ឆ្នាំ ២០១០-២០១៩
ការ​ចែកចាយ​ពន្លឺ​របស់អ្នក
១០ 2014


12:18

ការ​ចែកចាយ​ពន្លឺ​របស់អ្នក

យើង​ត្រូវ​ឈ​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ​យើង ហើយ​បន្លឺ​សំឡេង​យើង​ឡើង​ដើម្បី​ប្រកាស​គោលលទ្ធិពិត​ ។

នៅ​យប់​នេះ​ខ្ញុំ​ចង់​​ពិចារណា​អំពី​ទំនួល​ខុសត្រូវ​សំខាន់​ពីរ​ដែល​យើងមាន ៖ ទីមួយ ការ​បន្ថែម​ពន្លឺ​នៃ​ដំណឹងល្អ​ដោយ​ខ្ជាប់​ខ្ជួន​ក្នុង​ជីវិត​របស់​យើង និង​ទីពីរ ការ​ចែកចាយ​ពន្លឺ​នោះ​ជាមួយ​អ្នកដទៃ ។

តើ​បងប្អូន​ដឹង​ថា​បងប្អូន​សំខាន់​ប៉ុណ្ណា​ទេ ? បងប្អូនម្នាក់ៗ --ឥឡូវ​នេះ-- មាន​តម្លៃ និង​សំខាន់​ក្នុង​ផែនការ​សង្គ្រោះ​របស់ព្រះវរបិតាសួគ៌ ។ យើង​មាន​កិច្ចការ​មួយ​ត្រូវ​ធ្វើ ។ យើង​ស្គាល់​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ តើ​យើងបាន​ត្រៀម​ខ្លួន​ដើម្បី​ការពារ​សេចក្ដីពិត​នោះ​ហើយ​ឬ​នៅ ? យើង​ចាំបាច់​ត្រូវ​រស់នៅ​តាម ហើយ​​ត្រូវ​ចែកចាយ​សេចក្ដី​ពិត​នោះ ។ យើង​ត្រូវ​ឈ​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ​យើង ហើយ​បន្លឺ​សំឡេង​យើង​ឡើង ​ដើម្បី​ប្រកាស​គោលលទ្ធិពិត​ ។

នៅ​ក្នុង​ទស្សនាវដ្ដី Ensign និង Liahona, ខែ​កញ្ញា ឆ្នាំ 2014 អែលឌើរ អិម  រ័សុល បាឡឺដ បាន​សរសេរថា៖ « យើង​​ត្រូវ​ការ​សំឡេង និង​សេចក្ដីជំនឿ​​ដ៏​មាន​ឥទ្ធិពលពិសេស​របស់​ស្ត្រី​ច្រើន​ថែម​ទៀត ។​ យើង​ត្រូវ​ការ​ពួកគាត់​ឲ្យ​រៀន​គោលលទ្ធិ និង​យល់​នូវ​អ្វី​ដែល​យើង​ជឿ ដើម្បី​ពួកគាត់​អាច​ថ្លែង​ទីបន្ទាល់​របស់ពួកគាត់​ អំពី​សេចក្ដីពិត​នៃការណ៏ ​គ្រប់​យ៉ាង » ។1

បងប្អូន​ស្រីអើយ បងប្អូន​​ពង្រឹង​សេចក្ដីជំនឿ​របស់ខ្ញុំ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​មើល​គំរូ បាន​ស្ដាប់ទីបន្ទាល់ និង​ដឹង​ពី​សេចក្ដីជំនឿរបស់​បងប្អូននៅ​ពេញ​ពិភពលោក ចាប់​តាំង​ពី​ប្រទេស​ប្រេស៊ីល ទៅ​ដល់ បុត​ស្វានា !​ បងប្អូន​មាន​ឥទ្ធិពលនៅគ្រប់​ទីកន្លែង​ដែល​បងប្អូន​ទៅ ។ មនុស្ស​ជុំ​វិញ​បងប្អូន​បាន​ដឹង-- ​ទាំង​គ្រួសារបងប្អូន​រហូត​ដល់​មនុស្ស​ដែលបងប្អូន​ទំនាក់​​ទំនងតាម​ទូរស័ព្ទ និង​ទាំង​មិត្ត​របស់របស់បងប្អូន​តាម​ប្រព័ន្ធ​សង្គម រហូត​ដល់​អ្នកទាំងឡាយ​ដែល​អង្គុយ​នៅ​ជិត​បងប្អូន​នា​យប់នេះ ។ ខ្ញុំ​យល់​ស្រប​នឹង​ស៊ីស្ទើរ ហារីត អុជដូហ្វ ដែល​បាន​សរសេរ​ថា « អ្នក … គឺជាពន្លឺ​ដ៏ចិញ្ចាច និង​អង់អាច​នៅក្នុងពិភពលោកងងឹត​នេះ ពេល​អ្នក​បង្ហាញ តាមរយៈ​ការ​រស់នៅ​តាម​របស់អ្នក​ ថា​ដំណឹងល្អ គឺ​ជាសារលិខិត​ដ៏​ប្រកប​ដោយ​អំណរ​នោះ » ។2

ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​ចង្អុល​បង្ហាញ​ថា « បើ​អ្នក​ចង់​ឲ្យ​ពន្លឺ​ដល់​អ្នកដទៃ អ្នក​ត្រូវ​តែ​ភ្លឺ​ខ្លួន​ឯង​សិន » ។3 តើ​យើង​អាច​រក្សា​ពន្លឺ​នៃ​សេចក្ដីពិត​របស់​យើង ឲ្យ​ភ្លឺ​ក្នុង​ខ្លួន​យើង​ដោយ​របៀប​ណា ? ពេល​ខ្លះ ខ្ញុំ​មានអារម្មណ៍​ដូចជា អំពូល​ភ្លើងភ្លឺ​ព្រឹមៗ ។ តើ​ខ្ញុំ​អាច​ភ្លឺចិញ្ចាច​ដោយ​របៀប​ណា ?

បទគម្ពីរ បាន​​បង្រៀន​ថា « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត »។4 យើង​ត្រូវ​តែ​បន្ដ​នៅជាប់​ក្នុង​ព្រះ ដូច​បទគម្ពីរ​ចែង ។ យើង​ត្រូវ​តែ​ទៅ​រក​ប្រភព​នៃ​ពន្លឺ--ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​បទគម្ពីរ​នានា​ ។ យើង​ក៏​អាច​ទៅ​ព្រះវិហារបរិសុទ្ធ ដោយ​ដឹង​ថា​រឿង​គ្រប់​យ៉ាង​នៅ​ក្នុង​ជញ្ជាំង​ព្រះវិហារបរិសុទ្ធ នាំ​ទៅ​រក​ព្រះគ្រីស្ទ និង​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់ ។

ចូ​រគិត​អំពី​ឥទ្ធិពល​ ដែល​ព្រះវិហារបរិសុទ្ធ​មាន​ចំពោះ​អ្វីៗ​ដែល​នៅ​ជុំវិញវា ។ ព្រះវិហារបរិសុទ្ធ គឺ​ជា​លម្អរ​ដ៏ស្រស់​ស្អាត​នៅ​កណ្ដាល​​ទីក្រុង វា​បញ្ចាំង​ពន្លឺពី​កំពូល​ភ្នំ​ដ៏​​ឧត្ដុងឧត្ដម ។ ហេតុអ្វី​ក៏​ព្រះវិហារបរិសុទ្ធ​ស្រស់ស្អាត ហើយ​បញ្ចាំង​ពន្លឺដូច្នេះ? ដោយ​សារ​ដូច​បាន​ចែង​ក្នុង​បទគម្ពីរថា « សេចក្ដី​ពិត​ភ្លឺ »5 ហើយ​ព្រះវិហារបរិសុទ្ធ មាន​សេចក្ដីពិត និង​គោលបំណង​ដ៏អស់កល្បជានិច្ច រួច​​បងប្អូន​​ក៏​ដូច្នោះ​​ដែរ ។

នៅ​ក្នុង​ឆ្នាំ 1877 ប្រធាន ចច ឃ្យូ ខានុន បាន​មានប្រសាសន៍​ថា « គ្រប់​ព្រះវិហារបរិសុទ្ធ ... កាត់បន្ថយ​ឥទ្ធិពល​របស់​សាតាំង​នៅលើ​ផែនដី » ។ 6 ខ្ញុំ​ជឿ​ថា កន្លែង​ណា​ដែលមានព្រះវិហារបរិសុទ្ធ​សង់ឡើង​នៅលើ​ផែនដី នោះ​វា​នឹង​រុញ​ច្រាន​ចោល​សេចក្ដីងងឹត។ គោលបំណង​នៃ​ព្រះវិហារបរិសុទ្ធ គឺ​ដើម្បី​បម្រើ​មនុស្ស​លោក ហើយ​ផ្តល់​លទ្ធភាពឲ្យ​កូន​ចៅ​ទាំងអស់​របស់ព្រះវរបិតាសួគ៌ ដើម្បី​ត្រឡប់​ទៅរស់នៅ​ជាមួយ​ទ្រង់​វិញ ។ តើ​គោលបំណង​របស់យើង​ពុំ​ស្រដៀងគ្នា​នឹង​អគារ​ដែល​បាន​ឧទ្ទិស ​និង ដំណាក់​ព្រះអម្ចាស់​ទាំង​នេះ​ទេ​ឬ​អី ? ដើម្បី​បម្រើ​អ្នក​ដទៃ តើយើងនឹងមិន​ជួយ​ពួកគេងាកចេញពី​ភាព​ងងឹត ហើយ​ត្រឡប់​ទៅ​រក​ពន្លឺ​របស់​ព្រះ​ទេឬ​អី?

កិច្ចការព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ និង​បង្កើន​ជំនឿ​របស់យើង​ទៅ​លើ​ព្រះគ្រីស្ទ រួច​ហើយ​យើង​អាច​មាន​ឥទ្ធិពលកាន់​តែ​ប្រសើរ​លើ​ជំនឿ​របស់​អ្នក​ដទៃ ។ តាមរយៈ​ការ​ចិញ្ចឹម​បីបាច់​​អារម្មណ៍​អំពី​ព្រះវិហារបរិសុទ្ធ នោះ​យើង​អាច​រៀន​ពី​ភាព​ពិត អំណាច និង​សេចក្ដីសង្ឃឹម​លើ​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។

ប៉ុន្មាន​ឆ្នាំ​មុន គ្រួសារ​ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ដ៏​ធំ​មួយ ។ ខ្ញុំ​បាន​​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​បាន​អធិស្ឋាន​អស់ពី​ចិត្ត​សុំ​ជំនួយនៅ​ទីនោះ ។ ខណៈនោះខ្ញុំបាន​ទទួល​សេចក្ដីពិត ។ ខ្ញុំ​ទទួលបាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​មួយ​អំពី​ភាព​ទន់​ខ្សោយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល ។ នៅ​ក្នុង​គ្រា​ទទួល​ការ​ណែនាំ​ខាង​វិញ្ញាណ​នោះ ខ្ញុំ​បាន​ឃើញ​​ខ្លួន​ជា​​ស្ត្រី​ដ៏​អំនួត​ម្នាក់​ កំពុង​ធ្វើ​រឿង​តាម​វិធី​របស់ខ្លួន ដោយ​ពុំ​ចាំបាច់​​ធ្វើ​តាម​​វិធី​របស់ព្រះអម្ចាស់ ហើយ​បាន​យក​រាល់​ការ​សម្រេច​ជោគ​ជ័យ​​សម្រាប់​តែ​ខ្លួន​ឯង ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​មើល​ខ្លួនឯង ។ ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ដល់​ព្រះវរបិតាសួគ៌ដោយទូល​ថា « ទូល​បង្គំ​មិន​​ចង់​ធ្វើ​ជា​ស្ត្រី​បែបនោះ​ទេ តែ​តើ​ទូល​បង្គំ​អាច​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា ?»

តាមរយៈ​វិញ្ញាណ​នៃ​វិវរណៈដ៏​បរិសុ​ទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ខ្ញុំ​ត្រូវ​បាន​បង្រៀន​អំពី​ការ​ត្រូវការ​ព្រះប្រោសលោះ​របស់​ខ្ញុំ​ទាំង​ស្រុង ។ ខ្ញុំ​បាន​បែរ​មក​រក​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​ភ្លាម ហើយ​បាន​ដឹង​ថា ការ​ឈឺចាប់​របស់​ខ្ញុំ​បាន​រលាយ​បាត់ទៅ ហើយក្នុងចិត្តមាន​ក្ដី​សង្ឃឹម​ដ៏​ធំ​មួយ ។ ទ្រង់​គឺ​ជា​ក្ដីសង្ឃឹម​តែ​មួយគត់​របស់ខ្ញុំ ហើយ​ខ្ញុំ​តោង​ជាប់​នឹង​ទ្រង់​តែប៉ុណ្ណោះ ។ វា​បង្ហាញ​ដល់ខ្ញុំយ៉ាងច្បាស់​​ថា ធម្មជាតិ​ស្ត្រី​ដែល​គិត​តែ​ពី​ខ្លួនឯង « គឺ​ជា​សត្រូវ​ចំពោះ​ព្រះ »7 និង​ចំពោះមនុស្ស​ដែល​ស្ថិត​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​គាត់ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃ​នោះ ខ្ញុំ​បាន​រៀន​ថា មាន​តែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​ធម្មជាតិនៃ​អំនួត​របស់​ខ្ញុំ អាច​បាន​ផ្លាស់​ប្ដូរ ហើយ​ខ្ញុំ​នឹង​អាច​ធ្វើ​ល្អ​បាន​ ។ ខ្ញុំ​ដឹង​ថា ក្ដី​ស្រឡាញ់​របស់ទ្រង់​ធំខ្លាំង​ណាស់ ហើយ​បាន​ដឹង​ថា​ទ្រង់​នឹង​បង្រៀន​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ ហើយ​បានផ្លាស់​ប្ដូរ​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​ដួងចិត្ត​ខ្ញុំ​ថ្វាយទ្រង់ ។

ខ្ញុំ​នៅ​តែ​ប្រយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់ខ្ញុំ តែ​ខ្ញុំ​ទុក​ចិត្ត​ទៅ​លើ​ជំនួយ​ដ៏​ទេវភាព​នៃ​ដង្វាយធួន ។ ការ​ណែនាំ​ដ៏បរិសុទ្ធ​នេះ កើត​មាន​ដោយ​សារ​តែ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ ស្វែងរក​ចម្លើយ និង​ការ​សម្រាលទុក្ខ ។ ខ្ញុំ​ចូល​ព្រះវិហារបរិសុទ្ធ​ដោយ​ស្ពាយ​បន្ទុក ហើយ​ខ្ញុំបាន​ចេញ​មក​វិញ ដោយ​ដឹង​ថា ខ្ញុំ​មាន​ព្រះអង្គសង្គ្រោះ​ដែល​មាន​គ្រប់ព្រះចេស្ដា ។ ខ្ញុំ​បានធូរស្បើយ ហើយ​មាន​ក្ដី​អំណរ ដោយ​សារ​តែ​ខ្ញុំ​បាន​ទទួល​ពន្លឺ​របស់ទ្រង់ ហើយ​ទទួល​យក​ផែនការ​របស់ទ្រង់​សម្រាប់​ខ្ញុំ ។

នៅ​ជុំវិញ​ពិភព​លោក ព្រះវិហារបរិសុទ្ធ​មាន​រូបរាង​ និង​ការ​រចនា​ពី​ខាង​ក្រៅពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​ខាង​ក្នុង វា​មាន​ពន្លឺ គោលបំណង និង​សេចក្ដីពិត​ដ៏អស់កល្ប​ដូចៗ​គ្នា​ទាំងអស់ ។ ​នៅក្នុង ​ កូរិនថូស​ទី 1 3:16 យើង​អាន​ថា ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ​ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ?» ​ ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ យើងត្រូវ​បាន​ដាក់​ឲ្យ​កើត​នៅ​ជុំវិញ​ពិភពលោក ហើយ​យើង​ម្នាក់ៗ មាន​រូបភាព និង​ការ​រចនា​ខាង​ក្រៅពិសេស​រៀង​ៗ​ខ្លួន ដូច​ព្រះវិហារបរិសុទ្ធ​ដែរ ។ យើង​ក៏​មាន​ពន្លឺ​ខាង​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​យើង ដូច​ព្រះវិហារបរិសុទ្ធ​ផង​ដែរ ។ ពន្លឺ​ខាង​វិញ្ញាណ​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​​នៃ​ពន្លឺ​របស់ព្រះអង្គសង្គ្រោះ ។ អ្នកដទៃទៀត នឹង​ទាក់ទាញ​ដោយ​សារ​ភាព​ភ្លឺ​នេះ ។

យើង​មាន​តួនាទី​រៀងៗ​ខ្លួន​នៅលើ​ផែនដី--​ ជា​កូនស្រី ជា​ម្ដាយ ជាអ្នកដឹកនាំ និង​ជា​គ្រូបង្រៀន​ដល់​បងប្អូន​ស្រី ជា​អ្នក​រក​កម្រៃ ជា​ភរិយា និងជា​​អ្វីៗជាច្រើន​ទៀត ។ យើង​ម្នាក់ៗ​ប្រកប​ដោយ​ឥទ្ធិពល ។ តួនាទីនីមួយៗ នឹង​មាន​អំណាច​ខាង​សីលធម៌ នៅពេល​យើង​ឆ្លុះបញ្ចាំង​សេចក្ដីពិត​នៃ​ដំណឹងល្អ និង​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ​ក្នុង​ជីវិត​របស់​យើង ។

អែលឌើ ឌី  ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា «​គ្រប់​ព្រឹត្តការណ៍​ទាំងអស់ ម្ដាយ​ម្នាក់ អាចប្រើ​ឥទ្ធិពល​មួយ​ដែល​​គ្មាន​អ្នក​ដទៃណា​ម្នាក់ ក្នុង​​ទំនាក់ទំនងណា​​ផ្សេង​ទៀត អា​ច​ប្រៀប​ផ្ទឹម​បានឡើយ »។ 8

នៅពេល​កូនៗ​យើង​នៅ​តូច ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ជា​សហ-​មេបញ្ជាការ​កប៉ាល់ ជាមួយ​នឹង​ស្វាមីខ្ញុំ ដេវីឌ ហើយ​ខ្ញុំ​បាន​ឃើញ​ថា កូនៗ 11 នាក់​របស់​យើង​គឺ​ដូចជា​ទូក​តូចៗមួយក្រុម បណ្ដែត​នៅ​កំពង់ផែ​ជិតនឹង​យើង ដែលត្រៀម​នឹង​ចេញ​ទៅ​ក្នុង​សមុទ្រ​នៃ​លោកិយ ។ ដាវីឌ និង​ខ្ញុំ មាន​អារម្មណ៍​ថា យើង​ត្រូវការ​ជំនួយ​ដើម្បី​ប្រឹក្សា​អំពី​ត្រីវិស័យ​របស់ព្រះអម្ចាស់​ជា​ប្រចាំ សូម​នូវ​ការ​ដឹកនាំ​ដែល​ល្អ​បំផុត ដើម្បី​ចេញ​ដំណើរ​ជាមួយ​នឹង​ទូក​តូចៗ​របស់យើង ។

ជីវិត​ខ្ញុំ ពេញ​ដោយរឿង​មិន​ចាំ​​ជាច្រើន ដូចជា​ការ​បត់ខោអាវ ការ​អាន​សៀវភៅ​ឲ្យកូនៗ​ស្ដាប់ និង​ការ​ដាក់ចំអិន​អាហារ​​សម្រាប់​អាហារ​ពេល​ល្ងាច ។ ពេល​ខ្លះ នៅក្នុង​ផែផ្ទះ​របស់យើង យើង​​មើល​មិន​ឃើញ​​​ទង្វើ​សាមញ្ញ​ និង​ខ្ជាប់ខ្ជួន​ទាំង​នេះ​ទេ-- រួមមាន ​ការ​អធិស្ឋាន​ជា​គ្រួសារ ការ​សិក្សា​ព្រះគម្ពីរ និង​រាត្រីជួបជុំ​ក្រុម​គ្រួសារ-- ដែល​ការណ៍​ធំ អាច​កើត​មានឡើង។ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទង្វើ​ទាំងអស់នេះ មាន​សារៈសំខាន់​ដ៏អស់កល្ប ។ ក្ដី​អំណរ​ដ៏ធំ កើតមាន​ពេល​ទូក​តូចៗ​ទាំងនេះ—ដែល​ជាកូនៗ​យើង—ធំ​ឡើង​ជា​កប៉ាល់​ទឹក​ដ៏ធំ ដែល​មាន​ពន្លឺ​ដំណឹងល្អ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី « មានបំណង​ចង់បម្រើ​ព្រះ »។9 ទង្វើ​តូចៗ​នៃ​សេចក្ដីជំនឿ និង​ការ​បម្រើ​របស់​យើង គឺ​ជា​របៀប​ដែល​យើង​ភាគ​ច្រើន អាច​បន្ដជាប់នៅក្នុង​ព្រះ រួច​ទីបំផុត នាំ​មក​នូវ​ពន្លឺ​ដ៏អស់កល្ប និង​រុងរឿង​ដល់​គ្រួសារ​ មិត្តភក្ដិ និងមនុស្ស​​រាប់អាន​របស់យើង ។ បងប្អូន​​ពិត​ជា​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ!

ចូរគិតអំពី​ឥទ្ធិពល​ដែល​ជំនឿ​របស់​កុមារី​ថ្នាក់​កុមារ អាច​មាន​ទៅ​លើ​គ្រួសារ​នាង ។ ជំនឿ​កូន​ស្រី​របស់​យើង បាន​ប្រទានពរ​ដល់​គ្រួសារ​យើង ពេល​យើង​បាត់​កូន​ប្រុស​​នៅក្នុង​សួន​កំសាន្ដ​មួយ ។ គ្រួសារទាំងមូល​ បាន​រត់​ទាំង​ភិតភ័យ​ស្វែងរក​គាត់ ។ ទីបំផុត កូន​ស្រី​អាយុ 10 ​ឆ្នាំ​របស់​យើង បាន​ឱបដៃ ហើយ​និយាយ​ថា « ម៉ាក់ តើ​យើង​ពុំ​គួរ​អធិស្ឋាន​ទេ​ឬ​អី? » នាង​និយាយត្រូវ ! គ្រួសារ​បាន​ជុំ​គ្នា​នៅ​កណ្ដាល​ហ្វូង​មនុស្ស ហើយ​បាន​អធិស្ឋាន​ដើម្បី​រក​ឃើញ​កូន​របស់​យើង ។ យើង​បាន​រក​ឃើញ​គាត់ ។ ចំពោះ​កុមារី​ថ្នាក់កុមារ​ទាំងអស់ ខ្ញុំ​សូម​និយាយ​ថា « សូម​បន្ដ​រំឭក​ឪពុក​ម្ដាយ​របស់​អ្នក​ឲ្យ​អធិស្ឋាន !»

នា​រដូវ​ក្ដៅ​នេះ ខ្ញុំ​មាន​ឯក​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះជំរុំ​របស់​យុវនារី 900 នាក់​នៅ​អាឡាស្កា ។ ពួកគេ​មាន​ឥទ្ធិពលដ៏​អស្ចារ្យ​មក​លើ​ខ្ញុំ ។ ពួកគេ​ទៅ​បោះជំរុំ​ដោយ​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ មាន​ការ​អាន​គម្ពីរ​មរមន ហើយ​ទន្ទេញចាំ « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួកសាវក » ។ នៅ​យប់​ទីបី​នៃ​ការ​បោះជំរុំ​នោះ យុវនារី​ទាំង 900 នាក់ បាន​ក្រោកឈរ​ជុំគ្នា ហើយ​សូត្រ​អត្ថបទ​នោះ​ទាំងមូល​ស្រុះគ្នា ។

ព្រះវិញ្ញាណ​បាន​មានពេញ​សាល​ប្រជុំ​ទាំងមូល ហើយ​ខ្ញុំ​ចង់​សូត្រ​ដែរ។ តែ​ខ្ញុំ​ពុំ​អាច​ទេ ។ ខ្ញុំ​ពុំ​បាន​ទន្ទេញ​ចាំផង ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​ពាក្យ « ព្រះគ្រីស្ទ​មាន​ព្រះជន្មរស់ » ដូច​យុវនារីទាំង​នេះ​ដែរ ហើយ​ដោយ​សារ​តែ​ឥទ្ធិពល​របស់​ពួកគេ នោះ​ខ្ញុំ​ទទួលបទពិសោធន៍​សេចក្ដីសញ្ញា​សាក្រាម៉ង់​ ដើម្បី​ចង​ចាំ​ព្រះអង្គ​សង្គ្រោះ​ជា​និច្ចឲ្យ​កាន់​តែ​ពេញ​លេញ ពេល​ខ្ញុំ​និយាយ​ឡើងវិញ​ដដែលៗ​នូវ​ទីបន្ទាល់​របស់ពួកសាវក​អំពីព្រះគ្រីស្ទ ។ សាក្រាម៉ង់ គឺកាន់តែ​មាន​អត្ថន័យ​ចំពោះ​ខ្ញុំ ។

ក្ដី​សង្ឃឹម​ខ្ញុំ គឺ​ត្រូវ​ផ្ដល់​អំណោយ​បុណ្យគ្រីស្ទម៉ាស់​មួយ​ដល់ព្រះគ្រីស្ទ​ឆ្នាំ​នេះ ដោយ​ការ​ទន្ទេញ​ចាំ « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ » ​ត្រឹម​ថ្ងៃ​ទី 25 ខែ​ធ្នូ ហើយ​​ចាំ​ដោយ​មុតមាំ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​មាន​ឥទ្ធិពល​សេចក្ដីល្អ-- ដូច​យុវនារី​នៅ​អាឡាស្កា​មាន​ចំពោះ​ខ្ញុំ ។

តើអ្នកអាច​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​ពាក្យ​នៃ​អត្ថបទ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែរ​ឬ​ទេ ? « ព្រះអង្គ​បាន​អង្វរ​មនុស្ស​គ្រប់​រូប​ឲ្យ​ធ្វើ​តាម​គំរូរបស់​ទ្រង់ ។ ព្រះអង្គ​បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន ដើម្បី​ព្យាបាល​អ្នកឈឺ ធ្វើ​ឲ្យ​អ្នក​ខ្វាក់​មើល​ឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ » ។10

បងប្អូន​ស្រី​នៃ​សាសនាចក្រ​អើយ យើង​ពុំ​ដើរ​នៅតាម​ថ្នល់​ស្រុកភីលីស្ទី ដើម្បី​ព្យាបាល​អ្នកឈឺទេ ប៉ុន្តែ​យើង​អាច​អធិស្ឋាន​ឲ្យ និង​អនុវត្ត​ក្ដី​ស្រឡាញ់​​​នៃ​ដង្វាយធួន ព្យាបាល​​ដល់ទំនាក់ទំនង​ឈឺ​ចាប់ និង​ទុក្ខព្រួយ​បាន ។

ទោះ​ជា​យើង​នឹង​ពុំ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ​ដូច​ព្រះអង្គ​សង្គ្រោះ​ក្ដី ក៏​យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ទៅ​ដល់ជនដែល​​ខ្វាក់​ខាង​វិញ្ញាណ​បានដែរ ។ យើង​អាច​បើក​ភ្នែក​នៃ​ការ​យល់​ដឹង​របស់ពួកគេ​ឲ្យ​ឃើញ​នូវ​ភាព​ចាំបាច់​នៃ​អំណាច​បព្វជិតភាព​នៅក្នុង​សេចក្ដីសញ្ញា​ដ៏អស់កល្ប ។

យើង​នឹង​មិន​ប្រោស​មនុស្ស​ស្លាប់​ដូច​ព្រះអង្គសង្គ្រោះ​ទេ ប៉ុន្តែ​យើង​អាច​ប្រទាន​ពរ​ដល់​អ្នក​ស្លាប់ ដោយ​ការ​រក​ឈ្មោះ​របស់ពួកគាត់​មក​ធ្វើ​កិច្ចការ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នោះ​យើង​នឹង​ពិតជា​ប្រោស​ពួកគាត់​ពី​ស្ថានឃុំ​វិញ្ញាណ ហើយ​ផ្ដល់​ផ្លូវ​នៃ​ជីវិត​ដ៏អស់កល្ប​ជានិច្ច​ដល់ពួកគាត់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្មរស់ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដោយ​ព្រះចេស្ដា និង​ពន្លឺ​ទ្រង់ នោះ​យើង​នឹង​អាច​រុញ​ច្រាន​ចេញ​ភាព​ងងឹត​នៃ​លោកិយ​ បន្លឺ​សំឡេង​ពីសេចក្ដីពិត​ដែល​យើង​ស្គាល់ ហើយ​ជះ​ឥទ្ធិពល​ដល់​អ្នក​ដទៃ​ឲ្យ​មក​រក​ទ្រង់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. អិម  រ័សុល បាឡឺដ « Men and Women and Priesthood Power,» Ensign, ខែ​កញ្ញា ឆ្នាំ 2014, 32;លីអាហូណា ខែ​កញ្ញា ឆ្នាំ 2014, 36។

  2. ហារីត អ. អុជដូហ្វ, The Light We Share ( ឆ្នាំ 2014 ), 41។

  3. ថូម៉ាស  អេស ម៉នសុន « For I Was Blind, but Now I See, » Ensign, ខែ ឧសភា ឆ្នាំ 1999, 56;លីអាហូណា ខែ កក្កដា ឆ្នាំ 1999, 69។

  4. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 50:24

  5. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:7

  6. ចច ឃ្យូ ខានុន នៅក្នុង Preparing to Enter the Holy Temple (កូនសៀវភៅ ឆ្នាំ 2002), 36។

  7. ម៉ូសាយ 3:19

  8. ឌី  ថត គ្រីស្តូហ្វឺសិន « The Moral Force of Women » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2013, 30។

  9. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 4:2

  10. « The Living Christ: The Testimony of the Apostles, » Ensignលីអាហូណា, ខែ មេសា ឆ្នាំ 2000, 2។