ឆ្នាំ ២០១០-២០១៩
ការ​ចង​ភ្ជាប់​នឹង​ព្រះ និង ការ​ជួសជុលការ​បាក់​បែក
ខែ តុលា ២០១៧


2:3

ការ​ចង​ភ្ជាប់​នឹង​ព្រះ និង​ការ​ជួសជុលការ​បាក់​បែក

ព្រះគ្រីស្ទ​មាន​ព្រះចេស្ដា​អាច​នាំ​យើង​ទៅ​ក្នុង​ការ​រាប់អាន​ជាមួយ​នឹង​ព្រះវរបិតា និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​ក្ដី​ស្រឡាញ់ ។

យើង​ចាំបាច់​ត្រូវ​បន្ដ​បណ្ដុះ​ចំណេះ​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​គោរព​ប្រតិបត្តិ​ទ្រង់ ។ ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​គឺ​អស់កល្ប ។ យើង​គឺ​ជា​កូនចៅ​ជាទី​ស្រឡាញ់​របស់​ទ្រង់ នោះ​នឹង​ពុំ​ផ្លាស់ប្ដូរ​ទេ ។ តើ​យើង​នឹង​ទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់​ឲ្យ​ខិត​ទៅជិត​ទ្រង់​ដោយ​ស្មោះ​ពី​ចិត្ត​ទាំងស្រុង ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់​ទន្ទឹង​ចាំ​ប្រទាន​ដល់​យើង​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បរលោក​នាយ​យ៉ាង​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួក​អ៊ីស្រាអែល​ពី​បុរាណ ហើយ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង​ថា « អើ យើង​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​យើង​ទាញ​នាំ​ឯង​មក ដោយ​សេចក្តី​សប្បុរស » ។ ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​យើង​ដូចជា​ព្រះ​វរបិតា​មាន​បន្ទូល​ផងដែរ​ថា « ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នោះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ។ តើ​យើង​ទុកចិត្ត​ទ្រង់​គ្រប់គ្រាន់​ល្មម​ដើម្បី​រស់នៅ​ក្នុង​ទ្រង់ និង​ដើរ​ជាមួយ​ទ្រង់​ដែរ​ឬ​ទេ ?

យើង​នៅ​លើ​ផែនដី​នេះ​ដើម្បី​រៀន និង​រីកចម្រើន ហើយ​សំខាន់​បំផុត​នោះ ការ​រៀន និង​ការ​រីកចម្រើន​នឹង​កើត​មាន​ឡើង​ដោយសារ​ទំនាក់ទំនង​យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ចេញ​មក​ពី​ទំនាក់ទំនង​ស្មោះត្រង់​របស់​យើង​ជាមួយ​ពួកទ្រង់ នោះ​នាំ​ឲ្យ​កើត​មាន​ចំណេះ​ដឹង សេចក្ដីស្រឡាញ់ អំណាច និង​សមត្ថភាព​ស្មោះត្រង់​ដើម្បី​បម្រើ ។

« យើង​មាន​កាតព្វកិច្ច​ដើម្បី​រៀន​អ្វី​ទាំងអស់​ដែល​ព្រះ​បាន​បើក​សម្តែង​អំពី​ព្រះអង្គ​ទ្រង់ » ។ យើង​ត្រូវ​យល់​ថា ព្រះ​ជា​ព្រះវរបិតា បាន​បង្គាប់​ឲ្យ​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បង្កើត​ផែនដី​សម្រាប់​ការ​រីកចម្រើន​របស់​យើង ថា​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​ដើម្បី​បង់​ថ្លៃ​តាម​ការ​តម្រូវ​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង ហើយ​ថា​អំណាច​បព្វជិតភាព​របស់​ព្រះវរបិតា និង​សាសនាចក្រ​ពិត​របស់​ព្រះរាជបុត្រា ព្រមទាំង​ពិធីបរិសុទ្ធ​ចាំបាច់​នានា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​សម្រាប់​ជា​ពរជ័យ​ដល់​យើង ។ តើ​អ្នក​អាច​ទទួល​អារម្មណ៍​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ការ​រៀបចំ​របស់​ពួក​ទ្រង់​សម្រាប់​ជា​អំណរ និង​ការ​រីកចម្រើន​ដល់​យើង​ឬ​ទេ ? យើង​ចាំបាច់​ត្រូវ​ស្គាល់​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌​គឺថា​យើង​គោរព​តាម​ច្បាប់ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ហើយ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច រួច​ប្រែក្លាយ​ដូចជា​ព្រះ ។ នេះ​គឺ​ជា​សុភមង្គល​ដ៏​ពិត និង​យូរ​អង្វែង​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង ។ គ្មាន​សេចក្ដីពិត និង​សុភមង្គល​យូរ​អង្វែង​ណា​ផ្សេង​ទៀត​ទេ ។

ឧបសគ្គ​នានា​របស់​យើង​អាច​ទាញ​យើង​ចេញ​ពី​ផ្លូវ​នៃ​សុភមង្គល​នេះ ។ យើង​អាច​បាត់បង់​ទំនាក់ទំនង​ជា​ទី​ទុកចិត្ត​របស់​យើង​ចំពោះ​ព្រះ បើ​ការសាកល្បង​នាំ​យើង​ទៅរក​ការ​រំខាន​ជំនួស​ឲ្យ​ការ​នាំ​យើង​ទៅ​រក​ការ​លុត​ជង្គង់​អធិស្ឋាន ។

ឃ្លា​ចុង​ជួន​សាមញ្ញ​នេះ​អង្វរ​យើង​ឲ្យ​ធ្វើ​ការ​ដាក់​អាទិភាព​ខ្លះៗ ៖

រឿង​ខ្លះ​សំខាន់ រឿង​ខ្លះ​មិន​សំខាន់​ទេ ។

រឿង​ខ្លះ​យូរ​អង្វែង តែ​រឿង​ខ្លះ​មិន​យូរ​អង្វែង​ទេ ។

បងប្អូន​ស្រី តើ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ? តើ​អ្វី​ដែល​យូរ​អង្វែង​សម្រាប់​អ្នក ? រឿង​ដែល​មាន​តម្លៃ​យូរ​អង្វែង​ចំពោះ​ព្រះវរបិតា​គឺ​ថា យើង​រៀន​អំពី​ទ្រង់ បន្ទាប​ខ្លួន​យើង ហើយ​រីកចម្រើន​នៅក្នុង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ទ្រង់​នៅក្នុង​បទពិសោធន៍​លើ​ផែនដី ។ ទ្រង់​ចង់​ឲ្យ​យើង​ផ្លាស់ប្ដូរ​ភាព​អត្មានិយម​របស់​យើង​ទៅ​ជា​ការ​បម្រើ ភាព​ភ័យ​ខ្លាច​ទៅ​ជា​ជំនឿ ។ រឿង​យូរ​អង្វែង​ទាំង​នេះ អាច​ជា​ការ​សាកល្បង​ដ៏​លំបាក​ដល់​យើង ។

ឥឡូវ ដោយសារ​ជីវិត​រមែង​ស្លាប់​របស់​យើង​មាន​ព្រំដែន នោះ​ព្រះវរបិតា​បាន​សុំ​ឲ្យ​យើង​មាន​ក្ដី​ស្រឡាញ់ នៅពេល​ដែល​ក្ដី​ស្រឡាញ់​គឺ​ជា​រឿង​ពិបាក​បំផុតនោះ សុំ​ឲ្យ​បម្រើ​នៅពេល​ការ​បម្រើ​ពុំ​មាន​ភាព​ងាយ​ស្រួល សុំ​ឲ្យ​អភ័យ​ទោស​នៅពេល​ការ​អភ័យទោស​គឺជា​ការ​លំបាក​ក្នុង​ព្រលឹង ។ ដោយ​របៀប​ណា ? តើ​យើង​ធ្វើ​វា​យ៉ាង​ដូចម្តេច ? យើង​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​យ៉ាង​ក្លៀវក្លា នៅក្នុង​ព្រះនាម​ព្រះរាជ​បុត្រា ហើយ​ធ្វើ​អ្វីៗ​តាម​មាគ៌ា​ទ្រង់ ជំនួស​ឲ្យ​ការ​ធ្វើ​រឿង​អ្វីៗ​ដោយ​ខ្លួន​ឯង​ទាំង​អំនួត ។

ថូទឹក

ខ្ញុំ​ទទួល​ស្គាល់​អំនួត​របស់​ខ្ញុំ​ពេល​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​អំពី​ការ​សម្អាត​ពី​ខាង​ក្នុង​ខ្លួន ។ ខ្ញុំ​ស្រមៃ​ថា​ខ្លួន​ខ្ញុំ​ជា​ថូ​ទឹក​មួយ ។ តើ​ខ្ញុំ​អាច​យក​កាក​សំណល់​នៃ​អំនួត​ចេញ​ពី​ថូ​របស់​ខ្ញុំ​បាន​យ៉ាង​ដូចម្ដេច ? ការ​បង្ខំ​ខ្លួន​ខ្ញុំ​ឲ្យ​រាបសារ ហើយ​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​គឺ​ជា​រឿង​ពុំ​ស្មោះ ហើយ​គ្មាន​ន័យ ហើយ​វា​ពុំ​អាច​ទៅ​រួច​ឡើយ ។ អំពើ​បាប និង​អំនួត​យើង បង្កើត​ជា​—គម្លាត—រវាង​យើង និង​ព្រះវរបិតាសួគ៌​ដែល​ជា​ប្រភព​នៃ​ក្ដីស្រឡាញ់ ។

មាន​តែ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​តែ​ម្យ៉ាង​ទេ ដែល​អាច​សម្អាត​យើង​ពី​អំពើបាប ហើយ​បិទ​ចន្លោះ ឬ​គម្លាត​នោះ​បាន ។

យើង​ចង់​ស្ថិត​ក្នុង​ព្រះហស្ត​ឱប​ក្រសោប​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​ដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ដូច្នោះ យើង​ដាក់​ព្រះទ័យ​ទ្រង់​ជា​ដំបូង ហើយ​ទូល​អង្វរ​ដោយ​ដួងចិត្ត​សង្រេង​ដើម្បី​ព្រះគ្រីស្ទ​នឹង​ចាក់​ទឹក​លាង​សម្អាត​នៅ​ក្នុង​ថូ​ទឹក​យើង​បាន ។ នៅ​ពី​ដំបូង​វា​អាច​នឹង​ស្រក់​មួយ​ដំណក់​ម្ដងៗ ប៉ុន្តែ​នៅពេល​យើង​ស្វែងរក ហើយ​សូម​នោះ​វា​នឹង​កើត​មាន​យ៉ាង​បរិបូរ ។ ទឹក​រស់​នេះ​នឹង​ចាប់​ផ្ដើម​បំពេញ​នៅក្នុង​ខ្លួន​យើង ហើយ​ដោយ​សេចក្ដីស្រឡាញ់​ដ៏​ហូរ​ហៀរ​របស់​ទ្រង់ នោះ​យើង​អាច​ចាក់​ទឹក​ដ៏​បរិបូរ​នោះ​ចេញ​ពី​ថូ​នៃ​ព្រលឹង​យើង ចែកចាយ​វា​ជាមួយ​អ្នកដទៃ​ដែល​ស្រេក​ឃ្លាន​ការ​ព្យាបាល ក្ដីសង្ឃឹម និង​ការ​មាន​ចំណែក ។ នៅពេល​ដែល​ថូ​ខាង​ក្នុង​ខ្លួន​យើង​បាន​សម្អាត​ហើយ នោះ​ទំនាក់ទំនង​នៅ​លើ​ផែនដី​របស់​យើង​ចាប់​ផ្ដើម​ព្យាបាល ។

ការលះបង់​របៀបវារៈ​ផ្ទាល់ខ្លួន​របស់​យើង គឺ​តម្រូវ​ឲ្យ​មាន​បន្ទប់​សម្រាប់​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះ ។ ព្រះអង្គសង្គ្រោះ​ដែល​មាន​បន្ទូល​ជួស​ព្រះវរបិតា​បាន​អង្វរ​ឲ្យ​យើង « ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក » ។ ការ​ខិត​ទៅ​ជិត​ព្រះវរបិតា​អាច​មាន​ន័យ​ថា​ជា​ការ​រៀន​អំពី​សេចក្ដីពិត​របស់​ទ្រង់ តាមរយៈ​បទគម្ពីរ ការ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី និង​ការ​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ឲ្យ​កាន់តែ​ពេញលេញ ។

តើ​យើង​យល់​ដឹង​ថា​ព្រះគ្រីស្ទ​មាន​ព្រះចេស្ដា​អាច​នាំ​យើង​ទៅ​ក្នុង​ការ​រាប់អាន​ជាមួយ​នឹង​ព្រះវរបិតា និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​ក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ ? ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​អាច​ប្រទាន​ដល់​យើង​នូវ​ការ​យល់​ដឹង​ដ៏​ចាំបាច់​ទៅ​ក្នុង​ទំនាក់ទំនង ។

គ្រូបង្រៀន​ថ្នាក់​កុមារ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​បទពិសោធន៍​ដ៏​មាន​អានុភាព​ជាមួយ​នឹង​កុមារា​អាយុ ១១ ឆ្នាំ​ក្នុង​ថ្នាក់​របស់​គាត់ ។ មាន​កុមារា​ម្នាក់ ដែល​ខ្ញុំ​នឹង​ហៅ​ឈ្មោះ​ថា ជីមមី ជា​សិស្ស​ម្នាក់​ឯកោ​ក្នុង​ថ្នាក់ ។ ថ្ងៃ​អាទិត្យ​មួយ គ្រូបង្រៀន​បាន​បំផុស​គំនិត​ឲ្យ​ឈប់​បង្រៀន​មេរៀន ហើយ​ប្រាប់​ថា​ហេតុអ្វី​គាត់​ស្រឡាញ់​ជីមមី ។ គាត់​បាន​ថ្លែង​អំពី​ការ​ដឹងគុណ និង​ជំនឿ​របស់​គាត់​ទៅលើ​យុវជន​រូប​នេះ ។ បន្ទាប់មក គ្រូបង្រៀន​បាន​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់​ជីមមី អំពី​អ្វី​មួយ​ដែល​ពួកគេ​អរគុណ​ជីមមី ។ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ប្រាប់​ជីមមី ថា​ហេតុអ្វី​គាត់​ពិសេស​ចំពោះ​ពួកគេ​ម្ដងម្នាក់ៗ​រួច​ហើយ ក្មេង​ប្រុស​នោះ​បាន​ឱន​មុខ​ចុះ ស្រក់​ទឹក​ភ្នែក ។ គ្រូបង្រៀន​នេះ និង​សិស្ស​ក្នុង​ថ្នាក់​បាន​សង់​ស្ពាន​មួយ​ទៅ​កាន់​ដួងចិត្ត​ឯកោ​របស់​ជីមមី ។ សេចក្ដីស្រឡាញ់​សាមញ្ញ ការ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ផ្ដល់​ក្ដីសង្ឃឹម និង​តម្លៃ​ដល់​អ្នក​ដទៃ ។ ខ្ញុំ​ហៅ​ការណ៍​នេះ​ថា « ការ​ជួសជុល​គម្លាត ឬ​ចន្លោះ » ។

ប្រហែល​ជីវិត​របស់​យើង​នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ​ពេញ​ដោយ​ក្ដីស្រឡាញ់ វា​គឺ​ជា​បុព្វហេតុ​ដែល​យើង​ស្វែងរក​សេចក្ដីពិត សេចក្ដីស្រឡាញ់​យូរ​អង្វែង​នៅ​លើ​ផែនដី​នេះ ។ យើង​ត្រូវ​បាន​បង្កើត​ដោយ​ព្រះ​ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ទទួល​សេចក្ដីស្រឡាញ់ ហើយ​សេចក្ដីស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត កើត​មាន​ឡើង​នៅពេល​យើង​មាន​ចិត្ត​តែ​មួយ​ជាមួយ​ព្រះ ។ ព្រះគម្ពីរ​មរមន​អញ្ជើញ​យើង​ឲ្យ « ស្រុះស្រួល​នឹង​ទ្រង់​ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ។

លោក​អេសាយ​បាន​ថ្លែង​អំពី​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ដោយ​ស្មោះត្រង់​តាម​ច្បាប់​តមអាហារ ហេតុដូច្នោះ​បាន​ក្លាយ​ជា​អ្នក​ជួសជុល​ការ​បែកបាក់​សម្រាប់​កូន​ចៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ពួកគេ​គឺ​មនុស្ស​ម្នាក់​ដែល​លោក​អេសាយ​បាន​សន្យា​ថា នឹង « សង់​ទី​ចាស់​ដែល​ខូចបង់ » ។ តាម​របៀប​ស្រដៀងគ្នា​នេះ ព្រះអង្គសង្គ្រោះ​បាន​ជួសជុល​ការ​បែកបាក់ ឬ​គម្លាត​រវាង​យើង និង​ព្រះវរបិតា​សួគ៌ ។ តាមរយៈ​ការ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់​ទ្រង់ ទ្រង់​បាន​បើក​ផ្លូវ​សម្រាប់​យើង​ដើម្បី​ទទួលទាន​អំណាច​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ បន្ទាប់មក​យើង​អាច​ជួសជុល « ទី​បែក​បាក់ » នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​យើង ។ ការ​ព្យាបាល​គម្លាត​ខាង​សតិអារម្មណ៍​រវាង​គ្នា និង​គ្នា នឹង​តម្រូវ​ឲ្យ​មាន​ការទទួល​យក​របស់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះ ផ្គួប​ជាមួយ​នឹង​ការ​លះបង់​នូវ​ភាព​អត្មានិយម​ពី​ធម្មជាតិ និង​ទំនោរ​ប្រកប​ដោយភាព​ភ័យ​ខ្លាច​របស់​យើង ។

នៅ​យប់​ក៏​គួរ​ចងចាំ​មួយ មាន​សាច់ញាតិ​ខ្ញុំ​ម្នាក់ និង​ខ្ញុំ ពុំ​យល់​ស្របគ្នា​អំពី​រឿង​ខាង​នយោបាយ​មួយ ។ គាត់​បាន​រិះគន់​មតិ​ខ្ញុំ​ភ្លាមៗ ហើយ​បាន​បង្ហាញ​ថា​ខ្ញុំ​ខុស​នៅក្នុង​រង្វង់​សមាជិក​គ្រួសារ​ឯទៀត​ដែល​ស្ដាប់​ឮ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ល្ងង់​ខ្លៅ ហើយ​មិន​ដឹង​អី—ប្រហែល​ជា​ខ្ញុំ​អញ្ជឹង​មែន​មិន​ដឹង ។ នៅ​យប់​នោះ ពេល​ខ្ញុំ​លត់​ជង្គង់​ចុះ​អធិស្ឋាន ខ្ញុំ​បាន​ប្រញាប់​ប្រាប់​ព្រះវរបិតាសួគ៌​ខ្ញុំ​ថា​សាច់ញាតិ​របស់​ខ្ញុំ​ម្នាក់​នេះ​ជា​មនុស្ស​ពិបាក​ម៉េច​ខ្លះ ! ខ្ញុំ​បន្ដ​និយាយ​យ៉ាង​វែង ។ ប្រហែល​ជា​ខ្ញុំ​បាន​ឈប់​ខ្លះ​នៅក្នុង​ការរអ៊ូរទាំ​របស់​ខ្ញុំ​ខ្លះ​ហើយ​មើល​ទៅ​ទើប​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឱកាស​ចាប់​ចំណាប់​អារម្មណ៍​ខ្ញុំ—ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ពីព្រោះ​ខ្ញុំ​បាន​ស្ដាប់​ឮ​ខ្លួន​ឯង​និយាយ​ថា « ទ្រង់​ប្រហែល​ជា​ចង់​ឲ្យ​ខ្ញុំ​ស្រឡាញ់​នាង​ហើយ​មើល​ទៅ » ។ ស្រឡាញ់​នាង ? ខ្ញុំ​បាន​បន្ដ​អធិស្ឋាន​ដោយ​និយាយ​ដូច​នេះ​ថា « តើ​ទូលបង្គំ​អាច​ស្រឡាញ់​នាង​ដោយ​របៀប​ណា ? ទូលបង្គំ​គិត​ថា ទូលបង្គំ​មិនចូល​ចិត្ត​នាង​ទេ ។ ដួងចិត្ត​ទូលបង្គំ​រឹងរូស អារម្មណ៍​ទូលបង្គំ​ឈឺចាប់ ។ ទូលបង្គំ​មិន​អាច​ធ្វើ​បាន​ទេ » ។

ច្បាស់ណាស់ បន្ទាប់ពី​មាន​ជំនួយ​មក​ពី​ព្រះវិញ្ញាណ ខ្ញុំ​មាន​គំនិត​ថ្មី​មួយ ដែល​ខ្ញុំ​និយាយ​ថា « ព្រះវរបិតាសួគ៌​អើយ ប៉ុន្តែ​ទ្រង់​ស្រឡាញ់​នាង ។ តើ​ទ្រង់​អាច​ប្រទាន​សេចក្ដីស្រឡាញ់​ទ្រង់​មួយ​ចំណែក​ដល់​ទូលបង្គំ​ដើម្បី​ស្រឡាញ់​នាង​បាន​ទេ—ដើម្បី​ទូលបង្គំ​អាច​ស្រឡាញ់​នាង​ផងដែរ ? អារម្មណ៍​រឹងរូស​របស់​ខ្ញុំ​បាន​បន្ទន់ ដួងចិត្ត​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​បុគ្គល​រូប​នេះ​ក្នុង​របៀប​មួយ​ផ្សេង ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​យល់​ពី​តម្លៃ​ពិត​របស់​នាង​ដូច​ដែល​ព្រះវរបិតាសួគ៌​ទត​មើល ។ លោក​អេសាយ​បាន​សរសេរ « ព្រះយេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ » ។

ពេល​បាន​កន្លង​ផុតទៅ គម្លាត​រវាង​ពួក​យើង​ត្រូវ​បាន​បិទ​វិញ​ដោយ​ផ្អែមល្ហែម ។ ប៉ុន្តែ​បើ​ទោះ​ជា​នាង​មិន​ទទួល​យក​ដួងចិត្ត​ផ្លាស់ប្ដូរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​បាន​រៀន​ថា ព្រះវរបិតាសួគ៌​នឹង​អាច​ឲ្យ​យើង​ស្រឡាញ់ ទោះ​អស់​អ្នក​ដែល​យើង​អាច​គិត​ថា​មិន​អាច​ស្រឡាញ់​បាន​ក្ដី បើ​យើង​ទូល​អង្វរ​សូម​ជំនួយ​របស់​ទ្រង់ ។ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​ឧបករណ៍​មួយ​សម្រាប់​ការ​ចាក់​បង្ហូរ​សេចក្ដីសប្បុរស​មកពី​ព្រះវរបិតាសួគ៌​យើង​ដ៏​មិន​ចេះ​ដាច់ ។ យើង​ត្រូវ​តែ​ជ្រើសរើស​ទទួល​យក ហើយ​ចង​ភ្ជាប់​ក្នុង​សេចក្ដីស្រឡាញ់​នេះ ដើម្បី​ឲ្យ​មាន​សេចក្ដីសប្បុរស​ដល់​មនុស្ស​ទាំងអស់ ។

នៅពេល​យើង​ប្រគល់​ដួងចិត្ត​យើង​ថ្វាយ​ព្រះវរបិតា និង​ព្រះរាជបុត្រា នោះយើង​ផ្លាស់ប្ដូរ​ពិភពលោក​យើង—ទោះ​ជា​ស្ថានភាព​នៅ​ជុំវិញ​យើង​ពុំ​ផ្លាស់ប្ដូរ​ក្ដី ។ យើង​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ ហើយ​ទទួល​អារម្មណ៍​ថា​ទ្រង់​ទទួល​យក​ការ​ខិតខំ​របស់​យើង​ដ៏​ទន់ភ្លន់​ដើម្បី​ក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះគ្រីស្ទ ។ ការ​ញែកដឹង ទំនុកចិត្ត និង​សេចក្ដីជំនឿ​របស់​យើង​ចម្រើន​ឡើង ។

មរមន​ប្រាប់​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​អស់​ពី​ថាមពល​នៃ​ដួងចិត្ត​សូម​ក្ដី​ស្រឡាញ់​នេះ នោះ​នឹង​ប្រទាន​ដល់​យើង​មកពី​ប្រភព​ពិត—គឺ​ព្រះវរបិតាសួគ៌ ។ មានតែ​ពេល​នោះ​ប៉ុណ្ណោះ ដែល​យើង​អាច​ក្លាយ​ជា​អ្នក​ជួសជុល​ការ​បែកបាក់​នៅ​ក្នុង​ទំនាក់ទំនង​នៅលើ​ផែនដី​បាន ។

សេចក្ដីស្រឡាញ់​ជា​និរន្ដរ៍​របស់​ព្រះវរបិតា​យើង ឈោង​មក​រក​យើង ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​សិរីល្អ និង​អំណរ​ទ្រង់​វិញ ។ ទ្រង់​ប្រទាន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​មក​ជួសជុល​ការបែកបាក់​ដែល​ជា​គម្លាត​ដ៏​ធំ​រវាង​យើង និង​ទ្រង់ ។ ការ​ជួបជុំ​ជាមួយ​ព្រះជា​ព្រះវរបិតា គឺ​ជា​ការចាំបាច់​នៃ​សេចក្ដីស្រឡាញ់​ដ៏​យូរ​អង្វែង និង​គោលបំណង​ដ៏​អស់កល្ប ។ យើង​ត្រូវ​តែ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​ទ្រង់​ឥឡូវ​នេះ ដើម្បី​រៀន​នូវ​អ្វី​ដែល​សំខាន់​ពិត ដើម្បី​ស្រឡាញ់​ដូចជា​ទ្រង់​ស្រឡាញ់ ហើយ​រីកចម្រើន​ដូចជា​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ទំនាក់ទំនង​ស្មោះត្រង់​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​ថា​សំខាន់​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​ពួក​ទ្រង់ និង​ពួក​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។