បំណងប្រាថ្នាត្រឡប់ទៅផ្ទះវិញ
បង្វែរព្រលឹងបងប្អូនឆ្ពោះទៅរកបំណងប្រាថ្នានោះ ។ ចាប់ផ្ដើមដំណើរដ៏អស្ចារ្យរបស់បងប្អូនត្រឡប់ទៅផ្ទះវិញ ។ ពេលបងប្អូនធ្វើដូចនេះ ជីវិតបងប្អូននឹងកាន់តែប្រសើរ កាន់តែរីករាយ និងកាន់តែមានការប្ដេជ្ញាចិត្ត ។
ថ្មីនេះ នៅពេលខ្ញុំបានជួបប្រធាន ថូម៉ាស់ អេស ម៉នសុន លោកបានបង្ហាញទឹកមុខដែលពោរពេញដោយភាពម៉ឹងម៉ាត់ និងមានសុភមង្គលដ៏អស្ចារ្យ បង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះព្រះអម្ចាស់ ហើយថាលោកដឹងថាព្រះអម្ចាស់ស្រឡាញ់លោក ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំដឹងថា ប្រធាន ម៉នសុន មានអំណរគុណណាស់ចំពោះសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការលះបង់របស់បងប្អូនចំពោះព្រះអម្ចាស់ និងដំណឹងល្អដ៏មហិមារបស់ទ្រង់ ។
បប់ប៊ី សុនខដ៏អស្ចារ្យ
ជិតមួយសតវត្សរ៍កន្លងទៅ គ្រួសារមួយក្រុមមកពី អ័រហ្គិន បានដើរលេងវិស្សមកាលនៅ អ៊ិនឌីអាណា—ចម្ងាយ ៣,២០០ គ.ម —ដែលពេលនោះពួកគេបានបាត់ឆ្កែរបស់ពួកគេឈ្មោះ បប់ប៊ី ។ គ្រួសារដែលមានក្តីបារម្ភនោះបានស្វែងរកឆ្កែរបស់ពួកគេគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះ ។ ពួកគេរក បប់ប៊ី មិនឃើញទេ ។
ពួកគេបានត្រឡប់ទៅផ្ទះវិញទាំងខូចចិត្ត ពួកគេបានធ្វើដំណើរឆ្ងាយទៅៗពីសត្វចិញ្ចឹមដែលពួកគេស្រឡាញ់ថ្នាក់ថ្នម ។
ប្រាំមួយខែក្រោយមក គ្រួសារនោះបានភ្ញាក់ផ្អើលដោយឃើញ បប់ប៊ី នៅខាងមុខទ្វារចូលផ្ទះនៅ អ័រហ្គិន ។ « ដោយមានរាងកាយកខ្វក់ ស្គមស្គាំង ស្បែកដណ្ដប់ឆ្អឹង—[ វា ] បានដើរចម្ងាយផ្លូវដ៏ឆ្ងាយ … ដោយខ្លួនវា » ។ រឿងរបស់ បប់ប៊ី ទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនទូទាំងសហរដ្ឋអាមេរិក ហើយវាត្រូវបានស្គាល់ថា បប់ប៊ី សុនខដ៏អស្ចារ្យ ។
បប់ប៊ី មិនមែនជាសត្វមួយក្បាលគត់ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាល់គំនិត ដែលមានញាណចងចាំទិសដៅ និង រយៈចម្ងាយទៅផ្ទះវិញនោះទេ ។ ហ្វូងមេអំបៅហើរផ្លាស់ទីចម្ងាយ ៤,៨០០ គ.ម រាល់ឆ្នាំទៅរកអាកាសធាតុដែលស្រួលរស់នៅជាង ។ អណ្ដើកសមុទ្រធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ពី ឥណ្ឌូណេស៊ី ទៅឆ្នេរ កាលីហ្វូញ៉ា ។ ត្រីបាឡែន ហាំប៉ាក ហែលពីទឹកត្រជាក់ប៉ូលខាងជើង និងខាងត្បូង ឆ្ពោះទៅតំបន់អេក្ខាទ័រ ហើយត្រឡប់មកវិញ ។ ប្រហែលមានរឿងអស្ចារ្យជាងនេះទៀត សត្វស្លាបនៅតំបន់អាកទិច ហើរក្រឡឹងទៅតំបន់អង់តាកទិច ហើយហើរត្រឡប់មកវិញចម្ងាយ ៩៧,០០០ គ.ម ។
ពេលអ្នកវិទ្យាសាស្ត្រសិក្សាអំពីដំណើរដ៏គួរឲ្យចាប់អារម្មណ៍នេះ ពួកគេចោទសំណួរដូចជា « តើពួកវាដឹងពីទីកន្លែងត្រូវទៅតាមរបៀបណា ? » និង « តើពូជពង្សជំនាន់ក្រោយរបស់វា រៀនពីដំណើរនេះតាមរបៀបណា ? »
ពេលខ្ញុំអានអំពីសភាវគតិដ៏អស្ចារ្យនេះរបស់សត្វ ខ្ញុំមិនយល់សោះ ថែមទាំងឆ្ងល់ថា « តើវាទៅរួចឬទេ ដែលមនុស្សលោកមានបំណងប្រាថ្នាស្រដៀងគ្នានេះដែរ—ជាប្រព័ន្ធដឹកនាំផ្នែកខាងក្នុង—ដែលនាំមនុស្សលោកត្រឡប់ទៅ ផ្ទះសួគ៌ា របស់ពួកគេវិញនោះ ? »
ខ្ញុំជឿថា បុរស ស្ត្រី កុមារម្នាក់ៗ មាននូវបំណងប្រាថ្នាត្រឡប់ទៅផ្ទះសួគ៌ាវិញនៅពេលណាមួយក្នុងជីវិតពួកគេ ។ យើងមានបំណងប្រាថ្នាជ្រាលជ្រៅដើម្បីសម្រេចបានហួសពីវាំងនន ហើយឱបក្រសោបព្រះមាតាបិតាសួគ៌ ដែលយើងធ្លាប់ស្គាល់ ហើយស្រឡាញ់ ។
មនុស្សខ្លះអាចនឹងរារាំងចិត្តមិនឲ្យគិតអំពីបំណងប្រាថ្នានេះ ហើយរម្ងាប់អារម្មណ៍នេះមិនឲ្យមានខ្លាំង ។ ប៉ុន្តែជនទាំងឡាយដែលបដិសេធបំណងប្រាថ្នាដែលពួកគេមាននេះ អាចចាប់ផ្ដើមដំណើរជីវិតដ៏អស្ចារ្យមួយ—ជាការផ្លាស់ទីគួរឲ្យស្ញើចទៅរកបរិយាកាសនៅឯស្ថានសួគ៌ ។
ព្រះដង្ហោយហៅបងប្អូន
សារលិខិតដ៏បំផុសគំនិតរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថ្លែងថា ព្រះជាព្រះវរបិតារបស់យើង ទ្រង់មានព្រះទ័យខ្វល់ខ្វាយអំពីយើង ហើយមានមធ្យោបាយមួយដើម្បីត្រឡប់ទៅទ្រង់វិញ ។
ព្រះដង្ហោយហៅបងប្អូន ។
ព្រះជ្រាបរាល់គំនិត ទុក្ខព្រួយ និងក្ដីសង្ឃឹមដ៏ធំបំផុតរបស់បងប្អូន ។ ព្រះជ្រាបពីពេលជាច្រើនដែលបងប្អូនបានស្វែងរកទ្រង់ ។ មានពេលជាច្រើនដែលបងប្អូនមាននូវអំណរដែលគ្មានដែនកំណត់ ។ មានពេលជាច្រើនដែលបងប្អូនបានយំតែម្នាក់ឯង ។ មានពេលជាច្រើនដែលបងប្អូនមានអារម្មណ៍ថាគ្មានជំនួយ ច្របូកច្របល់ ឬខឹងសម្បារ ។
ប៉ុន្តែទោះបងប្អូនមានប្រវត្តិដូចម្ដេចក្ដី—បើបងប្អូនស្ទាក់ស្ទើរ បរាជ័យ ល្វីងជូរចត់ ត្រូវគេក្បត់ ឬវាយដំ—សូមដឹងថា បងប្អូនមិនឯកោទេ ។ ព្រះនៅតែដង្ហោយហៅបងប្អូន ។
ព្រះអង្គសង្គ្រោះឈោងព្រះហស្តទៅជួយបងប្អូន ។ គឺដូចជាទ្រង់បានធ្វើចំពោះអ្នកនេសាទដែលបានឈរនៅឆ្នេរសមុទ្រកាលីឡេយូរលង់មកហើយ នោះទ្រង់ក៏មានបន្ទូលទៅបងប្អូនដោយក្ដីស្រឡាញ់ឥតទីបញ្ចប់ថា « ចូរមកតាមខ្ញុំ » ។
បើបងប្អូនស្ដាប់ឮទ្រង់ ទ្រង់មានបន្ទូលឃ្លានេះនៅថ្ងៃនេះ ។
ពេលបងប្អូនដើរលើមាគ៌ានៃភាពជាសិស្ស—ពេលបងប្អូនឆ្ពោះទៅរកព្រះវរបិតាសួគ៌—នោះមានអ្វីមួយក្នុងខ្លួនបងប្អូន ដែលនឹងបញ្ជាក់ដល់បងប្អូនថា បងប្អូនបានឮការដង្ហោយហៅរបស់ព្រះអង្គសង្គ្រោះ ហើយតម្រង់ដួងចិត្តបងប្អូនទៅរកការដង្ហោយហៅនោះ ។ វានឹងប្រាប់បងប្អូនថា បងប្អូនកំពុងដើរលើមាគ៌ាសុចរិត ហើយថាបងប្អូនកំពុងត្រឡប់ទៅផ្ទះវិញ ។
តាំងពីដំបូងមក ព្យាការីរបស់ព្រះបានលើកទឹកចិត្តមនុស្សនៅជំនាន់គាត់ឲ្យ « ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង … កាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់ទ្រង់ … [ ហើយ ] បែរមកឯ [ ទ្រង់ ] វិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង » ។
បទគម្ពីរបង្រៀនអំពីមូលហេតុជាច្រើនដែលយើងគួរតែធ្វើកិច្ចការនេះ ។
ថ្ងៃនេះ ខ្ញុំលើកមូលហេតុចំនួនពីរ ដែលយើងគួរតែបែរមកឯព្រះអម្ចាស់វិញ ។
ទីមួយ ៖ ជីវិតរបស់បងប្អូននឹងកាន់តែប្រសើរ ។
ទីពីរ ៖ ព្រះនឹងប្រើបងប្អូនដើម្បីធ្វើឲ្យជីវិតមនុស្សដទៃកាន់តែប្រសើរ ។
ជីវិតរបស់បងប្អូននឹងកាន់តែប្រសើរ
ខ្ញុំថ្លែងទីបន្ទាល់ថា ពេលយើងចាប់ផ្ដើម ឬបន្តដំណើរដ៏អស្ចារ្យដែលនាំយើងទៅរកព្រះ នោះជីវិតយើងនឹងកាន់តែប្រសើរ ។
ការណ៍នេះពុំមានន័យថា ជីវិតយើងនឹងរួចផុតពីទុក្ខព្រួយនោះទេ ។ យើងទាំងអស់គ្នាស្គាល់អ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ ដែលរងទុក្ខសោកនាដកម្ម និង ភាពអយុត្តិធម៌—ក្នងចំណោមនោះ ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានរងទុក្ខជាងនរណាៗទាំងអស់ ។ គឺដូចជាព្រះធ្វើឲ្យ « ថ្ងៃរះឡើងបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ » នោះទ្រង់ក៏នឹងទុកឲ្យទុក្ខលំបាកមកសាកល្បងដល់មនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ ។ តាមពិតទៅ ពេលខ្លះជីវិតយើងហាក់ដូចជាកាន់តែលំបាក ព្រោះ យើងកំពុងព្យាយាមរស់នៅតាមក្ដីជំនឿយើង ។
ទេ ការដើរតាមព្រះអង្គសង្គ្រោះនឹងមិនដកយកការសាកល្បងទាំងអស់របស់បងប្អូនឡើយ ។ យ៉ាងណាក៏ដោយ ការដើរតាមទ្រង់នឹងដកយករនាំងដែលរារាំងបងប្អូនពីជំនួយ ដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់បងប្អូន ។ ព្រះនឹងគង់ជាមួយបងប្អូន ។ ទ្រង់នឹងដឹកនាំទង្វើរបស់បងប្អូន ។ ទ្រង់នឹងយាងនៅក្បែរបងប្អូន ថែមទាំងបីត្រកងបងប្អូននៅពេលចាំបាច់បំផុត ។
បងប្អូននឹងដកពិសោធន៍ផលផ្លែដ៏អស្ចារ្យនៃព្រះវិញ្ញាណគឺ ៖ « សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស [ និង ] ស្មោះត្រង់ » ។
ផលផ្លែខាងវិញ្ញាណទាំងនេះមិនមែនជាលទ្ធផលនៃភាពរីកចម្រើនខាងសាច់ឈាម ភាពជោគជ័យ ឬ សំណាងល្អនោះទេ ។ វាកើតឡើងពីការដើរតាមព្រះអង្គសង្គ្រោះ ហើយវាអាចជាភាពមុតមាំមិនងាករេនៅកណ្ដាលការសាកល្បងនានា ។
ភាពក្ដៅរាលរោល និងភាពស្មុគស្មាញក្នុងជីវិតរមែងស្លាប់ អាចនឹងគំរាមកំហែង ហើយបំភ័យ ប៉ុន្តែអ្នកដែលដាក់ចិត្តលើព្រះនឹងពេញដោយភាពសុខសាន្តរបស់ទ្រង់ ។ អំណរពួកគេនឹងមិនសាបសូន្យឡើយ ។ ពួកគេនឹងមិនត្រូវគេបោះបង់ ឬបំភ្លេចចោលឡើយ ។
បទគម្ពីរបង្រៀនថា « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។
អ្នកដែលស្ដាប់តាមបំណងប្រាថ្នាក្នុងចិត្ត ហើយស្វែងរកព្រះ អ្នកដែលអធិស្ឋាន ជឿ ហើយដើរលើមាគ៌ាដែលព្រះអង្គសង្គ្រោះបានរៀបចំ—សូម្បីតែពេលខ្លះជំពប់ជើងដួលក្ដី—ក៏នឹងទទួលការអះអាងលួងលោមមួយថា « គ្រប់ការណ៍ទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ [ ពួកគេ ] » ដែរ ។
ដ្បិតព្រះ « ចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយប្រទានកម្លាំងឲ្យដល់អ្នកដែលគ្មានកម្លាំងសោះ » ។
« ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន » ។
ហើយព្រះអម្ចាស់នៅក្នុងសេចក្តីល្អរបស់ទ្រង់បានសួរថា ៖
តើបងប្អូនចង់ដកពិសោធន៍អំណរដ៏មិនចេះចប់ទេ ?
តើបងប្អូនមានបំណងប្រាថ្នាក្នុងចិត្តចង់បានភាពសុខសាន្តដែលមានលើសពីការយល់ដឹងឬទេ ?
បន្ទាប់មក បង្វែរព្រលឹងបងប្អូនឆ្ពោះទៅរកបំណងប្រាថ្នានោះ ។
ចាប់ផ្ដើមដំណើរដ៏អស្ចារ្យរបស់បងប្អូនត្រឡប់ទៅផ្ទះវិញ ។
ពេលបងប្អូនធ្វើដូចនេះ ជីវិតបងប្អូននឹងកាន់តែប្រសើរ កាន់តែរីករាយ និងកាន់តែមានការប្ដេជ្ញាចិត្ត ។
ព្រះនឹងប្រើប្រាស់បងប្អូន ។
ក្នុងដំណើរត្រឡប់ទៅព្រះវរបិតាសួគ៌វិញ បងប្អូននឹងដឹងថា ដំណើរនេះមិនគ្រាន់តែផ្ដោតទៅលើជីវិតផ្ទាល់ខ្លួនទេ ។ ទេ មាគ៌ានេះប្រាកដជាដឹកនាំបងប្អូនឲ្យក្លាយជាពរជ័យដល់ជីវិតនៃកូនចៅដទៃទៀតរបស់ព្រះ—គឺជាបងប្អូនប្រុសស្រីរបស់បងប្អូន ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីដំណើរនេះគឺថា ពេលបងប្អូនបម្រើព្រះ ពេលបងប្អូនខ្វាយខ្វល់ ហើយជួយមនុស្សជុំវិញខ្លួន នោះបងប្អូននឹងឃើញភាពរីកចម្រើនដ៏ធំក្នុងជីវិតបងប្អូនផ្ទាល់ តាមរបៀបដែលបងប្អូននឹកស្មានពុំដល់ ។
បងប្អូនអាចនឹងមិនគិតថាខ្លួនឯងមានប្រយោជន៍ បងប្អូនអាចនឹងមិនគិតថាខ្លួនឯងជាពរជ័យដល់ជីវិតនរណាម្នាក់ ។ ជាញឹកញាប់ ពេលយើងមើលមកខ្លួនយើង យើងឃើញថា យើងមានដែនកំណត់ និងភាពខ្វះខាត ។ យើងអាចគិតថា យើងត្រូវមាន « ច្រើនជាងនេះ » ដើម្បីឲ្យព្រះប្រើយើង—ឆ្លាតជាងនេះ មានទ្រព្យសម្បត្តិច្រើនជាងនេះ មានអំណាចខ្លាំងជាងនេះ មានទេពកោសល្យច្រើនជាងនេះ មានព្រះវិញ្ញាណច្រើនជាងនេះ ។ ពរជ័យកើតមានមិនច្រើនទេតាមរយៈសមត្ថភាព ប៉ុន្តែតាមរយៈជម្រើសរបស់បងប្អូនវិញទេតើ ។ ចំណែកឯព្រះនៃចក្រវាឡនឹងធ្វើការនៅក្នុងបងប្អូន និងតាមរយៈបងប្អូន ដោយពង្រីកការខិតខំដ៏រាបសារបស់បងប្អូនសម្រាប់ព្រះបំណងទ្រង់ ។
កិច្ចការទ្រង់តែងតែបានឈរនៅលើគោលការណ៍សំខាន់នេះគឺ ៖ « ចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ។
នៅពេលសាវកប៉ុលសរសេរសំបុត្រទៅពួកបរិសុទ្ធនៅកូរិនថូស លោកបានសង្កេតឃើញថា ពួកគេមិនច្រើនទេ ដែលត្រូវបានចាត់ទុកថា មានភាពវៃឆ្លាតស្របតាមបទដ្ឋានលោកិយនោះ ។ ប៉ុន្តែការណ៍នោះមិនមែនជាបញ្ហាទេ ព្រោះ « ទ្រង់បានរើសពួកកម្សោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស » ។
ប្រវត្តិនៃកិច្ចការរបស់ព្រះ ត្រូវបានបំពេញដោយមនុស្សដែលចាត់ទុកខ្លួនឯងថា នៅមានភាពខ្វះខាត ។ ប៉ុន្តែពួកគេបានបម្រើដោយរាបសា ដោយពឹងផ្អែកលើព្រះគុណនៃព្រះ ហើយទទួលបន្ទូលសន្យាពីទ្រង់ថា « ដៃរបស់ពួកគេនឹងបានទៅជាពាហុរបស់យើង ហើយយើងនឹងធ្វើជាខែលរបស់ពួកគេ … ហើយពួកគេនឹងច្បាំងយ៉ាងក្លាហានជំនួសយើង ហើយ … យើង [ នឹង ] ក្សាពួកគេទុកឲ្យបានគង់វង្ស ។
រដូវក្ដៅកន្លងទៅ គ្រួសារយើងបានមានឱកាសដ៏រីករាយមួយ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្ររបស់សាសនាចក្រនៅភាគខាងកើតនៃសហរដ្ឋអាមេរិក ។ ជារឿងអស្ចារ្យដែលពួកយើងបានស្រមៃថាយើងរស់នៅក្នុងជំនាន់នោះ ។ បុគ្គលដែលខ្ញុំបានអានច្រើន—មានដូចជា ម៉ាទិន ហារីស, អូលីវើរ ខៅឌើរី និង ថូម៉ាស ប៊ី ម៉ាស—បានប្រែដូចជាមនុស្សពិតចំពោះខ្ញុំកាលពួកយើងបានដើរលើកន្លែងដែលពួកគាត់បានដើរ ហើយបានគិតអំពីពលិកម្មដែលពួកគាត់បានធ្វើដើម្បីស្ថាបនានគរព្រះ ។
ពួកគាត់មាននិស្ស័យល្អឯកជាច្រើន ដែលធ្វើឲ្យពួកគាត់អាចរួមចំណែកដ៏សំខាន់ក្នុងការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះគ្រីស្ទបាន ។ ប៉ុន្តែពួកគេក៏ជាមនុស្សមានភាពទន់ខ្សោយ ហើយអាចនឹងដួល—ដូចបងប្អូន និងរូបខ្ញុំដែរ ។ ពួកគាត់ខ្លះមិនបានចុះសម្រុងនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយបានដើរចេញពីសាសនាចក្រ ។ ក្រោយមក ពួកគាត់ទាំងនោះបានផ្លាស់ប្ដូរគំនិត បន្ទាបខ្លួន ហើយបានមកចូលរួមសាសនាចក្រសារជាថ្មីវិញ ។
យើងមានទំនោរវិនិច្ឆ័យដល់បងប្អូនប្រុសទាំងនេះ និងសមាជិកដទៃទៀតដែលមានលក្ខណៈដូចពួកគាត់ ។ យើងអាចនិយាយថា « ខ្ញុំនឹងមិនបោះបង់ព្យាការី យ៉ូសែប ឡើយ » ។
ទោះជាការណ៍នោះអាចនឹងពិត ក៏យើងដឹងមិនច្បាស់អំពីកាលៈទេសៈទាំងនោះនៅពេលនោះដែរ ។ ទេ ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ ប៉ុន្តែវាជារឿងគួរឲ្យជំរុញចិត្តណាស់ពេលដឹងថាព្រះនៅតែអាចប្រើពួកគាត់បាន ។ ទ្រង់ជ្រាបពីភាពខ្លាំង និង ភាពទន់ខ្សោយរបស់ពួកគេ ហើយទ្រង់ប្រទានឲ្យពួកគេនូវឱកាសដ៏ល្អ ដើម្បីរួមចំណែកមួយផ្នែកតូចក្នុងការស្ដារឡើងវិញ ។
វាជារឿងគួរឲ្យជំរុញចិត្តណាស់ពេលដឹងថា ទោះជា យើង មិនល្អឥតខ្ចោះក្ដី បើយើងបង្វែរចិត្តយើងទៅរកព្រះ នោះទ្រង់នឹងមានព្រះទ័យសប្បុរស ហើយខ្វល់ខ្វាយ ហើយប្រើយើងសម្រាប់ព្រះបំណងទ្រង់ ។
អ្នកដែលស្រឡាញ់ ហើយបម្រើព្រះ និងមនុស្សជុំវិញខ្លួន ហើយរួមចំណែកយ៉ាងរាបសា និងសកម្មក្នុងកិច្ចការទ្រង់ នឹងឃើញការណ៍អស្ចារ្យជាច្រើនកើតឡើងក្នុងជីវិតពួកគេ និងជីវិតមនុស្សដែលគេស្រឡាញ់ ។
ឱកាសដែលហាក់ដូចជាគ្មានពីមុន ឥឡូវនឹងមានហើយ ។
ទេវតានឹងយាងទៅពីមុខគេ ហើយរៀបចំផ្លូវ ។
ទោះជាគោលជំហររបស់បងប្អូនក្នុងសហគមន៍ ឬក្នុងសាសនាចក្រដូចម្ដេចក្ដី ព្រះនឹងប្រើបងប្អូនបើបងប្អូនមានឆន្ទៈ ។ ទ្រង់នឹងពង្រីកបំណងប្រាថ្នាសុចរិតរបស់បងប្អូន ហើយបង្វែរទង្វើដោយការអាណិតអាសូរដែលបងប្អូនបានធ្វើ ទៅជាការច្រូតកាត់សេចក្ដីល្អដ៏បរិបូរមួយ ។
យើងមិនអាចទៅដល់ទីនោះបានដោយគ្មានការផ្ដោតអារម្មណ៍បានឡើយ ។
យើងម្នាក់ៗគឺជា « អ្នកដទៃ ដែលគ្រាន់តែសំណាក់ » នៅផែនដីនេះ ។ យើងស្ថិតនៅឆ្ងាយពីផ្ទះណាស់ ។ ប៉ុន្តែការណ៍នោះពុំមានន័យថា យើងត្រូវមានអារម្មណ៍វង្វេង ឬឯកោឡើយ ។
ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង បានប្រទានឲ្យយើងនូវពន្លឺនៃព្រះគ្រីស្ទ ។ ការបំផុសយ៉ាងជ្រាលជ្រៅមួយពីស្ថានសួគ៌ ជំរុញយើងឲ្យបង្វែរក្រសែភ្នែក និងដួងចិត្តយើងទៅទ្រង់ ពេលយើងធ្វើដំណើរត្រឡប់ទៅកាន់ទ្រង់វិញនៅផ្ទះសេឡេស្ទាល ។
ការធ្វើដូចនេះតម្រូវឲ្យមានការខិតខំ ។ បងប្អូនពុំអាចទៅទីនោះបានដោយគ្មានការខិតខំស្វែងយល់ពីទ្រង់ ការយល់ដឹងពីការណែនាំទ្រង់ ការអនុវត្តដោយស្មោះតាមការយល់ដឹងនោះ និង ការឈានទៅមុខបានទេ ។
ទេ ជីវិតមិនមែនជារថយន្តបើកដោយខ្លួនឯងឡើយ ។ វាមិនមែនជាយន្តហោះដែលហោះដោយខ្លួនឯងឡើយ ។
បងប្អូនពុំអាចគ្រាន់តែអណ្ដែតលើក្បូនជីវិត ហើយទុកចិត្តថាចរន្តទឹកនឹងនាំបងប្អូនទៅកាន់ទីដែលបងប្អូនសង្ឃឹមចង់ទៅនៅថ្ងៃណាមួយបាននោះទេ ។ ភាពជាសិស្សតម្រូវឲ្យយើងមានឆន្ទៈពុះពារឧបសគ្គនៅពេលដែលចាំបាច់ ។
គ្មាននរណាទទួលខុសត្រូវលើដំណើរជីវិតរបស់បងប្អូនឡើយ ។ ព្រះអង្គសង្គ្រោះនឹងជួយបងប្អូន ហើយរៀបចំផ្លូវពីមុនបងប្អូន ប៉ុន្តែការតាំងចិត្តដើម្បីធ្វើតាមទ្រង់ ហើយគោរពព្រះបញ្ញត្តិត្រូវតែចេញពីខ្លួនបងប្អូន ។ វាគឺជាការទទួលខុសត្រូវ និងឯកសិទ្ធិបងប្អូនតែម្នាក់គត់ ។
នេះគឺជាការផ្សងព្រេងដ៏ធំរបស់បងប្អូន ។
សូមស្ដាប់ការដង្ហោយហៅរបស់ព្រះអង្គសង្គ្រោះ ។
សូមដើរតាមទ្រង់ ។
ព្រះអម្ចាស់បានស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីជួយបងប្អូនក្នុងការតាំងចិត្តនេះក្នុងការបម្រើព្រះ និងមនុស្សជុំវិញខ្លួន ។ គោលបំណងនៃសាសនាចក្រនេះ គឺដើម្បីលើកទឹកចិត្ត បង្រៀន ស្អាង និងបំផុសគំនិត ។ សាសនាចក្រនេះផ្ដល់ឱកាសឲ្យបងប្អូនអនុវត្តការអាណិតអាសូរ ជួយមនុស្សដទៃ ព្រមទាំងរំឭក ហើយរក្សាក្ដីសញ្ញាពិសិដ្ឋ ។ សាសនាចក្រនេះត្រូវបានបង្កើតឡើងដើម្បីប្រទានពរដល់ជីវិតរបស់បងប្អូន ហើយពង្រឹងគេហដ្ឋាន សហគមន៍ និងប្រទេសជាតិរបស់បងប្អូន ។
ចូរមកចូលរួមជាមួយយើង ហើយទុកចិត្តលើព្រះអម្ចាស់ ។ ថ្វាយទេពកោសល្យរបស់បងប្អូនដល់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ ឈោងទៅជួយ លើកទឹកចិត្ត ព្យាបាល ហើយគាំទ្រដល់អ្នកដែលមានបំណងប្រាថ្នាដើម្បីស្ដាប់ការដង្ហោយហៅឲ្យត្រឡប់ទៅផ្ទះស្ថានសួគ៌យើងវិញ ។ ចូរយើងចូលរួមទាំងអស់គ្នា ក្នុងដំណើរត្រឡប់ទៅកាន់បរិយាកាសនៅឯស្ថានសួគ៌ដ៏រុងរឿងវិញ ។
ដំណឹងល្អគឺជាសារលិខិតដ៏រុងរឿងអំពីក្ដីសង្ឃឹម សុភមង្គល និងអំណរ ។ វាគឺជាមាគ៌ានាំទៅផ្ទះយើងវិញ ។
ពេលយើងឱបក្រសោបយកដំណឹងល្អក្នុងក្ដីជំនឿ និងទង្វើរាល់ថ្ងៃ និងរាល់ពេល នោះយើងនឹងកាន់តែខិតជិតព្រះរបស់យើង ។ ជីវិតយើងនឹងកាន់តែប្រសើរឡើង ហើយព្រះអម្ចាស់នឹងប្រើយើងក្នុងរបៀបគួរឲ្យកត់សម្គាល់ ដើម្បីប្រទានពរដល់មនុស្សជុំវិញខ្លួន ហើយនាំមកនូវគោលបំណងអស់កល្បរបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍នេះ ហើយសូមបន្សល់ទុកនូវ ការប្រសិទ្ធពរ របស់ខ្ញុំនៅក្នុង ព្រះនាមដ៏ពិសិដ្ឋព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។