ នាងបានប្រើប្រាក់សន្សំទាំងអស់ ដើម្បីធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ដើម្បីផ្សារភ្ជាប់នឹងស្វាមី ហើយនិងឪពុកម្ដាយនាង ។ នាងបានចែកចាយថា រយៈពេលនៅក្នុងព្រះវិហារបរិសុទ្ធនោះគឺជាគ្រាសំខាន់បំផុតនៅក្នុងជីវិតនាង ។ ដោយសារទីបន្ទាល់រឹងមាំរបស់នាងទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនទ្រង់ នាងមានក្ដីសុខសាន្ត ហើយដកពិសោធន៍នូវការព្យាបាលដែលបានក្លាយជាកម្លាំងដល់មនុស្សជុំវិញខ្លួននាងផងដែរ ។
ជំនឿលើព្រះយេស៊ូវគ្រីស្ទនាំមកនូវអំណោយទានលើសពីការព្យាបាល និងក្ដីសុខសាន្តទៅទៀត ។ ដូចជាប្រធាន ហិនរី ប៊ី អាវរិង បានចែកចាយថា « ខ្ញុំអរគុណចំពោះព្រះអម្ចាស់ដែលបានយាងមករកខ្ញុំតាមវិធីជាច្រើនជាមួយព្រះដ៏ជាជំនួយ ពេលខ្ញុំត្រូវការភាពសុខសាន្ដ ។ ប៉ុន្តែព្រះវរបិតាសួគ៌យើងពុំខ្វល់ព្រះទ័យតែអំពីការក្សាន្ដចិត្តយើងប៉ុណ្ណោះទេ ប៉ុន្តែខ្វល់ព្រះទ័យកាន់តែខ្លាំងអំពីការរីកចម្រើនរបស់យើង » ។
ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរួមបញ្ចូលនូវអំណោយទាននៃ ការប្រោសលោះ និងការរស់ឡើងវិញផង យើងអាចប្រែចិត្ត ផ្លាស់ប្ដូរ ហើយរីកចម្រើនដ៏អស់កល្ប ។ ដោយសារតែអំណាចដែលទ្រង់បានប្រទានដល់យើង ពេលយើងគោរពតាម នោះយើងអាចរីកចម្រើនលើសពីសមត្ថភាពរបស់យើង ។ យើងប្រហែលជាមិនយល់ទាំងស្រុងនោះទេ ប៉ុន្តែយើងម្នាក់ៗដែលមានអារម្មណ៍ថា ជំនឿលើព្រះគ្រីស្ទកើនឡើងក៏បានទទួលការយល់ដឹងដ៏ច្រើនមួយអំពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើងដែរ ដោយដឹកនាំយើងឲ្យធ្វើការជ្រើសរើសខ្ជាប់ខ្ជួននឹងចំណេះដឹងនោះ ។
ទោះជាលោកិយព្យាយាមវាយពន្លិចយើងដូចជា« សត្វពាហនៈ » ក្ដី ការដឹងថា ព្រះគឺជាព្រះវរបិតាយើងធានាចំពោះយើងថា យើងមានសក្ដានុពលដ៏ទេវភាព និងការសន្យាជាហ្លួង ។ ទោះជាលោកិយប្រាប់យើងថា ជីវិតនេះគឺជាផ្លូវទាល់មួយក្ដី ការដឹងថា ព្រះរាជបុត្រាស្ងួនភ្ញារបស់ព្រះបានធ្វើឲ្យយើងអាចបានការប្រោសលោះ និងការរស់ឡើងវិញ វាផ្ដល់ក្ដីសង្ឃឹមឲ្យយើងសម្រាប់ការរីកចម្រើអស់កល្ប ។
ខិតខំធ្វើតាមព្រះយេស៊ូវគ្រីស្ទ
ពេលយើងរៀនច្រើនអំពីព្រះយេស៊ូវគ្រីស្ទ យើងអភិវឌ្ឍជំនឿលើទ្រង់ច្រើនជាងមុន ហើយចង់ធ្វើតាមគំរូទ្រង់ដោយឯកឯង ។ ការគោរពបទបញ្ញត្តិទ្រង់ក្លាយជាបំណងប្រាថ្នាដ៏ធំបំផុតរបស់យើង ។ ដួងចិត្តយើងចង់សម្រាលការរងទុក្ខរបស់មនុស្សដទៃដូចទ្រង់បានធ្វើ ហើយយើងចង់ឲ្យពួកគេជួបក្ដីសុខសាន្ត និងសុភមង្គលដែលយើងមាន ។
ហេតុអ្វីការព្យាយាមធ្វើដូចជាទ្រង់បានធ្វើមានអនុភាពខ្លាំងម្ល៉េះ ? ដោយសារពេលយើងដាក់ជំនឿយើងឲ្យទៅជាសកម្មភាព នោះព្រះវិញ្ញាណបរិសុទ្ធថ្លែងសាក្សីអំពីសេចក្ដីពិតអស់កល្ប ។ ព្រះយេស៊ូវបង្គាប់ពួកសិស្សទ្រង់ឲ្យគោរពបទបញ្ញត្តិទ្រង់ ដោយសារទ្រង់ជ្រាបថា ពេលយើងធ្វើតាមគំរូទ្រង់ នោះយើងនឹងចាប់ផ្ដើមមានអំណរ ហើយពេលយើងបន្តដើរលើផ្លូវទ្រង់ យើងនឹងរកឃើញអំណរពេញលេញ ។ ទ្រង់បានពន្យល់ថា « ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នក រាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយ ឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង » ។
តើទីបន្ទាល់យើងបានស្ថាបនាលើគ្រឹះដ៏មាំនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អ ទ្រង់ដែរឬទេ ? ពេលព្យុះជីវិតបោកបក់មកលើយើង តើយើងរកមើលសៀវភៅដោះស្រាយបញ្ហា ឬការចុះផ្សាយនៅអ៊ិនធើរណែតយ៉ាងចលាចលដើម្បីទទួលបានជំនួយដែរឬទេ ? ការចំណាយពេលស្ថាបនា ហើយពង្រឹងចំណេះដឹង និងទីបន្ទាល់យើងអំពីព្រះយេស៊ូវគ្រីស្ទនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនក្នុងការសាកល្បង និងទុក្ខវេទនា ។ ការអានព្រះគម្ពីរប្រចាំថ្ងៃ និងការអានប្រសាសន៍របស់ពួកព្យាការីនៅរស់ ការមានការអធិស្ឋានផ្ទាល់ខ្លួនដ៏មានន័យ ការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ដោយយកចិត្តទុកដាក់ ការបម្រើដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ—សកម្មភាពសាមញ្ញទាំងនេះក្លាយជាគ្រឹះសម្រាប់ជីវិតមួយដ៏រីករាយ ។
តើអ្វីទៅនាំយកអំណរឲ្យបងប្អូន ? តើជាការមើលឃើញមនុស្សជាទីស្រឡាញ់បន្ទាប់ពីថ្ងៃដ៏ស្មុគស្មាញបានបញ្ចប់ទៅមែនទេ ? តើជាភាពរីករាយក្នុងការធ្វើការងារមួយបានល្អមែនទេ ? តើជាពន្លឺនៅក្នុងកែវភ្នែករបស់មនុស្សម្នាក់ ពេលបងប្អូនជួយរំលែកបន្ទុករបស់ពួកគេមែនទេ ? តើជាទំនុកច្រៀងក្នុងទំនុកតម្កើងមួយដែលចាក់ចូលយ៉ាងជ្រៅក្នុងដួងចិត្តបងប្អូនមែនទេ ? តើជាការចាប់ដៃពីមិត្តជិតស្និទ្ធម្នាក់មែនទេ ? សូមចំណាយពេលផ្ទាល់ខ្លួនដើម្បីសញ្ជឹងគិតអំពីពរជ័យរបស់បងប្អូន រួចហើយរករបៀបចែករំលែកវា ។ ពេលបងប្អូនឈោងទៅបម្រើ ហើយលើកស្ទួយបងប្អូនប្រុសស្រីរបស់បងប្អូនដែលនៅក្បែរបងប្អូន ឬនៅ ជុំវិញពិភពលោក បងប្អូននឹងមានក្ដីសុខសាន្ត ព្រមទាំងការព្យាបាល និងការរីកចម្រើនច្រើនជាងមុន ។
សូមមករកទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលបងប្អូនផ្ដល់ជីវិតរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ បងប្អូននឹងរកឃើញអំណរនៅក្នុងស្ថានភាពរបស់បងប្អូន មិនវាជាអ្វីនោះទេ ។ ពិតណាស់ ចម្លើយនោះគឺថា « មានតែទ្រង់ទេ » ។ សូមចំណាយពេលមកស្គាល់ព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាដោយឧស្សាហ៍ ដោយអភិវឌ្ឍជំនឿដ៏ធំលើទ្រង់ និងដោយខិតខំប្រែក្លាយដូចជាទ្រង់ឲ្យច្រើនជាងមុន ។ ពេលយើងធ្វើដូច្នេះ យើងនឹងមានចិត្តរំភើបផងដែរដោយពោលជាមួយនឹងកូនតូច ឡេនី ថា « សូមអរព្រះគុណដល់ព្រះចំពោះអំណោយទានដ៏ប្រៀបផ្ទឹមពុំបាននៃ ព្រះរាជបុត្រារបស់ទ្រង់ដ៏ឧត្តម » ។ នៅក្នុងព្រះនាមដ៏មាន ពរ និង ពិសិដ្ឋនៃ ព្រះយេស៊ូវគ្រីស្ទ អាមែន ។