កិច្ចការបម្រើផ្ទាល់ខ្លួនរបស់យើង
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទត្រូវតែជាសេចក្តីណែនាំដល់យើង ប្រសិនបើយើងដឹងពីតម្រូវការរបស់អស់អ្នកណា ដែលត្រូវការជំនួយយើងតាមវិធីណាមួយ។
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងត្រូវបានផ្តល់ឲ្យនូវឱកាស និងពរជ័យផ្ទាល់ខ្លួនដើម្បីបម្រើ។ ដរាបណាខ្ញុំជាសមាជិក ខ្ញុំបានបម្រើតាមវិធីជាច្រើន ។ ដូចជាបងប្រុស អ៊ូឌីន ហ្វេឡាបេលឡា ដែលជាឪពុករបស់អែលឌើរ អុនរហ្គ អរ. ហ្វេឡាបេលឡា ធ្លាប់មានប្រសាសន៍ថា៖ «អស់អ្នកណាដែលធ្វើការបម្រើដល់អ្វីមួយ នឹងប៉ិនប្រសប់ចំពោះការណ៍នោះ រីឯអ្នកដែលមិនបម្រើដល់អ្វីទាល់តែសោះ នោះគ្មានប្រយោជន៍សោះឡើយ»។ ពាក្យសំដីទាំងនេះគឺជាអ្វី ដែលយើងត្រូវតែរក្សាទុកនៅក្នុងគំនិត និងដួងចិត្តរបស់យើង។
ខណៈពេលនៃការស្វែងរកសេចក្តីណែនាំអំឡុងពេលបម្រើ ខ្ញុំបានរកឃើញនូវការលួងលោម ដែលចងចាំថា ព្រះអង្គសង្គ្រោះ ផ្តោតព្រះហឬទ័យទៅលើបុគ្គលម្នាក់ៗ និងជាគ្រួសារ។ សេចក្តីស្រឡាញ់ និងសតិការដ៏ទន់ភ្លន់របស់ទ្រង់ចំពោះបុគ្គលម្នាក់ៗ បានបង្រៀនខ្ញុំថា ទ្រង់ស្គាល់ពីតម្លៃដ៏អស្ចារ្យនៃបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ម្នាក់ៗ ហើយថា វាចាំបាច់សម្រាប់យើង ដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលម្នាក់ៗត្រូវបានទទួលការបម្រើ និងការពង្រឹងដោយដំណឹងល្អនៃព្រះយស៊ូវគ្រីស្ទ។
នៅក្នុងព្រះគម្ពីរបានចែងថា៖
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ។ ...
« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិត អ្នក ហើយគ្រាន់តែនាំព្រលឹងមួយគត់ មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះ នៅក្នុងនគរនៃព្រះវរបិតារបស់យើង ! »1
ព្រលឹងម្នាក់ៗគឺមានតម្លៃមហិមាចំពោះព្រះ ត្បិតយើងជាបុត្រាបុត្រីរបស់ទ្រង់ ហើយយើងមានលទ្ធភាពដើម្បីប្រែក្លាយដូចជាទ្រង់។2
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទត្រូវតែជាសេចក្តីណែនាំដល់យើង ប្រសិនបើយើងដឹងពីតម្រូវការរបស់អស់អ្នកណា ដែលត្រូវការជំនួយយើងតាមវិធីណាមួយ។ ការបង្រៀនរបស់ព្រះអម្ចាស់នៃព្រះយេស៊ូវគ្រីស្ទរបស់យើង បង្ហាញយើងពីផ្លូវនេះ។ ហេតុដូច្នេះហើយ ការបម្រើផ្ទាល់ខ្លួនយើងក៏ចាប់ផ្តើម៖ ស្វែងយល់ពីសេចក្តីត្រូវការ បន្ទាប់មកប្រញាប់ប្រញាល់ចេញធ្វើការនោះចុះ ។ ដូចជាស៊ីស្ទើរ លីនដា ឃេ បឺតុន ជាប្រធានសមាគមសង្រ្គោះទូទៅមានប្រសាសន៍ថា៖ «តំបូងសង្កេត បន្ទាប់មកបម្រើ»។3
ប្រធាន ថូម៉ាស់ អេស. ម៉នសុន គឺជាគំរូដ៏អស្ចារ្យមួយពីគោលការណ៍នេះ។ នៅខែមករា ឆ្នាំ 2005 លោកបានធ្វើជាអធិបតីលើសន្និសីទថ្នាក់ដឹកនាំបព្វជិតភាពនៅ ព័រតូ រីកូ នៅពេលលោកបានបង្ហាញអំពីរបៀបដែលព្រះអង្គសង្រ្គោះ និងពួកអ្នកបម្រើទ្រង់បង្ហាញការបម្រើតាមរយៈការបម្រើផ្ទាល់ខ្លួន។ នៅចុងបញ្ចប់នៃការប្រជុំដ៏អស្ចារ្យនោះ ប្រធាន ម៉នសុន បានចាប់ផ្តើមចេញទៅស្វាមគមន៍ដល់ថ្នាក់ដឹកនាំបព្វជិតភាពដែលបានចូលរួមទាំងអស់។ រំពេចនោះ លោកបានសង្កេតឃើញថា មានបុរសម្នាក់ក្នុងចំណោមនោះ ដែលសម្លឹកមើលអ្វីៗទាំងអស់ពីចម្ងាយតែម្នាក់ឯង។
ប្រធានម៉នសុន បានដើរចេញពីហ្វូងមនុស្ស សំដៅទៅបងប្រុសរូបនោះ ហើយបាននិយាយនឹងគាត់។ ដោយអារម្មណ៍ក្តុកក្តួល ហូសេ អរ. ស្សាយ៉ាស បានជម្រាបទៅលោកថា វាគឺជាអព្ភូតហេតុដែលលោកអញ្ជើញមកជួបគាត់ ហើយឆ្លើយតបនឹងការអធិស្ឋានដែលគាត់ និងភរិយាលោក អ្នកស្រី យ៉ូឡាន់ដា បានធ្វើពីមុនការប្រជុំចាប់ផ្តើម។ គាត់បានជម្រាបទៅប្រធានម៉នសុនថា កូនស្រីគាត់បានកំពុងតែឈឺធ្ងន់ ហើយថាគាត់មានលិខិតមួយច្បាប់ពីភរិយាគាត់ ដែលចង់ប្រគល់ទៅឲ្យប្រធានម៉នសុន។ បងប្រុស ហ្សាយ៉ាស បានប្រាប់ទៅភរិយាគាត់ថា គាត់មិនអាចធ្វើបានទេ ដោយសារប្រធានម៉នសុន នឹងរវល់ណាស់។ ប្រធានម៉នសុន បានស្តាប់ពីសាច់រឿងនេះ ហើយបានសុំសំបុត្រនោះមក ហើយអានដោយស្ងាត់ៗ។ បន្ទាប់មក គាត់បានទុកសំបុត្រនោះក្នុងហោប៉ៅអាវរបស់គាត់ ហើយបានជម្រាបទៅបងប្រុស ស្សាយ៉ាស ថា លោកនឹងធ្វើតាមសំណើររបស់ពួកគាត់។
តាមរបៀបនេះ ក្រុមគ្រួសារមួយនោះ ត្រូវបានប៉ះដោយព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទរបស់យើង តាមរយៈអ្នកបម្រើទ្រង់។ ខ្ញុំជឿលើព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះនៅក្នុងរឿងប្រៀបធៀបរបស់សាសន៍សាម៉ារីដ៏សប្បុរស អនុវត្តចំពោះយើងថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។4
នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 1998 ខ្យល់ព្យុះកំបុតត្បួង ចចស៍ បានបោកបក់ទៅលើព័តតូ រីកូ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ។ ស៊ីស្ទើរ ម៉ាទីណេ កូនទាំងប្រាំនាក់របស់យើង និងខ្ញុំអាចនៅមានជីវិតរស់រួចផុតព្យុះដ៏ធំនោះ និងកម្លាំងរបស់ខ្យល់ព្យុះកំបុតត្បូងនេះ ដោយការស្នាក់នៅក្នុងផ្ទះយើង។ ទោះជាយ៉ាងណាក្តី យើងបានរស់នៅអស់ពីរសប្តាហ៍ដោយគ្មានទឹកស្អាត និងចរន្តអគ្គីសនី។
នៅពេលដែលទឹកស្អាតដែលផ្គត់ផ្គង់ទុករបស់យើងអស់ទៅ ការទៅរកទឹកមកទៀតគឺលំបាកណាស់។ ខ្ញុំនឹងមិនបំភ្លេចបងប្អូនប្រុសដែលបានបម្រើដល់យើង ដោយការផ្តល់ទឹកដ៏មានតម្លៃនោះ ហើយក៏មិនបំភ្លេចនូវសេចក្តីស្រឡាញ់ ដែលបងប្អូនស្រ្តីបានបម្រើដល់យើងដែរ ។
លោក ហើរម៉ែន ខូលុន បានមកផ្ទះយើង យកធុងទឹកជ័រយ៉ាងធំដាក់នៅក្នុងឡានដឹកឥវ៉ាន់។ គាត់បានប្រាប់យើង ជាពាក្យសំដីគាត់ផ្ទាល់ថា មូលហេតុដែលគាត់ជួយយើងពីព្រោះ «ខ្ញុំដឹងថា បងប្រុសមានកូនតូចៗដែលត្រូវការទឹកស្អាត»។ ពីរបីថ្ងៃក្រោយមក បងប្រុសណូអែល ម៉ូណូស្ស និង ហឺម៉ីណូ ហ្គូមីស្ស ដាក់ទឹកបីធុងធំៗចូលក្នុងឡានដាក់ឥវ៉ាន់របស់យើង។ ពួកគាត់បានមកផ្ទះយើងដោយពុំបានដឹងមុន ហើយបំពេញទឹកស្អាតចូលដបទឹកដែលទទេរទាំងអស់ ហើយក៏បានអញ្ជើញពួកអ្នកជិតខាងយើងឲ្យយកទឹកនោះដែរ។
ការអធិស្ឋានរបស់យើង បានត្រូវឆ្លើយតប តាមរយៈការបម្រើផ្ទាល់ខ្លួនរបស់ពួកគាត់។ ទឹកមុខបងប្អូនប្រុសទាំងបីរូបនេះ បានសំដែងនូវសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើង និងការបម្រើរបស់ពួកគាត់—គឺមានន័យថា ការបម្រើផ្ទាល់ខ្លួនរបស់គាត់—ដែលនាំមកឲ្យជីវិតយើងលើសពីទឹកស្អាតទៅទៀត។ ចំពោះបុត្រាបុត្រីគ្រប់រូបរបស់ព្រះ ការដឹងថា មានមនុស្សចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់គឺចាំបាច់ណាស់។
ខ្ញុំសូមថ្លែងទីបន្ទាល់ចំពោះអ្នកថា ព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើង ស្គាល់យើងម្នាក់ៗដោយផ្ទាល់ និងឯកជន។ ដោយសារតែមូលហេតុនោះហើយ ទ្រង់បានប្រទានដល់យើងនូវអ្វីដែលយើងត្រូវការ ដើម្បីឲ្យយើងមានឱកាសចាប់យកសក្តានុពលដ៏ទេវភាពរបស់យើង។ នៅតាមផ្លូវ ទ្រង់បានដាក់មនុស្សដែលនឹងជួយយើង ។ បន្ទាប់មក នៅពេលយើងធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ នោះយើងអាចបម្រើ និងជួយដល់អ្នកទាំងឡាយណាដែលទ្រង់បង្ហាញដល់យើង តាមរយៈវិវរណៈ។
តាមវិធីនេះ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នឹងបានជួយទៅដល់កូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់។ អ្នកគង្វាលល្អនឹងប្រមូលហ្វូងចៀមរបស់ទ្រង់។ ទ្រង់នឹងធ្វើដូច្នេះចំពោះកូនចៀមរបស់ទ្រង់ ម្នាក់ម្តងៗ កាលណាពួកគេប្រើប្រាស់សេរីភាពខាងសីលធម៌របស់ពួកគេបានល្អ—បន្ទាប់ពីបានឮសំឡេងនៃពួកអ្នកបម្រើរបស់ទ្រង់ និងទទួលការបម្រើរបស់ពួកលោក។ បន្ទាប់មក ពួកគេនឹងស្គាល់សំឡេងទ្រង់ ហើយពួកគេនឹងធ្វើតាមទ្រង់។ ការបម្រើផ្ទាល់ខ្លួនបែបនោះ គឺរួមបញ្ចូលទាំងការរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង។
ដូចគ្នានោះផងដែរ ការធ្វើជាគំរូល្អជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីផ្តើមនៃលិខិតដ៏ល្អបំផុតរបស់យើង ចំពោះអ្នកទាំងឡាយណាដែលយើងអាចចែកចាយដំណឹងល្អជាមួយបាន។ នៅពេលយើងបើកមាត់យើង ហើយចែកចាយដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ យើងក្លាយជា «កូនចៀមក្រោមការថែទាំរបស់ទ្រង់ ទទួលខុសត្រូវចិញ្ចឹមបីបាច់ចៀមក្នុងក្រោល និងកូនចៀមក្នុងហ្វូងរបស់ទ្រង់»5 យើងក្លាយជា «ពួកកំសោយ និងពួករាបទាប»6 «អ្នកនេសាទមនុស្ស»។7
ការបម្រើរបស់យើង និងកិច្ចការបម្រើផ្ទាល់ខ្លួនរបស់យើង គឺពុំមានព្រំដែនកំណត់ចំពោះជីវិតដែលនៅលើផែនដីនេះទេ។ យើងក៏អាចធ្វើកិច្ចការសម្រាប់អ្នកដែលស្លាប់—ចំពោះអ្នកដែលរស់នៅក្នុងពិភពវិញ្ញាណ ហើយចំពោះអ្នកដែលពុំមានឱកាសនៅក្នុងជីវិតរមែងស្លាប់នេះ ដើម្បីទទួលពិធីបរិសុទ្ធស្រោចស្រង់សង្រ្គោះនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។ យើងក៏អាចរក្សាសៀវភៅកំណត់ហេតុ និងសរសេរពង្សប្រវត្តិគ្រួសារយើង ដើម្បីបង្វែរចិត្តនៃជនដែលរស់នៅ ទៅជនដែលរស់នៅ—ក៏ដូចជា ដួងចិត្តនៃជនដែលរស់នៅចំពោះបព្វការីជនរបស់ពួកគេដែរ។ អ្វីៗទាំងអស់គឺដើម្បីភ្ជាប់គ្រួសារយើង តាមជំនាន់ដែលជាចំណងដ៏អស់កល្បជានិច្ច។ ពេលយើងធ្វើដូច្នោះ យើងក្លាយជា «បានសង្រ្គោះឡើងមកឯភ្នំស៊ីយ៉ូន»។8
យើងមានឱកាសពិសេសដើម្បីធ្វើជាឧបករណ៍នៅក្នុងព្រះហស្ថរបស់ទ្រង់។ យើងក៏អាចធ្វើបែបនោះក្នុងអាពាហ៍ពិពាហ៍យើង ក្នុងគ្រួសារយើង ជាមួយមិត្តភក្តិយើង និងបងប្អូនយើង។ នោះហើយគឺជាការបម្រើផ្ទាល់ខ្លួនយើង ក្នុងនាមជាសិស្សពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ។
«រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នានៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ៖
«រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។
«នោះលោកដ៏ជាស្តេចនឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើង បានប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុក សម្រាប់អ្នករាល់គ្នា តាំងពីកំណើតលោកិយមក៖
«ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ៖ យើងបានស្រែក ហើយអ្នករាល់គ្នាបានឲ្យផឹក៖ យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង៖
«យើងនៅអាក្រាតហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង៖ យើងបានឈឺហើយអ្នករាល់គ្នាបានមកសួរយើង៖ ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើ។
«នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សើយពីកាលណា?
«តើយើងខ្ញុំ បានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា? ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា?
«តើយើងខ្ញុំបានឃើញទ្រង់ឈឺឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា?
«ហើយនោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការណ័ទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ»។9
ខ្ញុំសូមអធិស្ឋានថា យើងបានធ្វើដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។