តម្លៃហួសពីការអាចវាស់វែងបាន
យើងអាចភ្លក់រសជាតិនៃការខ្សឹបប្រាប់ដ៏ផ្អែមល្ហែមពីព្រះវិញ្ញាណបរិសុទ្ធជាញឹកញាប់ បញ្ជាក់ពីសេចក្ដីពិតនៃតម្លៃខាងវិញ្ញាណរបស់យើង ។
អំឡុងពេលទៅទស្សនាប្រទេស សៀរ៉ាឡេអូន នៅ អាហ្រ្វិកខាងលិច ខ្ញុំបានចូលរួមនៅក្នុងការប្រជុំមួយដែលបានដឹកនាំដោយអ្នកដឹកនាំអង្គការបឋមសិក្សាស្ដេក ។ ម៉ារីម៉ា បានដឹកនាំដោយក្ដីស្រឡាញ់ ព្រះគុណ និងទំនុកចិត្ត ដែលងាយនឹងស្មានថាគាត់បានធ្វើជាសមាជិកសាសនាចក្រយូរហើយ ។ ទោះយ៉ាងណាក្ដីម៉ារីម៉ា គឺជាអ្នកប្រែចិត្តជឿថ្មីស្រឡាង ។
ប្អូនស្រីរបស់គាត់បានចូលរួមសាសនាចក្រ ហើយបានអញ្ជើញឲ្យ ម៉ារីម៉ា ចូលរួមក្នុងថ្នាក់មួយនៅឯព្រះវិហារជាមួយនាង ។ ម៉ារីម៉ា ចាប់អារម្មណ៍អំពីសារលិខិតយ៉ាងខ្លាំង ។ មេរៀននោះគឺរៀនអំពីច្បាប់ព្រហ្មចារីភាព ។ គាត់បានសុំឲ្យអ្នកផ្សព្វផ្សាយសាសនាបង្រៀនគាត់បន្ថែម ហើយមិនយូរប៉ុន្មានគាត់ក៏បានទទួលទីបន្ទាល់មួយអំពីព្យាការី យ៉ូសែប ស៊្មីធ ។ គាត់បានជ្រមុជទឹកនៅឆ្នាំ ២០១៤ ហើយកូនស្រីរបស់គាត់បានជ្រមុជទឹកកាលពីខែមុន ។ សូមនឹកស្រមៃអំពីការបង្រៀនគ្រឹះចំនួនពីរដែលនាំឲ្យ ម៉ារីម៉ា ប្រែចិត្តជឿ គឺ ច្បាប់ព្រហ្មចារីភាព និង ព្យាការី យ៉ូសែប ស៊្មីធ ជាចំណុចពីរយ៉ាងដែលជារឿយៗពិភពលោកបានមើលឃើញថា ពុំទាក់ទងគ្នា ហួសសម័យ ឬដែលរំខាន ។ ប៉ុន្តែ ម៉ារីម៉ា បានថ្លែងទីបន្ទាល់ថា គាត់គឺដូចជាសត្វមមាចដែលមិនខ្លាចភ្លើង ។ គាត់បាននិយាយថា « នៅពេលខ្ញុំជួបដំណឹងល្អ ខ្ញុំបានរកឃើញខ្លួនឯង » ។ គាត់បានរកឃើញតម្លៃរបស់គាត់តាមរយៈគោលការណ៍ដ៏ទេវភាព ។ តម្លៃរបស់គាត់ក្នុងនាម ជាបុត្រីរបស់ព្រះ ត្រូវបានបើកសម្ដែងឲ្យគាត់ឃើញតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ឥឡូវ សូមជួបនឹង បងប្អូនស្រី សាញ មកពីឥណ្ឌា ។ រីនុ, នៅខាងស្តាំផុត ហើយជាអ្នកដំបូងគេក្នុងចំណោមបងប្អូនស្រីប្រាំនាក់ដែលចូលរួមក្នុងសាសនាចក្រ បានចែកចាយគំនិតនេះថា ៖
« ពីមុនចាប់ផ្ដើមរៀនពីសាសនាចក្រ ខ្ញុំពុំមានអារម្មណ៍ច្បាស់ថាខ្ញុំពិសេសនោះទេ ។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើន ហើយសង្គម និងវប្បធម៌របស់ខ្ញុំ ពុំបានបង្រៀនខ្ញុំថាខ្ញុំមានតម្លៃជាបុគ្គលផ្ទាល់ខ្លួននោះទេ ។ នៅពេលខ្ញុំរៀនដំណឹងល្អ ហើយដឹងថាខ្ញុំគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌របស់យើង វាបានផ្លាស់ប្ដូរខ្ញុំ ។ រំពេចនោះខ្ញុំមានអារម្មណ៍ថាខ្ញុំសំខាន់ណាស់—ពិតណាស់ ព្រះបានបង្កើតខ្ញុំមក ហើយបានបង្កើតព្រលឹងខ្ញុំ ហើយបង្កើតជីវិតខ្ញុំព្រមជាមួយនឹងតម្លៃ និងគោលបំណង ។
« ពីមុនខ្ញុំមានដំណឹងល្អក្នុងជីវិត ខ្ញុំតែងតែព្យាយាមបង្ហាញដល់អ្នកដទៃថា ខ្ញុំជាមនុស្សពិសេសម្នាក់ ។ ប៉ុន្តែពេលខ្ញុំដឹងពីសេចក្ដីពិត ថាខ្ញុំជាបុត្រីរបស់ព្រះ ខ្ញុំពុំចាំបាច់ត្រូវបង្ហាញអ្វីដល់នរណាម្នាក់ឡើយ ។ ខ្ញុំបានដឹងថា ខ្ញុំពិសេស ។… ចូរកុំគិតថាខ្លួនអ្នកគ្មានតម្លៃនោះឡើយ » ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍យ៉ាងល្អឥតខ្ចោះ ពេលលោកបានដកស្រង់ពាក្យទាំងនេះ « តម្លៃនៃព្រលឹងគឺជាសមត្ថភាពដើម្បីប្រែក្លាយដូចជាព្រះ » ។
ថ្មីៗនេះ ខ្ញុំមានពរដែលបានជួបនឹងយុវនារីម្នាក់ទៀតដែលយល់អំពីសេចក្ដីពិតដូចគ្នានេះ ។ នាងឈ្មោះថា ថៃអាណា ។ ខ្ញុំបានជួបនាងនៅ ឯមន្ទីរពេទ្យកុមារនៅទីក្រុង សលត៍ លេក ។ ថៃអាណា រៀននៅមធ្យមសិក្សា ពេលនាងដឹងរោគវិនិច្ឆ័យថាមានជំងឺមហារីក ។ នាងបានតស៊ូយ៉ាងក្លាហានអស់រយៈពេល ១៨ ខែ ពីមុនទទួលមរណភាពកាលពីប៉ុន្មានសប្ដាហ៍មុននេះ ។ ថៃអាណា មានពេញដោយពន្លឺ និងសេចក្ដីស្រឡាញ់ ។ នាងត្រូវបានគេស្គាល់ថាមានស្នាមញញឹមស្រស់ស្រាយ ហើយបុគ្គលិកលក្ខណៈពិសេសរបស់នាងគឺ « ការលើកមេដៃពីរឡើង » ។ នៅពេលអ្នកដទៃសួរថា « ហេតុអ្វីអ្នកឈឺគឺជាឯង ថៃអាណា ? » នាងតបថា « ហេតុអ្វីខ្ញុំមិនអាចឈឺបាន ? » ថៃអាណា បានព្យាយាមប្រែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់នាង ដែលនាងស្រឡាញ់យ៉ាងខ្លាំង ។ អំឡុងការចុះសួរសុខទុក្ខរបស់យើង ខ្ញុំបានដឹងថា ថៃអាណា យល់ពីតម្លៃដ៏ទេវភាពរបស់នាង ។ ពេលដឹងថានាងជាបុត្រីរបស់ព្រះ វាបានផ្ដល់ភាពសុខសាន្ដ និងភាពក្លាហានដល់នាងដើម្បីប្រឈមមុខនឹងការសាកល្បងដ៏លើសលប់នេះក្នុងរបៀបវិជ្ជមាន ដូចដែលនាងបានធ្វើ ។
ម៉ារីម៉ា, រីនុ, និងថៃអាណា បង្រៀនយើងថា ព្រះវិញ្ញាណ នឹងបញ្ជាក់ដល់យើងម្នាក់ៗអំពីតម្លៃដ៏ទេវភាពរបស់យើង ។ ការដឹងពិតថាអ្នកជាបុត្រីរបស់ព្រះ នឹងជះឥទ្ធិពលលើគ្រប់រូបភាពនៃជីវិតរបស់អ្នក ហើយដឹកនាំអ្នកនៅក្នុងការបម្រើដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ជាពាក្យសម្ដីដ៏រុងរឿងទាំងនេះថា ៖
« ព្រះជាព្រះវរបិតារបស់អ្នក ។ ទ្រង់ស្រឡាញ់អ្នក ។ ទ្រង់ និងព្រះមាតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ឲ្យតម្លៃអ្នកហួសពីការដែលអាចវាស់បាន ។… អ្នកពិសេសណាស់ ។ ជាមនុស្សម្នាក់ដែលបានបង្កើតឡើងដោយប្រាជ្ញាដ៏អស់កល្បជានិច្ច ដែលអ្នកអាចអះអាងយកជីវិតអស់កល្បជានិច្ចបាន ។
« ចូរកុំមានចម្ងល់ក្នុងចិត្តអ្នកអំពីតម្លៃរបស់អ្នកជាបុគ្គលម្នាក់ៗនោះឡើយ ។ បំណងទាំងមូលនៃផែនការដំណឹងល្អ គឺដើម្បីផ្ដល់ឱកាសដល់អ្នករាល់គ្នាម្នាក់ៗឲ្យឈោងទៅដល់សក្ដានុពលដ៏ពេញលេញបំផុតរបស់អ្នក ដែលជាការរីកចម្រើនដ៏នៅអស់កល្បជានិច្ច និងលទ្ធភាពនៃភាពជាព្រះ » ។
ខ្ញុំសូមចង្អុលបង្ហាញពីតម្រូវការញែកពាក្យសំខាន់ពីរឲ្យដាច់ពីគ្នាគឺ ៖ តម្លៃ និងភាពសក្ដិសម ។ ពាក្យទាំងពីរនេះពុំដូចគ្នាទេ ។ តម្លៃខាងវិញ្ញាណមានន័យថា តម្លៃខ្លួនយើង តាមរបៀបដែលព្រះវរបិតាសួគ៌ឲ្យតម្លៃយើង ពុំមែនលោកិយឲ្យតម្លៃយើងទេ ។ តម្លៃរបស់យើងត្រូវបានកំណត់ឲ្យពីមុនយើងមកកាន់ផែនដីនេះទៅទៀត ។ « សេចក្ដីស្រឡាញ់របស់ព្រះគឺ អានន្ត ហើយវានឹងនៅមានជារៀងរហូត » ។
ម្យ៉ាងទៀត ភាពសក្ដិសម គឺទទួលបានតាមរយៈការគោរពប្រតិបត្តិ ។ ប្រសិនបើយើងមានអំពើបាប យើងពុំសូវសក្ដិសម ប៉ុន្តែយើងពុំមែនគ្មានតម្លៃនោះទេ ! យើងបន្ដប្រែចិត្ត ហើយព្យាយាមដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវភ្ជាប់ជាមួយនឹងតម្លៃរបស់យើង ។ ដូចជាប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀន ៖ « វិញ្ញាណដែលតូចទាបបំផុតនៅលើផែនដីឥឡូវនេះ… គឺមានតម្លៃដូចពិភពជាច្រើន » ។ មិនថាមានរឿងអ្វីកើតឡើងទេ យើងតែងតែមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះវរបិតាសួគ៌របស់យើង ។
ក្រៅពីសេចក្ដីពិតដ៏អស្ចារ្យនេះ តើមានគ្នាយើងប៉ុន្មាននាក់ដែលពុះពារ ពីមួយគ្រាទៅមួយគ្រា ជាមួយនឹងគំនិតអវិជ្ជមាន ឬអារម្មណ៍អវិជ្ជមានអំពីខ្លួនយើង ? ខ្ញុំមាន ។ វាងាយនឹងជាប់អន្ទាក់ណាស់ ។ សាតាំងគឺជាបិតានៃការកុហកទាំងអស់ ជាពិសេសនៅពេលវាមកបំភាន់អំពីនិស្ស័យនៃព្រះ និងគោលបំណងផ្ទាល់ខ្លួនរបស់យើង ។ ការគិតថាខ្លួនយើងមិនសំខាន់ គឺមិនចម្រើនអ្វីដល់យើងទេ ។ ផ្ទុយទៅវិញ វាធ្វើឲ្យយើងដើរថយក្រោយ ។ ជារឿយៗយើងត្រូវបានបង្រៀនថា « គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកមានអារម្មណ៍តូចទាបនោះទេ បើខ្លួនអ្នកមិនយល់ស្របតាមវានោះ » ។ យើងអាចឈប់ប្រៀបធៀបតម្លៃរបស់យើងទៅនឹងអ្វីដែលល្អបំផុតរបស់អ្នកដទៃ ។ « ការប្រៀបធៀប គឺជាចោរប្លន់អំណរ » ។
ផ្ទុយទៅវិញ ព្រះអម្ចាស់អះអាងនឹងយើងថា នៅពេលយើងមានគំនិតប្រកបដោយគុណធម៌ នោះទ្រង់នឹងប្រទានពរដល់យើងឲ្យមានទំនុកចិត្ត ជាទំនុកចិត្តដែលដឹងថាយើងជានរណាពិតប្រាកដ ។ ពុំមានពេលណាសំខាន់ជាងពេលនេះដើម្បីផ្ទៀងស្ដាប់ព្រះបន្ទូលទ្រង់នោះទេ ។ ទ្រង់មានបន្ទូលលថា« ចូរឲ្យគុណធម៌តុបតែងគំនិតរបស់អ្នកដោយឥតឈប់ឈរឡើយ » ។ « មានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ…ហើយព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនអ្នក » ។
ព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតបន្ថែមនេះដល់ព្យាការី យ៉ូសែប ស៊្មីធថា « អ្នកណាដែលបានទទួលពីព្រះ ចូរឲ្យអ្នកនោះទទួលស្គាល់ថា របស់នោះមកពីព្រះចុះ ហើយចូរឲ្យអ្នកនោះត្រេកអរដែលព្រះទ្រង់រាប់ថាសមនឹងទទួលបាន » ។ នៅពេលយើងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ដូចខគម្ពីរនេះបានពន្យល់ នោះយើងទទួលស្គាល់ថា អ្វីដែលយើងទទួលអារម្មណ៍នោះគឺមកពីព្រះវរបិតាសួគ៌របស់យើង ។ យើងទទួលស្គាល់ទ្រង់ ហើយសរសើរថ្វាយទ្រង់ដែលប្រទានពរយើង ។ បន្ទាប់មកយើងរីករាយដែលយើងត្រូវបានរាប់ថាសក្ដិសមនឹងទទួលនោះ ។
សូមស្រមៃថា អ្នកកំពុងអានគម្ពីរនៅព្រឹកមួយ ហើយព្រះវិញ្ញាណបានខ្សឹបប្រាប់អ្នកដោយស្រទន់ថា អ្វីដែលអ្នកកំពុងអានគឺជាការពិត ។ តើអ្នកអាចស្គាល់ព្រះវិញ្ញាណ ហើយរីករាយដែលអ្នកបានទទួលអារម្មណ៍ក្ដីស្រឡាញ់ទ្រង់ ហើយសក្ដិសមនឹងទទួលដែរឬទេ ?
មាតាទាំងឡាយអើយ អ្នកអាចលុតជង្គង់នៅជិតកូនអាយុបួនឆ្នាំរបស់អ្នក ពេលគាត់អធិស្ឋានមុនគាត់ចូលគេង ។ អារម្មណ៍មួយនឹងស្រោចស្រប់លើអ្នកពេលអ្នកស្ដាប់ ។ អ្នកមានអារម្មណ៍កក់ក្ដៅ និងសុខសាន្ដ ។ អារម្មណ៍នោះមានរយៈពេលខ្លី ប៉ុន្តែអ្នកទទួលស្គាល់ថាអ្នកត្រូវបានរាប់ថាសក្ដិសមនឹងទទួលបាននៅគ្រានោះ ។ យើងអាចនឹងកម្រទទួលបានការបើកសម្ដែងខាងវិញ្ញាណធំៗនៅក្នុងជីវិតរបស់យើង ប៉ុន្តែយើងអាចភ្លក់រសជាតិនៃការខ្សឹបប្រាប់ដ៏ផ្អែមល្ហែមពីព្រះវិញ្ញាណបរិសុទ្ធជាញឹកញាប់ បញ្ជាក់ពីសេចក្ដីពិតនៃតម្លៃខាងវិញ្ញាណរបស់យើង ។
ព្រះអម្ចាស់បានពន្យល់អំពីទំនាក់ទំនងរវាងតម្លៃរបស់យើង និងពលិកម្មធួនដ៏មហិមារបស់ទ្រង់ នៅពេលទ្រង់មានបន្ទូលថា ៖
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ
ដ្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះប្រោសលោះរបស់អ្នក ទ្រង់បានរងសេចក្ដីស្លាប់នៅក្នុងសាច់ឈាម ម៉្លោះហើយទ្រង់បានរងការឈឺចាប់នៃមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចប្រែចិត្ត ហើយមករកព្រះអង្គបាន » ។
បងប្អូនស្រីអើយ ដោយសារតែអ្វីដែលទ្រង់បានធ្វើសម្រាប់យើង « យើងនៅជាប់នឹងទ្រង់ដោយក្តីស្រឡាញ់ » ។ ទ្រង់មានបន្ទូលថា « ព្រះវរបិតាយើង ទ្រង់បានចាត់ឲ្យយើងមក ដើម្បីឲ្យយើងអាចត្រូវបានលើកឡើងលើឈើឆ្កាង ហើយបន្ទាប់ពីយើងត្រូវបានលើកឡើងលើឈើឆ្កាង គឺប្រយោជន៍ឲ្យយើងអាចទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង » ។
ស្ដេចបេនយ៉ាមីន ក៏បានពន្យល់ផងដែរអំពីចំណងភ្ជាប់នេះជាមួយនឹងព្រះអង្គសង្គ្រោះរបស់យើងថា ៖ « ហើយមើលន៏ ព្រះអង្គនឹងស៊ូទ្រាំនូវការល្បួង និងការឈឺចាប់នៃរាងកាយ សេចក្ដីស្រេកឃ្លាន និងការនឿយហត់ច្រើនជាងមនុស្សលោកអាចស៊ូទ្រាំបានទៅទៀត លើកលែងតែសេចក្ដីស្លាប់ប៉ុណ្ណោះ ដ្បិតមើលចុះ ព្រះលោហិតចេញមកពីគ្រប់រន្ធញើស សេចក្ដីបារម្ភរបស់ព្រះអង្គនឹងមានឡើងយ៉ាងខ្លាំង »ដោយសារតែអំពើបាបរបស់យើង ។ ការរងទុក្ខនោះ និងលទ្ធផលនៃការរងទុក្ខនោះ បំពេញដួងចិត្តរបស់យើងដោយសេចក្ដីស្រឡាញ់ និងការដឹងគុណ ។ អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ បានបង្រៀនថា « ពេលយើងដកចេញនូវការទាក់ទាញទាំងឡាយ ដែលទាញយើងទៅរកលោកិយ ហើយអនុវត្តសិទ្ធិជ្រើសរើសរបស់យើងដើម្បីស្វែងរកទ្រង់ នោះយើងបើកចិត្តយើងដល់អានុភាពសេឡេស្ទាល ដែលនាំយើងខិតទៅជិតទ្រង់ » ។ ប្រសិនបើសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើងមានច្រើនជាងថាមពលដែលយើងផ្ដល់ទៅឲ្យភាពកំសោយ ការសង្ស័យផ្ទាល់ខ្លួន ឬទម្លាប់អាក្រក់ នោះទ្រង់នឹងជួយយើងយកឈ្នះរឿងទាំងឡាយដែលបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងជីវិតរបស់យើង ។ ទ្រង់សង្គ្រោះយើងចេញពីខ្លួនយើង ។
ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ៖ ប្រសិនបើកម្លាំងទាញខាងលោកិយ មានកម្លាំងខ្លាំងជាងសេចក្ដីជំនឿ និងការទុកចិត្តដែលយើងមានទៅលើព្រះអង្គសង្គ្រោះ នោះកម្លាំងទាញខាងលោកិយនឹងឈ្នះគ្រប់ពេល ។ ប្រសិនបើយើងជ្រើសរើសផ្ដោតទៅលើគំនិតអវិជ្ជមាន និងការសង្ស័យពីតម្លៃរបស់យើង ជំនួសឲ្យការតោងជាប់ទៅនឹងព្រះអង្គសង្គ្រោះ នោះវានឹងកាន់តែពិបាកដើម្បីទទួលអារម្មណ៍បញ្ជាក់មកពីព្រះវិញ្ញាណបរិសុទ្ធ ។
បងប្អូនស្រីអើយ សូមកុំភាន់ច្រឡំអំពីអត្តសញ្ញាណរបស់យើង ! ខណៈដែលវាងាយនឹងទទួលរងសកម្មភាពខាងវិញ្ញាណជាងដាក់ការខិតខំខាងវិញ្ញាណដើម្បីចងចាំ និងឱបក្រសោបយកអត្តសញ្ញាណដ៏ទេវភាពរបស់យើង នោះយើងមិនអាចបណ្ដោយទៅតាមរឿងនោះនៅក្នុងថ្ងៃចុងក្រោយនេះបានទេ ។ សូមឲ្យយើងក្នុងនាមជាស្ត្រី « មានភាពស្មោះត្រង់ទៅលើព្រះគ្រីស្ទ… សូមឲ្យព្រះគ្រីស្ទលើក[ យើង ] ឡើង ហើយសូមឲ្យការរងទុក្ខ និងការសុគត… និងក្ដីមេត្តាករុណារបស់ទ្រង់ និងការអត់ធ្មត់និង សេចក្ដីសង្ឃឹមទៅលើសិរីល្អរបស់ទ្រង់ និងជីវិតអស់កល្បជានិច្ច ចាំដក់ជាប់នៅក្នុង [ គំនិតរបស់យើង ] ជារៀងរហូត » ។ នៅពេលព្រះអង្គសង្គ្រោះលើកយើងឡើងកាន់ទីខ្ពស់ នោះ យើងអាចមើលឃើញកាន់តែច្បាស់ជាងការគ្រាន់តែមើលឃើញថាយើងជានរណា ប៉ុន្តែយើងទៅកាន់តែជិតនឹងទ្រង់ ជាងយើងអាចនឹកស្រមៃដល់ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។