ឆ្នាំ ២០១០-២០១៩
សូម​ស្វាគមន៍​មកកាន់​សន្និសីទ
១០ 2014


4:53

សូម​ស្វាគមន៍​មកកាន់​សន្និសីទ

នៅ​ពេល​យើង​ស្ដាប់ នោះដួងចិត្ត​យើង​ត្រូវ​បាន​ប៉ះ ហើយ​ជំនឿ​របស់​យើង​បង្កើត​ឡើង ។

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​អំណរ​ណាស់​ដើម្បី​ស្វាគមន៍​បងប្អូន​មក​កាន់​សន្និសីទ​ទូទាំង​ពិភពលោក​ដ៏​ធំ​មួយ​នេះ ។ យើង​ប្រជុំ​គ្នា​ក្នុង​ទីតាំង​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដើម្បី​ស្ដាប់ ហើយ​រៀន​ពី​ពួកបងប្អូនប្រុស/ស្រី ដែល​យើង​បាន​គាំទ្រ​ជា​​អ្នក​មាន​សិទ្ធិអំណាច និង​អ្នក​កាន់តំណែង​ទូទៅ​នៃ​សាសនាចក្រ ។ ពួកលោក​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ​សម្រាប់​សារលិខិត​ដែល​ពួកលោក​នឹង​ថ្លែង ហើយ​ពួកលោក​មាន​ការបំផុសគំនិត​ចំពោះ​អ្វី​ដែល​នឹង​ត្រូវ​ថ្លែង ។

សន្និសីទ​នេះ​បង្គ្រប់​ខួប​ទី 90 ឆ្នាំ របស់​ស្ថានីយ​វិទ្យុ​នៃ​ការចាក់ផ្សាយ​សន្និសីទ​ទូទៅ ។ ក្នុង​ខែ តុលា ឆ្នាំ​1924 សម័យ​ប្រជុំ​នានា​ត្រូវបាន​ចាក់ផ្សាយ​តាម​វិទ្យុ​ជា​លើក​ដំបូង​តាម​រយៈស្ថានីយ​វិទ្យុ KSL ​គ្រប់គ្រង​ដោយ​សាសនាចក្រ ។ សន្និសីទ​នេះ​ក៏​បង្គ្រប់​ខួប​ទី 65 ឆ្នាំ ​នៃ​ការចាក់ផ្សាយ​តាម​ទូរទស្សន៍​នៃ​សន្និសីទ​ទូទៅ​ផងដែរ ។ សន្និសីទ​ទូទៅ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ តុលា ឆ្នាំ​1949 សម័យ​ប្រជុំ​នានា​ត្រូវ​បាន​បញ្ចាំង​តាម​ទូរទស្សន៍​ជា​លើក​ដំបូង​ទៅ​ពាសពេញ​​តំបន់​នៃ​ទីក្រុង សលត៍ លេក តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ KSL ។

យើង​ទទួលស្គាល់​ពរជ័យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​សាសនាចក្រ​រាប់​លាន​នាក់​មើល ឬ​ស្ដាប់​សន្និសីទ​ទូទៅ ។ សម័យ​ប្រជុំ​នានា​នៅ​ចុង​សប្ដាហ៍​នេះ​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ ខ្សែកាប បញ្ជូន​តាម​ផ្កាយរណប និង​លើ​អ៊ិនធើរណិត រួម​ទាំង​​ឧបករណ៍​ចល័ត​ផ្សេងៗ​ផងដែរ ។

អំឡុងពេល​ប្រាំមួយ​ខែ​បន្ទាប់​ពី​យើង​បាន​ជួប​គ្នា​ចុងក្រោយ មាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ​ត្រូវបាន​ឧទ្ទិសឆ្លង និង​មួយ​ទៀត​ត្រូវ​ឧទ្ទិសឆ្លង​ឡើង​វិញ ។ ក្នុង​ខែ ឧសភា ប្រធាន ឌៀថើរ  អេហ្វ អុជដូហ្វ បាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ហ្វដ ឡូឌើរដេល រដ្ឋ ផ្លរីដា ។ ការសម្ដែង​ខាង​វប្បធម៌​របស់​យុវវ័យ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​មុន​ការឧទ្ទិសឆ្លង ។ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ អាទិត្យ ទី 4 ខែ ឧសភា ព្រះវិហារបរិសុទ្ធ​ត្រូវបាន​ឧទ្ទិសឆ្លង​ជា​បី​វគ្គ ។

ទើបតែ​ពីរ​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង អូកឌិន រដ្ឋ យូថាហ៍ ឡើង​វិញ ដែល​បាន​ឧទ្ទិសឆ្លង​ដំបូង​បំផុត​ក្នុង​ឆ្នាំ 1972 ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ។ ការសម្ដែង​ខាង​វប្បធម៌​មួយ​ដ៏​ធំ ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​មុន​ការឧទ្ទិសឆ្លង​ឡើងវិញ ដោយ​មាន​យុវវ័យ​ជា​ច្រើន​បាន​ចូលរួម​សម្ដែង​ជា​ពីរ​វគ្គ​ដាច់​ពី​គ្នា ដោយមាន​តួសម្ដែង​ខុសគ្នា​សម្រាប់​ក្រុម​នីមួយៗ ។ មាន​យុវវ័យ​ចូលរួម​សរុប​ទាំងអស់​ចំនួន 16,000 នាក់ ។ ការឧទ្ទិសឆ្លង​ឡើង​វិញ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​បន្ទាប់​នោះ ដោយ​មាន​ពួកបងប្អូន​ប្រុស​ជា​ច្រើន​នាក់​ចូលរួម អម​ដោយ​​​ថ្នាក់​ដឹកនាំ​អង្គការ​ជំនួយ និង​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ទីប្រឹក្សា និង​ភរិយា​ពួកលោក ។

ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​តែ​បន្ត​ ដោយការ​យក​ចិត្តទុក​ដាក់ ។ ព្រះវិហារបរិសុទ្ធ​ថ្មី​នៅ​ទីក្រុង ហ្វូនិក រដ្ឋ អារីហ្សូណា នឹង​ត្រូវ​ឧទ្ទិសឆ្លង​នៅ​ខែ​ក្រោយ ហើយ​ឆ្នាំ​ក្រោយ​ឆ្នាំ 2015 យើង​រំពឹង​ឧទ្ទិសឆ្លង ឬ​ឧទ្ទិសឆ្លង​ឡើង​វិញ​ឲ្យ​បាន​យ៉ាងហោចណាស់​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំ អាច​មាន​ច្រើន​ជាង​នេះ​អាស្រ័យ​ទៅ​លើ​ការបញ្ចប់​ការសាងសង់ ។

ដូច​ខ្ញុំ​បាន​លើកឡើង​ក្នុង​ខែ មេសា ថា​នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ប្រកាស​ប្រាប់​ពី​មុនៗ​ទាំង​អស់​ត្រូវ​បាន​សាងសង់​ចប់ និង​ឧទ្ទិសឆ្លង​ហើយ​នោះ យើង​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន 170 កំពុង​ដំណើរ​ការ​នៅ​លើ​ពិភពលោក។ ដោយសារ​យើង​កំពុង​ផ្ដោត​ការខិតខំ​លើ​ការបញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ដែល​ប្រកាស​ប្រាប់​ពីមុនៗ នោះ​យើង​សូម​មិន​ប្រកាស​នា​ពេល​ឥឡូវ​នេះ​ពី​ព្រះវិហារ​បរិសុទ្ធ​ថ្មីៗ​នោះ​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ​ក្នុង​ពេល​ខាង​មុខ ពេល​យើង​រកឃើញ​ពី​តម្រូវការ និង​ទីតាំង​ហើយ​នោះ សេចក្ដី​ប្រកាស​បន្ថែម​ពី​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ។

សាសនាចក្រ​បន្ត​រីកចម្រើន​ទៅ​មុខ ។ បច្ចុប្បន្ន​នេះ យើង​មាន​ចំនួន​សមាជិក​រឹងមាំ​ជាង 15 លាន​នាក់ ហើយ​កំពុង​បន្ត​កើនឡើង​ជា​លំដាប់ ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​កំពុង​ឆ្ពោះ​ទៅ​មុខ​មិន​បង្អង់​ឡើយ ។ យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាង 88,000 នាក់​កំពុង​បម្រើ ចែកចាយ​សារលិខិត​ពាសពេញ​ពិភពលោក ។ យើង​សូម​បញ្ជាក់​សាជាថ្មី​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ គឺ​ជា​ករណីយកិច្ច​របស់​បព្វជិតភាព ហើយ​យើង​សូម​លើកទឹកចិត្ត​យុវជន​ដែល​សក្ដិសម និង​មាន​សមត្ថភាព​ឲ្យ​ចេញ​បម្រើ ។ យើង​មាន​អំណរគុណ​ជា​ខ្លាំង​ចំពោះ​យុវនារី​ដែល​ចេញ​បម្រើ ។ ពួកគេ​រួម​ចំណែក​យ៉ាង​សំខាន់ ​ទោះ​បី​ជា​គ្មាន​ករណីយកិច្ច​ដើម្បី​បម្រើ​ដូចជា​យុវជន​​ក៏​ដោយ ។

ឥឡូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​យកចិត្តទុកដាក់​ស្ដាប់​ដល់ពួកបងប្អូនប្រុស/ស្រី ដែល​នឹង​រួម​ចំណែក​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក​ក្នុង​សម័យ​ប្រជុំ​សន្និសីទ​ទាំងឡាយ​របស់​យើង ។ អ្នក​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ឡើង​និយាយ ​មាន​ការទទួលខុសត្រូវដ៏​ធំមួយ ​ដើម្បី​ធ្វើ​ដូច្នោះ ។ នៅ​ពេល​យើង​ស្ដាប់ សូម​ឲ្យ​ដួងចិត្ត​យើង​ត្រូវ​បាន​ប៉ះពាល់ ហើយ​សេចក្ដី​ជំនឿ​យើង​កើនឡើង ខ្ញុំ​សូម​លំអោនកាយ​អធិស្ឋាន​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។