ឆ្នាំ ២០១០-២០១៩
ហេតុផល​​​សេចក្ដីសង្ឃឹម​របស់យើង
១០ 2014


12:49

ហេតុផល​​​សេចក្ដីសង្ឃឹម​របស់យើង

ទីបន្ទាល់​នៃ​ក្ដី​សង្ឃឹម​អំពី​ការ​ប្រោសលោះ គឺ​ជា​អ្វី​មួយ ដែល​ពុំ​អាច​វាស់វែង និង​រាប់​បាន ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​នៃ​សេចក្ដីសង្ឃឹម​នោះ ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ស៊ិស្ទើរ ផាកកឺ និង​ខ្ញុំ បាន​ទៅ​សាកលវិទ្យាល័យ អក​ស្វើត ។ យើង​បាន​រក​មើល​កំណត់ត្រា​អំពី​ជីតាទួត​ទីប្រាំពីរ​របស់​ខ្ញុំ ។ ប្រធាន​នៃ​សាកលវិទ្យាល័យ​គ្រីស្ទ​នៅ​ អក​ស្វើត ឈ្មោះ បណ្ឌិត ផបភែលវែល មាន​ចិត្ត​ល្អ​ប្រាប់ឲ្យ​អ្នក​ទុក​កំណត់ត្រា​ក្នុង​សាលា​យក​កំណត់​ត្រា​ទាំង​ឡាយ​ឲ្យ​យើង​មើល ។ គឺ​នៅ​ក្នុង​ឆ្នាំ 1583 យើង​បាន​រក​ឃើញ​ឈ្មោះ​ដូនតា​ខ្ញុំ ចន ផាកកឺ ។

នៅ​ឆ្នាំ​បន្ទាប់ យើង​បាន​ត្រឡប់​ទៅ អក​ស្វើត​វិញ ដើម្បី​បង្ហាញ​បទគម្ពីរ​ជាបទដ្ឋាន​របស់​យើង​មួយ​ឈុត​ដល់សាកលវិទ្យាល័យ​គ្រីស្ទ ។ វា​ហាក់ដូចជា​ចម្លែក​បន្ដិច​សម្រាប់ បណ្ឌិត ផបភែលវែល ។ ប្រហែលជា​គាត់​គិត​ថា យើង​ពុំ​មែនជា​ពួកគ្រីស្ទាន​ពិត​ទេ ។ ដូច្នេះ គាត់​ហៅ​ឲ្យ​បព្វជិត​ក្នុង​សាកលវិទ្យាល័យ​មក​ទទួល​យក​សៀវភៅ​ទាំង​នោះ ។

មុន​ពេល​ហុច​គម្ពីរ​ទៅ​ឲ្យ​បព្វជិតនោះ ខ្ញុំ​បាន​បើកទៅ​ការណែនាំ​ពី​ប្រធានបទ ហើយ​បង្ហាញ​គាត់ពី​ប្រធាន​បទ​មួយ ៖ មាន 18 ទំព័រ បោះពុម្ព​យ៉ាង​ល្អ ដក​ឃ្លាមួយៗ រៀបរាប់ពី​សេចក្ដី​យោង​ទៅ​ដល់​ប្រធាន​បទ​អំពី « ព្រះយេស៊ូវ​គ្រីស្ទ » ។ វា​គឺ​ជា​ការ​ចងក្រង​ដ៏​ទូលំទូលាយ​បំផុត​មួយ​នៃ​សេចក្ដីយោង​បទគម្ពីរ ចំពោះ​ប្រធាន​បទ​អំពី​ព្រះអង្គសង្គ្រោះ ដែល​ពុំ​ធ្លាប់មាន​ផ្ដុំ​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​ទេ--​ជា​ទីបន្ទាល់មួយ​មកពី​គម្ពីរសញ្ញាចាស់ និង​គម្ពីរសញ្ញាថ្មី ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្ដី​សញ្ញា និង​មុក្ដា​ដ៏មាន​តម្លៃ​មហិមា ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « មិន​ថា​អ្នក​មើល​សេចក្ដី​យោង​នេះ​តាម​របៀប​ណា​ទេ ទោះ​ជា មើល​ផ្ទឹម​គ្នា មើល​ពីលើចុះក្រោម ដាក់​គម្ពីរ​ផ្ទឹមគ្នា មើល​មួយ​ប្រធាន​បទ​ម្ដងៗ​ក្ដី— អ្នកនឹង​រក​ឃើញ​ថា វា​ត្រូវ​គ្នា ជា​សាក្សី​រួមគ្នា​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ— អំពី​ការប្រសូត្រ ជីវិត ការ​បង្រៀន ការ​ឆ្កាង ការ​រស់ឡើងវិញ និង​ដង្វាយធួន​របស់ទ្រង់ » ។

បន្ទាប់ពី​ការ​ចែកចាយ​ជាមួយ​បព្វជិត​នូវ​ការ​បង្រៀន​មួយ​ចំនួន​អំពី​ព្រះអង្គសង្គ្រោះហើយ នោះ​បរិយាកាស​បាន​ផ្លាស់ប្ដូរ រួច​គាត់​បាន​នាំ​យើង​ដើរ​មើល​អគារ​នោះ រួមទាំង​ បង្ហាញ​ផ្ទាំង​ដែល​បានរកឃើញ​ពី​ការ​ជីក​រក​ថ្មីៗ ដែល​មានអាយុ​កាលតាំងពី​ជំនាន់រ៉ូម​មក​ម្ល៉េះ ។

នៅ​ក្នុង​ចំណោម​សេចក្ដី​យោង​ទាំង​នោះ ដែល​បាន​​សរសេរ​នៅ​ក្នុង ការ​ណែនាំ​ប្រធាន​បទ គឺ​មាន​សេចក្ដី​យោង​មួយនេះ​ ចេញ​មកពី​ព្រះគម្ពីរមរមន​ថា ៖ សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ៖ « យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករណ៍​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ ស្របតាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់ពួកគេ » ( នីហ្វៃទី  2 25:26) ។

ជា​បន្ទូល​ទ្រង់​ផ្ទាល់ ព្រះអង្គ​សង្គ្រោះ បាន​ប្រកាស​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះគ្មាន​​អ្នកណា​ទៅ​ឯ​ព្រះវរបិតាបាន​ឡើយ » (យ៉ូហាន 14:6)។

ហើយ​ទ្រង់​ប្រកាស​ចេញ​មកពី​គម្ពីរមរមន​ថា ៖ « មើល​ចុះ យើង​គឺជា​តួអង្គ​ដែល​ត្រូវ​បាន​រៀបចំ​ទុក​ចាប់​តាំង​ពី​កំណើត​លោកិយ​មក ដើម្បី​ប្រោសលោះ​រាស្ត្រ​យើង ។ មើល​ចុះ យើង​ជា​ព្រះយេស៊ូវ​គ្រីស្ទ។  … ដោយ​សារ​យើង នោះ​មនុស្ស​លោក​ទាំង​អស់​នឹង​មាន​ជីវិត ឯ​ជីវិត​នោះ​គឺ​នៅ​អស់កល្បជានិច្ច គឺ​ពួក​អ្នក​ដែល​នឹង​ជឿ​ដល់​នាម​យើង ហើយ​ពួកគេ​នឹង​ក្លាយ​ទៅ​ជា​កូន​ប្រុស និង​កូន​ស្រី​របស់​យើង » (អេធើរ 3:14)។

មាន​សេចក្ដី​យោង​ជាច្រើន​ទៀត នៅ​ពេញ​ព្រះគម្ពីរ​ជា​បទដ្ឋាន ដែល​ប្រកាស​អំពី​តួនាទី​ដ៏​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះប្រោសលោះ របស់មនុស្ស​ទាំងអស់ ដែល​រស់នៅ ឬ​ដែល​នឹង​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ។

តាម​រយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ប្រោសលោះ​ពីការ​ធ្លាក់​នៃ​មនុស្ស​លោក ដែល​បាន​កើត​ឡើង​ ពេល​អ័ដាម និង​អេវ៉ា ទទួល​ទាន​ផ្លែឈើហាម​ក្នុង​សួនច្បារ​អេដែន ដូច​បាន​ថ្លែង​ក្នុង​កូរិនថូស ៖ « ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់ ក្នុងលោកអ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » (កូរិនថូស​ទី 1 15:22)។

ព្រះគម្ពីរ​មរមន បង្រៀន​ថា « ព្រោះ​ជា​ការ​ចាំបាច់ ត្រូវ​តែ​មាន​ដង្វាយធួន​មួយ​កើត​ឡើង … ឬ​បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ទាំង​អស់​នឹង​ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដីវិនាស​បាន​ឡើយ មែនហើយ មនុស្ស​ទាំងអស់​មាន​ចិត្ត​រឹងរូស មែនហើយ មនុស្ស​ទាំងអស់​បានធ្លាក់ ហើយ​វង្វេង ហើយ​ត្រូវ​តែ​វិនាស លើក​លែង​តែ​តាម​រយៈ​ដង្វាយធួន… ជា​ការ​បូជា​មួយ​ដ៏​និរន្ដរ៍ និង​អស់កល្បជានិច្ច » (អាលម៉ា 34:9–10)។

យើង​អាច​ពុំ​រស់នៅក្នុង​ជីវិត​ឥតខ្ចោះ​ទេ ហើយ​មាន​ការ​ដាក់ទោស​ចំពោះ​កំហុស​ទាំងឡាយ​របស់​យើង ប៉ុន្តែ​មុន​ពេល​យើង​មក​លើ​ផែនដី យើង​បាន​យល់​ព្រម​ស្ថិត​នៅ​ក្រោម​ក្រិត្យវិន័យ​ទ្រង់ ហើយ​ទទួល​យក​ការ​ដាក់​ទណ្ឌកម្ម​ចំពោះការ​ល្មើស​នឹង​ក្រិត្យវិន័យ​ទាំងនោះ ។

« ពីព្រោះ​គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ

« តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ​សារ​សេចក្ដី​ប្រោសលោះ ដែល​នៅក្នុង​ព្រះគ្រីស្ទ​យេស៊ូវ » (រ៉ូម 3:23–24)។

ព្រះអង្គ​សង្គ្រោះ បានធ្វើ​ដង្វាយធួន ដែល​ផ្ដល់​ជា​ផ្លូវ​មួយ​សម្រាប់​យើង​ប្រែជា​ស្អាតស្អំ ។ ព្រះយេស៊ូវគ្រីស្ទ ​ជា​ព្រះគ្រីស្ទ ​ដែល​បាន​រស់​ឡើង​វិញ ។ យើង​ថ្វាយបង្គំ ហើយ​ទទួលស្គាល់​ទ្រង់ ចំពោះការ​ឈឺចាប់​ដែល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​យើង​ទាំង​អស់ និង​ចំពោះ​ការ​ឈឺចាប់​ដែលទ្រង់​បាន​ស៊ូទ្រាំ​សម្រាប់​យើងម្នាក់ៗ ទាំង​នៅក្នុង​សួនច្បារគេតសេម៉ានី និង​នៅលើ​ឈើឆ្កាង ។ ទ្រង់​បាន​រងគ្រប់​ទាំងអស់ ដោយ​ភាព​រាបសារបំផុត និង​ដោយ​ការ​យល់ដឹងដ៏អស់កល្បមួយ​​អំពី​តួនាទី​ និង​គោលបំណង​ទ្រង់​ ។

អ្នកទាំងឡាយ​ដែល​នឹង​ប្រែចិត្ត ហើយ​លះចោល​អំពើបាប នឹង​រកឃើញ​ព្រះហស្ត​មេត្តាករុណា​របស់ទ្រង់ លាតឈោង​ទៅពួកគេ។ អ្នកទាំងឡាយ​ដែល​ស្ដាប់ ហើយ​យកចិត្តទុកដាក់ដល់បន្ទូល​ទ្រង់ និង​ពាក្យ​សម្ដី​ពួកអ្នក​បម្រើ​ដ៏ជម្រើស​របស់ទ្រង់ នឹង​រក​បាន​ក្ដីសុខសាន្ដ និង​ការ​យល់ដឹង ទោះ​ជា​នៅកណ្ដាល​ការឈឺចាប់ និង​ទុក្ខសោក​ដ៏​ធំក្ដី ។ លទ្ធផល​នៃ​ពលិកម្ម​របស់ទ្រង់ គឺ​ដើម្បី​ដោះ​យើង​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​អំពើ​បាប​ ដើម្បី​មនុស្ស​ទាំងអស់​អាច​ត្រូវ​បាន​លុបចោល​នូវកំហុស និង​មាន​ក្ដី​សង្ឃឹម​វិញ ។

បើ​ទ្រង់ពុំ​បាន​សម្រេច​ដង្វាយធួន នោះ​នឹង​គ្មានការ​ប្រោសលោះទេ ។ វា​នឹង​ជា​ពិភពលោក​ដ៏​លំបាក​មួយ ដើម្បី​រស់នៅ បើ​យើង​ពុំ​ទទួល​បាន​ការ​អភ័យ​ទោស​ពីកំហុស​របស់យើង បើ​យើង​ពុំ​អាច​សម្អាត​ខ្លួនយើង ហើយ​ដើរ​ឆ្ពោះ​ទៅមុខ​ទៀតនោះ ។

ក្ដីមេត្តា និង​ព្រះគុណ​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​គ្មានកម្រិត​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បាប ទាំង​ដោយ​ចេតនា និង​អចេតនាឡើយ ប៉ុន្តែ​វា​​មាន​នូវការ​សន្យា​នៃភាព​សុខសាន្ដ​ដ៏អស់កល្ប​ចំពោះមនុស្ស​ទាំងអស់ ដែលនឹង​ទទួល​យក និង​ដើរតាម​ទ្រង់ និង​ការ​បង្រៀនរ​បស់ទ្រង់ ។ ក្ដីមេត្តា​របស់ទ្រង់ គឺ​ជា​អ្នកព្យាបាល​ដ៏​ធំ ទោះ​ជា​​អ្នក​​​ស្លូតត្រង់ដែល​រងទុក្ខ​ក្ដី ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​ស្ត្រី​ម្នាក់ ដែល​បាន​រៀបរាប់ពី​ការឈឺចាប់​ដ៏​ធំ ដែល​គាត់បាន​ស៊ូទ្រាំ​ក្នុង​ជីវិត ។ មាន​កំហុស​ដ៏​អាក្រក់​មួយ បាន​ធ្វើ​ឡើង​ទាស់​នឹង​គាត់ ដែល​គាត់​ពុំ​ប្រាប់ទេ ប៉ុន្តែ​បាន​និយាយ​បញ្ឆៀង ។ គាត់​បាន​សារភាព​ថា គាត់​ពុះពារ​នឹង​អារម្មណ៍​ឈឺចាប់​ដ៏​ខ្លាំង ។ ក្នុង​កំហឹង គាត់​បាន​ស្រែក​ក្នុង​អារម្មណ៍​ថា « ត្រូវ​តែ​មាន​នរណា​ម្នាក់​សង​ថ្លៃ​កំហុស​ដ៏​អាក្រក់​នេះ » ។ ក្នុង​គ្រា​នៃ​ទុក្ខសោក និង​សង្ស័យ​ដ៏​ខ្លាំង​នេះ នាង​បាន​សរសេរ​ថា នោះ​គាត់​ទទួល​ចម្លើយ​ក្នុងចិត្តភ្លាម​ថា ៖ « មាន​មនុស្ស​ម្នាក់បាន​បង់​ថ្លៃ​រួច​ទៅហើយ » ។

បើ​យើង​ពុំ​ដឹង​ថាពលិកម្ម​របស់ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង នោះ​យើង​ប្រហែលជា​​ធ្វើដំណើរ​ជីវិត​ទាំង​ការ​សោក​ស្ដាយ ថា​យើង​បាន​ធ្វើ​អ្វី​មួយ ដែល​ពុំ​ត្រឹមត្រូវ ឬ​បាន​ធ្វើ​ឲ្យ​នរណាម្នាក់អាក់អន់ចិត្ត ។ ភាព​មាន​កំហុស ដែល​មាន​អម​​នឹង​កំហុស​ទាំងឡាយ អាច​ត្រូវ​បាន​លាង​សម្អាត ។ បើ​យើង​ព្យាយាម​យល់​ដង្វាយធួន​របស់ទ្រង់ នោះ​យើង​នឹង​មានគារវភាព​ដ៏​ជ្រាលជ្រៅ​ចំពោះព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ការ​បម្រើ​លើ​ផែនដី​ និង​បេសកកម្ម​ដ៏ទេវភាព​របស់ទ្រង់ ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​ស្ដារ​ឡើងវិញ ដើម្បី​នាំ​យក​ចំណេះ​ដឹង​អំពី​ជីវិត​ និង​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​ទៅ​ពេញ​ទូទាំង​ពិភពលោក ។ សន្និសីទដ៏​អស្ចារ្យ​នេះ កំពុង​ចាក់ផ្សាយ​ជា 94 ភាសា តាម​ផ្កាយរណប ទៅ​កាន់​ប្រទេសចំនួន 102 ប្រទេស ប៉ុន្តែ​ក៏មាន​នៅ​តាម​អ៊ិនធឺណិត សម្រាប់គ្រប់​ជាតិសាសន៍ ដែល​សាសនាចក្រ​មាន​វត្តមាន ។​ យើង​មាន​ស្ដេក​​ច្រើន​ជាង 3000 ស្ដេក ។ កម្លាំង​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​របស់​យើង មាន​លើស 88,000 នាក់ ហើយ​សមាជិកភាព​សាសនាចក្រ​សរុប​មាន​លើសជាង 15 លាននាក់ ។ ចំនួន​ទាំងនេះ ជា​ភស្ដុតាង​ថា « ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ ឥត​ដៃណា​ធ្វើ » បន្ដ​រមៀល​ចេញ​ទៅ ហើយ​នៅ​ទីបញ្ចប់​នឹង «​​ពេញ​ផែនដី​ទាំង​មូល » (គ&ស 65:2)។

ប៉ុន្តែ​មិន​ថា​អង្គការ​សាសនាចក្រ​ធំប៉ុណ្ណា​ ឬ​មាន​សមាជិកចូល​រួម​​ច្រើន​លាន​នាក់​ប៉ុណ្ណាទេ មិន​ថា​អ្នក​ផ្សព្វផ្សាយសាសនា​ចូល​ទៅ​ច្រើន​ទ្វីប ឬ​ប្រទេស​ច្រើន​ប៉ុណ្ណា​ទេ មិន​ថា​យើង​មានភាសា​ផ្សេងៗ​ច្រើន​ប៉ុណ្ណា​ទេ ជោគជ័យ​ពិត​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ នឹង​ត្រូវ​បាន​វាស់វែង​តាម​​កម្លាំង​ខាង​វិញ្ញាណ​របស់​សមាជិក​ម្នាក់ ។ យើង​ត្រូវការ​កម្លាំង​នៃ​ការ​ជឿស៊ប់ ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​សិស្ស​​ស្មោះ​គ្រប់​រូប​របស់ព្រះគ្រីស្ទ ។

ទីបន្ទាល់​នៃ​ក្ដី​សង្ឃឹម​អំពី​ការ​ប្រោសលោះ គឺ​ជា​អ្វី​មួយ ដែល​ពុំ​អាច​វាស់វែង និង​រាប់​បាន ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​នៃ​សេចក្ដីសង្ឃឹម​នោះ ។

យើងព្យាយាម​ដើម្បីពង្រឹង​ដល់​ទីបន្ទាល់​របស់​មនុស្ស ទាំង​ចាស់ ទាំង​ក្មេង ទាំង​អ្នក​រៀបការ​រួច និង​អ្នក​នៅលីវ ។ យើង​ចាំបាច់​ត្រូវ​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​បុរស ស្ត្រី កុមារតូចៗ ជា​អ្នក​ទាំងឡាយ​មក​ពីគ្រប់ជាតិសាសន៍ ពណ៌សម្បុរ ទាំង​អ្នក​មាន​ និង​អ្នក​ក្រ ។ យើង​ត្រូវការ​អ្នកប្រែចិត្តជឿ​ថ្មីៗ និង​អ្នកទាំងឡាយ​នៅក្នុង​ចំណោម​កូនចៅ​នៃ​ពួកអ្នក​ត្រួសត្រាយផ្លូវ​របស់​យើង ។ យើង​ចាំបាច់​ត្រូវ​ឈោង​ទៅ​ជួយ​អ្នក​ទាំងឡាយ​ដែល​វង្វេង ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់មក​ហ្វូង​វិញ ។ យើង​ត្រូវការ​ប្រាជ្ញា ការ​យល់ដឹង​ និង​កម្លាំង​ខាង​វិញ្ញាញ​របស់​​មនុស្ស​គ្រប់​រូប ។ សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​នេះ ជា​ធាតុ​ដ៏សំខាន់​មួយ​នៃ​តួអង្គ​សាសនាចក្រ ។

« ត្បិត​ដូចជា​រូបកាយ​មួយ​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏ពិត គង់តែ​រួមគ្នាមក​ជា​រូប​តែ​មួយ​ទេ នោះ​ព្រះគ្រីស្ទ​ក៏​ដូច្នោះ​ដែរ ។

« យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ចូលក្នុង​រូបកាយ​តែ​មួយ ដោយ​សារ​ព្រះវិញ្ញាណ​តែ​មួយ ។ …

« រូបកាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​មួយ​ទេ គឺ​មាន​ច្រើន​វិញ » ( កូរិនថូស​ទី1 12:12–14)។

សមាជិក​ម្នាក់​បម្រើ​ជា​ទីបន្ទាល់​មួយ​អំពី​ជីវិត និង​ការ​បង្រៀន​របស់ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្ថិត​ក្នុង​សង្គ្រាម​ជាមួយ​នឹង​កម្លាំង​ជា​ច្រើន​របស់​​​មារសត្រូវ ហើយ​យើង​ត្រូវ​ការគ្នា​យើងម្នាក់ៗ ​គ្រប់​រូប ដើម្បី​​យើង​នឹង​ទទួល​ជោគ​ជ័យ​នៅក្នុង​កិច្ចការ​ ដែល​ព្រះអង្គសង្គ្រោះ​ដាក់​ឲ្យ​យើង​ធ្វើ ។

អ្នកអាច​គិត​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ទៅ ? ខ្ញុំ​តែ​ម្នាក់​ឯង​ហ្នឹង » ។

ប្រាកដ​ណាស់ យ៉ូសែបស៊្មីធ ធ្លាប់មានអារម្មណ៍​ឯកោ​ជា​ច្រើន​ដង​ដែរ ។ លោក​បាន​ធំឡើងទៅ​រក​ភាពអស្ចារ្យ ប៉ុន្តែ លោក​បាន​ចាប់​ផ្ដើម​ ជា​ក្មេង​​​អាយុ 14 ឆ្នាំ ដែ​ល​មានសំណួរ​ថា ៖ « តើ​ខ្ញុំ​គួរ​ចូល​រួម​ក្នុង​ព្រះវិហារ​មួយ​ណា ?» (សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ 1:10) ។ ជំនឿ និង​ទីបន្ទាល់​របស់​យ៉ូសែប អំពី​ព្រះអង្គសង្គ្រោះ បាន​រីក​ធំធាត់​ ដូចគ្នា​ជំនឿ និងទីបន្ទាល់​របស់​យើង​ត្រូវ​តែ​រីក​ធំធាត់ដែរ​ « មួយបន្ទាត់​ម្ដងៗ មួយ​សិក្ខា​បទ​ម្ដងៗ ឯណេះ​បន្ដិច ឯណោះ​បន្ដិច » ( នីហ្វៃទី2 28:30; សូមមើលផងដែរ គ&ស 128:21) ។ យ៉ូសែប បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​ ជា​លទ្ធផល​នៃ​ការអធិស្ឋាន​នោះ និង​ការនិមិត្ត​ដំបូង ។

ក្នុង​នាម​ជា​សាវក​ម្នាក់​នៃ​សាវកដប់ពីរ​នាក់ ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​រស់ ។ ទ្រង់​ជា​ព្រះប្រោសលោះ និង​ព្រះអង្គសង្គ្រោះ​របស់​យើង ។ « តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះមនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ » (មាត្រា​នៃ​សេចក្ដី​ជំនឿ 1:3) ។ ទ្រង់​ជា​អធិបតី​លើ​សាសនាចក្រ​នេះ ។ ទ្រង់​ពុំ​មែន​ជា​មនុស្ស​ចម្លែក​ចំពោះ​ពួក​អ្នក​បម្រើ​ទ្រង់​ឡើយ ។ នៅពេល​យើង​ដើរ​ទៅ​កាន់​អនាគត​កាល​ដោយ​ទំនុក​ចិត្ត​ដ៏​មុតមាំ នោះព្រះវិញ្ញាណ​ទ្រង់​នឹង​គង់នៅជាមួយ​យើង ។ ព្រះចេស្ដាទ្រង់ ដើម្បី​ប្រទានពរ និង​ដឹកនាំ​ជីវិត​នៃ​អ្នកទាំងឡាយ​ដែល​ស្វែងរក​សេចក្ដីពិត និង​សេចក្ដីសុចរិត គ្មាន​ទីបញ្ចប់​​​នោះទេ ។ ខ្ញុំ​ថ្លែងជាសាក្សីអំពី​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។