ច្បាប់តមអាហារ ៖ ការទទួលខុសត្រូវផ្ទាល់ខ្លួនដើម្បីខ្វល់ខ្វាយពីជនក្រីក្រ និងអ្នកខ្វះខាត
ដោយជាអ្នកដើរតាមព្រះអង្គសង្គ្រោះ យើងមានតួនាទីផ្ទាល់ខ្លួនដើម្បីខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាត ។
បងប្អូនប្រុសជាទីស្រឡាញ់ ខ្ញុំស្រឡាញ់បុព្វជិតភាព ហើយចូលចិត្តមានវត្តមានជាមួយបងប្អូន ។ ខ្ញុំមានអំណរគុណជាខ្លាំង ដែលយើងអាចបម្រើជាមួយគ្នាក្នុងបុព្វហេតុដ៏អស្ចារ្យនេះ ។
យើងរស់នៅក្នុងគ្រាដ៏គួរឲ្យកត់សម្គាល់ ។ ភាពជឿនលឿនដ៏អស្ចារ្យខាងវិជ្ជសាស្ត្រ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា បានធ្វើឲ្យគុណភាពជីវិតដល់មនុស្សជាច្រើន។ ប៉ុន្តែ ក៏នៅតែមានភស្ដុតាងនៃការឈឺចាប់ និង ទុក្ខព្រួយនៃមនុស្សដ៏មហិមា។ បន្ថែមពីលើសង្គ្រាម និង ពាក្យចចាមអារ៉ាមអំពីសង្គ្រាម មានការកើនឡើងនៃគ្រោះមហន្តរាយ—រួមទាំងទឹកជំនន់ អគ្គីភ័យ រញ្ជួយផែនដី និង ជំងឺរាតត្បាត—ដែលកំពុងប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ទូទាំងពិភពលោក ។
ថ្នាក់ដឹកនាំសាសនាចក្រដឹង ហើយប្រុងប្រយ័ត្នអំពីសុខុមាលភាពកូនចៅរបស់ព្រះគ្រប់ទិសទី ។ ពេលណា និង កន្លែងណាដែលអាច ធនធានសង្គ្រោះបន្ទាន់របស់សាសនាចក្រ ត្រូវបានផ្ដល់ឲ្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ។ ឧទាហរណ៍ កាលពីខែវិច្ឆិកាឆ្នាំមុន ព្យុះទីហ្វុង ហៃយ៉ាន បានបោកបក់មកលើប្រជាជាតិកោះនៃប្រទេសហ្វីលីពីន ។
ព្យុះ ទីហ្វុង ហៃយ៉ាន ដ៏ ធំ ជាងគេ ប្រភេទ 5 បាន បន្សល់ទុក នូវ ការបំផ្លិចបំផ្លាញ និង ការរងទុក្ខ ដ៏ ធំ សម្បើម ។ ទីក្រុងជាច្រើនត្រូវបានបំផ្លាញទាំងស្រុង មនុស្សជាច្រើននាក់បានបាត់បង់ជីវិត ផ្ទះរាប់លានខ្នងបានខូចខាតយ៉ាងដំណំ រឺ ត្រូវបំផ្លាញទាំងស្រុង ប្រព័ន្ធចាំបាច់នានាដូចជា ទឹក លូ និង អគ្គីសនីត្រូវបានផ្ដាច់ ។
ធនធានរបស់សាសនាចក្រត្រូវបានបើកឲ្យប្រើប្រាស់ភ្លាមនៅប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះមហន្តរាយនេះ ។ សមាជិកសាសនាចក្ររស់នៅក្នុងប្រទេសហ្វីលីពីន បានពួតដៃគ្នាជួយសង្គ្រោះបងប្អូនប្រុសស្រីរបស់គេតាមរយៈការផ្ដល់ស្បៀងអាហារ ទឹក សំលៀកបំពាក់ និង កញ្ចប់អនាម័យផ្សេងៗទៀតទៅដល់សមាជិក និង អ្នកមិនមែនជាសមាជិកផងដែរ ។
សាលាប្រជុំរបស់សាសនាចក្របានក្លាយជាកន្លែងជ្រកកោនដល់ជនបាត់បង់ផ្ទះសម្បែងរាប់ពាន់នាក់ ។ ក្រោមការដឹកនាំនៃគណៈប្រធានតំបន់ និង ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន មនុស្សជាច្រើនអ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលពួកគេមាន ការវាយតំលៃត្រូវបានធ្វើឡើងដើម្បីកំណត់ពីស្ថានភាព និង សុវត្ថិភាពនៃសមាជិកទាំងអស់ ។ ផែនការដ៏បំផុសគំនិតផ្សេងៗត្រូវបានបង្កើតឡើងដើម្បីជួយសមាជិកឲ្យមានស្ថានភាពរស់នៅសមរម្យ និង មានភាពខ្លួនទីពឹងខ្លួនឡើងវិញ។
ធនធានសមល្មមត្រូវបានផ្ដល់ដល់សមាជិកសាសនាចក្រដើម្បីសាងសង់ជម្រក និង ផ្ទះពីឈើរបស់ពួកគេ ។ នេះមិនគ្រាន់តែជាអ្វីដែលចែកឲ្យដោយឥតគិតថ្លៃនោះទេ ។ សមាជិកទាំងឡាយទទួលបានការហ្វឹកហ្វឺន ហើយធ្វើការសម្រាប់ខ្លួនគេផ្ទាល់ រួចសម្រាប់អ្នកដទៃ ។
ពរជ័យមួយដែលទទួលបាននោះគឺ នៅពេលសមាជិកបង្កើនជំនាញខាងជាងឈើ ជួសជុលប្រព័ន្ធលូ និង សំណង់ផ្សេងៗ នោះពួកគេអាចរកបានការងារដ៏មានអត្ថន័យនៅទីក្រុង និង សហគមន៍ក្បែរខាងដែលចាប់ផ្ដើមកសាងឡើងវិញ ។
ការខ្វល់ខ្វាយពីជនក្រីក្រ និង អ្នកខ្វះខាតគឺជាមូលដ្ឋាននៃគោលលទ្ធិនៃដំណឹងល្អ និង ជាចំនុចសំខាន់មួយក្នុង ផែនការសង្គ្រោះដ៏អស់កល្បជានិច្ច ។
មុនការបម្រើរបស់ទ្រង់ជាសាច់ឈាម ព្រះយេហូវ៉ាបានប្រកាស តាមរយៈព្យាការីទ្រង់ថា ៖ «ពីព្រោះពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ» ។1
ក្នុងសម័យយើង ការខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាត គឺជាតួនាទីមួយក្នុងចំណោមតួនាទីទាំងបួនដ៏ពិសិដ្ឋដែលបានតែងតាំងដោយព្រះ ដើម្បីជួយបុគ្គលម្នាក់ៗ និង ក្រុមគ្រួសារឲ្យមានភាពសក្ដិសមសម្រាប់ភាពតម្កើងឡើង ។2
ការខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាតសំដៅលើការសង្គ្រោះទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។ វារួមបញ្ចូលទាំងការបម្រើនៃសមាជិកសាសនាចក្រមា្នក់ៗ ពេលគេខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាតដោយខ្លួនគេផ្ទាល់ ក៏ដូចជាកម្មវិធីសុខុមាលភាពជាផ្លូវការរបស់សាសនាចក្រដែលគ្រប់គ្រងដោយសិទ្ធិអំណាចបព្វជិតភាព ។
ចំណុចកណ្ដាលនៃផែនការរបស់ព្រះអម្ចាស់សម្រាប់ជនក្រីក្រ និង អ្នកខ្វះខាតគឺច្បាប់តមអាហារ ។ «ព្រះអម្ចាស់បានបង្កើតច្បាប់តមអាហារ និង ដង្វាយតមអាហារដើម្បីប្រទានពរដល់រាស្ត្រទ្រង់ និង មធ្យោបាយឲ្យគេបម្រើដល់អ្នកខ្វះខាត» ។3
ដោយជាអ្នកដើរតាមព្រះអង្គសង្គ្រោះ យើងមានតួនាទីផ្ទាល់ខ្លួនដើម្បីខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាត ។ សមាជិកសាសនាចក្រស្មោះត្រង់គ្រប់ទីកន្លែងរួមចំណែកដោយការតមអាហារជារៀងរាល់ខែ—ពីចំណីអាហារ និង ទឹក រយៈពេល 24ម៉ោង—ហើយបង់ដង្វាយតមអាហារជាប្រាក់ដល់សាសនាចក្រ ដែលយ៉ាងហោចណាស់ស្មើនឹងតម្លៃអាហារដែលពួកគេធ្លាប់តែបរិភោគ ។
ប្រសាសន៍របស់អេសាយ គួរតែពិចារណាប្រកបដោយការអធិស្ថាន ហើយបង្រៀននៅគ្រប់ផ្ទះ ៖
«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង ?
«តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី» ? 4
បន្ទាប់មក អេសាយ បានបន្តរៀបរាប់ពីពរជ័យដ៏អស្ចារ្យដែលសន្យាដោយព្រះអម្ចាស់ទៅកាន់អ្នកទាំងឡាយណាដែលគោរពតាមច្បាប់តមអាហារ។ ទ្រង់មានបន្ទូលថា ៖
«យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីខាងក្រោយឯង ។
«គ្រានោះ បើឯងអំពាវនាវ ព្រះយេហូវ៉ា ទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានបន្ទូលថា អញនៅឯណេះហើយ ។ …
«ហើយបើឯងផ្តល់សេចក្តីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្តីងងឹតរបស់ឯងនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ ៖
«ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង» ។5
ទាក់ទងនឹងបទគម្ពីរនេះ ប្រធាន ហារ៉ូល ប៊ី លី បានមានប្រសាសន៍ថា ៖ «ពរជ័យយ៉ាងធំធេងដែលមាន [ពីការតមអាហារ] ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងគ្រប់ជំនាន់នៃការត្រួតត្រា នេះហើយព្រះអម្ចាស់កំពុងមានបន្ទូលប្រាប់យើងតាមរយៈព្យាការីដ៏អស្ចារ្យពីមូលហេតុដែលនាំឲ្យមានការតមអាហារ និងពរជ័យដែលមានពីការតមអាហារ ។ បើបងប្អូនវិភាគ ជំពូកទី 58 នៃគម្ពីរអេសាយ បងប្អូននឹងរកឃើញមូលហេតុដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងតមអាហារ ហើយបង់ដង្វាយតមអាហារ ។ ព្រោះបើយើងធ្វើដូច្នេះ នោះយើងអាចស្រែករកទ្រង់ ហើយព្រះអម្ចាស់នឹងឆ្លើយតប ។ យើងអាចស្រែករកទ្រង់ ហើយព្រះអម្ចាស់នឹងមានបន្ទូលថា អញនៅឯណេះហើយ» ។
ប្រធាន លី បន្ថែមថា ៖ «តើយើងធ្លាប់ចង់ស្ថិតក្នុងស្ថានភាពដែលយើងអាចស្រែករកទ្រង់ តែទ្រង់មិនឆ្លើយតបឬទេ ? តើយើងនឹងស្រែករកទ្រង់ក្នុងភាពទុក្ខព្រួយ ហើយទ្រង់មិនគង់នៅជាមួយយើងឬ ? ខ្ញុំគិតថា វាជាពេលដែលយើងគួរគិតពីគោលការណ៍សំខាន់ទាំងនេះព្រោះយើងនឹងជួបប្រទះថ្ងៃទាំងនេះនាពេលខាងមុខ គឺពេលដែលយើងនឹងត្រូវការពរជ័យបន្ថែមពីព្រះអម្ចាស់ ពេលការជំនុំជម្រះបានចាក់បង្ហូរមកដោយគ្មានល្បាយលើទូទាំងផែនដីទាំងមូល» ។6
ប្រធាន ថូម៉ាស អេស ម៉នសុន ជាព្យាការីជាទីស្រឡាញ់របស់យើង បានចែកចាយទីបន្ទាល់អំពីគោលការណ៍ទាំងនេះ—ដែលជាទីបន្ទាល់មួយកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួនលោក ។ លោកបានថ្លែងថា ៖ «គ្មានសមាជិកណាម្នាក់នៃសាសនាចក្រ ដែលបានជួយផ្គត់ផ្គង់ដល់អស់អ្នកដែលទ័លក្រហើយ បំភ្លេច ឬ សោកស្តាយពីបទពិសោធន៍នេះឡើយ ។ ភាពឧស្សាហ៍ព្យាយាម ការសន្សំសំចៃ ខ្លួនទីពឹងខ្លួន និង ចែករំលែកជាមួយមនុស្សដទៃ មិនមែនជាអ្វីប្លែកសម្រាប់យើងនោះទេ ។7
បងប្អូនប្រុសអើយ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាអ្នកធ្វើសេចក្ដីសញ្ញា និងជាអ្នករក្សាបទបញ្ញត្តិ ។ ខ្ញុំមិនអាចគិតឃើញពីច្បាប់ ឬបទបញ្ញត្តិណាមួយ ដែលបើយើងគោរពដោយស្មោះត្រង់ គឺមានភាពងាយស្រួលជាងក្នុងការគោរព និង ដែលផ្ដល់ពរជ័យច្រើនជាងច្បាប់តមអាហារនោះទេ ។ ពេលយើងតមអាហារ ហើយបង់ដង្វាយតមអាហារដោយស្មោះត្រង់ យើងបរិច្ចាកទៅឃ្លាំងរបស់ព្រះអម្ចាស់ នូវតម្លៃនៃអាហារ ។ វាមិនតម្រូវឲ្យមានការលះបង់ប្រាក់លើសពីអ្វីដែលធ្លាប់ចំណាយក្នុងពេលធម្មតានោះទេ ។ ក្នុងពេលតែមួយ យើងត្រូវបានសន្យានូវពរជ័យដ៏អស្ចារ្យ ដូចបានលើកឡើងមុននេះបន្តិច ។
ច្បាប់តមអាហារអនុវត្តចំពោះសមាជិកសាសនាចក្រគ្រប់រូប ។ សូម្បីកុមារតូចៗ ក៏អាចត្រូវបានបង្រៀនពីការតមអាហារដែរ ចាប់ផ្ដើមជាមួយអាហារមួយពេល រួចមកពីរពេល ដរាបពួកគេអាចយល់ ហើយមានកាយសមប្បទារឹងមាំដើម្បីរក្សាច្បាប់តមអាហារនេះ ។ ស្វាមី និង ភរិយា សមាជិកនៅលីវ យុវវ័យ និង កុមារ គួរតែចាប់ផ្ដើមការតមអាហារដោយការអធិស្ថាន ដោយការដឹងគុណសម្រាប់ពរជ័យក្នុងជីវិតពួកគេ ខណៈពេលដែលស្វែងរកពរជ័យ និងកម្លាំងពីព្រះអម្ចាស់អំឡុងពេលតមអាហារ ។ ការបំពេញច្បាប់តមអាហារយ៉ាងពេញលេញ កើតឡើងពេលដង្វាយតមអាហារត្រូវបានបង់ទៅឲ្យអ្នកតំណាងរបស់ព្រះអម្ចាស់ គឺប៊ីស្សព ។
ប៊ីស្សព ចាត់ចែងកម្មវិធីសុខុមាលភាពនៅក្នុងវួដ ។ បងប្អូនមានតួនាទីដ៏ពិសិដ្ឋដើម្បីស្វែងរក ហើយខ្វាយខ្វល់ពីជនក្រីក្រ ។ ដោយមានការគាំទ្រពីប្រធានសមាគមន៍សង្គ្រោះ និង ថ្នាក់ដឹកនាំកូរ៉ុមបព្វជិតភាពមិលគីស្សាដែក គោលដៅបងប្អូនគឺត្រូវជួយសមាជិកឲ្យចេះជួយខ្លួនឯង ក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ បងប្អូនបម្រើដល់សេចក្ដីត្រូវការខាងសាច់ឈាម និង ខាងវិញ្ញាណនៃសមាជិកដោយប្រើប្រាស់ដង្វាយតមអាហារយ៉ាងប្រុងប្រយ័ត្ន ទុកជាការផ្គត់ផ្គង់បណ្ដោះអាសន្ន ដើម្បីពង្រីកធនធានក្រុមគ្រួសារ និង សហគមន៍ ។ ពេលបងប្អូនប្រើកូនសោបព្វជិតភាពប្រកបដោយការអធិស្ថាន ហើយមានការវិនិច្ឆ័យល្អក្នុងការជួយដល់ជនក្រីក្រ និង អ្នកខ្វះខាត បងប្អូននឹងដឹងថា ការប្រើប្រាស់ដង្វាយតមអាហារដ៏ត្រឹមត្រូវគឺសម្រាប់ទ្រទ្រង់ជីវិត តែមិនមែនទ្រទ្រង់របៀបរស់នៅទេ ។
ប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុនអើយ ប្អូនកាន់កូនសោរ ហើយមានអំណាចចាត់ចែងពិធីបរិសុទ្ធខាងក្រៅបាន ។ ប្អូនត្រូវធ្វើការជាមួយប៊ីស្សព ហើយបង្រៀនសមាជិកកូរ៉ុមអំពីករណីយកិច្ចខ្លួនចំពោះបព្វជិតភាព ហើយឲ្យស្វែងរកសមាជិកសាសនាចក្រដើម្បីផ្ដល់ឱកាសដល់គេរួមចំណែកបរិច្ចាកដល់ការតមអាហារ ។ ពេលអ្នកកាន់បព្វជិតភាពអើរ៉ុនតម្កើងទំនួលខុសត្រូវបព្វជិតភាពខ្លួន ហើយផ្ដល់ឱកាសនេះដល់សមាជិកសាសនាចក្រទាំងអស់ នោះជាញឹកញាប់ពួកគេជួយឲ្យពរជ័យនៃការតមអាហារដែលបានសន្យាកើតមានដល់ជនទាំងអស់ណាដែលត្រូវការពរជ័យនោះជាចាំបាច់បំផុត ។ ប្អូននឹងធ្វើជាសាក្សីថា ស្មារតីនៃការខ្វាយខ្វល់ដល់ជនក្រីក្រ និង អ្នកខ្វះខាត មានអំណាចក្នុងការបន្ទន់ចិត្តរឹងទទឹង ហើយប្រទានពរដល់ជីវិតអ្នកដែលពុំសូវសកម្មក្នុងព្រះវិហារ ។
ប្រធាន ម៉នសុន បានមានប្រសាសន៍ថា «ប៊ីស្សពដែលរៀបចំកូរ៉ុមបព្វជិតភាពអើរ៉ុនរបស់លោកឲ្យរួមចំណែកក្នុងការប្រមូលដង្វាយតមអាហារ នឹងរកឃើញភាពជោគជ័យក្នុងតួនាទីដ៏ពិសិដ្ឋនេះ» ។8
ប៊ីស្សព សូមចាំថាកាលៈទេសៈខុសគ្នាពីតំបន់មួយទៅតំបន់មួយ និង ពីប្រទេសមួយទៅប្រទេសមួយ ។ ការទំនាក់ទំនងពីទ្វារមួយទៅទ្វារមួយដោយសមាជិកកូរ៉ុមបព្វជិតភាពអើរ៉ុន អាចនឹងមិនអាចប្រព្រឹត្តទៅបានក្នុងតំបន់ដែលអ្នករស់នៅឡើយ ។ យ៉ាងណាក៏ដោយ យើងអញ្ជើញប៊ីស្សពឲ្យពិចារណាពីដំបូន្មានព្យាការីដោយការអធិស្ថាន ហើយស្វែងរកការបំផុសគំនិតសមស្រប ដែលអ្នកកាន់បព្វជិតភាពអើរ៉ុនក្នុងវួដប៊ីស្សពអាចតម្កើងបព្វជិតភាពរបស់ពួកគេបានតាមរយៈការរួមចំណែកក្នុងការប្រមូលដង្វាយតមអាហារ ។
ក្នុងជំពូកទី 27 នៃនីហ្វៃទី 3ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ មានបន្ទូលសួរថា «តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ» ? ទ្រង់បានឆ្លើយថា «ត្រូវឲ្យបានដូចជាយើង» ។9 ពេលយើងលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ និង ព្យាយាមដើរតាមទ្រង់ នោះយើងនឹងទទួលបានព្រះភ័ក្ត្រទ្រង់នៅក្នុងទឹកមុខរបស់យើង ហើយប្រែក្លាយដូចជាទ្រង់ ។ ការខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាត គឺជាផ្នែកមួយក្នុងការបម្រើរបស់ព្រះអង្គសង្គ្រោះ ។ វាស្ដែងចេញក្នុងអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ ។ ទ្រង់លាតព្រះហស្តមកលើកយើងទាំងអស់គ្នាឡើង ។ នឹមទ្រង់ងាយ ហើយបន្ទុកទ្រង់ស្រាល ។ ខ្ញុំសូមអញ្ជើញយើងម្នាក់ៗឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះ តាមរយៈការខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាត ដោយការរក្សាច្បាប់តមអាហារដោយស្មោះត្រង់ ហើយដោយការបរិច្ចាគដង្វាយតមអាហារដ៏សប្បុរស ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយចិត្តរាបទាបថា ការខ្វាយខ្វល់ពីជនក្រីក្រ និង អ្នកខ្វះខាតគឺជាការឆ្លុះបញ្ចាំងពីភាពចាស់ទុំខាងវិញ្ញាណ ហើយនឹងប្រទានពរដល់ទាំងអ្នកផ្ដល់ និង អ្នកទទួល ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។