ឆ្នាំ ២០១០-២០១៩
បញ្ចេញ​ពន្លឺ​របស់​អ្នក
ខែ តុលា ២០១៧


2:3

បញ្ចេញ​ពន្លឺ​របស់​អ្នក

ឱ !បងប្អូន​ស្រីទាំងឡាយ​អើយ ពួក​ព្យាការី​កំពុង​ហៅ​យើង ។ តើ​អ្នក​យល់ព្រម​ធ្វើ​ជា​មនុស្ស​សុចរិត​ឬទេ ? តើ​អ្នក​យល់​ព្រម​បង្ហាញ​សេចក្ដីជំនឿ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ឬ​ទេ ? តើ​អ្នក​យល់ព្រម​បើក​ពន្លឺ​របស់​អ្នក​ឬទេ ?

អ្នក​ប្រហែល​ជា​មិន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ប្រធាន ម៉នសុន និង​ខ្ញុំ​គឺ​ជា​បងប្អូន​ភ្លោះ ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​កើត—នៅ​ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​ភាគ​ខាង​ជើង—គឺ​ចំ​ម៉ោង​នោះ ប្រធាន​ថូម៉ាស ម៉នសុន វ័យ ៣៦ ឆ្នាំ ត្រូវ​បាន​គាំទ្រ​ជា​ពួក​សាវក​ដ៏​ថ្មី​បំផុត ។ ខ្ញុំ​ស្រឡាញ់​តំណ​ដ៏​ពិសេស និង​ផ្ទាល់ខ្លួន​ចំពោះ​ព្យាការី​របស់​ព្រះ​គឺ​ប្រធាន ម៉នសុន​នេះ​ណាស់ ។

ពួក​ព្យាការី​កំពុង​មាន​ប្រសាសន៍​អំពី​ស្ត្រី ។ អ្នក​នឹង​ស្ដាប់​ឮ​សម្ដី​របស់​ពួកគាត់​ខ្លះៗ​នៅក្នុង​ការ​ប្រជុំ​នេះ ។ សម្រាប់​អត្ថបទ​របស់​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់​ទៅ​កាន់​ការ​ព្យាករ​ដ៏​អស្ចារ្យ​មួយ​កាល​ពី​រយៈពេល​៤០ ឆ្នាំ​មុន ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ នៅខែ​កញ្ញា ឆ្នាំ ១៩៧៩ គឺ​ជា​លើក​ទីពីរ​ដែល​ស្ត្រី​នៃ​សាសនាចក្រ​ទូទាំង​សាកល​លោក​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ការ​ប្រជុំ​ទូទៅ​របស់​ខ្លួន ។ ប្រធាន ឃឹមបឹល បាន​រៀបចំ​ការ​និយាយ​របស់​លោក ប៉ុន្តែ​នៅពេល​ថ្ងៃ​សន្និសីទ​នោះ​មក​ដល់ លោក​ត្រូវ​ចូល​មន្ទីរ​ពេទ្យ ។ ដូច្នេះ​លោក​បាន​សុំ​ឲ្យ​ភរិយា​របស់​លោក ខាមីឡា អាវរិង ឃឹមបឹល អាន​សុន្ទរកថា​របស់​លោក​ជំនួស​លោក ។

ស៊ិស្ទើរ ឃឹមបឹល កំពុង​អាន​ប្រសាសន៍​របស់​ព្យាការី​នៅ​លើ​វេទិកា

ស៊ិស្ទើរ ឃឹមបឹល អាន​ប្រសាសន៍​របស់​ព្យាការី ដែល​គូស​បញ្ជាក់​អំពី​ឥទ្ធិពល​របស់​ស្ត្រី​អិល.ឌី.អែស ទៅលើ​ស្ដ្រី​ល្អៗ​ក្នុង​ពិភពលោក​ពីមុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ នៅ​ជិត​ចុង​បញ្ចប់​ប្រសាសន៍​នោះ មាន​អារម្មណ៍​ដ៏​រំជើបរំជួល​មួយ​ចំពោះ​ស្ត្រី​នៃ​សាសនាចក្រ ដែល​យើង​បាន​និយាយ​អំពី​វា​ចាប់​តាំង​ពី​ពេល​នោះ​មក ។

ខ្ញុំ​សូម​ដកស្រង់​បន្ដិច​បន្ដួច​អំពី​អ្វី​ដែល​ប្រធាន ឃឹមបឹល មាន​ប្រសាសន៍ ៖

« ទីបំផុត ឱ ! បងប្អូន​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ផ្ដល់​យោបល់​ដល់​អ្នក​នូវ​រឿង​មួយ​ដែល​ពុំ​បាន​និយាយ​ពីមុន​មក ឬ​យ៉ាង​ហោច​ណាស់​បាន​និយាយ​តាម​របៀប​នេះ​នោះ​ទេ ។ ការរីកចម្រើន​ចម្បង​បំផុត​ដែល​កំពុងតែ​កើត​មាន​ក្នុង​សាសនាចក្រ​នៅថ្ងៃ​ចុង​ក្រោយ​នឹង​កើត​មាន​ឡើង ដោយសារ​តែ​ស្ត្រី​ល្អៗ​ជា​ច្រើន​ក្នុង​ពិភពលោក… នឹង​នាំ​មក​ក្នុង​សាសនាចក្រ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក ។ ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ក្នុង​កម្រិត​មួយ​ដែល​ស្ត្រី នៃ​សាសនាចក្រ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីសុចរិត និង​ការប៉ិន​ប្រសប់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​កម្រិត​មួយ​ដែល​ស្ត្រី​នៃ​សាសនាចក្រ​ត្រូវបាន​គេ​មើល​ឃើញ​ថា​ខុសប្លែក និង ផ្សេង​ពី​គេ—ក្នុង​របៀប​ដ៏​រីករាយ—ខុស​ពី​ស្ត្រី​ខាង​លោកិយ ។

« នៅក្នុង​ចំណោម​វីរជន​ពិតៗ​នៅ​លើ​ពិភពលោក​ដែល​នឹង​មក​ក្នុង​សាសនាចក្រ​នេះ គឺ​ជា​ស្ត្រី​ដែល​មាន​ការ​ខ្វល់ខ្វាយ​ចំពោះ​ការ​រស់នៅ​ដោយ​សុចរិត​ជាជាង​ការ​មាន​ភាព​អត្មានិយម ។ វីរជន​ពិតៗ​ទាំង​នេះ មាន​ការ​បន្ទាប​ខ្លួន​ដ៏​ពិត ដែល​ដាក់​តម្លៃ​កាន់​តែ​ខ្ពស់​ទៅលើ​សេចក្ដីសុចរិត​ជាជាង​ការ​បង្ហាញ​មុខមាត់ ។…

« … វា​នឹង​ជា … គំរូ​នៃ​ស្រ្តី​នៅ​ក្នុង​សាសនាចក្រ [ ដែល ] នឹង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​ទាំង​ការ​រីកចម្រើន​នៃ​ចំនួន និង​ខាង​វិញ្ញាណ​ក្នុង​សាសនាចក្រ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

ឱ​នោះ​ជា​សេចក្ដី​ថ្លែង​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​របស់​ព្យាការី ។ ដោយ​គ្រាន់​តែ​ចង់​សង្ខេប​ថា ៖

  • វា​នឹង​ជា​ទំនាក់ទំនង​ល្អ​របស់​ស្ត្រី​ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ការ​រីកចម្រើន​ដ៏​ធំ​ក្នុង​សាសនាចក្រ​នៅ​ឆ្នាំ​ក្រោយៗ ។

  • មិត្តភាព​ដែល​ស្ត្រី​សមាគម​សង្គ្រោះ យុវនារី និង​កុមារី​អង្គការ​បឋមសិក្សា​ស្ថាបនា​ឡើង​ដោយ​ស្មោះស្ម័គ្រ ស្មោះត្រង់ ជា​ស្ត្រី និង​យុវនារី​ល្អ​មកពី​ជំនឿផ្សេង​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​មួយ​ជា​របៀប​ដែល​សាសនាចក្រ​រីកចម្រើន​នៅថ្ងៃ​ចុង​ក្រោយ ។

  • ប្រធាន ឃឹមបឹល បាន​ហៅ​ស្ត្រី​ទាំងនេះ​ដែល​មាន​ជីវប្រវត្តិ​ផ្សេងៗ​ថា​ជា « វីរនារី » ដែល​នឹង​មាន​ការ​ខ្វល់ខ្វាយ​ចំពោះ​ការ​រស់នៅ​ដោយ​សុចរិត​ជាជាង​ការ​មាន​ភាព​អត្មានិយម ដែល​នឹង​បង្ហាញ​យើង​ថា​សេចក្ដីសុចរិត​គឺ​មាន​តម្លៃ​ជាជាង​ការ​បង្ហាញ​មុខមាត់ ។

ខ្ញុំ​បាន​ជួប​នឹង​ស្ត្រី​ល្អៗ​ជាច្រើន​ទាំងនេះ នៅពេល​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​នៅ​ជុំវិញ​ពិភពលោក ។ មិត្តភាព​របស់​ពួកគេ​គឺ​មាន​តម្លៃ​ចំពោះ​ខ្ញុំ ។ អ្នក​ស្គាល់​ពួកគេ​ផងដែរ​នៅក្នុង​ចំណោម​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​អ្នក ។ ពួកគេ​អាច​ជា​សមាជិក ឬ​មិន​អាច​ជា​សមាជិក​នៃ​សាសនាចក្រ​ក្នុង​ពេល​ឥឡូវ​នេះ​មែន ប៉ុន្តែ​យើង​ទាក់ទង​គ្នា​នៅក្នុង​ទំនាក់ទំនង​ដែល​វា​សំខាន់​ណាស់ ។ មែនហើយ​តើ​យើង​ធ្វើ​ចំណែក​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ? ប្រធាន ឃឹមបឹល សំដៅ​ទៅលើ​រឿង​ប្រាំ​យ៉ាង ៖

ទីមួយ គឺ​ធ្វើ​ជា​មនុស្ស​សុចរិត ។ ការ​ធ្វើជា​មនុស្ស​សុចរិត ពុំ​មាន​ន័យ​ថា​ត្រូវ​ល្អ​ឥតខ្ចោះ ឬ​មិន​ដែល​ធ្វើ​កំហុស​នោះ​ទេ ។ វា​មាន​ន័យ​ថា ការ​អភិវឌ្ឍ​ទំនាក់ទំនង​នៅ​ខាង​ក្នុង​ខ្លួន​ជាមួយ​នឹង​ព្រះ ប្រែចិត្ត​ពី​អំពើបាប និង​កំហុស​ទាំងឡាយ​របស់​យើង ហើយ​ស្ម័គ្រចិត្ត​ជួយ​ដល់​អ្នកដទៃ ។

ស្ត្រី​ដែល​ប្រែចិត្ត​ផ្លាស់ប្ដូរ​បុព្វហេតុ​នៃ​ប្រវត្តិសាស្ត្រ ។ ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​នាង​នៅ​ក្មេង ហើយ​បាន​ញៀន​ទៅ​នឹង​ថ្នាំ​បំបាត់​ការឈឺចាប់ ។ ក្រោយមក ឪពុក​ម្ដាយ​របស់​នាង​បាន​លែង​លះគ្នា ។ នាង​បាន​មាន​គត៌​ដោយសារ​ទំនាក់ទំនង​ដ៏​ខ្លី​មួយ ហើយ​ការ​ញៀន​របស់​នាង​នៅ​តែ​បន្ដ ។ ប៉ុន្តែ​នា​យប់​មួយ នាង​បាន​មើល​ទៅ​ភាព​រញ៉េរញ៉ៃ ច្របូក​ច្របល់​ក្នុង​ជីវិត​នាង ហើយ​បាន​គិត​ថា « ល្មម​គ្រប់គ្រាន់​ហើយ » ។ នាង​បាន​ស្រែក​យំ​រក​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ជួយ​នាង ។ នាង​បាន​និយាយ​ថា នាង​បាន​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មហិមា​ជាង​ស្ថានភាព​ដ៏​អាក្រក់​របស់​នាង ហើយ​ថា​នាង​អាច​ទុក​ចិត្ត​លើ​កម្លាំង​របស់​ទ្រង់ នៅពេល​នាង​ដើរ​នៅ​ផ្លូវ​នៃ​ការ​ប្រែចិត្ត ។

ដោយសារ​ការ​ត្រឡប់​មក​ព្រះអម្ចាស់ ហើយ​ត្រឡប់​មក​កាន់​មាគ៌ា​របស់​ទ្រង់​វិញ នាង​បាន​ផ្លាស់ប្ដូរ​ផ្លូវ​ដ៏​ជា​ប្រវត្តិសាស្ត្រ​របស់​នាង និង​របស់​កូនប្រុស​តូច​របស់​នាង និង​ស្វាមី​ថ្មី​របស់​នាង ។ នាង​សុចរិត ហើយ​នាង​មាន​ដួងចិត្ត​ទូលាយ​ចំពោះ​អ្នក​ដទៃ​ដែល​បាន​ធ្វើ​កំហុស​ឆ្គង ហើយ​ចង់​ផ្លាស់ប្ដូរ ។ ក៏​ដូចជា​យើង​ទាំងអស់​គ្នា​ផងដែរ នាង​ពុំ​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​នាង​បាន​ដឹង​ពី​របៀប​ប្រែចិត្ត ហើយ​បន្ដ​ព្យាយាម ។

ទីពីរ គឺ​ធ្វើ​ជា​មនុស្ស​ច្បាស់លាស់ ។ ការ​ធ្វើ​ជា​មនុស្ស​ច្បាស់លាស់​មាន​ន័យ​ថា ត្រូវ​បង្ហាញ​អំពី​អារម្មណ៍​ដែល​អ្នក​មាន​អំពី​អ្វី​មួយ និង​ហេតុ​ផល​វា​យ៉ាង​ច្បាស់​លាស់ ។ កាល​ពី​ដើម​ឆ្នាំ​នេះ មាន​ការ​បង្ហោះ​លើ​ទំព័រ​ព័ត៌មាន​ហ្វេសប៊ុក​របស់​ខ្ញុំ​មួយ​ដែល​និយាយ​អវិជ្ជមាន​អំពី​ពួក​គ្រីស្ទាន។ ខ្ញុំ​បាន​អាន​វា ហើយ​មាន​អារម្មណ៍​រំខាន​បន្ដិចបន្តួច ប៉ុន្តែ​ខ្ញុំ​មិន​អើពើរ​នឹង​វា​ទេ ។ ប៉ុន្ដែ អ្នក​ស្គាល់​គ្នា​ម្នាក់​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង បាន​ផ្ដល់​មតិ​លើ​ទំព័រ​របស់​នាង ។ នាង​បាន​សរសេរ​ថា ៖ « [ នេះ​គឺជា ] ការ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​ធ្វើ—ទ្រង់​មាន … ព្រះ​យោបល់​ដ៏​អស្ចារ្យ [ នៅក្នុង ] ជំនាន់​របស់​ទ្រង់ ដោយសារ​ទ្រង់ … រាប់​ពិភពលោក​ស្មើភាព​គ្នា ។ … ទ្រង់ [ បាន​ថ្លែង ] ទៅ​[ ពួក ]​ស្រី​ពេស្យា [ ទ្រង់​ទទួល​ទាន ] ជាមួយ​នឹង​[ ពួក ] អ្នក​ប្រមូល…ពន្ធ … , ធ្វើ​ជា​មិត្ត​ជាមួយ​ស្ត្រី និង​កុមារ​ដែល​គ្មាន​លទ្ធភាព … , [ហើយ] ប្រទាន​រឿង​សាសន៍​សាម៉ារីល្អ​ដល់​យើង ។ … វា​បន្ដ​ថា … ពួក​គ្រីស្ទាន​ពិត នឹង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ក្នុង​ពិភពលោក » ។ នៅ​ពេល​ខ្ញុំ​អាន​រឿង​នោះ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា « ហេតុអ្វី​ក៏​ខ្ញុំ​មិន​សរសេរ​ដូច្នោះ ? »

យើង​ម្នាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​ជា​មនុស្ស​ច្បាស់លាស់​ពី​មូលហេតុ​នានា​សម្រាប់​ជំនឿ​របស់​យើង ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ហេតុអ្វី​អ្នក​ស្ថិត​នៅ​ក្នុង​សាសនាចក្រ ? ហេតុអ្វី​អ្នក​ជឿ​ថា​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ ? តើ​អ្នក​ទទួល​បាន​ភាព​សុខសាន្ដ​របស់​អ្នក​នៅ​កន្លែង​ណា ? ហេតុអ្វី​វា​សំខាន់​ដែល​ព្យាការី​មាន​អ្វី​មួយ​ត្រូវ​ប្រាប់​នៅ​ក្នុង​ឆ្នាំ ២០១៧ ? តើ​អ្នក​ដឹង​ថា​លោក​ជា​ព្យាការី​ពិត​ដោយ​របៀប​ណា ? សូម​ប្រើ​សំឡេង និង​អំណាច​របស់​អ្នក​ដើម្បី​ប្រាប់​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ដឹង និង​អារម្មណ៍​របស់​អ្នក—នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​មិត្ត​របស់​អ្នក នៅពេល​និយាយ​ជាមួយ​នឹង​ចៅៗ​របស់​អ្នក ។ សូម​ប្រាប់​ពួកគេ​ហេតុអ្វី​អ្នក​ជឿ ហើយ​តើ​វា​មាន​អារម្មណ៍​យ៉ាងណា ប្រសិន​បើ​អ្នក​ធ្លាប់​សង្ស័យ តើ​អ្នក​ឆ្លងកាត់​វា​យ៉ាង​ដូចម្ដេច ហើយ​តើ​ព្រះយេស៊ូវ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ។ ដូច​សាវក​ពេត្រុស​បាន​ថ្លែង ៖ « មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ឡើយ …ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា » ។

ទីបី គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ផ្សេង​ពីគេ ។ ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​រឿង​មួយ​ដែល​កើត​ឡើង​នៅ​ខែ​កក្កដា​នេះ​នៅ​ឆ្នេរ​សមុទ្រ​ទីក្រុង ប៉ាណាម៉ា នៅ​រដ្ឋ​ហ្លូរីដា ។ រសៀល​នោះ រ៉ូបឺតតា អឺសរី បាន​ឃើញ​កូន​ប្រុស​តូច​ពីរ​នាក់​របស់​នាង ស្រែក​រក​ជំនួយ​មកពី​ក្នុង​សមុទ្រ​ចម្ងាយ ៩០ ម៉ែត្រ ។ ពួកគេ​ជាប់​នៅ​ក្នុង​ចរន្ត​ទឹក​ដ៏​ខ្លាំង​មួយ ហើយ​កំពុង​នាំចូល​ទៅក្នុង​សមុទ្រ ។ គូស្វាមី​ភរិយា​មួយ​គូ​នៅ​ជិត​នោះ បាន​ព្យាយាម​ជួយ​ក្មេង​ប្រុស​ទាំងពីរ​នាក់​នោះ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ជាប់​ក្នុង​ចរន្ដ​ទឹក​នោះដែរ ។ ដូច្នេះ​សមាជិក​គ្រួសារ អឺសរី បាន​លោត​ទៅ​ជួយ​សង្គ្រោះ​ដល់​អ្នក​ហែល​ទឹក​ដែល​កំពុង​មាន​បញ្ហា​នោះ តែ​មួយ​រំពេច​សោះ​មាន​មនុស្ស​ប្រាំបួន​នាក់​ត្រូវ​ជាប់​នៅ​ក្នុងចរន្ដ​ទឹក​គួច​ខ្លាំង​នោះ ។

ពេល​នោះ​គ្មាន​ខ្សែ​ពួរ​ទេ ។ ក៏​គ្មាន​អ្នក​ជួយ​សង្គ្រោះ​ដែរ ។ ប៉ូលីស​បាន​បញ្ជូន​ទូក​ជួយ​សង្គ្រោះ​មួយ​ទៅ ប៉ុន្តែ​មនុស្ស​ដែល​នៅ​ក្នុង​សមុទ្រ​នោះ​កំពុង​ពុះពារ​អស់​រយៈ​ពេល ២០ នាទី​មក​ហើយ ហើយ​ក្បាល​របស់​ពួកគេ​លិច​ទៅ​ក្នុង​ទឹក​ដោយ​អស់​កម្លាំង ។ នៅក្នុង​ចំណោម​អ្នក​មើល​ពី​ឆ្នេរ មាន ចេស៊ីកា​មែ ស៊ីម៉ូន ។ ស្វាមី​នាង​មាន​គំនិត​មួយ​ដើម្បី​បង្កើត​ជា​ការ​ប្រទាក់​ដៃ​គ្នា ។ ពួកគេ​ស្រែក​ហៅ​មនុស្ស​នៅ​លើ​ឆ្នេរ​ទាំង​អស់​មក​ជួយ ហើយ​មាន​មនុស្ស​ប្រទាក់​ដៃគ្នា​ដើរ​ចូល​ទៅ​ក្នុង​សមុទ្រ​ជាច្រើន​នាក់ ។ ចេស៊ីកា បាន​សរសេរ​ថា ៖ « ពេល​មើល​ឃើញ​មនុស្ស​មិន​ស្គាល់​គ្នា​សោះ​បាន​មក​ជួយ​មក​ពី​ជាតិ​សាសន៍ និង​ភេទ​ផ្សេងៗ​គ្នា វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ ! » មាន​មនុស្ស ៨០ នាក់​ប្រទាក់​ដៃ​គ្នា​ទៅ​រក​អ្នក​ហែល​ទឹក​ទាំង​នោះ ។ សូម​មើល​រូប​ថត​នេះអំពី​គ្រា​ដ៏​អស្ចារ្យ​នោះ ។

អ្នក​ហែល​ទឹក​បង្កើត​ជា​ការ​ប្រទាក់​ដៃ​គ្នា

មនុស្ស​គ្រប់​គ្នា​នៅ​លើ​ឆ្នេរ​អាច​គិត​ត្រឹម​តែ​ដំណោះ​ស្រាយ​តាម​ទម្លាប់ ហើយ​ពួកគេ​ត្រូវជាប់​គាំង ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​វិនាទី​គូស្វាមី​ភរិយា​មួយ​គូ​បាន​គិត​ឃើញ​ដំណោះ​ស្រាយ​ផ្សេង​មួយ ។ គំនិត​ថ្មី និង​ការ​ច្នៃ​ប្រឌិត គឺ​ជា​អំណោយ​ទាន​ខាង​វិញ្ញាណ ។ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង វា​អាច​ធ្វើ​ឲ្យ​យើង​ខុស​ពី​អ្នកដទៃ​នៅ​ក្នុង​វប្បធម៌ និង​សង្គម​របស់​យើង ប៉ុន្តែ​វា​ឲ្យ​យើង​ទទួល​បាន​ការ​បំផុសគំនិត ដើម្បី​យើង​អាច​គិត​ឃើញ​ដំណោះ​ស្រាយ មធ្យោបាយ និង​ការ​អនុវត្ត​ផ្សេងៗ ។ យើង​ពុំ​តែងតែ​ចុះ​សម្រុង​នឹង​ពិភពលោក​នេះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ជា​មនុស្ស​ខុស​ពីគេ​ក្នុង​របៀប​វិជ្ជមាន អាច​ឲ្យ​យើង​ជួយ​អ្នក​ដទៃ​ដែល​កំពុង​ជួប​បញ្ហា ។

ទីបួន គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដាច់​ដោយ​ឡែក​ពី​គេ ។ ការ​ដាច់​ដោយ​ឡែក​ពីគេ​មាន​ន័យ​ថា ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ល្អ ។ ខ្ញុំ​សូម​ត្រឡប់​ទៅ​រឿង​អំពី​ចេស៊ីកា​មែ ស៊ីម៉ូន នៅ​លើ​ឆ្នេរ​សមុទ្រ​វិញ ។ នៅ​ពេល​ការ​ប្រទាក់ដៃ​គ្នា​នោះ​បាន​ទៅ​រក​អ្នក​ហែល​ទឹក នោះ​នាង​បាន​ដឹង​ថា​នាង​អាច​ជួយ​បាន ។ ចេស៊ីកា​មែ បាន​និយាយ​ថា « ខ្ញុំ​អាច​អត់​ដង្ហើម ហើយ​ហែល​ជុំវិញ​អាង​ទឹក​អូឡាំពិក​ដោយ​ងាយ ! [ ខ្ញុំ​ដឹង​អំពី​របៀប​ចេញ​ពី​ចរន្ដ​ទឹក​គួច​នោះ ] ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ឲ្យ [ អ្នក​ហែល​ទឹក​ម្នាក់ៗ ] ទៅ​អ្នក​ដែល​ប្រទាក់​ដៃ​គ្នា​នោះ​បាន » ។ នាង និង​ស្វាមី​នាង​បាន​ចាប់​យក​ក្ដារ​ប៊ូហ្គី ហើយ​ហែល​តាម​ការ​ឈរ​ប្រទាក់​ដៃ​គ្នា​នោះ រហូត​ពួកគេ និង​អ្នក​ជួយ​សង្គ្រោះ​ដទៃ​ទៀត​ឈោង​ទៅ​ដល់​អ្នក​ហែល​ទឹក​ទាំងនោះ រួចហើយ​ពួកគេ​បាន​ទាញ​អ្នក​ទាំង​នោះ​ម្ដង​ម្នាក់ៗ​មក​ឲ្យ​អ្នក​ប្រទាក់​ដៃ​គ្នា ដើម្បី​ចម្លង​ពួកគេ​ទៅ​ទីសុវត្ថិភាព​នៅ​លើ​ឆ្នេរ ។ ចេស៊ីកា​មាន​ជំនាញ​ដាច់​ដោយ​ឡែក​ពី​គេ ៖ នាង​បាន​ដឹង​អំពី​របៀប​ហែល​បញ្ច្រាស់​ចរន្ដ​ទឹក​គួច ។

ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ត្រូវបាន​គេ​ទទួល​ស្គាល់​យ៉ាង​ល្អ ។ ប៉ុន្តែ​យើង​ត្រូវ​ធ្វើជា​មនុស្ស​ដាច់​ដោយ​ឡែក​ពី​គេ​អំពី​របៀប​ដែល​យើង​ធ្វើ​តាម​ដំណឹងល្អ ។ ក៏​ដូចជា ចេស៊ីកា បាន​ហាត់​ហែលទឹក​ដែរ យើង​ចាំបាច់​ត្រូវ​ហាត់​រស់នៅ​តាម​ដំណឹងល្អ​ពីមុន​គ្រា​អាសន្ន ដើម្បី​យើង​នឹង​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ជួយ​អ្នក​ដទៃ​ដែល​ត្រូវ​បាន​ទាញ​យក​ទៅ​ដោយ​ចរន្ដ​ទឹក​គួច​ដោយ​ឥតភ័យ​ខ្លាច ។

ហើយ​ចុង​បញ្ចប់ ទីប្រាំ គឺ​ត្រូវ​ធ្វើ​ពី​ចំណុច​ទី​មួយ​ដល់​ទីបួន​តាម​របៀប​រីករាយ ។ ការ​មាន​ភាពរីករាយ​ពុំ​មាន​ន័យ​ថា ការ​បិទ​រូប​ញញឹម​នៅលើ​មុខ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ។ ប៉ុន្ដែ​វា​មាន​ន័យ​ថា ជា​ការ​រក្សា​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​ស្ថាបនា និង​លើកស្ទួយ​អ្នកដទៃ​ឡើង ។ នៅពេល​យើង​ស្ថាបនា នៅពេល​យើង​សម្រាល​បន្ទុក​អ្នកដទៃ វា​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ពរ​តាម​របៀប​ជា​ច្រើន​ដែល​ការ​សាកល្បង​របស់​យើង​ពុំ​អាច​ដក​យក​បាន ។ ខ្ញុំ​បាន​ដាក់​ពាក្យ​ដកស្រង់​មួយ​របស់​ប្រធាន ហ្គរដុន ហ៊ិងគ្លី នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​មើល​ឃើញ​វា​រាល់​ថ្ងៃ ។ លោក​មាន​ប្រសាសន៍​ថា « ចូរ​អ្នក​កុំ… ស្ថាបនា​ទុទិដ្ឋិនិយម ឬ​ការ​ចំអក​ឡើយ ។ អ្នក​ត្រូវ​មើល​ទៅមុខ​ដោយ​សុទិដ្ឋិនិយម ធ្វើការ​ដោយ​សេចក្តីជំនឿ ហើយ​លទ្ធផល​នឹង​កើត​មាន​ឡើង » ។

ឧទាហរណ៍​មួយ​អំពី​ស្មារតី​សុទិដ្ឋិនិយម​ដ៏​រីករាយ មាន​យុវនារី​ម្នាក់​អាយុ ១៣ ឆ្នាំ​ដែល​ខ្ញុំ​ស្គាល់​ឈ្មោះ អែលសា គ្រួសារ​នាង​ផ្លាស់​ទៅ បាតុន រ៉ូហ្គ លូវីស៊ីអាណា ចម្ងាយ ២៩០០ គីឡូម៉ែត្រ​ពី​មិត្ត​របស់​នាង ។ វា​ពុំ​ងាយ​ស្រួល​ទេ ពេល​អ្នក​មាន​អាយុ ១៣ ឆ្នាំ ហើយ​ត្រូវផ្លាស់​ទៅ​កន្លែង​ថ្មី​មួយ​នោះ ។ អែលសា ពុំ​ដឹង​ច្បាស់​ពី​ការ​ផ្លាស់ប្ដូរ​នោះ​ទេ ដូច្នេះ​ឪពុក​របស់​នាង​បាន​ប្រសិទ្ធពរ​ឲ្យ​នាង ។ នៅ​គ្រា​ដែល​ផ្ដល់​ការ​ប្រសិទ្ធពរ​នោះ ទូរសព្ទ​របស់​ម្ដាយ​នាង​បាន​រោទិ៍​ឡើង​ដោយ​មាន​សារ​មួយ ។ យុវនារី​ដែល​រស់នៅ​លូវីស៊ីអាណា បាន​ផ្ញើ​រូបថត​នេះ​ដែល​មាន​ចំណង​ជើង​ថា « សូម​ផ្លាស់​មក​ក្នុង​វួដ​របស់​ពួក​យើង ! » 

យុវនារី​កាន់​ស្លាក​ស្វាគមន៍

យុវនារី​ទាំងនេះ ចង់​បង្កើត​ភាព​សុទិដ្ឋិនិយម ចំពោះ​អែលសា ទាំង​មិន​ធ្លាប់​ជួប​នាង​ផង ។ ភាព​ក្លៀវក្លា​របស់​ពួកគេ​បង្កើត​ជា​ភាព​សុទិដ្ឋិនិយម​ចំពោះ អែលសា អំពី​ការ​ផ្លាស់​ទៅ ហើយ​វា​បាន​ឆ្លើយ​នឹង​ការ​អធិស្ឋាន​របស់​នាង​ថា​តើ​អ្វីៗ​នឹង​ល្អ​ឬ​ទេ ។

មាន​ថាមពល​មួយ​ដែល​កើត​មាន​មក​ពី​សុភមង្គល និង​ភាព​សុទិដ្ឋិនិយម​ដែល​ពុំ​គ្រាន់​តែ​ប្រទានពរ​ដល់​យើង​នោះ​ទេ— វា​ថែមទាំង​ស្ថាបនា​មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​យើង​ផងដែរ ។ គ្រប់​រឿង​តូចៗ​ដែល​អ្នក​ធ្វើ​ដើម្បី​បើក​ពន្លឺ​សុភមង្គល​ពិត​នៅ​ក្នុង​ជីវិត​អ្នកដទៃ បង្ហាញ​ថា​អ្នក​កំពុង​កាន់​គុប​ភ្លើង​ដែល​ប្រធាន​ឃឹមបឹល​បាន​ដុត​រួច​ហើយ​នោះ ។

ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ កាល​ប្រធាន ឃឹមបឹល​ថ្លែង​សុន្ទរកថា​នោះ។ ពួក​យើង​ដែល​មាន​អាយុ​ច្រើន​ជាង ៤០ ឆ្នាំ កំពុង​មាន​ការ​ទទួលខុសត្រូវ​នេះ មក​ពី​ប្រធាន ឃឹមបឹល ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ។ ឥឡូវ ខ្ញុំ​បាន​មើល​ទៅកុមារ​អាយុ ៨ ឆ្នាំ ១៤ ឆ្នាំ និង ២០ ឆ្នាំ និង ៣៥ ឆ្នាំ ហើយ​ខ្ញុំ​កំពុង​តែ​ហុច​គុប​ភ្លើង​នេះ​ដល់​អ្នក ។ អ្នក​គឺ​ជា​អនាគត​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ​នេះ ហើយ​វា​នឹង​ស្ថិត​នៅលើ​អ្នក​ដើម្បី​កាន់​ពន្លឺ​នេះ​ឆ្ពោះ​ទៅមុខ ហើយ​បំពេញ​តាម​ការ​ព្យាករណ៍​នេះ ។ ពួក​យើង​ដែល​មាន​វ័យ​ចាស់​ជាង ៤០ ឆ្នាំ​ប្រទាក់​ដៃ​របស់​យើង​តាមរយៈ​អ្នក ហើយ​ដឹង​ពី​កម្លាំង និង​ថាមពល​របស់​អ្នក ។ ពួក​យើង​ត្រូវការ​អ្នក ។

សូម​ស្ដាប់​បទគម្ពីរ​នេះ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា. ៤៩:២៦–២៨ វា​អាច​ត្រូវ​បាន​សរសេរ​នៅ ក្រោម​ស្ថានភាព​ផ្សេងៗ ប៉ុន្តែ​នា​យប់​នេះ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​យក​ដាក់​ជា​ការ​ហៅ​ផ្ទាល់​ខ្លួន​របស់​អ្នក​ចំពោះ​កិច្ចការ​ពិសិដ្ឋ​នេះ ។

« មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​ចេញ​ទៅ​ដូចជា​យើង​បាន​បញ្ជា​អ្នក ចូរ​ប្រែចិត្ត​ពី​អស់​ទាំង​អំពើបាប​របស់​អ្នក ចូរ​សូម​នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែងនឹង​បាន​បើក​ឲ្យ​អ្នក ។

« មើលចុះ យើង​នឹង​យាង​នាំ​មុខ​អ្នក ហើយ​នឹង​ការពារ​នៅ​ខាង​ក្រោយ​អ្នក​ផង ហើយ​យើង​នឹង​នៅ កណ្ដាល​អ្នក​រាល់គ្នា ហើយ​អ្នក​នឹង​មិន​ត្រូវ​បំភាន់​ឡើយ ។

« មើល​ចុះ យើង​ជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​មក​យ៉ាង​ឆាប់​រហ័ស » ។

ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ម្នាក់ៗ​ឲ្យ​ដាក់​ខ្លួន​អ្នក​នៅ​ត្រង់​កន្លែង​មួយ​ដែល​អ្នក​អាច​ទទួល​អារម្មណ៍​សេចក្ដីស្រឡាញ់​ដ៏​សប្បុរស​របស់​ព្រះ​មាន​ចំពោះ​បងប្អូន ។ បងប្អូន​ពុំ​អាច​ដាក់​ខ្លួន​បងប្អូន​ឆ្ងាយ​ហួស​ពី​ក្ដី​ស្រឡាញ់​នោះ​ឡើយ ។ នៅពេល​បងប្អូន​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់​របស់​ទ្រង់ នៅពេល​បងប្អូន​ស្រឡាញ់​ទ្រង់ បងប្អូន​នឹង​ប្រែចិត្ត ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ នៅពេល​អ្នក​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​ទ្រង់​អាច​ប្រើ​អ្នក​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់ គឺ​ភាព​តម្កើងឡើង និង​ជីវិត​អស់កល្បជានិច្ច​របស់​ស្ត្រី និង​បុរស​ទាំងឡាយ ។

ឱ ! បងប្អូន​ស្រី​ទាំងឡាយ​អើយ ពួក​ព្យាការី​កំពុង​ហៅ​យើង ។ តើ​អ្នក​យល់ព្រម​ធ្វើ​ជា​មនុស្ស​សុចរិត​ឬទេ ? តើ​អ្នក​យល់​ព្រម​ច្បាស់លាស់​ចំពោះ​សេចក្ដីជំនឿ​របស់​អ្នក​ឬទេ ? តើ​អ្នក​អាច​ធ្វើ​ជា​មនុស្ស​ដាច់​ដោយឡែក ហើយ​ខុស​ប្លែក​ពីគេ​ឬទេ ? តើ​សុភមង្គល​របស់​អ្នក​ដោយ​មិនគិត​ពី​ការសាកល្បង​របស់​អ្នក​ជា​យ៉ាងណា នឹង​នាំ​អ្នក​ដទៃ​ដែល​ល្អ និង​ថ្លៃថ្នូរ និង​អ្នក​ដែល​ត្រូវការ​មិត្តភាព​របស់​អ្នក​ដែរ​ឬទេ ? តើ​អ្នក​យល់ព្រម​បើក​ពន្លឺ​របស់​អ្នក​ឬទេ ? ខ្ញុំ​សូម​ថ្លែង​ទីបន្ទលា់​ថា ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទនឹង​យាងទៅ​ពីមុខ​យើង ហើយ​គង់នៅ​កណ្ដាល​យើង ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ពាក្យ​របស់​ព្យាការី​ជាទីស្រឡាញ់​របស់​យើង ជា​ថូម៉ាស អេស ម៉នសុន ៖ « ឱ​បងប្អូន​ស្ត្រី​ជា​ទីស្រឡាញ់ នេះ​គឺជា​ជំនាន់​របស់​អ្នក នេះ​គឺ​ជា​ពេលវេលា​របស់​អ្នក » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ប្រធាន ព្រីកហាំ យ៉ង់ ៖ « សូម​ឲ្យ [ បងប្អូនស្រី ] រៀបចំ​សមាគម​សង្គ្រោះ​ស្ត្រី​ឡើង​នៅ​ក្នុង​វួដ​ផ្សេងៗ ។ យើង​អាច​មាន​ស្ត្រី​ដែល​មាន​ទេពកោសល្យ​ជាច្រើន​នៅ​ក្នុង​ចំណោម​ពួក​យើង ហយ​យើង​ចង់​បាន​ជំនួយ​របស់​ពួកគេ​នៅ​ក្នុង​រឿង​នេះ ។ អ្នក​ខ្លះ​អាច​គិត​ថា​នេះ​គឺ​ជា​រឿង​មិន​សំខាន់ ប៉ុន្តែ​វា​ពុំ​ដូច្នោះ​ទេ ហើយ​អ្នក​នឹង​រកឃើញ​ថា​ស្ត្រី​ទាំងឡាយ​នឹង​ជា​កម្លាំង​ជម្រុះ​ដ៏​ខ្លាំង​នៃ​ចលនា នេះ » ( នៅក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ]ទំព័រ ៤១ ) ។

    ប្រធាន ឡូរែនសូ ស្នូ ៖ « អ្នក​នឹង​នៅ​ចំហៀង​នៃ​បព្វជិតភាព ត្រៀម​ខ្លួន…​ដើម្បី​ធ្វើ​ចំណែក​របស់​អ្នក​ក្នុង​ការ​ជួយ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​លឿន​ទៅលើ​នគរ​ព្រះ ហើយ​នៅពេល​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ​រួមគ្នា អ្នក​នឹង​រួម​ចំណែក​នៅក្នុង​ជោគជ័យ​នៃ​កិច្ចការងារ​នេះ និង​នៅក្នុង​ភាពតម្កើងឡើង និង​សិរីល្អ ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​កូនចៅ​ស្មោះត្រង់​របស់​ទ្រង់​យ៉ាង​ច្បាស់​ផងដែរ » ( នៅក្នុង Daughters in My Kingdomទំព័រ ៧ ) ។

    ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖ « មាន​អំណាច​នៅ​ក្នុង​អង្គការ [ សមាគមសង្គ្រោះ ] នេះ ដែល​ពុំ​ទាន់​បាន​អនុវត្ត​ពេញលេញ ដើម្បី​ពង្រឹង​ដល់​គេហដ្ឋាន​នៃ​ស៊ីយ៉ូន និង​ស្ថាបនា​នគរ​ព្រះ​នៅឡើយ​ទេ—ទាំង​បងប្អូនស្រី និង​[ បងប្អូនប្រុស ] ក្នុង​បព្វជិតភាព ពុំទាន់​ទទួល​បាន​ទស្សនវិស័យ​នៃ​សមាគ​សង្គ្រោះ​នេះ​ទេ » ( នៅក្នុង Daughters in My Kingdom ទំព័រ ១៤២ ) ។

    ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖ « មាន​តម្រូវការ​ដ៏​ធំ​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ស្រ្តី​នៅក្នុង​សាសនាចក្រ​ឲ្យ​ឈរ​ជាមួយ​បងប្អូន​ប្រុស​នៅ​ក្នុង​ការ​បញ្ចប់​អំពើ​អាក្រក់ ដែល​នៅ​ជុំវិញ​យើង និង​នៅក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ … ដូច្នេះ យើង​ទទូច​អង្វរ​ដល់​អ្នក​ឲ្យ​បម្រើ​ដោយ​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​អ្នក​សម្រាប់​ការណ៍​ល្អ នៅក្នុង​ការ​ពង្រឹង​ក្រុម​គ្រួសារ សាសនាចក្រ និង​សហគមន៍​របស់​យើង » ( នៅក្នុង Daughters in My Kingdom ទំព័រ ១៥៧ ) ។

    ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ « មាន​កម្លាំង និង​សមត្ថភាព​ដ៏​មហិមា​នៅ​ក្នុង​ស្ត្រី​នៃ​សាសនាចក្រ​នេះ ។ មាន​ថ្នាក់​ដឹកនាំ និង​ការ​ដឹកនាំ ជា​វិញ្ញាណ​នៃ​ឯករាជ្យភាព​យ៉ាង​ពិត ហើយ​ជា​ភាព​ស្កប់ស្កល់​ដ៏​មហិមា​នៅក្នុង​ការ​ធ្វើ​ជា​ចំណែក​នៃ​កិច្ចការ​ងារ​នេះ នគរ​របស់​ព្រះអម្ចាស់ និង​ការ​ធ្វើ​ការ​គៀក​ដៃគ្នា​ជាមួយ​បព្វជិតភាព​ដើម្បី​នាំ​កិច្ចការ​ងារ​នេះ​ឆ្ពោះ​ទៅ​មុខ ( នៅក្នុងDaughters in My Kingdom ទំព័រ ១៤៣ ) ។

    ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ដក​ស្រង់​ពាក្យ​របស់ ប៊ែល ស្ម៊ីធ ស្បាហ្វ័ត ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ថា ៖ «‹ ពុំធ្លាប់​មាន​ស្ត្រី​មាន​ឥទ្ធិពល​មហិមា​ជាង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ទេ ។ ពុំ​ធ្លាប់​មាន​ឱកាស​យ៉ាង​ធំទូលាយ​សម្រាប់​ពួកគេ​ទេ ។ នេះ​គឺ​ជា​គ្រា​នៃ​ការ​អញ្ជើញ ក្ដី​រំភើប សំណូមពរ និង​តម្រូវការ​ចំពោះ​ស្ត្រីៗ ។ វា​គឺ ជា​គ្រា​ដ៏​ជា​រង្វាន់​ដ៏​បរិបូរ​មួយ ប្រសិន​បើ​យើង​រក្សា​តុល្យភាព​របស់​យើង រៀន​អំពី​តម្លៃ​ពិត​នៃ​ជីវិត ហើយ​កំណត់​អាទិភាព​ដោយ​ឈ្លាសវៃ › [A Woman’s Reach ( ឆ្នាំ ១៩៧៤ ) ទំព័រ ២១ ] ។ បងប្អូនស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ នេះ​គឺ​ជា​ជំនាន់​របស់​អ្នក នេះ​គឺ​ជា​ពេល​របស់​អ្នក («The Mighty Strength of the Relief Society» Ensign ខែ​វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៩៥ ) ។

    ប្រធាន រ័សុល អិម ណិលសុន ៖ « ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ស្រី​ក្នុងសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ​ឲ្យ​បោះ​ជំហាន​ទៅ​មុខ ! សូម​ទទួល​យក​កន្លែង​ត្រឹមត្រូវ និង​ដែល​តម្រូវ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក​នៅក្នុង​សហគមន៍ និង​នគរ​នៃ​ព្រះ--ច្រើនជាង​អ្នក​ធ្លាប់​ធ្វើពី​មុន ។ ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​ឲ្យ​បំពេញ​តាម​ការព្យាករ​របស់​ប្រធាន ឃឹមបឹល ។ ហើយ​ខ្ញុំ​សន្យា​នឹង​អ្នក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា នៅ​ពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្កើន​ឥទ្ធិពល​របស់​អ្នក​ក្នុង​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ ! » ( «A Plea to My SistersLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៧ ) ។

  2. សូមមើល​វីដេអូ​របស់​បងស្រី ខាមីឡា ឃឹមបឹល អាន​សុន្ទរកថា​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅ conference.lds.org សូមមើល​ផងដែរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល «The Role of Righteous WomenEnsignខែ​វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ, ១០២–៤ ។

  3. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល «The Role of Righteous Women» ទំព័រ ១០៣–៤, គូសបញ្ជាក់​បន្ថែម ។

  4. ពេត្រុសទី១ ៣:១៤–១៥ ។

  5. សូមមើល McKinley Corbley « 80 Beachgoers form Human Chain to Save Family Being Dragged Out to Sea by Riptide » ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ ២០១៧, goodnewsnetwork.org ។

  6. ចេស៊ីកា មែ ស៊ីម៉ូនស៍ នៅក្នុង Corbley « 80 Beachgoers Form Human Chain » ។

  7. ចេស៊ីកា មែ ស៊ីម៉ូនស៍ « 80 Beachgoers Form Human Chain » ។

  8. សូមមើលអាលម៉ា ៤១:១០,៣៤:២៨,គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៧,លូកា ១៦:១៩–២៥ ។

  9. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ៧១ ។

  10. កំណត់ចំណាំ​មកពី​គ្រួសារ Virginia Pearce ។

  11. គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:២៦-២៨ ។

  12. ថូម៉ាស អេស ម៉នសុន « The Mighty Strength of the Relief Society » ទំព័រ ៩៥ ។