ឆ្នាំ ២០១០-២០១៩
ចូរ​តាម​ខ្ញុំ​ទៅ​មើល
១០ 2014


15:28

ចូរ​តាម​ខ្ញុំ​ទៅ​មើល

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ តែងតែ​បាន និង​តែងតែ​ធ្វើ​ជា​សាសនាចក្រ​នៃ​ការផ្សព្វផ្សាយ​សាសនា។

សារលិខិត​របស់ខ្ញុំ ត្រូវ​បាន​ផ្ដោត​ជា​ពិសេស​ទៅ​បុគ្គល​ម្នាក់ៗ ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​នឹង​លើក​ពី​សំណួរ​គ្រឹះ​មួយ ដែល​បងប្អូន​ជា​ច្រើន​អាច​មាន ៖ « ហេតុអ្វី​ក៏​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ចង់​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​ពួកគេ​ជឿ ហើយ​ចង់​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​អំពី​សាសនាចក្រ​របស់​ពួកគេ​ខ្លាំង​ដល់​ម្ល៉េះ» ?

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នឹង​ជួយ​ខ្ញុំ​ឲ្យ​ថ្លែង​ដោយ​មាន​អានុភាព ហើយ​បងប្អូន​អាច​យល់​បាន​ច្បាស់​នូវ​ចម្លើយតប​របស់​ខ្ញុំ​ចំពោះ​សំណួរ​សំខាន់​នេះ ។

កិច្ចការ​ដ៏​ទេវភាព

ពួក​សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ តែងតែ​បាន និង​តែងតែ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដោយ​អង់អាច ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ គឺ​ជា​អ្នក​ដើរ​តាម​ម្នាក់​របស់​ព្រះគ្រីស្ទ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ថា​ជា​ព្រះអង្គ​ប្រោសលោះ ហើយ​ប្រកាស​ពី​សេចក្ដីពិត​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តែងតែ​បាន និង​តែងតែ​ធ្វើ​ជា​សាសនាចក្រ​នៃ​ការផ្សព្វផ្សាយ​សាសនា ។ សមាជិក​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ម្នាក់ៗ បាន​ទទួល​យក​កាតព្វកិច្ច​ដ៏​សំខាន់ ដើម្បី​ជួយ​បំពេញ​កិច្ចការ​ដ៏​ទេវភាព ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះអម្ចាស់ ទៅ​ដល់​ពួក​សាវក​របស់​ទ្រង់ ដូច​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរសញ្ញា​ថ្មី​ថា ៖

« ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ​ចុះ ៖

« ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នករាល់គ្នា​ផង ហើយ​មើល ខ្ញុំ​នៅ​ជាមួយ​នឹង​អ្នករាល់គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប ។ អាមែន » (ម៉ាថាយ 28:19–20)។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួលយក​ទំនួល​ខុស​ត្រូវ​នេះ​ដោយ​ម៉ឺងម៉ាត់ ដើម្បី​បង្រៀន​ដល់​មនុស្ស​នៅ​គ្រប់​ជាតិ​សាសន៍ អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ យើង​ជឿ​ថា សាសនា​ចក្រ​តែ​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គសង្គ្រោះ​កាល​ពី​បុរាណ ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​នៅ​លើ​ផែនដី​ដោយ​ទ្រង់​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ។ គោលលទ្ធិ គោលការណ៍ សិទ្ធិអំណាច​បព្វជិតភាព ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​របស់​ទ្រង់ គឺ​មាន​នៅ​សព្វ​ថ្ងៃនេះ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ពេល​យើង​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​ព្រះវិហារ​ជាមួយ​នឹង​យើង ឬ​រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង នោះ​យើង​ពុំ​មែន​កំពុង​​ព្យាយាម​លក់​ផលិតផល​ដល់​អ្នក​នោះ​ទេ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ពុំ​ទទួល​រង្វាន់ ឬ​ពិន្ទុបន្ថែម​ក្នុង​ការប្រកួត​ខាង​វិញ្ញាណ​ឡើយ ។ យើង​ពុំ​មែន​ព្យាយាម​បង្កើន​ចំនួន​សមាជិក​នៃ​សាសនាចក្រ​នោះ​ទេ ។ ហើយ​សំខាន់​បំផុត យើង​ពុំ​ព្យាយាម​បង្ខំ​បងប្អូន​ឲ្យ​ជឿ​ដូចជា​យើង​នោះ​ដែរ ។ យើង​អញ្ជើញ​ឲ្យ​បងប្អូន​មក​ស្ដាប់​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ដើម្បី​អ្នក​អាច​សិក្សា ពិចារណា អធិស្ឋាន ហើយ​បាន​ដឹង​ដោយ​ខ្លួន​ឯង ថា​តើ​រឿង​ទាំងឡាយ​ដែល​យើង​បាន​ចែកចាយ​ជាមួយ​បងប្អូន​ជា​ការ​ពិត​ដែរ​ឬ​ទេ ។

បងប្អូន​មួយ​ចំនួន​អាច​តប​ថា « ប៉ុន្តែ​ខ្ញុំ​បាន​ជឿ​លើ​ព្រះយេស៊ូវ ហើយ​ធ្វើតាម​ការ​បង្រៀន​របស់​ទ្រង់​រួច​ហើយ » ឬ​ថា « ខ្ញុំ​មិន​ប្រាកដ​ថា ព្រះ​មាន​ពិត​នោះ​ទេ » ។ ការអញ្ជើញ​របស់​យើង​ចំពោះ​បងប្អូន គឺ​ពុំ​មែន​ព្យាយាម​លុបបំបាត់​ទំនៀមទម្លាប់​សាសនា ឬ​បទពិសោធន៍​ជីវិត​របស់​បងប្អូន​ទេ ។ ចូរ​នាំ​យក​អ្វី​ដែល​បងប្អូន​ដឹង​ថា​ជា​ការ​ពិត ល្អ ហើយ​គួរ​គោរពមក--រួច​ហើយ​សាកល្បង​សារលិខិត​របស់​យើង ។ ក៏​ដូចជា​ព្រះយេស៊ូវ​បាន​អញ្ជើញ​ពួកសិស្ស​ទ្រង់​ពីរ​នាក់​ឲ្យ « តាម​ខ្ញុំ​ទៅ​មើល » (យ៉ូហាន 1:39) ដូច្នេះ​យើង​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​មក ហើយ​មើល ថាតើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ បាន​ពង្រីក និង​ចម្រើន​នូវ​អ្វី​ដែល​បង​ប្អូនបាន​ជឿ​ថា ជា​ការពិត​រួច​ហើយ​នោះ​ដែរ​ឬ​ទេ ។

ប្រាកដ​ណាស់ យើង​ដឹង​ពី​ទំនួល​ខុសត្រូវ​ដ៏​សំខាន់ ដើម្បី​នាំ​សារលិខិត​នេះ​ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន ។ ហើយ​នោះ គឺ​ជា​អ្វី​ពិត​ដែល​យើង​កំពុង​ធ្វើ ជាមួយ​នឹង​កម្លាំង​នៃ​ពួក​អ្នកផ្សព្វផ្សាយសាសនា កំពុង​ធ្វើការ​មាន​ចំនួន​ជាង 88,000 នាក់​សព្វថ្ងៃ​នេះ នៅ​ក្នុង​រដ្ឋ​ដែល​មាន​អធិបតេយ្យភាព​ច្រើន​ជាង 150 កន្លែង នៅ​ជុំវិញ​ពិភពលោក ។ យុវជន យុវនារី និង​គូស្វាមីភរិយា​ដ៏​អស្ចារ្យ​ទាំង​នេះ ជួយ​សមាជិក​នៃ​សាសនាចក្រ​យើង​ឲ្យ​បំពេញ​ទំនួល​ខុស​ត្រូវ​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព និង​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ដែល​យើង​ម្នាក់ៗ ត្រូវ​ប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ (សូមមើល គ. និង ស. 68:1)។

លើស​ពី​ករណីយកិច្ច​ខាង​វិញ្ញាណ

ប៉ុន្តែ​ការចង់​ប្រកាស​របស់​យើង​អំពី​សារលិខិត​នេះ គឺ​ពុំ​មែន​ចេញ​មក​តែ​ពី​ស្មារតី​នៃ​ករណីយកិច្ច​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ ។ តែ​វា​គឺ​ជា​បំណង​ប្រាថ្នា ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​យើង​ជាមួយ​បងប្អូន គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត​ទាំង​នេះ​មាន​ធំ​បំផុត​ចំពោះ​ពួក​យើង​ទៅ​វិញ​ទេ​តើ ។ ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​ពិពណ៌នា​បាន​យ៉ាង​ល្អ​បំផុត​ថា មូលហេតុ​ដែល​យើង​ពុំ​លាក់លៀម​សោះ​ក្នុង​ការព្យាយាម​ពន្យល់​អំពី​ជំនឿ​របស់​យើង ទៅ​ដល់​បងប្អូន តាមរយៈ​បទពិសោធន៍​មួយ​របស់​ភរិយា​ខ្ញុំ និង​ខ្ញុំ កាល​ពី​ជា​ច្រើន​ឆ្នាំ​មុន​ជាមួយ​នឹង​កូន​ប្រុស​ពីរនាក់​របស់​យើង ។

នា​ល្ងាច​មួយ ស៊ូសាន និង​ខ្ញុំ បាន​ឈរ​នៅ​ជិត​បង្អួច​មួយ​ក្នុង​ផ្ទះ​យើង ហើយ​បាន​មើល​ទៅ​កូន​ប្រុស​តូចៗ​ពីរនាក់​របស់​យើង ដែល​កំពុង​លេង​នៅ​ក្រៅ​ផ្ទះ ។ អំឡុង​ពេល​ដែល​ពួកគេ​លេង​នោះ កូន​ប្អូន​បាន​ត្រូវ​របួស​តិចតួច​ពី​គ្រោះ​ថ្នាក់​តូច​មួយ ។ យើង​បាន​ដឹង​ភ្លាម​ថា គាត់​ពុំ​ឈឺ​ខ្លាំង​ទេ ហើយ​យើង​បាន​សម្រេច​ចិត្ត​ថា​ពុំ​ទៅ​ជួយ​ភ្លាម​ទេ ។ យើង​ចង់​សង្កេត​មើល ថា​តើ​ការប្រៀនប្រដៅ​អំពី​ការ​ជួយ​គ្នា​ជា​បងប្អូន​ក្នុង​គ្រួសារ​របស់​យើង​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ពួកគេ​ឬ​ដែរ​ឬ​ទេ ។ អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់ គឺមាន​ទាំង​ការភ្ញាក់​ផ្អើល និង​ជា​ការរៀនសូត្រ​ផង ។

បង​ប្រុស បាន​លួង ហើយ​បាន​ជួយ​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ប្រុងប្រយ័ត្ន ។ ស៊ូសាន និង​ខ្ញុំ បាន​ឈរ​ទៅ​ជិត​ផ្ទះបាយ ដើម្បី​យើង​អាច​មើល​ឃើញ​អ្វី​កើត​ឡើង​បន្ទាប់​ទៀត ហើយ​យើង​នឹង​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ភ្លាម បើ​មាន​គ្រោះ​ថ្នាក់​ខាង​រាងកាយ​ណា​ទំនង​ជា​នឹង​កើត​មាន​ឡើង​បន្ថែម​ទៀត​នោះ ។

បង​ប្រុស បាន​ទាញ​កៅអី​ទៅ​ជិត​កន្លែង​លាង​ដៃ​នៅ​ផ្ទះបាយ ។ គាត់​បានឡើង​លើ​កៅអី បាន​ជួយ​ប្អូន​ឲ្យ​ឡើង​លើ​កៅអី​ដែរ រួច​បើក​ទឹក ហើយ​ចាក់​សាប៊ូ​លាង​ចាន​យ៉ាង​ច្រើន​ទៅ​ត្រង់​កន្លែង​ស្នាម​របួស​នៅ​លើ​ដៃ​របស់​ប្អូន ។ គាត់​ខំ​ដោយ​អស់​ពីលទ្ធភាព​ដើម្បី​លាង​ដី​ដែល​ប្រឡាក់​ដោយ​ថ្នមៗ ។ ប្រតិកម្ម​របស់​ប្អូន​ចំពោះ​វិធី​នេះ អាច​ពិពណ៌នា​ដោយ​ត្រឹមត្រូវ​តែ​តាម​រយៈការ​ប្រើ​ភាសា​ក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ថា ៖ « ហើយ​ពួកគេ​មាន​ហេតុ​ដើម្បី​ស្រែក​ថ្ងូរ និង​យំ ហើយ​ទ្រហោ និង​សង្កៀត​ធ្មេញ​គេ » (ម៉ូសាយ 16:2)។ ប្អូន​តូច​នោះ​ស្រែក​យំ​មែន!

បន្ទាប់​ពី​ការ​ដុះលាង​បាន​ចប់​សព្វគ្រប់​ហើយ ដៃ​នោះ​ត្រូវ​បាន​ជូត​ឲ្យ​ស្ងួត​ដោយ​កន្សែង ។ ទីបំផុត ការ​ស្រែក​យំ​ក៏​បាន​ឈប់ ។ ក្រោយមក បងប្រុស បាន​ឡើង​លើ​តុ​ផ្ទះបាយ បើក​ទូ ហើយ​រក​ឃើញ​បំពង់​ថ្នាំ​ថ្មី​មួយ​បំពង់ ។ ទោះ​ជា​ស្នាម​របួស​ប្អូន​ប្រុស​គាត់​ពុំ​ធំ​ក្ដី ក៏​បងប្រុស​នោះ បាន​ដាក់ថ្នាំ​ស្ទើរ​តែ​អស់​មួយ​បំពង់​លើ​ដៃ​របួស​នោះ ។ ការ​ស្រែក​យំ​ឈប់​មាន​ទៀត​ហើយ ដ្បិត​ប្អូន​ប្រុស​នោះ​ចូលចិត្ត​ការ​លាបថ្នាំ​នោះ ច្រើន​ជាង​ការ​លាង​សម្អាត​ដោយ​សាប៊ូ​លាង​ចាន ។

បងប្រុស​បាន​ត្រឡប់​ទៅ​ទូ​ដែល​ដាក់ថ្នាំ​វិញ ដែល​មាន​ដាក់​បង់បិទ​ដំបៅ​ថ្មី​មួយ​ប្រអប់ ។ រួច​គាត់​បាន​បក​វា​ចេញ ហើយ​បាន​ដាក់​រុំ​ដៃ​ប្អូន​ប្រុស-- តាំង​ពី​កដៃ​រហូត​ដល់​កែងដៃ ។ ដោយបាន​ដោះស្រាយ​ភាព​អាសន្ន​រួច​ហើយ នោះ​មាន​ពពុះ​សាប៊ូ ថ្នាំ​បិទដំបៅ និង​បង់រុំដំបៅ បាន​នៅ​រាយប៉ាយ​ក្នុង​ផ្ទះ​បាយ នោះ​ក្មេង​ប្រុស​ទាំង​ពីរ​នាក់នេះ បាន​លោត​ចុះ​ពី​កៅអី​ដោយ​ស្នាម​ញញឹម និង​ទឹក​មុខ​រីករាយ ។

អ្វី​ដែល​កើត​ឡើង​បន្ទាប់​គឺ​សំខាន់បំផុត ។ ប្អូន​ប្រុស​ដែល​រងរបួសនោះ បាន​ប្រមូល​បង់ និង​ថ្នាំ​ដែល​នៅ​សល់នោះ រួច​ហើយ​ដើរ​ទៅ​ក្រៅ​វិញ ។ គាត់​បាន​ទៅ​រក​មិត្តភក្ដិ​ភ្លាម រួច​ហើយ​បានលាប​ថ្នាំ និង​រុំ​បង់លើ​ដំបៅ​ដៃ​របស់​ពួកគេ​នោះ ។ ស៊ូសាន និង​ខ្ញុំ យើង​ទាំង​ពីរ​នាក់ បាន​អស្ចារ្យ​ចំពោះ​ការឆ្លើយតប​របស់គាត់​ដោយ​ស្មោះ អង់អាច និង​ភ្លាមៗ​នោះ ។

ហេតុអ្វី​ក៏​ក្មេង​តូច​នោះ ធ្វើ​រឿង​ដូច្នោះ​បាន ? សូម​កត់​សម្គាល់​ថា គាត់​ចង់​ផ្ដល់​ទៅ​ឲ្យ​មិត្ត​គាត់ភ្លាមៗ ទាំង​ដឹង​ច្បាស់ នូវ​អ្វីៗ​ទាំងអស់​ដែល​បាន​ជួយ​គាត់ នៅ​ពេល​គាត់​បាន​ឈឺ​នោះ ។ ក្មេង​តូច​នោះ ពុំ​ចាំបាច់​ត្រូវ​ជំរុញ​ចិត្ត អញ្ជើញ លើក​ទឹកចិត្ត ឬ​ជម្រុញ​ឲ្យ​ធ្វើ​នោះ​ទេ ។ បំណង​ប្រាថ្នា​ចង់​ចែកចាយ​របស់គាត់ គឺ​ផល​ពី​ធម្មជាតិ កើត​ចេញ​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដ៏​មាន​ប្រយោជន៍ និង​ជា​ជំនួយ​ល្អ​បំផុត​នោះ ។

ចំពោះ​យើង​ភាគ​ច្រើន​ជា​មនុស្ស​ធំ មាន​ឥរិយាបទ​ស្រដៀងគ្នា​ណាស់ នៅ​ពេល​យើង​ទទួល​បាន​ការព្យាបាល ឬ​ថ្នាំ ដែល​សម្រាល​ការឈឺចាប់ ដែល​យើង​បាន​ឈឺចាប់​ជា​យូរ​មក​ហើយ​នោះ ឬ​ពេល​យើង​បាន​ទទួល​ប្រឹក្សា​ដែល​អាច​ជួយ​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដោយ​ភាពក្លាហាន ហើយ​ប្រឈម​មុខ​នឹង​ភាព​ច្របូក​ច្របល់​ដោយ​ភាពអត់ធ្មត់ ។ នោះ​ការចែកចាយ​ជាមួយ​អ្នក​ដទៃ​នូវ​អ្វី​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​យើង ឬ​ដែល​បាន​ជួយ​យើង គឺ​ពុំ​មែន​ជា​រឿង​ចម្លែក​ឡើយ ។

គំរូ​ដូច​គ្នា​នេះ គឺ​ជា​ភស្ដុតាង​ជា​ពិសេស​អំពី​សារៈសំខាន់ និង​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ ឧទាហរណ៍ ដំណើរ​រឿង​មួយ​ក្នុង​ព្រះគម្ពីរ ដែល​យើង​ស្គាល់​ថា​ជា ព្រះគម្ពីរ​មរមន បាន​គូស​ចំណាំ​ឲ្យ​ឃើញ​អំពី​សុបិន​មួយ ដែល​បាន​ទទួល​ដោយ​ព្យាការី-អ្នកដឹកនាំ​ពី​បុរាណ ឈ្មោះ​ថា លីហៃ ។ លក្ខណៈពិសេស​ក្នុង​ការនិមិត្ត​របស់​លីហៃ គឺ ដើម​ឈើ​ជីវិត -- ដែល​ជា​និមិត្តរូប​មួយ​នៃ « សេចក្ដី​ស្រឡាញ់​របស់​ព្រះ » ដែល « គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើស​លប់​ជាង​អ្វីៗ​ទាំងអស់ » និង « ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ( នីហ្វៃ​ទី1 11:22–23 សូម​មើល  នីហ្វៃទី1 8:12, 15)។

លីហៃ បាន​ពន្យល់​ថា ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ដើរ​ចូល​ទៅ​បេះ​ផ្លែ​ឈើ​នោះ ហើយ​ទទួល​ទាន ហើយ​ខ្ញុំ​ឃើញ​ថា​វា​មាន​រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ ដែល​ខ្ញុំ​ធ្លាប់​បាន​ភ្លក់​ពីមុន ។ មែនហើយ ហើយ​ខ្ញុំ​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​មាន​ពណ៌-ស គឺ ស ជាង​អ្វី​ទាំងអស់ ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មក ។

«ហើយ​កាល​ខ្ញុំ​បាន​ទទួលទាន​ផ្លែឈើ​នោះ​ហើយ នោះ​ព្រលឹង​វិញ្ញាណ​ខ្ញុំ​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ជា​អតិបរមា ហេតុ​ដូច្នោះហើយ ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ ទទួលទាន​ផ្លែ​ឈើ​នោះ​ដែរ » ( នីហ្វៃ​ទី1 8:11–12 គូសបញ្ជាក់​បន្ថែម)។

ការសម្ដែង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ចំពោះ​កូនចៅ​របស់​ទ្រង់ គឺជា​ការបម្រើ​ក្នុង​ជីវិត​រមែងស្លាប់ ពលិកម្ម​ធួន និង​ដំណើរ​រស់ឡើង​វិញ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ផ្លែ​នៅ​ដើមឈើ​នោះ អាច​ចាត់​ទុក​ថា​ជា​និមិត្តរូប​មួយ​អំពី​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ការឆ្លើយ​តប​ភ្លាមៗ​របស់​លីហៃ ដើម្បី​ទទួលទាន​ផ្លែឈើ​នោះ និង​បទពិសោធន៍​នៃ​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ គឺ​បាន​បង្កើន​បំណង​ខ្លាំង​មួយ ដើម្បី​ចែកចាយ និង​បម្រើ​គ្រួសារ​របស់​លោក ។ ដូច្នេះ នៅ​ពេល​លោក​បាន​ងាក​ទៅ​រក​ព្រះគ្រីស្ទ នោះ​លោក​ក៏​ងាក​ទៅ​រក​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ផងដែរ ។

រឿង​ដ៏​សំខាន់​មួយ​ទៀត នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ម្នាក់ ដែល​ឈ្មោះ អេណុស បន្ទាប់​ពី​ការអធិស្ឋាន​ដ៏​ក្លៀវក្លា និង​ការអំពាវនាវ​របស់​លោក​ត្រូវ​បាន​ព្រះ​ទ្រង់​ព្រះ​សណ្ដាប់​ឮ និង​ឆ្លើយ​តប ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖

« ហើយ​ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន ហើយ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ​ដែល​បង្កើត​ខ្ញុំ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអង្គ​ដោយ​ការអធិស្ឋាន និង​ការទូល​អង្វរ​ដ៏​ខ្លាំង សម្រាប់​ព្រលឹង​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអង្គ​អស់​ពេញ​មួយ​ថ្ងៃ មែន​ហើយ ហើយ​ដល់​ពេល​យប់ ខ្ញុំ​បាន​ស្រែក​អំពាវនាវ​យ៉ាង​ខ្លាំង លុះត្រា​បាន​ឮ​ដល់​ស្ថានសួគ៌ ។

« ហើយ​ស្រាប់​តែ​មាន​សំឡេង​បន្លឺ​មក​ខ្ញុំ​ថា ៖ អេណុស បាប​ទាំងឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​អ្នក​នឹង​បាន​ពរ ។

ហើយ​ខ្ញុំ អេណុស ដឹង​ថា ព្រះ​ពុំ​កុហក​ឡើយ ហេតុដូច្នោះហើយ ទោស​របស់​ខ្ញុំ​បាន​បំបាត់ចោល​ទៅ ។

« ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ឱ​ព្រះអម្ចាស់អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ?

« ហើយ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ៖ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​បាន​ឃើញ​ពីមុន​មក​ឡើយ ។ ... ហេតុដូច្នោះហើយ ចូរ​អ្នក​ទៅ​ចុះ សេចក្ដីជំនឿ​របស់អ្នក បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ ។

« ឥឡូវនេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​ឮ​ពាក្យ​ទាំងនេះ​ហើយ នោះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ប្រាថ្នា​ចង់​បាន​សុខុមាលភាព​ដល់​បងប្អូន​ខ្ញុំ ជា​ពួក​សាសន៍​នីហ្វៃ ហេតុដូច្នោះហើយ ខ្ញុំ​បាន​ប្លុង​ព្រលឹង​ខ្ញុំ​ទាំង​មូលទៅ​ព្រះ ដើម្បី​ពួកគេ» (អេណុស 1:4–9 គូសបញ្ជាក់បន្ថែម)។

នៅពេល អេណុស បាន​ងាក​ទៅរក​ព្រះអម្ចាស់ « ដោយ​ស្មោះ​អស់​ពី​ចិត្ត » ( នីហ្វៃទី2 31:13) ការបារម្ភ​របស់​លោក​ចំពោះ​សុខុមាលភាព​នៃ​គ្រួសារ មិត្តភក្ដិ និង​មនុស្ស​ជុំវិញ​ខ្លួន​លោក បាន​កើនឡើង​ដំណាល​គ្នា។

មេរៀន​ដ៏​អង្វែង​ដែល​យើង​បាន​រៀន​មក​ពី​រឿង​ទាំង​ពីរ​នេះ គឺ​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​បទពិសោធន៍​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​យើង​នូវ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មុន​ពេល​យើង​អាច​ផ្ដល់​ការបម្រើ​ដោយ​ស្មោះ​ត្រង់ និង​ត្រឹមត្រូវ ដែល​ហួស​ពី​ការគ្រាន់​តែ « ធ្វើ​ចលនា »។ ដូច​ជា លីហៃ អេណុស និង​កូន​ប្រុស​តូចៗ​របស់​យើង ក្នុង​រឿង​ដែល​ខ្ញុំ​បាន​រៀបរាប់ យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ដឹង​ពី​ការឈឺចាប់​ទាក់ទង​នឹង​ភាពសង្ស័យ​ខាង​វិញ្ញាណ និង​អំពើបាប ។ យើង​ក៏​បាន​ទទួល​បទពិសោធន៍​អំពី​ការសម្អាត ភាពសុខសាន្ដ​ក្នុង​មនសិការ ការសះស្បើយ​ខាង​វិញ្ញាណ និង​ការចាប់ផ្ដើមឡើងវិញ ព្រមទាំង​ការដឹកនាំ​ដែល​ត្រូវ​បាន​ទទួល តែ​តាមរយៈ​ការរៀនសូត្រ និង​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ។

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​ជា​អ្នក​សម្អាត​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​បរិសុទ្ធ និង​ស្អាត​ស្អំ លាប​ឱសថ​ដើម្បី​ព្យាបាល​របួស​ខាង​វិញ្ញាណ ហើយ​លុប​ការខុស​ឆ្គង​ចេញ ហើយ​ផ្ដល់​ការការពារ ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ភាពស្មោះត្រង់​នៅ​ក្នុង​គ្រា​ល្អ និង​គ្រា​មិន​ល្អ ។

មាន​សេចក្ដីពិត​ទាំង​ស្រុង

ចំពោះ​សមាជិក​គ្រួសារ និង​មិត្តភក្ដិ ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ពី​មូលហេតុ​គ្រឹះ​ថា ហេតុអ្វី​យើង​គឺ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។

មាន​សេចក្ដីពិត​ទាំង​ស្រុង​នៅ​ក្នុង​ពិភពលោក​មួយ ដែល​មាន​ការ​មាក់ងាយ និង​ការ​លុបបំបាត់​កើន​ឡើង ។ នៅ​ពេល​អនាគត « ឲ្យ​គ្រប់​ទាំង​ជង្គង់ [នឹង] លុតចុះ » ហើយ « ឲ្យ​គ្រប់​ទាំង​អណ្ដាត [នឹង] បាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់​ជា​ព្រះអម្ចាស់ សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា » (ភីលីព 2:10–11)។ ព្រះយេស៊ូវ ជា​ព្រះគ្រីស្ទ គឺពិត​ជា​ព្រះរាជបុត្រា​តែ​មួយ​គត់​នៃ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​សាសនាចក្រ​ទ្រង់ ត្រូវ​បាន​ស្ដារ​ឡើងវិញ​ក្នុង​ភាពពេញលេញ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។

យើង​សូម​ធ្វើ​ការអញ្ជើញ​ឲ្យ​បងប្អូន​រៀន អំពី​សារលិខិត​របស់​យើង ហើយ​សាក​ភ្លក់​នូវ​ផល​នៃ​ឥទ្ធិពល​វិជ្ជមាន​របស់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​ចុះ ។ ពេល​ខ្លះ យើង​អាច​មាន​ភាពឆ្គាំឆ្គង ឬ​គ្រោតគ្រាត ឬ​ជំនះ​ដោយ​ឥតឈប់ឈរ​ក្នុង​បំណង​របស់​យើង ។ បំណង​ទូទៅ​របស់​យើង គឺ​ដើម្បី​ចែកចាយ​នឹង​បងប្អូន​នូវ​សេចក្ដីពិត​ដែល​មាន​តម្លៃ​ដ៏​មហិមា​បំផុត​ចំពោះ​យើង ។

ក្នុង​នាម​ជា​សាវក​ម្នាក់​របស់​ព្រះអម្ចាស់ និង​ដោយ​អស់​ពី​ព្រលឹង​របស់​ខ្ញុំ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​អំពី​ទេវភាព និង​ភាពពិត​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ « តាម​ខ្ញុំ​ទៅ​មើល » (យ៉ូហាន 1:39) នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ អាមែន។