បានដឹកនាំទៅផ្ទះវិញដោយសុវត្ថិភាព
យើងត្រូវសម្លឹងទៅស្ថានសួគ៌ទូលសូមការយល់ដឹងត្រឹមត្រូវនៃទិសដៅនោះ ដើម្បីយើងអាចឃើញ ហើយដើរតាមផ្លូវមួយដ៏ត្រឹមត្រូវ ហើយឈ្លាសវៃ។
បងប្អូនប្រុស យើងបានជួបជុំគ្នាជាក្រុមបព្វជិតភាពដ៏ធំមួយ ទាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ និងកន្លែងផ្សេងទៀតជុំវិញពិភពលោក។ ខ្ញុំមានកិត្តិយស ហើយរាបសា ដោយមានឯកសិទ្ធិដើម្បីថ្លែងសុន្ទរកថាមួយចំនួនទៅកាន់បងប្អូន។ ខ្ញុំសូមអធិស្ឋានឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់គង់ជាមួយខ្ញុំ កាលខ្ញុំធ្វើកិច្ចការនេះ។
ចិតសិបប្រាំឆ្នាំមុន គឺថ្ងៃទី 14 កុម្ភៈ ឆ្នាំ 1939 នៅហាំប៊ឺគ ប្រទេសអាល្លឺម៉ង់ ត្រូវជាថ្ងៃបុណ្យជាតិ។ រួមជាមួយនឹងសុន្ទរកថាដ៏ក្លៀវក្លា សម្រែកអបអរពីហ្វូងមនុស្ស និងការលេងភ្លេងជាតិ នោះនាវាចម្បាំងថ្មីឈ្មោះថា ប៊ីស្មាក (Bismarck) បានដាក់ចូលទៅក្នុងទន្លេ អេលបេ។ នាវាធំដ៏មានឥទ្ធិពលបំផុតនេះ គឺជាការបង្ហាញរូបភាពដ៏អស្ចារ្យមួយអំពីកងទ័ព និង គ្រឿងយន្ត។ ការសាងសង់កាំភ្លើងយន្ត ពីរជាន់ ដែលមានមុខកាត់ទំហំ 380 មីលីម៉ែត្រ ហើយវាអាចបាញ់បានគ្រប់ទិសដៅ តម្រូវឲ្យមានប្លង់ច្រើនជាង 57,000។ នាវាធំនេះបំពាក់ដោយខ្សែភ្លើងប្រវែង 45,000 គ.ម.។ វាមានទម្ងន់ 35,000 តោន ហើយមានបន្ទះខែលការពារខ្ពស់បំផុត ។ ដោយមានទំហំដ៏ធំសម្បើម ហើយបំពាក់ដោយកាំភ្លើងយន្តដ៏ទំនើប នោះនាវាដ៏ធំនេះត្រូវបានគេគិតថា វាមិនងាយនឹងបាញ់ឲ្យលិចនោះទេ។
ពេលកំណត់នៃជោគវាសនារបស់នាវាប៊ីស្មាកបានមកដល់ប្រមាណជាពីរឆ្នាំក្រោយមក គឺនៅថ្ងៃទី 24 ឧសភា ឆ្នាំ 1941 មាននាវាចម្បាំងដ៏ខ្លាំងពីរគ្រឿងនៅក្នុងទ័ពជើងទឹកអង់គ្លេស ឈ្មោះថា ប្រ៊ីនស៍ អហ្វ វ៉ែល (Prince of Wales) និង ហ៊ូដ (Hood) បានចេញទៅច្បាំងនឹងនាវាប៊ីស្មាក (Bismarck) និងនាវាចម្បាំងល្បឿនលឿនរបស់អាល្លឺម៉ង់ឈ្មោះថា ប្រ៊ីនស៍ យូជែន (Prinz Eugen)។ ក្នុងរយៈពេលប្រាំនាទីប៊ីស្មាក បានបាញ់នាវា ហូដ និងនាវិកចំនួន 1,400 នាក់ នៅសល់តែបីនាក់ប៉ុណ្ណោះ ឲ្យលិចចូលទៅក្នុងមហាសមុទ្រអាត្លង់ទិច។ នាវាចម្បាំងមួយទៀតឈ្មោះប្រ៊ីនស៍ អហ្វ វ៉ែល បានរងការខូចខាតជាទម្ងន់ ហើយបើកបត់ចេញទៅ។
ជាងបីថ្ងៃក្រោយមក ប៊ីស្មាក បានប៉ះម្ដងហើយម្ដងទៀតដោយកប៉ាល់ និងយន្ដហោះចម្បាំងរបស់អង់គ្លេស ។ អង់គ្លេសបានរៀបចំកម្លាំងដោយសរុបទៅមាន នាវាចម្បាំងប្រាំបី គ្រឿង នាវាចំណតយន្តហោះពីរគ្រឿង នាវាចម្បាំងល្បឿនលឿន 11 គ្រឿង និង នាវាពិឃាដ 21 គ្រឿង ដើម្បីស្វែងរក ហើយបាញ់ពន្លិចនាវា ប៊ីស្មាក ដ៏ខ្លាំងក្លានេះ។
នៅក្នុងចម្បាំងទាំងនេះ ប៊ីស្មាក រងការខូចខាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ តើវាបាញ់មិនលិចមែនឬ? ក្រោយមក ជាសំណាងល្អ មានគ្រាប់មួយបានបាញ់ចំនាវាប៊ីស្មាក ហើយធ្វើឲ្យចង្កូតវាគាំង។ ការខំជួសជុលវា ហាក់ដូចជាមិនបានផលសោះ។ ដោយមានកាំភ្លើង និងនាវិកត្រៀមខ្លួនជាស្រេច នាវាប៊ីស្មាក អាចតម្រង់បាញ់តែក្នុងរង្វង់ដែលយឺត ប៉ុណ្ណោះ។ ហើយទ័ពអាកាសអាល្លឺងម៉ង់ដ៏ខ្លាំងក៏នៅឆ្ងាយទៀត។ ប៊ីស្មាក ពុំអាចមកដល់ផែដោយសុវត្ថិភាពទេ ។ គ្មាននរណាអាចផ្ដល់ទីសុវត្ថិភាពដែលចាំបាច់ដល់នាវា ប៊ីស្មាក ដែលបាត់បង់សមត្ថភាពតម្រង់ផ្លូវនេះបានឡើយ។ គ្មានចង្កូត គ្មានជំនួយ គ្មានផែ។ ចុងបញ្ចប់បានខិតជិតដល់ហើយ។ កាំភ្លើងរបស់អង់គ្លេសបានបាញ់មក កាលពួកនាវិកអាល្លឺម៉ង់បានរត់ត្របាញ់ជើងគ្នា ហើយបានពន្លិចនាវាដ៏ធំខ្លាំងក្លានោះ។ ដំបូង រលកធំៗនៃមហាសមុទ្រអាត្លង់ទិច បានបោកប៉ះនឹងចំហៀងនៃនាវានោះ រួចបានលេបត្របាក់យកអំនួតនៃទ័ពជើងទឹកអាល្លឺម៉ង់នោះបាត់ទៅ។ គ្មាននាវាប៊ីស្មាកទៀតឡើយ។1
ដូចជានាវា ប៊ីស្មាក ដែរ យើងម្នាក់ៗគឺជាអព្ភូតហេតុមួយនៃវិស្វកម្ម។ ប៉ុន្តែ ការបង្កបង្កើតរបស់យើង មិនបានកំណត់ដោយសមត្ថភាពរបស់មនុស្សឡើយ។ មនុស្សអាចបង្កើតគ្រឿងយន្តដ៏ស្មុគស្មាញបំផុតបានក៏ពិតមែន ប៉ុន្តែគេមិនអាចផ្ដល់ជីវិតឲ្យវា ឬផ្ដល់ឲ្យវានូវអំណាចនៃការដឹងខុសត្រូវបានទេ។ ទាំងនេះជាអំណោយទានដ៏ទេវភាព មានតែព្រះប៉ុណ្ណោះដែលអាចប្រទានឲ្យបាន។
ប្រៀបបាននឹងចង្កូតដ៏សំខាន់នៃនាវាមួយដែរ យើងត្រូវបានបង្ហាញផ្លូវមួយ ដើម្បីកំណត់ពីទិសដៅដែលយើងចង់ទៅ។ ប៉មបំភ្លឺផ្លូវរបស់ព្រះអម្ចាស់បង្ហាញសញ្ញាដល់មនុស្សគ្រប់គ្នា ពេលយើងធ្វើដំណើរលើសមុទ្រនៃជីវិតនេះ។ គោលបំណងយើងគឺដើម្បីតម្រង់ផ្លូវទៅកាន់គោលដៅដែលយើងប្រាថ្នា—ជានគរសេឡេស្ទាលរបស់ព្រះ។ មនុស្សម្នាក់ដែលគ្មានគោលបំណងប្រៀបដូចជា នាវាដែលគ្មានចង្កូត វានឹងមិនអាចទៅដល់ផែបានឡើយ។ យើងបានទទួលសញ្ញានោះហើយ៖ សូមរៀបចំផែនការ ដាក់ក្ដោងចុះ តម្រង់ចង្កូត ហើយចេញដំណើរទៅ។
រឿងពីនាវាដ៏ធំឈ្មោះប៊ីស្មាក ដូចគ្នានឹងរឿងរបស់មនុស្សដែរ។ កម្លាំងដ៏ខ្លាំងនៃកង្ហារ និងថាមពលនៃស្លាបចក្រនឹងគ្មានប្រយោជន៍ឡើយ បើគ្មានទិសដៅ គ្មានការប្រើថាមពល គ្មានការប្រាប់ទិសពីចង្កូតដែលតូច ដែលគេមើលមិនឃើញ ប៉ុន្តែជាឧបករណ៍មួយដ៏សំខាន់នោះ។
ព្រះវរបិតាយើងប្រទានព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ—ជាកញ្ចុំផ្កាយនៅស្ថានសួគ៌ ដើម្បីដឹកនាំផ្លូវពួកអ្នកដើរកប៉ាល់ដែលធ្វើដំណើរនៅលើសមុទ្រ។ ចំពោះយើង ពេលយើងដើរនៅក្នុងជីវិតនេះ ទ្រង់ប្រទាននូវផែនទីដ៏ច្បាស់មួយ ហើយបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅដែលយើងប្រាថ្នា។ ទ្រង់បានហាមថា៖ ចូរប្រុងប្រយ័ត្នចំពោះផ្លូវវាង រណ្ដៅ និងអន្ទាក់។ យើងមិនត្រូវអនុញ្ញាតឲ្យជនដែលនឹងដឹកនាំឲ្យយើងវង្វេង ជនដែលពូកែធ្វើអំពើបាប មកអូសទាញយើងបានឡើយ។ ផ្ទុយទៅវិញ យើងត្រូវឈប់សិនដើម្បីអធិស្ឋាន យើងត្រូវស្ដាប់សំឡេងដ៏តូចរហៀងនោះ ជាសំឡេងដែលពោលទៅដល់ជម្រៅនៃព្រលឹងយើងនូវការអញ្ជើញដ៏ទន់ភ្លន់របស់លោកចៅហ្វាយថា «ចូរមកតាមខ្ញុំចុះ»។2
ប៉ុន្តែនៅមានជនដែលមិនបានស្ដាប់ឮ មិនបានគោរពតាម ជនដែលចង់ដើរលើផ្លូវដែលខ្លួនចង់ដើរ ។ ជាញឹកញាប់ ពួកគេបានចាញ់នឹងការល្បួងដែលហ៊ុមព័ទ្ធយើង ហើយដែលវាមានភាពទាក់ទាញខ្លាំងណាស់។
ក្នុងនាមជាអ្នកកាន់បព្វជិតភាព យើងបានកើតលើផែនដីក្នុងគ្រាដ៏ច្របូកច្របល់។ យើងរស់នៅក្នុងពិភពលោកមួយដ៏ស្មុគស្មាញ ដែលមានវិបត្តិនៅគ្រប់ទិសទី។ ផែនការខាងនយោបាយបានធ្វើឲ្យបាត់ស្ថេរភាពនៃប្រទេសជាតិ ពួកអ្នកដឹកនាំផ្ដាច់ការប្រឹងក្ដោបអំណាច ហើយផ្នែកនានាក្នុងសង្គមហាក់ដូចជាស្រុតដុនដាបយ៉ាងខ្លាំង ដោយបានដកយកឱកាស ហើយបន្សល់ទុកនូវអារម្មណ៍នៃភាពបរាជ័យ។ ទស្សនៈរបស់មនុស្សបានបន្លឺសំឡេងពេញត្រចៀកយើង ហើយយើងហ៊ុមព័ទ្ធដោយអំពើបាប។
វាជាទំនួលខុសត្រូវរបស់យើងដើម្បីមានភាពសក្ដិសមចំពោះរាល់ពរជ័យដ៏រុងរឿងដែលព្រះវរបិតាសួគ៌យើងមានសម្រាប់យើង។ មិនថាយើងទៅទីណាទេ បព្វជិតភាពយើងនឹងទៅជាមួយយើង។ តើយើងកំពុងឈរនៅក្នុងទីបរិសុទ្ធដែរឬទេ ? ពីមុនបងប្អូនធ្វើឲ្យខ្លួនឯង និងបព្វជិតភាពខ្លួនធ្លាក់ចូលក្នុងគ្រោះថ្នាក់ ដោយប្រថុយចូលទៅកន្លែង ឬចូលរួមក្នុងសកម្មភាពដែលមិនសក្ដិសមនឹងបងប្អូន ឬនឹងបព្វជិតភាពនោះ សូមមេត្តាឈប់មួយភ្លែតសិន ដើម្បីពិចារណាពីផលរបស់វា។
យើងជាអ្នកដែលត្រូវបានប្រគល់ឲ្យនូវបព្វជិតភាពនៃព្រះ យើងអាចធ្វើឲ្យមានការផ្លាស់ប្ដូរបាន។ ពេលយើងរក្សាភាពបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ហើយឲ្យតម្លៃដល់បព្វជិតភាពយើង យើងក្លាយជាគំរូដ៏សុចរិតដើម្បីឲ្យមនុស្សដទៃទៀតធ្វើតាម។ សាវក ប៉ុល បានទូន្មានថា «ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ»។3 លោកក៏បានសរសេរផងដែរថា ពួកអ្នកដើរតាមព្រះគ្រីស្ទគួរធ្វើជា «ពន្លឺនៅក្នុង[លោកិយ]»។ 4 ការផ្ដល់គំរូនៃសេចក្ដីសុចរិតអាចជួយបំភ្លឺដល់ពិភពលោកដែលពោរពេញដោយភាពងងឹតនោះ។
បងប្អូនភាគច្រើននៅចាំ ប្រធាន អិន អេលឌិន ថែនណឺ ដែលបម្រើជាទីប្រឹក្សារបស់ប្រធានសាសនាចក្របួនរូប។ លោកបានផ្ដល់គំរូដ៏ស្មោះត្រង់មួយពីសេចក្ដីសុចរិតនៅក្នុងអាជីពការងាររបស់លោក ក្នុងពេលការបម្រើក្នុងជួររដ្ឋាភិបាលប្រទេសកាណាដា និងជាសាវកនៃព្រះយេស៊ូវគ្រីស្ទ។ លោកបានផ្ដល់ការទូន្មានដ៏បំផុសគំនិតនេះដល់យើងថា៖ «គ្មានអ្វីអាចនាំមកនូវក្ដីអំណរ និងជោគជ័យដ៏ធំ ជាងការរស់នៅតាមការបង្រៀននៃដំណឹងល្អឡើយ។ ចូរធ្វើជាគំរូ ចូរធ្វើគំរូសម្រាប់សេចក្ដីល្អ»។
លោកបានបន្តថា ៖ «យើងគ្រប់គ្នាត្រូវបានតែងតាំងទុកជាមុនសម្រាប់កិច្ចការមួយចំនួន ក្នុងនាមជាអ្នកបម្រើជម្រើស [របស់ព្រះ] ជាអ្នកដែលទ្រង់គិតថាសក្ដិសមដើម្បីទទួលបព្វជិតភាព និងអំណាចដើម្បីធ្វើកិច្ចការក្នុងព្រះនាមទ្រង់។ ត្រូវចាំជានិច្ចថា មនុស្សដទៃទៀតកំពុងមើលមកបងប្អូនសម្រាប់ការដឹកនាំ ហើយបងប្អូនកំពុងជះឥទ្ធិពលដល់ជីវិតបុគ្គលម្នាក់ៗសម្រាប់រឿងល្អ ឬអាក្រក់ ជាឥទ្ធិពលដែលនឹងកើតមានជាច្រើនតំណ»។5
យើងត្រូវបានពង្រឹងដោយសេចក្ដីពិតនោះថា អានុភាពដ៏ធំបំផុតក្នុងពិភពលោកសព្វថ្ងៃ គឺជាព្រះចេស្ដានៃព្រះដែលមាននៅក្នុងមនុស្ស។ ដើម្បីធ្វើដំណើរដោយសុវត្ថិភាពនៅលើសមុទ្រនៃជីវិតនេះ យើងត្រូវការការដឹកនាំពីអ្នកដើរកប៉ាល់ដ៏អស់កល្ប—ជាព្រះយេហូវ៉ាដ៏មានមហិទ្ធិឫទ្ធិ។ យើងទូលសូមជំនួយ យើងទូលទៅស្ថានសួគ៌ ដើម្បីបានជំនួយពីសួគ៌ា។
គំរូគួរឲ្យចងចាំមួយពីជនដែលមិនបានទូលសុំជំនួយគឺ កាអ៊ីន ជាកូនប្រុសរបស់អ័ដាម និងនាងអេវ៉ា។ ដោយមានរូបរាងខ្លាំងក្លា តែខ្វះឆន្ទៈ នោះកាអ៊ីនមានភាពលោភលន់ ច្រណែន មិនស្ដាប់បង្គាប់ ហើយថែមទាំងសម្លាប់មនុស្សទៀតផង ដើម្បីបង្ខូចចង្កូតរបស់ខ្លួនដែលនឹងដឹកនាំគាត់ទៅរកសុវត្ថិភាព និងភាពតម្កើងឡើង។ កាអ៊ីនបានធ្លាក់ ដោយសារខំស្វែងរកទ្រព្យខាងលោកិយច្រើនជាងទ្រព្យសួគ៌ា។
នៅគ្រាមួយទៀត មានអ្នកបម្រើម្នាក់នៃព្រះត្រូវបានល្បងដោយស្ដេចទុច្ចរិត។ ដោយមានជំនួយពីស្ថានសួគ៌ ដានីយ៉ែល បានបកប្រែការសរសេរនៅលើជញ្ជាំងឲ្យស្ដេចនោះ។ ដោយនឹងខ្វល់ពីរង្វាន់ដែលលោកនឹងទទួលបាន—ជារ៉ូបស្ដេច ខ្សែ-កមាស និងអំណាចខាងនយោបាយ—ដានីយ៉ែល បានទូលថា «ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ»។6 ទ្រព្យស្ដុកស្តម និងអំណាច បានផ្ដល់ឲ្យ ដានីយ៉ែល ជារង្វាន់ដែលតំណាងឲ្យទ្រព្យខាងលោកិយ ហើយមិនមែនជារបស់ផងព្រះឡើយ។ ដានីយ៉ែល បានបដិសេធ ហើយបន្តស្មោះត្រង់។
ក្រោយមក ពេល ដានីយ៉ែល ថ្វាយបង្គំព្រះ ថ្វីបើមានច្បាប់ហាមមិនឲ្យធ្វើដូច្នេះក្ដី លោកត្រូវបានគេបោះចូលទៅក្នុងរូងតោ។ រឿងនេះក្នុងព្រះគម្ពីរប៊ីប ប្រាប់យើងថា លុះស្អែកឡើង «ដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្ត…ព្រះ»។7 នៅគ្រាដ៏គ្រោះថ្នាក់បំផុត ការតាំងចិត្តរបស់ ដានីយ៉ែល ដើម្បីបន្តស្មោះត្រង់ បាននាំមកនូវការការពារពីព្រះ ហើយបានផ្ដល់ជម្រកមួយដ៏មានសុវត្ថិភាព។ ការការពារ និង សុវត្ថិភាពនេះអាចជារបស់យើងផងដែរ បើយើងបន្តស្មោះត្រង់ដើរឆ្ពោះទៅរកផ្ទះដ៏អស់កល្បរបស់យើងនោះ។
គ្រាអតីតកាល ប្រៀបបាននឹងកែវខ្សាច់កំណត់ម៉ោងដែរ វាគូសចំណាំពីកាលវេលា។ មានក្រុមសម្ដែងថ្មីមួយបានឡើងសម្ដែងនៅលើឆាកនៃជីវិត។ បញ្ហាក្នុងជំនាន់នេះបានគម្រាមកំហែងដល់យើង។ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក សាតាំងបានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីបំផ្លាញពួកអ្នកដើរតាមព្រះអង្គសង្គ្រោះ។ បើយើងចាញ់នឹងការអូសទាញរបស់វា នោះយើង—ប្រៀបបាននឹងនាវា ប៊ីស្មាក ដ៏ខ្លាំងក្លានោះដែរ—នឹងត្រូវបាត់ចង្កូតដែលអាចដឹកនាំយើងទៅទីសុវត្ថិភាព។ ផ្ទុយទៅវិញ ទោះយើងហ៊ុមព័ទ្ធទៅដោយភាពជឿនលឿននៃជីវិតរស់នៅដ៏ទំនើបនេះក្ដី យើងត្រូវសម្លឹងទៅស្ថានសួគ៌ទូលសូមការយល់ដឹងត្រឹមត្រូវនៃទិសដៅនោះ ដើម្បីយើងអាចឃើញ ហើយដើរតាមផ្លូវមួយដ៏ត្រឹមត្រូវ ហើយឈ្លាសវៃ។ ព្រះវរបិតាសួគ៌យើងនឹងមិនទុកឲ្យការទូលសួររបស់យើង គ្មានចម្លើយនោះទេ។ ពេលយើងស្វែងរកជំនួយសួគ៌ា ចង្កូតយើងនឹងមិនបរាជ័យដូចជានាវាប៊ីស្មាក ឡើយ។
ពេលយើងចាប់ផ្ដើមដំណើររបស់យើង សូមឲ្យយើងធ្វើដំណើរដោយសុវត្ថិភាពនៅលើសមុទ្រនៃជីវិតនេះ។ សូមឲ្យយើងមានចិត្តក្លាហានដូចជា ដានីយ៉ែល ដើម្បីយើងអាចបន្តជឿជាក់ ហើយស្មោះត្រង់ ទោះជាមានអំពើបាប និងការល្បួងហ៊ុមព័ទ្ធយើងក្ដី។ សូមឲ្យទីបន្ទាល់យើងមានភាពរឹងមាំ ហើយស៊ីជម្រៅដូចជាយ៉ាកុប ប្អូនប្រុសរបស់នីហ្វៃ ពេលជួបនឹងមនុស្សដែលបានស្វែងរកគ្រប់វិធីដែលអាចធ្វើបានដើម្បីបំផ្លាញសេចក្ដីជំនឿលោក នោះលោកបានប្រកាសថា « ខ្ញុំមិនអាចបាត់បង់សេចក្ដីជំនឿបានទេ»។8
បងប្អូនប្រុស ដោយមានចង្កូតនៃសេចក្ដីជំនឿដឹកនាំផ្លូវយើង យើងនឹងរកឃើញផ្លូវទៅផ្ទះវិញដោយសុវត្ថិភាព—ជាការត្រឡប់ទៅរកព្រះ ដើម្បីរស់នៅជាមួយនឹងទ្រង់ដ៏អស់កល្បជានិច្ច។ ខ្ញុំសូមអធិស្ឋាន ឲ្យរឿងនេះបានកើតឡើងចំពោះយើងម្នាក់ៗ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃយើង អាម៉ែន។