បព្វជិតភាពដែលរៀបចំខ្លួន
ក្នុងការរៀបចំខ្លួនខាងបព្វជិតភាព «ការធ្វើជាគំរូ»គឺសំខាន់ជាង «ការបង្រៀន»។
ខ្ញុំមានអំណរណាស់ដែលបានមករួមគ្នានឹងពួកកាន់បព្វជិតភាពនៃព្រះនៅជុំវិញពិភពលោក។ ខ្ញុំសូមអរគុណចំពោះសេចក្ដីជំនឿ ការបម្រើ និងការអធិស្ឋានរបស់បងប្អូន។
សារលិខិតខ្ញុំនារាត្រីនេះ ស្ដីពីបព្វជិភាពអើរ៉ុន។ វាក៏មានសម្រាប់យើងរាល់គ្នា ជាអ្នកដែលបានយល់ដឹងពីការសន្យារបស់ព្រះចំពោះអ្នកដែលកាន់នូវអ្វីដែលបានរៀបរាប់ក្នុងព្រះគម្ពីរថាជា «បព្វជិតភាពតូចជាង» នោះ។1 វាក៏ត្រូវបានហៅថាជាបព្វជិតភាពរៀបចំខ្លួនដែរ។ ខ្ញុំនឹងនិយាយនារាត្រីនេះពីការរៀបចំខ្លួនដ៏រុងរឿងនោះ។
ផែនការរបស់ព្រះអម្ចាស់សម្រាប់កិច្ចការទ្រង់ត្រូវបានបំពេញដោយការរៀបចំខ្លួន។ ទ្រង់បានរៀបចំផែនដីនេះសម្រាប់យើង ដើម្បីមានការសាកល្បង និងរៀនពីឱកាសក្នុងជីវិតនេះ។ កាលយើងនៅទីនេះ យើងកំពុងស្ថិតក្នុងស្ថានភាពមួយដែលព្រះគម្ពីរហៅថា «ស្ថានភាពពិសោធន៍»។2
ព្យាការី អាលម៉ា បានរៀបរាប់ពីសារៈសំខាន់នៃការរៀបចំខ្លួននោះសម្រាប់ជីវិតអស់កល្ប ពេលយើងអាចរស់នៅជារៀងរហូតជាក្រុមគ្រួសារជាមួយនឹងព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ។
លោកបានពន្យល់ពីសេចក្ដីត្រូវការចំពោះការរៀបចំខ្លួនបែបនេះថា៖ «ហើយយើងឃើញថា សេចក្ដីស្លាប់កើតមានឡើងដល់មនុស្សលោក មែនហើយ សេចក្ដីស្លាប់ដែលអាមូលេកបាននិយាយនោះ ហើយដែលជាសេចក្ដីស្លាប់ខាងសាច់ឈាម ទោះជាយ៉ាងណាក៏ដោយ គង់តែមានរយៈពេលមួយទុកសម្រាប់ឲ្យមនុស្សប្រែចិត្តដែរ ហេតុដូច្នេះហើយ ជីវិតនេះក្លាយទៅជាស្ថានភាពពិសោធន៍មួយ គឺជាពេលវេលាសម្រាប់ប្រុងប្រៀបទៅជួបព្រះ ជាពេលវេលាសម្រាប់ប្រុងប្រៀបទៅកាន់ស្ថានភាពដ៏មិនចេះចប់មិនចេះហើយ ដែលយើងបាននិយាយ គឺបន្ទាប់ពីដំណើររស់ឡើងវិញដល់មនុស្សស្លាប់»។3
ដូចជាពេលដែលយើងត្រូវបានប្រទានឲ្យរស់នៅក្នុងជីវិតនេះដែរ គឺដើម្បីជួបព្រះ ពេលដែលយើងត្រូវបានប្រទានឲ្យមកបម្រើក្នុងបព្វជិតភាពអើរ៉ុនគឺជាឱកាសមួយសំរាប់រៀបចំខ្លួនយើងដើម្បីរៀនពីរបៀបផ្ដល់ជំនួយយ៉ាងសំខាន់ដល់អ្នកដទៃ។ ដូចជាព្រះអម្ចាស់បានប្រទានជំនួយដែលយើងត្រូវការដើម្បីយកឈ្នះការសាកល្បងក្នុងជីវិតនេះដែរ ទ្រង់ក៏នឹងបញ្ជូនជំនួយដល់យើងក្នុងការរៀបចំបព្វជិតភាពយើងដូចគ្នា។
សារលិខិតខ្ញុំគឺសម្រាប់អ្នកដែលព្រះអម្ចាស់បញ្ជូនឲ្យមកជួយរៀបចំអ្នកកាន់បព្វជិតភាពអើរ៉ុនឲ្យបានច្រើន តាមលទ្ធភាពដល់អ្នកកាន់បព្វជិតភាពអើរ៉ុន។ ខ្ញុំសូមនិយាយទៅកាន់ឪពុកទាំងឡាយ។ ខ្ញុំសូមនិយាយទៅកាន់ប៊ីស្សពទាំងឡាយ។ ខ្ញុំសូមនិយាយទៅកាន់អស់អ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដែលត្រូវបានទុកចិត្តឲ្យធ្វើជាដៃគូ និងជាគ្រូបង្រៀនរបស់យុវជនដែលស្ថិតក្នុងការរៀបចំបព្វជិតភាព។
ខ្ញុំនិយាយដោយការសរសើរ និង អំណរគុណចំពោះបងប្អូនរាល់គ្នាជាច្រើននៅជុំវិញពិភពលោក។
ខ្ញុំនឹងមិនអស់ចិត្ត បើខ្ញុំមិនបាននិយាយពីប្រធានសាខា និង ប៊ីស្សពរបស់ខ្ញុំ កាលពីខ្ញុំនៅក្មេងនោះ។ ខ្ញុំក្លាយជាឌីកុននៅអាយុ 12 ឆ្នាំ ក្នុងសាខាតូចមួយនៅប៉ែកខាងកើតនៃសហរដ្ឋអាមេរិក។ សាខានោះតូចណាស់ ដោយមានតែខ្ញុំ និង បងប្រុសខ្ញុំប៉ុណ្ណោះដែលជាអ្នកកាន់បព្វជិតភាពអើរ៉ុន រហូតដល់ឪពុកខ្ញុំ ដែលជាប្រធានសាខានោះ បានអញ្ជើញបុរសវ័យកណ្ដាល់ម្នាក់ឲ្យចូលរួមក្នុងសាសនាចក្រ។
អ្នកប្រែចិត្តជឿថ្មីម្នាក់នោះបានទទួលបព្វជិតភាពអើរ៉ុន ហើយបានហៅឲ្យមើលថែដល់អ្នកកាន់បព្វជិភាពអើរ៉ុន។ ខ្ញុំនៅចាំពីរឿងនោះយ៉ាងច្បាស់ដូចបានកើតឡើងកាលពីម្សិលមិញ ។ ខ្ញុំនៅចាំពីស្លឹកឈើជ្រុះដ៏ស្រស់ស្អាត កាលអ្នកប្រែចិត្តជឿថ្មីនោះបានធ្វើដំណើរជាមួយខ្ញុំ និងបងប្រុសខ្ញុំទៅធ្វើកិច្ចការមួយឲ្យស្ត្រីមេម៉ាយម្នាក់។ ខ្ញុំមិនចាំពីគម្រោងនោះទេ ប៉ុន្តែនៅចាំពីអារម្មណ៍ដែលអំណាចបព្វជិតភាពបានកើតមានក្នុងការធ្វើអ្វីដែលខ្ញុំបានរៀននៅពេលក្រោយមក ជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា យើងទាំងអស់គ្នាត្រូវធ្វើដើម្បីឲ្យបានអត់ទោសដល់អំពើបាបយើង និងដើម្បីរៀបចំខ្លួនជួបនឹងទ្រង់។
ឥឡូវពេលខ្ញុំគិតរឿងនោះឡើងវិញ ខ្ញុំមានអំណរគុណចំពោះប្រធានសាខាដែលបានហៅអ្នកប្រែចិត្តជឿថ្មីម្នាក់ ឲ្យជួយព្រះអម្ចាស់រៀបចំក្មេងប្រុសពីរនាក់ ដែលនឹងក្លាយជាប៊ីស្សពនៅថ្ងៃមួយ ដែលបានមើលថែដល់ជនក្រីក្រ និង ជនខ្វះខាត ហើយក៏ធ្វើជាអធិបតីលើបព្វជិតភាពដែលរៀបចំ។
ខ្ញុំនៅជាឌីកុន ពេលគ្រួសារយើងបានផ្លាស់ទៅវួដធំមួយនៅរដ្ឋយូថាហ៍។ វាជាលើកទីមួយ ដែលខ្ញុំមានអារម្មណ៍ពីអំណាចនៃកូរ៉ុមដ៏ពេញក្នុងបព្វជិតភាពអើរ៉ុន។ តាមពិត វាគឺជាលើកដំបូងដែលខ្ញុំបានឃើញ ។ ហើយក្រោយមកទៀត វាជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ពីអំណាច និងពរជ័យពីប៊ីស្សពដែលធ្វើជាអធិបតីក្នុងសង្ឃកូរ៉ុម ។
ប៊ីស្សពនោះបានហៅខ្ញុំឲ្យធ្វើជាជំនួយការទីមួយរបស់គាត់ក្នុងសង្ឃកូរ៉ុម ។ ខ្ញុំចាំថា គាត់បានបង្រៀនកូរ៉ុមនោះដោយខ្លួនឯង---គាត់មានភាពមមាញឹកណាស់ ហើយគាត់អាចហៅបុរសដ៏មានទេពកោសល្យដទៃទៀតឲ្យបង្រៀនយើងបាន។ គាត់បានរៀបកៅអីក្នុងថ្នាក់ជារង្វង់។ គាត់បានឲ្យខ្ញុំអង្គុយនៅខាងស្ដាំដៃគាត់។
ពេលគាត់បង្រៀន ខ្ញុំអាចមើលឃើញពីលើស្មាគាត់។ ម្ដងម្កាលគាត់មើលទៅការកត់ចំណាំខ្លីៗដែលគាត់បានសរសេរដាក់ក្នុងសៀវភៅតូចមួយដោយប្រុងប្រយ័ត្ន ដែលគាត់បានដាក់វានៅលើភ្លៅម្ខាង ហើយម្ខាងទៀតដាក់ព្រះគម្ពីរចាស់មួយដែលការគូសចំណាំជាស្រេច។ ខ្ញុំនៅចាំពីចិត្តរំភើប កាលគាត់និទានរឿងរបស់គាត់ពីភាពក្លាហាននៅក្នុងគម្ពីរដានីយ៉ែល និងទីបន្ទាល់គាត់ពីព្រះអង្គសង្គ្រោះ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំនៅចាំជានិច្ចពីរបៀបដែលព្រះអម្ចាស់បានហៅដៃគូយ៉ាងប្រុងប្រយ័ត្នសម្រាប់ពួកអ្នកកាន់បព្វជិតភាពរបស់ទ្រង់ក្នុងការរៀបចំខ្លួន។
ប៊ីស្សពខ្ញុំមានទីប្រឹក្សាដ៏ពូកែ ប៉ុន្តែនៅពេលនោះខ្ញុំមិនបានយល់អ្វីសោះឡើយ គាត់បានទូរស័ព្ទទៅផ្ទះខ្ញុំជាច្រើនដង ហើយពោលថា «ហល ពូត្រូវការឲ្យប្អូនធ្វើជាដៃគូពូចេញទៅធ្វើការសួរសុខទុក្ខមួយចំនួន»។ មានគ្រាមួយ គាត់បាននាំខ្ញុំទៅផ្ទះស្ត្រីមេម៉ាយម្នាក់ដែលរស់នៅតែម្នាក់ឯង ហើយគ្មានអាហារក្នុងផ្ទះសោះ។ តាមផ្លូវត្រឡប់មកផ្ទះវិញ គាត់បានឈប់ឡាន ហើយបើកព្រះគម្ពីរគាត់ ហើយប្រាប់ខ្ញុំពីហេតុផលដែលគាត់ប្រព្រឹត្តចំពោះស្ត្រីមេម៉ាយនោះ ហាក់ដូចជានាងមានអំណាចមិនគ្រាន់តែអាចមើលថែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយអ្នកដទៃនៅថ្ងៃណាមួយ។
ការសួរសុខទុក្ខមួយទៀត គឺទៅជួបនឹងបុរសម្នាក់ដែលបានឃ្លាតឆ្ងាយពីសាសនាចក្រយ៉ាងយូរ។ ប៊ីស្សពខ្ញុំបានអញ្ជើញគាត់ឲ្យត្រឡប់មកចូលរួមនឹងពួកបរិសុទ្ធវិញ។ ខ្ញុំបានដឹងពីសេចក្ដីស្រឡាញ់របស់ប៊ីស្សពចំពោះមនុស្សម្នាក់ ដែលសម្រាប់ខ្ញុំ គេហាក់ដូចជាសត្រូវដែលមិនគួរឲ្យស្រឡាញ់ ហើយមិនចិត្តរឹងរូស។
ប៉ុន្តែមានគ្រាមួយទៀត យើងបានទៅសួរសុខទុក្ខផ្ទះមួយ ដែលមានក្មេងស្រីតូចពីរនាក់ត្រូវបានឪពុកម្ដាយស្រវឹងស្រារបស់ពួកគេបានប្រាប់ឲ្យមកជួបយើងនៅមាត់ទ្វារ។ ក្មេងស្រីទាំងពីរនាក់នោះបាននិយាយប្រាប់យើងតាមទ្វារសំណាញ់ថា ឪពុកម្ដាយគេកំពុងសម្រាន្ត។ ប៊ីស្សពបានខំនិយាយនឹងពួកគេ ទាំងញញឹម ហើយសរសើរពីសន្ដានចិត្ត និងភាពក្លាហានរបស់ពួកគេ ដែលខ្ញុំគិតថា វាមានរយៈពេល 10 នាទី ឬច្រើនជាងនេះ។ កាលយើងដើរចេញពីផ្ទះនោះមក គាត់បានពោលខ្សឹបៗថា «នោះជាការសួរសុខទុក្ខមួយដ៏ល្អ។ ក្មេងស្រីពីរនាក់នោះនឹងចាំជានិច្ចថាយើងបានមកទីនេះ»។
ពរជ័យពីរដែលដៃគូរៀមច្បងក្នុងបព្វជិតភាពអាចផ្ដល់ឲ្យគឺការទុកចិត្ត និងគំរូនៃការមើលថែ។ ខ្ញុំបានឃើញវា នៅពេលកូនប្រុសខ្ញុំមានដៃគូបង្រៀនតាមផ្ទះម្នាក់ដែលមានបទពិសោធន៍ខាងបព្វជិតភាពច្រើនជាងគាត់។ ដៃគូរៀមច្បងរបស់គាត់ធ្លាប់ធ្វើជាប្រធានបេសកកម្មពីរដង ហើយធ្លាប់បម្រើក្នុងតួនាទីជាថ្នាក់ដឹកនាំផ្សេងទៀត។
ពីមុនពួកគេទៅសួរសុខទុក្ខគ្រួសារមួយ ថ្នាក់ដឹកនាំបព្វជិតភាពដ៏មានបទពិសោធន៍រូបនោះ បានសុំមកជួបកូនប្រុសខ្ញុំនៅផ្ទះជាមុនសិន។ ពួកគេបានអនុញ្ញាតឲ្យខ្ញុំនៅស្ដាប់។ ដៃគូរៀមច្បងបានធ្វើការអធិស្ឋានសុំជំនួយ។ រួចគាត់បានពោលពាក្យបែបនេះទៅកូនប្រុសខ្ញុំថា៖ «ពូគិតថា យើងគូរបង្រៀនមេរៀនមួយដែលហាក់ដូចជាហៅគ្រួសារនេះឲ្យប្រែចិត្ត។ ខ្ញុំគិតថា ពួកគេពុំទទួលយកវាពីខ្ញុំទេ ។ ពូគិតថា ពួកគេគួរទទួលសារលិខិតនេះពីប្អូនជាងពូ។ តើប្អូនគិតយ៉ាងម៉េចដែរ?»
ខ្ញុំចាំពីភាពភ័យនៅក្នុងភ្នែកកូនប្រុសខ្ញុំ ។ ខ្ញុំនៅតែអាចមានអារម្មណ៍ពីសុភមង្គលនៅគ្រានោះដែលកូនប្រុសខ្ញុំបានទទួលការទុកចិត្តនោះ។
វាពុំមែនរឿងចៃដន្យទេដែលប៊ីស្សពបានដាក់ពួកគេឲ្យធ្វើការរួមគ្នា។ ដោយសារតែការរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្ន ទើបដៃគូរៀមច្បងរូបនោះបានរៀនពីអារម្មណ៍នៃគ្រួសារដែលពួកគេហៀបនឹងបង្រៀន។ ដោយសារការបំផុសគំនិត ទើបគាត់មានអារម្មណ៍ឲ្យដកខ្លួន ដើម្បីទុកចិត្តលើយុវជនដែលគ្មានបទពិសោធន៍ដើម្បីហៅកូនធំៗរបស់ព្រះឲ្យប្រែចិត្ត និងដើម្បីមានសុវត្ថិភាព។
ខ្ញុំមិនដឹងពីលទ្ធផលនៃការសួរសុខទុក្ខរបស់ពួកគេទេ ប៉ុន្តែខ្ញុំពិតជាដឹងថា ប៊ីស្សព អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ និង ព្រះអម្ចាស់កំពុងរៀបចំក្មេងប្រុសម្នាក់ឲ្យក្លាយជាបុរសនៃបព្វជិតភាព និងជាប៊ីស្សពនៅថ្ងៃមួយ។
ឥឡូវនេះ រឿងដ៏ជោគជ័យក្នុងការរៀបចំបព្វជិតភាពដូចនេះគឺបងប្អូនបានដឹងរួចហើយ ដោយសារអ្វីដែលបងប្អូនបានឃើញ ហើយបានជួបក្នុងជីវិតបងប្អូនផ្ទាល់។ បងប្អូនបានដឹង ហើយធ្លាប់ធ្វើជាប៊ីស្សព ជាដៃគូ និង ជាឪពុកម្ដាយបែបនោះដែរ។ បងប្អូនធ្លាប់ឃើញព្រះហស្ដព្រះអម្ចាស់នៅក្នុងការរៀបចំខ្លួនបងប្អូនសម្រាប់កាតព្វកិច្ចបព្វជិតភាពដែលទ្រង់ជ្រាបថានឹងមានសម្រាប់បងប្អូន។
យើងគ្រប់គ្នាក្នុងបព្វជិតភាពមានកាតព្វកិច្ចមួយដើម្បីជួយព្រះអម្ចាស់រៀបចំមនុស្សដទៃទៀត។ មានរឿងមួយចំនួនដែលយើងអាចធ្វើ ហើយដែលវាអាចជារឿងសំខាន់បំផុត។ អ្វីដែលមានឥទ្ធិពលជាងការបង្រៀនរបស់យើងពីគោលលទ្ធិដោយប្រើពាក្យសម្ដីនោះគឺគំរូរបស់យើងក្នុងការរស់នៅតាមគោលលទ្ធិនោះ។
រឿងដ៏សំខាន់បំផុតក្នុងការបម្រើបព្វជិតភាពរបស់យើងគឺការអញ្ជើញមនុស្សឲ្យមករកព្រះគ្រីស្ទតាមរយៈសេចក្ដីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ ប្រធាន ថូម៉ាស អេស ម៉នសុន បានផ្ដល់ការបង្រៀនដែលបំផុសគំនិតដល់គោលលទ្ធិទាំងនោះ។ ប៉ុន្តែអ្វីដែលខ្ញុំដឹងពីរឿងដែលលោកបានធ្វើចំពោះមនុស្សទូទៅ អ្នកផ្សព្វផ្សាយសាសនា និងមិត្តក្នុងសាសនាចក្រ ពេលធ្វើជាអធិបតីលើបេសកកម្មក្នុងទីក្រុងតូរ៉ង់តូ បានលើកទឹកចិត្តខ្ញុំឲ្យធ្វើសកម្មភាព។
ក្នុងការរៀបចំខ្លួនខាងបព្វជិតភាព «ការធ្វើជាគំរូ»គឺសំខាន់ជាង «ការបង្រៀន»។
នេះជាមូលហេតុដែលព្រះគម្ពីរមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការរៀបចំខ្លួនយើងក្នុងបព្វជិតភាព។ វាពោរពេញដោយគំរូ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាអាចមើលឃើញអាលម៉ាធ្វើតាមបង្គាប់របស់ទេវតា រួចប្រញាប់ប្រញាល់ត្រឡប់ទៅបង្រៀនមនុស្សទុច្ចរិតក្នុងអាំម៉ូណៃហាដែលបានបដិសេធគាត់។4 ខ្ញុំអាចដឹងពីភាពត្រជាក់ក្នុងគុកដែលយ៉ូសែប ស្ម៊ីធ ត្រូវបានព្រះប្រាប់ឲ្យមានចិត្តក្លាហាន ហើយថាលោកត្រូវបានទទួលការឃុំគ្រង។5 ដោយមានរូបភាពនៃបទគម្ពីរទាំងនោះក្នុងគំនិត យើងអាចរៀបចំខ្លួនដើម្បីស៊ូទ្រាំក្នុងការបម្រើរបស់យើង ពេលវាមានភាពលំបាក។
ឪពុក ឬប៊ីស្សព ឬដៃគូរៀមច្បងក្នុងការបង្រៀនតាមផ្ទះម្នាក់ដែលបង្ហាញថា គាត់ទុកចិត្តលើអ្នកកាន់បព្វជិតភាពវ័យក្មេង អាចផ្លាស់ប្ដូរជីវិតគាត់បាន។ មានពេលមួយ ឪពុកខ្ញុំត្រូវបានសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់មួយរូបសុំឲ្យសរសេរឯកសារខ្លីមួយស្ដីពីវិទ្យាសាស្ត្រ និង សាសនា។ ឪពុកខ្ញុំជាអ្នកវិទ្យាសាស្ត្រដ៏ល្បីម្នាក់ និងជាអ្នកកាន់បព្វជិតភាពដ៏ស្មោះត្រង់មួយរូប។ តែខ្ញុំអាចនៅចាំពីគ្រាដែលគាត់បានហុចឯកសារដែលគាត់បានសរសេរមកឲ្យខ្ញុំ ហើយពោលថា «ប៉ាចង់ឲ្យកូនអាន ពីមុនប៉ាផ្ញើវាទៅឲ្យ ពួកដប់ពីរនាក់។ កូននឹងដឹង បើវាត្រឹមត្រូវ»។ គាត់មានអាយុចាស់ជាងខ្ញុំ 32 ឆ្នាំ ហើយមានប្រាជ្ញាឈ្លាសវៃខ្លាំងណាស់។
ខ្ញុំនៅតែមានភាពរឹងមាំដោយការទុកចិត្តនោះពីឪពុក និងបុរសកាន់បព្វជិតភាពដ៏អស្ចារ្យម្នាក់។ ខ្ញុំដឹងថា គាត់មិនមែនទុកចិត្តខ្ញុំទេ ប៉ុន្តែថាព្រះនឹងប្រាប់ខ្ញុំពីអ្វីដែលពិត។ បងប្អូនដែលជាដៃគូដ៏មានបទពិសោធន៍ បងប្អូនអាចធ្វើឲ្យអ្នកកាន់បព្វជិតភាពវ័យក្មេងម្នាក់ មានពរក្នុងការរៀបចំខ្លួន ពេលណាបងប្អូនអាចបង្ហាញគាត់នូវការទុកចិត្តបែបនេះ។ វានឹងជួយគាត់ឲ្យទុកចិត្តលើអារម្មណ៍ដ៏ទន់ភ្លន់នៃការបំផុសគំនិតសម្រាប់ខ្លួនឯង ពេលវាកើតឡើង ដោយមានថ្ងៃណាមួយ គាត់ដាក់ដៃដើម្បីផ្សារភ្ជាប់ការប្រសិទ្ធពរ ដើម្បីព្យាបាលកុមារម្នាក់ដែលគ្រូពេទ្យនិយាយថានឹងស្លាប់នោះ។ ការទុកចិត្តនោះបានជួយខ្ញុំជាច្រើនដង។
ជោគជ័យរបស់យើងក្នុងការរៀបចំអ្នកដទៃក្នុងបព្វជិតភាពនឹងកើតមានបន្តិចម្ដងៗស្របតាមទំហំនៃក្ដីស្រឡាញ់ដែលយើងមានចំពោះពួកគេ។ ជាពិសេស វាក៏សំខាន់ដែរ ពេលយើងត្រូវកែតម្រូវពួកគេនោះ។ សូមគិតពីគ្រាដែលអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់ នៅឯតុសាក្រាម៉ង់ មានកំហុសក្នុងការធ្វើពិធីបរិសុទ្ធមួយ។ វាគឺជាបញ្ហាធំមួយ។ ពេលខ្លះ កំហុសនោះតម្រូវឲ្យមានការកែតម្រូវជាសាធារណៈ ដែលអាចធ្វើឲ្យមាននូវការខឹងសម្បារ អារម្មណ៍ខ្មាស់អៀន ឬ ត្រូវគេបដិសេធទៀតផង។
បងប្អូននឹងចងចាំពីពាក្យទូន្មានរបស់ព្រះអម្ចាស់ថា៖ «ដោយស្ដីបន្ទោសសមពេលសមហេតុ ដោយការតឹងរឹង កាលណាបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មក ដោយបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងចំពោះអ្នកនោះដែលអ្នកបានស្ដីបន្ទោស ក្រែងអ្នកនោះរាប់អ្នកថា ជាខ្មាំងសត្រូវរបស់គេ»។6
ពាក្យ ច្រើនឡើង មានអត្ថន័យពិសេសក្នុងការរៀបចំពួកអ្នកកាន់បព្វជិតភាព ពេលពួកគេត្រូវការកែតម្រូវ។ ពាក្យនេះណែនាំឲ្យមានសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងដែលមាននៅទីនោះរួចហើយ។ «អ្វីដែលត្រូវបង្ហាញ» គឺការមានសេចក្ដីស្រឡាញ់ដ៏ច្រើនឡើង។ បងប្អូនដែលកំពុងរៀបចំពួកអ្នកកាន់បព្វជិតភាព នឹងឃើញពួកគេមានកំហុសជាប្រាកដ។ ពីមុនពួកគេទទួលការកែតម្រូវរបស់បងប្អូន ពួកគត្រូវតែទទួលសេចក្ដីស្រឡាញ់របស់បងប្អូនជាមុន និងជាបន្តបន្ទាប់។ ពួកគេត្រូវទទួលការកោតសរសើរដ៏ពិតរបស់បងប្អូនសិន ពីមុនពួកគេទទួលយកការកែតម្រូវរបស់បងប្អូន។
ព្រះអម្ចាស់ផ្ទាល់បានផ្ដល់កិត្តិយសដល់ពួកអ្នកកាន់បព្វជិតភាពតូចជាង ដោយសារពួកគេមានសក្ដានុពល និង តម្លៃចំពោះទ្រង់។ ចូរស្ដាប់ពាក្យទាំងនេះ ដែលនិយាយដោយយ៉ូហាន បាទីស្ទ នៅពេលបព្វជិតភាពអើរ៉ុន ត្រូវបានស្ដារឡើងវិញថា៖ «នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុន ដែលកាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ហើយបព្វជិតភាពនេះនឹងមិនត្រូវបានដកចេញពី ផែនដីទៀតឡើយ រហូតដល់ពេលកូនប្រុសទាំងឡាយនៃលោកលេវីថ្វាយដង្វាយម្ដងទៀតដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត»។7
បព្វជិតភាពអើរ៉ុនជាបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាពមិលគីស្សាដែកដែលធំជាង។8 ក្នុងនាមជាប្រធាននៃរាល់បព្វជិតភាពទាំងអស់ ប្រធានសាសនាចក្រធ្វើជាអធិបតីលើបព្វជិតភាពរៀបចំខ្លួនផងដែរ។ សារលិខិតរបស់លោកជាយូរឆ្នាំមកហើយ ស្ដីពីការចេញទៅជួយសង្គ្រោះគឺសក្ដិសមយ៉ាងឥតខ្ចោះសម្រាប់ការណែនាំឲ្យយកដំណឹងល្អនៃការប្រែចិត្ត និង ពិធីបុណជ្រមុជទឹកចូលទៅក្នុងជីវិតមនុស្សដទៃទៀត។
កូរ៉ុមនៃឌីកុន គ្រូ និងសង្ឃប្រឹក្សាជាទៀងទាត់ដើម្បីនាំសមាជិកកូរ៉ុមទាំងអស់ទៅរកព្រះអម្ចាស់។ គណៈប្រធានចាត់សមាជិកឲ្យជួយដោយសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់។ ឌីកុនចែកសាក្រាម៉ង់ដោយគារវភាព និងដោយសេចក្ដីជំនឿថា សមាជិកនឹងទទួលបាននូវឥទ្ធិពលនៃដង្វាយធួន ហើយតាំងចិត្តរក្សាបទបញ្ញត្តិ កាលពួកគេទទួលទាននិមិត្តរូបដ៏ពិសិដ្ឋទាំងនោះ។
គ្រូ និង សង្ឃ អធិស្ឋានជាមួយនឹងដៃគូខ្លួនដើម្បីបំពេញតួនាទីក្នុងការមើលថែសាសនាចក្រ ម្ដងម្នាក់ៗ។ ហើយដៃគូទាំងនោះ អធិស្ឋានរួមគ្នាពេលពួកគេរៀនពីសេចក្ដីត្រូវការ និងសេចក្ដីសង្ឃឹមរបស់មេគ្រួសារ។ កាលពួកគេធ្វើដូច្នេះ ពួកគេកំពុងរៀបចំខ្លួនសម្រាប់ថ្ងៃដ៏អស្ចារ្យ ពេលពួកគេដឹកនាំគ្រួសារខ្លួនផ្ទាល់ ក្នុងនាមជាឪពុក ដោយសេចក្ដីជំនឿ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អស់អ្នកដែលបម្រើរួមគ្នាក្នុងបព្វជិតភាពកំពុងរៀបចំខ្លួនប្រជាជនសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ។ ព្រះជាព្រះវរបិតាមានព្រះជន្មរស់។ ខ្ញុំដឹងថា--ខ្ញុំដឹង-- ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថាទ្រង់ស្រឡាញ់យើង។ ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាព្យាការីនៅរស់របស់ព្រះអម្ចាស់។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។