ការគាំទ្រពួកព្យាការី
ការគាំទ្រពួកព្យាការីរបស់យើង គឺជាការតាំងចិត្តផ្ទាល់ខ្លួនមួយ ថា យើងនឹងធ្វើអស់ពីសមត្ថភាព ដើម្បីលើកតម្កើងដល់អាទិភាពជាព្យាការីរបស់ពួកលោក ។
ប្រធាន អាវរិង ពួកយើងសូមអរគុណចំពោះសារលិខិត និងការណែនាំដ៏បំផុសគំនិតរបស់លោក ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងសូមអរគុណចំពោះសេចក្ដីជំនឿ និងការលះបង់របស់បងប្អូន ។ ម្សិលមិញ យើងម្នាក់ៗត្រូវបានអញ្ជើញឲ្យគាំទ្រដល់ ថូម៉ាស អេស ម៉នសុន ជាព្យាការីរបស់ព្រះអម្ចាស់ និងជាប្រធាននៃសាសនាចក្ររបស់ព្រះអម្ចាស់ ។ ហើយជាញឹកញាប់យើងច្រៀងបទ « យើងសូមអរគុណព្រះអង្គចំពោះព្យាការី » ។1 តើបងប្អូន និងខ្ញុំ ពិតជាយល់អំពីអត្ថន័យវាឬទេ ? សូមគិតពីឯកសិទ្ធិដែលព្រះអម្ចាស់ បានប្រទានដល់យើងដើម្បីគាំទ្រដល់ព្យាការីរបស់ទ្រង់ ដែលពាក្យទូន្មានរបស់លោកបរិសុទ្ធ ស្អាតស្អំ និងលើកទឹកចិត្តគ្រប់គោលដៅផ្ទាល់ខ្លួន ហើយពិតទាំងស្រុង!
តើយើងពិតជាគាំទ្រព្យាការីម្នាក់តាមរបៀបណា ? ពីមុនលោកក្លាយជាប្រធាននៃសាសនាចក្រ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានពន្យល់ថា ៖ « វាគឺជាកាតព្វកិច្ចដ៏សំខាន់មួយចំពោះពួកបរិសុទ្ធដែល ... គាំទ្រអ្នកមានសិទ្ធិអំណាចនៃសាសនាចក្រ ដើម្បីធ្វើដូច្នោះ ពុំត្រឹមតែដោយការលើដៃឡើង ខាងរាងកាយទេ ប៉ុន្តែគាំទ្រដោយ ទង្វើ ពិត » ។2
មែនហើយ ខ្ញុំនៅចាំយ៉ាងច្បាស់ពី « ទង្វើ » ដ៏ពិសេសបំផុត ដើម្បីគាំទ្រព្យាការី ។ ក្នុងនាមជាវេជ្ជបណ្ឌិត និងអ្នកវះកាត់ផ្នែកបេះដូង ខ្ញុំមានទំនួលខុសត្រូវធ្វើការវះកាត់--បេះដូងឲ្យប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅឆ្នាំ 1972 ពេលលោកជាប្រធានស្ដីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ លោកត្រូវធ្វើការវះកាត់ដ៏លំបាកបំផុតមួយ ។ ប៉ុន្តែ ខ្ញុំគ្មានបទពិសោធន៍ធ្វើការវះកាត់ឲ្យអ្នកជំងឺវ័យ 77 ឆ្នាំ ដែលមានជំងឺខ្សោយបេះដូងនោះទេ ។ ខ្ញុំពុំផ្ដល់អានុសាសន៍ឲ្យធ្វើការវះកាត់ទេ ដូច្នេះក៏ជូនដំណឹងដល់ប្រធាន ឃឹមបឹល និងគណៈប្រធានទីមួយ ។ ប៉ុន្តែដោយក្ដីជំនឿ ប្រធាន ឃឹមបឹល បានជ្រើសរើសធ្វើការវះកាត់ ដោយសារតែវាត្រូវបានឲ្យដំបូន្មានដោយគណៈប្រធានទីមួយតែប៉ុណ្ណោះ ។ នោះបង្ហាញថា លោកគាំទ្រដល់អ្នកដឹកនាំរបស់លោក ! ហើយការសម្រេចចិត្តរបស់លោក ធ្វើឲ្យខ្ញុំភ័យញ័រ!
អរគុណដល់ព្រះអម្ចាស់ ដែលការវះកាត់បានទទួលជោគជ័យ ។ នៅពេលបេះដូងរបស់ប្រធានឃឹមបឹល បានលោតចង្វាក់ឡើងវិញ វាដើរដោយមានថាមពលដ៏អស្ចារ្យ! នៅគ្រានោះ ខ្ញុំមានសាក្សីនៃព្រះវិញ្ញាណយ៉ាងច្បាស់ថា បុរសនេះ នឹងក្លាយជាប្រធានសាសនាចក្រនៅថ្ងៃមួយ!3
បងប្អូនឃើញលទ្ធផលហើយ ។ គ្រាន់តែ 20 ខែក្រោយមក ប្រធានឃឹមបឹល បានក្លាយជាប្រធានសាសនាចក្រ ។ ហើយលោកបានផ្ដល់នូវការដឹកនាំដោយមោះមុត និងក្លាហានអស់រយៈពេលជាច្រើនឆ្នាំ ។
ចាប់តាំងពីពេលនោះមក យើងបានគាំទ្រប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ហាវើដ ដបុលយូ ហឹនធើរ, ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយឥឡូវ ថូម៉ាស អេស ម៉នសុន ជាប្រធាននៃសាសនាចក្រ ។ ពួកលោកជាព្យាការីពិតមែន!
បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំអើយ បើការស្ដារឡើងវិញ បានធ្វើនូវអ្វីៗគ្រប់យ៉ាង នោះវាបំបែកជំនឿតាំងយូរដែលថា ព្រះបានឈប់មានបន្ទូលមកកាន់កូនចៅរបស់ទ្រង់ទៀតនោះ ។ គ្មានអ្វីអាចបន្ថែមហួសពីសេចក្ដីពិតនេះទេ ។ ព្យាការី បានដឹកនាំសាសនាចក្ររបស់ព្រះនៅគ្រប់គ្រាកាន់កាប់ត្រួតត្រា ចាប់តាំងពីលោកអ័ដាមរហូតដល់បច្ចុប្បន្ន ។4 ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ —អំពីទេវភាពរបស់ទ្រង់ និងអំពីបេសកកម្ម និងការបម្រើរបស់ទ្រង់នៅលើផែនដី ។5 យើងគោរពព្យាការីយ៉ូសែប ស្ម៊ីធ ជាព្យាការីនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ ។ ហើយយើងគោរពដល់បុរសម្នាក់ៗ ដែលបានស្នងបន្ទាប់ពីលោកធ្វើជាប្រធានសាសនាចក្រ ។
នៅពេលយើងគាំទ្រពួកព្យាការី និងអ្នកដឹកនាំដទៃទៀត6 នោះយើងបួងសួងសូមច្បាប់នៃការយល់ព្រមទូទៅ ត្បិតព្រះអម្ចាស់មានបន្ទូលថា « ការណ៍នេះមិនបានអនុញ្ញាតដល់អ្នកណាមួយ ដើម្បីឲ្យចេញទៅផ្សាយដំណឹងល្អរបស់យើង ឬដើម្បីឲ្យស្ថាបនាសាសនាចក្ររបស់យើងឡើងឡើយ លើកលែងតែអ្នកនោះបានតែងតាំងឡើង ដោយនរណាម្នាក់ដែលមានសិទ្ធិអំណាច ហើយដែលបានស្គាល់ដោយសាសនាចក្រថា អ្នកនោះមានសិទ្ធិអំណាច ហើយបានតែងតាំងដោយត្រឹមត្រូវដោយពួកអ្នកដឹកនាំនៃសាសនាចក្រ » ។7
ការណ៍នេះផ្ដល់ដល់យើង ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ នូវទំនុកចិត្ត និងសេចក្ដីជំនឿ ពេលយើងព្យាយាមដើម្បីរក្សាបញ្ញត្តិខាងបទគម្ពីរ ដើម្បីគោរពតាមសំឡេងរបស់ព្រះអម្ចាស់8 ពេលវាចេញមកពីសំឡេងរបស់អ្នកបម្រើទ្រង់ ជាពួកព្យាការី ។9 អ្នកដឹកនាំទាំងអស់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ត្រូវបានហៅដោយសិទ្ធិអំណាចត្រឹមត្រូវ ។ ដ្បិត គ្មានព្យាការី ឬអ្នកដឹកនាំណាផ្សេងទៀតក្នុងសាសនាចក្រនេះ ត្រូវបានហៅខ្លួនឯងដើម្បីបម្រើឡើយ ។ គ្មានព្យាការីណា ធ្លាប់ត្រូវបានរើសឡើយ ។ ព្រះអម្ចាស់ បានបង្ហាញយ៉ាងច្បាស់ ពេលទ្រង់មានបន្ទូលថា « មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នា » ។10 បងប្អូន ហើយនឹងខ្ញុំ ពុំ « បោះឆ្នោត » រើសអ្នកដឹកនាំសាសនាចក្រទេ ទោះនៅគ្រប់កម្រិតណាក៏ដោយ ។ តែយើងមានឯកសិទ្ធិគាំទ្រពួកលោក ។
មាគ៌ារបស់ព្រះអម្ចាស់ គឺខុសពីផ្លូវរបស់មនុស្ស ។ ផ្លូវរបស់មនុស្ស ដកមនុស្សចេញពីតំណែង ឬអាជីវកម្ម ពេលពួកគេចាស់ទៅ ឬលែងធ្វើការបាន ។ ប៉ុន្តែផ្លូវរបស់មនុស្ស គឺពុំអាច ហើយនឹងពុំដែល ដូចជាមាគ៌ារបស់ព្រះអម្ចាស់ឡើយ ។ ការគាំទ្រព្យាការីរបស់យើង គឺជាការតាំងចិត្តផ្ទាល់ខ្លួនថា យើងនឹងខំធ្វើអស់ពីសមត្ថភាពដើម្បីលើកតម្កើងអាទិភាពជាព្យាការីរបស់ពួកលោក ។ ការគាំទ្ររបស់យើង គឺជាសញ្ញា ដូចជាការសន្យាមួយ ដែលយើងទទួលស្គាល់ការហៅរបស់ពួកលោកជាព្យាការី ដើម្បីមានសុពលភាព និងភ្ជាប់នឹងពួកយើង ។
រយៈពេលម្ភៃប្រាំមួយឆ្នាំ ពីមុនលោកក្លាយជាប្រធានសាសនាចក្រ នោះអែលឌើរ ចច អាល់ប៊ើត ស្ម៊ីធ បានមានប្រសាសន៍ថា ៖ « កាតព្វកិច្ចដែលយើងធ្វើ ពេលយើងលើកដៃយើងឡើង គឺជាកិច្ចដ៏ពិសិដ្ឋបំផុតមួយ ។ វា ពុំ មានន័យថា យើងនឹងទៅដោយស្ងាត់ៗតាមផ្លូវយើង ហើយស្ម័គ្រចិត្តថា ឲ្យព្យាការីរបស់ព្រះនឹងដឹកនាំកិច្ចការនេះតែឯងទេ ប៉ុន្ដែវាមានន័យថា … យើងនឹងឈនៅពីក្រោយលោក យើងនឹងអធិស្ឋានឲ្យលោក យើងនឹងការពារឈ្មោះល្អឲ្យលោក ហើយយើងនឹងព្យាយាមអនុវត្តការណែនាំរបស់លោក ដូចព្រះអម្ចាស់ដឹកនាំ » ។11
ព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ដឹកនាំសាសនាចក្រដ៏រស់រវើកនេះ! 12 ព្រះអម្ចាស់បើកសម្ដែងព្រះទ័យទ្រង់ចំពោះសាសនាចក្រ ទៅដល់ព្យាការីទ្រង់ ។ ម្សិលមិញ បន្ទាប់ពីយើងត្រូវបានអញ្ជើញឲ្យគាំទ្រថូម៉ាស អេស ម៉នសុន ជាប្រធានសាសនាចក្រ នោះយើងក៏មានឯកសិទ្ធិដើម្បីគាំទ្រលោក និងទីប្រឹក្សាក្នុងគណៈប្រធានទីមួយ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈផងដែរ ។ ចូរគិតទៅមើល! យើងគាំទ្របុរស 15 នាក់ជាពួកព្យាការីនៃព្រះ ! ពួកលោកកាន់គ្រប់កូនសោបព្វជិតភាព ដែលបានប្រគល់ដល់បុរសនៅគ្រាកាន់កាប់ត្រួតត្រានេះ ។
ការហៅបុរស 15 នាក់ជាសាវកដ៏បរិសុទ្ធ ផ្ដល់នូវការការពារដ៏អស្ចារ្យសម្រាប់យើង ក្នុងនាមជាសមាជិកនៃសាសនាចក្រ ។ ហេតុអ្វី ? ដោយសារការសម្រេចចិត្តរបស់អ្នកដឹកនាំទាំងនេះ ច្បាស់ជាធ្វើជារួម។13 តើអ្នកអាចនឹកដល់ទេ ថាតើព្រះវិញ្ញាណបានបំផុសគំនិតបុរសទាំង 15 នាក់នេះ ដើម្បីមានគំនិតរួមមួយដោយរបៀបណា ? បុរសទាំង 15 នាក់នេះ មានប្រវត្តិការសិក្សា និងវិជ្ជាជីវៈផ្សេងៗគ្នា មានគំនិតផ្សេងគ្នាអំពីរឿងជាច្រើន ។ សូមទុកចិត្តចុះ ! បុរសទាំង 15 នាក់នេះ-- ជាពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ -- ដឹងពីឆន្ទៈរបស់ព្រះអម្ចាស់ ពេលទទួលបានគំនិតរួមនោះ ! ពួកលោក តាំងចិត្តដើម្បីឃើញថា ត្រូវធ្វើតាមព្រះទ័យរបស់ព្រះដោយពិត ។ ការអធិស្ឋានរបស់ព្រះអម្ចាស់ ផ្ដល់ជាគំរូសម្រាប់បុរសទាំង 15 នាក់នេះ ពេលពួកលោកអធិស្ឋានថា ៖ « សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ »14
សាវកដែលចាស់ទុំជាងគេនៅក្នុងតំណែងសាវក ធ្វើជាអធិបតី ។15 ប្រព័ន្ធនៃភាពចាស់ទុំនោះ នឹងជាធម្មតានាំបុរសដែលចាស់ជាងគេ ឲ្យកាន់តំណែងជាប្រធាននៃសាសនាចក្រ ។16 វាផ្ដល់ជាភាពចាស់ទុំខាងបទពិសោធន៍ និង ជាបន្ដបន្ទាប់ មានការរៀបចំដ៏ទូលំទូលាយ ដូចបានដឹកនាំដោយព្រះអម្ចាស់ ។
សាសនាចក្រសព្វថ្ងៃ ត្រូវបានទទួលស្គាល់ដោយព្រះអម្ចាស់ផ្ទាល់ ។ ទ្រង់បានដាក់ប្រព័ន្ធគ្រប់គ្រងដ៏អស្ចារ្យមួយ ដែលផ្ដល់ជាដំណើរការដដែលៗ ហើយមានអ្នកជំនួស ។ ប្រព័ន្ធនោះ ផ្ដល់សម្រាប់ថ្នាក់ដឹកនាំជាព្យាការី ទោះជាពេលមានជំងឺ ឬអសមត្ថភាពកើតឡើងព្រមនឹងអាយុកាលទៅមុខក្ដី ។17 មានការការពារ និងតុល្យភាពជាច្រើន ដែលគ្មាននរណាម្នាក់ អាចត្រូវបានដឹកនាំឲ្យវង្វេងនោះទេ ។ អ្នកដឹកនាំរៀមច្បង គឺត្រូវបានបង្រៀនដោយខ្ជាប់ខ្ជួន ដើម្បីថ្ងៃមួយ ពួកលោកត្រៀមខ្លួនជាស្រេចដើម្បីអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់បំផុត ។ ពួកលោករៀនអំពីរបៀបស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ តាមរយៈការខ្សឹបប្រាប់របស់ព្រះវិញ្ញាណ ។
ខណៈកំពុងបម្រើជាទីប្រឹក្សាទីមួយ ដល់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលហៀបនឹងផុតជីវិតរមែងស្លាប់ នោះប្រធាន ហ៊ីងគ្លី បានពន្យល់ថា ៖
« គោលការណ៍ និងទម្រង់ការទាំងឡាយ ដែលព្រះអម្ចាស់បានដាក់សម្រាប់គ្រប់គ្រងសាសនាចក្រទ្រង់ ផ្ដល់ជាការបម្រុងទុកគ្រប់… កាលៈទេសៈ ។ វាសំខាន់… ដែលគ្មានការសង្ស័យ ឬកង្វល់ណាមួយ អំពីការគ្រប់គ្រងសាសនាចក្រ និងការអនុវត្តនៃអំណោយទានជាព្យាការី រួមទាំងសិទ្ធិដើម្បីបំផុសគំនិត និងការបង្ហាញអំពីការគ្រប់គ្រងកិច្ចការ និងកម្មវិធីនានារបស់សាសនាចក្រ ពេលប្រធានអាចនឹងត្រូវឈឺ ឬពុំអាចធ្វើកិច្ចការបានពេញលេញ ។
« គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ បានហៅ និងតែងតាំងឲ្យកាន់កូនសោទាំងឡាយនៃបព្វជិតភាព មានសិទ្ធិអំណាច និងការទទួលខុសត្រូវដើម្បីគ្រប់គ្រងសាសនាចក្រ ដើម្បីបម្រើពិធីបរិសុទ្ធ ដើម្បីពន្យល់គោលលទ្ធិ និងដើម្បីស្ថាបនា និងថែរក្សាការអនុវត្តនានា » ។
ប្រធាន ហ៊ីងគ្លី បានបន្ដថា ៖
« នៅពេលប្រធានឈឺ ឬពុំអាចធ្វើការបានពេញលេញក្នុងគ្រប់កាតព្វកិច្ចនៃតំណែងរបស់លោក នោះទីប្រឹក្សាទាំងពីរនាក់ រួមគ្នាជាកូរ៉ុមនៃគណៈប្រធានទីមួយ ។ ពួកលោកបន្ដធ្វើកិច្ចការនៃគណៈប្រធានពីមួយថ្ងៃទៅមួយថ្ងៃ …
«… ប៉ុន្តែបើមានសំណួរចម្បងណាមួយអំពីគោលនយោបាយ ទម្រង់ការ កម្មវិធី ឬគោលលទ្ធិ គឺត្រូវពិចាណាដោយប្រុងប្រយ័ត្ន និងប្រកបដោយការអធិស្ឋាន ដោយគណៈប្រធានទីមួយ និងពួកដប់ពីរនាក់រួមគ្នា » ។18
ឆ្នាំមុន ពេលប្រធាន ម៉នសុន បានឈានដល់រយៈពេលប្រាំឆ្នាំ នៃការបម្រើជាប្រធានសាសនាចក្រ នោះលោកបានគិតពីការបម្រើជាសាវករយៈពេល 50 ឆ្នាំរបស់លោក ហើយបានថ្លែងដូចនេះថា ៖ « វ័យចេះតែចាស់ទៅៗសម្រាប់យើង ។ ទោះជាយ៉ាងណា យើងចូលរួមបន្លឺសំឡេងជាមួយស្ដេចបេនយ៉ាមីន ដែលមានបន្ទូលថា … « យើងក៏ដូចជាអ្នករាល់គ្នាដែរ ដែលមានភាពទន់ខ្សោយគ្រប់បែបយ៉ាងខាងរូបកាយ និងខាងគំនិត ក៏ប៉ុន្តែយើងត្រូវបានរើស … ហើយបានតាំងឡើងដោយបិតាយើង … ហើយត្រូវបានថែរក្សាឲ្យគង់វង្សដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ ដើម្បីបម្រើអ្នកឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំង ដែលព្រះអម្ចាស់ទ្រង់បានប្រទានមកឲ្យខ្ញុំ (ម៉ូសាយ 2:11) » ។
ប្រធានម៉នសុន បានបន្ដថា ៖ « ដោយមិនគិតពីឧបសគ្គខាងសុខភាពដែលមានមកដល់ពួកយើង ដោយមិនគិតពីភាពទន់ខ្សោយខាងរូបកាយ ឬគំនិត នោះយើងបម្រើឲ្យអស់ពីសមត្ថភាពរបស់យើង ។ ខ្ញុំសូមអះអាងបងប្អូនថា សាសនាចក្រគឺស្ថិតនៅក្នុងការមើលថែយ៉ាងល្អ ។ ប្រព័ន្ធដែលបង្កើតឡើងសម្រាប់ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ូមនៃ [ពួកសាវក] ដប់ពីរនាក់ អះអាងដល់ [ យើង ] ថា វានឹងស្ថិតនៅក្នុងការមើលថែយ៉ាងល្អជានិច្ច មិនថាអ្វីកើតឡើងទេ យើងពុំចាំបាច់ព្រួយបារម្ភ ឬខ្លាចឡើយ ។ ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដែលយើងដើរតាម ដែលយើងថ្វាយបង្គំ ហើយដែលយើងបម្រើ គឺកំពុងដឹកនាំសាសនាចក្រទ្រង់ » ។19
ប្រធាន ម៉នសុន យើងសូមអរគុណចំពោះការពិតទាំងនោះណាស់! ហើយយើងអរគុណលោកចំពោះភាពជាគំរូ និងការបម្រើដ៏លះបង់ពេញមួយជីវិតរបស់លោកប្រធាន ។ ខ្ញុំសូមនិយាយជួសសមាជិកនៃសាសនាចក្រទូទាំងពិភពលោក ដោយការសម្ដែងការដឹងគុណអស់ពីចិត្ត និងជារួមរបស់យើងចំពោះលោកប្រធាន ។ ពួកយើងគោរពលោកប្រធាន ! ពួកយើងស្រឡាញ់លោកប្រធានណាស់ ! ពួកយើងគាំទ្រលោកប្រធាន ពុំគ្រាន់តែដោយការលើកដៃទេ ប៉ុន្តែដោយអស់ពីដួងចិត្ត និងកិច្ចខិតខំដែលបានញែកចេញរបស់យើង ។ « យើងសូមអធិស្ឋានដោយរាបសារ និងអស់ពីចិត្តឲ្យលោក ឱ ព្យាការីជាទីស្រឡាញ់យើងអើយ! » 20 ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។