រស់នៅតាមពាក្យសម្ដីរបស់ពួកព្យាការី
ដើម្បីឲ្យត្រូវទៅតាមគោលបំណងដ៏ទេវភាពនៃស្ថានសួគ៌ នោះយើងគាំទ្រព្យាការី ហើយជ្រើសរើសរស់នៅតាមពាក្យសម្ដីរបស់លោក ។
ព្រះវរបិតាសួគ៌យើង ស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ ហើយមានព្រះទ័យចង់ឲ្យពួកគេដឹង និងយល់អំពីផែនការនៃសុភមង្គលរបស់ទ្រង់ ។ ដូច្នេះ ទ្រង់ហៅពួកព្យាការី ជាអ្នកទាំងឡាយដែលត្រូវបានតែងតាំងដោយអំណាច និងសិទ្ធិអំណាចដើម្បីធ្វើកិច្ចការក្នុងព្រះនាមព្រះសម្រាប់សេចក្ដីសង្គ្រោះនៃកូនចៅរបស់ទ្រង់ ។ ពួកលោកជាសារទូតនៃសេចក្ដីសុចរិត ជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ និងអំណាចនៃដង្វាយធួនដ៏អស់កល្បរបស់ទ្រង់ ។ ពួកលោកកាន់កូនសោនៃនគរព្រះលើផែនដី និងអនុញ្ញាតឲ្យធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះ ។
នៅក្នុងសាសនាចក្រពិតរបស់ព្រះអម្ចាស់ « ពុំដែលមានច្រើនជាងមួយនៅលើផែនដី នៅគ្រាណាមួយ ដែលអំណាចនេះ នឹងកូនសោទាំងឡាយនៃបព្វជិតភាពនេះ ត្រូវបានប្រទានឲ្យនោះឡើយ » ។1 យើងគាំទ្រប្រធានថូម៉ាស អេស ម៉នសុន ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ទ្រង់បើកសម្ដែងបន្ទូលនៃព្រះអម្ចាស់ដើម្បីណែនាំ និងដឹកនាំសាសនាចក្រយើង ទាំងមូល ។ ដូចប្រធាន ជេ រ៉ូប៊ីន ក្លាក បានពន្យល់ថា « ប្រធានសាសនាចក្រ … តែម្នាក់គត់ ដែលមានសិទ្ធិទទួលវិវរណៈសម្រាប់សាសនាចក្រ » ។2
ស្ដីអំពីព្យាការីនៅរស់ ព្រះអម្ចាស់ បញ្ជារាស្ត្រនៃសាសនាចក្រទ្រង់ថា ៖
« អ្នកត្រូវស្តាប់តាម គ្រប់អស់ ទាំងពាក្យសំដី និងបញ្ញត្តិទាំងឡាយរបស់លោក ដែល លោកនឹងឲ្យដល់អ្នក នៅពេលលោកបានទទួលពាក្យទាំងនោះ ដើរដោយបរិសុទ្ធនៅចំពោះមុខយើង ។
« ត្បិតពាក្យសម្ដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង» ។
« ត្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ »។3
ដើម្បីឲ្យត្រូវទៅតាមគោលបំណងដ៏ទេវភាពនៃស្ថានសួគ៌ នោះយើងគាំទ្រព្យាការី ហើយជ្រើសរើសរស់នៅតាមពាក្យសម្ដីរបស់លោក ។
យើងក៏គាំទ្រទីប្រឹក្សារបស់ប្រធាន ម៉នសុន និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ពួកលោកមានសិទ្ធិ អំណាច និងសិទ្ធិអំណាចដើម្បីប្រកាសពីព្រះទ័យ និងព្រះឆន្ទៈរបស់ [ព្រះអម្ចាស់] … នៅក្រោម… ប្រធាននៃសាសនាចក្រ។ 4 ពួកលោកនិយាយនៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ។ ពួកលោកព្យាករណ៍នៅក្នុងនាមព្រះគ្រីស្ទ ។ តាមពាក្យសម្ដីរបស់ពួកលោក យើងស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់ ហើយ យើងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ នៅក្នុងពាក្យសម្ដីរបស់ពួកលោក ។ « ហើយអ្វីក៏ដោយដែលពួកគេនឹងនិយាយ កាលណាបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ នោះនឹងទៅជាបទគម្ពីរ ... ហើយជាព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ » ។ 5 ព្រះអម្ចាស់ផ្ទាល់បានមានបន្ទូលថា ៖ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។6
យើងមានអំណរគុណចំពោះព្រះវិហារ « ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកព្យាការី ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ 7 ដំណាក់នៃព្រះអម្ចាស់ គឺជាដំណាក់នៃរបៀបរៀបរយ ហើយយើងពុំគួរត្រូវបានបញ្ឆោតអំពីកន្លែងស្វែងរកចម្លើយចំពោះសំណួររបស់យើង ឬពុំប្រាកដថាត្រូវដើរតាមសំឡេងណាមួយនោះឡើយ ។ យើងពុំគួរត្រូវ « គ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង» នោះឡើយ ។8 ព្រះបើកសម្ដែងបន្ទូលទ្រង់ តាមរយៈពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ « ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង៖ ទាល់តែយើងរាល់គ្នា បានរួបរួមខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ » ។9 នៅពេលយើងជ្រើសរើសដើម្បីរស់នៅ ស្របតាមពាក្យសម្ដីរបស់ពួកព្យាការី នោះយើងស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅរកភាពល្អឥតខ្ចោះដ៏អស់កល្ប ។
យើងបានរៀនពីអត្ថន័យដើម្បីគាំទ្រដល់ព្យាការី ចេញមកពីម្ដាយទោលម្នាក់ ដែលពុះពារដើម្បីរស់រានមានជីវិត ពេលមានគ្រោះទុរ្ភិក្ស ។ ព្រះអម្ចាស់ បានណែនាំព្យាការី អេលីយ៉ា ឲ្យទៅកាន់ ក្រុងសារិបតា ជាកន្លែងដែលលោកនឹងរកឃើញស្ត្រីមេម៉ាយម្នាក់ ដែលព្រះបានបញ្ជាឲ្យគាំទ្រដល់លោក ។ នៅពេលអេលីយ៉ាចូលដល់ទីក្រុង លោកបានឃើញស្ត្រីនោះកំពុងប្រមូលអូស ។ លោកក៏ហៅនាងថា « សូមយកទឹកក្នុងផ្ដិលមកឲ្យខ្ញុំផឹកបន្ដិច »។10
« កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្ដាំ [ម្ដងទៀត] ថា សូមយកនំប៉័ងបន្ដិចមកឲ្យខ្ញុំផង ។
« តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្ដាប់នៅក្នុងខាប់ នឹងប្រេងបន្ដិចបន្ដួចនៅដបប៉ុណ្ណោះ មើលនៃខ្ញុំកំពុងតែរើសរំកាច់ឈើពីរនេះ ដើម្បីចូលទៅចំអិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ » ។
អេលីយ៉ា បានតបថា « កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំមួយយ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ»។ 11
សូមគិតមួយសន្ទុះអំពីភាពលំបាកចំពោះអ្វីដែលព្យាការីបានសុំម្ដាយដែលស្រេកឃ្លានោះធ្វើ ។ ប្រាកដណាស់ថា ព្រះផ្ទាល់ ទ្រង់អាចផ្ដល់អាហារដល់អ្នកបម្រើស្មោះត្រង់របស់ទ្រង់ ។ ប៉ុន្តែដោយធ្វើកិច្ចការក្នុងព្រះនាមនៃព្រះអម្ចាស់ នោះអេលីយ៉ា បានធ្វើតាមដែលទ្រង់បញ្ជា ឲ្យទៅសុំពីបុត្រីសំណប់ម្នាក់របស់ព្រះឲ្យលះបង់អ្វីគ្រប់យ៉ាង ដើម្បីគាំទ្រដល់ព្យាការី ។
ប៉ុន្តែ អេលីយ៉ា ក៏សន្យាផងដែរនូវពរជ័យមួយចំពោះការគោរពប្រតិបត្តិថា ៖ « ត្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដប ក៏មិនដែលរលោះឡើយ » ។12 ព្រះអម្ចាស់ បានប្រទានដល់ស្ត្រីមេម៉ាយនូវឱកាសដើម្បីជ្រើសរើសជឿ និងគោរពតាមពាក្យសម្ដីរបស់ព្យាការី ។
ក្នុងពិភពលោកមួយ ដែលត្រូវបានគំរាមគំហែងដោយភាពទុរ្ភិក្សខាងសេចក្ដីសុចរិត និងភាពស្រេកឃ្លានខាងវិញ្ញាណ នោះយើងត្រូវបានបញ្ជាឲ្យគាំទ្រព្យាការី ។ នៅពេលយើងគោរពតាម គាំទ្រ និងអះអាងដល់ពាក្យសម្ដីព្យាការី នោះយើងជាសាក្សីថា យើងមានជំនឿដើម្បីចុះចូលដោយរាបសារតាមព្រះឆន្ទៈ ប្រាជ្ញា និង ពេលវេលារបស់ព្រះអម្ចាស់ ។
យើងគោរពតាមពាក្យព្យាការី ទោះជាវាហាក់ដូចជាមិនសមហេតុផល មិនសក្តិសម និងមិនសុខស្រួលក៏ដោយ ។ តាមបទដ្ឋានរបស់លោកិយ ការដើរតាមព្យាការី អាចនឹងគ្មានប្រជាប្រិយ ពុំត្រឹមត្រូវខាងនយោបាយ ឬពុំអាចទទួលយកបានក្នុងសង្គមឡើយ ។ ប៉ុន្តែ ការដើរតាមព្យាការី គឺតែងតែត្រូវជានិច្ច ។ « ត្បិតដែលផ្ទៃមេឃខ្ពស់ ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ » ។13 « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ »។ 14
ព្រះអម្ចាស់ គោរព និងស្រឡាញ់អ្នកទាំងឡាយណាដែលនឹងគោរពតាមការដឹកនាំរបស់ព្យាការី ។ សម្រាប់ស្ត្រីនៅ សេរិបតា ការគោរពប្រតិបត្តិចំពោះអេលីយ៉ា បានសង្គ្រោះជីវិតនាង ហើយទីបំផុតជីវិតកូនៗរបស់នាង ។ ដូចព្យាការីបានសន្យា « នាង ទាំងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគតមកជាយូរថ្ងៃ … ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា » ។15
ព្រះអម្ចាស់ « នឹងចិញ្ចឹមដល់អ្នកទាំងឡាយដែលទុកចិត្តលើទ្រង់ » ។16 ពាក្យសម្ដីរបស់ពួកព្យាការី គឺដូចជានំម៉ានាដល់ព្រលឹងរបស់យើង ។ នៅពេលយើងទទួលទាន នោះយើងត្រូវបានប្រទានពរ ការពារ និងថែរក្សា ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ នៅពេលយើងទទួលពាក្យសម្ដីរបស់ពួកលោក នោះយើងរៀនពីរបៀបដើម្បីមករកព្រះគ្រីស្ទ និងរស់នៅ ។
អែលឌើរ ប៊្រូស អរ ម៉ាក់ខន់ឃី បានសរសេរថា តាមរយៈពួកព្យាការី « ព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតនៃសេចក្ដីសង្គ្រោះ... ជាសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទ ហើយទ្រង់ជាអង្គដែលដឹកនាំ ... ផ្លូវទៅកាន់ជីវិតដ៏អស់កល្ប ។ ... នៅគ្រប់ជំនាន់ ព្រះអម្ចាស់ ប្រទានដល់រាស្ត្រទ្រង់នូវការដឹកនាំ ដែលពួកគេត្រូវការក្នុងគ្រាមហន្តរាយ និងគ្រោះថ្នាក់របស់ពួកគេ ។ ប្រាកដណាស់ នៅជំនាន់ក្រោយ នឹងមានគ្រាជាច្រើនដែលគ្មានអ្វីសោះ ក្រៅពីប្រាជ្ញានៃព្រះ ដែលចុះមកពីស្ថានសួគ៌ ចេញមកពីបបូរមាត់របស់ព្យាការី នឹងអាចសង្គ្រោះដល់រាស្ត្ររបស់ទ្រង់នោះ » ។17
ចំពោះខ្ញុំ ពាក្យសម្ដីរបស់ពួកព្យាការី ដូចបានបង្រៀនដោយគ្រូបង្រៀនក្រុមឡូរ៉លរបស់ខ្ញុំ បានផ្ដល់ជាចក្ខុវិស័យដល់ខ្ញុំ អំពីសណ្ឋាននៃទំនាក់ទំនងអាពាហ៍ពិពាហ៍ក្នុងសេចក្ដីសញ្ញាមួយ ។ ពាក្យសម្ដីរបស់ពួកព្យាការី បានផ្ដល់សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមដល់ខ្ញុំ ដែលខ្ញុំអាចត្រៀមខ្លួន និងទទួលបានគេហដ្ឋានដ៏រីករាយមួយ ។ ការសិក្សាដោយខ្ជាប់ខ្ជួននូវការបង្រៀនរបស់ពួកព្យាការី ទាំងពីជំនាន់បុរាណ និងសម័យបច្ចុប្បន្ន បានគាំទ្រខ្ញុំអំឡុងឆ្នាំដែលនឿយហត់អស់កម្លាំងដ៏ខ្លាំង ជាឆ្នាំដែលត្រូវបង្កើតកូន បង្រៀន និងចិញ្ចឹមកូនប្រាំពីរនាក់នោះ ។ ពាក្យសម្ដីរបស់ពួកព្យាការីក្នុងបទគម្ពីរ និងដែលបានបង្រៀនចេញពីវេទិកានេះ គឺជាពាក្យសម្ដីលួងលោមចិត្ត ក្ដីស្រឡាញ់ កម្លាំង និងចិត្តអរសប្បាយ ក្រសោបជុំវិញយើងទាំងអស់គ្នា ។
ពេលយើងគោរពតាមពាក្យសម្ដីរបស់ពួកព្យាការី នោះយើងស្ថាបនាគេហដ្ឋាន និងជីវិតយើងនៅលើគ្រឹះរឹងមាំដ៏អស់កល្បមួយ « សិលានៃព្រះដ៏ប្រោសលោះ នៃយើងគឺព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ … កាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់គួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ... »។18
យើងមានជម្រើសមួយ ។ យើងអាចជ្រើសរើសមិនអើពើរ មិនខ្វាយខ្វល់ មិនគោរព ឬបះបោរទាស់នឹងបន្ទូលនៃព្រះគ្រីស្ទ ដែលបាននិយាយដោយពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ។ ប៉ុន្តែ ព្រះអង្គសង្គ្រោះ បានបង្រៀនថា អ្នកទាំងឡាយដែលធ្វើដូច្នោះ នឹងត្រូវកាត់ចេញពីរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។19
នៅពេលយើងអានដោយការអធិស្ឋាន និងសិក្សាពាក្យសម្ដីរបស់ព្យាការីដ៏ពិសិដ្ឋ ដោយមានជំនឿលើព្រះគ្រីស្ទ ដោយអស់ពីចិត្ត នោះព្រះវិញ្ញាណបរិសុទ្ធ នឹងនិយាយសេចក្ដីពិតមកក្នុងគំនិត និងដួងចិត្តរបស់យើង ។ សូមឲ្យយើងបើកត្រចៀកស្ដាប់ បើកដួងចិត្ត និងគំនិតដើម្បីយល់ ឲ្យអាថ៌កំបាំងរបស់ព្រះ អាចបានលាតត្រដាងបង្ហាញដល់អ្នកចុះ ។20
ខ្ញុំថ្លែងជាសាក្សីថា យ៉ូសែប ស៊្មីធ គឺជាព្យាការីដែលត្រូវបានហៅដោយព្រះ ដើម្បីស្ដារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងបព្វជិតភាពរបស់ទ្រង់លើផែនដី ។ ហើយខ្ញុំថ្លែងទីបន្ទាល់ថា នៅក្រោមការដឹកនាំរបស់ប្រធានម៉នសុន នោះយើងត្រូវបានដឹកនាំដោយព្យាការីពិតនៃព្រះ ។ សូមឲ្យយើងជ្រើសរើសឈរជាមួយពួកព្យាការី ហើយរស់នៅតាមពាក្យសម្ដីរបស់ពួកលោក រហូតដល់យើងបានរួបរួមក្នុងសេចក្ដីជំនឿ បរិសុទ្ធនៅក្នុងព្រះគ្រីស្ទ ហើយពេញដោយចំណេះដឹងអំពីព្រះរាជបុត្រានៃព្រះ ។ នៅក្នុងព្រះនាមពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។