ការរស់នៅតាមដំណឹងល្អដោយក្ដីអំណរ
ចូរទុកចិត្តលើព្រះចេស្ដាជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ សូមគោរពតាមក្រិត្យវិន័យ និង បទបញ្ញត្តិទ្រង់។ និយាយម្យ៉ាងទៀតគឺ---សូមរស់នៅតាមដំណឹងល្អពេញដោយក្ដីអំណរ។
បងប្អូនស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំ ព្រមទាំងជាសិស្សដ៏មានពរនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំមានកិត្តិយសដោយមានឱកាសនេះ ជួបជុំនឹងបងប្អូនរាល់គ្នា កាលយើងបើកនៅសន្និសីទទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមួយទៀត។ នៅសប្ដាហ៍ក្រោយនេះ គណៈប្រធានទីមួយ និង ពួកសាវកដប់ពីរនាក់នឹងជួបនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ និងថ្នាក់ដឹកនាំអង្គការជំនួយទូទៅទាំងអស់ ហើយសម័យប្រជុំផ្សេងទៀតនៃសន្និសីទទូទៅរបស់យើងជុំវិញពិភពលោក នឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះ ប្រធាន ថូម៉ាស អេស ម៉នសុន ដែលជាព្យាការីរបស់ព្រះសម្រាប់ជំនាន់របស់យើង ដែលសុំខ្ញុំឲ្យតំណាងគណៈប្រធានទីមួយ ថ្លែងទៅកាន់បងប្អូនស្រីនៃសាសនាចក្រនេះ។
កាលខ្ញុំគិតពីអ្វីដែលខ្ញុំគួរនិយាយ គំនិតខ្ញុំបាននឹកឃើញពីស្ត្រីដែលបានលត់ដំខ្ញុំ ហើយជួយខ្ញុំឲ្យឆ្លងកាត់ឧបសគ្គក្នុងជីវិតនេះ។ ខ្ញុំមានអំណរគុណចំពោះជីដូនខ្ញុំ ដែលបានសម្រេចចិត្តនាំគ្រួសារគាត់ទៅការប្រជុំសាក្រាម៉ង់របស់ពួកមរមន កាលពីច្រើនទសវត្សរ៍មុន។ ខ្ញុំមានអំណរគុណចំពោះបងស្រី អេវីគ ជាស្ត្រីមេម៉ាយជរាជនជាតិអាល្លឺម៉ង់ម្នាក់ ដែលឈ្មោះគាត់ប្រែជាភាសាអង់គ្លេសមានន័យថា «បងស្រីអស់កល្ប»។ គាត់ជាអ្នកដែលបានធ្វើការអញ្ជើញដ៏ក្លាហាន ហើយអស្ចារ្យនេះដល់ជីដូនខ្ញុំ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះម្ដាយខ្ញុំដែលបានដឹកនាំកូនទាំងបួនឆ្លងកាត់ភាពជ្រួលច្របល់នៃសង្គ្រាមលោកលើកទីពីរ។ ខ្ញុំក៏គិតពីកូនស្រី និងចៅៗស្រីខ្ញុំ ព្រមទាំងជំនាន់អនាគតនៃស្ត្រីដ៏ស្មោះត្រង់ ដែលកើតនៅថ្ងៃខាងមុខផងដែរ។
ហើយខ្ញុំពិតជាមានអំណរគុណដ៏អស់កល្បចំពោះភរិយាខ្ញុំ ហារីត ដែលបានធ្វើឲ្យខ្ញុំជាប់ចិត្តកាលពីក្មេង ដែលបានទ្រាំទ្រនូវបន្ទុកដ៏ធ្ងន់បំផុតនៃគ្រួសារវ័យក្មេងរបស់យើង ក្នុងនាមជាម្ដាយ បានឈរក្បែរខ្ញុំក្នុងនាមជាភរិយា ហើយបានស្រឡាញ់ និងមើលថែដល់កូនៗ ចៅៗ និងចៅទួតយើង។ គាត់ជាកម្លាំងដ៏រឹងមាំក្នុងគ្រួសារយើង ទាំងគ្រារីករាយ និង គ្រាសោកសៅ។ គាត់នាំយកសុភមង្គលមកក្នុងជីវិតមនុស្សដែលស្គាល់គាត់។
ជាចុងក្រោយ ខ្ញុំមានអំណរគុណចំពោះបងប្អូនរាល់គ្នា ជាបងប្អូនស្រីដ៏ស្មោះត្រង់រាប់លាននាក់ នៅជុំវិញពិភពលោកគ្រប់វ័យដែលធ្វើកិច្ចការយ៉ាងច្រើន ដើម្បីស្ថាបនានគរព្រះ។ ខ្ញុំសូមអរគុណបងប្អូនចំពោះរបៀបជាច្រើនរាប់មិនអស់ដែលបងប្អូនបានបំផុស បានបីបាច់ និងបានឲ្យពរដល់មនុស្សនៅជុំវិញខ្លួន។
ពួកបុត្រីនៃព្រះ
ខ្ញុំរីករាយដោយបាននៅក្នុងចំណោមបុត្រីនៃព្រះយ៉ាងច្រើន។ កាលយើងច្រៀងបទ «ខ្ញុំជាកូនរបស់ព្រះ» ទំនុកបទនេះបានចាក់ចូលក្នុងចិត្តយើង។ ដោយគិតពីសេចក្ដីពិតនេះ—ថាយើងគឺជាកូនចៅនៃព្រះមាតាបិតាសួគ៌1—វាធ្វើឲ្យយើងពោរពេញដោយអារម្មណ៍នៃដើមកំណើត គោលបំណង និង ជោគវាសនាយើង។
វាជាការល្អដើម្បីចងចាំជានិច្ចថា បងប្អូនជាកូនចៅនៃព្រះ។ ចំណេះដឹងនេះនឹងជួយបងប្អូនឲ្យឆ្លងកាត់គ្រាដ៏លំបាកបំផុតក្នុងជីវិត ហើយវានឹងបំផុសគំនិតដល់បងប្អូនឲ្យសម្រេចបាននូវរឿងដ៏អស្ចារ្យ។ ប៉ុន្តែ វាក៏សំខាន់ដែរដើម្បីចងចាំថា ការធ្វើជាបុត្រីនៃព្រះមាតាបិតាអស់កល្ប ពុំមែនជារឿងខុសប្លែកមួយដែលបងប្អូនមាន ឬនឹងមានជានិច្ចនោះទេ។ បងប្អូននឹងនៅតែជាបុត្រីនៃព្រះជារៀងរហូត។ ព្រះវរបិតាសួគ៌មានប្រាថ្នាដ៏ខ្ពស់សម្រាប់បងប្អូន ប៉ុន្តែដើមកំណើតដ៏ទេវភាពរបស់បងប្អូន តែម្យ៉ាង មិនអាចធានាបងប្អូនទទួលនូវមរតកដ៏ទេវភាពបានឡើយ។ ព្រះបានបញ្ជូនបងប្អូនមកទីនេះ ដើម្បីរៀបចំខ្លួនសម្រាប់អនាគតដ៏ធំលើសពីអ្វីៗដែលបងប្អូនអាចនឹកស្រម៉ៃឃើញទៅទៀត។
ព្រះពរដែលបានសន្យាចំពោះជនស្មោះត្រង់ មានភាពរុងរឿង ហើយបំផុសគំនិត។ ក្នុងនោះ រួមមាន « បល្ល័ង្ក...នគរ...ក្សត្របុរី... និងអំណាច...អំណាចគ្រប់គ្រង...គ្រប់ទីកម្ពស់ និង ជម្រៅទាំងអស់»។2 ហើយវាតម្រូវឲ្យមានលើសពីសំបុត្រកំណើតខាងវិញ្ញាណ ឬ «បណ្ណសមាជិកជាកូនចៅនៃព្រះ» ដើម្បីសក្ដិសមទទួលពរជ័យដែលមិនកាត់ថ្លៃបានទាំងនេះ។
តើយើងអាចទទួលបានតាមរបៀបណា?
ព្រះអង្គសង្គ្រោះបានឆ្លើយនឹងសំណួរនេះនៅក្នុងជំនាន់យើងថា៖
«លើកលែងតែអ្នករាល់គ្នានៅជាប់នឹងក្រិត្យវិន័យរបស់យើង នោះអ្នករាល់គ្នាពុំអាចបានសិរីល្អនេះឡើយ។
«ត្បិតទ្វារនោះតូច ហើយផ្លូវដែលនាំទៅឯភាពដំកើងឡើងក៏ចង្អៀតផង …។
«… ចូរអ្នករាល់គ្នា ទទួលក្រិត្យវិន័យរបស់យើងចុះ»។3
ដោយហេតុផលនេះ ទើបយើងនិយាយពីការដើរលើផ្លូវនៃភាពជាសិស្ស។
យើងនិយាយពីការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិព្រះ។
យើងនិយាយពីការរស់នៅតាមដំណឹងល្អពេញដោយក្ដីអំណរ ឲ្យអស់ពីចិត្ត ពលំ និង ព្រលឹងយើង។
ព្រះទ្រង់ជ្រាបដឹងពីរឿង ដែលយើងមិនដឹង
ប៉ុន្តែចំពោះយើងមួយចំនួន ការគោរពប្រតិបត្តិតាមបទបញ្ញត្តិព្រះ ពុំមែនជាអារម្មណ៍ពេញដោយក្ដីអំណរជានិច្ចនោះទេ។ ចូរយើងទទួលស្គាល់ពីរឿងនេះថា ៖ មានបទបញ្ញត្តិខ្លះហាក់ដូចជាពិបាក ឬងាយស្រួលពេក--- ជាបញ្ញត្តិដែលយើងចាប់ផ្ដើមជាមួយនឹងចិត្តសាទរដូចជាកូនក្មេងម្នាក់ដែលកំពុងអង្គុយពីមុខចានអាហារ ដែលធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែស្អប់បន្លែដូច្នោះដែរ។ យើងសង្កៀតធ្មេញ ហើយបង្ខំចិត្តធ្វើតាម ដើម្បីយើងអាចធ្វើសកម្មភាពដែលចង់ធ្វើបន្ថែមទៀត។
ប្រហែលជាក្នុងគ្រាបែបនេះ យើងអាចរកឃើញខ្លួនឯងសួរថា «តើយើងពិតជាត្រូវគោរពតាមរាល់បទបញ្ញត្តិនៃព្រះមែនឬ?»
ចម្លើយរបស់ខ្ញុំចំពោះសំណួរនេះគឺសាមញ្ញថា៖
ខ្ញុំគិតថា ព្រះទ្រង់ជ្រាបដឹងពីរឿងដែលយើងមិនដឹង—រឿងដែលហួសពីសមត្ថភាពដែលយើងអាចយល់ដឹងបាន! ព្រះវរបិតាសួគ៌យើង គឺជាអង្គដ៏អស់កល្ប ហើយមានបទពិសោធន៍ ប្រាជ្ញា និង ភាពប៉ិនប្រសប់លើសពីយើង។4 លើសពីនេះទៀត ទ្រង់ក៏ជាអង្គដែលមានសេចក្តីស្រឡាញ់ សេចក្ដីមេត្តាដ៏អស់កល្បផងដែរ ហើយផ្ដោតលើគោលដៅដ៏ប្រពៃមួយគឺ៖ ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស។5
និយាយម្យ៉ាងទៀត គឺទ្រង់មិនគ្រាន់តែជ្រាបដឹង ពីអ្វីដែលល្អបំផុតសម្រាប់បងប្អូនប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ សព្វព្រះទ័យចង់ឲ្យបងប្អូនជ្រើសរើស អ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងផងដែរ។
បើបងប្អូនជឿរឿងនេះនៅក្នុងចិត្ត---បើបងប្អូនពិតជាជឿលើបេសកកម្មដ៏អស្ចារ្យរបស់ព្រះវរបិតាយើងថា ដើម្បីលើកតម្កើង ហើយផ្ដល់សិរីល្អដល់កូនចៅទ្រង់ ហើយថាទ្រង់ជ្រាបដឹងពីរបៀបដ៏ល្អបំផុតដើម្បីធ្វើវានោះមែន---តើវាមិនសមឲ្យយើងដើម្បីឱបក្រសោប ហើយធ្វើតាមបទបញ្ញត្តិទ្រង់ សូម្បីតែបទបញ្ញត្តិដែលពិបាកទេឬអី? តើយើងមិនគួរឲ្យតម្លៃទៅលើបង្គោលភ្លើងដែលទ្រង់បានប្រទាន ដើម្បីដឹកនាំយើងឆ្លងកាត់ភាពងងឹត និង ការសាកល្បងក្នុងជីវិតនេះទេឬអី? វាគូសដានផ្លូវត្រឡប់ទៅរកផ្ទះសួគ៌ារបស់យើងវិញ! ដោយការជ្រើសយកផ្លូវរបស់ព្រះវរបិតា បងប្អូនបានដាក់គ្រឹះដ៏ទេវភាពមួយសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនក្នុងនាមជាបុត្រីនៃព្រះ ដែលវានឹងផ្ដល់ពរជ័យដល់បងប្អូនពេញមួយជីវិត។
ខ្ញុំគិតថា ផ្នែកមួយនៃឧបសគ្គរបស់យើងគឺថា យើងស្រម៉ៃថា ព្រះបានចាក់សោរទុករាល់ពរជ័យរបស់ទ្រង់នៅស្ថានសួគ៌ក្នុងដុំពពកដ៏ធំមួយ ដោយមិនព្រមប្រទានឲ្យយើងឡើយ ទាល់តែយើងធ្វើតាមតម្រូវការដ៏តឹងរឹងមួយចំនួន ដែលទ្រង់បានដាក់ជាមុនសិន។ បទបញ្ញត្តិទាំងនោះ មិនដូច្នោះទេ។ ធាតុពិត ព្រះវរបិតាសួគ៌តែងចាក់ស្រោចព្រះពរមកលើយើង។ ប៉ុន្តែការភ័យខ្លាច ការសង្ស័យ និង អំពើបាបយើង ដែលប្រៀបដូចជាឆ័ត្រវិញទេតើដែលរារាំងពរជ័យទាំងនេះចំពោះយើង។
បទបញ្ញត្តិទ្រង់គឺជាការណែនាំដោយក្ដីស្រឡាញ់ និង ជាជំនួយដ៏ទេវភាពសម្រាប់យើងឲ្យបិទឆ័ត្រនោះ ដើម្បីយើងអាចទទួលបាននូវការស្រោចស្រប់នៃពរជ័យសួគ៌ា។
យើងត្រូវទទួលស្គាល់ថាបទបញ្ញត្តិព្រះ ពុំមែនជាបញ្ជីនៃគំនិតល្អៗដ៏វែងនោះឡើយ។ វាពុំមែនជា «ល្បិច» មកពីទំព័របណ្ដាញអ៊ិនធើរណែត ឬពាក្យដកស្រង់លើកទឹកចិត្តពីកម្មវីធី ភីនធើរេស នោះទេ។ វាមាននូវពាក្យទូន្មានដ៏ទេវភាពដោយផ្អែកលើសេចក្ដីពិតដ៏អស់កល្ប ដែលបានប្រទានឲ្យ ដើម្បីនាំមកនូវ «សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោកនាយ»។6
ដូច្នេះ យើងមានជម្រើសមួយ ។ ផ្នែកម្ខាងយើងមាននូវទស្សនៈលោកិយដែលមានទ្រឹស្ដីផ្លាស់ប្ដូរជានិច្ច និង មានហេតុផលមិនជាក់លាក់។ រីឯផ្នែកម្ខាងទៀត យើងក៏មានបន្ទូលរបស់ព្រះសម្រាប់កូនចៅទ្រង់---ជាប្រាជ្ញាញាណដ៏អស់កល្ប ជាការសន្យាដ៏ពិត និងជាការណែនាំដោយក្ដីស្រឡាញ់របស់ទ្រង់ សម្រាប់ការត្រឡប់ទៅរកវត្តមានទ្រង់វិញ ដោយសិរីល្អ ក្ដីស្រឡាញ់ និង ភាពខ្ពង់ខ្ពស់។
ជម្រើសនោះគឺជារបស់បងប្អូន!
ព្រះដ៏បង្កបង្កើតនៃមហាសមុទ្រ វាលខ្សាច់ និងផ្កាយរាប់មិនអស់ កំពុងឈោងទៅរកបងប្អូននៅថ្ងៃនេះ! ទ្រង់កំពុងប្រទាននូវរូបមន្តដ៏ធំ សម្រាប់សុភមង្គល ក្ដីសុខសាន្ត និង ជីវិតដ៏អស់កល្ប!
ដើម្បីមានសិទ្ធិទទួលបានពរជ័យដ៏រុងរឿងទាំងនេះ បងប្អូនត្រូវបន្ទាបខ្លួន អនុវត្តសេចក្ដីជំនឿ លើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ ស្វែងរកទ្រង់ ទាំងក្នុងពាក្យសម្ដី និង ទង្វើ ហើយ «ឈរជាសាក្សី [ដ៏រឹងមាំ] ដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង»។7
ហេតុផលនៃការគោរពប្រតិបត្តិ
កាលណាបងប្អូនយល់ដឹងអំពីនិស្ស័យពិតនៃព្រះ និង បទបញ្ញត្តិទ្រង់ នោះបងប្អូនក៏នឹងយល់ពីខ្លួនឯង និង គោលបំណងដ៏ទេវភាពនៃជីវិតនេះប្រសើរជាងមុនដែរ។ ដោយហេតុផលនេះ ការលើកទឹកចិត្តឲ្យបងប្អូនធ្វើតាមបទបញ្ញត្តិ បានផ្លាស់ប្ដូរ ហើយវាបានក្លាយជាបំណងប្រាថ្នាចេញពីដួងចិត្ត ដើម្បីរស់នៅតាមដំណឹងល្អពេញដោយក្ដីអំណរ។
ឧទាហរណ៍ ជនដែលគិតថា ការចូលរួមក្នុងប្រជុំរបស់សាសនាចក្រ ជារបៀបផ្ទាល់ខ្លួនមួយដើម្បីបង្កើនក្ដីស្រឡាញ់ខ្លួនចំពោះព្រះ រកក្ដីសុខសាន្ត លើកស្ទួយអ្នកដទៃ ស្វែងរកព្រះវិញ្ញាណ ហើយធ្វើការកែប្រែចិត្តជាថ្មីដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ នោះគេនឹងរកឃើញនូវបទពិសោធន៍ដ៏មានតម្លៃ លើសពីជនដែលគ្រាន់តែចំណាយពេលអង្គុយនៅលើកៅអី។ បងប្អូនស្រីអើយ វាគឺជារឿងដ៏ សំខាន់ដែលយើងត្រូវចូលរួមនៅប្រជុំថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំជឿជាក់ថា ព្រះវរបិតាសួគ៌យើង គឺខ្វល់ព្រះទ័យយ៉ាងខ្លាំងពីសេចក្ដីជំនឿ និងការប្រែចិត្តរបស់យើង ជាងស្ថិតិនៃការចូលរួមទៅទៀត។
នេះជាឧទាហរណ៍មួយទៀត៖
មានម្ដាយទោលម្នាក់ មានកូនតូចពីរនាក់ នាងបានកើតជំងឺកញ្ច្រិលថ្មីៗនេះ។ ពិតណាស់ មិនយូរប៉ុន្មាន កូននាងក៏មានជំងឺនេះដែរ។ កិច្ចការដើម្បីមើលថែខ្លួនឯង និង កូនៗតែម្នាក់ឯង វាគឺជារឿងលំបាកណាស់សម្រាប់ម្ដាយវ័យក្មេងម្នាក់នេះ។ ដោយហេតុនោះហើយ ផ្ទះដែលធ្លាប់តែស្អាត បែរជាមានភាពរាយប៉ាយ ហើយរញ៉េរញ៉ៃ។ ចានប្រលាក់ជាច្រើននៅក្នុងកន្លែងលាងចាន ហើយខោអាវនៅពាសពេញផ្ទះ។
កាលនាងស្មុគស្មាញនឹងកូនដែលកំពុងស្រែកយំ--ហើយចង់យំខ្លួនឯងផង--នោះមានសំឡេងគោះទ្វារ។ គ្រូបង្រៀនសួរសុខទុក្ខនាងបានមក។ ពួកគេបានឃើញពីអារម្មណ៍តានតឹងរបស់ម្ដាយវ័យក្មេងរូបនេះ។ ពួកគេបានឃើញផ្ទះ និង ផ្ទះបាយនាង។ ពួកគេបានស្ដាប់ឮសំឡេងស្រែកយំរបស់កូនៗនាង។
ឥឡូវ បើបងប្អូនស្រីទាំងនេះ ខ្វល់ខ្វាយតែពីការបំពេញការសួរសុខទុក្ខប្រចាំខែ ដែលពួកគេទទួលបានការចាត់តាំងតែម្យ៉ាង នោះពួកគេអាចនឹងហុចនំឃុកឃីមួយចានឲ្យម្ដាយម្នាក់នោះ ដោយប្រាប់ថា ពួកគេមិនបានឃើញនាងនៅក្នុងថ្នាក់សមាគមសង្គ្រោះកាលពីអាទិត្យមុន រួចក៏ពោលពាក្យបែបនេះថា «បើមានអ្វីដែលយើងអាចធ្វើ ចូរប្រាប់យើងឲ្យបានដឹងផង!» រួចពួកគេបានចាកចេញទៅដោយក្ដីរីករាយ ដោយមានអំណរគុណថា ពួកគេធ្វើបាន 100 ភាគរយ សម្រាប់មួយខែទៀតហើយ។
ជាភ័ព្វសំណាងល្អ បងប្អូនស្រីទាំងនេះ គឺជាសិស្សពិតរបស់ព្រះគ្រីស្ទ។ ពួកគេបានសង្កេតឃើញពីសេចក្ដីត្រូវការរបស់បងប្អូនស្រីខ្លួន ហើយបានប្រើទេពកោសល្យ និងបទពិសោធន៍ដែលពួកគេមានដើម្បីជួយ។ ពួកគេបានរៀបចំភាពរញ៉េរញ៉ៃនោះ បានបោសសម្អាតផ្ទះ ហើយបានទូរស័ព្ទទៅមិត្តម្នាក់ឲ្យយកអាហារដែលត្រូវការចាំបាច់មក។ នៅទីបំផុត កាលពួកគេបានបញ្ចប់កិច្ចការខ្លួន ហើយបានលាចេញទៅ ពួកគេបានបន្សល់ទុកឲ្យម្ដាយវ័យក្មេងនោះនូវទឹកភ្នែក---ជាទឹកភ្នែកនៃអំណរគុណ និងក្ដីស្រឡាញ់។
ចាប់ពីពេលនោះមក ទស្សនៈរបស់ម្ដាយវ័យក្មេងម្នាក់ស្ដីពីការបង្រៀនសួរសុខទុក្ខបានផ្លាស់ប្ដូរ។ នាងបានពោលថា «ខ្ញុំដឹងថា ពួកគេពុំមែនគ្រាន់តែមកសួរសុខទុក្ខខ្ញុំ ដោយសារពួកគេត្រូវបានចាត់ឲ្យមកនោះទេ»។
ពិតណាស់ គ្រូបង្រៀនសួរសុខទុក្ខ ត្រូវមានភាពស្មោះត្រង់ក្នុងការធ្វើឲ្យការសួរសុខទុក្ខប្រចាំខែរបស់ខ្លួន ដោយមិនភ្លេចពី ហេតុផល ដ៏សំខាន់ដែលនៅពីក្រោយបទបញ្ញត្តិនេះ៖ គឺការស្រឡាញ់ព្រះ និង បងប្អូនខ្លួន។
កាលយើងចាត់ទុកបទបញ្ញត្តិព្រះ និងផ្នែករបស់យើងក្នុងការស្ថាបនានគរទ្រង់ ដូចជាអ្វីមួយដែលត្រូវធ្វើ ដោយសារទទួលបានការចាត់តាំង នោះយើងខ្វះនូវដួងចិត្តនៃភាពជាសិស្សហើយ។ យើងខ្វះនូវការរីកចម្រើនដែលកើតចេញពីការរស់នៅតាមបទបញ្ញត្តិនៃព្រះវរបិតាសួគ៌យើងពេញដោយក្ដីអំណរហើយ។
ការដើរនៅលើផ្លូវនៃភាពជាសិស្ស មិនចាំបាច់ត្រូវមានបទពិសោធន៍មួយដ៏ជូរចត់នោះទេ។ វាមានភាព «ផ្អែមជាងអ្វីៗដែលផ្អែមទាំងអស់»។8 វាពុំមែនជាបន្ទុកសម្រាប់យើងឡើយ។ ភាពជាសិស្សលើកស្ទួយវិញ្ញាណយើង ហើយធ្វើឲ្យចិត្តយើងបានធូរស្រាល។ វាបំផុសយើងឲ្យមានសេចក្ដីជំនឿ ក្តីសង្ឃឹម និង ចិត្តសប្បុរស។ វាបំពេញវិញ្ញាណយើងដោយពន្លឺក្នុងគ្រាងងឹត និងភាពស្ងប់ក្នុងគ្រាសោកសៅ។
វាផ្ដល់ឲ្យយើងនូវអំណាច និង ក្ដីអំណរជានិរន្តរ៍។
ការរស់នៅតាមដំណឹងល្អដោយក្ដីអំណរ
ឱ បងប្អូនស្រីនៅក្នុងដំណឹងល្អជាទីស្រឡាញ់របស់ខ្ញុំអើយ មិនថាបងប្អូនមានអាយុ 8 ឆ្នាំ ឬ 108 ឆ្នាំនោះទេ មាននូវរឿងមួយដែលខ្ញុំសង្ឃឹមថា បងប្អូនពិតជាយល់ ហើយដឹង គឺថា៖
បងប្អូនមានអ្នកស្រឡាញ់។
បងប្អូនមានតម្លៃបំផុតចំពោះព្រះមាតាបិតាសួគ៌។
ព្រះដ៏បង្កបង្កើតនៃពន្លឺ និង ជីវិតជានិរន្តរ៍ និង អស់កល្ប ទ្រង់ស្គាល់បងប្អូនរាល់គ្នា! ទ្រង់ខ្វល់ខ្វាយពីបងប្អូន។
ពិតណាស់ ព្រះស្រឡាញ់បងប្អូននៅថ្ងៃនេះឯង។
ទ្រង់មិនបានរង់ចាំដើម្បីស្រឡាញ់បងប្អូន ដរាបណាបងប្អូនបានយកឈ្នះលើភាពទន់ខ្សោយ និង ទម្លាប់អាក្រក់របស់ខ្លួននោះទេ។ ទ្រង់ស្រឡាញ់បងប្អូននៅថ្ងៃនេះ ដោយបានជ្រាបគ្រប់យ៉ាងពីឧបសគ្គរបស់បងប្អូន។ ទ្រង់ជ្រាបថា បងប្អូនបានទូលទៅកាន់ទ្រង់ក្នុងការអធិស្ឋានដែលចេញពីចិត្ត និងពេញដោយក្ដីសង្ឃឹម។ ទ្រង់ជ្រាបពីគ្រាដែលបងប្អូនបានតោងខ្ជាប់នឹងជំនឿដែលថយចុះ ហើយជឿ---សូម្បីតែក្នុងភាពងងឹតក្ដី។ ទ្រង់ជ្រាបពីការរងទុក្ខរបស់បងប្អូន។ ទ្រង់ជ្រាបពីវិប្បដិសារីរបស់បងប្អូនចំពោះគ្រាដែលបងប្អូនមានកំហុស ឬបរាជ័យ។ ហើយទ្រង់នៅតែស្រឡាញ់បងប្អូន។
ហើយព្រះជ្រាបពីជោគជ័យរបស់បងប្អូន ទោះជាវាហាក់ដូចជាមានទំហំតូចចំពោះបងប្អូនក្ដី ទ្រង់ទទួលស្គាល់ ហើយឲ្យតម្លៃដល់ជោគជ័យទាំងនោះ។ ទ្រង់ស្រឡាញ់បងប្អូន ដែលបានជួយដល់អ្នកដទៃ។ ទ្រង់ស្រឡាញ់បងប្អូនចំពោះការឈោងទៅជួយអ្នកដទៃដែលទ្រនូវបន្ទុកដ៏ធ្ងន់របស់ពួកគេ---សូម្បីតែពេលបងប្អូនកំពុងស្មុគស្មាញនឹងបញ្ហាខ្លួនឯងក្ដី។
ទ្រង់ស្គាល់បងប្អូនយ៉ាងច្បាស់។ ទ្រង់ទតឃើញបងប្អូនយ៉ាងច្បាស់---ទ្រង់ស្គាល់ពីសក្ដានុពលរបស់បងប្អូន។ ហើយទ្រង់ស្រឡាញ់បងប្អូន---ទាំងនៅថ្ងៃនេះ និងជានិច្ចតទៅ!
តើបងប្អូនគិតថា ព្រះវរបិតាសួគ៌ខ្វល់ព្រះទ័យនឹងការផាត់មុខ ខោអាវ សក់ និងក្រចកដៃរបស់បងប្អូនស្អាតដែរឬអត់ មែនទេ? តើបងប្អូនគិតថា តម្លៃរបស់បងប្អូនចំពោះទ្រង់ផ្លាស់ប្ដូរដោយផ្អែកទៅលើចំនួនអ្នកតាមដានរឿងបងប្អូននៅលើកម្មវិធី Instagram ឬ Pinterest មែនទេ? តើបងប្អូនគិតថា ទ្រង់ចង់ឲ្យបងប្អូនបារម្ភ ឬថប់ចិត្ត ដោយសារមានមនុស្សមួយចំនួនមិនបានរាប់អាន ឬមិនបានតាមដានបងប្អូននៅលើ Facebook ឬ Twitter មែនទេ? តើបងប្អូនគិតថា ភាពទាក់ទាញខាងក្រៅ ទំហំខោអាវ ឬប្រជាប្រិយភាព ធ្វើឲ្យមានភាពខុសប្លែកក្នុងតម្លៃខ្លួនរបស់បងប្អូនចំពោះអង្គដែលបានបង្កើតសកលលោកនេះមែនទេ?
ទ្រង់ស្រឡាញ់បងប្អូនពុំមែនដោយសារអ្វីដែលអ្នកមាននៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែ សិរីល្អ និងពន្លឺដែលបងប្អូនមានសក្ដានុពល ហើយមានបំណងចង់ប្រែក្លាយផងដែរ។
ទ្រង់សព្វព្រះទ័យឲ្យបងប្អូនសម្រេចបាននូវជោគវាសនាហួសពីការស្រម៉ៃឃើញរបស់បងប្អូនទៅទៀត---ដើម្បីត្រឡប់ទៅរកផ្ទះសួគ៌ារបស់បងប្អូនវិញដោយកិត្តិយស។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ផ្លូវដើម្បីសម្រេចបាននូវរឿងនេះ គឺជាការដាក់បំណងប្រាថ្នាដ៏អាត្មានិយម និង មហិច្ឆតា ដែលមិនសក្ដិសមនៅលើអសនៈនៃការលះបង់ និង ការបម្រើ។ បងប្អូនស្រីអើយ សូមទុកចិត្តលើព្រះចេស្ដា ជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ សូមគោរពតាមក្រិត្យវិន័យ និង បទបញ្ញត្តិទ្រង់។ និយាយម្យ៉ាងទៀតគឺ---សូមរស់នៅតាមដំណឹងល្អពេញដោយក្ដីអំណរ។
ខ្ញុំសូមអធិស្ឋានថា បងប្អូនរាល់គ្នានឹងជួបនូវរង្វាន់ដែលពង្រីកក្ដីស្រឡាញ់ដ៏ស្រស់ស្អាតនៃព្រះនៅក្នុងជីវិតជាបន្តបន្ទាប់ ថាបងប្អូននឹងរកឃើញសេចក្ដីជំនឿ ភាពក្លាហាន និង ការតាំងចិត្តដើម្បីរៀនពីបទបញ្ញត្តិព្រះ សូមរក្សាវាក្នុងចិត្ត ហើយរស់នៅតាមដំណឹងល្អដោយក្ដីអំណរ។
ខ្ញុំសូមសន្យាថា កាលបងប្អូនធ្វើដូច្នេះ បងប្អូននឹងរកឃើញគុណសម្បត្តិខ្លួន—ដែលជាធាតុពិតរបស់បងប្អូន។ បងប្អូននឹងរកឃើញនូវអត្ថន័យនៃការធ្វើជាបុត្រីនៃព្រះដ៏អស់កល្ប ជាព្រះអម្ចាស់នៃរាល់សេចក្ដីសុចរិត។ ខ្ញុំសូមថ្លែទីបន្ទាល់ពីការណ៍នេះ ហើយទុកពរជ័យខ្ញុំនឹងបងប្អូនរាល់គ្នា ក្នុងនាមជាសាវកនៃព្រះអម្ចាស់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។