ជំពូកទី ១១
ប្រាក់របស់សាសន៍នីហ្វៃត្រូវបានចែងប្រាប់ — អាមូលេកដេញដោលគ្នាជាមួយនឹងស៊ីអែសរ៉ុម — ព្រះគ្រីស្ទនឹងពុំសង្គ្រោះមនុស្ស ដែលនៅក្នុងអំពើបាបឡើយ — មានតែពួកអ្នកដែលគ្រងនគរស្ថានសួគ៌ទុកជាមរតកទេ ដែលនឹងបានសង្គ្រោះ — មនុស្សលោកទាំងអស់នឹងរស់ពីស្លាប់ឡើងវិញនៅក្នុងអមតភាព — គ្មានសេចក្ដីស្លាប់ទេ បន្ទាប់ពីដំណើររស់ឡើងវិញ។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ឥឡូវនេះ នៅក្នុងក្រឹត្យវិន័យនៃហ្លួងម៉ូសាយ បានចែងថា ជនគ្រប់រូបដែលជាចៅក្រមនៃច្បាប់ ឬក៏អស់អ្នកណាដែលត្រូវបានតែងតាំងឡើងជាចៅក្រម នឹងបានទទួលឈ្នួល តាមពេលវេលា ដែលគេបានធ្វើការជំនុំជំរះដល់ពួកអ្នកដែលបាននាំមកចំពោះមុខគេ ដើម្បីជំនុំជំរះនោះ។
២ឥឡូវនេះ បើសិនជាមនុស្សម្នាក់ជំពាក់អ្នកផ្សេងទៀត ហើយជននោះពុំសងបំណុលនោះទេ ហើយត្រូវគេប្ដឹងទៅដល់ចៅក្រម ហើយចៅក្រមអនុវត្តអំណាច ហើយចាត់ពួកភ្នាក់ងារឲ្យទៅនាំជននោះមកចំពោះចៅក្រម ហើយចៅក្រមក៏ជំនុំជំរះជននោះតាមច្បាប់ និងភស្តុតាងទាំងឡាយ ដែលបានយកមកទាស់នឹងជននោះ ហើយដោយហេតុនេះ ជននោះត្រូវបង្ខំឲ្យសងនូវអ្វីៗ ដែលខ្លួនជំពាក់គេ បើពុំសងទេ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិ ឬក៏ត្រូវបណ្ដេញចេញពីចំណោមពួកប្រជាជន ដូចជាចោរលួច និងចោរប្លន់។
៣ហើយចៅក្រមទទួលឈ្នួលតាមពេលវេលារបស់ខ្លួន — មាសមួយស៊ីណាញសម្រាប់មួយថ្ងៃ ឬប្រាក់មួយស៊ីនុម ដែលស្មើទៅនឹងមាសមួយស៊ីណាញ ហើយនេះគឺស្របតាមច្បាប់ដែលបានចែងទុក។
៤ឥឡូវនេះ គឺជាឈ្មោះមាស និងប្រាក់ផ្សេងៗ តាមតម្លៃវា។ ឯឈ្មោះទាំងនេះត្រូវបានដាក់ដោយពួកសាសន៍នីហ្វៃ ព្រោះពួកគេ ពុំបានគិតតាមរបៀបពួកសាសន៍យូដា ដែលនៅក្រុងយេរូសាឡិមទេ ហើយពួកគេក៏ពុំវាស់តាមរបៀបពួកសាសន៍យូដាដែរ ប៉ុន្តែពួកគេបានកែប្រែការគិតគូររបស់ពួកគេ និងការវាស់របស់ពួកគេ ស្របទៅនឹងគំនិត និងកាលៈទេសៈ នៃប្រជាជនគ្រប់ជំនាន់ រហូតមកដល់រជ្ជកាលនៃពួកចៅក្រម ដែលបានបង្កើតឡើង ដោយស្ដេចម៉ូសាយ។
៥ឥឡូវនេះ ការគិតគូរបានស្គាល់ដូចតទៅនេះ — មាសមួយស៊ីណាញ មាសមួយស៊ីអុន មាសមួយស៊ុម និងមាសមួយលិមណា។
៦ប្រាក់មួយស៊ីនុម ប្រាក់មួយអាំណូរ ប្រាក់មួយអែសរុម និងប្រាក់មួយអុនតៃ។
៧ប្រាក់មួយស៊ីនុមស្មើនឹងមាសមួយស៊ីណាញ ឯណាមួយក៏ស្មើនឹងស្រូវឱកមួយរង្វាល់ ហើយក៏ស្មើនឹងមួយរង្វាល់នៃគ្រាប់ធញ្ញជាតិគ្រប់មុខ។
៨ឥឡូវនេះ ចំនួនមាសមួយស៊ីអុន មានតម្លៃស្មើនឹងពីរស៊ីណាញ។
៩ហើយមាសមួយស៊ុម មានតម្លៃស្មើនឹងពីរស៊ីអុន។
១០ហើយមាសមួយលិមណា មានតម្លៃស្មើនឹងចំនួនទាំងអស់នោះបូករួមមក។
១១ហើយប្រាក់មួយអាំណូរស្មើនឹងពីរស៊ីនុម។
១២ហើយប្រាក់មួយអែសរុមស្មើនឹងបួនស៊ីនុម។
១៣ហើយមួយអុនតៃស្មើនឹងវត្ថុទាំងអស់នោះបូករួមមក។
១៤ឥឡូវនេះ នេះហើយជាតម្លៃនៃលេខតូចជាងក្នុងក្បួនរាប់របស់គេ —
១៥មួយស៊ិបឡុនស្មើនឹងកន្លះស៊ីនុម ហេតុដូច្នេះហើយ មួយស៊ិបឡុនស្មើនឹងកន្លះរង្វាល់ស្រូវឱក។
១៦ហើយមួយស៊ិបលុមស្មើនឹងកន្លះស៊ិបឡុន។
១៧ហើយមួយលេអាស្មើនឹងកន្លះស៊ិបលុម។
១៨ឥឡូវនេះ នេះហើយជាលេខរបស់គេ ស្របតាមក្បួនរាប់របស់គេ។
១៩ឥឡូវនេះ មាសមួយអាន់ទីអូនស្មើនឹងបីស៊ិបឡុន។
២០ឥឡូវនេះ ក្នុងគោលបំណងចង់បានកម្រៃតែប៉ុណ្ណោះ ពីព្រោះពួកគេទទួលប្រាក់ខែតាមមុខការ ហេតុដូច្នេះហើយ ពួកគេបានចាក់រុកឲ្យប្រជាជនឈ្លោះវាយតប់គ្នា ហើយមានការច្របូកច្របល់ និងអំពើទុច្ចរិតគ្រប់បែបយ៉ាង ដើម្បីឲ្យពួកគេអាចមានការធ្វើច្រើនថែមឡើងទៀត ដើម្បីពួកគេអាចរកប្រាក់បានតាមបណ្ដឹងទាំងឡាយ ដែលគេបានប្ដឹង ហេតុដូច្នេះហើយ ពួកគេបានចាក់រុកឲ្យប្រជាជនទាស់នឹងអាលម៉ា និងអាមូលេក។
២១ហើយស៊ីអែសរ៉ុមនេះឯងបានចាប់ផ្ដើមចោទសួរអាមូលេកថា ៖ តើអ្នកនឹងឆ្លើយនូវសំនួរបន្តិចបន្តួច ដែលខ្ញុំនឹងសួរអ្នកឬទេ? ឥឡូវនេះ ស៊ីអែសរ៉ុម ជាមនុស្សដែលស្ទាត់ជំនាញនឹងមធ្យោបាយទាំងឡាយនៃអារក្ស ដើម្បីគាត់អាចបំផ្លាញចោលនូវអ្វីៗដែលល្អ ហេតុដូច្នេះហើយ គាត់បាននិយាយទៅកាន់អាមូលេកថា ៖ តើអ្នកនឹងឆ្លើយនូវសំនួរទាំងឡាយដែលខ្ញុំនឹងសួរអ្នកឬទេ?
២២ហើយអាមូលេកបានតបទៅគាត់ថា ៖ មែនហើយ បើសិនជាស្របតាមព្រះវិញ្ញាណនៃព្រះអម្ចាស់ដែលនៅក្នុងខ្លួនខ្ញុំ ត្បិតខ្ញុំនឹងពុំនិយាយអ្វីដែលផ្ទុយនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ឡើយ។ ហើយស៊ីអែសរ៉ុមបាននិយាយទៅលោកថា ៖ មើលចុះ នេះគឺប្រាក់ប្រាំមួយអុនតៃ ហើយខ្ញុំនឹងប្រគល់ប្រាក់ទាំងអស់នេះដល់អ្នក បើសិនជាអ្នកព្រមបដិសេធថា គ្មានព្រះដ៏ខ្ពស់បំផុតឡើយនោះ។
២៣ឥឡូវនេះ អាមូលេកបាននិយាយថា ៖ នែ៎ កូននៃស្ថាននរកអើយ ហេតុអ្វីបានជាអ្នកមកល្បួងខ្ញុំ? តើអ្នកដឹងទេថា ពួកសុចរិតពុំដែលបណ្ដោយតាមការល្បួងបែបនេះឡើយ?
២៤តើអ្នកជឿថាគ្មានព្រះឬ? ខ្ញុំសូមប្រាប់អ្នកថា ទេ អ្នកដឹងថា មានព្រះមួយអង្គពិត ប៉ុន្តែអ្នកស្រឡាញ់ប្រយោជន៍ជាងព្រះអង្គ។
២៥ហើយឥឡូវនេះ អ្នកបានកុហកដល់ខ្ញុំនៅចំពោះព្រះ។ អ្នកបាននិយាយមកខ្ញុំថា — មើលចុះ នេះគឺប្រាំមួយអុនតៃ ដែលមានតម្លៃយ៉ាងច្រើន ខ្ញុំនឹងឲ្យដល់អ្នក — តែនៅពេលនោះ នៅក្នុងចិត្តរបស់អ្នក អ្នកពុំចង់ឲ្យខ្ញុំទេ ហើយអ្នកមានបំណងចង់ឲ្យខ្ញុំបដិសេធព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅតែប៉ុណ្ណោះ ដើម្បីអ្នកអាចមានហេតុនឹងបំផ្លាញខ្ញុំទេតើ។ ហើយឥឡូវនេះ មើលចុះ សម្រាប់អំពើអាក្រក់ដ៏ធំនេះ អ្នកនឹងបានទទួលរង្វាន់ហើយ។
២៦ហើយស៊ីអែសរ៉ុមបាននិយាយទៅលោកថា ៖ តើអ្នកនិយាយថា មានព្រះមួយអង្គដ៏ពិត ហើយមានព្រះជន្មរស់នៅឬ?
២៧ហើយអាមូលេកបានឆ្លើយថា ៖ មែនហើយ មានព្រះមួយអង្គដ៏ពិត ហើយមានព្រះជន្មរស់នៅ។
២៨ឥឡូវនេះ ស៊ីអែសរ៉ុមបាននិយាយថា ៖ តើមានព្រះច្រើនជាងមួយអង្គឬ?
២៩ហើយលោកបានឆ្លើយថា ៖ ទេ។
៣០ឥឡូវនេះ ស៊ីអែសរ៉ុមបាននិយាយទៅលោកទៀតថា ៖ ហេតុដូចម្ដេចក៏អ្នកដឹងរឿងទាំងនេះ?
៣១ហើយលោកបានឆ្លើយថា ៖ ទេវតាមួយបានប្រាប់រឿងនោះឲ្យខ្ញុំដឹង។
៣២ហើយស៊ីអែសរ៉ុមបាននិយាយទៀតថា ៖ តើនរណាទៅដែលនឹងយាងមក? ជាព្រះរាជបុត្រានៃព្រះមែនទេ?
៣៣ហើយលោកបានតបទៅគាត់ថា ៖ មែនហើយ។
៣៤ហើយស៊ីអែសរ៉ុមបាននិយាយទៀតថា ៖ តើព្រះអង្គនឹងជួយសង្គ្រោះរាស្ត្ររបស់ព្រះអង្គ ក្នុងអំពើបាបទាំងឡាយរបស់ពួកគេឬ? ហើយអាមូលេកបានឆ្លើយ ហើយតបទៅគាត់ថា ៖ ខ្ញុំសូមប្រាប់អ្នកថា ព្រះអង្គនឹងពុំធ្វើដូច្នោះឡើយ ត្បិតព្រះអង្គពុំអាចបដិសេធពាក្យរបស់ព្រះអង្គបានឡើយ។
៣៥ឥឡូវនេះ ស៊ីអែសរ៉ុមបាននិយាយទៅប្រជាជនថា ៖ សូមអ្នករាល់គ្នាចាំនូវរឿងទាំងនេះចុះ ព្រោះមនុស្សនេះបានពោលថា មានព្រះតែមួយអង្គប៉ុណ្ណោះ ក៏ប៉ុន្តែលោកបានថា ព្រះរាជបុត្រានៃព្រះនឹងយាងមក ប៉ុន្តែព្រះអង្គនឹងពុំសង្គ្រោះរាស្ត្ររបស់ព្រះអង្គឡើយ — ហាក់ដូចជាខ្លួនលោកមានសិទ្ធិអំណាចបញ្ជាដល់ព្រះដូច្នោះ។
៣៦ឥឡូវនេះ អាមូលេកបានតបទៅគាត់ទៀតថា ៖ មើលចុះ អ្នកកុហកទេ ព្រោះអ្នកបាននិយាយថា ខ្ញុំនិយាយបីដូចជាខ្ញុំមានសិទ្ធិអំណាចនឹងបញ្ជាដល់ព្រះវិញ ពីព្រោះខ្ញុំបាននិយាយថា ព្រះអង្គនឹងពុំសង្គ្រោះរាស្ត្ររបស់ព្រះអង្គក្នុងអំពើបាបទាំងឡាយរបស់ពួកគេទេតើ។
៣៧ហើយខ្ញុំសូមប្រាប់អ្នកទៀតថា ព្រះអង្គពុំអាចសង្គ្រោះពួកគេក្នុងអំពើបាបទាំងឡាយរបស់ពួកគេបានឡើយ ត្បិតខ្ញុំពុំអាចបដិសេធព្រះបន្ទូលរបស់ព្រះអង្គបានទេ ហើយព្រះអង្គទ្រង់មានព្រះបន្ទូលថា គ្មានអ្វីដែលឥតស្អាតអាចគ្រងនគរស្ថានសួគ៌ទុកជាមរតក បានឡើយ ហេតុដូច្នេះហើយ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នានឹងសង្គ្រោះបាន លើកលែងតែអ្នកគ្រងនគរស្ថានសួគ៌ទុកជាមរតកជាមុនសិន? ហេតុដូច្នេះហើយ អ្នករាល់គ្នានឹងពុំអាចបានសង្គ្រោះ ក្នុងអំពើបាបទាំងឡាយរបស់អ្នកឡើយ។
៣៨ឥឡូវនេះ ស៊ីអែសរ៉ុមបាននិយាយទៅលោកទៀតថា ៖ តើព្រះរាជបុត្រានៃព្រះ គឺជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចឬ?
៣៩ហើយអាមូលេកបានតបទៅគាត់ថា ៖ មែនហើយ ព្រះអង្គ គឺជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចតែមួយនៃស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើនៅលើនោះទាំងអស់ ព្រះអង្គជាដើមដំបូង និងជាចុង គឺជាមុន និងជាចុងក្រោយបង្អស់។
៤០ហើយព្រះអង្គនឹងយាងមកឯលោកិយ ដើម្បីមកប្រោសលោះរាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងទទួលដាក់លើព្រះអង្គនូវអំពើរំលងទាំងឡាយនៃអស់អ្នកណាដែលជឿដល់ព្រះនាមព្រះអង្គ គឺពួកគេនេះហើយដែលនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយគ្មាន សេចក្ដីសង្គ្រោះនឹងមកដល់អ្នកណាផ្សេងឡើយ។
៤១ហេតុដូច្នេះហើយ ពួកទុច្ចរិតនឹងនៅដូច្នេះ ហាក់ដូចជាគ្មានការប្រោសលោះបានកើតឡើង លើកលែងតែការបន្ធូរនូវចំណងទាំងឡាយនៃសេចក្ដីស្លាប់ប៉ុណ្ណោះ ត្បិតមើលចុះ ថ្ងៃនោះនឹងមកដល់ កាលមនុស្សទាំងអស់នឹងរស់ពីស្លាប់ឡើងវិញ ហើយឈរនៅចំពោះព្រះ ហើយទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយដែលខ្លួនបានប្រព្រឹត្ត។
៤២ឥឡូវនេះ មានសេចក្ដីស្លាប់មួយដែលហៅថា សេចក្ដីស្លាប់ខាងសាច់ឈាម ហើយការសុគតនៃព្រះគ្រីស្ទនឹងផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ខាងសាច់ឈាមនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចបានរស់ឡើងវិញពីសេចក្ដីស្លាប់ខាងសាច់ឈាមនេះ។
៤៣វិញ្ញាណ និងរូបកាយនឹងផ្គុំគ្នាជាថ្មីក្នុងប្រាណដ៏ល្អឥតខ្ចោះ អវយវៈទាំងអស់នឹងត្រូវបានផ្គុំគ្នាវិញដោយត្រឹមត្រូវ ដូចជារូបរាងយើងក្នុងពេលនេះដែរ ហើយយើងនឹងបាននាំទៅឈរនៅចំពោះព្រះ ដោយដឹងនូវអ្វីៗដូចជាយើងដឹងក្នុងពេលឥឡូវនេះ ហើយនឹងនឹកឃើញឡើងវិញយ៉ាងជាក់ច្បាស់នូវអស់ទាំងទោសកំហុសរបស់យើង។
៤៤ឥឡូវនេះ ការសាងឡើងវិញនេះ នឹងកើតឡើងដល់មនុស្សទាំងអស់ ទាំងចាស់ទាំងក្មេង ទាំងបាវគេ និងអ្នកសេរី ទាំងប្រុស ទាំងស្រី ទាំងពួកទុច្ចរិត និងពួកសុចរិត ហើយសូម្បីតែសក់មួយសរសៃនៅលើក្បាលពួកគេក៏ពុំបាត់ផង អ្វីៗគ្រប់យ៉ាងនឹងបានប្រោសឡើងវិញ ជារូបរាងដ៏ល្អឥតខ្ចោះ ដូចជាក្នុងពេលឥឡូវនេះ ឬនៅក្នុងរូបកាយដែរ ហើយនឹងបាននាំមក ហើយហៅឲ្យឆ្លើយខាងមុខវេទិកានៃព្រះគ្រីស្ទដ៏ជាព្រះរាជបុត្រា និងព្រះវរបិតាដ៏ជាព្រះ និងព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះដ៏នៅអស់កល្បជានិច្ចតែមួយ ដើម្បីទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយដែលខ្លួនបានប្រព្រឹត្តដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់។
៤៥ឥឡូវនេះ មើលចុះ ខ្ញុំបានប្រាប់អ្នកអំពីសេចក្ដីស្លាប់នៃរូបកាយដែលរមែងស្លាប់ និងព្រមទាំងអំពីដំណើររស់ឡើងវិញនៃរូបកាយដែលរមែងស្លាប់ដែរ។ ខ្ញុំសូមប្រាប់អ្នកថា រូបកាយដែលរមែងស្លាប់នេះ នឹងត្រូវបានប្រោសទៅជារូបកាយអមត គឺប្រោសពីសេចក្ដីស្លាប់ ដែលជាសេចក្ដីស្លាប់ដំបូងឲ្យមានជីវិតឡើងវិញ ដើម្បីកុំឲ្យពួកគេស្លាប់ទៀតឡើយ វិញ្ញាណរបស់ពួកគេនឹងមករួមជាមួយនឹងរូបកាយពួកគេវិញ ហើយពុំអាចបែកគ្នាបានទៀតឡើយ ម្ល៉ោះហើយ រូបរាងទាំងមូលនឹងក្លាយទៅជារូបរាងខាងវិញ្ញាណ ហើយអមតដើម្បីកុំឲ្យគេអាចឃើញការពុករលួយទៀតឡើយ។
៤៦ឥឡូវនេះ កាលអាមូលេកបានបញ្ចប់ពាក្យទាំងនេះហើយ នោះប្រជាជនបានចាប់ផ្ដើមមានការអស្ចារ្យជាខ្លាំង ឯស៊ីអែសរ៉ុមក៏ បានចាប់ផ្ដើមញ័ររន្ធត់ដែរ។ ម្ល៉ោះហើយ ក៏ចប់ពាក្យពេចន៍របស់អាមូលេកទៅ ឬក៏នេះគឺជាអ្វីទាំងអស់ដែលខ្ញុំបានកត់ទុក៕