ចូរធ្វើឲ្យការអនុវត្តសេចក្ដីជំនឿបងប្អូនក្លាយជាអាទិភាពទីមួយ
ថ្វីបើយើងមានឧបសគ្គក្នុងជីវិតធំប៉ុណ្ណាក៏ដោយ យើងត្រូវតែឈ្លាតពេល ដើម្បីអនុវត្តសេចក្ដីជំនឿរបស់យើងឲ្យសកម្ម។
កាលអ័ដាម និង នាងអេវ៉ានៅក្នុងសួនច្បារអេដែន អ្វីៗទាំងអស់ដែលពួកគេត្រូវការសម្រាប់ការផ្គត់ផ្តង់រូបកាយប្រចាំថ្ងៃត្រូវបានប្រទានឲ្យពួកគេយ៉ាងបរិបូរណ៍។ ពួកគេគ្មានភាពលំបាក ឧបសគ្គ ឬការឈឺចាប់ឡើយ។ ដោយសារពួកគេពុំធ្លាប់ជួបនឹងគ្រាលំបាក ពួកគេមិនដឹងថា ពួកគេអាចរីករាយឡើយ។ ពួកគេពុំធ្លាប់មានអារម្មណ៍ច្របូលច្របល់ ដូច្នេះពួកគេក៏គ្មានអារម្មណ៍នៃសេចក្ដីសុខសាន្តដែរ។
នៅទីបំផុត អ័ដាម និងនាងអេវ៉ាបានរំលងនឹងបង្គាប់ដែលហាមមិនឲ្យហូបផ្លៃនៃដើមសម្រាប់ដឹងខុសត្រូវ។ ដោយហេតុនេះ ពួកគេលែងស្ថិតនៅក្នុងស្ថានភាពគ្មានទោសកំហុសទៀតហើយ។ ពួកគេបានចាប់ផ្ដើមប្រឈមមុខនឹងគោលការណ៍នៃការផ្ទុយ។ ពួកគេបានចាប់ផ្ដើមប្រឈមមុខនឹងជំងឺដែលធ្វើឲ្យសុខភាពពួកគេចុះខ្សោយ។ ពួកគេបានចាប់ផ្ដើមមានអារម្មណ៍សោកសៅ និងក្ដីអំណរផងដែរ។
តាមរយៈការបរិភោគផែ្លឈើហាមឃាត់របស់អ័ដាម និងនាងអេវ៉ា ការដឹងខុសត្រូវបានកើតមានក្នុងពិភពលោកនេះ។ ជម្រើសពួកគេធ្វើឲ្យយើងម្នាក់ៗអាចមកកាន់ផែនដីនេះដើម្បីទទួលការសាកល្បង។1យើងមានពរដោយមានសិទ្ធិជ្រើសរើសដែលជាសមត្ថភាពយើងក្នុងការសម្រេចចិត្ត ហើយការទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនោះ។ ការធ្លាក់នេះធ្វើឲ្យអារម្មណ៍នៃសុភមង្គល និង ភាពសោកសៅកើតមានក្នុងជីវិតយើង។ យើងអាចយល់ពីសេចក្ដីសុខសាន្ត ដោយសារយើងយល់ពីអារម្មណ៍នៃភាពច្របូកច្របល់។2
ព្រះវរបិតាសួគ៌យើងជ្រាបថា រឿងនេះនឹងកើតឡើងចំពោះយើង។ វាជាផ្នែកនៃផែនការនៃសុភមង្គលដ៏ល្អឥតខ្ចោះរបស់ទ្រង់។ ទ្រង់បានរៀបចំផ្លូវមួយតាមរយៈជីវិតនៃព្រះរាជបុត្រាដ៏ស្ដាប់បង្គាប់ដោយឥតខ្ចោះបំផុតរបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីឲ្យដង្វាយធួនទ្រង់យកឈ្នះរាល់ការលំបាកដែលយើងអាចជួបនៅក្នុងជីវិតនេះ។
យើងរស់នៅក្នុងគ្រានៃការសាកល្បង ។ ខ្ញុំពុំចាំបាច់រៀបរាប់នៅរាល់ប្រភពអាក្រក់ក្នុងពិភពលោកនេះទេ។ វាពុំចាំបាច់ដើម្បីរៀបរាប់នៅរាល់ឧបសគ្គ និង ការខូចចិត្តដែលជាផ្នែកនៃជីវិតនេះទេ។ យើងម្នាក់ៗបានដឹងយ៉ាងច្បាស់ពីភាពស្មុគស្មាញផ្ទាល់ខ្លួនជាមួយនឹង ការល្បួង ការឈឺចាប់ និង ភាពសោកសៅ។
យើងត្រូវបានបង្រៀននៅក្នុងពិភពមុនឆាកជីវិតនេះថា គោលបំណងយើងមកទីនេះដើម្បីត្រូវបានសាកល្បង ហើយរីកចម្រើន។3 យើងបានដឹងថា យើងនឹងជួបអំពើអាក្រក់របស់មារសត្រូវ។ ពេលខ្លះ យើងអាចដឹងពីរឿងអវិជ្ជមាននៃជីវិតនេះច្រើនជាងរឿងវិជ្ជមានទៅទៀត។ ព្យាការី លីហៃ បានបង្រៀនថា «ត្បិតជាការចាំបាច់ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើ»។4 ថ្វីបើយើងមានឧបសគ្គក្នុងជីវិតធំប៉ុណ្ណាក៏ដោយ យើងត្រូវតែឈ្លាតពេលដើម្បីអនុវត្តសេចក្ដីជំនឿយើងឲ្យសកម្ម។ ការអនុវត្តបែបនេះអញ្ជើញអំណាចវិជ្ជមានពេញដោយសេចក្ដីជំនឿនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតយើង។
ព្រះវរបិតាសួគ៌យើងបានប្រទានឲ្យយើងនូវឧបករណ៍ដើម្បីជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយអនុវត្តសេចក្ដីជំនឿលើដង្វាយធួនរបស់ទ្រង់។ កាលឧបករណ៍ទាំងនេះក្លាយជាទម្លាប់ដ៏រឹងមាំ វាផ្ដល់ជាវិធីយ៉ាងងាយស្រួលបំផុតដល់ការស្វែងរកសេចក្ដីសុខសាន្តក្នុងឧបសគ្គនៃជីវិតនេះ។ ថ្ងៃនេះ ខ្ញុំបានជ្រើសយកឧបករណ៍ទាំងនេះចំនួនបួនមកពិភាក្សា។ កាលខ្ញុំនិយាយ សូមពិចារណា វាយតម្លៃនូវការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បងប្អូនចំពោះឧបករណ៍នីមួយៗ រួចស្វែងរកការដឹកនាំពីព្រះអម្ចាស់ដើម្បីកំណត់ពីរបៀបដែលបងប្អូនអាចប្រើវាឲ្យប្រសើរជាងមុន។
ការអធិស្ឋាន
ឧបករណ៍ទីមួយគឺ ការអធិស្ឋាន។ សូមជ្រើសរើសធ្វើការសន្ទនានឹងព្រះវរបិតាសួគ៌ជារឿយៗ។ សូមចំណាយពេលរាល់ថ្ងៃដើម្បីចែកចាយគំនិត និង អារម្មណ៍របស់បងប្អូននឹងទ្រង់។ សូមប្រាប់ទ្រង់រឿងគ្រប់យ៉ាង ដែលធ្វើឲ្យបងប្អូនខ្វល់ចិត្ត។ ទ្រង់ចង់ដឹងទាំងរឿងដ៏សំខាន់ និងរឿងដ៏សាមញ្ញបំផុតក្នុងជីវិតរបស់បងប្អូន។ សូមចែកចាយអារម្មណ៍ និងបទពិសោធន៍ដ៏ពេញលេញរបស់បងប្អូនជាមួយនឹងទ្រង់។
ដោយសារទ្រង់គោរពដល់សិទ្ធិជ្រើសរើសរបស់បងប្អូន នោះព្រះវរបិតាសួគ៌នឹងមិនបង្ខំបងប្អូនឲ្យអធិស្ឋានទៅទ្រង់ឡើយ។ ប៉ុន្តែកាលបងប្អូនអនុវត្តសិទ្ធិជ្រើសរើសនោះ ហើយដាក់បញ្ចូលទ្រង់នៅគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់បងប្អូន នោះដួងចិត្តរបស់បងប្អូននឹងចាប់ផ្ដើមពោរពេញដោយក្ដីសុខសាន្តដ៏រីករាយ។ សេចក្តីសុខសាន្តនោះ នឹងផ្ដោតលើភាពស្មុគស្មាញនៅក្នុងពន្លឺដ៏អស់កល្បមួយ។ វានឹងជួយបងប្អូនឲ្យគ្រប់គ្រងលើឧបសគ្គទាំងនេះដោយទស្សនៈដ៏អស់កល្ប។
ឪពុកម្ដាយទាំងឡាយ សូមជួយការពារកូនចៅបងប្អូនដោយឃុំគ្រងពួកគេតាមរយៈអំណាចនៃការអធិស្ឋានជាគ្រួសារទាំងយប់ទាំងថ្ងៃ។ កូនចៅត្រូវបានវាយប្រហារជារៀងរាល់ថ្ងៃដោយអំពើអាក្រក់នៃតណ្ហា ភាពលោភលន់ ភាពឆ្មើងឆ្មៃ និង ឥរិយាបថពោរពេញដោយអំពើបាបផ្សេងទៀតជាច្រើន។ សូមការពារកូនចៅបងប្អូនពីឥទ្ធិពលប្រចាំថ្ងៃខាងលោកិយ ដោយពង្រឹងពួកគេជាមួយនឹងពរជ័យដ៏មានឥទ្ធិពលដែលកើតចេញពីការអធិស្ឋានជាគ្រួសារ។ ការអធិស្ឋានជាគ្រួសារ គួរជាអាទិភាពដ៏រឹងមាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូន។
ការសិក្សាព្រះគម្ពីរ
ឧបករណ៍ទីពីរគឺ ការសិក្សាព្រះបន្ទូលនៃព្រះនៅក្នុងព្រះគម្ពីរ និង ប្រសាសន៍របស់ពួកព្យាការីបច្ចុប្បន្ន។ យើងនិយាយទៅកាន់ព្រះដោយការអធិស្ឋាន។ ជាទូទៅ ទ្រង់ទាក់ទងមកយើងវិញតាមរយៈបន្ទូលរបស់ទ្រង់ ដែលបានសរសេរទុក។ ដើម្បីបានដឹងថា តើព្រះសូរសៀងទ្រង់មានលក្ខណៈ និងអារម្មណ៍បែបណា សូមអានបន្ទូលទ្រង់ សូមសិក្សាព្រះគម្ពីរ ហើយពិចារណាព្រះបន្ទូលទាំងនោះ។5 សូមធ្វើឲ្យវាក្លាយជាផ្នែកមួយដ៏ចាំបាច់នៃជីវិតប្រចាំថ្ងៃ។ បើបងប្អូនចង់ឲ្យកូនចៅស្គាល់ យល់ ហើយធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ នោះបងប្អូនត្រូវតែសិក្សាព្រះគម្ពីរជាមួយនឹងពួកគេ។
សូមកុំជឿពាក្យកុហករបស់សាតាំងថា បងប្អូនគ្មានពេលសិក្សាព្រះគម្ពីរឲ្យសោះឡើយ។ សូមជ្រើសរសើយកពេលសិក្សាព្រះគម្ពីរទាំងនោះ។ ការទទួលទានព្រះបន្ទូលព្រះរៀងរាល់ថ្ងៃគឺសំខាន់ជាងការដេក សាលារៀន កម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬបណ្ដាញសង្គមទៅទៀត។ បងប្អូនត្រូវស្គាល់ពីអាទិភាពខ្លួនឯង ដើម្បីមានពេលសិក្សាព្រះបន្ទូលរបស់ព្រះ។ បើដូច្នេះមែន សូមធ្វើបែបនោះចុះ!
មានការសន្យាដែលបានព្យាករជាច្រើនស្ដីពី ពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ។6
ខ្ញុំសូមបន្ថែមសំឡេងខ្ញុំនឹងការសន្យានេះថា៖ ពេលបងប្អូនលះបង់ពេលរាល់ថ្ងៃ ទាំងពេលផ្ទាល់ខ្លួន និង ជាគ្រួសារ ដើម្បីសិក្សាព្រះបន្ទូលព្រះ នោះសេចក្តីសុខសាន្តនឹងកើតមានក្នុងជីវិតបងប្អូន។ សេចក្តីសុខសាន្តនោះនឹងមិនកើតមានឡើង ចេញមកពីពិភពលោកខាងក្រៅឡើយ។ វានឹងកើតចេញពីផ្ទះបងប្អូន ចេញពីគ្រួសារបងប្អូន និងចេញពីដួងចិត្តបងប្អូនផ្ទាល់។ វានឹងក្លាយជាអំណោយទាននៃព្រះវិញ្ញាណ។ វានឹងសាយភាយចេញមកពីបងប្អូនដើម្បីជះឥទ្ធិពលដល់មនុស្សជុំវិញក្នុងពិភពលោកនេះ។ បងប្អូននឹងធ្វើអ្វីមួយដែលសំខាន់បំផុត ដើម្បីបន្ថែមឲ្យមានសេចក្តីសុខសាន្តថែមទៀតក្នុងពិភពលោកនេះ។
ខ្ញុំមិនប្រកាសថា ជីវិតបងប្អូននឹងលែងមានឧបសគ្គនោះទេ។ សូមចាំថា កាលអ័ដាម និង នាងអេវ៉ានៅក្នុងសួនច្បារ ពួកគេគ្មានឧបសគ្គ ប៉ុន្តែពួកគេមិនស្គាល់ពីសុភមង្គល សេចក្ដីអំណរ និង សេចក្ដីសុខសាន្តឡើយ។7ឧបសគ្គជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតនេះ។ តាមរយៈការសិក្សាព្រះគម្ពីរជាទៀងទាត់ប្រចាំថ្ងៃ នោះបងប្អូននឹងរកឃើញសេចក្តីសុខសាន្តក្នុងភាពច្របូកច្របល់នៅជុំវិញខ្លួន ហើយមានកម្លាំងដើម្បីតតាំងនឹងការល្បួង។ បងប្អូននឹងបង្កើតសេចក្ដីជំនឿដ៏រឹងមាំលើព្រះគុណនៃព្រះ ហើយដឹងថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អ្វីៗនឹងត្រូវបានធ្វើឲ្យបានប្រសើរឡើងស្របតាមកាលវេលារបស់ព្រះ។
រាត្រីជួបជុំក្រុមគ្រួសារ
កាលបងប្អូនកំពុងខិតខំពង្រឹងគ្រួសារខ្លួន ហើយបីបាច់សេចក្តីសុខសាន្ត សូមចងចាំពីឧបករណ៍ទីបីនេះ គឺ៖ រាត្រីជួបជុំក្រុមគ្រួសាររាល់សប្ដាហ៍។ ចូរប្រុងប្រយ័ត្នកុំធ្វើឲ្យរាត្រីជួបជុំក្រុមគ្រួសាររបស់បងប្អូន គ្មានអាទិភាពនៅក្នុងពេលរវល់ឲ្យសោះ។ សូមសម្រេចចិត្តថា នៅយប់ថ្ងៃចន្ទ គ្រួសារបងប្អូននឹងនៅផ្ទះជុំគ្នា។ ចូរកុំឲ្យការងារ កីឡា សកម្មភាពបន្ថែមទៀត កិច្ចការសាលា ឬអ្វីផ្សេងទៀតក្លាយជារឿងសំខាន់ជាងពេលដែលបងប្អូនត្រូវចំណាយពេលរួមគ្នាជាមួយគ្រួសារនៅផ្ទះសោះឡើយ។
ការរៀបចំពេលល្ងាចរបស់បងប្អូនមិនសំខាន់ដូចជាពេលដែលបានផ្ដល់ឲ្យនោះទេ។ ដំណឹងល្អគួរតែត្រូវបានបង្រៀនទាំងជាផ្លូវការ និង មិនជាផ្លូវការ។ សូមធ្វើឲ្យវាក្លាយជាបទពិសោធន៍ដ៏មានន័យមួយសម្រាប់សមាជិកគ្រួសារម្នាក់ៗ។ រាត្រីជួបជុំក្រុមគ្រួសារ គឺពេលដ៏មានតម្លៃដើម្បីថ្លែងទីបន្ទាល់ក្នុងបរិយាកាសដ៏មានសុវត្ថិភាព ដើម្បីរៀនបង្រៀន ធ្វើផែនការ និងជំនាញគ្រប់គ្រង ដើម្បីពង្រឹងចំណងគ្រួសារ ដើម្បីបង្កើតប្រពៃណីគ្រួសារ ដើម្បីនិយាយរកគ្នា ហើយសំខាន់បំផុតនោះគឺ មានភាពរីករាយ!
ក្នុងសន្និសីទទូទៅខែមេសា ស៊ិស្ទើរ លីនដា អេស រីវស៍ បានប្រកាសយ៉ាងមុតមាំថា៖ «ខ្ញុំត្រូវថ្លែងទីបន្ទាល់ពីពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ និង ការអធិស្ឋាន និង រាត្រីជួបជុំក្រុមគ្រួសាររាល់សប្ដាហ៍។ ទាំងនេះជាការអនុវត្តដ៏ល្អបំផុតដែលជួយដកចេញនូវសម្ពាធ ផ្ដល់នូវការដឹកនាំដល់ជីវិតយើង ហើយបន្ថែមការការពារដល់គេហដ្ឋានយើង»។8 ស៊ិស្ទើរ រីវស៍ គឺជាស្ដ្រីដ៏ឆ្លាតមួយរូប។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យរកទីបន្ទាល់ផ្ទាល់ខ្លួនស្ដីពីទម្លាប់ដ៏សំខាន់ទាំងបីនេះ។
ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ
ឧបករណ៍ទីបួនគឺការទៅព្រះវិហារបរិសុទ្ធ។ យើងទាំងអស់គ្នាដឹងថា គ្មានកន្លែងណាមួយនៅលើផែនដីនេះ ដែលពោរពេញដោយសេចក្តីសុខសាន្ត ជាងនៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះឡើយ។ បើបងប្អូនគ្មានបណ្ណ័ចូលព្រះវិហារបរិសុទ្ធ សូមមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីមានវា។ ពេលបងប្អូនមានប័ណ្ណនេះ សូមប្រើវាជារឿយៗ។9 សូមដាក់កាលវិភាគទៀងទាត់មួយ ដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធ។ ចូរកុំឲ្យនរណាម្នាក់ ឬអ្វីផ្សេងទៀត មករារាំងបងប្អូនមិនឲ្យទៅទីនោះឡើយ។
កាលបងប្អូននៅក្នុងព្រះវិហារបរិសុទ្ធ សូមស្ដាប់ពាក្យពេចន៍នៃពិធីបរិសុទ្ធ ពិចារណាវា អធិស្ឋានពីវា ហើយស្វែងយល់ពីអត្ថន័យវា។ ព្រះវិហារបរិសុទ្ធជាកន្លែងមួយដ៏ល្អបំផុតដើម្បីយល់ដឹងពីអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមស្វែងរកទ្រង់នៅទីនោះ។ សូមចងចាំថា ពរជ័យជាច្រើនទៀតកើតចេញមកពីការផ្ដល់ឈ្មោះមរណជនរបស់បងប្អូនផ្ទាល់ទៅក្នុងព្រះវិហារបរិសុទ្ធ។
ឧបករណ៍ទាំងបួននេះគឺជា ទម្លាប់ដ៏សំខាន់ដើម្បីធ្វើឲ្យជីវិតបងប្អូនមានសុវត្ថិភាពនៅក្នុងអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមចាំថា ព្រះអង្គសង្គ្រោះយើងគឺជាព្រះអម្ចាស់នៃមេត្រីភាព។ សេចក្ដីសុខសាន្តក្នុងជីវិតនេះ កើតចេញមកពីពលិកម្មធួនរបស់ទ្រង់។ ពេលយើងអធិស្ឋានជាទៀងទាត់ ទាំងយប់ទាំងថ្ងៃ សិក្សាព្រះគម្ពីរយើងជាប្រចាំថ្ងៃ មានរាត្រីជួបជុំក្រុមគ្រួសារ ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ នោះយើងកំពុងតែឆ្លើយតបយ៉ាងសកម្មចំពោះការអញ្ជើញរបស់ទ្រង់ ឲ្យ «មករកទ្រង់» ហើយ។ កាលណាយើងបង្កើតទម្លាប់នេះឲ្យបានច្រើន នោះសាតាំងកាន់តែមានចិត្តអន្ទះអន្ទែងចង់ធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែវាមានលទ្ធភាពតិចតួចណាស់ ដើម្បីធ្វើដូច្នេះបាន។ តាមរយៈការប្រើឧបករណ៍ទាំងបួននេះ យើងអនុវត្តសិទ្ធិជ្រើសរើសយើងដើម្បីទទួលយកអំណោយទានដ៏ពេញលេញនៃពលិកម្មធួនរបស់ទ្រង់។
ខ្ញុំពុំមែនចង់មានន័យថា រាល់ភាពស្មុគស្មាញក្នុងជីវិតនេះនឹងរលាយបាត់ កាលបងប្អូនធ្វើរឿងទាំងនេះនោះទេ។ ពិតណាស់ យើងបានមកក្នុងជីវិតរមែងស្លាប់ ដើម្បីមានការរីកចម្រើនចេញមកពីការសាកល្បងទាំងឡាយ។ ឧបសគ្គនានាជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យើង ហើយដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យយើងអាចស៊ូទ្រាំនឹងឧបសគ្គទាំងនោះបាន។10 ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងមករកទ្រង់ដោយសកម្ម នោះយើងអាចស៊ូទ្រាំនៅរាល់ការល្បួង ការខូចចិត្ត និងរាល់ឧបសគ្គដែលយើងជួប ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។