ឆ្នាំ ២០១០-២០១៩
« យើង​មាន​កិច្ចការ​សម្រាប់​អ្នក »
ខែ តុលា ២០១៧


2:3

« យើង​មាន​កិច្ចការ​សម្រាប់​អ្នក »

ពួកយើង​ម្នាក់ៗ​មាន​តួនាទី​ដ៏​សំខាន់មួយ​ក្នុង​ការធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះ​បន្ត​ឆ្ពោះ​ទៅ​មុខ ។

ព្រះបាន​ថ្លែង​ទៅ​ម៉ូសេ​ថា « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » (ម៉ូសេ ១:៦) ។ តើ​បង​ប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា ព្រះវរបិតាសួគ៌​មាន​កិច្ចការ​មួយ​សម្រាប់​បង​ប្អូន ? តើ​មាន​រឿង​សំខាន់ៗ​អ្វី​ខ្លះ ​ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​បង​ប្អូន—ហើ​យ​ជាពិសេស​សម្រាប់​បង​ប្អូន—ដើម្បី​សម្រេចឲ្យ​បាន​កិច្ចការនោះ ? ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ចម្លើយ​នោះ​​គឺ​ថា​ពិត​ជាមានមែន !

ហ្គីរីស ហ្គីម៉ាយ

សូម​ពិចារណា​អំពី ហ្គីរីស ហ្គីម៉ាយ ដែល​កើត​ និង​រស់នៅ​ក្នុង​ប្រទេស​នេប៉ាល់ ។ កាល​នៅ​វ័យ​ជំទង់​គាត់​បាន​សិក្សា​នៅ​ប្រទេស​ចិន ជា​កន្លែង​ដែល​មិត្តភក្តិ​របស់​គាត់​បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទីបំផុត ហ្គីរីស​បាន​មក​រៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ យក​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ហើយ​បាន​ជួប​អនាគត​ភរិយា​របស់​គាត់ ។ ពួកគេ​បាន​តាំងទីលំនៅ​ក្នុង​ជ្រលង​ភ្នំ សលត៍ លេក ហើយ​បាន​សុំ​កូន​គេ​ចិញ្ចឹម​មកពី​ប្រទេស​នេប៉ាល់ ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេលមាន​ជនភៀស​ខ្លួន​ជាង ១៥០០ នាក់​មក​ពី​ជំរំ​នៅ​ប្រទេស​នេប៉ាល់​ត្រូវបាន​ប្តូរ​ទីតាំង​ទៅ​យូថាហ៍  ហ្គីរីស​មាន​អារម្មណ៍​បំផុស​គំនិតឲ្យ​ជួយពួកគេ ។ ដោយ​ចេះ​និយាយ​ភាសា​កំណើត​បាន​ស្ទាត់ និង​យល់​ដឹង​អំពី​វប្បធម៌​ផងនោះ ហ្គីរីស​បាន​បម្រើ​ជា​អ្នក​បកប្រែ គ្រូបង្រៀន និង​អ្នក​ប្រឹក្សា ។ បន្ទាប់​ពី​បាន​ស្នាក់នៅ​ក្នុង​សហគមន៍​ហើយ ជន​ភៀសខ្លួន​នេប៉ាល់​មួយ​ចំនួន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លួន​លើ​ដំណឹង​ល្អ ។ សាខា​មួយ​ដែល​ប្រើ​ភាសា​នេប៉ាល់​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ក្រោយ​មក ហ្គីរីស បាន​បម្រើ​ជា​ប្រធាន​សាខា​នោះ ។ គាត់​ក៏​ជា​ឧបករណ៍​មួយ​នៅក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ទៅ​ជា​ភាសា​នេប៉ាល់​ផងដែរ ។

ហ្គីរីស ហ្គីម៉ាយ ជាមួយ​នឹង​ព្រះគម្ពីរ​មរមន​ភាសា​នេប៉ាល់

តើ​អ្នក​អាច​ឃើញ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​រៀបចំ និង​កំពុង​ប្រើប្រាស់​ហ្គីរីស​ដែរ​ឬ​ទេ ?

ព្រះ​មាន​កិច្ចការ​សម្រាប់​ពួកយើង​ម្នាក់ៗ

បង​ប្អូន​ប្រុស​ស្រី​អើយ ព្រះ​មាន​កិច្ចការ​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ។ ដោយ​ថ្លែង​ទៅ​កាន់​ពួក​បងប្អូន​ស្រី ប៉ុន្តែ​ជា​ការបង្រៀន​សេចក្តីពិត​ដែល​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់​គ្នា​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖ « ពីមុន​យើង​មក [ កាន់​ផែនដី​នេះ យើង ] ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ការចាត់តាំង​យ៉ាង​ពិត​ប្រាកដ ។… ទោះបី​យើង​ពុំ​ចងចាំ​ពី​កិច្ចការ​ណា​មួយ​ក្តី ក៏​ការណ៍​នេះ​មិន​ផ្លាស់ប្តូរ​សេចក្តីពិត​ដ៏​រុងរឿង​នៃ​អ្វី​ដែល​យើង​ធ្លាប់​បាន​យល់​ព្រម​រួចមក​ហើយ​នោះ​ឡើយ » ។ ឱ​នេះ​ជា​សេចក្តីពិត​ដ៏​បំផុស​គំនិត​អ្វី​ម៉្លេះ ! ព្រះវរបិតាសួគ៌​យើង​មាន​កិច្ចការ​ពិសេស និង​សំខាន់​សម្រាប់បងប្អូន និង​ខ្ញុំ​ដើម្បី​បំពេញ ( សូមមើល អេភេសូរ ២:១០) ។

ការចាត់តាំង​ពី​ព្រះ​នេះ​ពុំ​មែន​ទុក​សម្រាប់​តែ​មនុស្ស​មួយ​ក្រុម​តូច​នោះ​ឡើយ ប៉ុន្តេ​គឺ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា—ដោយ​មិន​គិត​អំពី​ភេទ អាយុ ពូជសាសន៍ សញ្ជាតិ កម្រិត​ប្រាក់​ចំណូល ស្ថានភាព​សង្គម ឬ​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​ឡើយ ។ ពួកយើង​ម្នាក់ៗ​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះ​បន្តឆ្ពោះ​ទៅ​មុខ ( សូមមើល ម៉ូសេ ១:៣៩) ។

ពួកយើង​មួយ​ចំនួន​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​អាច​ប្រើ យើង ឲ្យ​ធ្វើ​ការរួម​ចំណែក​ដ៏​សំខាន់​ដែរ​ឬ​ទេ ? ប៉ុន្តែ​សូម​ចងចាំ​ថា ទ្រង់​ប្រើប្រាស់​មនុស្ស​សាមញ្ញៗ​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​ជានិច្ច ( សូមមើល កូរិនថូស​ទី ១:២៧–២៨; គ. និង ស. ៣៥:១៣; ១២៤:១) ។ « [ យើង ] គឺ​ជា​ភ្នាក់ងារ » និង « អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន [ ពួកយើង ] » ដើម្បី « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » (គ. និង ស. ៥៨:២៧–២៨) ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

« ព្រះអម្ចាស់​មាន​ផែនការ​សម្រាប់​អ្នក​ច្រើន​ជាង​អ្នក​មាន​ផែនការ​សម្រាប់​ខ្លួន​អ្នក​ទៅ​ទៀត ! អ្នក​ត្រូវបាន​បម្រុង​ទុក និង​រក្សា​ទុក​សម្រាប់​គ្រា និង​ទីកន្លែង​នេះ ។…

ព្រះអម្ចាស់​ត្រូវការអ្នក​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​នេះ ។ នៅពេល​អ្នក​ទទួល​យក ហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់​សម្រាប់​អ្នក នោះ​អ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​សម្រេច​នូវ​កិច្ចការ​អស្ចារ្យ​ជាច្រើន ! »

ដូច្នេះ​តើ​យើង​អាច​យល់ និង​ធ្វើ​កិច្ចការ​ដែល​ព្រះ​មាន​ព្រះទ័យ​សម្រាប់​យើង​ដូច​ម្តេច ? ខ្ញុំ​សូម​ចែកចាយ​គោលការណ៍​ចំនួន​បួន​ដែល​នឹង​ជួយ ។

ផ្តោត​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ

ទីមួយ ផ្តោត​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ ។ យើង​អាច​ធ្វើ​តាម​ព្រះគ្រីស្ទ « ដែល​យាង​ចុះឡើង​ធ្វើ​ការ​ល្អ » (កិច្ចការ ១០:៣៨ សូមមើល​ផងដែរ នីហ្វៃទី ២ ២៦:២៤) ។

បន្ទាប់​ពី​ត្រឡប់​ពី​បេសកកម្ម​ពេញ​ម៉ោង​វិញ ខ្ញុំ​នឹក​ដល់​គោលបំណង​ប្រចាំថ្ងៃ​ដែល​ខ្ញុំ​ធ្លាប់​រីករាយ​នឹង​វា ។ ប្រាកដ​ណាស់ ខ្ញុំ​ត្រូវ​រក្សា​សេចក្តីសញ្ញា​របស់​ខ្ញុំ ទទួល​ការអប់រំ ចាប់​ផ្តើម​ក្រុមគ្រួសារ និង​រក​ប្រាក់​ចិញ្ចឹម​ជីវិត ។ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា តើ​មាន​អ្វី​បន្ថែម​ទៀត ឬ​កាន់តែ​ពិសេស​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ។ បន្ទាប់​ពី​ពិចារណា​អស់ពេល​ជា​ច្រើន​ខែ​មក ខ្ញុំ​បាន​ជួប​នឹង​ខគម្ពីរ​នេះ ៖ « បើ​សិន​ជា​អ្នក​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ទៅ​ជា​មធ្យោបាយ​នៃ​ការធ្វើ​ល្អ​ដ៏​ច្រើន​នៅ​ក្នុង​តំណ​នេះ » (គ. និង ស. ១១:៨) ។ ព្រះវិញ្ញាណ​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា គោលបំណង​សំខាន់​នៃ​ការចាត់តាំង​ពី​ព្រះ​គឺ​ការផ្តល់​ពរ​ដល់​អ្នក​ដទៃ ហើយ​ធ្វើ « កិច្ចការ​ល្អ​ឲ្យ​បាន​ច្រើន » ។

យើង​អាច​ឈាន​ដល់​ចំណុចមួយ​នៃ​ការសម្រេច​ចិត្ត​ក្នុង​ជីវិត​យើង—ដូច​ជា តើយើង​ត្រូវ​រៀន​ជំនាញ​អ្វី ត្រូវ​ធ្វើការ​អ្វី ឬ​រស់នៅ​ទីណា—នៅក្នុង​បរិបទ​មួយ​នៃ​ការជួយ​ដល់​អ្នក​ដទៃ ។

គ្រួសារ​មួយ​បាន​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​ថ្មី ។ ផ្ទុយ​ពី​ការរក​ផ្ទះ​មួយ​នៅក្នុង​តំបន់​ដែល​មាន​អ្នក​ជិតខាងមាន​ទ្រព្យ​​ដ៏​ស្តុកស្តម្ភ ពួកគេ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​រស់នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​តម្រូវការ​យ៉ាង​ខ្លាំងខាង​សង្គម និង​សេដ្ឋកិច្ច ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ព្រះអម្ចាស់​បាន​ធ្វើ​ការ​តាមរយៈ​ពួកគេ ដើម្បី​ពង្រឹង​បុគ្គល​ជាច្រើន ហើយ​ស្ថាបនា​វួដ និង​ស្តេក​របស់​ពួកគេ ។

វេជ្ជបណ្ឌិត​មាន​វិជ្ជាជីវៈ​ម្នាក់​បន្ត​អនុវត្ត​កិច្ចការ​ខ្លួន​តាម​ធម្មតា ប៉ុន្តែ​ទទួល​អារម្មណ៍​ឲ្យ​ឆ្លៀត​ពេល​មួយ​ថ្ងៃ​រាល់​សប្តាហ៍​ផ្តល់​ការថែទាំ​ជំងឺ​ឥត​គិត​ថ្លៃ​ដល់​បុគ្គល​ណា​ដែល​គ្មាន​ធានា​រ៉ាប់រង​សុខភាព ។ ដោយសារ​តែ​ឆន្ទៈ​របស់​បុរស​នោះ និង​ភរិយា​របស់​គាត់​ក្នុង​ការផ្តល់​ពរ​ដល់​អ្នកដទៃ ព្រះអម្ចាស់​បាន​ផ្តល់​ផ្លូវ​មួយ​ឲ្យ​ពួកគេ​ជួយ​ជ្រោមជ្រែង​អ្នក​ជំងឺ​រាប់រយ​នាក់ ដែល​ខ្វះខាត​អំឡុងពេល​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​របស់​ពួកគេ​ផងដែរ ។

ស្វែងរក និង​អភិវឌ្ឍ​អំណោយ​ទាន​ខាង​វិញ្ញាណ

ទីពីរ ស្វែងរក និង​អភិវឌ្ឍ​អំណោយ​ទាន​ខាង​វិញ្ញាណ ព្រះវរបិតាសួគ៌​យើង​បាន​ប្រទាន​អំណោយ​ទាន​ទាំង​នេះ ដើម្បី​ជួយ​យើងឲ្យ​ស្គាល់ ធ្វើ និង​រីករាយ​ក្នុង​កិច្ចការ​ដែល​ទ្រង់​មាន​សម្រាប់​យើង ។

ពួកយើង​មួយ​ចំនួន​ឆ្ងល់​ថា « តើ​ខ្ញុំ​មាន​អំណោយ​ទាន​ដែរ​ឬទេ ? » ជា​ថ្មី​ម្ដង​ទៀត ចម្លើយ​នោះ​គឺ​ថា​ពិត​ជាមានមែន ! « មនុស្ស​រាល់​គ្នា [ ទាំង​ស្ត្រី ] ត្រូវ​បាន​ប្រទាន​អំណោយទាន​មួយ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ … ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ផល​ប្រយោជន៍​ដោយ​សារ​របៀប​នេះ » (គ. និង ស. ៤៦:១១–១២ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ អំណោយ​ទាន​ខាង​វិញ្ញាណ​មួយ​ចំនួន​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ( សូមមើល កូរិនថូស​ទី ១ ១២:១–១១, ៣១; មរ៉ូណៃ ១០:៨–១៨; គ. និង ស. ៤៦:៨–២៦) ប៉ុន្តែ​មាន​អំណាយ​ទាន​ជា​ច្រើន​ទៀត​ផងដែរ ។ អំណោយ​ទាន​មួយ​ចំនួន​អាច​រួមមាន ការមាន​ចិត្ត​អាណិតអាសូរ ការបង្ហាញសេចក្តីសង្ឃឹម ការមានទំនាក់ទំនង​ល្អ​ជាមួយ​មនុស្សទូទៅ ការរៀបចំ​ដែល​មាន​ប្រសិទ្ធភាព ការនិយាយ ឬ​សរសេរ​ដែល​មាន​ការបញ្ចុះបញ្ចូល​ឲ្យ​ជឿ ការបង្រៀន​បាន​ច្បាស់លាស់ និង​ការខ្នះខ្នែង​ធ្វើ​ការ ។

​ដូច្នេះ​តើ​យើង​ស្គាល់​អំណោយ​ទាន​របស់​យើង​ដោយ​របៀប​ណា ? យើង​អាច​មើល​ពរ​របស់​លោក​អយ្យកោ​យើង សួរ​អ្នក​ដែល​ស្គាល់​យើង​ច្បាស់ និង​ការស្វែងរក​ផ្ទាល់​ខ្លួន​នូវ​អ្វី​ដែល​ពូកែ​ពី​កំណើត និង​រីករាយ​ធ្វើ​វា ។ សំខាន់​បំផុត​នោះ យើង​អាច​ទូល​សួរ​ព្រះ ( សូមមើល យ៉ាកុប ១:៥; គ. និង ស. ១១២:១០) ។ ទ្រង់​ស្គាល់​អំណោយ​ទាន​យើង ដោយសារ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​នោះ​ដល់​យើង ( សូមមើល គ. និង ស. ៤៦:២៦) ។

នៅពេល​យើង​រកឃើញ​អំណោយ​ទាន​របស់​យើង នោះ​យើង​មាន​ការទទួលខុសត្រូវ​ដើម្បី​អភិវឌ្ឍ​វា ( សូមមើល ម៉ាថាយ ២៥:១៤–៣០) ។ សូម្បី​តែ​ព្រះយេស៊ូវគ្រីស្ទ « មុន​ដំបូង​ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាព​ពោរពេញ​ឡើយ ប៉ុន្តែ​បាន [ អភិវឌ្ឍ ] ព្រះគុណ​ថែម​ពី​លើ​ព្រះគុណ » (គ. និង ស. ៩៣:១៣) ។

រូប​គំនូរ​របស់​ព្រះអង្គសង្គ្រោះ​ដោយ ប៊ិន សាយម៉ុនសិន

យុវជន​ម្នាក់​បាន​គូរ​រូប​គំនូរ​មួយ​ដើម្បី​ផ្សព្វផ្សាយ​​អំពីគុណ​តម្លៃ​សាសនា ។ រូប​គំនូរ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​គឺ​រូប​ព្រះអង្គសង្គ្រោះ យើង​មាន​រូប​នោះ​មួយ​ផ្ទាំង​ព្យួរ​នៅ​ក្នុង​ផ្ទះ​យើង ។ យុវជនម្នាក់​​នេះ​បាន​អភិវឌ្ឍ និង​ប្រើប្រាស់​អំណោយ​ទាន​ខាង​សិល្បៈ​របស់​ខ្លួន ។ ដោយ​ការធ្វើ​ការ​តាមរយៈ​គាត់ ព្រះវរបិតាសួគ៌​បាន​បំផុសគំនិត​មនុស្ស​ដទៃ​ឲ្យ​កែ​លម្អ​ភាពជាសិស្ស​របស់​ពួកគេ ។

ជួនកាល​យើង​មាន​អារម្មណ៍​ថា យើង​គ្មាន​អំណោយ​ទាន​សំខាន់​ច្បាស់លាស់​ណា​មួយ​ឡើយ ។ ថ្ងៃ​មួយ​មាន​បងស្រី​​ដែល​បាក់ទឹកចិត្ត​ម្នាក់​បាន​ទូល​អង្វរ​ថា ឱ​ព្រះអម្ចាស់​អើយ តើ​ការបម្រើ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺ​ជា​អ្វី​ទៅ ? » ទ្រង់​បាន​តប​ថា « សូម​យកចិត្ត​ទុកដាក់​លើ​មនុស្ស​ដទៃ ។ វា​គឺ​ជា​អំណោយ​ទាន​ខាង​វិញ្ញាណ ! ចាប់​តាំង​ពី​នោះ​មក នាង​បាន​រកឃើញ​អំណរ​ក្នុងការ​យកចិត្ត​ទុកដាក់​លើ​អស់​អ្នក​ដែល​ត្រូវបាន​គេ​បំភ្លេច​ចោល​ជាប្រចាំ ហើយ​ព្រះ​បាន​ធ្វើការ​តាមរយៈ​នាង​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន ។ ទោះបីអំណាយ​ទាន​ខាង​វិញ្ញាណ​មួយ​ចំនួន​របស់​យើង​ពុំ​ធ្វើ​ឲ្យ​យើង​មាន​មុខ​មាន​មាត់​នៅ​ក្នុង​បទដ្ឋាន​នៃពិភពលោក​នេះ​ក្តី ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

ប្រើប្រាស់​ទុក្ខ​លំបាក

ទីបី ប្រើប្រាស់​ទុក្ខ​លំបាក ការសាកល្បង​របស់​យើង​ជួយ​យើង​ឲ្យ​រកឃើញ និង​រៀបចំ​សម្រាប់​កិច្ចការ​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង ។ អាលម៉ា​បាន​ពន្យល់​ថា « បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​មក​ព្រះអម្ចាស់ … បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់ » (ម៉ូសាយ ២៣:១០) ។ ដូច​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ពលិកម្ម​ធួន​បាន​ធ្វើ​ឲ្យ​ទ្រង់​អាច​សង្គ្រោះ​យើង​បាន ( សូមមើល អាលម៉ា ៧:១១–១២) យើង​អាច​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​បទ​ពិសោធន៍​លំបាកៗ​ដើម្បី​លើក​ស្ទួយ ពង្រឹង និង​ផ្តល់​​ពរ​ដល់​អ្នកដទៃ ។

បន្ទាប់​ពី​អ្នកគ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ដ៏​មាន​ជោគជ័យ​ត្រូវបាន​ផ្អាក​ការងារ គាត់​បាន​អាន​ពរ​របស់​លោក​អយ្យកោ​​គាត់ ហើយ​​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​បង្កើត​​ក្រុមហ៊ុន​មួយ​ជួយ​អ្នក​មាន​វិជ្ជាជីវៈ​ផ្សេង​ទៀត​ឲ្យ​រក​ការងារ​ធ្វើ ។ ( គាត់​ថែម​ទាំង​ជួយ​ខ្ញុំ​រក​ការងារ​ធ្វើ ពេល​គ្រួសារ​ខ្ញុំ​បាន​ត្រឡប់​មក​ពី​បម្រើ​បេសកកម្ម​វិញ ) ។ ព្រះអម្ចាស់​បាន​ប្រើប្រាស់​ការសាកល្បង​របស់​គាត់​ជា​ជំហាន​បន្ទាប់​ទៀត​ទៅ​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ ខណៈ​ប្រទាន​ដល់​គាត់​នូវ​មុខរបរ​មួយ​ដែល​កាន់តែ​សំខាន់ ។

គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​មួយ​គូ​មាន​បទពិសោធន៍​នឹង​ការ​មាន​កូន​ស្លាប់​ក្នុង​ផ្ទៃ ។ ដោយ​ខូច​ចិត្ត ពួកគេ​បាន​សម្រេច​ចិត្ត​សាង​កិត្តិយស​ដល់​កូន​ស្រី​ពួកគេ ដោយ​ផ្តល់​ការប្រឹក្សា និង​ឧបករណ៍​ជំនួយ​ដល់​ឪពុក​ម្តាយ​ដែល​ជួប​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការ​តាមរយៈ​គូស្វាមី​ភរិយា​នេះ ដោយសារ​សេចក្តីអាណិតអាសូរ​ដ៏​ពិសេស​របស់​ពួកគេ ដែល​បាន​អភិវឌ្ឍ​តាមរយៈ​ទុក្ខ​វេទនា ។

ពឹង​ផ្អែក​លើ​ព្រះ

ហើយ​ទីបួន គឺ​ពឹង​ផ្អែក​លើ​ព្រះ នៅពេល​យើង​ទូល​សូម​ទ្រង់​ដោយ​សេចក្តីជំនឿ​ដោយ​ចិត្តស្មោះ នោះ​ទ្រង់​នឹង​បើក​សម្តែង​ការចាត់តាំង​ពី​ព្រះ​ដល់​ពួកយើង ។ នៅពេល​បាន​រកឃើញ​ការចាត់តាំង​នោះ​ហើយ ទ្រង់​នឹង​ជួយ​យើង​បំពេញ​នូវ​ការចាត់តាំង​នោះ ។ « គ្រប់​ការណ៍​ទាំង​អស់​មាន​វត្ត​មាន​នៅ​ចំពោះ​ព្រះ​នេត្រ [ របស់​ទ្រង់ ] (គ. និង ស. ៣៨:២) ហើយ​នៅពេល​នោះ​មក​ដល់ ទ្រង់​នឹង​បើក​ទ្វារ​ឲ្យ ( សូមមើល​ផងដែរ វិវរណៈ ៣:៨; អ័ប្រាហាំ ២:៨) ដែល​ចាំបាច់​សម្រាប់​ពួកយើង ។ ទ្រង់​ថែម​ទាំង​បាន​បញ្ជូន​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យើង​អាច​ពឹង​ផ្អែក​លើ​ទ្រង់​សូម​កម្លាំង​ដែល​ហួស​ពី​សមត្ថភាព​ធម្មជាតិ​របស់​យើង ( សូមមើល ភីលីព ៤:១៣; អាលម៉ា ២៦:១២) ។

បងប្រុស​ម្នាក់​បារម្ភ​នឹង​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​បើក​ការិយាល័យ​សាធារណៈ​មួយ ។ ទោះបី​ជា​មាន​ដំណើរការ​ឃោសនា​បំភ័យ​យ៉ាង​ណា​ក្តី គាត់​បាន​អនុវត្ត​សេចក្តីជំនឿ ហើយ​ប្រមូល​ធនធាន​នានា​ដើម្បី​បើក​ដំណើរការ​ការិយាល័យ​នោះ ។ ទីបំផុត​គាត់​ពុំ​បាន​ឈ្នះ​ទេ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ផ្តល់​ការណែនាំ និង​កម្លាំង​ដល់​គាត់​ក្នុងការ​លើក​យក​បញ្ហា​សំខាន់ៗ​ទៅក្នុង​សហគមន៍ ។

ម្តាយ​ទោល​ម្នាក់ ចិញ្ចឹម​កូន​ដែល​មាន​ពិការភាព​ផ្នែក​សតិ​អារម្មណ៍ មាន​សំណួរ​ថា តើ​គាត់​អាច​បំពេញ​តម្រូវ​របស់​គ្រួសារ​គាត់​គ្រប់គ្រាន់​ដែរ​ឬ​ទេ ។ ទោះបីជា​មាន​ការលំបាក​ក្តី គាត់​មាន​អារម្មណ៍​ថា ត្រូវបាន​ពង្រឹង​ពី​ព្រះអម្ចាស់​ដើម្បី​បំពេញ​បេសកកម្ម​ដ៏​សំខាន់​របស់​គាត់​ដោយ​ជោគជ័យ ។

ពាក្យ​ព្រមាន

នៅ​គ្រា​ដែល​ព្រះ​ជួយ​យើង​បំពេញ​ការចាត់តាំង​ពី​ព្រះ​នេះ ពួក​មារសត្រូវ​ខិតខំ​ធ្វើ​ការ​ដើម្បី​បង្វែរ និង​រារាំង​យើង​ពី​ការរស់នៅ​ដ៏​មាន​ន័យ ។

អំពើ​បាប​គឺ​ជា​ថ្ម​ជំពប់​ដ៏​ធំ​បំផុត​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​បន្ថយ​ការស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រឹត​បន្តឹង​ការប្រើប្រាស់​អំណាច​ខាង​វិញ្ញាណ​របស់​យើង ។ ដើម្បី​បំពេញ​កិច្ចការ​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង យើង​ត្រូវ​ព្យាយាម​ឲ្យ​បាន​ជ្រះស្អាត ( សូមមើល នីហ្វៃទី ៣ ៨:១) ។ តើ​យើង​រស់នៅ​ក្នុង​របៀប​មួយ​ដែល​ព្រះ​អាច​ធ្វើការ​តាម​រយៈ​យើង​ដែរ​ឬ​ទេ ?

សាតាំង​ក៏​ព្យាយាម​បង្វែរ​យើង​ទៅ​រកកិច្ចការ​ដែល​ពុំ​សូវ​សំខាន់​ដែរ ។ ព្រះអម្ចាស់​បាន​ព្រមាន​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពី​ជំនាន់​មុន​ថា « គំនិត​របស់​អ្នក​បាន​គិត​ពី​របស់​ផង​ទាំង​ឡាយ​នៃ​ផែនដី​ច្រើន​ជាង​ពី​របស់​ផង​ទាំង​ឡាយ​នៃ​យើង…ហើយ​ពី​ការងារ​បម្រើ ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ » (គ. និង ស. ៣០:២) ។ តើ​យើង​ពិត​ជា​មមាញឹក​នឹង​របស់​ផង​នៃ​លោកិយ​ដែល​ទាញ​បង្វែរ​យើង​ចេញ​ពី​ការចាត់តាំង​ពី​ព្រះ​របស់​យើង​ឬ ?

លើស​ពី​នេះ​ទៅ​ទៀត សាតាំង​បំបាក់​ទឹក​ចិត្ត​យើង​ជាមួយ​នឹង​អារម្មណ៍​នៃ​ការខ្វះ​សមត្ថភាព ។ វា​ធ្វើ​ឲ្យ​យើង​ឃើញ​ថា​កិច្ចការ​យើង​មាន​ការលំបាក ឬ​បំភ័យ​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​បាន ! ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ជោគជ័យ ។ ទ្រង់ « យាង​នាំ​មុខ [ យើង ] គង់​ជា​មួយ​នឹង [ យើង ] ទ្រង់​ក៏​មិន​ដែល​លះ​ចោល [ យើង ] ដែរ » (ចោទិយកថា ៣១:៨ សូមមើល​ផងដែរ ទំនុក​ដំកើង ៣២:៨; សុភាសិត ៣:៥–៦; ម៉ាថាយ ១៩:២៦; គ. និង ស. ៧៨:១៨) ។

សាតាំង​ក៏​អាច​បញ្ចុះបញ្ចូល​យើង​ឲ្យ​មើល​ឃើញ​ថា ការងារ​របស់​យើង​គឺ​ពុំ​សូវ​មាន​តម្លៃ​ដូច​កិច្ចការ​ដែល​បាន​ចាត់​ឲ្យ​អ្នក​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ​គ្រប់​ការចាត់តាំង​មក​ពី​ព្រះ​គឺ​សំខាន់​ទាំងអស់ ហើយ​យើង​នឹង​រកឃើញ​ការបំពេញ​នៅពេល​យើង « អួត​នៅ​ក្នុង​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា [ យើង ] វិញ » (អាលម៉ា ២៩:៩

នៅពេល​ព្រះ​ធ្វើការ​តាមរយៈ​យើង ពួក​មារសត្រូវ​អាច​ល្បួង​យើង​ឲ្យ​យក​មុខមាត់​ចំពោះ​សមិទ្ធិផល​ណា​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ធ្វើ​តាម​គំរូ​នៃ​ភាពរាបសា​របស់​ព្រះអង្គសង្គ្រោះ ដោយ​ពុំ​គិត​ពី​ការសរសើរ​ផ្ទាល់​ខ្លួន ហើយ​សរសើរ​តម្កើង​ដល់​ព្រះវរបិតា ( សូមមើល ម៉ាថាយ ៥:១៦; ម៉ូសេ ៤:២) ។ ពេល​អ្នក​កាសែត​ម្នាក់​បាន​ព្យាយាម​ទទួល​ស្គាល់​អ្នក​ម្តាយ​តេរ៉េសា​ចំពោះ​បេសកកម្ម​នៃ​ជីវិត​របស់​គាត់​ក្នុងការ​ជួយ​អ្នក​ក្រីក្រ នោះ​អ្នក​ម្តាយ​តេរ៉េសា​បាន​រៀបរាប់​ថា ៖ « នេះ​ជា​កិច្ចការ [ របស់​ព្រះ ] ។ ខ្ញុំ​ដូច​ជា … ខ្មៅដៃ​មួយ​នៅក្នុង​ព្រះហស្ត​ទ្រង់ ។… ទ្រង់​ពិតជា​មាន​ព្រះ​តម្រិះ ។ ទ្រង់​ពិតជា​អ្នក​សរសេរ ។ ខ្មៅដៃ​ពុំ​បាន​ធ្វើ​អ្វី​ឡើយ ។ ខ្មៅដៃ​គ្រាន់តែ​សម្រាប់​ទុក​ឲ្យ​ប្រើ​ប៉ុណ្ណោះ » ។

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អញ្ជើញ​ពួក​យើង​ម្នាក់ៗ​ឲ្យ « ប្រគល់ [ ខ្លួន​យើង ] ទៅ​ព្រះ…ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង » (រ៉ូម ៦:១៣) ។ ការប្រគល់​ខ្លួន​យើង​ទាក់ទង​នឹង​ការអនុញ្ញាត​ឲ្យ​ទ្រង់​ជ្រាប​ថា យើង​ចង់​ត្រូវបាន​ប្រើប្រាស់ ស្វែងរក​ការណែនាំ​របស់​ទ្រង់ ហើយ​ទទួល​យក​ភាពខ្លាំងក្លា​របស់​ទ្រង់ ។

យើង​អាច​សម្លឹង​ឆ្ពោះ​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ថា ជា​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​យើង​ជានិច្ច ។ នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី ព្រះវរបិតាសួគ៌​បាន​សួរ​ថា « តើ​យើង​នឹង​ចាត់​នរណា ? »

ហើយ​ព្រះយេស៊ូវ​បាន​តប​ថា « ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ » (អ័ប្រាហាំ ៣:២៧ សូមមើល​ផងដែរ អេសាយ ៦:៨) ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួល​យក បាន​រៀបចំ និង​បាន​បំពេញ​តួនាទី​ដែល​បាន​តែងតាំង​ជាមុន​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ទ្រង់​បាន​ធ្វើ​តាម​ព្រះទ័យ​ព្រះវរបិតា ( សូមមើល យ៉ូហាន ៥:៣០; ៦:៣៨; នីហ្វៃទី ៣ ២៧:១៣) ហើយ​បាន​បំពេញ​ការចាត់តាំង​ពី​ព្រះ​របស់​ទ្រង់ ។

នៅពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ ហើយ​ប្រគល់​ខ្លួន​យើង​ថ្វាយ​ព្រះ​ នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ក៏​នឹង​ប្រើប្រាស់​យើង​ដើម្បី​បន្ត​កិច្ចកា​របស់​ទ្រង់ ហើយ​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ទៀត​ផងដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល Refugee Processing Center « Admissions and Arrivals » គេហទំព័រ ireports.wrapsnet.org/Interactive-Reporting ។

  2. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល «The Role of Righteous Women» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ១០២ ។

  3. ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​លើក​ទឹកចិត្ត​ថា ៖ « ចូរ​ជឿជាក់​លើ​ខ្លួន​ឯង ។ ចូរ​ជឿជាក់​លើ​សមត្ថភាព​អ្នក​ក្នុងការ​ធ្វើ​កិច្ចការ​អស្ចារ្យ …នានា… អ្នក​គឺ​ជា​កូន​របស់​ព្រះ​ដែល​មាន​សមត្ថភាព​គ្មាន​ដែន​កំណត់ » (Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ ២០១៦ ] ទំព័រ ៧៧ ) ។

  4. រ័សុល អិម ណិលសុន Accomplishing the Impossible: What God Does, What We Can Do ( ឆ្នាំ ២០១៥ ) ទំព័រ ១៤៧ ។

  5. ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ៖

    « ព្រះវរបិតា​សួគ៌​យើង​ទត​ឃើញ​ពី​សក្ដានុពល​ពិត​របស់​យើង ។ ទ្រង់​ស្គាល់​យើង​ជាង​យើង​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត ។ ទ្រង់​បំផុស​គំនិត​យើង​នៅក្នុង​ជីវិត​នេះ ដើម្បី​បំពេញ​គោលបំណង​នៃ​ការបង្កបង្កើត​យើង ។

    ចូរ​យើង​តាំងចិត្ត​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើការ​ដោយ​ឧស្សាហ៍ ដើម្បី​ក្លាយជា​មនុស្ស​ម្នាក់​ដែល​យើង​ត្រូវបាន​តាក់តែង​មក​នោះ ។ ចូរ​យើង​ស្ដាប់ និង​គោរព​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ព្រះវរបិតាសួគ៌​នឹង​បង្ហាញ​ដល់​យើង​នូវ​រឿង​ទាំងឡាយ ដែល​យើង​មិន​ដែល​ធ្លាប់​ដឹង​អំពី​ខ្លួន​យើង ។ ទ្រង់​នឹង​បង្ហាញ​យើង​នូវ​មាគ៌ា​ពី​ចម្ងាយ និង​ជួយ​យើង​ឲ្យ​មើល​ឃើញ​នូវ​អ្វី​ដែល​យើង​មិន​ធ្លាប់​ដឹង និង​ប្រហែល​ជា​ទេពកោសល្យ​ដែល​យើង​មិន​ដែល​ស្រមៃ​ដល់​ផង » ( «Of Regrets and Resolutions»Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ២២, ២៣ ) ។

  6. អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ពន្យល់​ថា ៖ « អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​មាន​ច្រើន​សន្ធឹកសន្ធាប់ និង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ ។ អំណោយទាន​ទាំងឡាយ​ដែល​មាន​នៅក្នុង​បន្ទូល​បើក​សម្ដែង គឺ​បាន​បង្ហាញ​ដោយ​សាមញ្ញ​អំពី​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ចាក់​ស្រោច​ដោយ​គ្មាន​ព្រំដែន ដែល​ព្រះ​ដ៏​ប្រកប​ដោយ​ព្រះគុណ បាន​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ដែល​ស្រឡាញ់ និង​បម្រើ​ទ្រង់​តែ​ប៉ុណ្ណោះ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។

  7. អែលឌើរ ម៉ាវីន ជេ អាស្តុន បាន​បង្រៀន​ថា ៖

    « ខ្ញុំ​សូម​លើក​ឡើង​ខ្លះៗ​នូវ​អំណោយទាន​មួយ​ចំនួន​តូច ដែល​ពុំ​តែងតែ​បង្ហាញ​ឲ្យ​ឃើញ ឬ​កត់​សម្គាល់​ឡើយ ប៉ុន្តែ​មាន​សារៈសំខាន់​ខ្លាំង ។ ក្នុង​ចំណោម​អំណោយទាន​ទាំង​នេះ​អាច​ជា​អំណោយទាន​ទាំងឡាយ​របស់​អ្នក—ជា​អំណោយទាន​ទាំងឡាយ​ដែល​មើល​មិន​ឃើញ ប៉ុន្តែ​ពិត ហើយ​មាន​តម្លៃ ។

    ចូរ​យើង​មើល​ឡើង​វិញ​នូវ​អំណោយទាន​មួយ​ចំនួន​នេះ ៖ អំណោយទាន​នៃ​ការសុំ អំណោយទាន​នៃ​ការចេះ​ស្ដាប់ អំណោយទាន​នៃ​ការ​ប្រុង​ស្ដាប់ ហើយ​ប្រើ​សំឡេង​តូច​រហៀង អំណោយទាន​នៃ​ការ​អាច​ទួញ​សោក អំណោយទាន​នៃ​ការ​ចៀសវាងពី​ការ​ឈ្លោះ​ប្រកែក អំណោយទាន​នៃ​ការព្រម​ព្រៀង​គ្នា អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ភាព​ច្រំ​ដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វីដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​រហ័ស​នឹង​វិនិច្ឆ័យ អំណោយទាន​នៃ​ការ​មើល​ទៅ​ព្រះ ហើយ​សុំ​ការ​ដឹកនាំ អំណោយទាន​នៃ​ការ​ធ្វើ​ជា​សិស្ស អំណោយទាន​នៃ​ការ​មើល​ថែ​អ្នក​ដទៃ អំណោយទាន​នៃ​ការ​ចេះ​ពិចារណា អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន​នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏​អស្ចារ្យ និង​អំណោយ​ទាន​នៃ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ( «There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។

  8. ប៉ុល​ក៏​បាន​ណែនាំ​ថា « ដែល [ ទ្រង់ ] កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា​ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កម្សាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កម្សាន្ត​ចិត្ត​យើង​ស្រេច​ហើយ (កូរិនថូស​ទី ២ ១:៤) ។

  9. អែលឌើរ រីឆាដ ជី ស្កត បាន​ពន្យល់​ថា ៖ « ព្រះ​មាន​ផែនការ​ដ៏​ជាក់លាក់​មួយ​សម្រាប់​ជីវិត​របស់​អ្នក ។ ទ្រង់​នឹង​បើក​សម្ដែង​ផ្នែក​ខ្លះ​នៃ​ផែនការ​នោះ​ដល់​អ្នក នៅពេល​អ្នក​ស្វែងរក​វា​ដោយ​សេចក្ដី​ជំនឿ និង ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន ( «How to Live Well amid Increasing Evil» Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០២ ) ។

  10. អ្នក​ម្តាយ​តេរ៉េសា​នៅក្នុងEdward W. Desmond « Interview with Mother Teresa: A Pencil in the Hand of God » Timeថ្ងៃ​ទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨៩ គេហទំព័រ time.com ។