ឆ្នាំ ២០១០-២០១៩
បាន​​ប្រុងប្រៀប​ខ្លួន​តាម​របៀប​មួយ​​ដែល​មិនដែល​បាន​ស្គាល់
១០ 2014


10:11

បាន​​ប្រុងប្រៀប​ខ្លួន​តាម​របៀប​មួយ​​ដែល​មិនដែល​បាន​ស្គាល់

សូម​ឲ្យ​យើង​រៀបចំ​ខ្លួន​ដើម្បីទទួល​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះដោយ​សក្ដិសម មួយ​ដំណក់​ម្ដងៗ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដែល​ជាប់ជាមួយ​​ពេញក្នុង​បេះដូង ។

នៅពេល​កូន​ស្រី​ពៅ​របស់​យើង ត្រឡប់​មក​ផ្ទះ​វិញ​ពី​សាលា​រៀន​នៅថ្ងៃ​ទីមួយ ខ្ញុំ​បាន​សួរ​ថា « តើ​នៅ​សាលា​យ៉ាង​ម៉េច​ដែរ? »

នាង​ឆ្លើយ​ថា « វា​ល្អ » ។

នៅ​ព្រឹក​ស្អែក​ឡើង ពេល​ខ្ញុំ​ដាស់​នាង​ឲ្យភ្ញាក់ឡើង​​ដើម្បី​ទៅ​សាលា​រៀន នាង​បាន​ឱប​ដៃ​ ហើយ​និយាយ​ដោយ​ម៉ឺងម៉ាត់​ថា « កូន​បាន​ទៅ​រៀន​រួច​ហើយ!​» ។ ជាក់ស្ដែង ខ្ញុំ​ពុំ​បាន រៀប​ចំ​ នាង​ ឬ​ពន្យល់​នាង​​ថា ការ​ទៅ​សាលា​រៀន ពុំ​មែន​ទៅ​តែម្ដង​នោះ​ទេ ប៉ុន្តែ​នាង​​ត្រូវ​បាន​រំពឹង​ថា ទៅ​សាលា​រៀន​រយៈពេល​ប្រាំ​ថ្ងៃក្នុង​មួយ​សប្ដាហ៍ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

នៅពេល​យើង​ពិចារណា​អំពី​គោលការណ៍​នៃ​កា​រ​ត្រៀម​ខ្លួន ចូរ​នឹក​គិត​ជាមួយ​ខ្ញុំ​ពី​ទិដ្ឋភាព​ដូច​ខាង​ក្រោម​នេះ ។ អ្នក​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​សេលេស្ទាល​ក្នុងព្រះវិហារបរិសុទ្ធ ហើយ​អ្នក​សម្គាល់​ឃើញ​មាន​កូន​កម្លោះ និង​កូន​ក្រមុំ​ជា​ច្រើន​គូ បាន​នាំចេញ​ និង​នាំ​ចូល​ដោយ​គារវភាព នៅពេល​ពួកគេ​រង់ចាំ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​ជីវិត​នេះ និង​ភាព​អស់កល្បជានិច្ច ។ ​មាន​កូន​ក្រមុំ​ម្នាក់ ដើរ​ចូល​បន្ទប់​សេឡេស្ទាល កាន់ដៃ​មនុស្ស​សំណប់ចិត្ត​របស់នាង ។ នាង​ស្លៀក​ពាក់​សំលៀក​បំពាក់​ព្រះវិហារបរិសុទ្ធ​ស្រស់ស្អាត សាមញ្ញ ហើយ​មាន​អារម្មណ៍​ស្ងប់ស្ងាត់ សុខសាន្ដ ញញឹម​ដោយ​កក់ក្ដៅ​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង ។ នាង​ស្លៀក​ពាក់​យ៉ាង​ល្អ ប៉ុន្តែ​ពុំ​មាន​ការ​រំខាន​ទេ ។ នាង​បាន​អង្គុយចុះ ក្រឡេក​មើលជុំ​វិញ រួច​ហើយ​ក៏​ពោរពេញ​ដោយការ​រំជួល​ចិត្តភ្លាម ។ វា​ហាក់​ដូចជា​ថា ទឹកភ្នែក​របស់​គាត់​ស្រក់មក​ដោយ​សារ​តែ​ភាព​អស្ចារ្យ និង​គារវភាព ដែល​នាង​មាន​ចំពោះ​ទីកន្លែង​ដែល​នាង​ស្ថិត​នៅ​នោះ និង​ពិធី​ដ៏ពិសិដ្ឋ​ដែល​នាង​អង្គុយ​រង់ចាំ និង​ក្ដីស្រឡាញ់​នៃជីវិត​នាង ។ ឥរិយាបទ​របស់នាង​ហាក់ដូចជា​និយាយ​ថា « ឱ​នេះ​ជា​អំណរគុណណាស់​ ដែល​ខ្ញុំ​នៅ​ក្នុង​ដំណាក់របស់ព្រះអម្ចាស់​នា​ថ្ងៃនេះ ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្ដើម ដំណើរ​ដ៏អស់កល្បមួយ​ជាមួយ​នឹងដៃគូ​សំណប់​ដ៏អស់កល្ប » ។ នាង​ហាក់ដូចជា បាន​ត្រៀម​ខ្លួន មិនត្រឹមតែសម្រាប់​ព្រឹត្តការណ៍​នោះប៉ុណ្ណោះទេ ។

ចៅស្រីជាទីស្រឡាញ់​របស់​យើង ថ្មីៗ​នេះ​បាន​ទុក​លិខិត​តូច​មួយ​ឲ្យ​ខ្ញុំ​នៅ​លើ​ខ្នើយ ដែល​ក្នុង​នោះ​និយាយ​ថា ៖ « រឿង​មួយ​ដែល​ចៅ​សម្គាល់ឃើញ​ នៅពេលចៅ​ចូល​ព្រះវិហារបរិសុទ្ធ​ គឺអារម្មណ៍​នៃភាព​សុខសាន្ដ នៃក្ដីស្រឡាញ់​ដែលមាន​នៅទីនោះ ។ ​ … មនុស្ស​អាច​ទៅ​ព្រះវិហារបរិសុទ្ធ ដើម្បី​ទទួលការ​បំផុសគំនិត » ។1 នាង​និយាយ​ត្រូវ។ យើង​អាច​ទទួលបាន​ការ​បំផុសគំនិត និង​វិវរណៈ​នៅក្នុង​ព្រះវិហារបរិសុទ្ធ--​និង​ព្រះចេស្ដា​ដើម្បី​ប្រឈម​នឹង​ភាព​ពុំ​អនុគ្រោះ​ក្នុង​ជីវិត ។ អ្វី​ដែល​នាង​កំពុង​រៀន​អំពីព្រះវិហារបរិសុទ្ធ ពេល​នាង​ចូលរួមដោយ​​ខ្ជាប់ខ្ជួន​នៅក្នុង​ការ​នាំ​ឈ្មោះ​គ្រួសារ​នាង​ទៅ​ធ្វើ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ក្នុង​ព្រះវិហារបរិសុទ្ធ នឹង​រៀបចំ​នាង​ទទួល​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​សេចក្ដី​សញ្ញា និង​ពរជ័យបន្ថែម​​ទៀត ទាំង​សម្រាប់​ខ្លួននាង និង​អ្នកទាំងឡាយ​ដែល​នៅឯ​​ម្ខាងទៀត​នៃ​វាំងនន ។

អែលឌើរ រ័សុល  អិម ណិលសុន បាន​បង្រៀន​ថា « កាល​ដែ​ល​ព្រះវិហារបរិសុទ្ធ​ទាំងឡាយ ត្រូវ​បាន​រៀបចំ​សម្រាប់​មនុស្ស នោះ​មនុស្ស​ទាំងឡាយ ចាំបាច់​ត្រូវ​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់ព្រះវិហារបរិសុទ្ធ » 2

នៅពេល​ខ្ញុំអានអំពី​មេទ័ព​មរ៉ូណៃ​ម្ដងទៀត​ក្នុង​ព្រះគម្ពីរមរមន ខ្ញុំ​ត្រូវ​បាន​រំឭក​ថា ជោគជ័យ​ដ៏​ធំបំផុត​មួយ​របស់​មរ៉ូណៃ​គឺ ការ​រៀបចំ​ខ្លួន​របស់​​ពួកសាសន៍​នីហ្វៃ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ទប់ទល់​នឹង​កងទ័ព​សាសន៍​លេមិន​ដ៏​គួរ​ខ្លាច​នោះ ។​ គាត់​បាន​រៀបចំ​មនុស្ស​របស់គាត់​យ៉ាង​ល្អ ដែល​អាន​ថា « មើល​ចុះ [ពួក​សាសន៍​លេមមិន] បាន​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ [ពួក​សាសន៍​នីហ្វៃ] ​បាន​ប្រុងប្រៀប​ខ្លួន​ចាំ​ពួកគេ, តាមរបៀប​មួយ ដែល​មិន​ដែល​បាន​ស្គាល់»។3

ឃ្លា​ថា « បាន​ប្រុងប្រៀបខ្លួន… តាម​របៀប​មួយ​ដែល​មិន​ដែល​បាន​ស្គាល់ » ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍ណាស់ ។

តើ​យើង​អាច​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដោយ​របៀប​ណា ? ព្រះអម្ចាស់ បាន​បង្រៀន​ថា « ហើយ​ជា​ថ្មី​ទៀត យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក អំពី​គ្រប់​ទាំងអស់ »។ 4 ចូរ​ពិចារណា​អំពី​គំរូ​បទគម្ពីរ​មួយ ដើម្បី​ជួយ​​រៀបចំ​ខ្លួនបាន​ល្អ ។ ការ​រៀបចំ​ខ្លួន​របស់​មរ៉ូណៃចំពោះមារសត្រូវ ត្រូវការ​នូវភាព​ឧស្សាហ៍​ដ៏ខ្ជាប់​ខ្ជួន និង​ស្មោះត្រង់ ហើយ​គំរូ​នេះ ​នឹង​តម្រូវ​ឲ្យ​មាន​ដូច​គ្នា​ចំពោះ​យើងផងដែរ ។

ខ្ញុំ​ពុំ​ដែល​នឿយ​ណាយ​ចំពោះ​រឿង​ប្រៀបធៀប​ដ៏​ល្អ ដែល​ព្រះអង្គសង្គ្រោះ​ប្រាប់​អំពី​ស្ត្រី​ព្រហ្មចារីមាន​គំនិត​ប្រាំនាក់ និង​ល្ងង់​ប្រាំ​នាក់នោះ​ទេ ។ ទោះ​ជា​រឿង​ប្រៀបធៀប​នេះ​សំដៅ​ទៅ​លើ​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ​យើង​ក្ដី ក៏​យើង​អាច​ប្រៀប​ធៀប​វា​ទៅ​នឹង​ការ​ត្រៀម​ខ្លួន​សម្រាប់​ពរជ័យ​ទាំងឡាយ​ក្នុងព្រះវិហារបរិសុទ្ធ​ផងដែរ ដែល​អាច​ដូចជា​អាហារខាង​វិញ្ញាណមួយ​សម្រាប់អ្នកទាំងឡាយ ដែល​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​នោះ ។

នៅក្នុងម៉ាថាយ 25 អាន​ថា

« គ្រានោះ នគរ​ស្ថានសួគ៌​នឹង​បាន​ដូចជា​ស្រី​ព្រហ្មចារី​ 10 នាក់ ដែល​យក​ចង្កៀង​រៀងខ្លួន​ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង​ថ្មី ។

« ក្នុង​ពួក​នាង​ទាំងនោះ​ មាន​​ប្រាំ​នាក់​មានគំនិត ហើយ​ប្រាំ​នាក់​ល្ងង់ ។ …

« [ពួក​នាង​ដែល​]​ មាន​គំនិត​ បាន​យក​ទាំង​ចង្កៀង​ ហើយ​នឹង​ប្រេង​ដាក់ក្នុង​ដប​ទៅ​ជាមួយ​ផង។

« តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក​ងុយ ហើយ​ដេកលក់ ។

លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញទៅ​ទទួល​ចុះ ។

« ស្រី​ព្រហ្មចារី​ទាំងឡាយ​ក៏ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន ។

« ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើងផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ ។

« តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មា​ន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង​ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ ។

« តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បម្រុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោងការ​ជាមួយ​គ្នា រួច​គេ​បិទ​ទ្វារ ។

« ឯនាង​ព្រហ្មចារី​ឯទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់​ៗអើយ សូម​បើក​ឲ្យ​យើងខ្ញុំ​ផង ។

« តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ។ 5

ខ្ញុំ​​គិត​ថា គ្មាន​​នរណា​ម្នាក់ ជា​ពិសេស​ក្នុង​ចំណោម​អ្នកទាំងឡាយ​ដែល​មាន​ដួងចិត្តទន់ភ្លន់ ពុំ​មាន​អារម្មណ៍​សោកស្ដាយ​សម្រាប់​ស្រីល្ងង់ទាំង​នេះ​នោះ​ទេ ។ ហើយ​មានគ្នា​យើងមួយចំនួន​ចង់និយាយ​ទៅ​ស្រី​ឯទៀតនោះ​​ថា « ម៉េច​ក៏​អ្នក​មិន​ចែកគ្នា​ទៅ​ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​រីករាយ ? ប៉ុន្តែ​ចូរ​គិត​អំពី​វា ។ នេះ​គឺ​ជា​រឿង​មួយ​ដែលព្រះអង្គសង្គ្រោះ​បាន​ប្រាប់ ហើយ​ទ្រង់​គឺ​ជា​អង្គ​ដែល​ហៅនាង​​ប្រាំ​នាក់​ថា « មានគំនិត » ហើយ​ប្រាំ​នាក់ទៀត « ល្ងង់» ។

នៅពេល​យើង​ពិចារណា​អំពី​រឿង​ប្រៀបធៀប​នេះ ជា​គំរូ​មួយ​នៃ​ការ​រៀបចំ​ខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ចូរ​ពិចារណា​អំពី​ពាក្យ​សម្ដី​របស់ព្យាការី​ថ្ងៃ​ចុង​ក្រោយ ដែល​បង្រៀនថា​ « ប្រេង​នៃ​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ ពុំ​អាច​ចែកគ្នា​​បាន​ទេ » 6 ប្រធាន ស្ពែនស៊ើរ  ​ដបុលយូ ឃឹមបុល បាន​ជួយ​បញ្ជាក់ថា ហេតុអ្វី​ក៏​នាង « មានគំនិត » ប្រាំនាក់ ពុំ​អាច​ចែក​ប្រេង​នៅក្នុង​ចង្កៀង​ពួកគេ ជាមួយ​នាង​ដែល​ « ល្ងង់» ពេល​គាត់មានប្រសាសន៍​ថា ៖ « ការ​ចូលរួម​ក្នុងការប្រជុំ​សាក្រាម៉ង់ បន្ថែម​ប្រេង​ក្នុង​ចង្កៀង​របស់យើង មួយតំណក់ម្ដងៗអស់ជាច្រើន​ឆ្នាំ ។ ការ​តមអាហារ ការអធិស្ឋាន​ជាគ្រួសារ ការបង្រៀន​តាមផ្ទះ ការគ្រប់គ្រង​លើ​អាហារ​ខាង​រាងកាយ ការ​ផ្សាយដំណឹងល្អ ការសិក្សា​ព្រះគម្ពីរ-- ទង្វើ​នៃ​ការ​លះបង់នីមួយៗ និង​ការ​គោរពប្រតិបត្តិ គឺ​ជា​ដំណក់​ដែល​បាន​បន្ថែម​ក្នុង​ឃ្លាំង​របស់​យើង ។ ទង្វើ​ចិត្តល្អ ការ​បង់​ដង្វាយ​នានា និងដង្វាយមួយភាគក្នុងដប់ ការមានគំនិត និង​សកម្មភាព​បរិសុទ្ធ … — ទាំង​នេះ​ក៏ជា​ប្រេង​ដ៏សំខាន់ ដែល​យើងអាចចាក់​បំពេញ​ទៅ​ក្នុង​ចង្កៀង​ដែល​ជិត​រលត់របស់យើង​» ។7

តើ​អ្នកអាច​មើល​ឃើញ​គំរូ​នៃ​ការ​ត្រៀមខ្លួន--​មួយ​ដំណក់ម្ដងៗ-- ដើម្បី​អាចជួយយើង ពេល​យើង​គិត​ថា តើ​យើង​អាច​ឧស្សាហ៍ព្យាយាម​កាន់​តែ​ខ្លាំងបាន​យ៉ាង​ដូចម្ដេច ក្នុង​ការ​ត្រៀម​ខ្លួន​របស់​យើង ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​សម្រាប់​ខ្លួន​យើង​នឹង​អ្នកដទៃនោះ ? តើ​មាន​រឿង​សាមញ្ញៗ និង​តូចៗ​ដទៃទៀត​ណា​ខ្លះ ដែល​យើង​អាច​ធ្វើ​ដើម្បី​បន្ថែម​ដំណក់​​ប្រេង​ខាង​វិញ្ញាណ​ដ៏មាន​តម្លៃ​ទៅ​ក្នុង​ចង្កៀង​នៃ​ការ​រៀបចំ​ខ្លួន​របស់​យើង​នោះ ?

យើង​រៀន​មកពី​អែលឌើរ រីឆាត ជី ស្កត ថា « ភាពសក្ដិសម​ផ្ទាល់ខ្លួន​ គឺ​ជា​តម្រូវ​ការ​ដ៏សំខាន់​មួយ​ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។ … ចរិយា​សក្ដិសម គឺ​ជា​លត់ដំ​ដ៏​ល្អបំផុត កើតចេញមកពី​ជីវិត​នៃ​ការ​ជ្រើសរើស​ត្រឹមត្រូវដ៏ខ្ជាប់ខ្ជួន ផ្ដោត​ទៅលើការបង្រៀនរបស់​លោកចៅហ្វាយ » ។ 8 ខ្ញុំ​ស្រឡាញ់ពាក្យ ខ្ជាប់ខ្ជួន ។ ដើម្បី​ខ្ជាប់ខ្ជួន គឺ​ត្រូវ​នឹងនរ ជាប់លាប់ និង​អាច​ពឹងផ្អែក​បាន ។ ឱ​! នោះជា​ការពិពណ៌នា​ដ៏​ល្អ​អំពី​គោលការណ៍​នៃ​ភាពសក្ដិសម !

យើង​ត្រូវ​បាន​រំឭក​នៅក្នុង​វចនានុក្រម​គម្ពីរប៊ីប​ថា ៖ « មាន​តែគេហដ្ឋាន​ប៉ុណ្ណោះ​ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះវិហារបរិសុទ្ធ​ក្នុង​ភាព​ពិសិដ្ឋ​បាន » ។9 តើ​គេហដ្ឋាន​របស់​យើង ឬ​ផ្ទះ​ល្វែង​របស់​យើង ត្រូវ​តាម​ការ​ពិពណ៌នា​នោះ​ឬ​ទេ ? យុវនារី​ដ៏​គួរ​ស្រឡាញ់​ម្នាក់​ក្នុង​វួដ​របស់​យើង បាន​មក​លេង​ផ្ទះ​របស់​យើង​ថ្មីៗ​នេះ ។ ដោយ​ដឹង​ថា បងប្រុស​នាង​ទើ​ប​ត្រឡប់​មកពី​បេសកកម្ម នោះ​ខ្ញុំ​បាន​សួរ​នាង​ថា គាត់​មក​វិញ​យ៉ាង​ម៉េច​ដែរ ។ នាង​បាន​និយាយ​ថា វា​ល្អណាស់ ប៉ុន្តែ​គាត់​ជាញឹកញាប់​នឹង​សុំ​ឲ្យ​បិទ​សំឡេង​តន្ត្រីឲ្យ​តិចៗ។ នាង​និយាយ​ថា « វា​ពុំ​មែន​ជា​បទអាក្រក់​ ទេ!» ។ ​វាអាច​​មាន​ប្រយោជន៍​សម្រាប់​យើង ដើម្បីពិនិត្យ​ខ្លួន​យើង​ឥឡូវ​នេះ រួច​ហើយ​ត្រូវ​ប្រាកដ​ថា គេហដ្ឋាន​របស់​យើង ជា​កន្លែង​ដែល​យើងអាច​ទទួលព្រះវិញ្ញាណ ។ នៅពេល​យើង​រៀបចំ​គេហដ្ឋា​របស់យើង ឲ្យ​ជា​កន្លែង​ដែល​ស្វាគមន៍​ដល់ព្រះវិញ្ញាណ នោះ​យើង​នឹង​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទទួល​អារម្មណ៍​​​ដូចជា​ « នៅ​ក្នុង​គេហដ្ឋាន » យើង ពេល​យើង​ចូល​ក្នុង​ដំណាក់របស់ព្រះអម្ចាស់ ។

នៅពេល​យើង ត្រៀម​ខ្លួន​ឲ្យ​សក្ដិសម​ចូល​ព្រះវិហារបរិសុទ្ធ ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ «ពរជ័យយ៉ាង​​ច្រើន »10 មក​លើ​យើង ។ មិត្ត​ល្អ​របស់​ខ្ញុំ បូនី អូស្ការសុន ថ្មីៗ​នេះ​ បានគ្រលាស់​​ពាក្យ​ក្នុង​គម្ពីរមួយ ពេល​គាត់​និយាយ​ថា « កន្លែង​ណា​តម្រូវ​ច្រើន កន្លែង​នោះ​នឹង​ផ្ដល់​ឲ្យ​ច្រើន» ។11 ខ្ញុំ​យល់​ស្រប​ទាំងស្រុង! ដោយ​សារ​យើង​មក​ព្រះវិហារបរិសុទ្ធ​ដើម្បី​ទទួល​ពរជ័យ អស់កល្បជានិច្ច នោះ​យើង​ពុំ​គួរ​ភ្ញាក់​ផ្អើលទេ ​ដែល​វា​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​កាន់​តែ​ខ្ពស់ ដើម្បី​ឲ្យ​យើង​សម​នឹង​ពរជ័យ​ទាំង​ឡាយ​នោះទេ ។ ​ម្ដង​ទៀត អែលឌើរ ណិលសុន បាន​បង្រៀន​ថា ៖ « ដោយ​សារ​ព្រះវិហារបរិសុទ្ធ គឺ​ជា​ដំណាក់របស់​ព្រះអម្ចាស់ នោះ​បទដ្ឋាន​ទាំងឡាយដែលដាក់​ដើម្បី​អាច​​​ចូលក្នុង​ព្រះវិហារបរិសុទ្ធ​បាន គឺ​ត្រូវ​បាន​ដាក់​ដោយទ្រង់ ។ មនុស្ស​ម្នាក់ចូល​ទៅនោះ​ គឺ​ក្នុង​នាម​ជា​ភ្ញៀវ​របស់ទ្រង់ ។ « ដើម្បី​កាន់​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ គឺ​ជា​ឯកសិទ្ធិ​ដ៏​ពុំអាច​កាត់​ថ្លៃ​បាន ហើយ​ជា​សញ្ញា​រូបីយ​មួយ​នៃ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះ និងពួក​​ព្យាការី​របស់​ទ្រង់ » ។12

អត្តពលករ និង​និសិត្ស​ពូ​កែ​ក្នុង​សាកលវិទ្យាល័យ ចំណាយពេលរាប់ម៉ោង រាប់ថ្ងៃ រាប់សប្ដាហ៍ រាប់ខែ និង​រាប់​ឆ្នាំ​រៀបចំខ្លួន ។ មួយ​តំណក់ៗ​នៃ​ការ​ត្រៀម​ខ្លួន​ប្រចាំ​ថ្ងៃ គឺ​តម្រូវ​ឲ្យ​ពួកគេមាន ដើម្បី​ពួកគេ​ឈាន​ដល់កំពូល ។ ក៏ដូចគ្នា សម្រាប់អ្នកទាំងឡាយ​ដែល​ចង់​មានភាពសក្ដិសម​សម្រាប់ភាព​លើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាលដែរ គឺគេ​​ត្រូវ​បានរំពឹង​ឲ្យ​រស់នៅ​តាមបទដ្ឋាន​​នៃ​គោរពប្រតិបត្តិ​កាន់តែខ្ពស់ ដែល​កើត​មក​ពី​ការ​ហាត់រៀន​គុណធម៌​នៃ​ការ​គោរពប្រតិបត្តិ​ពីមួយថ្ងៃទៅមួយថ្ងៃ និង​មួយដំណក់ម្ដងៗ ។

នៅពេល​យើង​បន្ថែម​ប្រេង​ដោយខ្ជាប់ខ្ជួន និង​ដោយឧស្សាហ៍ មួយដំណក់ម្ដងៗ ក្នុង​ចង្កៀង​ខាងវិញ្ញាណរបស់​យើង ដោយការ​ធ្វើ​នូវ​រឿង​តូចៗ ហើយ​សាមញ្ញៗ​ទាំងនេះ នោះ​យើង​អាច​មាន​ចង្កៀង « ភ្លឺ » 13 ដោយ​​ការ​ត្រៀម​ខ្លួន​ដ៏​រំភើប ។ ស្វាមីដ៏​ល្អ​របស់​ខ្ញុំ ដែលជា​ប្រធានស្ដេក បាន​មាន​ប្រសាសន៍​ថ្មីៗ​នេះ​ថា គាត់​ស្ទើរតែ​អាច​ប្រាប់​បាន​ជានិច្ចថា ​នរណា​ម្នាក់​បាន​ត្រៀម​ខ្លួន ហើយ​សក្ដិសម​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ ដោយ​សារ « ពួកគេ​បំភ្លឺ​ពេញ​ក្នុង​បន្ទប់ » ពេល​ពួកគេ​មក​ស្វែងរក​ទទួលបណ្ណ​ចូលព្រះវិហារបរិសុទ្ធ ។

នៅ​ក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ព្យាការី យ៉ូសែប ស៊្មីធ បាន​សូម​ព្រះអម្ចាស់ថា « ​មនុស្ស​ទាំងអស់​ដែល​នឹង​ចូល​មក​លើ​ធរណីទ្វារ​នៃ​ដំណាក់​នៃ​ព្រះអម្ចាស់ អាច​បាន​ជ្រាប​យល់​នូវ​ព្រះចេស្ដា​របស់​ទ្រង់ … ពួកគេ អាច​បាន​ធំឡើង​ក្នុង​ទ្រង់ ហើយ​ទទួល​នូវ​ភាព​ពោរពេញ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ… ហើយ​បាន​រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវការ​គ្រប់មុខ »។ 14

​ការ​អធិស្ឋាន​របស់​ខ្ញុំ​សម្រាប់​ពួកយើង​ទាំងអស់គ្នា​គឺថា ការ​ទៅ​ព្រះវិហារបរិសុទ្ធ នឹង​ជា​ព្រឹត្តការណ៍​ដែល​យើង​ទៅឲ្យ​បាន​​ច្រើន​ជា​ងម្ដង ។ សូម​ឲ្យ​យើង​រៀបចំ​ខ្លួន​​​ដើម្បីទទួល​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះដោយ​សក្ដិសម មួយ​ដំណក់​ម្ដងៗ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដែលមាន​​ជាប់ជាមួយនោះ ​​ពេញក្នុង​បេះដូង ។ នៅពេល​យើងធ្វើ​ដូច្នោះ ខ្ញុំ​ដឹង​ថា យើង​នឹង​សក្ដិសម​ដើម្បី​ទទួលពរជ័យ​ដែល​បាន​សន្យា​នៃ​ភាព​ពេញលេញ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ក្នុង​គេហដ្ឋាន​របស់យើង និង​ជីវិត​យើង​ម្នាក់ៗ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។