ឆ្នាំ ២០១០-២០១៩
«ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី?»
១០ 2014


18:18

«ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី?»

បងប្អូន​ប្រុស យើង​ត្រូវ​តែ​ដាក់​ភាពឆ្មើង​ឆ្មៃ​យើង​មួយ​អន្លើរ មើល​ឲ្យ​ហួស​ពីអំនួតយើង ហើយ​ទូល​សួរ​ព្រះ​ដោយ​រាបសា​ថា«ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី?»

វា​ជាយប់​ចុងក្រោយនៅ​ក្នុងជីវិត​នេះ​របស់​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​នៃ​យើង ជា​ល្ងាច​ពី​មុន​ទ្រង់​បាន​ថ្វាយ​អង្គទ្រង់​ដើម្បី​បង់ថ្លៃ​ឲ្យ​មនុស្ស​លោក។ កាល​ទ្រង់បាន​កាច់​នំប៉័ង​ជាមួយ​នឹង​ពួក​សិស្ស​ទ្រង់ ទ្រង់បាន​មាន​បន្ទូល​ពីអ្វីមួយដែល​បំពេញ​ដួងចិត្ត​ពួកគេ​នឹងការ​ព្រួយបារម្ភ និង​​ភាព​សោក​សៅយ៉ាងខ្លាំង។ ទ្រង់បានមានបន្ទូល​ប្រាប់ពួកគេ​ថា «ក្នុង​ពួក​អ្នករាល់គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ»។

ពួកសិស្ស​មិន​បាន​សង្ស័យ​ពី​បន្ទូល​របស់​ទ្រង់​ឡើយ។ ឬក៏​មើល​ជុំវិញខ្លួន ចង្អុលទៅមនុស្ស​ម្នាក់​ផ្សេងទៀត ហើយ​ទូលសួរថា «តើ​គាត់មែនទេ?»

ផ្ទុយទៅវិញ «ពួកគេ​មាន​សេចក្ដីព្រួយ​ជាខ្លាំង ហើយ​ចាប់តាំង​ទូល​សួរ​ទ្រង់ថា ព្រះអម្ចាស់​អើយតើ​ទូលបង្គំឬអី? » 1

ខ្ញុំ​ងឿងឆ្ងល់​ថាតើ​យើង​ម្នាក់ៗ​នឹងធ្វើ​អ្វីទៅ បើ​ព្រះអង្គសង្គ្រោះ​សួរ​សំណួរ​នោះដល់​យើង។ តើ​យើង​នឹង​ក្រឡេក​មើល​អ្នក​នៅជុំវិញខ្លួន​យើង ហើយ​គិត​ក្នុង​​ចិត្ត​ថា «ទ្រង់ប្រហែល​ជា​មាន​បន្ទូល​ពី​បងប្រុស​ ចនសុន​ ហើយ​មើល​ទៅ។ ខ្ញុំ​តែង​ងឿងឆ្ងល់ពី​គាត់» ឬ «ខ្ញុំ​រីករាយដែល​បងប្រុស​ ប្រោន​ នៅទីនេះ។ គាត់ពិត​ជាត្រូវការ​ស្ដាប់​ឮ​សារលិខិត​នេះ»? ឬ​តើ​យើង​នឹង​មើល​មក​ខ្លួន​ឯង ហើយ​ទូលសួរសំណួរ​ដ៏សំខាន់​នោះ ដូចជា​ពួក​សាវក​ពីបុរាណ​ថា៖ «តើ​ទូលបង្គំ​ឬអី?»

ក្នុង​ឃ្លា​ដ៏សាមញ្ញនេះ«ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី?» គឺ​ការ​ចាប់ផ្ដើ​មនៃ​ប្រាជ្ញា និង មាគ៌ា​ឆ្ពោះទៅ​កាន់​ការ​ប្រែចិត្ត​ជឿផ្ទាល់ខ្លួន និង ការ​ផ្លាស់ប្ដូរ​ដ៏អស់​កល្ប​។

រឿង​ប្រៀបប្រដូចនៃផ្កាស្មៅ​ពណ៌លឿង

គ្រាមួយ​​មាន​បុរស​ម្នាក់​ដែល​ចូល​ចិត្ត​ដើរជុំវិញ​តំបន់​គាត់​នាពេលល្ងាច។ ជា​ពិសេស គាត់ទន្ទឹងរង់ចាំ​ដើម្បី​ដើរ​កាត់​ផ្ទះ​អ្នក​ជិត​ខាង​គាត់។ អ្នក​ជិត​ខាង​ម្នាក់​នេះ​បាន​រក្សា​វាលស្មៅមុខផ្ទះ​គាត់​បាន​យ៉ាងស្អាត ដោយ​តែង​មាន​ផ្ការីក និង​ដើម​ឈើ​មានម្លប់ត្រឈឹងត្រឈៃ។ ជាការ​ពិតណាស់ដែល​អ្នក​ជិត​ខាង​ម្នាក់​នេះ​បាន​ខិតខំ​ធ្វើ​ឲ្យ​វាល​ស្មៅ​មុខ​ផ្ទះ​មាន​ភាពស្រស់​ស្អាត។

ប៉ុន្តែ​មាន​ថ្ងៃ​មួយ បុរសនោះបាន​ដើរ​កាត់​ផ្ទះ​អ្នក​ជិត​ខាង​គាត់ ហើយ​បាន​ឃើញ​ផ្កា​ស្មៅ​ពណ៌លឿង​មួយទង​​​នៅ​កណ្ដាល​វាលស្មៅ​ដ៏ស្រស់បំព្រង​នោះ។

វា​មើល​ទៅមិន​ទំនង​សោះ រហូត​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់ផ្អើល។ ហេតុអ្វីបាន​ជា​អ្នកជិតខាង​គាត់​មិន​ដកវា​ចេញ​? តើ​គាត់​មើល​មិន​ឃើញ​វា​ទេឬអី? តើ​មិន​បាន​ដឹង​ថា ផ្កា​ស្មៅ​នោះព្រួស​គ្រាប់បង្កើត​ស្មៅឥតប្រយោជន៍​បន្ថែមទៀត​ទេឬអី?

ផ្កាស្មៅ​មួយ​ទង​នេះបាន​រំខានដល់​ចិត្ត​គាត់ជាខ្លាំង ហើយគាត់ចង់ធ្វើអ្វីមួយ។ តើ​គាត់គួរដក​វា​ចេញ? ឬបាញ់​វា​នឹង​ថ្នាំ​សម្លាប់ស្មៅ? បើ​គាត់​ចេញ​ទៅ​ដោយ​ស្ងាត់ៗនៅ​ពេល​យប់ គាត់អាច​ដកវា​ចេញ​បាន​ដោយ​គ្មាន​គេ​ដឹង។

គំនិត​ទាំងនេះមាន​ពាសពេញ​ក្នុង​គំនិត​គាត់ កាល​គាត់ដើរត្រឡប់​មក​ផ្ទះវិញ។ គាត់បាន​ដើរ​ចូល​ក្នុង​ផ្ទះទាំងមិន​ក្រឡេក​មើល​វាលស្មៅ​មុខ​ផ្ទះ​របស់​ខ្លួន​ឡើយ—ដែល​វា​មាន​សុទ្ធ​តែផ្កា​ស្មៅ​ពណ៌លឿង​រាប់រយ។

ធ្នឹម និង កំទេច

តើ​រឿង​នេះរំឭក​យើង​ពី​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ដែរទេ?

«ហេតុអ្វីបាន​ជា​អ្នក​មើល​ឃើញ​កំទេចដែល​នៅ​ក្នុងភ្នែក​របស់​បងប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹមដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ?  …

«… ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជាមុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់​ អាច​នឹង​យក​កំទេច​ចេញពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន​ដែរ»។2

រឿង​ពី​ធ្នឹម និងកំទេច​នេះហាក់ដូចជា​ទាក់ទង​យ៉ាង​ខ្លាំ​ងទៅនឹង​ការ​ខ្វះសមត្ថភាព​របស់​យើង​ក្នុងការ​មើល​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់។ ខ្ញុំ​មិន​ប្រាកដ​ទេថា ហេតុអ្វីបាន​ជាអាច​ដឹង ហើយ​ណែនាំ​នូវដំណោះស្រាយ​ចំពោះ​ជំងឺ​របស់​អ្នក​ដទៃ​បាន​យ៉ាង​ល្អ កាល​ដែល​យើង​មាន​ការ​ពិបាក​ក្នុង​ការ​មើល​ឃើញ​ពី​ជំងឺ​ខ្លួន​ឯង​ជារឿយៗនោះ។

កាល​ពី​ប៉ុន្មាន​ឆ្នាំមុន មាន​ដំណឹង​រឿងក្នុង​សារព័ត៌មាន​មួយ​អំពី​បុរស​ម្នាក់​ដែលបាន​ជឿ​ថា បើ​គាត់​យក​ទឹក​ក្រូចឆ្មារ​មក​លាប​លើ​មុខគាត់ នោះ​ម៉ាស៊ីន​ថត​មិនអាច​​មើលឃើញ​គាត់បាន​ឡើយ។ ដូច្នេះ គាត់បាន​យក​ទឹកក្រូចឆ្មារ​មក​លាបមុខ ហើយ​ចេញទៅ​ប្លន់​ធនាគារ​ពីរ​កន្លែង។ មិនយូរប៉ុន្មាន​ក្រោយ​មក គាត់ត្រូវបានគេចាប់ខ្លួន ហើយ​ចាក់ផ្សាយ​រូបភាព​គាត់ពេញ​កម្មវិធី​សារព័តមាន​ពេល​ល្ងាច។ ពេល​តម្រួត​បាន​បង្ហាញ​បុរសនោះ​ពី​រូបគាត់​ក្នុង​វីដេអូដែល​ថត​បាន​ពី​ម៉ាស៊ីន​ថត​សុវត្ថិភាព គាត់មិន​ចង់ជឿ​នោះទេ។ គាត់បាន​តវ៉ា​ថា «ប៉ុន្តែ ខ្ញុំ​បាន​លាប​ទឹកក្រូចឆ្មារ​លើ​មុខ​ហើយ!»។3

កាល​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​នៅ​សាកលវិទ្យាល័យ ខនណេល បាន​ឮពី​រឿង​នេះ គាត់បានភ្ញាក់ផ្អើល​ថា មនុស្សម្នាក់​អាច​មិន​ទាន់ដឹងខ្លួន​ពី​ការ​អសមត្ថភាព​របស់ខ្លួន។ ដើម្បី​កំណត់​ថា នេះ​ជាបញ្ហាទូទៅមួយ ឬ​ក៏​មិនមែន មាន​អ្នកស្រាវជ្រាវ​ពី​រនាក់​បាន​អញ្ជើញ​សិស្ស​នៅ​មហាវិទ្យា​ល័យ​ឲ្យ​ចូលរួម​ក្នុង​ការសាកល្បងពី​ជំនាញ​ក្នុង​ជីវិត​ផ្សេងៗគ្នា រួច​សុំ​ឲ្យ​ពួកគេ​ដាក់ចំណាត់ថ្នាក់ដល់ខ្លួន​ឯង។ សិស្ស​ដែលបាន​ពិន្ទុ​ទាបមិន​បាន​​វាយតម្លៃត្រឹមត្រូវ​​ទៅ​លើការ​​ធ្វើការ​សាកល្បង​របស់ខ្លួនឡើយ—ពួកគេ​មួយ​ចំនួនបាន​ប៉ាន់ស្មាន់​ពិន្ទុរបស់​ខ្លួន​ខ្ពស់ជាងពិន្ទុ​ជាក់ស្ដែង​ដល់ទៅប្រាំ​ដង។4

ការ​សិក្សានេះត្រូវ​បាន​គេ​ធ្វើ​សារជាថ្មី​តាមរបៀបជាច្រើន ដោយ​បញ្ជាក់​ម្ដងហើយ​ម្ដងទៀតនូវ​ការ​សន្និដ្ឋាន​ដូច​គ្នា​ថា៖ យើង​ភាគច្រើនពិបាក​មើល​ឃើញ​ពីខ្លួន​ឯង ហើយ​សូម្បីតែ​បុគ្គល​ដ៏ជោគជ័យក៏​ប្រមាណ​ហួសពីសមត្ថភាពខ្លួន ហើយមិន​ឲ្យ​តម្លៃ​ដល់​សមត្ថភាព​របស់​អ្នកដទៃ។5

វាមិន​សំខាន់​ដើម្បី​ប្រមាណ​ហួសថាតើ​យើង​បើក​ឡានល្អប៉ុណ្ណា ឬ​ថាតើ​យើងអាច​វាយគ្រាប់កូនហ្គោល​បាន​ឆ្ងាយ​ប៉ុណ្ណា​នោះទេ។ ប៉ុន្តែ​ពេល​យើង​ចាប់ផ្ដើម​ជឿ​ថា ការ​ខិតខំរបស់​យើងនៅឯ​ផ្ទះ និង​នៅព្រះវិហារ​លើស​ពីភាពជាក់ស្ដែង នោះ​យើង​ធ្វើ​ឲ្យ​ខ្លួនឯង​មើល​មិន​ឃើញ​ពី​ពរជ័យ និង​ឱកាស​ដើម្បី​កែលម្អខ្លួន​តាមរបៀប​ដ៏ចាំបាច់បំផុត​យ៉ាងពិតប្រាកដ។

ភាពងងឹត​ខាង​វិញ្ញាណ

មាន​មិត្ត​ខ្ញុំ​ម្នាក់​ធ្លាប់​រស់នៅ​ក្នុង​វួដ​មួយ​ក្នុង​ចំណោម​វួដ​មួយចំនួន​ដែល​មាន​ស្ថិតិខ្ពស់បំផុត​ក្នុង​សាសនាចក្រ—មាន​អ្នក​ចូល​រួម​ច្រើន ចំនួន​នៃការ​បង្រៀនតាម​ផ្ទះ​មាន​ច្រើន កុមារ​តែងស្ដាប់បង្គាប់ អាហារ​ពេល​ល្ងាច​របស់​វួដ​មាន​នូវ​អាហារ​ឆ្ងុយឆ្ងាញ់​ដែល​សមាជិកស្ទើរ​តែមិន​ចង់​ធ្វើ​ឲ្យ​វា​ជ្រុះ​ទៅ​លើឥដ្ឋ ហើយខ្ញុំ​គិត​ថា ប្រហែលជា​គ្មាន​ការ​ទាស់​ទែងគ្នាទៀតផង។

ក្រោយ​មក​មិត្ត​ខ្ញុំ និង​ភរិយា​គាត់​បាន​ចេញ​បម្រើ​បេសកកម្ម។ បីឆ្នាំ​ក្រោយ​មក ពេល​ពួកគេ​ត្រឡប់មកវិញ ស្វាមីនិងភរិយា​រូបនេះបាន​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយ​ដឹង​ថា អំឡុងពេល​ដែល​ពួកគេ​កំពុងបម្រើ​បេសកកម្ម មាន​ការរៀបការ​ 11 គូ បាន​បញ្ចប់ដោយ​ការ​លែងលះគ្នា។​

ទោះ​ជា​វួដនោះមាននៅ​រាល់ការបញ្ជាក់ខាង​ក្រៅ​ពី​ភាពស្មោះត្រង់ និង កម្លាំង​ក្ដី មាន​រឿង​អកុសល​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ដួងចិត្ត​ និង​ជីវិត​របស់​សមាជិក។ ហើយ​រឿង​ដ៏ស្មុគស្មាញ​នោះ​គឺថា ស្ថានភាពនេះពុំមែន​ជារឿងប្លែក​ទេ។ រឿង​ដ៏អាក្រក់​បែបនេះ ហើយ​ជារឿយៗជារឿង​មិន​ចាំបាច់ វា​កើត​ឡើងពេល​សមាជិក​សាសនាចក្រចាប់ផ្ដើម​ដកខ្លួន​ពី​គោលការណ៍​នៃ​ដំណឹងល្អ។ ពួក​គេអាច​មើល​ពីខាងក្រៅ​ទៅដូចជា​សិស្សនៃព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​ខាង​ក្នុង​ចិត្ត​ពួកគេបាន​ឃ្លាតឆ្ងាយពី​ព្រះអង្គសង្គ្រោះ​ និង​ការ​បង្រៀន​របស់ទ្រង់។ ពួកគេបាន​ងាកបន្តិច​ម្ដងៗ​ចេញពី​រឿងនៃព្រះវិញ្ញាណ ហើយ​ដើរ​ទៅរក​រឿង​ខាង​លោកិយ។

ពួក​អ្នកកាន់បព្វជិតភាពដែល​ធ្លាប់តែមានភាពសក្ដិសមបាន​ចាប់ផ្ដើម​ប្រាប់ខ្លួន​ឯង​ថា សាសនាចក្រ​នេះគឺល្អ​សម្រាប់ស្ត្រី និងកុមារ ប៉ុន្តែ​មិន​ល្អ​សម្រាប់ពួកគេ​នោះទេ។ ឬ​អ្នកខ្លះ​ទៀតបាន​ធ្វើ​ឲ្យ​ជឿ​ថា កាលវិភាគ​ដ៏រវល់​ ឬកាលៈទេសៈខុសពីធម្មតា​របស់ពួកគេបាន​លើកលែងពួកគេ​ពី​ការ​លះបង់ និងការ​បម្រើ​ប្រចាំថ្ងៃ​ដែល​វាជួយរក្សា​​ពួកគេ​ឲ្យ​នៅជិតនឹងព្រះវិញ្ញាណនោះ។ នៅ​ជំនាន់​ដែល​មនុស្ស​គិត​តែពីខ្លួនឯង ហើយ​ស្រឡាញ់​ខ្លួនឯង​ហួសហែតនេះ វា​ងាយ​នឹងមាន​ពាក្យដោះសារ​សម្រាប់​ការ​មិន​ខំ​ខិតទៅរកព្រះ​ក្នុង​ការអធិស្ឋាន​ ការ​ពន្យាពេល​សិក្សា​ព្រះគម្ពីរ ការ​ជៀសវាង​ពីការ​ប្រជុំ​សាសនាចក្រ និង​រាត្រីជួបជុំក្រុមគ្រួសារ ឬ​ការ​បង់ដង្វាយ​មួយភាគក្នុង​ដប់ និងពុំ​បង់​ដង្វា​យ​ផ្សេងទៀត​ដ៏ស្មោះត្រង់។

បងប្អូន​ប្រុសជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​​បងប្អូននឹង​​មើល​ទៅ​ក្នុងចិត្តខ្លួន​ឯង ហើយ​សួរ​សំណួរ​ដ៏សាមញ្ញ​នេះថា៖ «ព្រះអម្ចាស់​អើយ តើ​ទូលបង្គំឬអី?»

តើ​បងប្អូន​ធ្លាប់ដកខ្លួន—សូម្បីតែបន្តិច​—ពី​ «ដំណឹង...ល្អ​នៃ​ព្រះ​ដ៏មានពរ ជាដំណឹង​ដែល​ផ្ញើ​ទុក​នឹង​ [អ្នក] » ដែរទេ? 6 តើ​បងប្អូន​ធ្លាប់អនុញ្ញាតឲ្យ​ «ព្រះ​របស់​លោកិយនេះ» បង្អាប់​​​គំនិត​បងប្អូន​មិន​ឲ្យ​ឃើញ​ «រស្មី​ពន្លឺនៃដំណឹងល្អ​ដែល​សំដែង​ពី​សិរី​ល្អ​នៃព្រះគ្រីស្ទ» ដែរទេ? 7

មិត្ត​ និង​បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​សួរខ្លួន​ឯង​ថា «តើ​ទ្រព្យសម្បត្តិខ្ញុំ​នៅ​ឯណា?»

តើ​ចិត្ត​បងប្អូន​ដាក់លើ​រឿង​ខាង​លោកិយនេះ ឬ​ផ្ដោត​យ៉ាង​ខិតខំ​ទៅលើការ​បង្រៀន​របស់​​ព្រះយេស៊ូវគ្រីស្ទ​​? « ពីព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិតនៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ។8

តើ​ព្រះវិញ្ញាណ​នៃព្រះគង់នៅក្នុង​ចិត្ត​បងប្អូន​ដែរទេ? តើ​បងប្អូន​ត្រូវបាន «ចាក់ឫស ហើយ​តាំង​មាំមួន» ក្នុង​សេចក្ដីស្រឡាញ់​របស់ព្រះ និង អ្នកដទៃ​ដែរទេ? តើ​បងប្អូន​បាន​លះបង់ពេល​ និង​ការច្នៃ​ប្រឌិត​ល្មម​គ្រប់គ្រាន់​ដើម្បី​នាំយក​សុភមង្គល​ទៅកាន់​ការរៀបការ និង គ្រួសារ​បងប្អូន​ដែរទេ? តើ​បងប្អូន​បាន​ផ្ដល់​កម្លាំង​ចំពោះ​គោលដៅដ៏ខ្ពស់បំផុត​នៃ​ការ​យល់ដឹង និង ការ​រស់នៅ​តាម «ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់​» 9 នៃដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញដែរទេ?

បងប្អូន​ប្រុស បើ​បងប្អូន​មាន​បំណង​ប្រាថ្នា​ដ៏ធំ​ដើម្បីបង្កើន​លក្ខណៈដូចជាព្រះគ្រីស្ទ​ស្ដីពី «សេចក្ដីជំនឿ គុណធម៌ ដំរិះ សេចក្ដី​អត់សង្កត់ សេចក្ដីអត់ធន់ សេចក្ដីរាប់អាន​គ្នា​ជាបងប្អូន សេចក្ដីកោត​ខ្លាចដល់​ព្រះ សេចក្ដីសប្បុរស សេចក្ដីទាបរាបសា [ និង​ការ​បម្រើ]» 10 ព្រះវរបិតា​សួគ៌​នឹង​ធ្វើ​ឲ្យ​បងប្អូន​ក្លាយ​ជា​ឧបករណ៍​មួយ​ក្នុង​ព្រះហស្ដ​ទ្រង់សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​ព្រលឹង​ជាច្រើន។​11

ជីវិត​សាកល្បង

បងប្អូន​ប្រុស គ្មាន​យើង​ណា​ម្នាក់​ចូល​ចិត្ត​សារភាពឡើយ ពេល​យើង​បរាជ័យ​ក្នុងការ​បំពេញ​កិច្ចការ​របស់​យើង​នោះ។ ជារឿយៗ យើង​ព្យាយាម​ជៀសវាង​ការ​មើល​ចូល​យ៉ាងជ្រៅ​ទៅ​ក្នុង​ព្រលឹង​យើង និង​ការ​ប្រឈម​នឹង​ភាពទន់ខ្សោយ ដែនកំណត់ និង​ភាពភ័យ​ខ្លាច​រ​បស់​យើង។ ជាលទ្ធផល ពេល​យើង​​ដក​ពិសោធន៍ជីវិត​ពិតយើង យើង​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​គំនិត​ផ្ទាល់ខ្លួន ការ​ដោះសារ និង​រឿង​ដែល​ប្រាប់ខ្លួន​ឯង​ ដើម្បី​ឲ្យ​ការ​ពារ​គំនិត និង ទង្វើ​មិន​សក្ដិសម។

ប៉ុន្តែ​ការ​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង​ឲ្យ​ច្បាស់គឺជា​កត្តា​ដ៏ចាំបាច់​ចំពោះ​សុខុមាល​ភាព​ និង​ការរីកចម្រើន​ខា​ងវិញ្ញាណ​របស់​យើង។ បើ​ភាពទន់ខ្សោយ​ និង​កំហុស​របស់យើងបន្ត​លាក់ទុក នោះ​ព្រះចេស្ដាដ៏​ប្រោសលោះ​នៃ​ព្រះអង្គសង្គ្រោះមិន​អាច​ព្យាបាល​វា ហើយ​ធ្វើ​ឲ្យ​វា​វឹងមាំ​បាន​ឡើយ។​12 ជាអកុសល​ កាល​យើងខ្វះ​ការ​យល់​ដឹង​​ចំពោះ​ភាពទន់ខ្សោយ​របស់​យើង​ក្នុង​នាម​ជាមនុស្ស ក៏នឹង​ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើញ​ពី​សក្ដានុពល​ដ៏ទេវភាព​ថា ព្រះ​វរបិតា​យើង​ចង់​ឲ្យ​យើងចិញ្ចឹមបីបាច់​ដល់​ខ្លួនយើង​ម្នាក់ៗផងដែរ។

ដូច្នេះ តើ​យើងអាច​បំភ្លឺ​ពន្លឺដ៏បរិសុទ្ធ​នៃ​សេចក្ដីពិត​របស់​ព្រះ​ចូល​ទៅ​ក្នុង​ព្រលឹង​យើង​ ហើយ​មើល​ឃើញ​ខ្លួន​ឯង​ ដូចជាទ្រង់​ទតឃើញ​យើង​តាម​របៀប​ណា?

ខ្ញុំ​សូម​ឲ្យ​យោបល់​ថា ព្រះគម្ពីរ​បរិសុទ្ធ និង សុន្ទរកថា​ដែល​ផ្ដល់​ឲ្យ​ក្នុង​សន្និសីទទូទៅគឺជា​កញ្ចក់ឆ្លុះបញ្ចាំង​ដ៏មាន​ប្រសិទ្ធភាព​មួយ​ដែល​យើងអាច​យក​មក​ឆ្លុះមើល​ខ្លួន​ឯង​បាន។

កាល​បងប្អូន​ស្ដាប់ឮ ឬ​អាន​សម្ដី​នៃ​ពួក​ព្យាការី​ពីបុរាណ​ និង​សម័យ​បច្ចុប្បន្ន សូម​កុំ​គិត​ពី​របៀប​ដែល​ពាក្យសម្ដីទាំងនោះ​អនុវត្ត​ចំពោះ​អ្នកដទៃ ហើយ​សួរ​នូវ​សំណួរ​ដ៏សាមញ្ញ​នេះ​ថា៖ «ព្រះអម្ចាស់​អើយ តើ​ទូលបង្គំឬអី?»

យើង​ត្រូវ​ទូល​ទៅ​ព្រះវរបិតា​យើង​ដោយ​ចិត្តសង្រេង និង​គំនិត​ដែល​ងាយបង្រៀន។ យើង​ត្រូវ​យល់ព្រម​រៀន ហើយ​ផ្លាស់ប្ដូរ។ ហើយ​យើង​ទទួលបាន​យ៉ាងច្រើន ដោយ​ការ​តាំង​ចិត្ត​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដែល​ព្រះវរបិតាចង់​បានសម្រាប់​យើង។

ជន​ដែល​មិនប្រាថ្នា ចង់​រៀន ហើយមិនចង់​ផ្លាស់ប្ដូរ ប្រហែល​ជា​មិន​ រៀននិងមិនផ្លាស់ប្ដូរហើយ​ទំនង​ជា​ចាប់ផ្ដើម​ងឿងឆ្ងល់​ថាតើ​សាសនាចក្រនេះមាន​អ្វីសម្រាប់ពួកគេ​ដែរឬអត់។

ប៉ុន្តែ​ជន​ដែល​ចង់ប្រសើរ ហើយ​រីកចម្រើន ជន​ដែល​រៀន​ពី​ព្រះអង្គសង្គ្រោះ ហើយ​ចង់​ក្លាយ​ដូចជាទ្រង់ ជនដែល​បន្ទាបខ្លួនដូចជាកូនក្មេង ហើយ​ខំធ្វើ​ឲ្យ​គំនិត និងទង្វើ​ខ្លួន​មាន​ភាពសុខដុម​ជាមួយ​នឹង​ព្រះវរបិតាយើង—ពួកគេ​នឹង​ជួប​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ។ ពួកគេនឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដ៏​ល្អ​បំផុត​របស់​ព្រះ​យ៉ាងប្រាកដ។ ពួកគេ​នឹង​ភ្លក់នូវ​សេចក្ដីអំណរ​ដែល​មិន​អាច​រៀបរាប់បាន ដែលជាផល​ផ្លៃ​នៃ​ចិត្តទន់ទាប ហើយ​រាបសា។ ពួកគេ​នឹង​មាន​ពរដោយ​មាន​បំណង​ប្រាថ្នា និង​ការ​តាំង​ចិត្តក្លាយ​ជា​សិស្សដ៏ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ។

ព្រះចេស្ដា​នៃព្រះ

នៅ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ធ្លាប់​មាន​ឱកាស​ដើម្បី​អង្អែលស្មារបុរសស្ត្រីដ៏ឈ្លាសវៃបំផុត​មួយ​ចំនួននៅ​ក្នុង​ពិភពលោកនេះ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចាប់អារម្មណ៍​នឹង​ជនដែល​បាន​រៀនសូត មាន​ជោគជ័យ និង​មាន​ការ​កោតសរសើរ​ពី​ពិភពលោក។ ប៉ុន្តែយូរប៉ុន្មាន ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នៅ​ឆ្ងាយ​ពី​ចំណាប់អារម្មណ​របស់​មនុស្សដ៏អស្ចារ្យ ហើយ​មានពរ​ទាំងនោះ ជាអ្នកដែលល្អ ហើយ​ស្មោះត្រង់ពិត។

ហើយ​នោះ​ពុំមែនជាដំណឹងល្អ និង​អ្វីដែល​ដំណឹងល្អមាន​សម្រាប់​យើងទេឬអី? វា​ជាដំណឹងល្អ ហើយ​វាជួយ​យើងឲ្យ​ក្លាយ​ជាមនុស្ស​ល្អ។

សម្ដី​របស់​សាវក​យ៉ាកុបអនុវត្ត​ចំពោះ​យើង​នៅសព្វថ្ងៃនេះ៖

«ព្រះទ្រង់ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្ដល់ព្រះគុណ​មក​ពួក​រាបសាវិញ។ …

«ចូរ​បន្ទាប​ខ្លួននៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នករាល់គ្នា​ឡើង»។​13

បងប្អូន​ប្រុស យើង​ត្រូវ​តែ​ដាក់​ភាពឆ្មើង​ឆ្មៃ​យើង​មួយ​អន្លើរ មើល​ឲ្យ​ហួស​ពីអំនួតយើង ហើយ​ទូល​សួរ​ព្រះ​ដោយ​រាបសា​ថា«ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី?»

ហើយ​បើចម្លើយ​របស់ព្រះអម្ចាស់​ អាចតប​ថា «ពិតណាស់ បុត្រ​យើង​អើយ មាន​រឿងជាច្រើន​ដែល​អ្នក​ត្រូវ​កែលម្អ ជារឿង​ដែល​យើង​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះបាន» ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ទទួលយក​ចម្លើយ​នេះ ទទួល​ស្គាល់អំពើបាប និង កំហុស​យើង​ដោយ​រាបសា ហើយ​ផ្លាស់​ប្ដូរ​មាគ៌ា​រ​បស់​យើង ដោយ​ក្លាយ​ជា​ស្វាមីកាន់​តែ​ល្អ ឪពុកកាន់​តែ​ល្អ និង​កូនប្រុស​កាន់​តែ​ល្អ​ ។ ចាប់ពេល​នេះ​តទៅ សូម​ឲ្យ​យើង​ស្វែងរក​ឲ្យ​អស់​ពី​ព្រលឹង​របស់​យើង​ដើម្បី​ដើរ​ដោយ​រឹងមាំ​លើមាគ៌ាដ៏មាន​ពរ​របស់​ព្រះអង្គសង្គ្រោះ—ពី​ព្រោះ​ការ​មើល​ឃើញ​ខ្លួន​ឯង​ឲ្យ​ច្បាស់​គឺជា​ការ​ចាប់ផ្ដើម​នៃប្រាជ្ញា។

ពេល​យើងធ្វើដូច្នេះ ព្រះនៃ​យើង​នឹង​ដឹកនាំ​យើង​ដោយ​ព្រះហស្ដទ្រង់ ៖ យើង​​នឹង «ធ្វើ​ឲ្យ​ជាខ្លាំង ហើយ​បាន​ព្រះពរមក​ពីស្ថានខ្ពស់»។14

មិត្ត​ជាទីស្រឡាញ់ ជំហានទីមួយនៅ​លើ​មាគ៌ាដ៏អស្ចារ្យ ហើយ​រីករាយនៃ​ភាពជាសិស្សពិត​នេះ ​ចាប់ផ្ដើម​នឹង​ការ​សួរ​សំណួរ​ដ៏សាមញ្ញ​ថា៖

« ព្រះអម្ចាស់​អើយតើ​ទូលបង្គំឬអី?»

ខ្ញុំ​សូម​ថ្លែទីបន្ទាល់​ពីការណ៍​នេះ ហើយ​ទុកពរជ័យ​ខ្ញុំ​នឹងបងប្អូន​រាល់គ្នា ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់​​ចំណាំ

  1. ម៉ាថាយ 26:21–22 ការ​គូស​បញ្ជាក់​បាន​បន្ថែម។

  2. ម៉ាថាយ 7:3, 5

  3. សូមមើល Errol Morris «The Anosognosic’s Dilemma: Something’s Wrong but You’ll Never Know What It Is» New York Times ថ្ងៃ​ទី  20 ខែ មិថុនា ឆ្នាំ 2010, opinionator.blogs.nytimes.com/2010/06/20/the-anosognosics-dilemma-1។

  4. សូមមើល Justin Kruger and David Dunning, “Unskilled and Unaware of It: How Difficulties in Recognizing One’s Own Incompetence Lead to Inflated Self-Assessments» Journal of Personality and Social Psychology ខែ ធ្នូ ឆ្នាំ 1999 ទំព័រ 1121–34។ «ក្នុង​ចំណោម​ការ​សិក្សា​ចំនួន 4 ពូក​អ្នកនិពន្ធបាន​រកឃើញ​ថា ពួក​អ្នកចូលរួមដែល​មាន​ពិន្ទុទាបបំផុត​ 25 ភាគរយនៃ​ការ​កំប្លែង វេយ្យាករណ៍ និង កត្តវិជ្ជា​ប៉ាន់ស្មានហួសពី​សមត្ថភាពធ្វើ​តេស៍​របស់ខ្លួន។ ទោះជា​ពិន្ទុប្រឡង​ពួកគេ​ទាប ដាក់​ពួកគេ​នៅ​ក្នុង​ភាគរយទី 12 ក៏ពួកគេ​នៅតែគិតថាពួកគេនៅ​ក្នុងទី 62 ដែរ » (from the abstract at http://psycnet.apa.org/?&fa=main.doiLanding&doi=10.1037/0022–3514.77.6.1121)។

  5. សូមមើល Marshall Goldsmith What Got You Here Won’t Get You There (ឆ្នាំ 2007) ជំពូក​ទី 3។ អ្នកស្រាវជ្រាវ​នោះ​បាន​សួរ​ដៃគូបីនាក់ឲ្យ​ដាក់ពិន្ទុកពី​សមត្ថភាពខ្លួន​ដើម្បីធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ជោគជ័យ។ សមត្ថភាព​ពួកគេបាន​បន្ថែមរហូតដល់ 150 ភាគ​រយ។

  6. ធីម៉ូថេទី  1 1:11

  7. កូរិនថូសទី 2 4:4

  8. លូកា 12:34

  9. អេភេសូ 3:18

  10. គោលលទ្ធិ និង សេចក្តី​សញ្ញា 4:6

  11. សូមមើល អាលម៉ា 17:11

  12. សូមមើល អេធើរ 12:27 ។

  13. យ៉ាកុប 4:6, 10

  14. គោលលទ្ធិ និង សេចក្តី​សញ្ញា 1:28