ងាកបែរទៅរកព្រះអម្ចាស់
យើងពុំអាចគ្រប់គ្រងនូវគ្រប់រឿងដែលកើតឡើងចំពោះយើងបានឡើយ ប៉ុន្តែយើងពិតជាអាចគ្រប់គ្រងលើរបៀបដែលយើង ឆ្លើយតបចំពោះឧបសគ្គនានាក្នុងជីវិតយើង ។
នារដូវផ្ការីកឆ្នាំ ១៩៩៨ ខារ៉ូល និងខ្ញុំបានធ្វើដំណើរក្នុងការងារផង និងមានឱកាសវិស្សមកាលជាមួយគ្រួសារផង ហើយនាំកូនបួននាក់របស់យើង និងម្តាយក្មេកដែលទើបតែមេម៉ាយរបស់ខ្ញុំទៅរដ្ឋហាវ៉ៃរយៈពេលពីរបីថ្ងៃ ។
នាយប់មុនការហោះហើររបស់យើងទៅរដ្ឋហាវ៉ៃ កូនប្រុសអាយុបួនឆ្នាំរបស់យើង ចូណាថុន ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានការបង្គរោគនៅត្រចៀកទាំងសង្ខាង ហើយយើងត្រូវបានប្រាប់ថា យ៉ាងហោចណាស់គាត់ពុំអាចធ្វើដំណើរបានឡើយក្នុងពេលបីទៅបួនថ្ងៃ ។ ការសម្រេចចិត្តបានធ្វើឡើយ ដោយខារ៉ូលត្រូវនៅផ្ទះជាមួយចូណាថុន ហើយខ្ញុំធ្វើដំណើរជាមួយនឹងគ្រួសារទាំងអស់របស់យើង ។
នៅមិនយូរប៉ុន្មានបន្ទាប់ពីយើងទៅដល់ទីនោះ ការបង្ហាញដំបូងរបស់ខ្ញុំគឺថា នេះពុំមែនជាការធ្វើដំណើរកម្សាន្តដែលខ្ញុំស្រមៃចង់បានឡើយ ។ កាលកំពុងដើរក្រោមពន្លឺព្រះចន្ទ ដែលមានដើមត្នោតអមតាមផ្លូវ ជាមួយនឹងទេសភាពមហាសមុទ្រនៅពីមុខពួកយើង នោះខ្ញុំបានងាកទៅថ្លែងអំពីសម្រស់នៃកោះនោះ ហើយនៅក្នុងឱកាសដ៏មនោរម្យនោះ ជំនួសការមើលមុខខារ៉ូល ខ្ញុំបានសម្លឹងមើលទៅកែវភ្នែកម្តាយក្មេកខ្ញុំ—ដែលខ្ញុំចង់បន្ថែមថា ខ្ញុំពិតជាស្រឡាញ់គាត់ណាស់ ។ វាពុំមែនជាអ្វីដែលខ្ញុំបានគិតទុកជាមុនឡើយ ។ ហើយខារ៉ូលក៏ពុំរំពឹងថា នាងត្រូវចំណាយពេលវិស្សមកាលខ្លួននៅផ្ទះជាមួយកូនប្រុសតូចដែលមានជងឺរបស់យើងឡើយ ។
នឹងមានគ្រានានានៅក្នុងជីវិតរបស់យើង ពេលយើងឃើញថា ខ្លួនយើងនៅលើផ្លូវដែលយើងពុំបានរំពឹងទុក ប្រឈមមុខនឹងកាលៈទេសៈកាន់តែធ្ងន់ធ្ងរជាងការរំខានដល់ថ្ងៃវិស្សមកាលទៅទៀត ។ តើយើងឆ្លើយតបដោយរបៀបណា នៅពេលមានព្រឹត្តិការណ៍ដែលផ្ទុយពីគម្រោង ផ្លាស់ប្តូរជីវិតដែលយើងបានគ្រោងទុក ឬរំពឹងទុកនោះ ?
នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៩៤៤ ហៃរាំ ស្សាំវ៉េ អនុសេនីយ៍ទោលទីពីរវ័យក្មេងក្នុងកងទ័ពអាមេរិក បានឡើងច្រាំងនៅឆ្នេរ អូម៉ាហា ដែលជាផ្នែកមួយនៃការឈ្លានពានរបស់ពួកន័រវ៉េ ។ គាត់បានធ្វើដំណើរដោយសុវត្ថិភាពទៅដល់ដីគោក ប៉ុន្តែនៅថ្ងៃទី ២៧ ខែ កក្កដា នៅពេលធ្វើសង្គ្រាមនោះ គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះមីន ។ ជាឧទាហរណ៍ ជីវិតរបស់គាត់ និងមុខរបរនាពេលអនាគតជាវេជ្ជបណ្ឌិតត្រូវបានបាត់បង់បន្តិចម្តងៗ ។ បន្ទាប់ពីការវះកាត់ជាច្រើនដង ដែលបានជួយគាត់ឲ្យជាសះស្បើយពីរបួសដ៏ធ្ងន់ធ្ងរទាំងស្រុងរបស់គាត់នោះ បងប្រុស ស្សាំវ៉េបានខ្វាក់ភ្នែក ។ តើគាត់បានឆ្លើយតបយ៉ាងដូចម្ដេច ?
បន្ទាប់ពីរយៈពេលបីឆ្នាំនៅក្នុងមន្ទីរពេទ្យនីតិសម្បាទា នោះគាត់បានត្រឡប់ទៅផ្ទះនៅ ឡូវ៉េ រដ្ឋ វ៉ាយអូមីង វិញ ។ គាត់បានដឹងថា ក្តីសុបិនរបស់គាត់ក្នុងការក្លាយជាវេជ្ជបណ្ឌិតគឺពុំអាចកើតមានឡើងទៀតឡើយ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តឆ្ពោះទៅមុខ រៀបការ ហើយផ្គត់ផ្គង់គ្រួសារ ។
ទីបំផុតគាត់ធ្វើការនៅ ប៉ាធីម័រ រដ្ឋ មីរីឡែន ក្នុងនាមជាអ្នកប្រឹក្សាខាងនីតិសម្បាទា និងអ្នកឯកទេសការងារសម្រាប់ជនពិការភ្នែក ។ នៅក្នុងដំណើរការផ្ទាល់នៃការព្យាបាលរបស់គាត់ គាត់បានរៀនថា ភាពពិការភ្នែកមានសមត្ថភាពច្រើនជាងអ្វីដែលគាត់បានគិត ហើយអំឡុងពេលប្រាំបីឆ្នាំនៅក្នុងមុខនាទីនេះ គាត់បានរកការងារឲ្យជនពិការភ្នែកកាន់តែច្រើនជាងអ្នកប្រឹក្សាផ្សេងទៀតនៅក្នុងប្រទេស ។
ឥឡូវនេះដោយមានទំនុកចិត្តចំពោះសមត្ថភាពរបស់គាត់ក្នុងការផ្គត់ផ្គង់គ្រួសារ ហៃរាំបានសុំប្រពន្ធជាទីស្រឡាញ់គាត់ដោយប្រាប់នាងថា « ប្រសិនបើអូននឹងអានសំបុត្រ តម្រៀបស្រោមជើង ហើយបើកឡាន នោះបងអាចធ្វើកិច្ចការទាំងអស់ដែលនៅសល់ » ។ មិនយូរប៉ុន្មានក្រោយមក ពួកគេបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ហើយទីបំផុតទទួលពរដោយមានកូនប្រាំបីនាក់ ។
នៅឆ្នាំ ១៩៥៤ គ្រួសារស្សាំវ៉េ បានត្រឡប់ទៅរដ្ឋ វ៉ាយអូមីង វិញ ជាកន្លែងដែលបងប្រុស ស្សាំវ៉េ បានធ្វើការអស់រយៈពេល ៣២ ឆ្នាំ ក្នុងនាមជានាយកអប់រំរដ្ឋសម្រាប់ពួកថ្លង់ និងពិការភ្នែក ។ អំឡុងពេលនោះ គាត់បានបម្រើអស់រយៈពេលប្រាំពីរឆ្នាំជាប៊ីស្សពនៅវ៉ួដ ឆេយីន ទីមួយ ហើយក្រោយមកបម្រើជាលោកអយ្យកោស្តេករយៈពេល ១៧ ឆ្នាំទៀត ។ បន្ទាប់ពីគាត់ចូលនិវត្តន៍ បងប្រុស និងបងស្រីស្សាំវ៉េ ក៏បានបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងនៅក្នុងបេសកកម្ម ឡុនដុន អង់គ្លេស ភាគខាងត្បូង ។
ហៃរាំ ស្សាំវ៉េ បានទទួលមរណភាពនៅខែ មីនា ឆ្នាំ ២០១១ ដោយបន្សល់ទុកនូវកេរមរតកនៃសេចក្តីជំនឿ និងការទុកចិត្តលើព្រះអម្ចាស់ដល់កូន ចៅ និងចៅទួតដ៏ច្រើនរបស់គាត់ទោះបីស្ថិតនៅក្រោមលក្ខខណ្ឌដ៏លំបាកក្តី ។
ជីវិតរបស់ ហៃរាំ ស្សាំវ៉េ អាចផ្លាស់ប្តូរដោយសារសង្គ្រាម ប៉ុន្តែគាត់ពុំសង្ស័យអំពីនិស្ស័យនៃព្រះ និងសក្តានុពលអស់កល្បជានិច្ចរបស់គាត់ឡើយ ។ ដូចជាគាត់ដែរ យើងគឺជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះ ហើយយើង « បានទទួលផែនការរបស់ទ្រង់ដែល [ យើង ] អាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់ [ យើង ] ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។ គ្មានការផ្លាស់ប្តូរ ការសាកល្បង ឬការជំទាស់ណាអាចកែប្រែដំណើរអស់កល្បនេះឡើយ—មានតែជម្រើសរបស់យើងប៉ុណ្ណោះ នៅពេលយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើង ។
ការផ្លាស់ប្តូរ និងឧបសគ្គដែលយើងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់នេះ កើតឡើងក្នុងគ្រប់រូបភាព ហើយជះឥទ្ធិពលដល់យើងម្នាក់ៗក្នុងរបៀបផ្សេងៗពីគ្នា ។ ដូចជាបងប្អូនដែរ ខ្ញុំបានឃើញមិត្តភក្តិ និងគ្រួសារជួបឧបសគ្គដែលបណ្តាលមកពី ៖
-
ការស្លាប់នៃមនុស្សជាទីស្រឡាញ់ ។
-
ការលះលែងគ្នាដ៏ជូរចត់ ។
-
ប្រហែលគ្មានឱកាសរៀបការ ។
-
មានជំងឺ ឬរបួសធ្ងន់ធ្ងរ ។
-
មានទាំងគ្រោះធម្មជាតិ ដូចដែលយើងទើបតែបានឃើញថ្មីៗនេះនៅជុំវិញពិភពលោក ។
ហើយវាមានជាបន្តបន្ទាប់ទៀត ។ ទោះបីជា « ការផ្លាស់ប្តូរ » នីមួយៗអាចចម្លែកចំពោះកាលៈទេសៈរបស់បុគ្គលម្នាក់ៗក្តី មានធាតុរួមមួយនៅក្នុងលទ្ធផលនៃការសាកល្បង ឬឧបសគ្គ—គឺសេចក្តីសង្ឃឹម និងភាពសុខសាន្តដែលតែងតែមានតាមរយៈពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប្រទាននូវការកែតម្រូវដ៏ប្រពៃ និងការព្យាបាលគ្មានដែនកំណត់ដល់រូបកាយដែលមានរបួសគ្រប់រូប វិញ្ញាណដែលឈឺចាប់ និងការខូចចិត្ត ។
ទ្រង់ជ្រាបដឹងក្នុងរបៀបមួយដែលគ្មាននរណាម្នាក់ទៀតអាចយល់បាន នោះជាអ្វីដែលយើងត្រូវការរៀងៗខ្លួន ដើម្បីបន្តឆ្ពោះទៅមុខក្នុងចំណោមការផ្លាស់ប្តូរដែលកើតឡើង ។ ពុំដូចជាមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់យើងឡើយ ព្រះអង្គសង្គ្រោះពុំគ្រាន់តែមានព្រះទ័យក្តួលអាណិតជាមួយយើងឡើយ ទ្រង់ថែមទាំងអាចយល់ចិត្តយើងបានយ៉ាងល្អឥតខ្ចោះ ដោយសារទ្រង់ធ្លាប់ឆ្លងកាត់មុនយើង ។ លើសពីការបង់ថ្លៃ និងការរងទុក្ខចំពោះអំពើបាបយើង ព្រះយេស៊ូវគ្រីស្ទក៏យាងគ្រប់ផ្លូវ ដោះស្រាយគ្រប់ឧបសគ្គ ប្រឈមមុខនឹងគ្រប់ការឈឺចាប់—ទាំងខាងរូបកាយ ខាងសតិអារម្មណ៍ ឬខាងវិញ្ញាណ—ដែលយើងនឹងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់នេះ ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានបង្រៀនថា ៖ « ក្ដីមេត្តា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ គឺពុំកំណត់ចំពោះអ្នកទាំងឡាយដែលប្រព្រឹត្តបាបឡើយ … ប៉ុន្តែវាមាននូវការសន្យានៃភាពសុខសាន្ដដ៏អស់កល្បចំពោះមនុស្សទាំងអស់ ដែលនឹងទទួលយក ហើយដើរតាមទ្រង់ ។… ក្ដីមេត្តារបស់ទ្រង់គឺជាអ្នកព្យាបាលដ៏ធំ ទោះជាអ្នកស្លូតត្រង់ដែលរងទុក្ខក្ដី »។
នៅក្នុងបទពិសោធន៍នៃជីវិតរមែងស្លាប់នេះ យើងពុំអាច គ្រប់គ្រង នូវគ្រប់រឿងដែលកើតឡើងចំពោះយើងបានឡើយ ប៉ុន្តែយើងពិតជាអាចគ្រប់គ្រងលើរបៀបដែលយើង ឆ្លើយតប ចំពោះឧបសគ្គនានាក្នុងជីវិតយើង ។ នេះពុំសរបញ្ជាក់ឲ្យឃើញថា ឧបសគ្គ និងការសាកល្បងនានាដែលយើងជួបគ្មានផលវិបាក ហើយងាយស្រួលដោះស្រាយ ឬប្រឈមមុខឡើយ ។ នេះពុំសរបញ្ជាក់ឲ្យឃើញថា យើងនឹងរួចពីការឈឺចាប់ ឬការខូចចិត្តឡើយ ។ ប៉ុន្តែវាមានន័យថា មានហេតុផលសម្រាប់សេចក្តីសង្ឃឹម ហើយនោះគឺដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបន្តឆ្ពោះទៅមុខ ហើយរកឃើញថ្ងៃដ៏ប្រសើរ—គឺជាថ្ងៃដែលពោរពេញដោយអំណរ ពន្លឺ និងសុភមង្គល ។
នៅក្នុងគម្ពីរម៉ូសាយ យើងអានអំពីដំណើររឿងរបស់អាលម៉ា ដែលពីមុនជាសង្ឃស្តេចណូអេ និងប្រជាជនលោកដែល « ដោយបានទទួលការព្រមានពីព្រះអម្ចាស់ … [ បាន ] ចេញដំណើរទៅក្នុងទីរហោស្ថាន មុនពេលពលទ័ពរបស់ស្ដេចណូអេមកដល់ » ។ បន្ទាប់ពីប្រាំបីថ្ងៃមក « ពួកគេបានមកដល់…ដែនដីមួយជាដែនដីដ៏ល្អ ហើយមានសម្រស់ក្រៃលែង » ជាទីដែល « ពួកគេបានបោះត្រសាល ហើយបានចាប់ផ្ដើមភ្ជួរដី ហើយចាប់ផ្ដើមសង់អគារទាំងឡាយ » ។
ស្ថានភាពរបស់ពួកគេក្នុងពេលនោះមើលទៅដូចជាទទួលបាននូវការសន្យា ។ ពួកគេបានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានទទួលបុណ្យជ្រមុជទឹកដែលជាសេចក្តីសញ្ញាមួយថា ពួកគេនឹងបម្រើព្រះអម្ចាស់ ហើយរក្សាបទបញ្ញត្តិទ្រង់ ។ ហើយ « ពួកគេបានកើនចំនួន ហើយបានចម្រើនឡើងជាអតិបរមានៅលើដែនដី » ។
ទោះជាយ៉ាងណាក្តី កាលៈទេសៈពួកគេបានផ្លាស់ប្តូរភ្លាមមួយរំពេច ។ « កងទ័ពសាសន៍លេមិនបានមកក្នុងតំបន់ព្រំដែន » ។ មិនយូរប៉ុន្មានក្រោយមក អាលម៉ា និងប្រជាជនលោកត្រូវបានដាក់ក្នុងសេវកភាព ហើយ « សេចក្ដីវេទនារបស់គេមានទំហំធំណាស់ រហូតដល់គេបានចាប់ផ្ដើមអំពាវនាវយ៉ាងខ្លាំងដល់ព្រះ » ។ លើសពីនេះទៀត ពួកគេត្រូវបានបញ្ជាពីពួកអ្នកចាប់បង្ខាំងពួកគេកុំឲ្យអធិស្ឋាន បើមិនដូច្នោះទេ « អ្នកណាអំពាវនាវដល់ព្រះ អ្នកនោះហើយនឹងត្រូវយកទៅសម្លាប់ចោល » ។ អាលម៉ា និងប្រជាជនលោកពុំបានធ្វើអ្វីឡើយក្នុងការទទួលនូវស្ថានភាពថ្មីរបស់ពួកគេនេះ ។ តើពួកគេបានឆ្លើយតបយ៉ាងដូចម្តេច ?
ជាជាងការបន្ទោសព្រះ ពួកគេបានងាកបែរទៅរកទ្រង់ ហើយ « បានថ្វាយដួងចិត្តគេដល់ទ្រង់វិញ » ។ នៅក្នុងការឆ្លើយតបចំពោះសេចក្តីជំនឿ និងការអធិស្ឋានស្ងាត់ៗរបស់ពួកគេ នោះព្រះអម្ចាស់បានតបថា ៖ « ចូរក្សាន្តចិត្តចុះ ។… យើងនឹង … សម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នក ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ » ។ មិនយូរប៉ុន្មានក្រោយមក « ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ។ ទោះបីជាពុំទាន់បានដោះលែងឲ្យរួចពីសេវកភាពក្តី ការងាកបែរ ទៅរក ព្រះអម្ចាស់ ហើយមិនងាក ចេញពី ព្រះអម្ចាស់ នោះពួកគេបានទទួលពរស្របតាមសេចក្តីត្រូវការពួកគេ និងស្របតាមព្រះប្រាជ្ញារបស់ព្រះអម្ចាស់ ។
អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា « ពរជ័យនៃការព្យាបាលកើតឡើងតាមរបៀបជាច្រើន របៀបនីមួយៗសមស្របទៅតាមតម្រូវការរៀងៗខ្លួនរបស់យើង ដូចដែលទ្រង់បានជ្រាបដឹងជាអង្គដែលស្រឡាញ់យើងខ្លាំងបំផុត ។ ជួនកាល ‹ ការព្យាបាល › បានជួយយើងឲ្យជាពីជំងឺ ឬសម្រាលបន្ទុករបស់យើង ។ ប៉ុន្តែជួនកាលយើង ‹ បានជា › តាមរយៈការត្រូវបានផ្តល់នូវកម្លាំង ឬ ការយល់ដឹង ឬការអត់ធ្មត់ដើម្បីស៊ូទ្រាំនឹងបន្ទុកដែលយើងមាន » ។
ទីបំផុតដោយសារ « សេចក្ដីជំនឿ និងសេចក្ដីអត់ធន់របស់គេមានទំហំធំ » នោះអាលម៉ា និងប្រជាជនលោកត្រូវបានដោះលែងឲ្យរួចដោយព្រះអម្ចាស់ ដូចជាពួកយើងផងដែរ « ហើយពួកគេបានថ្លែងអំណរគុណព្រោះពួកគេស្ថិតនៅក្នុងសេវកភាព ហើយគ្មានអ្នកណាម្នាក់អាចដោះពួកគេបានឡើយ លើកលែងតែព្រះអម្ចាស់ជាព្រះរបស់គេប៉ុណ្ណោះ » ។
ជារឿយៗ ការចំអកដ៏សោកសៅនោះគឺថា អស់អ្នកដែលត្រូវការជំនួយបំផុតបែរជាងាកបែរចេញពីប្រភពជំនួយដ៏ឥតខ្ចោះរបស់ពួកគេ—គឺព្រះអង្គសង្គ្រោះយើងព្រះយេស៊ូវគ្រីស្ទទៅវិញ ។ ដំណើររឿងក្នុងព្រះគម្ពីរដែលយើងស្គាល់អំពីសត្វពស់លង្ហិនបង្រៀនយើងថា យើងមានជម្រើសពេលយើងជួបនឹងឧបសគ្គ ។ បន្ទាប់ពីកូនចៅអ៊ីស្រាអែលជាច្រើននាក់ត្រូវ « ពស់ភ្លើងហោះ » ចឹកមក និមិត្តរូបមួយបានត្រូវលើកឡើង … ដើម្បីឲ្យអស់អ្នកណាដែលសម្លឹងមើល … អាចរស់នៅ ។ [ ប៉ុន្តែវាជាជម្រើស ] ។ ហើយមនុស្សជាច្រើនបានសម្លឹងមើល ហើយរស់នៅ ។
…ប៉ុន្តែមានមនុស្សជាច្រើនដែលរឹងរូសខ្លាំងពេក រហូតដល់គេមិនសម្លឹងមើល ហេតុដូច្នេះហើយ ទើបគេវិនាសទៅ » ។
ដូចពួកសាសន៍អ៊ីស្រាអែលពីបុរាណដែរ យើងក៏ត្រូវបានអញ្ជើញ និងលើកទឹកចិត្តឲ្យសម្លឹងទៅព្រះអង្គសង្គ្រោះ ហើយរស់នៅ—ដ្បិតនឹមរបស់ទ្រង់ងាយ ហើយបន្ទុករបស់ទ្រង់ស្រាល ទោះបីជាបន្ទុកយើងធ្ងន់ក្តី ។
អាលម៉ាជាកូនបានបង្រៀនសេចក្តីពិតដ៏ពិសិដ្ឋពេលលោកបានមានប្រសាសន៍ថា « ឪពុកដឹងថា នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និងវិបត្តិរបស់គេ និងការទុក្ខវេទនារបស់គេ ហើយនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយ » ។
នៅថ្ងៃចុងក្រោយនេះ ព្រះអម្ចាស់បានប្រទានធនធានជាច្រើនដល់យើងដែលជា « សត្វពស់លង្ហិន » របស់យើង អ្វីៗទាំងអស់ត្រូវបានរៀបចំឡើង ដើម្បីជួយយើងឲ្យសម្លឹងទៅព្រះគ្រីស្ទ ហើយដាក់ទីទុកចិត្តយើងលើទ្រង់ ។ ការដោះស្រាយឧបសគ្គនៃជីវិតនេះគឺពុំមែនជាការព្រងើយកន្តើយនឹងភាពពិតឡើយ ប៉ុន្តែផ្ទុយទៅវិញវាជាការដែលយើងជ្រើសរើសផ្តោតចិត្តទុកដាក់ និងសង់គ្រឹះលើកន្លែងដែលយើងត្រូវសង់ ។
ធនធានទាំងនេះរួមមាន ដោយគ្មានដែនកំណត់ ៖
-
ការសិក្សាព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីនៅរស់ជាទៀងទាត់ ។
-
អធិស្ឋាន និងតមអាហារដោយចិត្តស្មោះសរជារឿយៗ ។
-
ទទួលទានសាក្រាម៉ង់ដោយសក្តិសម ។
-
ចូលរួមព្រះវិហារបរិសុទ្ធជាទៀងទាត់ ។
-
ការប្រសិទ្ធពរបព្វជិតភាព ។
-
ការទូន្មានដ៏ឆ្លាសវៃតាមរយៈអ្នកមានវិជ្ជាជីវៈដែលបានបំពាក់បំប៉ន ។
-
និងសូម្បីតែថ្នាំសង្កូវ ពេលត្រូវបានចេញវេជ្ជបញ្ជាត្រឹមត្រូវ និងប្រើប្រាស់ដោយមានការអនុញ្ញាត ។
ទោះបីមានកាលៈទេសៈផ្លាស់ប្តូរក្នុងជីវិតយើងកើតឡើងបែបណាក្តី ហើយទោះបីមានក្តីមិនរំពឹងទុកកើតឡើងលើផ្លូវធ្វើដំណើរយើងក្តី របៀបដែលយើងឆ្លើយតបនោះគឺជាការជ្រើសរើសរបស់យើង ។ ការងាកបែរទៅរកព្រះអង្គសង្គ្រោះ ហើយចាប់យកព្រះហស្តដែលលូកទៅជួយរបស់ទ្រង់ គឺជាជម្រើសដ៏ល្អបំផុតជានិច្ច ។
អែលឌើរ រីឆាដ ជី ស្កត បានបង្រៀនអំពីសេចក្តីពិតអស់កល្បជានិច្ចនេះថា ៖ « សុភមង្គលពិតប្រាកដយូរអង្វែងរួមជាមួយនឹងភាពរឹងមាំ ក្តីក្លាហាន និងសមត្ថភាពយកឈ្នះលើឧបសគ្គលំបាកៗបំផុតកើតចេញពីការរស់នៅដែលផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។… គ្មានការធានាអះអាងថា នឹងទទួលបានលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែមានការបញ្ជាក់យ៉ាងពិតប្រាកដថា វាមកតាមពេលវេលារបស់ព្រះអម្ចាស់ ដំណោះស្រាយនឹងកើតមានភាពសុខសាន្តនឹងមានជ័យជម្នះ ហើយសេចក្តីអាណិតអាសូរនឹងមានពោរពេញ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំអំពីសេចក្ដីពិតទាំងនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។