ឆ្នាំ ២០១០-២០១៩
​ពិចារណា​ពី​ផ្លូវ​ដែល​ជើង​ឯងដើរ
១០ 2014


14:26

​ពិចារណា​ពី​ផ្លូវ​ដែល​ជើង​ឯងដើរ

នៅ​ពេល​យើង​មើល​ទៅ​ព្រះយេស៊ូវ​ជា​គំរូ​របស់​យើង ហើយ​នៅពេល​យើង​ដើរ​តាម​ដាន​ព្រះបាទា​ទ្រង់ នោះ​យើង​អាច​ត្រឡប់​ទៅកាន់ព្រះវរបិតាសួគ៌​យើង​ដោយ​សុវត្ថិភាព ។ ​

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​រាបសារ ពេល​ឈរ​ចំពោះបងប្អូន​នៅ​ព្រឹក​នេះ ។ ខ្ញុំសុំឲ្យ​សេចក្ដីជំនឿ និង​ការ​អធិស្ឋានរបស់​អ្នក​ធ្វើ​ឡើងជំនួស​ខ្ញុំ ពេល​ខ្ញុំ​ចែកចាយ​សារលិខិត​ខ្ញុំ​នឹង​អ្នករាល់គ្នា ។

យើង​ទាំងអស់គ្នា បាន​ចាប់​ផ្ដើម​ការ​ធ្វើដំណើរ​ដ៏​អស្ចារ្យ និង​សំខាន់ ពេល​យើង​ចាក​ចេញ​ពី​ពិភពវិញ្ញាណ ហើយ​ចូល​មក​ផែនដី​នេះ ដែល​ជា​ស្ថានភាព​លំបាក ដែល​ហៅ​ថា​ជីវិត​រមែង​ស្លាប់ ។ គោលបំណង​សំខាន់​នៃ​ជីវិត​របស់​យើង​លើ​ផែនដី គឺ​ដើម្បី​ទទួល​រូបកាយ​ជា​សាច់ និង​ឆ្អឹង ដើម្បី​ទទួលបទពិសោធន៍ ដែល​អាច​កើតមាន​ឡើង តែ​តាមរយៈ​ការ​ឃ្លាត​ពី​ព្រះបិតាមាតា​សួគ៌ ដើម្បី​មើល​ថា​តើ​យើង​នឹង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ឬទេ ។ នៅ​ក្នុង គម្ពីរ​អ័ប្រាហាំ ជំពូក ​3 យើង​អាន​ថា ៖ « យើង​នឹង​សាក​ល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។1

នៅពេល​យើង​មក​កាន់​ផែនដី យើង​នាំ​មក​ជាមួយ​យើង​នូវ​អំណោយ​ទាន​ដ៏អស្ចារ្យ​នោះ​ពីព្រះ-- គឺ​សិទ្ធិជ្រើសរើស​របស់​យើង ។ យើង​មាន​ឯកសិទ្ធិ​ជ្រើសរើសរាប់​ពាន់​វិធី​សម្រាប់​ខ្លួន​យើង ។ នៅ​ទីនេះ យើង​រៀន​ចេញ​មកពី​តម្រូវ​ការ​ដ៏​ពិបាក​ក្នុង​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ យើង​ដឹង​រវាង​ល្អ និង អាក្រក់ ។ យើង​ញែកដឹង​អ្វី​ល្វីងជូរចត់ និង ផ្អែមល្ហែម ។ យើង​រៀន​ថា ការ​សម្រេច​ចិត្ត កំណត់​ជោគវាសនា ។

ខ្ញុំ​ជឿជាក់​ថា យើង​ចាក​ចេញ​ពី​ព្រះវរបិតា ​ដោយ​មាននូវ​បំណង​ប្រាថ្នា​ដ៏ខ្លាំង​ថា​ ចង់​ត្រឡប់ទៅទ្រង់វិញ ដើម្បី​យើងអាច​ទទួលបានការ​លើកតម្កើង ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​យើង ដែល​យើង​ផ្ទាល់​ចង់បាន​យ៉ាង​ខ្លាំង​នោះ ។ ទោះ​ជា​យើង​ទុក​ឲ្យនៅទីនេះ​ដើម្បី​ស្វែងរក ហើយ​ដើរតាម​ផ្លូវ​ដែល​នឹង​នាំ​យើង​ត្រឡប់ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង​ក្ដី ក៏​ទ្រង់ពុំ​បាន​បញ្ជូន​យើង​ឲ្យ​មក​ទី​នេះ ដោយ​គ្មានការ​ដឹកនាំ និងការ​ណែនាំ​នោះដែរ ។ តែ​ទ្រង់​បានប្រទាន​ឧបករណ៍​ដែល​យើង​ត្រូវការ ហើយ​ទ្រង់​នឹង​ជួយ​យើង ពេល​យើង​ស្វែងរក​ជំនួយ​របស់ទ្រង់ ហើយ​ព្យាយាម​ធ្វើ​អ្វីៗ​ទាំង​អស់​ក្នុង​អំណាច​យើង ដើម្បី​ស៊ូទ្រាំ​ដល់ទីបញ្ចប់ ហើយ​ទទួល​ជីវិត​ដ៏អស់កល្បជានិច្ច ។

ដើម្បី​ជួយ​ដឹកនាំ​យើង នោះ​យើង​មាន​បន្ទូល​របស់ព្រះ និង​ព្រះរាជបុត្រា​នៃ​ទ្រង់ នៅក្នុង​គម្ពីរបរិសុទ្ធ​របស់​យើង ។ យើង​មាន​ដំបូន្មាន និង​ការ​បង្រៀន​របស់ពួក​ព្យាការី​នៃ​ព្រះ ។ ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​គំរូ​ដ៏​ឥតខ្ចោះ​មួយ​ដើម្បី​ធ្វើ​តាម-- គំរូ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើង-- ហើយ​យើង​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​តាម​គំរូ​នោះ ។ ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ទ្រង់​មាន​បន្ទូល​ថា ៖ « ចូរ​មក​តាម​ខ្ញុំចុះ »។2 «អ្វីៗ​ដែលអ្នករាល់គ្នា​ឃើញ​យើង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ្នក​ត្រូវ​ធ្វើ​តាម​យ៉ាង​នោះ​ដែរ » 3 ទ្រង់​បាន​សួរ​សំណួរ​ថា « តើ​អ្នករាល់គ្នា​គួរ​ធ្វើជា​មនុស្ស​បែបណា​ទៅ ? » រួច​ទ្រង់​បាន​ឆ្លើយ​ថា « យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូចជា​យើង »។4 « ទ្រង់​បាន​គូស​ដាន និង​ដឹកនាំ​ផ្លូវ »។5

នៅ​ពេល​យើង​មើល​ទៅ​ព្រះយេស៊ូវ​ជា​គំរូ​របស់​យើង ហើយ​នៅពេល​យើង​ដើរ​តាម​ដាន​ព្រះបាទា​ទ្រង់ នោះ​យើង​អាច​ត្រឡប់​ទៅកាន់ព្រះវរបិតាសួគ៌​យើង​ដោយ​សុវត្ថិភាព ដើម្បី​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀងរហូត ។ ព្យាការី នីហ្វៃ បាន​ថ្លែង​ថា « លើក​លែង​តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដោយ​ធ្វើ​តាម​គំរូ​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ​នោះ អ្នក​នោះ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ » ។6

មាន​ស្ត្រី​ម្នាក់ រាល់ពេល​ដែល​នាង​រៀបរាប់ពីបទពិសោធន៍​ដែលនាង​មាន អំឡុង​ពេល​ទៅ​ទស្សនា​ដែនដី​បរិសុទ្ធ នោះ​នាងនឹង​ប្រកាស​ថា « ខ្ញុំ​បានដើរ​នៅ​ត្រង់​កន្លែង​ដែលទ្រង់​បានដើរ​ហើយ!»

នាង​បាន​នៅ​ទីតាំង​ដែលព្រះយេស៊ូវ​បាន​រស់នៅ និង​បង្រៀន ។ ប្រហែលជា​នាង​ឈរ​នៅលើ​ថ្ម​មួយ ដែល​ទ្រង់​ធ្លាប់ឈរ ឬ​មើល​ទៅ​ជួរ​ភ្នំ ដូច​ដែល​ទ្រង់​បាន​ទត​មើល​ដែរ​ហើយ​មើល​ទៅ ។ បទពិសោធន៍​ទាំងឡាយ គឺ​អស្ចារ្យ​ចំពោះ​នាង ប៉ុន្ដែ​ការ​​​ដើរ​ខាង​រូបកាយ​នៅ​ត្រង់ កន្លែង ដែល​ព្រះយេស៊ូវ​បាន​យាង​​ គឺ​មិន​សូវ​សំខាន់​ជាង​ការ​ដើរ​ ដូចជា ទ្រង់​បាន​យាង​​នោះ​ទេ ។ ការ​ខំប្រឹង​ធ្វើ​តាម​សកម្មភាពទ្រង់ ហើយ​ដើរ​តាម​គំរូ​ទ្រង់ គឺ​សំខាន់​ខ្លាំង​ជាង​ការ​ព្យាយាម​ដើម្បី​រក​ស្នាម​ដាន​ដែល​ទ្រង់​ធ្លាប់​យាង​​​ក្នុង​ជីវិត​រមែង​ស្លាប់នេះ ។

នៅ​ពេល​ព្រះយេស៊ូវ​បានធ្វើ​ការ​អញ្ជើញ​ដល់បុរស​អ្នកមាន​ម្នាក់​ឲ្យ « មក​តាម​ខ្ញុំ​ចុះ »7 នោះ​ទ្រង់​ពុំ​គ្រាន់​តែ​ចង់​ឲ្យ​បុរស​អ្នក​មាន​នោះ ដើរតាម​ទ្រង់​ចុះឡើង​ភ្នំ និង​ជ្រលង​នានា​នៅ​តាម​ទី​ជនបទ​ទេ។

យើង​ពុំចាំបាច់​ដើរ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ឬ​ដើរ​តាម​ភ្នំយូដា ដើម្បី​ដើរ​ត្រង់​កន្លែង​ដែល​ទ្រង់​បានយាង​​នោះទេ ។ យើង​ទាំងអស់គ្នា អាច​ដើរ​លើ​ផ្លូវ​ដែលទ្រង់​បាន​យាង​ ដោយ​មាន​បន្ទូល​របស់ទ្រង់​ឮ​នៅ​នឹង​ត្រចៀក​យើង ដោយមាន​​ព្រះវិញ្ញាណ​ទ្រង់​​ពេញ​ក្នុង​ដួងចិត្ត​យើង​ ហើយ​មាន​ការ​បង្រៀន​របស់ទ្រង់​ដឹកនាំ​ជីវិត​យើង ពេល​យើង​ជ្រើសរើស​ដើរតាម​ទ្រង់ កាល​យើង​ធ្វើដំណើរ​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​នេះ ។ គំរូទ្រង់ បំភ្លឺ​ផ្លូវ ។ ទ្រង់មានបន្ទូលថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត » ។8

​បើយើង​ពិនិត្យ​មើល​ផ្លូវ​ដែលព្រះយេស៊ូវ​បាន​យាង​ នោះ​យើង​នឹង​ឃើញ​ថា ទ្រង់បាន​យាង​​​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដូចគ្នា​ដែល​យើង​នឹង​ជួប​ក្នុង​ជីវិត​ផងដែរ ។

ឧទាហរណ៍ ព្រះយេស៊ូវ បាន​យាង​​តាម​ផ្លូវ​នៃ​ការ​ខកចិត្ត ។ ទោះ​ជា​ទ្រង់​ជួប​ការ​ខកចិត្ត​ជាច្រើនក្ដី អារម្មណ៍​ដ៏រំជួល​បំផុត​មួយ បាន​បង្ហាញ​នៅ​ក្នុង​ការ​​ទួញ​សោក​របស់ទ្រង់​ចំពោះ​ទីក្រុង​យេរូសាឡិម ពេល​ទ្រង់​បានបញ្ចប់​​ការបម្រើ​ជាសារធារណៈ​របស់ទ្រង់ ។ កូនចៅ​នៃ​អ៊ីស្រាអែល បាន​បដិសេធ​សុវត្ថិភាព​នៃ​ស្លាប​ការពារ ដែល​ទ្រង់​បាន​ផ្ដល់​ឲ្យ​ពួកគេ​ ។ ពេល​ទ្រង់​ទត​មើល​ទៅ​ទីក្រុង ដែល​នឹង​ត្រូវបាន​បោះបង់ចោល​ក្នុងការ​បំផ្លិចបំផ្លាញ​​នាពេល​ឆាប់ៗ នោះ​ទ្រង់​​គ្រប់​ដណ្ដប់​ដោយ​​អារម្មណ៍​នៃភាព​សោកសៅ​ដ៏​ខ្លាំង​ ។ ដោយ​ការ​ឈឺចាប់ ទ្រង់​បាន​ស្រែក​ឡើងថា « ឱយេរូសាឡិម ក្រុង​យេរូសាឡិម ជា​ទីក្រុង​ដែល​សម្លាប់​ពួកហោរា ហើយ​ចោល​ថ្ម​ទៅ​អស់អ្នក ដែល​បាន​ចាត់​មក​ឯឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់ប្រមូល​កូន​ឯងរាល់គ្នា ដូចជា​មេមាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ! » 9

ព្រះយេស៊ូវ បាន​យាង​​​តាម​ផ្លូវ​នៃ​ការល្បួង ។ លូស៊ីហ្វើ ជា​អារក្ស បាន​ប្រមូល​កម្លាំង​វា​ដ៏​ធំអស្ចារ្យ ដោយ​​ការ​កុហក​ដ៏ទាក់ទាញ​បំផុត បានល្បួង​ដល់ទ្រង់ ដែល​បាន​តមអាហារ​អស់រយៈពេល 40 យប់ 40 ថ្ងៃមក​ហើយ​នោះ ។​​ ព្រះយេស៊ូវ ពុំចុះចាញ់​ឡើយ តែ​ទ្រង់​បាន​តស៊ូ​នឹង​ការ​ល្បួង​នីមួយៗ ។ ទ្រង់​មាន​បន្ទូល​លា​ថា ៖ « នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញពី​យើង​​ទៅ» ។10

ព្រះយេស៊ូវ បាន​យាង​​តាម​ផ្លូវ​នៃ​ការឈឺចាប់ ។ ចូរពិចារណា​ពី​សួនច្បារ​គេតសេម៉ានី ជា​កន្លែង​ដែល​ទ្រង់ « កើត​ទុក្ខ​ជា​ខ្លាំង … ហើយ​ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏ធំៗ​ស្រក់ទៅ​ដី » ។11 ហើយ​គ្មាននរណា​ម្នាក់ អាច​បំភ្លេច​នូវ​ការ​រងទុក្ខ​របស់ទ្រង់​នៅ​លើ​ឈើឆ្កាង​ដ៏ឃោរឃៅ​នោះឡើយ ។

យើង​ម្នាក់ៗ នឹង​ដើរ​តាម​ផ្លូវ​នៃ​ការ​ខកចិត្ត ប្រហែលជា​ដោយសារ​តែ​បាត់បង់ឱកាស ប្រើ​អំណាច​ខុស ការ​ជ្រើសរើស​របស់​មនុស្ស​ជាទីស្រឡាញ់ ឬ​ជា​ការ​ជ្រើសរើស​ដែ​ល​យើង​ធ្វើ​ខ្លួន​ឯង ។ ផ្លូវ​នៃ​ការ​ល្បួង និង​ជា​ផ្លូវ​ដែល​យើ​ង​ម្នាក់ៗ​នឹង​ដើរ​ផងដែរ។ យើង​អាន​នៅក្នុង កណ្ឌទី 29 ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ថា៖ « ហើយ​ជា​ការ​ចាំបាច់​ណាស់​ថា អារក្ស​គួរ​ល្បួង​កូនចៅ​មនុស្ស បើ​ពុំ​នោះ​សោត​ទេ ពួកគេ​ពុំ​អាច​ធ្វើជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​បាន​ឡើយ» ។12

ក៏ដូច​គ្នា​ដែរ យើង​នឹង​ដើរ​តាម​ផ្លូវ​នៃ​ការ​ឈឺចាប់ ។ ក្នុង​នាម​ជា​អ្នក​បម្រើ​ទ្រង់ យើង​អាច​រំពឹង​ថា​គ្មាន​នរណា​ក្រៅពី​ទ្រង់​ឡើយ ដែល​បាន​ចាក​ចេញ​ពីជីវិត​រមែង​ស្លាប់ បន្ទាប់ពី​ការ​ឈឺចាប់ និង​ការ​រង​ទុក្ខនោះ ។

ខណៈដែល​យើ​ង​នឹង​ឃើញ​ថា ផ្លូវ​របស់​យើង​សោកសៅ​ខ្លាំង នោះ​យើង​ក៏​អាច​រក​បាន​សុភមង្គល​ដ៏​ខ្លាំង​ដែរ ។

យើង​អាច​ដើរ​តាម​ផ្លូវ​នៃ​ការ​គោរព​ប្រតិបត្តិ​ជា​មួយ​ទ្រង់ ។ វា​នឹង​មិន​ងាយ​ស្រួល​ជានិច្ច​ទេ តែ​​​​ឲ្យ​ពាក្យ​ស្លោកយើង​ ជា​កេរដំណែល​ទទួល​មកពី​សាំ​យូអែល​ថា ៖ « មើល​ដែល​ស្ដាប់​បង្គាប់​ នោះ​វិសេស​លើស​ជា​ង​យញ្ញ​បូជា ហើយ​​ដែល​ផ្ទៀង​ស្ដាប់ ក៏​​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត» ។13 ចូរ​យើង​ចងចាំ​ថា លទ្ធផល​ចុង​ក្រោយ​នៃ​ការ​មិនគោរព​ប្រតិបត្តិ គឺ​ជា​សេវកភាព និង​សេចក្ដីស្លាប់ ខណៈដែល​រង្វាន់​សម្រាប់​ការ​គោរពប្រតិបត្តិ​គឺ​ជា​សេរីភាព និង​ជីវិត​អស់កល្បជានិច្ចនោះ ។

យើង​អាច​ដើរ​តាម​ផ្លូវ​នៃ​ការ​បម្រើ ដូចព្រះយេស៊ូវ ។ ពន្លឺ​ដ៏ភ្លឺចិញ្ចាច​នៃ​សេចក្ដី​ល្អ គឺ​ជា​ជីវិត​របស់ព្រះយេស៊ូវ ពេល​ទ្រង់​បាន​បម្រើ​នៅក្នុងចំណោម​មនុស្ស ។ ទ្រង់​បាន​នាំ​កម្លាំង​ដល់​ជង្គង់ដែលរោយ ឲ្យ​ភ្នែក​ដែលខ្វាក់​បាន​មើល​ឃើញ ហើយ​ត្រចៀក​ដែលថ្លង់​ឲ្យ​ស្ដាប់​ឮ ។

ព្រះយេស៊ូវ បាន​យាង​តាម​ផ្លូវ​នៃ​ការអធិស្ឋាន ។ ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​ដើម្បី​អធិស្ឋាន ដោយ​ផ្ដល់​​​នូវ​ការ​អធិស្ឋាន​ដ៏​ល្អ ដែល​យើង​ស្គាល់​ថា​ជា​ការ​អធិស្ឋាន​របស់ព្រះអម្ចាស់ ។ ហើយ​តើ​នរណា​អាច​បំភ្លេច​ការ​អធិស្ឋាន​របស់ទ្រង់​នៅ​សួនគេត​សេម៉ានី​បាន ៖ « កុំ​តាមចិត្ត​ទូលបង្គំឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ។14

ការ​ណែនាំ​ផ្សេងទៀត ដែលបាន​ប្រទាន​ដល់យើង ដោយ​ព្រះអង្គសង្គ្រោះ គឺ​នៅ​ចុង​ម្រាម​យើង ដែលមាន​នៅ​ក្នុង​បទគម្ពីរបរិសុទ្ធ​ ។ ក្នុង​ទេសនកថាលើភ្នំ​​របស់ទ្រង់ ទ្រង់​ប្រាប់​យើង​ឲ្យ​មានក្តីមេត្តា រាបសារ សុចរិត បរិសុទ្ធ​ក្នុង​ចិត្ត និង​ជា​អ្នក​ផ្សះផ្សាគេ ។​ ទ្រង់​ណែនាំ​យើង​ឲ្យ​ឈរឡើង​ដោយ​ក្លាហាន ដើម្បីជំនឿ​របស់​យើង ទោះ​ជា​ពេលយើង​ត្រូវ​គេ​រិះគន់ និង​បៀតបៀនក្ដី ។ ទ្រង់​សុំ​​យើង​ឲ្យលើក​ពន្លឺ​របស់​យើងឡើង ដើម្បី​​អ្នកដទៃ​អាច​មើល​ឃើញ ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ថ្វាយសិរីល្អដល់ព្រះវរបិតា​នៅឯស្ថានសួគ៌ ។ ទ្រង់​បង្រៀន​យើង​ឲ្យមានភាព​ស្អាតស្អំ​ខាង​សីលធម៌ ទាំង​ក្នុងគំនិត និង​សកម្មភាព​យើង ។ ទ្រង់​ប្រាប់​យើងថា វា​សំខាន់ណាស់​ដើម្បី​ទុក​សម្បត្តិ​នៅ​ស្ថានសួគ៌​ជាជាង​នៅលើ​ផែនដី ។15

រឿង​ប្រៀបធៀប​របស់ទ្រង់ បង្រៀន​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច។ ជាមួយនឹង​ដំណើររឿង​នៃ​សាសន៍​សាម៉ារី​មានចិត្តសប្បុរសម្នាក់ ទ្រង់បង្រៀន​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើ​អ្នកជិត​ខាង​យើង ។16 នៅក្នុង​រឿង​ប្រៀបធៀប​របស់ទ្រង់​អំពី​ប្រាក់ នោះ​ទ្រង់​បង្រៀន​យើង​ឲ្យ​អភិវឌ្ឍ​ខ្លួន​យើង និង​ព្យាយាម​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ។17 ជាមួយ​នឹង​ដំណើរ​រឿង​​នៃ​ចៀម​ដែល​បាត់ នោះ​ទ្រង់​បានបង្រៀន​យើង​ឲ្យ​ទៅ​សង្គ្រោះ​អ្នកទាំងឡាយ​ដែល​ចេញ​ពីផ្លូវ ហើយ​បាន​វង្វេង​ផ្លូវ​​នោះ ។18

ពេល​យើង​ព្យាយាម​ដាក់ព្រះគ្រីស្ទ​ជាចំបង​ក្នុងជីវិត​របស់យើង តាម​ការ​រៀនសូត្រ​ពី​ព្រះបន្ទូលទ្រង់ តាម​ការ​ដើរតាម​ការ​បង្រៀន​របស់​ទ្រង់ និង​តាម​ការ​ដើរ​តាម​ផ្លូវ​របស់ទ្រង់ នោះ​ទ្រង់​បាន​សន្យា​ថា​នឹង​ចែកចាយ​​យើង​នូវ​ជីវិត​អស់កល្បជានិច្ច ដែល​ទ្រង់បានសុគត​ដើម្បី​ឲ្យយើងអាច​ទទួលបាន​ ។ គ្មាន​ការ​បញ្ចប់​ណា​ល្អ​ជា​ងនេះ​ទេ ថា​យើង​គួរ​តែ​ជ្រើសរើស​ទទួលយក​ការ​លត់ដំ​របស់ទ្រង់ ហើយ​ក្លាយជា​សិស្ស​ទ្រង់ និង​ធ្វើ​កិច្ចការ​របស់ទ្រង់​នៅពេញ​មួយជីវិត​យើង ។ គ្មាន​អ្វី​ផ្សេងទៀត គ្មាន​ការ​ជ្រើសរើស​ណា​ផ្សេងទៀត​ដែល​យើង​ធ្វើ អាច​ធ្វើឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ឡើយ ។

ពេលខ្ញុំគិត​អំពីបងប្អូនទាំងឡាយ​ដែល​បាន​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​ដើរ​តាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ហើយ​ដែល​បាន​ដើរ​តាម​ផ្លូវ​របស់ទ្រង់ នោះ​ខ្ញុំ​បាន​នឹកឃើញ​ឈ្មោះ​របស់ ហ្គាសស្ត និង ម៉ាហ្គារ៉ែត វ៉កឃើរ​ ភ្លាម-- ដែល​អ្នកទាំង​ពីរ​មាន​លក្ខណៈដូចជា​ព្រះគ្រីស្ទ​បំផុត តាម​ដែល​ខ្ញុំ​បាន​ស្គាល់ ។ ពួកគាត់ជា​ជនជាតិអាល្លឺម៉ង់ ដែល​បាន​ធ្វើ​អន្ដោប្រវេសន៍​​ទៅ​ប្រទេសកាណាដា​ភាគ​ខាង​កើត ហើយ​ខ្ញុំ​បាន​ជួប​នឹង​ពួកគាត់ ពេលដែលខ្ញុំ​បាន​បម្រើ​ជា​ប្រធានបេសកកម្ម​នៅ​ទីនោះ ។ បងប្រុស វ៉កឃើរ បានរក​កម្រៃ​ចិញ្ចឹមជីវិត​ ជា​ជាងកាត់សក់ ។ ទោះ​ជា​ពួកគាត់ពុំ​មាន​​ប្រាក់​ច្រើន​​ក្ដី​ តែ​ពួក​គាត់​បាន​ចែកចាយ​​នូវ​អ្វីៗ​ដែលពួកគាត់​​មានទាំងអស់ ។ ពួកគាត់​ពុំ​មាន​កូនចៅ​ទេ ប៉ុន្តែ​ពួកគាត់​ចិញ្ចឹម​បីបាច់​គ្រប់មនុស្ស​ដែល​ចូល​មកក្នុង​ផ្ទះ​របស់ពួកគាត់ ។ បុរស​​ស្រ្តីចេះដឹង និង​ឆ្លាត​វៃ បាន​ទៅ​រក​អ្នកមប្រើ​ដ៏រាបសាររបស់ព្រះ​ ដែល​មិន​ចេះ​អាន​ទាំងនេះ ហើយ​បាន​រាប់​ថា ​​ពួកគេ​មាន​សំណាង​ បើ​ពួកគេ​អាច​ចំណាយ​ពេល​មួយ​ម៉ោង​នៅជាមួយ​ពួកគាត់នោះ ។

រូបរាង​របស់ពួកគាត់​សាមញ្ញ ភាសាអង់គ្លេស​របស់ពួកគាត់​មិន​សូវល្អ ហើយ​ពិបាក​យល់ខ្លះៗ ហើយ​ផ្ទះរបស់ពួកគាត់​រមទម្យ ។ ពួកគាត់គ្មានឡាន ឬ​ទូរទស្សន៍​មួយឡើយ ទាំង​គ្មានអ្វី​ដែលតាម​​ធម្មតា​ពិភពលោក​យកចិត្តទុកដាក់​នោះដែរ ។ ប៉ុន្ដែ​មនុស្ស​ស្មោះត្រង់​នេះ បាន​ទៅ​សួរសុខទុក្ខ​ពួកគាត់ ដើម្បី​ទទួល​ទាន​នៃ​ព្រះវិញ្ញាណ​ដែលគង់នៅទីនោះ ។ ផ្ទះរបស់ពួកគាត់​គឺ​ជា​ស្ថានសួគ៌​នៅលើ​ផែនដី ហើយ​វិញ្ញាណ​ដែល​ពួកគេ​បាន​បំភ្លឺ គឺ​ជា​ភាពសុខសាន្ដ និង​សេចក្ដីល្អ​ដ៏បរិសុទ្ធ ។

យើង​ក៏អាច​មាន​វិញ្ញាណនោះផងដែរ ហើយ​អាច​ចែកចាយ​វា​ជាមួយ​នឹង​ពិភពលោក ពេល​យើង​ដើរ​តាម​ផ្លូវ​នៃ​ព្រះអង្គសង្គ្រោះ​របស់យើង ហើយ​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់ទ្រង់ ។

យើងអាន​នៅក្នុង​សុភាសិត​នូវ​ការ​ដាស់តឿនឲ្យ « ត្រូវ​ពិចារណា​​ផ្លូវ​ដែល​ជើង​ឯងដើរ » ។19 នៅពេល​យើង​ធ្វើដូច្នោះ នោះ​យើង​នឹង​មាន​ជំនឿ និង​បំណងប្រាថ្នា ដើម្បី​ដើរ​តាម​ផ្លូវ​ដែល​ព្រះយេស៊ូវ​បាន​យាង​ ។ យើ​ងនឹង​គ្មាន​ការសង្ស័យ​ថា យើងស្ថិត​នៅលើ​ផ្លូវ​មួយ​ដែល​ព្រះវរបិតា​យើង នឹង​ឲ្យ​យើង​ដើរ​ឡើយ ។ គំរូ​របស់ព្រះអង្គសង្គ្រោះ ផ្ដល់​ជា​គ្រោង​មួយ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ហើយ​បន្ទូល​ទ្រង់​ផ្ដល់​ជា​ការ​ដឹកនាំ​ដោយ​ខ្ជាប់ខ្ជួន ។ ផ្លូវ​របស់ទ្រង់ នឹង​នាំ​យើង​ទៅ​ផ្ទះវិញ​ដោយសុវត្ថិភាព។ សូម​ឲ្យ​ការណ៍​នេះ​ជា​ពរជ័យ​ដល់យើង ខ្ញុំ​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ស្រឡាញ់ ដែល​ខ្ញុំ​បម្រើ ហើយ​ដែល​ខ្ញុំ​ធ្វើ​ទីបន្ទាល់ អាមែន។