ពិធីសាក្រាម៉ង់ និង ដង្វាយធួន
ពិធីបរិសុទ្ធនៃសាក្រាម៉ង់ ត្រូវតែក្លាយជាពិធីដ៏បរិសុទ្ធ ហើយពិសិដ្ឋថែមទៀតចំពោះយើងម្នាក់ៗ។
នាពេលល្ងាចក្នុងសួនច្បារគេតសាម៉ានី និង នៅលើភ្នំកាល់វ៉ារី ព្រះយេស៊ូវបានហៅពួកសាវកទ្រង់មកជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំជាចុងក្រោយ។ ការថ្វាយបង្គំនោះធ្វើឡើងនៅបន្ទប់ខាងលើក្នុងផ្ទះរបស់សិស្សម្នាក់នៅក្រុងយេរូសាឡឹម ហើយវាជាពេលនៃបុណ្យរំលង។1
នៅពីមុខពួកគេមានអាហារសម្រាប់បុណ្យរំលងតាមទំនៀមទម្លាប់ ដូចជា សាច់ចៀមដែលបានធ្វើយញ្ញបូជា ស្រា និងនំប៉័ងគ្មានដំបែ ជាតំណាងឲ្យសេចក្ដីសង្គ្រោះឲ្យរួចពីភាពជាទាសករ និងសេចក្ដីស្លាប់កាលពីបុរាណរបស់ពួកអ៊ីស្រាអែល2 និងនៃការប្រោសលោះដែលនឹងមកដល់នាពេលខាងមុខ។3 កាលការបរិភោគអាហារហៀបនឹងបញ្ចប់ ព្រះយេស៊ូវបានយកនំប៉័ងមកប្រសិទ្ធពរ ហើយកាច់វា4 រួចហុចឲ្យពួកសិស្សទ្រង់ ដោយមានបន្ទូលថា «ចូរយកបរិភោគចុះ»។5 «នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះដើម្បីរំឭកពីខ្ញុំចុះ»។6 តាមរបៀបស្រដៀងគ្នានេះដែរ ទ្រង់បានយកស្រាមួយពែងមកប្រសិទ្ធពរ រួចហុចទៅអ្នកដែលនៅជុំវិញទ្រង់ ដោយមានបន្ទូលថា ៖ «ពែងនេះជាសេចក្ដីសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ»7 «ដែលបានច្រួចចេញ...ប្រយោជន៍នឹងផ្តាច់បាប»។8 «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។9
តាមរបៀបដ៏សាមញ្ញ តែពោរពេញដោយអត្ថន័យនេះ ព្រះយេស៊ូវបានណែនាំពីពិធីបរិសុទ្ធថ្មីមួយដល់រាស្ត្រនៃសេចក្ដីសញ្ញាណរបស់ព្រះ។ ការបង្ហូរឈាមសត្វ ឬការដុតសាច់សត្វដើម្បីចងចាំពីពលិកម្មដ៏ប្រោសលោះរបស់ព្រះគ្រីស្ទដែលនឹងយាងមកគឺគ្មានទៀតឡើយ។10 ផ្ទុយទៅវិញ និមិត្តសញ្ញានៃការបំបែកសាច់ និង ការបង្ហូរលោហិតរបស់ព្រះគ្រីស្ទដែលបានយាងមករួចហើយនោះ នឹងត្រូវបានគេទទួលយក ហើយបរិភោគដើម្បីរំឭកចាំដល់ពលិកម្មដ៏ប្រោសលោះរបស់ទ្រង់វិញ។11 ការចូលរួមនៅក្នុងពិធីបរិសុទ្ធថ្មីនេះ នឹងបញ្ជាក់ដល់មនុស្សទាំងអស់ពីការទទួលយកព្រះយេស៊ូវដ៏មុតមាំមួយ ក្នុងនាមទ្រង់ជាព្រះគ្រីស្ទដែលបានសន្យា និងពីចេតនាទាំងស្រុងដើម្បីធ្វើតាមទ្រង់ ហើយគោរពបទបញ្ញត្តិទ្រង់។ ចំពោះជនដែលនឹងបញ្ជាក់បែបនេះ ហើយរស់នៅតាមការណ៍នេះ នោះសេចក្ដីស្លាប់ខាងវិញ្ញាណនឹង «រំលង» ពួកគេ ហើយពួកគេនឹងទទួលបានជីវិតអស់កល្ប។
ប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូវបានយាងចូលទៅក្នុងសួនច្បារគេតសាម៉ានី ត្រូវបានគេនាំទៅលើភ្នំកាល់វ៉ារី ហើយបានយាងចេញពីផ្នូររបស់អារីម៉ាធីនដោយភាពជោគជ័យ។ បន្ទាប់ពីទ្រង់យាងចេញពីពួកគេទៅ ពួកសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវទាំងក្នុង និងក្រៅក្រុងយេរូសាឡឹម បានមកជួបជុំគ្នានៅថ្ងៃទីមួយនៃសប្ដាហ៍ដើម្បី «កាច់នំបុ័ង»12 ហើយបានធ្វើដោយ «ខ្ជាប់ខ្ជួន»។13 ពិតណាស់ ពួកគេបានធ្វើដូច្នេះ ពុំមែនគ្រាន់តែដើម្បីរំឭកចាំដល់ព្រះអម្ចាស់របស់ពួកគេ ដែលបានយាងចេញទៅប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្ដែងការដឹងគុណ និងសេចក្ដីជំនឿលើការប្រោសលោះដ៏អស្ចារ្យរបស់ទ្រង់ចំពោះពួកគេផងដែរ។
ជាពិសេស កាលព្រះយេស៊ូវបានយាងទៅជួបពួកសិស្សទ្រង់នៅទ្វីបអាមេរិក ទ្រង់ក៏បានណែនាំពិធីសាក្រាម៉ង់ដល់ពួកគេដែរ។14ដោយធ្វើដូចនោះ ទ្រង់បានមានបន្ទូលថា៖ «ហើយការណ៍នេះអ្នករាល់គ្នាត្រូវធ្វើជានិច្ច»15 ហើយ «ជាទីបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាចងចាំដល់យើងជានិច្ច»។16 ជាថ្មីម្ដងទៀត នៅគ្រាចាប់ផ្ដើមនៃការស្ដារឡើងវិញ ព្រះអម្ចាស់បានណែនាំពិធីបរិសុទ្ធនៃសាក្រាម៉ង់ ដោយប្រទានការណែនាំដល់យើងស្រដៀងគ្នាដែលទ្រង់បានប្រទានដល់ពួកសិស្សទ្រង់កាលពីមុនដែរ។17
ពិធីបរិសុទ្ធនៃសាក្រាម៉ង់នេះត្រូវបានហៅថា ជា «ពិធីបរិសុទ្ធមួយដ៏បរិសុទ្ធ ហើយពិសិដ្ឋបំផុតនៅក្នុងសាសនាចក្រ»។18 វាត្រូវតែក្លាយជាពិធីដ៏បរិសុទ្ធ ហើយពិសិដ្ឋថែមទៀតចំពោះយើងម្នាក់ៗ។ ព្រះយេស៊ូវគ្រីស្ទផ្ទាល់ បានណែនាំពិធីបរិសុទ្ធនេះដើម្បីរំឭកយើងពីអ្វីដែលទ្រង់បានធ្វើ ដើម្បីប្រោសលោះយើង ហើយបង្រៀនយើងពីរបៀបដែលយើងអាចប្រើការប្រោសលោះទ្រង់ដោយជោគជ័យ ហើយអាចរស់នៅជាមួយនឹងព្រះម្ដងទៀត។
ជាមួយនឹងនំប៉័ងដែលបានកាច់ យើងបញ្ជាក់ថា យើងចងចាំពីព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ—ជារូបកាយដែលបានរងនូវការឈឺចាប់ ទុក្ខព្រួយ និងការល្បួងគ្រប់ប្រភេទ19 ជារូបកាយដែលទ្រាំទ្របន្ទុកនៃការឈឺចាប់រហូតដល់ចេញឈាមពីគ្រប់គល់រោម20 ជារូបកាយដែលសាច់ឈាមត្រូវរងការវាយដំ រីឯបេះដូងត្រូវឈប់ នៅពេលគេឆ្កាងទ្រង់។21យើងបញ្ជាក់ពីជំនឿយើងថា កាលដែលរូបកាយទ្រង់នោះ ត្រូវបានគេធ្វើគត នោះរូបកាយនោះបានរស់ឡើងវិញចេញពីផ្នូរ ហើយមិនចេះឈឺ ស្អុយរលួយ ឬសេចក្ដីស្លាប់ទៀតឡើយ។22 ហើយកាលយើងយកនំប៉័ងនោះមកទទួលទាន យើងទទួលស្គាល់ថា រូបកាយយើងនឹងត្រូវបានដោះលែងពីចំណងនៃសេចក្ដីស្លាប់ ក្រោកចេញពីផ្នូរដោយភាពជោគជ័យ ហើយត្រូវបានផ្គុំជាមួយនឹងវិញ្ញាណដ៏អស់កល្បរបស់យើង ដូចជារូបកាយរមែងស្លាប់របស់ព្រះគ្រីស្ទដែរ។23
ជាមួយនឹងទឹកមួយពែងតូច យើងបញ្ជាក់ថា យើងចងចាំដល់លោហិតដែលព្រះយេស៊ូវបានច្រួច និងការរងទុក្ខខាងវិញ្ញាណដែលទ្រង់បានស៊ូទ្រាំសម្រាប់មនុស្សលោក។ យើងចងចាំពីការឈឺចាប់ដែលធ្វើឲ្យដំណក់លោហិតជាច្រើនបានស្រក់នៅក្នុងសួនគេតសេម៉ានី។24 យើងចងចាំពីការវាយដំ និងការធ្វើទុក្ខទោសដែលទ្រង់បានស៊ូទ្រាំក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចាប់ចងទ្រង់។25 យើងចងចាំពីលោហិតដែលទ្រង់បានច្រួចចេញពីព្រះហស្ដ ព្រះបាទា និងព្រះចំហៀងទ្រង់ កាលនៅលើភ្នំកាល់វ៉ារី។26 ហើយយើងចងចាំពីព្រះតម្រិះទ្រង់ផ្ទាល់ ពីការរងទុក្ខរបស់ទ្រង់ថា ៖ «ឈឺដល់ណានោះអ្នកមិនដឹងទេ ជ្រួតជ្រាបដល់ណានោះអ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះអ្នកមិនដឹងទេ»។27 កាលយើងផឹកទឹកនោះ យើងទទួលស្គាល់ថា ព្រះលោហិត និងការរងទុក្ខរបស់ទ្រង់ដែលបានធួនសម្រាប់អំពើបាបយើង ហើយថាទ្រង់នឹងបង់សងជំនួសអំពើបាបយើង កាលណាយើងឱបក្រសោប ហើយទទួលយកគោលការណ៍ និង ពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់។
ដូច្នេះ ដោយមាននំប៉័ង និង ទឹក យើងត្រូវបានរំឭកចាំពីសេចក្ដីប្រោសលោះរបស់ព្រះគ្រីស្ទដល់យើងឲ្យរួចផុតពីសេចក្ដីស្លាប់ និងអំពើបាប។ លំដាប់នៃនំប៉័ង និងទឹក គឺជារឿងដ៏សំខាន់។ ដោយទទួលទាននំប៉័ងនោះ យើងត្រូវបានរំឭកចាំពីការរស់ឡើងវិញរបស់យើងនាថ្ងៃខាងមុខ ដែលវាលើសពីការផ្គុំគ្នាឡើងវិញរវាងរូបកាយ និងវិញ្ញាណទៅទៀត។ ដោយអំណាចនៃការរស់ឡើងវិញ យើងទាំងអស់គ្នានឹងត្រូវបាននាំទៅវត្តមានរបស់ព្រះវិញ។28 ភាពប្រាកដប្រជានោះបានធ្វើឲ្យយើងប្រឈមនឹងសំណួរដ៏សំខាន់ក្នុងជីវិត។ សំណួរដ៏សំខាន់ដែលយើងគ្រប់គ្នាមាន គឺពុំមែនថាតើយើងនឹងមានជីវិតរស់ដែរឬអត់នោះទេ ប៉ុន្តែថាតើយើងនឹងរស់នៅជាមួយនរណា ក្រោយពេលយើងស្លាប់ទៅ។ កាលយើងគ្រប់គ្នានឹងត្រឡប់ទៅវត្តមានរបស់ព្រះវិញ ពុំមែនមានន័យថាយើងទាំងអស់គ្នាបានរស់នៅនឹងទ្រង់នោះទេ។
នៅក្នុងជីវិតនេះ យើងគ្រប់គ្នាបានប្រឡាក់ដោយអំពើបាប និងអំពើរំលង។29 យើងនឹងមានគំនិត ពាក្យសម្ដី ការងារដែលខ្វះគុណធម៌។30 និយាយឲ្យខ្លីទៅ យើងនឹងខ្វះភាពស្អាតស្អំ។ ហើយលទ្ធផលនៃការខ្វះភាពស្អាតស្អំនៅក្នុងវត្តមានរបស់ព្រះ នោះព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា៖ «គ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅ ...ក្នុងវត្តមានរបស់ទ្រង់បានឡើយ»។31តថភាពនោះ បានធ្វើឲ្យអាលម៉ាជាកូនឃើញយ៉ាងច្បាស់ ថាគាត់ត្រូវបានធ្វើបាប រងទុក្ខ ហើយឈឺចាប់ដោយសារតែភាពមិនស្អាតស្អំរបស់គាត់ កាលជួបនឹងទេវតាបរិសុទ្ធ រហូតដល់គាត់មានបំណងចង់ «រលត់ទៅទាំងព្រលឹងទាំងរូបកាយ ដើម្បី[គាត់]មិនអាចនាំទៅឈរនៅវត្តមាននៃព្រះ»។32
ក្នុងការទទួលទឹកក្នុងពិធីសាក្រាម៉ង់ យើងត្រូវបានបង្រៀនថា យើងអាចនឹងត្រូវបានលាងជម្រះពីអំពើបាប និងអំពើរំលង ហើយអាចឈរនៅក្នុងវត្តមានរបស់ព្រះ។ តាមរយៈការច្រួចនៃលោហិតដ៏ស្មោះត្រង់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបំពេញតម្រូវការនៃសេចក្ដីយុត្តិធម៌សម្រាប់រាល់អំពើបាប និង អំពើរំលង។ រួចទ្រង់បានសន្យានឹងធ្វើឲ្យយើងបានស្អាតស្អំ បើយើងមានជំនឿលើទ្រង់ល្មមគ្រប់គ្រាន់ដើម្បីប្រែចិត្ត ទទួលយករាល់ពិធីបរិសុទ្ធ និង សេចក្តីសញ្ញានៃសេចក្ដីសង្គ្រោះ ដោយចាប់ផ្ដើមនឹងបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់ពីយើងទទួលព្រះវិញ្ញាណបរិសុទ្ធហើយ យើងត្រូវបានលាងសម្អាត ហើយបានបរិសុទ្ធ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ពីគោលលទ្ធិនេះថា៖
«គ្មានអ្វីដែលពុំស្អាតណាអាចចូលទៅក្នុងនគររបស់ [ព្រះ] បានឡើយ...គ្មានអ្នកណាអាចចូលទៅក្នុងទីសម្រាករបស់ទ្រង់បានទេ លើកលែងតែអ្នកនោះបានលាងសំលៀកបំពាក់របស់ខ្លួន ដោយនូវលោហិតរបស់យើង។ …
«ឥឡូវនេះ នេះគឺជាបញ្ញត្តិថា៖ « ចូរប្រែចិត្តចុះ ឱអ្នករាល់គ្នានៅចុងផែនដីអើយ ហើយចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញជាបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចឈរដោយគ្មានទោសនៅចំពោះយើងនៅថ្ងៃចុងក្រោយបង្អស់ »។33
នេះគឺជាគោលលទ្ធិនៃព្រះគ្រីស្ទ។34 ពេលយើងទទួលគោលលទ្ធិនេះ ហើយរស់នៅឲ្យស្របតាមវា យើងនឹងត្រូវបានលាងដោយលោហិតនៃព្រះគ្រីស្ទ ហើយបានស្អាតស្អំ។35
តាមរយៈការអធិស្ឋានសាក្រាម៉ង់ យើងបង្ហាញការទទួលយករបស់យើងចំពោះគោលលទ្ធិនៃព្រះគ្រីស្ទ និងការតាំងចិត្តរបស់យើងដើម្បីរស់នៅតាមវា។ ក្នុងការអះអាងរបស់យើងចំពោះព្រះដែលជាព្រះវរបិតាយើង យើងប្រកាសថា យើងនឹង «ចងចាំ» ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ជានិច្ច។ ដំបូង យើងធ្វើជាសាក្សីពី «ឆន្ទៈ» របស់យើងដើម្បីចងចាំ។ រួចហើយយើងធ្វើសាក្សីថា យើង «ពិត» ជាចងចាំមែន។ ដោយធ្វើដូច្នេះ យើងកំពុងធ្វើការតាំងចិត្តដ៏មុតមាំ ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីប្រោសលោះរបស់ទ្រង់ ដើម្បីឲ្យយើងរួចពីសេចក្ដីស្លាប់ និងអំពើបាប។
យើងប្រកាសថែមទៀតថា យើងនឹង «គោរពបទញ្ញត្តិរបស់ទ្រង់»។ នោះគឺជាការតាំងចិត្តដ៏មុតមាំដើម្បីប្រែចិត្ត។ បើគំនិត ពាក្យសម្ដី ឬទង្វើយើងមិនដូចអ្វីដែលគួរតែធ្វើ នោះយើងតាំងចិត្តជាថ្មីដើម្បីតម្រង់ជីវិតយើងឲ្យស្របនឹងផ្លូវទ្រង់នៅថ្ងៃខាងមុខ។
បន្ទាប់ទៀត យើងប្រកាសថា យើង «នឹងព្រមលើកដាក់មកលើខ្លួន [យើង] នូវព្រះនាមនៃព្រះរាជបុត្រា»។36 នៅគឺជាការតាំងចិត្តដ៏មុតមាំ ដើម្បីបន្ទន់ខ្លួនយើងទៅរកសិទ្ធិអំណាចរបស់ទ្រង់ ហើយធ្វើកិច្ចការទ្រង់ ដែលរួមបញ្ចូលទាំង ការទទួលនៅរាល់ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃសេចក្ដីសង្គ្រោះសម្រាប់ខ្លួនឯងផងដែរ។37
ពេលយើងតាំងចិត្តកាន់តាមគោលការណ៍ទាំងនេះ យើងត្រូវបានសន្យានៅក្នុងការអធិស្ឋានសាក្រាម៉ង់ថា យើងនឹង «មានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [យើង]»។38 ការទទួលបានព្រះវិញ្ញាណម្ដងទៀត គឺជាពរជ័យមួយដ៏ខ្ពស់បំផុត ដោយសារព្រះវិញ្ញាណគឺជាភ្នាក់ងារដែលលាងជម្រះ ហើយធ្វើឲ្យយើងបានស្អាតពីអំពើបាប និងអំពើរំលង។39
បងប្អូនប្រុសស្រី ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅពេលនេះ និងដ៏អស់កល្បជានិច្ចគឺជាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ដែលសម្រេចបាននូវដង្វាយធួន បានប្រទានពិធីបរិសុទ្ធនៃសាក្រាម៉ង់ដល់យើង ដើម្បីជួយយើងឲ្យចងចាំ ហើយក៏ប្រកាសយកនូវរាល់ពរជ័យនៃដង្វាយធួននេះផងដែរ។ ការចូលរួមនៅក្នុងពិធីបរិសុទ្ធដោយទៀងទាត់ ហើយស្មោះត្រង់ ជួយយើងឲ្យបន្តឱបក្រសោប ហើយរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទ បន្ទាប់ពីបុណ្យជ្រមុជទឹក ហើយដោយ របៀបនោះ យើងធ្វើតាម ហើយបំពេញដំណើរការនៃការធ្វើឲ្យបរិសុទ្ធ។ ការពិត ពិធីបរិសុទ្ធនៃសាក្រាម៉ង់ជួយយើងឲ្យកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយស្មោះត្រង់ ហើយទទួលភាពពេញលេញនៃព្រះវរបិតាតាមរបៀបដូចគ្នា ដែលព្រះយេស៊ូវបានទទួល ជាព្រះគុណថែមលើព្រះគុណ។40
ខ្ញុំសូមថ្លែងជាសាក្សីពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រោសលោះយើងទាំងអស់គ្នាឲ្យរួចពីសេចក្ដីស្លាប់ និងអំពើបាប និងពីអំណាចនៃពិធីបរិសុទ្ធនៃបព្វជិតភាពរបស់ទ្រង់ រួមបញ្ចូលទាំង ពិធីសាក្រាម៉ង់ផងដែរ ដើម្បីរៀបចំយើងអាច «មើលឃើញព្រះភ័ក្ត្រនៃព្រះ ជាព្រះវរបិតា ហើយរស់នៅ»។41 សូមឲ្យយើងទទួលសាក្រាម៉ង់នៅសប្ដាហ៍ក្រោយ និងសប្ដាហ៍ក្រោយៗទៀត ដោយមានបំណងដ៏ជ្រាលជ្រៅ ហើយមានគោលបំណងស្មោះជាងមុន ខ្ញុំសូមអធិស្ឋានក្នុងព្រះនាមនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។