ការស្រឡាញ់អ្នកដទៃ និង ការរស់នៅជាមួយមនុស្សដែលមានភាពខុសគ្នា
ក្នុងនាមជាសិស្សព្រះគ្រីស្ទ យើងគួរតែរស់នៅដោយសុខសាន្តជាមួយអ្នកដទៃ ដែលពុំទទួលយកគុណតម្លៃ ឬការបង្រៀននានារបស់យើងនោះ។
I.
នៅថ្ងៃចុងក្រោយនៃការបម្រើខាងសាច់ឈាមរបស់ទ្រង់ ព្រះយេស៊ូវបានប្រទានដល់សាវកទ្រង់នូវអ្វីដែលទ្រង់ហៅថា «សេចក្តីបញ្ញត្តិមួយថ្មី» (យ៉ូហាន 13:34)។ មានបន្ទូលដដែលៗបីដងថា បញ្ញត្តិនោះសាមញ្ញៗ តែពិបាក៖ « អ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » (យ៉ូហាន 15:12; សូមមើលផងដែរ ខទី 17)។ ការបង្រៀនឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក គឺជាការបង្រៀនដ៏សំខាន់នៃការបម្រើរបស់ព្រះអង្គសង្រ្គោះ។ បទបញ្ញត្តិធំទីពីរគឺ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» (ម៉ាថាយ 22:39)។ ព្រះយេស៊ូវថែមទាំងបង្រៀនថា «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ » (ម៉ាថាយ 5:44) ។ ប៉ុន្តែបទបញ្ញត្តិថាត្រូវស្រឡាញ់អ្នកដទៃ ដូចជាទ្រង់ស្រឡាញ់រាស្រ្តទ្រង់គឺប្រាប់ទៅពួកកូនសិស្សទ្រង់—ហើយចំពោះយើង—ជាការស្នើសុំដ៏ពិសេស។ «តាមពិត» ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនយើងនៅក្នុងខែ មេសា មុនថា «ក្ដីស្រឡាញ់ជាខ្លឹមសារដ៏សំខាន់នៃដំណឹងល្អ ហើយព្រះយេស៊ូវគ្រីស្ទគឺជាគំរូដល់យើង ។ «ជីវិតទ្រង់គឺជាមរតកនៃក្ដីស្រឡាញ់» ។1
ហេតុអ្វីបានជាវាពិបាកដើម្បីមានសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទចំពោះគ្នាទៅវិញទៅមក? វាប្រាកដជាពិបាក ពីព្រោះយើងត្រូវរស់នៅជាមួយមនុស្សដែលពុំមានសេចក្តីជំនឿ និងតម្លៃ ហើយជាបកាតព្វកិច្ចនៃសេចក្តីសញ្ញាដូចយើង។ នៅក្នុងការទូលសុំអង្វរអធិស្ឋានដ៏មហិមា ដែលទ្រង់ធ្វើពីមុនទ្រង់ត្រូវគេឆ្កាង ព្រះយេស៊ូវបានអធិស្ឋានដល់ពួកអ្នកដើរតាមទ្រង់ថា៖ «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់ពួកគេ ហើយលោកិយបានស្អប់គេ ពីព្រោះពួកគេមិនមែនជារបស់លោកិយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកិយដែរ» (យ៉ូហាន 17:14)។ បន្ទាប់មក ទ្រង់បានបួងសួងទៅព្រះវរបិតាថា «ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកិយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្តីអាក្រក់វិញ (ខទី 15)។
យើងត្រូវរស់នៅក្នុង លោកិយ ប៉ុន្តែមិនមែនជា កម្មសិទ្ធិលោកិយឡើយ។ យើងត្រូវរស់នៅក្នុងលោកិយ ពីព្រោះដូចជាព្រះយេស៊ូវ បានបង្រៀននៅក្នុងរឿងប្រៀបប្រដូចថា នគរទ្រង់គឺ «ដូចជាដំបែ» ដែលមានមុខងារគឺដើម្បីបង្កើតការដ៏ធំ ក្រោមឥទ្ធិពលរបស់វា (សូមមើលលូកា 13:21; ម៉ាថាយ 13:33; សូមមើលផងដែរ កូរិនថូសទី 1 5:6–8)។ ពួកសិស្សទ្រង់មិនអាចធ្វើដូច្នោះបានទេ ប្រសិនបើពួកគេគ្រាន់តែរាប់អានដល់អ្នកដែលមានជំនឿ និងការអនុវត្តដូចគេ។ ប៉ុន្តែព្រះអង្គសង្រ្គោះក៏បានបង្រៀនដែរថា ប្រសិនបើយើងរាល់គ្នាស្រឡាញ់ទ្រង់ ចូរកាន់តាមបញ្ញត្តិទ្រង់ចុះ (សូមមើល យ៉ូហាន 14:15)។
II.
ដំណឹងល្អមានការបង្រៀនជាច្រើនអំពីការរក្សាព្រះបញ្ញត្តិទាំងឡាយ ក្នុងការរស់នៅក្នុងចំណោមមនុស្សដែលមានសេចក្តីជំនឿ និងការអនុវត្តផ្ទុយពីយើង។ ការបង្រៀនអំពីជំលោះគឺសំខាន់ណាស់។ នៅពេលដែលព្រះគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញ បានញាណដឹងថាសាសន៍នីហ្វៃ កំពុងប្រកែកគ្នាពីរបៀបធ្វើបុណ្យជ្រមុជទឹក នោះទ្រង់បានប្រទានទិសដៅ យ៉ាងច្បាស់ ពីរបៀបដែលពិធី នេះគួរតែត្រូវបានធ្វើឡើង។ បន្ទាប់មក ទ្រង់បានបង្រៀនគោលការណ៍ដ៏អស្ចារ្យនេះថា៖
«មិនត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលធ្លាប់មានពីមុនមកឡើយ ហើយក៏មិនត្រូវមានការប្រកែកគ្នានៅ ក្នុងចំណោមអ្នករាល់គ្នាអំពីចំណុចទាំងឡាយ នៃគោលលទ្ធិរបស់យើង ដូចដែលធ្លាប់មានពីមុនមកដែរ។
«ត្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នាគឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្ស ឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក។
«មើលចុះ នេះ...គោលលទ្ធិរបស់យើងគឺត្រូវលះបង់ចោលការណ៍ទាំងនោះចោលវិញ» ( នីហ្វៃទី 3 11:28–30; ជាការបញ្ជាក់បន្ថែម)។
ព្រះសង្គ្រោះពុំបានកំណត់កា ព្រមានរបស់ទ្រង់ទាក់ទងនឹងទាស់ទែងគ្នាដល់អ្នកដែលមិនបានរក្សាបញ្ញត្តិ អំពីពិធីបុណ្យជ្រមុជទឹកឡើយ។ តែទ្រង់ហាមឃាត់មិនឲ្យមនុស្សគ្រប់គ្នាមានការទាស់ទែងឡើយ។ សូម្បីតែ អ្នកដែលរក្សាបទបញ្ញត្តិមិនត្រូវចាក់រុកដួងចិត្តរបស់មនុស្សឲ្យមានកំហឹងដែរ។ «បិតានៃការទាស់ទែង» គឺជាអារក្ស ព្រះអង្គសង្រ្គោះគឺជាម្ចាស់នៃមេត្រីភាព ។
ស្រដៀងគ្នានោះដែរ ព្រះគម្ពីរប៊ីបបង្រៀនថា «មនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្តីក្រោធចេញវិញ» (សុភាសិត 29:8) ។ ពួកសាវកសម័យដើមបានបង្រៀនថាយើងគួរ «ដេញតាមអស់ទាំងសេចក្តី [ដែល ] នាំឲ្យមេត្រីគ្នា» (រ៉ូម 14:19() និង «[និយាយ] សេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ» (អេភេសូរ 4:15) «ត្បិតសេចក្តីកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្តីសុចរិតរបស់ព្រះទេ» (យ៉ាកុប 1:20) ។ នៅក្នុងវិវរណៈសម័យទំនើប ព្រះអម្ចាស់បានបញ្ជាថា ដំណឹងដ៏រីករាយនៃដំណឹងល្អដែលបានស្តារឡើងវិញ គួរតែត្រូវបានប្រកាសដល់ « មនុស្សម្នាក់ៗចំពោះអ្នកជិតខាងរបស់ខ្លួន ដោយនូវភាពទន់ភ្លន់ និងស្លូតបូត» ( គ. និង ស. 38:41) «ដោយនូវអស់ទាំងភាពរាបសារ...ដោយមិនជេរប្រមាថដល់ពួកអ្នកដែលជេរប្រមាថឡើយ»។ (គ. និង ស. 19:30)។
III.
ទោះបីជាយើងជាមនុស្សស្លូតបូត និងជៀសវាងពីការទាស់ទែងគ្នា យើងមិនត្រូវសម្រប ឬបន្ថយការតាំងចិត្តរបស់យើងចំពោះសេចក្តីពិតដែលយើងយល់ដឹងឡើយ។ យើងមិនត្រូវបោះបង់គោលជំហរ ឬតម្លៃរបស់យើងឡើយ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសញ្ញាដែលយើងបានធ្វើដោយពិតប្រាកដ នាំឲ្យយើងក្លាយជាអ្នកតស៊ូនឹងឧបសគ្គរវាងសេចក្តីពិត និងការខុសឆ្គង។ វាពុំមានភាពស្មើភាពនៅក្នុងការប្រយុទ្ធនោះទេ។
ព្រះអង្គសង្រ្គោះ បានបង្ហាញផ្លូវនេះ នៅពេលដែលមារសត្រូវទ្រង់ប្រឆាំងនឹងទ្រង់ជាមួយស្រ្តីដែលត្រូវបាន «គេចាប់បាន កំពុងដែលសហាយស្មននឹងគ្នា» (យ៉ូហាន 8:4) ។ នៅពេលដែលខ្មាស់អៀននឹងអំពើពុតត្បុតខ្លួន ពួកអ្នកចុងចោទក៏ដកខ្លួនចេញ ហើយទុកឲ្យព្រះយេស៊ូវនៅជាមួយស្រ្តីរូបនោះ។ ទ្រង់បានប្រព្រឹត្តចំពោះនាង ដោយសណ្តានចិត្តល្អ ដោយមិនស្តីបន្ទោសនាងនៅពេលនោះឡើយ។ ប៉ុន្តែទ្រង់បានទូន្មាននាងយ៉ាងម្មឹងម៉ាត់ថា « កុំធ្វើបាបទៀតឡើយ»។ (យ៉ូហាន 8:11)។ សេចក្តីមេត្តាករុណាតម្រូវឲ្យមានហើយ តែអ្នកដែលជាសិស្សនៃព្រះគ្រីស្ទ---ដូចជាលោកចៅហ្វាយ---នឹងត្រូវរឹងមាំក្នុងសេចក្តីពិត។
IV.
ដូចជាព្រះអង្គសង្គ្រោះ អ្នកដើរតាមទ្រង់ ពេលខ្លះ ត្រូវបានជួបនឹងឥរិយាបទដែលប្រកបដោយអំពើបាប ហើយសព្វថ្ងៃនេះ ពេលពួកគេទប់ទល់សម្រាប់ភាពត្រឹមត្រូវ និងភាពខុសឆ្គង ពេលពួកគេយល់ពីវា ដែលពេលខ្លះ ពួកគេត្រូវបានហៅថា « ប្រកាន់បក្ស » ឬ «ជ្រុលនិយម » ។ តម្លៃខាងលោកិយនិងការអនុវត្តជាច្រើន នាំឲ្យមានការប្រឈមមុខបែបនេះដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ជាក់ស្តែងសព្វថ្ងៃនេះ គឺមានចំណងអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅក្នុងរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក និងប្រទេសជាច្រើននៃពិភពលោក។ យើងក៏រស់នៅក្នុងចំណោមអ្នកដែលមិនចង់រៀបការទាល់តែសោះ។ អ្នកខ្លះមិនចង់មានបុត្រ។ ខ្លះត្រូវប្រយុទ្ធប្រឆាំង នឹងការដាក់កំហិតលើរូបអាសគ្រាម ឬការប្រើប្រាស់គ្រឿងញៀនដែលនាំឲ្យមានគ្រោះថ្នាក់។ ឧទាហរណ៍មួយទៀត---ដែលអ្នកជឿជាច្រើនដឹង---ត្រូវរស់នៅជាមួយប្តីប្រពន្ធ ឬសមាជិកគ្រួសារដែលពុំមានជំនឿដូចគ្នា ឬការទំនាក់ទំនងជាមួយមិត្តរួមការងារ ឬអ្នកដទៃដែលពុំមានជំនឿដូចគ្នា។
នៅទីឧទ្ទិសឆ្លង ដូចជាព្រះវិហារបរិសុទ្ធ ដំណាក់នៃការថ្វាយបង្គំ និងផ្ទះរបស់យើង យើងគួរតែបង្រៀនសេចក្តីពិត និងបទបញ្ញត្តិដោយត្រង់ និងស៊ីជំរៅ តាមដែលយើងយល់ពីផែនការនៃសេចក្តីសង្រ្គោះនៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញ។ សិទ្ធិដើម្បីធ្វើបានបែបនោះគឺត្រូវបានការពារ និងធានាពីច្បាប់រដ្ឋធម្មនុញនៃសេរីភាពក្នុងការបញ្ចេញមតិ និងសាសនា ហើយអង្គភាពឯកជនក៏ឲ្យតម្លៃ សូម្បីតែក្នុងប្រទេសដែលគ្មានច្បាប់ធានាពីរដ្ឋធម្មនុញក្តី។
នៅក្នុងទីសាធារណៈ សាសនាអ្វីដែលមនុស្សនិយាយ និងនាំឲ្យអ្នកដទៃធ្វើការថ្លឹងថ្លែង។ សេរីភាពនៃការជ្រើសរើសសាសនាអនុវត្តលើសកម្មភាពសាធារណៈភាគច្រើន ប៉ុន្តែវាអាស្រ័យលើគុណសម្បត្តិដែលចាំបាច់ដើម្បីផ្សំនឹងជំនឿ ហើយការអនុវត្តរបស់អ្នកដទៃ។ ច្បាប់ទាំងឡាយអាចហាមឃាត់នូវឥរិយាបទដែលទទួលស្គាល់ ជាទូទៅថាខុស ឬមិនអាចទទួលយកបាន ដូចជាការជួញដូរផ្លូវភេទ ឬអំពើហិង្សា ឬឥរិយាបទភេរវជនដទៃទៀត ទោះបីជាធ្វើឡើងតាមរយៈអ្នកប៉ះបោរក្នុងនាមសាសនាក្តី។ ទោះជាឥរិយាបទពុំសូវធ្ងន់ធ្ងរ និងពិបាកទទួលយកពីអ្នកជឿខ្លះ ជាធម្មតា អាចត្រូវការដើម្បីតស៊ូ ប្រសិនបើស្របនឹងអ្វីដែលព្យាការីព្រះគម្ពីរមរមនបានហៅថា «តាមសម្លេងរបស់ប្រជាជន» (ម៉ូសាយ 29:26)។
ស្ដីអំពីប្រធានបទដែលថ្លែងជាសាធារណៈ យើងទាំងអស់គ្នាគួរតែធ្វើតាមការបង្រៀនដំណឹងល្អ ឲ្យស្រឡាញ់អ្នកជិតខាងខ្លួន និងជៀសវាងពីការទាស់ទែងគ្នា។ អ្នកដើរតាមព្រះគ្រីស្ទ គួរតែធ្វើជាគំរូមានឥរិយាបទគួរសម។ យើងគួរស្រឡាញ់មនុស្សទាំងអស់ ធ្វើជាអ្នកស្តាប់ដ៏ល្អ ហើយបង្ហាញការព្រួយបារម្ភចំពោះជំនឿដ៏ស្មោះសររបស់ពួកគេ។ ទោះបីជាយើងអាចជំទាស់រឿងខ្លះក្តី យើងមិនគួរធ្វើជាមនុស្សដែលមិនរីករាយនោះទេ។ គោលជំហរ និងទស្សនៈយើងពីប្រធានបទដែលអាចនាំឲ្យមានវិវាទ មិនគួរមានវិវាទឡើយ។ យើងគួរតែមានប្រាជ្ញាក្នុងការពន្យល់ ហើយបង្ហាញពីជំនឿយើង និងប្រើឥទ្ធិពលយើង។ បើធ្វើដូច្នោះ យើងជួយអ្នកដទៃមិនឲ្យមានការអាក់អន់ចិត្តនឹងជំនឿដ៏ស្មោះសរយើង និងសេរីភាពនៃការជ្រើសរើសសាសនារបស់យើង។ យើងសូមលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប អនុវត្តតាម ច្បាប់មាសរបស់ព្រះអង្គសង្រ្គោះថា៖ «ដូច្នេះ អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ» (ម៉ាថាយ 7:12)។
នៅពេលអ្វីៗខុសពីការរំពឹងទុករបស់យើង យើងគួរតែទទួលយកលទ្ធផលអវិជ្ជមានដោយស្ងប់ស្ងាត់ ហើយប្រព្រឹត្តិដោយការគួរសមនឹងមារសត្រូវយើង។ ទោះជាមានរឿងអ្វីកើតឡើងក្តី យើងគួរតែជាមនុស្សដែលមានសណ្តានចិត្តល្អចំពោះមនុស្សទាំងអស់ បដិសេធនូវរាល់ការបៀតបៀនគ្រប់ប្រភេទ រួមទាំងការបៀតបៀនលើជាតិសាសន៍ ជំនឿសាសនា ឬពួកទមិឡ និងភាពខុសគ្នា លើទស្សនៈផ្លូវភេទ។
V.
ខ្ញុំបាននិយាយពីគោលការណ៍ទូទៅ។ ឥឡូវនេះខ្ញុំសូមនិយាយពីរបៀបគោលការណ៍ទាំងនេះគួរតែអនុវត្តនៅក្នុងកាលៈទេសៈផ្សេងៗស្រដៀងគ្នាជាច្រើន ដែលការបង្រៀនរបស់ព្រះអង្គសង្រ្គោះគួរតែត្រូវបានធ្វើតាមកាន់តែស្មោះត្រង់។
ខ្ញុំសូមចាប់ផ្តើមជាមួយរឿងមួយដែលកូនតូចៗយើងបានរៀននៅក្នុងសកម្មភាពលេងរបស់ពួកគេ។ ជាញឹកញាប់ អ្នកដែលមិនមែនជាពួកមរមននៅរដ្ឋយូថាហ៍នេះ បានអាក់អន់ចិត្ត ហើយពុំសូវជិតស្និត ដោយព្រោះសមាជិកយើងមួយចំនួនមិនឲ្យកូនៗខ្លួនធ្វើមិត្តភក្តិជាមួយក្មេងៗដែលមានជំនឿផ្សេង។ ពិតប្រាកដណាស់ យើងអាចបង្រៀនកូនៗយើងពីតម្លៃ និងបទដ្ឋាននៃឥរិយាបទ ដោយពុំចាំបាច់ឲ្យពួកគេធ្វើខ្លួនឃ្លាតឆ្ងាយ ឬបង្ហាញការមិនគោរពដល់អ្នកណាដែលខុសពីខ្លួននោះទេ។
គ្រូបង្រៀនជាច្រើននៅក្នុងព្រះវិហារ និងសាលាបានខ្វល់ខ្វាយកាលឃើញរបៀបដែលយុវវ័យ រួមទាំងយុវវ័យនៃអិល. ឌី. អេស. ប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក។ បទបញ្ញត្តិឲ្យស្រឡាញ់គ្នាទៅវិញទៅមក ច្បាស់ណាស់មានទាំងការស្រឡាញ់ ការគោរពសាសនាផ្សេងៗ និងពូជសាសន៍ វប្បធម៌ ឬបន្ទាត់សេដ្ឋកិច្ចផ្សេងៗ។ យើងសូមលើកទឹកចិត្តដល់យុវវ័យទាំង់អស់ឲ្យជៀសវាងការគំរាមគំហែង ការប្រមាថ ឬប្រើភាសា ឬការប្រព្រឹត្តិដែលធ្វើឲ្យមានការឈឺចាប់ដោយចេទនាលើអ្នកដទៃ។ ទង្វើរទាំងនេះបំពានលើបទបញ្ញត្តិរបស់ព្រះអង្គសង្រ្គោះ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។
ព្រះអង្គសង្រ្គោះបានបង្រៀនថា ការទាស់ទែងគឺជាឧបករណ៍របស់អារក្ស។ វាបង្រៀនឲ្យផ្ទុយនឹងភាសា និងការអនុវត្តបច្ចុប្បន្នរបស់នយោបាយ។ ការរស់នៅក្នុងគោលនយោបាយខុសគ្នាគឺចាំបាច់ចំពោះនយោបាយ ប៉ុន្តែ គោលនយោបាយខុសគ្នាពុំត្រូវការពាក់ព័ន្ធនឹងការវាយប្រហារលើបុគ្គលដែលបំពុលលើដំណើរការរបស់រដ្ឋាភិបាល និងដាក់ទោសអ្នកចូលរួមនោះឡើយ។ យើងទាំងអស់គ្នាគួរតែបោះបង់ចោលទំនាក់ទំនងដែលគួរឲ្យស្អប់ និងអនុវត្តការចេះគោរពដល់ទស្សនៈខុសគ្នាវិញ។
កន្លែងដែលសំខាន់បំផុត ដើម្បីចៀសវាងទំនាស់ និងអនុវត្តដោយការគោរពចំពោះភាពខុសគ្នា គឺនៅក្នុងគេហដ្ឋាន និងទំនាក់ទំនងគ្រួសារយើង។ ភាពខុសគ្នាគឺមិនអាចជៀសរួច---ខ្លះតិច ហើយខ្លះច្រើន។ ចំពោះការខុសគ្នាធំៗ ឧទាហរណ៍ សមាជិកគ្រួសារម្នាក់រស់នៅជាមួយគ្នាដោយពុំបានរៀបការ។ រឿងនោះ នាំតម្លៃសំខាន់ពីរកើតមានជម្លោះ--- គឺជាសេចក្តីស្រឡាញ់របស់យើងចំពោះសមាជិកគ្រួសារ និងការតាំងចិត្តយើងគោរពតាមបទបញ្ញត្តិទាំងឡាយ។ ការធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដ៏សុចរិត ហើយនៅតែខ្ជាប់ខ្ជួននឹងសេចក្តីពិត ដោយលើកលែងទង្វើរដែលជួយ ឬហាក់លើកលែងទោសលើអ្វីដែលយើងដឹងថាខុស។
ខ្ញុំសូមបញ្ចប់ដោយបង្ហាញឧទាហរណ៍មួយទៀត ពីទំនាក់ទំនងគ្រួសារមួយ។ នៅក្នុងសន្និសីទស្តេកនៅមីឌវេស៍ ប្រហែលជា 10 ឆ្នាំមុន ខ្ញុំបានជួបនឹងបងស្រីម្នាក់ ដែលបានប្រាប់ខ្ញុំថា ស្វាមីដែលមិនមែនជាសមាជិកសាសនាចក្ររបស់គាត់បានជូនគាត់ទៅព្រះវិហារអស់12 ឆ្នាំហើយ ប៉ុន្តែមិនដែលចូលរួមក្នុងសាសនាចក្រទេ។ គាត់បានសួរថា តើគាត់គួរធ្វើអ្វីទៅ។ ខ្ញុំបានឲ្យតំបូន្មានគាត់ ឲ្យបន្តធ្វើរឿងដែលត្រឹមត្រូវទាំងអស់ ហើយត្រូវអំណត់ រួចធ្វើល្អនឹងស្វាមីគាត់។
ប្រហែលជាមួយខែក្រោយមក គាត់បានសរសេរសំបុត្រមកខ្ញុំ ដូចខាងក្រោម៖ «មែនហើយ ខ្ញុំគិតថា 12 ឆ្នាំនោះគឺជាការបង្ហាញក្តីអំណត់ដ៏ល្អ ប៉ុន្តែខ្ញុំពុំដឹងថា ខ្ញុំបានធ្វើល្អដល់គាត់ឬអត់ទេ។ ដូច្នេះ ខ្ញុំខិតខំធ្វើអស់ពីចិត្តជាងមួយខែ ហើយគាត់ក៏បានទទួលបុណ្យជ្រមុជទឹក។
ការមានចិត្តល្អគឺមានឥទ្ធិពលខ្លាំងណាស់ ជាពិសេសគឺនៅក្នុងទំនាក់ទំនងគ្រួសារ។ គាត់បន្តសរសេរថា៖ «ឥឡូវនេះ ខ្ញុំកំពុងតែខិតខំមានចិត្តល្អកាន់តែខ្លាំងឡើង ពីព្រោះយើងចង់ធ្វើការផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធនៅឆ្នាំនេះ! »
ប្រាំមួយឆ្នាំក្រោយមក គាត់បានសរសេរសំបុត្រមកកាន់ខ្ញុំថា៖ «ស្វាមីខ្ញុំគឺ [ទើប] បានហៅ ហើយធ្វើពិធីញែកចេញឲ្យធ្វើជាប៊ីស្សព [នៅវួដរបស់យើង]។»2
VI.
ក្នុងទំនាក់ទំនង និងកាលៈទេសៈជាច្រើនក្នុងជីវិត យើងត្រូវតែរស់នៅក្នុងភាពខុសគ្នា។ ដែលចាំបាច់ ភាពខុសគ្នារបស់យើងទាំងនេះ ពុំគួរបដិសេធ ឬបោះបង់ចោលនោះទេ ប៉ុន្តែអ្នកជាសិស្សរបស់ព្រះគ្រីស្ទ គួរតែរៀនដើម្បីរស់នៅដោយសុខសាន្តជាមួយអ្នកដទៃ ដែលពុំមានគុណសម្បត្តិ ឬទទួលយកការបង្រៀនដែលពួកគេបានមាននោះឡើយ។ ផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ដែលយើងដឹងតាមរយៈវិវរណៈនៃការព្យាករណ៍ នាំឲ្យយើងស្ថិតនៅក្នុងកាលៈទេសៈនៃជីវិតរមែងស្លាប់ ដែលយើងត្រូវរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់។ វារួមទាំងការស្រឡាញ់អ្នកជិតខាងខ្លួនដែលមានវប្បធម៌និងជំនឿខុសគ្នា ដូចទ្រង់ស្រឡាញ់យើង។ ដូចជាព្យាការីក្នុងព្រះគម្ពីរមរមនបានបង្រៀនថា យើងត្រូវតែឈានទៅមុខ មាន «ចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប» ( នីហ្វៃទី 2 31:20)។
ទោះជាមានការលំបាករស់នៅក្នុងភាពចលាចលជុំវិញយើងក្តី បទបញ្ញត្តិរបស់ព្រះអង្គសង្រ្គោះឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលទ្រង់ស្រឡាញ់យើងគឺប្រហែលជាឧបសគ្គដ៏ធំជាងគេរបស់យើង។ ខ្ញុំសូមអធិស្ឋានថា សូមឲ្យយើងអាចយល់ការណ៍នេះ ហើយស្វែងរកដើម្បីរស់នៅគ្រប់ទំនាក់ទំនង និងសកម្មភាពយើង នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។