ការប្រែចិត្តជាបទពិសោធន៍វិជ្ជមានជានិច្ច
ខណៈដែលយើងឈានជើងទៅលើមាគ៌ានៃការប្រែចិត្ត នោះយើងអញ្ជើញឲ្យមានព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតយើងហើយ ។
ប៉ុន្មានឆ្នាំកន្លងទៅប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានទៅទស្សនាការប្រកួតបាល់ឱបនៅសាកលវិទ្យាល័យមួយ ។ លោកទៅទីនោះដើម្បីប្រកាសថា ពហុកីឡាដ្ឋាននេះនឹងត្រូវហៅតាមឈ្មោះគ្រូបង្វឹកយូរឆ្នាំ ជាបុគ្គលគេស្រឡាញ់ច្រើនដែលហៀបនឹងចូលនិវត្តន៍ ។ ក្រុមកីឡាករពិតជាចង់ឈ្នះការប្រកួត ដើម្បីផ្ដល់កិត្តិយសដល់គ្រូបង្វឹករបស់ខ្លួន ។ ប្រធាន ហ៊ីងគ្លី ត្រូវបានអញ្ជើញឲ្យចូលទៅបន្ទប់ប្ដូរសម្លៀកបំពាក់ ហើយថ្លែងពាក្យលើកទឹកចិត្ត ។ ដោយបានទទួលការបំផុសគំនិតមកពីប្រសាសន៍របស់លោក ក្រុមនោះបានបន្តដើម្បី យកឈ្នះនៅថ្ងៃនោះ ហើយបញ្ចប់រដូវកាលនោះជាមួយនឹងកំណត់ត្រាជ័យជម្នះ ។
ថ្ងៃនេះ ខ្ញុំថ្លែងទៅកាន់បុគ្គលដែលអាចបារម្ភថា ពួកគេគ្មានជ័យជម្នះក្នុងជីវិត ។ ប្រាកដណាស់ ការពិតគឺថា « គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ។ ទោះជាអាចមានក្រុមកីឡាករប្រកួតមិនដែលចាញ់ក្នុងរដូវកាលក្ដី ជីវិតយើងមិនដូចជាក្រុមកីឡាករឡើយ ។ ប៉ុន្តែខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទបានសម្រេចដង្វាយធួនដ៏ឥតខ្ចោះមួយ ហើយប្រទានឲ្យយើងនូវអំណោយនៃការប្រែចិត្ត—ជាមាគ៌ាឆ្ពោះទៅកាន់ភាពចែងចាំងនៃក្ដីសង្ឃឹមដ៏ឥតខ្ចោះ និងជីវិតដ៏ជោគជ័យ ។
ការប្រែចិត្តនំាមកនូវសុភមង្គល
ជាញឹកញាប់យើងគិតថា ការប្រែចិត្តគឺជាកិច្ចការមួយដ៏ស្មុគស្មាញ និងសៅហ្មង ។ ប៉ុន្តែផែនការរបស់ព្រះគឺជាផែនការនៃសុភមង្គល មិនមែនជាផែនការនៃភាពស្មុគស្មាញនោះទេ ។ ការប្រែចិត្តគឺជាកិច្ចការដ៏លើកតម្កើង និងដ៏ថ្កុំថ្កើង ។ អំពើបាបនាំមកនូវអពមង្គល ។ ការប្រែចិត្តគឺជាផ្លូវគេចពីអំពើបាប ! អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ពន្យល់ដូចនេះ ៖ « បើគ្មានការប្រែចិត្តទេ នោះគ្មានភាពរីកចម្រើន ឬ ការកែលម្អដ៏ពិតក្នុងជីវិតឡើយ ។ … មានតែតាមរយៈការប្រែចិត្តប៉ុណ្ណោះ ទើបយើងទទួលបានព្រះគុណដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីសង្គ្រោះ ។ ការប្រែចិត្ត … នាំយើងទៅរកសេរីភាព ទំនុកចិត្ត និងសេចក្ដីសុខសាន្ដ » ។ ខ្ញុំថ្លែងទៅកាន់បងប្អូនទាំងអស់គ្នា—ជាពិសេសយុវវ័យ—ថា ការប្រែចិត្តជាបទពិសោធន៍វិជ្ជមានជានិច្ច ។
ពេលយើងនិយាយអំពីការប្រែចិត្ត យើងមិនត្រឹមតែនិយាយអំពីការប្រឹងប្រែងកែលម្អខ្លួនប៉ុណ្ណោះទេ ។ ការប្រែចិត្តដ៏ពិតមានន័យជ្រៅជាងនោះទៅទៀត—វាត្រូវបានបំផុសដោយក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងព្រះចេស្ដាទ្រង់ក្នុងការអត់ទោសដល់អំពើបាបយើង ។ អែលឌើរ ឌេល ជី រេនឡាន់ បានបង្រៀនថា « បើគ្មានព្រះអង្គប្រោសលោះទេ … នោះការប្រែចិត្តគ្រាន់តែជាដំណើរកែប្រែឥរិយាបថមួយដ៏ស្មុគស្មាញប៉ុណ្ណោះ » ។ យើងអាចព្យាយាមកែប្រែឥរិយាបថយើងដោយខ្លួនឯង ប៉ុន្តែមានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអាចសម្អាតស្នាមប្រឡាក់ ហើយរែកបន្ទុកយើងបាន ហើយធ្វើឲ្យយើងអាចដើរតាមមាគ៌ានៃការគោរពប្រតិបត្តិទាំងមានទំនុកចិត្ត និងភាពរឹងមាំ ។ អំណរនៃការប្រែចិត្តមានឥទ្ធិពលខ្លាំងជាងអំណរនៃការគ្រាន់តែរស់នៅក្នុងជីវិតសុចរិតទៅទៀត ។ វាជាអំណរនៃការអត់ទោស ការបានស្អាតម្ដងទៀត និងការខិតទៅកាន់តែជិតព្រះ ។ ពេលអ្នកមានបទពិសោធន៍នៃអំណរនោះ គ្មានបទពិសោធន៍ណាទៀតអាចប្រៀបផ្ទឹមបានឡើយ ។
ការប្រែចិត្តដ៏ពិតតម្រូវឲ្យយើងដាក់ការគោរពប្រតិបត្តិជាការប្ដេជ្ញាចិត្តមួយ—ជាក្ដីសញ្ញា ដែលចាប់ផ្ដើមនឹងបុណ្យជ្រមុជទឹក ហើយរំឭកវារាល់សប្ដាហ៍ក្នុងពិធីសាក្រាម៉ង់ ។ ក្នុងពិធីសាក្រាម៉ង់ យើងទទួលការសន្យាថាយើងនឹងអាច « បានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ ពួកយើង ] ជាដរាប » ជាមួយអំណរ និងភាពសុខសាន្តដែលបានមកពីការដែលទ្រង់គង់នឹងយើងជានិច្ច ។ នេះគឺជាផ្លែផ្កានៃការប្រែចិត្ត ហើយនេះជាអ្វីដែលធ្វើឲ្យការប្រែចិត្តជឿពេញដោយអំណរ !
ការប្រែចិត្តតម្រូវឲ្យមានការតស៊ូ
ខ្ញុំចូលចិត្តរឿងប្រដូចអំពីកូនប្រុសខ្ជះខ្ជាយ ។ មានចំណុចសំខាន់អំពីគ្រាដ៏ចំាបាច់មួយ ដែលកូនប្រុសខ្ជះខ្ជាយ « ភ្ញាក់ដឹងខ្លួន » ។ កាលគាត់អង្គុយក្នុងទ្រុងជ្រូកមានចិត្តចង់ « ចំអែតពោះដោយសំបកដែលជ្រូកស៊ី » ទីបំផុតគាត់បានភ្ញាក់ដឹងខ្លួនថា គាត់មិនត្រឹមតែខ្ជះខ្ជាយកេរមរតកឪពុកគាត់ទេ គាត់ថែមទាំងខ្ជះខ្ជាយជីវិតខ្លួនផង ។ ដោយមានជំនឿថា ឪពុកគាត់អាចនឹងទទួលគាត់វិញ—យ៉ាងហោចណាស់ បើមិនទុកជាកូនក៏ជាបាវបម្រើដែរ—នោះគាត់បានសម្រេចចិត្តលះបង់ចោលអតីកាលដ៏រឹងទទឹងរបស់គាត់ ហើយត្រឡប់ទៅផ្ទះវិញ ។
ខ្ញុំតែងឆ្ងល់អំពីការធ្វើដំណើរទៅផ្ទះវិញដ៏សែនឆ្ងាយរបស់កូនប្រុសនោះ ។ តើមានពេលដែលគាត់ស្ទាក់ស្ទើរ ហើយឆ្ងល់ថា « តើឪពុកខ្ញុំនឹងទទួលខ្ញុំយ៉ាងដូចម្ដេចទៅ ? » ដែរឬទេ ? ប្រហែលគាត់បានដើរត្រឡប់ក្រោយពីរបីជំហានសំដៅទៅទ្រុងជ្រូកវិញ ។ សូមស្រមៃមើលថា តើរឿងនឹងប្រែជាខុសគ្នាដូចម្ដេច បើគាត់ចុះចាញ់ ។ ប៉ុន្តែក្ដីជំនឿធ្វើឲ្យគាត់បន្តទៅមុខ ហើយក្ដីជំនឿធ្វើឲ្យឪពុកគាត់បន្តទន្ទឹងមើលផ្លូវដោយអត់ធ្មត់ ដរាបទីបំផុត ៖
« លុះឪពុកឃើញពីចម្ងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបគាត់ ។
ទើបគាត់និយាយថា លោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ ។
តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង ៖ …
ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ » ។
ការប្រែចិត្តគឺសម្រាប់មនុស្សគ្រប់គ្នា
បងប្អូនប្រុសស្រី យើងគឺជាកូនខ្ជះខ្ជាយ ។ យើងត្រូវតែ « ភ្ញាក់ដឹងខ្លួន »—ជាធម្មតាច្រើនជាងម្ដង—ហើយជ្រើសរើសមាគ៌ាដែលនាំទៅផ្ទះវិញ ។ វាជាជម្រើសដែលយើងធ្វើរាល់ថ្ងៃពេញមួយជីវិត ។
យើងតែងភ្ជាប់ការប្រែចិត្តជាមួយនឹងអំពើបាបធ្ងន់ធ្ងរដែលតម្រូវឲ្យមាន « ការផ្លាស់ប្ដូរយ៉ាងធំ » ។ ប៉ុន្តែការប្រែចិត្តគឺសម្រាប់មនុស្សគ្រប់គ្នា—ជាបុគ្គលដែលដើរចុះឡើងតាម « ផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ » និងបុគ្គលដែល « បានចូលតាមផ្លូវតូច និងចង្អៀត » ហើយឥឡូវនេះត្រូវ « ខិតខំជឿនទៅមុខ » ។ ការប្រែចិត្តដាក់យើងនៅលើមាគ៌ាត្រឹមត្រូវផង ហើយក៏រក្សាយើងនៅលើមាគ៌ាត្រឹមត្រូវដែរ ។ វាគឺសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមជឿ អ្នកដែលបានជឿអស់មួយជីវិត និងអ្នកដែលត្រូវចាប់ផ្ដើមជឿសារជាថ្មី ។ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនដូចនេះ ៖ « យើងភាគច្រើនយល់ច្បាស់ថា ដង្វាយធួនគឺសម្រាប់មនុស្សមានបាប ។ យ៉ាងណាក៏ដោយ ខ្ញុំពុំប្រាកដទេថា យើងដឹង ហើយយល់ថាដង្វាយធួនក៏សម្រាប់ពួកបរិសុទ្ធដែរ—សម្រាប់បុរស និងស្ត្រីដែលគោរពប្រតិបត្តិ សក្ដិសម ហើយ… ខិតខំធ្វើកាន់តែល្អ » ។
ថ្មីៗនេះ ខ្ញុំបានទៅទស្សនាមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ចំពេលអ្នកផ្សព្វផ្សាយសាសនាថ្មីមួយក្រុមទើបមកដល់ ។ ខ្ញុំមានចិត្តរំភើបពេលខ្ញុំមើលទៅពួកគេ ហើយសង្កេតឃើញពន្លឺក្នុងកែវភ្នែកពួកគេ ។ ពួកគេពេញដោយអំណរ រីករាយ ហើយរំភើប ។ រំពេចនោះខ្ញុំមានគំនិតមួយថា « ពួកគេមានក្ដីំជំនឿដែលដកពិសោធន៍ចំពោះការប្រែចិត្ត ។ នេះជាមូលហេតុដែលពួកគេពេញដោយអំណរ និង ក្ដីសង្ឃឹម » ។
ខ្ញុំមិនគិតថា ពួកគេទាំងអស់មានអំពើរំលងធ្ងន់ធ្ងរកាលពីមុននោះទេ ប៉ុន្តែខ្ញុំគិតថា ពួកគេដឹងពីរបៀបប្រែចិត្ត ពួកគេបានរៀនថា ការប្រែចិត្តគឺជាបទពិសោធន៍វិជ្ជមាន ហើយពួកគេរួចរាល់ និងក្លាហានដើម្បីចែកចាយសារលិខិតពេញដោយអំណរនេះដល់ពិភពលោក ។
នេះគឺជាអ្វីដែលកើតឡើងនៅពេលយើងទទួលអារម្មណ៍អំណរនៃការប្រែចិត្ត ។ សូមពិចារណាគំរូរបស់អេណុស ។ លោកបាន « ភ្ញាក់ដឹងខ្លួន » ហើយបន្ទាប់ពី « ទោសរបស់លោកបានបំបាត់ចោលទៅ » ដួងចិត្តលោកស្រាប់តែគិតដល់សុខុមាលភាពមនុស្សដទៃ ។ អេណុសបានចំណាយពេលពេញមួយជីវិត ដើម្បីអញ្ជើញមនុស្សឲ្យប្រែចិត្ត ហើយ « បានអររីករាយក្នុងកិច្ចការនេះ លើកិច្ចការណាៗទាំងអស់នៅក្នុងលោកនេះ » ។ ការប្រែចិត្តបង្វែរដួងចិត្តយើងទៅគិតដល់មនុស្សជុំវិញខ្លួន ព្រោះយើងដឹងថា អំណរដែលយើងមាន មនុស្សគ្រប់គ្នាក៏សមនឹងទទួលដែរ ។
ការប្រែចិត្តគឺជាទង្វើពេញមួយជីវិត
ខ្ញុំមានមិត្តម្នាក់ដែលធំឡើងក្នុងគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយមិនសូវសកម្ម ។ កាលគាត់នៅជាយុវមជ្ឈិមវ័យ គាត់ក៏ « ភ្ញាក់ដឹងខ្លួន » ហើយសម្រេចចិត្តរៀបចំខ្លួនបម្រើបេសកកម្មដែរ ។
គាត់បានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អបំផុត ។ នៅថ្ងៃចុងក្រោយរបស់គាត់ពីមុនត្រឡប់មកផ្ទះវិញ ប្រធានបេសកកម្មបានសម្ភាស ហើយឲ្យគាត់ថ្លែងទីបន្ទាល់របស់គាត់ ។ គាត់បានធ្វើដូចនោះ រួចបន្ទាប់ពីបានឱបប្រធានបេសកកម្មទាំងយំផង នោះប្រធានមានប្រសាសន៍ថា « អែលឌើរ បើអស់ពេលច្រើនខែ អែលឌើរមិនបន្តធ្វើកិច្ចការដែលបានស្ថាបនាទីបន្ទាល់នៅគ្រាដំបូងទេនោះ អែលឌើរអាចនឹងភ្លេច ឬបដិសេធចោលនូវអ្វីគ្រប់យ៉ាងដែលទើបតែបានថ្លែងនេះជាមិនខាន » ។
ក្រោយមក មិត្តខ្ញុំបានប្រាប់ខ្ញុំថា គាត់បានអធិស្ឋាន ហើយអានព្រះគម្ពីររាល់ថ្ងៃចាប់តាំងពីគាត់បានត្រឡប់ពីបេសកកម្មវិញ ។ ការត្រូវបាន « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អ » ឥតឈប់ឈរបានឲ្យគាត់បន្ត « នៅក្នុងផ្លូវត្រូវ » ។
ប្អូនៗដែលកំពុងរៀបចំខ្លួនបម្រើបេសកកម្មពេញម៉ោង និងប្អូនៗដែលត្រឡប់ពីបេសកកម្មវិញ សូមកត់ចំណាំ ! វាមិនគ្រប់គ្រាន់ទេដែលគ្រាន់តែស្ថាបនាទីបន្ទាល់នោះ អ្នកត្រូវរក្សា ហើយពង្រឹងវា ។ អ្នកផ្សព្វផ្សាយសាសនាដឹងហើយថា បើអ្នកឈប់ធាក់កង់ កង់នឹងដួល ហើយបើអ្នកឈប់ចិញ្ចឹមបីបាច់ទីបន្ទាល់អ្នក វានឹងទន់ខ្សោយ ។ គោលការណ៍ដូចគ្នានេះ អនុវត្តចំពោះការប្រែចិត្ត—វាគឺជាទង្វើពេញមួយជីវិត មិនមែនតែម្ដងក្នុងមួយជីវិតឡើយ ។
ចំពោះអ្នកដែលស្វែងរកការអត់ទោស—យុវវ័យ យុវមជ្ឈិមវ័យនៅលីវ ឪពុកម្ដាយ លោកតាលោកយាយ សូម្បីតែលោកតាលោកយាយទួត—ខ្ញុំអញ្ជើញបងប្អូនឲ្យប្រែចិត្ត ។ នេះជាពេលដែលត្រូវចាប់ផ្ដើម ។ សូមកុំពន្យារពេលនៃការប្រែចិត្ត ។
ពេលអ្នកបានសម្រេចចិត្តដូចនោះហើយ សូមបន្តដើរតាមមាគ៌ានោះ ។ ព្រះវរបិតាយើងកំពុងទន្ទឹងមើលផ្លូវ ចាំទទួលបងប្អូន ។ ទ្រង់លូកព្រះហស្ត « អស់ទាំងថ្ងៃ » ទៅរកបងប្អូន ។ រង្វាន់គឺសមទៅនឹងកិច្ចខិតខំ ។
ចូរចាំប្រសាសន៍របស់នីហ្វៃដូចនេះ ៖ « ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
ពេលខ្លះ ដំណើរជីវិតនេះហាក់ដូចជាយូរ—បន្ទាប់ពីចប់សព្វគ្រប់ វាគឺជាដំណើរជីវិតឆ្ពោះទៅរកជីវិតអស់កល្ប ។ ប៉ុន្តែវាអាចជាដំណើរជីវិតដ៏រីករាយ បើយើងតស៊ូដោយមានក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយសង្ឃឹមលើដង្វាយធួនទ្រង់នោះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ខណៈដែលយើងឈានជើងទៅលើមាគ៌ានៃការប្រែចិត្ត នោះយើងអញ្ជើញឲ្យមានព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតយើងហើយ ។ ព្រះចេស្ដានោះនឹងពង្រឹងយើង ពង្រីកទស្សនវិស័យយើង ហើយពង្រឹងការតាំងចិត្តឲ្យបន្តឆ្ពោះទៅមុខ មួយជំហានម្ដងៗ រហូតដល់ទិវាដ៏រុងរឿង ជាពេលយើងត្រឡប់ទៅផ្ទះសួគ៌ាយើងវិញ ហើយឮព្រះវរបិតាសួគ៌មានបន្ទូលថា « ប្រពៃហើយ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។