ឆ្នាំ ២០១០-២០១៩
ព្រះអម្ចាស់​មាន​ផែនការ​សម្រាប់​យើង!
១០ 2014


11:16

ព្រះអម្ចាស់​មាន​ផែនការ​សម្រាប់​យើង!

បើ​យើង​បន្ត​រស់​ដូច​អ្វី​ដែល​យើង​កំពុង​ធ្វើ តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​​យើង​នឹង​បាន​បំពេញ​ឬ​ទេ ?

វា​គឺ​ជា​ឯកសិទ្ធិ​មួយ​ដើម្បី​រួមចំណែក​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ដែល​អ្នក​និយាយ​ក្នុង​សន្និសីទ​ទូទៅ​មាន​ជម្រើស​ថ្លែង​សុន្ទរកថា​ជា​ភាសា​កំណើត​ខ្លួន ។ សម្រាប់​ការឡើង និយាយ​លើក​មុន ខ្ញុំ​បារម្ភ​ពី​តុង​សំឡេង​ខ្ញុំ​ជា​ភាសា​អង់គ្លេស ។ ពេល​នេះ ខ្ញុំ​បារម្ភ​ពី​ល្បឿន​នៃ​ភាសា​ព័រទុយហ្គាល់​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​ពុំ​ចង់​និយាយ​ឲ្យ​លឿន​ជាង​អក្សរ​ដែល​ដាក់​លើ​អេក្រង់​ឡើយ ។

យើង​ទាំង​អស់​គ្នា​ធ្លាប់ ឬ​នឹង​មាន​បទពិសោធន៍​ក្នុង​ការសម្រេចចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​ខ្លួន ។ តើ​ខ្ញុំ​គួរ​ចាប់​យក​ការងារ​មួយ​នេះ ឬ​ការងារ​ផ្សេង​ទៀត ? តើ​ខ្ញុំ​គួរ​បម្រើ​បេសកកម្ម​ឬ ? តើ​នេះ​ជា​បុគ្គល​ដែល​ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ​ឬ ?

ទាំងនេះ​ជា​ស្ថានភាព​ក្នុង​ដំណើរ​ជីវិត យើង​ដែល​ការផ្លាស់ប្ដូរ​ទិសដៅតូច​មួយ​ អាច​ធ្វើ​ឲ្យ​មាន​លទ្ធផល​ដ៏​ធំ​ក្នុង​ពេល​អនាគត ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ៖ «​ឆ្លងកាត់​ការបម្រើ​ដល់​ព្រះអម្ចាស់​ជា​ច្រើន​ឆ្នាំ… ខ្ញុំ​បាន​រៀន​ថា ភាពខុសប្លែក​រវាង​សុភមង្គល និង​ការឈឺចាប់​សម្រាប់​បុគ្គលម្នាក់ៗ ក្នុង​អាពាហ៍ពិពាហ៍ និង​គ្រួសារ ​ជា​ញឹក​ញាប់​មាន​គំលាត​ពី​គ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ » ។ (“A Matter of a Few Degrees,” EnsignLiahona ខែ ឧសភា ឆ្នាំ 2008 ទំព័រ 58) ។

តើ​យើង​អាច​បញ្ចៀស​គំលាត​ដ៏​តូច​នេះ​បាន​យ៉ាង​ដូចម្ដេច ?

ខ្ញុំ​នឹង​ប្រើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដើម្បី​ពន្យល់​ពី​សារលិខិត​ខ្ញុំ ។

នៅ​ចុង​ឆ្នាំ 1980 គ្រួសារ​ថ្មីថ្មោង​យើង​មាន​ភរិយា​ខ្ញុំ ម៉ូនីកា កូនពីរ​នាក់ និង​ខ្ញុំ ។ យើង​បាន​រស់នៅ សៅ ផូឡូ ប្រទេស​ប្រេស៊ីល ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ល្អ​មួយ ខ្ញុំ​​បាន​បញ្ចប់​ការសិក្សានៅ​សាកលវិទ្យាល័យ ហើយ​ថ្មីៗ​នោះ​ត្រូវ​បាន​ដោះលែង​ពី​ប៊ីស្សព​នៅ​វួដ​ដែល​យើង​រស់នៅ ។ ជីវិត​យើង​ល្អ​ប្រសើរ ហើយ​អ្វី​គ្រប់យ៉ាង​ហាក់​ដូចជា​ដំណើការ​យ៉ាង​រលូន—រហូត​ដល់​ថ្ងៃ​មួយ​មាន​មិត្ត​ចាស់​ម្នាក់​បាន​មក​លេង​យើង ។

ពេល​គាត់​ហៀប​នឹង​ចេញ​ទៅ​វិញ គាត់​បាន​ផ្ដល់​ជា​យោបល់ ហើយ​សួរ​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ជា​ខ្លាំង ។ គាត់​ពោល​ថា « ខាឡូស អ្វី​គ្រប់យ៉ាង​ហាក់​ដូចជា​គ្មាន​បញ្ហា​អ្វី​ទេ​សម្រាប់​ឯង គ្រួសារ ការងារ និង​ការបម្រើ​ក្នុង​សាសនាចក្រ តែ—» ភ្លាមនោះ​សំណួរ​សួរ​ថា «បើ​ឯង​បន្ត​រស់នៅ​ដូច​អ្វី​ដែល​កំពុង​ធ្វើ តើ​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​ពរ​របស់​លោក​អយ្យកោ​ឯង​នឹង​បាន​បំពេញ​ឬ​ទេ »?

ខ្ញុំ​ពុំ​ធ្លាប់​គិត​ពី​ពរ​របស់​លោក​អយ្យកោ​ខ្ញុំ​បែប​នេះ​ទេ ។ ខ្ញុំ​អាន​វា​ម្ដងម្កាល តែ​មិនដែល​មាន​បំណង​ស្វែងរក​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​ពេល​អនាគត ហើយ​វាយ​តម្លៃ​ពី​ការរស់នៅ​ខ្ញុំ​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ ។

ក្រោយ​ពី​គាត់​ត្រឡប់​ទៅ​វិញ ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​លើ​ពរ​របស់​លោក​អយ្យកោ​ខ្ញុំ​ដោយ​ឆ្ងល់​ថា «បើ​យើង​បន្ត​រស់​ដូច​អ្វី​ដែល​យើង​កំពុង​ធ្វើ តើ​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​ពរ​របស់​លោក​អយ្យកោ​យើង​នឹង​បាន​បំពេញ​ឬ​ទេ» ? បន្ទាប់​ពី​ពិចារណា​បាន​បន្តិច ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ការផ្លាស់ប្ដូរ​ខ្លះ​ជា​ចាំបាច់ ជា​ពិសេស​គឺ​ការអប់រំ និង​អាជីព​របស់​ខ្ញុំ ។

វា​ពុំ​មែន​ជា​ការសម្រេចចិត្ត​រវាង​អ្វី​ដែល​ត្រូវ និង​ខុស​នោះ​ទេ តែ​គឺ​រវាង​អ្វី​ដែល​ប្រសើរ និង​កាន់តែ​ប្រសើរ ដូច​អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « ពេល​យើង​ពិចារណា​ពី​ជម្រើស​ជា​ច្រើន យើង​គួរ​ចងចាំ​ថា​វា​ពុំ​គ្រប់គ្រាន់​ទេ​ដែល​អ្វី​មួយ​នោះ​មាន​លក្ខណៈ​ប្រសើរ ។ ជម្រើស​ផ្សេង​ទៀតល្អ​ប្រសើរ និង​នៅ​មាន​ផ្សេង​ទៀត​ដែល​ប្រសើរ​បំផុត​» (ប្រសើរ ប្រសើរជាង ប្រសើរ​បំផុត» EnsignLiahonaខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 104–5) ។

ដូច្នេះ​តើ​យើង​អាច​អះអាង​ថា ជម្រើស​ដែល​យើង​បាន​ធ្វើ​ជា​ជម្រើស​ប្រសើរ​បំផុត​តាម​របៀប​ណា ?

ទាំងនេះ​ជា​គោលការណ៍​ដែល​ខ្ញុំ​បាន​ស្វែងយល់ ។

គោលការណ៍​ទី​មួយ ៖ យើង​ត្រូវ​ពិចារណា​ពី​ជម្រើស​យើង​ដោយ​មាន​គោលដៅ​ដែល​យើង​សម្រេច​យក ។

ការសម្រេចចិត្ត​ដែល​ជះ​ឥទ្ធិពល​លើ​ជីវិត​យើង និង​ជីវិត​មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ពុំ​គិត​វែងឆ្ងាយ​ពី​លទ្ធផល​របស់​វា​នោះ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ ។ ប៉ុន្តែ បើ​ទោះ​ជា​យើង​គិត​ពី​លទ្ធផល​ដែល​អាច​កើតឡើង​ពី​ការសម្រេចចិត្ត​សម្រាប់​ពេល​អនាគត​ក្ដី ក៏​យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ពី​មាគ៌ា​ដ៏​ប្រសើរ​បំផុត​ដើម្បី​ដើរ​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ ។

ការ​យល់ដឹង​ពី​ខ្លួន​យើង ហេតុអ្វី​យើងនៅទីនេះ ហើយ​ព្រះរំពឹង​អ្វី​ពី​យើង​ក្នុង​ជីវិត​នេះ នឹង​ជួយ​យើង​មាន​ទស្សនៈវិស័យ​ទូលំទូលាយ​ជាង​ដែល​យើង​ត្រូវការ ។

យើង​អាច​ឃើញ​គំរូ​ក្នុង​ព្រះគម្ពីរ​ដែល​ប្រាប់​ពី​ការគិត​វែងឆ្ងាយ​បាន​ផ្ដល់​ភាពច្បាស់លាស់​ពី​មាគ៌ា​ដែល​ត្រូវ​ដើរ ។

ម៉ូសេ បាន​ទូល​ជាមួយ​ព្រះអម្ចាស់​ដោយ​ទល់​ព្រះភក្រ្ត បាន​រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហេតុនោះ លោក​បាន​យល់​កាន់តែ​ច្បាស់​ពី​តួនាទី​ជា​ព្យាការី​ទទួល​បន្ទុក​ប្រមូល​វង្ស​អ៊ីស្រាអែល ។

« ហើយ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ មើលចុះ យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​មាន​មហិទ្ធិឫទ្ធិ… ។

« យើង​នឹង​បង្ហាញ​ដល់អ្នក នូវ​ផល​នៃ​ដៃ​របស់​យើង ... ។

«ហើយ​យើង​មាន​កិច្ចការ​សម្រាប់​អ្នក ម៉ូសេ ជា​បុត្រ​យើង» (ម៉ូសេ 1:3–4, 6) ។

ដោយ​មាន​ការយល់ដឹង​នេះ ម៉ូសេ អាច​តស៊ូ​ក្នុង​ទុក្ខវេទនា​ច្រើន​ឆ្នាំ​ក្នុង​ទីរហោស្ថាន ហើយ​បាន​ដឹកនាំ​ពួកអ៊ីស្រាអែល​ត្រឡប់​ទៅ​ដែនដី​កំណើត​វិញ ។

លីហៃ គឺ​ជា​ព្យាការី​ដ៏​ឆ្នើម​ក្នុង​ព្រះគម្ពីរ​មរមន មាន​ការនិមិត្ត​មួយ​ឃើញ​ថា​លោក​បាន​រៀន​ពី​បេសកកម្ម​ខ្លួន​ដើម្បី​ដឹកនាំ​គ្រួសារ​លោក​ទៅ​កាន់​ដែនដី​សន្យា ។

« ហើយហេតុការណ៍​បាន​កើតឡើង​ថា ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​ឪពុក​ខ្ញុំ គឺ​នៅ​ក្នុង​សុបិន​ឲ្យ​លោក​នាំ​គ្រួសារ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន ។

«…ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា លោក​បាន​ចាកចោល​ផ្ទះសម្បែង​របស់​លោក និង​ដែនដី​កេរ្តិ៍អាករ​របស់​លោក និង​មាស​របស់​លោក និង​ប្រាក់​របស់​លោក និង​វត្ថុ​ដ៏​មាន​តម្លៃ​របស់​លោក » ។ (នីហ្វៃទី 1 2:2, 4) ។

លីហៃ នៅ​តែ​មាន​ជំនឿ​លើ​ការនិមិត្ត​នេះ​ដោយ​មិន​គិត​ពី​ភាពលំបាក​នៃ​ការធ្វើដំណើរ ហើយ​បាន​ចាកចោល​ជីវិត​ដ៏​ស្ដុកស្ដម​ក្នុង​ទីក្រុង​យេរ៉ូសាឡិម ។

ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ទៀត ។ តាម​រយៈ​វិវរណៈ​ជាច្រើន ដែល​ផ្ដើម​ចេញ​ពី​ការនិមិត្ត​ដំបូង នោះ​លោក​អាច​បំពេញ​បេសកកម្ម​ក្នុង​ការស្ដារឡើងវិញ​នូវ​អ្វី​គ្រប់​យ៉ាង (សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:1–26) ។

ចុះ​ពួក​យើង​វិញ ? តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​អ្វី​ពី​យើង ?

យើង​ពុំ​ចាំបាច់​ជួប​នឹង​ទេវតា​ទើប​មាន​ការយល់ដឹង​នោះ​ទេ ។ យើង​មាន​ព្រះគម្ពីរ ព្រះវិហារ​បរិសុទ្ធ ព្យាការី​ដែល​កំពុង​រស់នៅ ពរ​របស់​លោកអយ្យកោ ថ្នាក់​ដឹកនាំ​ដ៏​បំផុសគំនិត និង​លើស​ពី​នេះ​ទៀត​គឺ​សិទ្ធិ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​បំភ្លឺ​ក្នុង​ការសម្រេច​ចិត្ត ។

គោលការណ៍​ទី​ពីរ ៖ យើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ឧបសគ្គ​ដែល​នឹង​កើតឡើង

ផ្លូវ​ល្អ​បំផុត​ក្នុងជីវិត កម្រ​នឹង​ងាយ​ស្រួល​បំផុត​ណាស់ ។ ជា​រឿយៗ​នឹង​មាន​ការផ្ទុយ​ជា​ប្រាកដ ។ យើង​អាច​មើល​ទៅ​គំរូ​នៃ​ព្យាការី​ទាំងឡាយ​ដែល​ខ្ញុំ​បាន​លើក​ឡើង ។

ម៉ូសេ លីហៃ និង​យ៉ូសែប ស្ម៊ីធ ពុំ​មាន​ជីវិត​ងាយស្រួល​ឡើយ​ទោះជា​ដំណើរ​នៃ​ការសម្រេចចិត្ត​ពួក​លោក​ជា​ការត្រឹមត្រូវ​ក្ដី ។

តើ​យើង​មាន​ឆន្ទៈ​លះបង់​តាម​ការសម្រេចចិត្ត​យើង​ដែរ​ឬ​ទេ ? តើ​យើង​ត្រៀមខ្លួន​ចាកចោល​ទីស្ដុកស្ដម​យើង​ទៅ​ស្វែងរក​ទី​ដ៏​ប្រសើរ​ជាង​នេះ​ដែរ​ឬ​ទេ ?

ត្រឡប់​ទៅ​បទពិសោធន៍​នៃ​ពរ​របស់​លោក​អយ្យកោ​ខ្ញុំ​វិញ ខ្ញុំ​បាន​សម្រេចចិត្ត​នៅ​ពេល​នោះ​ថា ខ្ញុំ​គួរ​បន្ត​ការសិក្សា ហើយ​ដាក់​ពាក្យ​ស្នើ​អាហាររូបករណ៍​ពី​សាកលវិទ្យាល័យ​អាមេរិក​មួយ ។ បើ​ខ្ញុំ​ជាប់ ខ្ញុំ​នឹង​ត្រូវ​ឈប់​ពី​ការងារ លក់​របស់​របរ​ទាំងអស់​ដែល​យើង​មាន ហើយ​មក​រស់នៅ​សហរដ្ឋ​ជា​សិស្ស​អាហាររូបករណ៍ សម្រាប់​រ​យៈ​ពេល​ពីរ​ឆ្នាំ ។

ការប្រឡង TOEFL និង GMAT ជា​ឧបសគ្គ​ទី​មួយ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ត្រៀមខ្លួន​រយៈ​ពេល​បី​ឆ្នាំ ដោយ​មាន​ចម្លើយ​ជា​ច្រើន «អវិជ្ជមាន» និង​មាន​ខ្លះ «អាច​វិជ្ជមាន» ពី​មុន​ខ្ញុំ​ត្រូវ​បាន​ទទួល​ឲ្យ​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ ។ ខ្ញុំ​នៅ​ចាំ​ពី​ទូរស័ព្ទ​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ចុង​ឆ្នាំ​ទី​បី​ពី​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​អាហាររូបករណ៍ ។

គាត់​និយាយ​ថា «​ខាឡូស ខ្ញុំ​មាន​ដំណឹង​ល្អ និង​អាក្រក់​ខ្លះ​ចង់​ជម្រាប​ជូន​លោក​» ។ ដំណឹងល្អ​គឺ​ថា​លោក​ត្រូវ​បាន​រើស​ក្នុង​ចំណោម​បេក្ខជន​ជម្រើស​បី​នាក់​នៅ​ឆ្នាំ​នេះ​» ។ កាល​នោះ​ជា​ការបើក​អាហាររូបករណ៍​តែ​ម្ដង​គត់ ។ «​ដំណឹង​អាក្រក់​គឺ​ថា​បេក្ខជន​ម្នាក់​ទៀត​គឺ​ជា​កូន​ប្រុស​អ្នក​ធំ ហើយ​ម្នាក់​ទៀត​ក៏​ដូចគ្នា​ដែរ បន្ទាប់​មក​គឺ​លោក​» ។

ខ្ញុំ​ឆ្លើយ​ភ្លាម​ថា «​ហើយ​ខ្ញុំ…ខ្ញុំ​ជា​កូន​ប្រុស​របស់​ព្រះ​» ។

ដោយ​មាន​អំណរគុណ យើង​មិន​បាន​ជ្រើសរើស​ឪពុកម្ដាយ​នៅ​លើ​ផែនដី​នេះ​ទេ ហើយ​ខ្ញុំ​ត្រូវ​បាន​ទទួល​ឲ្យ​ចូលរៀន​ក្នុង​ឆ្នាំ 1992 ។

យើង​ទាំងអស់​គ្នា​ជា​កូនចៅ​របស់​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្ដា ។ ទ្រង់​ជា​ព្រះវរបិតាសួគ៌​យើង ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​មាន​ផែនការ​សម្រាប់​យើង ។ យើង​ពុំ​មែន​កើត​លើ​ផែនដី​នេះ​សម្រាប់​តែ​ខ្ជះខ្ជាយ​ពេលវេលា កើន​អាយុ ហើយ​ស្លាប់​ទៅ​វិញ​នោះ​ទេ ។ ទ្រង់​ចង់​ឲ្យ​យើង​រីកចម្រើន ហើយ​​ទទួល​បាន​សក្ដានុពល​របស់​យើង ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ «បងប្អូន​គ្រប់​គ្នា ទាំង​នៅ​លីវ និង​រៀបការ​ហើយ ដោយ​មិន​គិត​ពី​អាយុ​នោះ​ទេ មាន​ឱកាស​សិក្សា ហើយ​រីកចម្រើន ។ សូម​ពង្រីក​ចំណេះដឹង​បងប្អូន​ទាំង​ខាង​បញ្ញា និង​ខាង​វិញ្ញាណ​ ឲ្យ​បាន​ដល់​នូវ​សក្ដានុពល​ពេញលេញ​​របស់​បងប្អូន» (“The Mighty Strength of the Relief Society,” Ensign ខែ​វិច្ឆិកា ឆ្នាំ 1997 ទំព័រ 95) ។

គោលការណ៍​ទី​បី ៖ យើង​ត្រូវ​ចែកចាយ​ទស្សនៈវិស័យ​នេះ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។

លីហៃ បាន​ព្យាយាម​ច្រើន​ដង​ក្នុង​ការជួយ​លេមិន និង​លេមយួល ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្ដូរ​ដែល​ពួកគេ​កំពុង​ធ្វើ ។ ការពិត​គឺ​ថា​ពួកគេ​ពុំ​ជឿ​លើ​ទស្សនៈ​របស់​ឪពុក​គេ​ដែល​បណ្ដាល​ឲ្យ​គេ​រអ៊ូរទាំ​ក្នុង​ពេល​ធ្វើ​ដំណើរ ។ ផ្ទុយ​ទៅ​វិញ នីហ្វៃ បាន​ស្វែងរក​ព្រះអម្ចាស់​ដើម្បី​ឃើញ​អ្វី​ដែល​ឪពុក​លោក​បាន​ឃើញ ។

«ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា បន្ទាប់​ពី​ខ្ញុំ នីហ្វៃ បាន​ឮ​ពាក្យពេចន៍​ទាំងអស់​របស់​ឪពុក​ខ្ញុំ​អំពី​រឿង​ទាំងឡាយ​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត… នោះ​ខ្ញុំ …ក៏​ប្រាថ្នា​ចង់​ឃើញ និង​ឮ និង​ដឹង​នូវ​រឿង​ទាំងនេះ​ដែរ គឺ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ» ( នីហ្វៃទី 1 10:17) ។

ដោយ​ការនិមិត្ត​នេះ នីហ្វៃ​ពុំ​ត្រឹមតែ​អាច​យកឈ្នះ​លើ​ឧបសគ្គ​នានា​ក្នុង​ការធ្វើដំណើរ​នោះ​ទេ លោក​ក៏​អាច​ដឹកនាំ​គ្រួសារ​លោក​ក្នុង​គ្រា​ដ៏​ចាំបាច់​ផងដែរ ។

វា​ស្រដៀង​នឹង​ពេល​យើង​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មិន​យល់​ស្រប ហើយ​ខ្លះ​អាច​លើក​ឡើង​ពី​លទ្ធផល​នៃ​ជម្រើស​នេះ​ទៀតផង ។ ទីបំផុត​គេ​នឹង​ឃើញ​នូវ​អ្វី​ដែល​យើង​ឃើញ ហើយ​ជឿជាក់​ដូចជា​យើង​ដែរ ។ វា​ពុំ​មែន​ទៅ​រួច​ជានិច្ច​នោះ​ទេ តែ​ពេល​វា​កើតឡើង នោះ​ដំណើរ​ជីវិត​នឹង​ប្រសើរ​ឡើង​ច្រើន ។

ក្នុង​បទពិសោធន៍​ដែល​ខ្ញុំ​លើកឡើង​នេះ ខ្ញុំ​ពិត​ជា​ត្រូវការ​ការគាំទ្រ​ពី​ភរិយា​ខ្ញុំ ។ កូនៗ​យើង​នៅ​ក្មេង​ណាស់ ពុំ​មាន​យោបល់​អ្វី​ទេ តែ​ការគាំទ្រ​របស់​ភរិយា​ខ្ញុំ​ពិត​ជា​សំខាន់ ។ ខ្ញុំ​នៅ​ចាំ​ថា ដំបូង ម៉ូនីកា និង​ខ្ញុំ​ត្រូវ​ពិភាក្សា​ដោយ​ការអធិស្ឋាន​ពី​ការផ្លាស់ប្ដូរ​ក្នុង​ផែនការ​នេះ​ដរាប​ដល់​គាត់​មាន​ភាពជឿជាក់ ហើយ​មាន​បំណង​ដូច​ខ្ញុំ​ដែរ ។ ទស្សនៈ​នេះ​ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​គាត់​គាំទ្រ​ខ្ញុំ​ក្នុង​ការផ្លាស់ប្ដូរ​នេះ​ទេ វា​ក៏​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ទៅ​រក​ភាពជោគជ័យ​ដែរ ។

ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មាន​ផែនការ​មួយ​សម្រាប់​ជីវិត​យើង​ម្នាក់ៗ​ក្នុង​ជីវិត​នេះ ។ ទ្រង់​ជ្រាប​ពី​យើង ។ ទ្រង់​សព្វ​ព្រះទ័យ​នូវ​អ្វី​ដែល​ល្អ​បំផុត​សំរាប់​យើង ។ មិន​មែន​ព្រោះតែ​អ្វី​គ្រប់​យ៉ាង​ដំណើរការ​ទៅ​បាន​ល្អ​ហើយ​មាន​ន័យ​ថា យើង​នឹង​មិន​គិត​ពី​អ្វី​ដែល​អាច​នឹង​ប្រសើរ​ជាង​នោះ​ទេ ។ បើ​យើង​បន្ត​រស់​ដូច​អ្វី​ដែល​យើង​កំពុង​ធ្វើ តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​​យើង​នឹង​បាន​បំពេញ​ឬ​ទេ ?

ព្រះ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​ព្រះវរបិតា​យើង ។ ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ខ្ញុំ​ដឹង​ថា​តាម​រយៈ​ដង្វាយធួន​ទ្រង់ នោះ​យើង​អាច​បាន​ភាពរឹងមាំ​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ប្រចាំ​ថ្ងៃ​បាន ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។