ការស្វែងរកសេចក្តីសុខសាន្តដ៏និរន្តរ៍ និង កសាងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច
វាគឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ជាគ្រឹះ ដែលយើងអាចស្វែងរកសេចក្តីសុខសាន្តដ៏នៅអស់កល្បជានិច្ច ហើយស្ថាបនាអង្គភាពគ្រួសារដ៏នៅអស់កល្បជានិច្ច។
ដំណើរឆ្លងកាត់ឆាកជីវិតយើង មានពេលទាំងពេលល្អ និងពេលអាក្រក់។ ពេលនីមួយៗគឺមាននូវឧបសគ្គខុសៗគ្នា។ របៀបដែលយើងរៀន ដើម្បីបត់បែនស្របតាមការផ្លាស់ប្តូរដែលកើតមានជាលំដាប់លំដោយ អាស្រ័យទៅលើគ្រឹះដែលយើងសង់លើ។ ដំណឹងល្អរបស់ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះយើងផ្តល់នូវគ្រឹះដ៏ពិតប្រាកដ និងរឹងមាំ។ គ្រឹះនេះសាងសង់ឡើងមួយបំណែកម្តងៗ កាលយើងទទួលបានចំណេះដឹងនៃផែនការដ៏អស់កល្បជានិច្ចរបស់ព្រះអម្ចាស់សម្រាប់កូនចៅរបស់ទ្រង់។ ព្រះអង្គសង្រ្គោះគឺជាគ្រូដ៏ឈ្លាសវៃជាងគេបំផុត។ យើងធ្វើតាមទ្រង់។
ព្រះគម្ពីរថ្លែងទីបន្ទាល់ពីទ្រង់ ហើយផ្ដល់នូវគំរូនៃសេចក្តីសុចរិតដ៏ឥតខ្ចោះ សម្រាប់យើងធ្វើតាម។ ខ្ញុំបានចែកចាយជាមួយក្រុមសមាជិកនៃសាសនាចក្រ នៅក្នុងសន្និសីទមុនថា ខ្ញុំមានសៀវភៅសរសេរ ដែលម្តាយខ្ញុំបានកត់ត្រានូវសម្ភារៈដែលគាត់បានប្រើប្រាស់ដើម្បីរៀបចំមេរៀនក្នុងថ្នាក់សមាគមសង្រ្គោះរបស់គាត់។ កំណត់ចំណាំនោះគឺរៀបចំដូចសព្វថ្ងៃនេះដែរ។ ក្នុងនោះមានសេចក្តីដកស្រង់ដែលសរសេរនៅក្នុងឆ្នាំ 1908 ដោយ ឆាលីស អេឌវឺឌ ជែហ្វឺសុនពីបុគ្គលិកលណ្ខៈរបស់ព្រះយេស៊ូវគ្រីស្ទ។ វាអានថា៖
«ដើម្បីធ្វើជាគ្រីស្ទានម្នាក់ គឺត្រូវស្ងើចសរសើរដល់ព្រះយេស៊ូវ យ៉ាងស្មោះសរ និងយ៉ាងក្លៀវក្លា ដែលជីវិតទាំងមូលត្រូវលះបង់សម្រាប់ទ្រង់ ក្នុងការប៉ងប្រាថ្នាយ៉ាងខ្លាំងឲ្យប្រែក្លាយដូចទ្រង់។
« ... យើងអាចស្គាល់ទ្រង់យ៉ាងជាក់ច្បាស់តាមរយៈព្រះបន្ទូលដែលទ្រង់មានបន្ទូល តាមរយៈទង្វើដែលទ្រង់ធ្វើ ហើយនឹងតាមរយៈភាពស្ងៀមស្ងាត់របស់ទ្រង់។ យើងក៏អាចស្គាល់ទ្រង់ផងដែរ តាមរយៈទង្វើនិងឥរិយាបទដំបូង ដែលទ្រង់បានសំដែង ចំពោះមិត្តរបស់ទ្រង់ ទីពីរចំពោះបច្ចាមិត្រ និងទីបីចំពោះអស់អ្នកដែលរស់នៅជំនាន់ទ្រង់។ …
«ទិដ្ឋភាពមួយនៅទសវត្សរ៍ទីម្ភៃ ជីវិតគឺពុំរីករាយទេ [ហើយខ្វល់ខ្វាយ]។ …
« … ពិភពលោកទាំងមូលស្រែកទទូចអង្វរចង់បានអ្វីមួយ តែពុំដឹងថាខ្លួនចង់បានអ្វីនោះទេ។ ទ្រព្យសម្បត្តិក៏បានមក … [ហើយ] ពិភពលោកនេះគឺពោរពេញទៅដោយ… ការប្រឌិតថ្មីតាមជំនាញរបស់មនុស្ស និងទេពកោសល្យ តែ…យើង [នៅតែ] ចលាចល មិនស្កប់ចិត្ត [ហើយ] ច្របូកច្របល់។ … [បើយើងបើក] គម្ពីរសញ្ញាចាស់ [យើងត្រូវបានស្វាគមន៍ដោយពាក្យទាំងនេះ] ’ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ខ្ញុំជានំបុ័ងជីវិត ខ្ញុំជាពន្លឺនៃលោកិយ បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងបានព្រះចេស្តា អ្នករាល់គ្នានឹងមានចិត្តអរសប្បាយ’» (The Character of Jesus [ឆ្នាំ 1908], 7, 11, 15–16)។
មនុស្សប្រុសស្រីទាំងឡាយ គឺត្រូវបានទទួលឥទ្ធិពលខ្លះៗពីអ្នកដែលគេជ្រើសរើសរស់នៅតាម។ អស់អ្នកដែលពួកគេស្ងើចសរសើរ ហើយព្យាយាមលើកតំកើងក៏មានឥទ្ធិពលលើពួកគេដែរ។ ព្រះយេស៊ូវគឺជាគំរូដ៏អស្ចារ្យបំផុត។ វិធីតែមួយគត់ដើម្បីរកឃើញសេចក្តីសុខសាន្តដ៏អស់កល្បជានិច្ច គឺការរស់នៅ និងធ្វើតាមទ្រង់។
តើលក្ខណសម្បត្តិណាខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ដែលមានតម្លៃចំពោះការសិក្សារបស់យើង?
«អ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មី… កុំខ្វល់ខ្វាយពីរូបរាង្គរបស់[ព្រះយេស៊ូវ] សំលៀកបំពាក់ដែលទ្រង់ពាក់ ឬផ្ទះដែលទ្រង់រស់នៅឡើយ។ ទ្រង់បានប្រសូតនៅក្នុងក្រោលចៀម ធ្វើការនៅរោងជាងឈើ ទ្រង់បានបង្រៀនអស់រយៈពេលបីឆ្នាំ បន្ទាប់មកក៏សុគតនៅលើឈើឆ្គាង… ព្រះគម្ពីរសញ្ញាថ្មី គឺត្រូវបានសរសេរដោយមនុស្ស ដែលបានសន្មត់ថាយើង… យកចិត្តទុកដាក់តែទៅលើ [ទ្រង់]» (The Character of Jesus, 21–22) ដោយការជឿជាក់ថា ទ្រង់ពិតជាព្រះរាជបុត្រារបស់ព្រះ ជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះនៃពិភពលោក។
ខ្ញុំជឿថា មានរឿងប្រៀបធៀបមួយរបស់ព្រះអង្គសង្រ្គោះ គឺអនុវត្តចំពោះយើងជាពិសេស។
វាមាននៅក្នុង ម៉ាថាយ ជំពូក 13, យើងអានថា៖
«ប៉ុន្តែកាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ។
«លុះ ពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ។
«ពូកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែលោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក។
«គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ។ រួចពួកបាវសួរថា ដូច្នេះតើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ។
«គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ។
«ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូតថា ចូរច្រូតសង្រែសិន ហើយចងជាកណ្តាប់ ទុកសម្រាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ » ។ (ខទី 25–30)។
សត្រូវពីដើមរបស់មនុស្សទាំងអស់ បានរកឃើញមធ្យោបាយជាច្រើន តាមដែលវាអាចគិតដល់ដើម្បីព្រោះស្រងែទាំងឆ្ងាយ ទាំងជិត។ វាបានរកឃើញវិធីផ្សេងៗ ដើម្បីទំលុះចូលសូម្បីតែទីបរិសុទ្ធនៃផ្ទះរបស់យើង។ ផ្លូវទុច្ចរិត និងផ្លូវខាងលោកិយ បានរីកសុះសាយ វាហាក់ដូចជាគ្មានវិធីពិតប្រាកដណាមួយ ដើម្បីដកវាចេញឡើយ។ អំពើទាំងនេះផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើរណែត និងរលកអាកាសតាមឧបករណ៍ដែលយើងបានបង្កើតទុកសម្រាប់ការអប់រំ និងកំសាន្តសប្បាយ។ ស្រូវសាលី និងស្រងែបានដុះឡើងជាមួយគ្នា។ ពួកបាវបម្រើចាត់ចែងវាលស្រែ ត្រូវតែបំប៉នអស់ពីសមត្ថភាពគាត់ ចំពោះអ្វីដែលល្អ ហើយធ្វើឲ្យវារឹងមាំ ហើយស្រស់ស្អាត នោះស្រងែនឹងមិនទៅរកភ្នែក ឬត្រចៀកឡើយ។ យើងមានពរជ័យណាស់ដែលធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ដែលមានដំណឹងល្អដ៏មានតម្លៃនៃព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង ជាគ្រឹះដែលយើងអាចស្ថាបនាជីវិតរបស់យើងបាន។
ដកស្រង់ចេញពីព្រះគម្ពីរមរមន នៅក្នុង នីហ្វៃទី2 បានអាន៖ «ត្បិតមើលចុះ ខ្ញុំនិយាយទៅអ្នកទៀតថា បើសិនជាអ្នករាល់គ្នានឹងចូលទៅតាមផ្លូវនោះ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់អ្នក នូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ»។ ( នីហ្វៃទី2 32:5)។
យើងមិនត្រូវបណ្តោយឲ្យសំឡេងនៃលោកិយគ្របសង្កត់ និងសន្ធប់លើសំឡេងតូចរហៀងនោះទេ។
យើងនឹងត្រូវបានព្រមានប្រាប់យ៉ាងប្រាកដពីហេតុការណ៍ដែលយើងនឹងជួបប្រទះនៅសម័យយើង ។ ឧបសគ្គយើងគឺអាស្រ័យទៅលើរបៀបដែលយើងរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលព្រះអម្ចាស់មានបន្ទូលថានឹងកើតឡើងយ៉ាងប្រាកដ។
មនុស្សជាច្រើនក្នុងសង្គមដ៏គួរឲ្យព្រួយបារម្ភយល់ថា ការបែកបាក់គ្រួសារគ្រាន់តែនាំឲ្យមានការសោកស្តាយ និងអស់សង្ឃឹមនៅក្នុងពិភពលោកដ៏ស្មុគស្មាញប៉ុណ្ណោះ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងមានកាតព្វកិច្ចក្នុងការរក្សា និងការពារក្រុមគ្រួសារជាកត្តាមូលដ្ឋានគ្រឹះនៃសង្គម និងនិរន្តរ៍ភាព។ ព្យាការីបានព្រមាន ហើយហាមទុកជាមុនអំពីលទ្ធផល និងការបំបាក់បំបែកនៃតម្លៃគ្រួសារដែលមិនអាចជៀសរួច។
កាលណាលោកិយបន្តសម្លឹងមើលមកយើង សូមឲ្យយើងប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគំរូដែលនឹងគាំទ្រ និងលើកស្ទួយដល់ផែនការនៃព្រះអម្ចាស់ដែលបានរចនាសម្រាប់យើង ទាំងនៅលើផែនដី និងអមតភាព។ ការបង្រៀនដ៏អស្ចារ្យមួយក្នុងចំណោមការបង្រៀនទាំងឡាយ គឺបានសម្រេចបំផុតតាមរយៈគំរូនៃសេចក្តីសុរិត។ គេហដ្ឋានរបស់យើងត្រូវតែជាទីបរិសុទ្ធ ដើម្បីអាចឈរប្រឆាំងនឹងសំពាធនៃពិភពលោក។ សូមចងចាំថា ពរជ័យដ៏អស្ចារ្យជាងគេបំផុតរបស់ព្រះអម្ចាស់ ទទួលបានតាមរយៈ និងបានប្រទានឲ្យក្រុមគ្រួសារដែលសុចរិត។
យើងត្រូវតែបន្ត វាយតម្លៃដោយប្រុងប្រយ័ត្ន ទៅលើការប្រព្រឹត្តិរបស់យើងក្នុងនាមជាឪពុកម្តាយ។ ការបង្រៀនដ៏មានឥទ្ធិពលបំផុតដែលកូនៗនឹងទទួលបាន គឺនឹងមកអំពីឪពុក និងម្តាយដែលមានសេចក្តីព្រួយបារម្ភ និងសុចរិត។ ចូរយើងគិតអំពីតួនាទីរបស់ម្តាយជាមុនសិន។ សូមស្តាប់សេចក្តីដកស្រង់របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងឃ្លី ថា៖
«ស្រ្តីដែលធ្វើឲ្យផ្ទះនាងក្លាយជាលំនៅដ្ឋានសួគា គឺចូលរួមចំណែកក្នុងសង្គមច្រើនជាងអ្នកទាំងឡាយណាដែលបញ្ជាកងទ័ពធំៗ ឬឈរក្នុងតំណែងធំៗក្នុងអាជីវកម្មទៅទៀត។ តើនរណាអាចផ្តល់ជាតម្លៃទៅនៅលើឥទ្ធិពលដែលម្តាយមានទៅលើកូនៗនាង ជីដូនទៅលើចៅៗ ឬម្តាយមីង និងបងប្អូនស្រីទៅលើញាតិសណ្តានទាំងមូលបាន?
«យើងមិនអាចវាស់ ឬគណនាពីឥទ្ធិពលនៃស្រ្តី ដែលស្ថាបនាជីវិតគ្រួសារដ៏មានស្ថេរភាព ហើយបីបាច់សេចក្តីល្អដ៏នៅអស់កល្បជានិច្ចដែលជាជំនាន់នៃអនាគត តាមរបៀបរបស់នាង។ ការសម្រេចចិត្តដែលបានធ្វើឡើងដោយស្រ្តីនៃជំនាន់នេះនឹងមានលទ្ធផលដ៏នៅអស់កល្បជានិច្ច។ ខ្ញុំសូមផ្តល់យោបល់ថា ម្តាយនៃសម័យនេះ ពុំមានឱកាសដែលធំជាង និងឧបសគ្គដែលស្មុគស្មាញ ជាជាងគេគឺការធ្វើអ្វីៗអស់ពីលទ្ធភាពខ្លួន ដើម្បីពង្រឹង [គេហដ្ឋាន] បានឡើយ » (Standing for Something : 10 Neglected Virtues That Will Heal Our Hearts and Homes [ឆ្នាំ 2000], 152)។
ឥឡូវ ចូរយើងសម្លឹងមើលពីតួនាទីរបស់ឪពុកដើរតួក្នុងជីវិតរបស់យើង៖
ឪពុកផ្តល់ពរជ័យ និងអនុវត្តពិធីការបរិសុទ្ធទាំងឡាយដល់កូនចៅខ្លួន។ ការណ៍ទាំងនេះនឹងក្លាយជាទិដ្ឋភាពខាងវិញ្ញាណដ៏សំខាន់ក្នុងជីវិតកូនៗ។
ឪពុកគឺជាអ្នកដឹកនាំការអធិស្ឋានក្នុងក្រុមគ្រួសារ ការអានព្រះគម្ពីរប្រចាំថ្ងៃ និងរាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្តាហ៍ ដោយផ្ទាល់។
ឪពុកបង្កើតទំលៀមទំលាប់ក្នុងគ្រួសារ ដោយការចូលរួមក្នុងការជួយដាក់ផែនការទៅវិស្សមកាល និងដំណើរកំសាន្តដែលនឹងទាក់ទាញសមាជិកគ្រួសារទាំងមូលឲ្យចូលរួម។ អនុស្សាវរីយ៍នៃព្រឹត្តិការណ៍ពិសេសជាមួយគ្នាទាំងនេះ នឹងដក់ជាប់ក្នុងចិត្តកូនៗរបស់ពួកគេជានិច្ច។
ឪពុកប្រឹក្សាជាមួយកូនរបស់ខ្លួនម្នាក់ទល់នឹងម្នាក់ ហើយបង្រៀនពួកគេពីគោលការណ៍ដំណឹងល្អ។
ឪពុក បង្រៀនដល់កូនប្រុស កូនស្រីនូវតម្លៃនៃការធ្វើការ ហើយជួយពួកគេស្ថាបនាគោលដៅដ៏មានតម្លៃនៅក្នុងជីវិតរបស់ពួកគេ។
ឪពុកធ្វើជាគំរូនៃការបម្រើខាងដំណឹងល្អយ៉ាងស្មោះត្រង់។
បងប្អូនប្រុស សូមចងចាំថា ការហៅឲ្យបម្រើដ៏ពិសិដ្ឋរបស់អ្នក ក្នុងនាមជាឪពុកនៃអ៊ីស្រាអែល—គឺជាការហៅដ៏សំខាន់បំផុតសម្រាប់ជីវិតនៅលើផែនដី និងអស់កល្បជានិច្ច—ដែលអ្នកនឹងមិនត្រូវបានដោះលែងឡើយ។
ក្នុងសន្និសីទស្តេក ជាច្រើនឆ្នាំកន្លងមកនេះ យើងនឹងចាក់បង្ហាញវីដេអូខ្លីៗ ដើម្បីបង្ហាញពីបាវចនានៃសារលិខិតដែលយើងកំពុងបង្រៀន។ ពេញក្នុងអំឡុងឆ្នាំនោះ កាលដែលយើងធ្វើដំណើរទូទាំងសាសនាចក្រ ដើម្បីធ្វើការចាត់តាំងទៅទស្សនកិច្ចសន្និសីទស្តេក យើងបានចាំពីសាច់រឿងនៃវីដេអូនោះយ៉ាងច្បាស់។ យើងស្ទើរតែអាចដកស្រង់មកដោយការចាំពីក្នុងចិត្ត។ សារលិខិតនោះបានដក់ជាប់ក្នុងខួរក្បាលខ្ញុំ អស់ប៉ុន្មានឆ្នាំនេះ។ ខ្សែវីដែអូនោះ ត្រូវបាននិពន្ធដោយប្រធាន ហារ៉ូល ប៊ី. លី ហើយប្រាប់ពីដំណើររឿងដែលកើតឡើងនៅក្នុងផ្ទះកូនស្រីគាត់។ រឿងនោះគឺដូចតទៅនេះ៖
នៅល្ងាចមួយ ម្តាយក្នុងផ្ទះនេះបានកំពុងរវល់ដើម្បីបង្ហើយចិតផ្លែឈើខ្លះ។ ទីបំផុតកូនៗដល់ម៉ោងចូលដេកហើយ ។ ឥឡូវគាត់អាចទៅយកផ្លែឈើបានហើយ។ នៅពេលគាត់ចាប់ផ្តើមចិតសំបកផ្លែឈើ កូនប្រុសតូចពីរនាក់បានចូលមកក្នុងផ្ទះបាយ កូនៗទាំងពីរនោះត្រៀមខ្លួនដើម្បីអធិស្ឋានមុនចូលដេក។
ដោយពុំចង់ឈប់ចិតផ្លែឈើ ម្តាយក៏ឆ្លើយភ្លាមៗទៅកូនប្រុសទាំងពីរនាក់ថា «ហេតុអ្វីក៏កូនមិនអធិស្ឋានតែពីរនាក់ទៅយប់នេះ ហើយម្តាយនឹងបង្ហើយចិតផ្លែឈើនេះ?»
កូនបងបានឈរដោយច្រត់ចង្កេះ បានសួរថា «តើការអធិស្ឋាន និងផ្លែឈើហ្នឹង មួយណាសំខាន់ជាង?» ( សូមមើល Teachings of Presidents of the Church: Harold B. Lee [ឆ្នាំ2000], 143–44) ។
ពេលខ្លះ យើងឃើញខ្លួនឯងស្ថិតនៅក្នុងស្ថានភាព ពេលយើងមានឱកាសដើម្បីបង្រៀនកុមារតូចៗនូវមេរៀនមួយ ដែលនឹងមានឥទ្ធិពលដ៏នៅអស់កល្បជានិច្ចក្នុងជីវិតវ័យក្មេងរបស់ពួកគេ។ ពិតប្រាកដណាស់ ការអធិស្ឋានគឺសំខាន់ជាងផ្លែឈើ។ ឪពុកម្តាយដែលជោគជ័យមិនគួរតែរវល់ពេករហូតដល់គ្មានពេលបន្តិចសម្រាប់ជីវិតកូនម្នាក់ នៅពេលដែលមេរៀនសំខាន់មួយអាចត្រូវបានបង្រៀនឡើយ។
ខ្ញុំជឿជាក់យ៉ាងខ្លាំងក្លាថា គឺគ្មានពេលណាក្នុងរយៈពេលជាច្រើនឆ្នាំនៃជីវិតខ្ញុំ នៅពេលដែលកូនៗរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ត្រូវការឥទ្ធិពលដឹកនាំដ៏ស្មោះត្រង់ ពីឪពុកម្ដាយច្រើនជាងនេះទេ ។ យើងមានកេរមរតកដ៏អស្ចារ្យ និងថ្លៃថ្នូររបស់ឪពុកម្តាយ ក្នុងការលះបង់ស្ទើរតែអ្វីៗគ្រប់យ៉ាងដែលពួកលោកមាន ដើម្បីស្វែងរកកន្លែងដែលពួកលោកអាចចិញ្ចឹមបីបាច់ក្រុមគ្រួសារខ្លួនដោយសេចក្តីជំនឿ និងសេចក្តីក្លាហាន ដើម្បីឲ្យជំនាន់ក្រោយមានឱកាសច្រើនជាងជំនាន់ពួកលោក។ យើងត្រូវតែស្វែងរកក្នុងខ្លួនយើងនូវវិញ្ញាណនៃការប្តេជ្ញាចិត្តដូចគ្នានោះ ហើយយកឈ្នះលើឧបសគ្គទាំងឡាយដែលយើងប្រឈម ជាមួយនឹងវិញ្ញាណនៃការពលិកម្មដូចគ្នា។ យើងត្រូវតែបំពាក់សម្រាប់ជំនាន់នាអនាគតនូវសេចក្តីសង្ឃឹមដ៏រឹងមាំអំពីការបង្រៀនរបស់ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះយើង។
« ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជា ព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់គួច មែនហើយ កាលណាព្រិល និង ខ្យល់ព្យុះកំណាចទាំងអស់របស់វា បោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្តីវេទនា និងទុក្ខលំបាក ដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយជាគ្រឹះមួយ បើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេ មិនអាចរលំបានឡើយ» (ហេលេមិន 5:12)។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បានផ្តល់ឲ្យគ្រឹះនេះ ដែលយើងអាចស្វែងរកសេចក្តីសុខសាន្តដ៏នៅអស់កល្បជានិច្ច ហើយស្ថាបនាអង្គភាពគ្រួសារដ៏នៅអស់កល្បជានិច្ច។ ខ្ញុំសូមថ្លែងទីបន្ទាល់ អំពីការណ៍នេះនៅក្នុងព្រះនាមនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។