ការទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ និង ទំនុកចិត្តពីគ្រួសារអ្នក
បុគ្គលដែលមាន « ចិត្តស្មោះ » គឺជាបុគ្គលដែលគេទុកចិត្ត—ព្រោះទំនុកចិត្តស្ថាបនានៅលើភាពស្មោះត្រង់ ។
បងប្អូនប្រុស ប្រហែលជាគ្មានការសរសើរល្អជាងនេះទៀត ដែលយើងអាចទទួលពីព្រះអម្ចាស់ជាងការដឹងថា ទ្រង់ទុកព្រះទ័យឲ្យយើងធ្វើជាអ្នកកាន់បព្វជិតភាពដ៏សក្ដិសម ព្រមទាំងជាស្វាមី និង ឪពុកដ៏អស្ចារ្យនោះទេ ។
រឿងមួយដ៏ប្រាកដគឺ ៖ ការទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ គឺជាពរជ័យមួយកើតឡើងតាមរយៈការខិតខំរបស់យើង ។ ការទុកព្រះទ័យគឺជាពរជ័យមួយផ្អែកលើការគោរពប្រតិបត្តិដល់ក្រឹត្យវិន័យរបស់ព្រះ ។ ការទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ កើតឡើងជាលទ្ធផលមកពីការមានចិត្តស្មោះត្រង់នឹងក្ដីសញ្ញា ដែលយើងបានធ្វើក្នុងទឹកនៃបុណ្យជ្រមុជ និងក្នុងព្រះវិហារបរិសុទ្ធ ។ ពេលយើងរក្សាការសន្យាយើងជាមួយព្រះអម្ចាស់ នោះទ្រង់ទុកព្រះទ័យលើយើងកាន់តែខ្លាំង ។
ខ្ញុំចូលចិត្តបទគម្ពីរទាំងសម័យបូរាណ និងទំនើប ដែលប្រើឃ្លាថា « ចិត្តស្មោះ » នៅពេលពិពណ៌នាអំពីលក្ខណៈសម្បត្តិបុគ្គលសុចរិតម្នាក់ ។ ភាពស្មោះត្រង់ ឬការខ្វះភាពស្មោះត្រង់ គឺជាធាតុសំខាន់នៃលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ ។ បុគ្គលដែលមាន « ចិត្តស្មោះ » គឺជាបុគ្គលដែលគេទុកចិត្ត—ព្រោះទំនុកចិត្តស្ថាបនានៅលើភាពស្មោះត្រង់ ។
ការធ្វើជាបុគ្គលមានភាពស្មោះត្រង់មានន័យថា ចេតនាព្រមទាំងទង្វើរបស់បងប្អូន មានលក្ខណៈបរិសុទ្ធ និងសុចរិតក្នុងគ្រប់ទិដ្ឋភាពនៃជីវិតបងប្អូន ទាំងវិស័យសាធារណៈ និងឯកជន ។ ក្នុងរាល់ការសម្រេចចិត្តរបស់យើង យើងអាចនឹងទទួលបានការទុកព្រះទ័យកាន់តែខ្លាំងផង ឬ កាត់បន្ថយការទុកព្រះទ័យពីព្រះផង ។ គោលការណ៍នេះអាចបានបង្ហាញយ៉ាងច្បាស់ ក្នុងការទទួលខុសត្រូវដែលបានចាត់តាំងពីព្រះឲ្យធ្វើជាស្វាមី និងឪពុក ។
ក្នុងនាមជាស្វាមី និងឪពុក យើងបានទទួលការទទួលខុសត្រូវពីព្រះមកពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈសម័យទំនើបក្នុងឯកសារ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ ឯកសារនេះបង្រៀនយើងថា (១) « ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និងសេចក្តីសុចរិត » (២) ឪពុក « មានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត » និង (៣) ឪពុកការពារក្រុមគ្រួសារខ្លួន ។
សម្រាប់យើង ដើម្បីទទួលបានការទុកព្រះទ័យពីព្រះ យើងចាំបាច់ត្រូវបំពេញការទទួលខុសត្រូវទាំងបីនេះដែលបានចាត់តាំងពីព្រះ ចំពោះគ្រួសារយើងតាមមាគ៌ាព្រះអម្ចាស់ ។ ការប្រកាសអំពីក្រុមគ្រួសារបានថ្លែងបន្តថា តាមមាគ៌ារបស់ព្រះអម្ចាស់ យើងត្រូវបំពេញការទទួលខុសត្រូវទាំងនេះជាមួយភរិយាយើង « ជាដៃគូស្មើគ្នា » ។ ចំពោះខ្ញុំ សេចក្ដីនេះមានន័យថា យើងពុំឆ្ពោះទៅមុខដោយធ្វើការសម្រេចចិត្តសំខាន់ណាមួយ អំពីការទទួលខុសត្រូវទាំងបីនេះ ដោយគ្មានសាមគ្គីភាពទាំងស្រុងពីភរិយាយើងឡើយ ។
ជំហានទីមួយក្នុងការខិតខំរបស់យើង ដើម្បីទទួលបានការទុកព្រះទ័យព្រះអម្ចាស់ គឺត្រូវមានទំនុកចិត្តលើទ្រង់ ។ នីហ្វៃបានធ្វើជាគំរូអំពីការតាំងចិត្តប្រភេទនេះ កាលលោកអធិស្ឋានថា « ឱព្រះអម្ចាស់អើយ ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្តទៅលើព្រះអង្គជារៀងដរាប » ។ ទូលបង្គំនឹងមិនដាក់ទីទុកចិត្តរបស់ទូលបង្គំទៅលើដៃនៃមនុស្សឡើយ » ។ នីហ្វៃបានតាំងចិត្តយ៉ាងពេញលេញ ក្នុងការធ្វើតាមព្រះបំណងព្រះអម្ចាស់ ។ បន្ថែមពីលើ ការពោលពាក្យថា លោកនឹង « ធ្វើនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » នីហ្វៃពុំបានងាករេនោះទេក្នុងការតាំងចិត្តដើម្បី សម្រេច ការចាត់តាំងរបស់លោកដែលបង្ហាញនៅក្នុងសេចក្ដីថ្លែងនេះថា « ប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ ហើយប្រាកដដូចជាយើងនៅមានជីវិត នោះយើងនឹងមិនចុះទៅរកឪពុកយើងនៅក្នុងទីរហោស្ថានឡើយ ទាល់តែយើងបានសម្រេចនូវកិច្ចការ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាយើងសិន » ។
ដោយសារតែនីហ្វៃទុកចិត្តលើព្រះ ទើបព្រះទុកព្រះទ័យយ៉ាងខ្លាំងលើនីហ្វៃ ។ ព្រះអម្ចាស់បានប្រទានពរលោកដោយចាក់ស្រោចព្រះវិញ្ញាណទ្រង់ដ៏មហិមា ដល់ភរិយាលោក ជីវិតគ្រួសារលោក និងជីវិតប្រជាជនរបស់លោក ។ ដោយសារតែនីហ្វៃទទួលខុសត្រូវក្នុងក្ដីស្រឡាញ់ និង សុចរិតភាព ព្រមទាំងផ្គត់ផ្គង់ ហើយការពារគ្រួសារ និង ប្រជាជនរបស់លោកផង នោះលោកកត់ត្រាថា « ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល » ។
ដើម្បីបង្ហាញអំពីទស្សនវិស័យរបស់ស្ត្រីលើប្រធានបទនេះ ខ្ញុំបានសុំជំនួយពីកូនស្រីពីរនាក់របស់ខ្ញុំដែលបានរៀបការហើយ ។ ខ្ញុំបានសុំឲ្យពួកគេសរសេរមួយ ឬពីរប្រយោគ អំពីទស្សនរបស់ពួកគេទៅលើសារៈសំខាន់នៃទំនុកចិត្ត ព្រោះវាមានឥទ្ធិពលលើជីវិតអាពាហ៍ពិពាហ៍ និង គ្រួសាររបស់ពួកគេ ។ នេះគឺជាគំនិតរបស់ ឡារ៉ា ហារីស និង គ្រីស្ទីណា ហានសិន ។
ឡារ៉ា សរសេរថា « កត្តាដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺការដឹងថា ពេលដែលស្វាមីខ្ញុំធ្វើកិច្ចការប្រចាំថ្ងៃ គាត់ធ្វើជម្រើសដែលបង្ហាញការគោរព និងក្ដីស្រឡាញ់ចំពោះខ្ញុំ ។ ពេលយើងអាចទុកចិត្តគ្នាតាមវិធីនេះ វានាំឲ្យមានសន្តិភាពដល់គេហដ្ឋានយើង ជាកន្លែងដែលយើងរីករាយក្នុងការចិញ្ចឹមបីបាច់គ្រួសារយើងទាំងអស់គ្នា » ។
គ្រីស្ទីណា សរសេរថា « ការមានទំនុកចិត្តលើមនុស្សម្នាក់ គឺស្រដៀងនឹងការមានក្ដីជំនឿលើមនុស្សម្នាក់ដែរ ។ បើគ្មានទំនុកចិត្ត និងសេចក្ដីជំនឿទេ នោះនឹងមានការភ័យខ្លាច និងការសង្ស័យហើយ ។ សម្រាប់ខ្ញុំ ពរជ័យដ៏មហិមាមួយដែលកើតចេញពីសមត្ថភាពដែលអាចទុកចិត្តទាំងស្រុងលើស្វាមីខ្ញុំ គឺសន្តិភាព—ជាសន្តិភាពក្នុងចិត្តដែលដឹងថា គាត់ពិតជាធ្វើអ្វីដែលគាត់ថានឹងធ្វើ ។ ទំនុកចិត្តនាំមកនូវសន្តិភាព ក្ដីស្រឡាញ់ និងជាបរិយាកាសដែលសេចក្ដីស្រឡាញ់អាចចម្រើនឡើង » ។
ឡារ៉ា និង គ្រីស្ទីណា មិនដែលដឹងអំពីគំនិតគ្នាទៅវិញទៅមកទេ ។ វាជារឿងមួយគួរឲ្យចាប់អារម្មណ៍ ដែលពួកគេរៀងៗខ្លួនពិចារណាចង់បានពរជ័យនៃសន្តិភាពក្នុងគេហដ្ឋាន មកធ្វើជាលទ្ធផលនៃការមានស្វាមីម្នាក់ដែលពួកគេអាចទុកចិត្តបាន ។ ដូចបានបង្ហាញក្នុងឧទាហរណ៍នៃកូនស្រីរបស់ខ្ញុំ គោលការណ៍នៃទំនុកចិត្ត ដើរតួយ៉ាងសំខាន់ក្នុងភាពចម្រើនលូតលាស់នៃគេហដ្ឋានដែលផ្ដោតទៅលើព្រះគ្រីស្ទ ។
ខ្ញុំបានរីករាយនឹងវប្បធម៌ផ្ដោតទៅលើព្រះគ្រីស្ទលូតលាស់ក្នុងគ្រួសារខ្ញុំដែរ កាលឪពុកខ្ញុំបានគោរពបុព្វជិតភាពរបស់គាត់ ហើយទទួលបានទំនុកចិត្តពីគ្រួសារទាំងមូល ដោយសារតែ « ចិត្តស្មោះរបស់គាត់ » ។ ខ្ញុំសូមចែកចាយជាមួយបងប្អូននូវបទពិសោធន៍មួយកាលខ្ញុំនៅជាយុវវ័យ ដែលបង្ហាញអំពីឥទ្ធិពលវិជ្ជមានលើគ្រួសារ កាលឪពុកខ្ញុំយល់ ហើយរស់នៅតាមគោលការណ៍នៃទំនុកចិត្តស្ថាបនានៅលើភាពស្មោះត្រង់ ។
កាលខ្ញុំនៅក្មេង ឪពុកខ្ញុំបានបង្កើតក្រុមហ៊ុនមួយដែលផលិតគ្រឿងចក្ររបស់រោងចក្រ ។ អាជីវកម្មនេះបង្កើតវិស្វកម្ម ផលិត ហើយបង្កើតបណ្ដាញផលិតផលគ្រឿងចក្រទូទាំងពិភពលោក ។
ពេលខ្ញុំរៀននៅអនុវិទ្យាល័យ ឪពុកខ្ញុំចង់ឲ្យខ្ញុំចេះរបៀបធ្វើការ ។ គាត់ក៏ចង់ឲ្យខ្ញុំរៀនអំពីអាជីវកម្មនោះដោយលម្អិត ។ ការងារដំបូងរបស់ខ្ញុំរួមមាន ការថែរក្សាទីធ្លា និង លាបថ្នាំជញ្ជាំង នៅផ្នែកដែលមនុស្សទូទៅមិនអាចមើលឃើញ ។
ពេលខ្ញុំចូលរៀនវិទ្យាល័យ ខ្ញុំត្រូវបានដំឡើងតំណែងឲ្យធ្វើការជាកម្មកក្នុងផ្នែករោងចក្រ ។ ខ្ញុំបានរៀនមើលប្លង់ ហើយបញ្ជាម៉ាស៊ីនធ្វើពីដែកថែបធ្ងន់ៗ ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យ ខ្ញុំបានចូលរៀនសាកលវិទ្យាល័យ ហើយចូលបម្រើបេសកកម្ម ។ បន្ទាប់ពីត្រឡប់ពីបេសកកម្មវិញ ខ្ញុំបានចូលធ្វើការភ្លាមតែម្ដង ។ ខ្ញុំត្រូវរកប្រាក់សម្រាប់បង់ថ្លៃសាលានៅឆ្នាំក្រោយ ។
ថ្ងៃមួយ ក្រោយខ្ញុំចប់បេសកកម្មភ្លាម ខ្ញុំបានធ្វើការក្នុងរោងចក្រជាពេលដែលឪពុកខ្ញុំបានហៅខ្ញុំចូលក្នុងការិយាល័យគាត់ ហើយសួរថាតើខ្ញុំចង់រួមដំណើរអាជីវកម្មជាមួយគាត់ទៅទីក្រុង ឡូស អាន់ជឺឡេស ។ នេះជាលើកទីមួយដែលឪពុកខ្ញុំហៅខ្ញុំឲ្យរួមដំណើរអាជីវកម្មជាមួយគាត់ ។ គាត់បានអនុញ្ញាតឲ្យខ្ញុំចេញទៅជួបសាធារណជន ដើម្បីជួយតំណាងឲ្យក្រុមហ៊ុន ។
ពីមុនយើងចេញដំណើរ គាត់បានរៀបចំខ្ញុំជាមួយនឹងសេចក្ដីលម្អិតមួយចំនួន អំពីអតិថិជនថ្មីដ៏មានសក្ដានុពលនេះ ។ ទីមួយ អតិថិជននេះគឺជាអតិថិជនមានសាជីវកម្មច្រើនប្រទេស ។ ទីពីរ ពួកគេកំពុងបង្កើនបណ្ដាញផលិតផលរបស់ពួកគេទូទាំងពិភពលោក ជាមួយនឹងបច្ចេកវិទ្យាគ្រឿងចក្រថ្មីចុងក្រោយបំផុត ។ ទីបី ក្រុមហ៊ុនយើងមិនដែលផ្គត់ផ្គង់សេវាវិស្វកម្ម ឬ បច្ចេកទេសដល់ពួកគេពីមុនមកឡើយ ។ ចុងក្រោយ មន្ត្រីកំពូលរបស់សាជីវកម្មដែលទទួលបន្ទុកខាងទិញលក់ បានបង្កើតការប្រជុំនេះឡើង ដើម្បីពិនិត្យការដេញថ្លៃលើគម្រោងថ្មីមួយ ។ ការប្រជុំនេះជានិមិត្តរូបនៃឱកាសថ្មី និងមានសក្ដានុពលសម្រាប់ក្រុមហ៊ុនយើង ។
បន្ទាប់ពីបានទៅដល់ទីក្រុង ឡូស អាន់ជឺឡេស ពួកយើងបានចូលរួមការប្រជុំនៅសណ្ឋាគារ ។ កិច្ចការដំបូងគឺពិភាក្សា ហើយវិភាគលើវិធានការរៀបចំវិស្វកម្មនៃគម្រោង ។ ការពិភាក្សាបន្ទាប់ស្ដីពីសេចក្ដីលម្អិតនៃប្រតិបត្តិការ រួមមាន ភស្ដុភារ និងកាលបរិច្ឆេទនៃការដឹកជញ្ជូន ។ របៀបវារៈចុងក្រោយផ្ដោតទៅលើការកំណត់តម្លៃ និងលក្ខខណ្ឌ ។ នេះគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ ។
មន្ត្រីសាជីវកម្មរូបនេះបានពន្យល់ថា ការដាក់ស្នើតម្លៃរបស់យើងមានតម្លៃថោកជាងអ្នកដទៃទៀតទាំងអស់ដែលបានស្នើដេញថ្លៃគម្រោងនេះ ។ ក្រោយមកទៀត គាត់បានប្រាប់យើងពីតម្លៃថោកដែលថ្លៃជាងយើងបន្តិច ។ រួចគាត់បានសួរថាតើយើងចង់ដកយកការដាក់ស្នើរបស់យើង ហើយស្នើម្ដងទៀតឬទេ ។ គាត់ប្រាប់ថា តម្លៃថ្មីរបស់យើងនឹងត្រូវបានដាក់ឲ្យថោកជាងតម្លៃខ្ពស់បំផុតបន្តិចក្នុងការដេញថ្លៃក្រោយមកទៀត ។ រួចគាត់ពន្យល់ថា យើងនឹងចំណាយប្រាក់ពាក់កណ្ដាលម្នាក់ក្នងការដំឡើងតម្លៃនេះ ។ គាត់បានលើកហេតុផលនេះដោយនិយាយថា ភាគីយើងទាំងពីរនឹងទទួលបានប្រយោជន៍ ។ ក្រុមហ៊ុនពួកយើងនឹងទទួលបានប្រយោជន៍ ព្រោះយើងនឹងត្រូវបានពិចារណាថា មានប្រាក់ច្រើនជាងតម្លៃដេញថ្លៃដែលយើងដាក់ពីមុន ។ ក្រុមហ៊ុនគាត់នឹងទទួលបានប្រយោជន៍ ព្រោះពួកគេនឹងនៅតែធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលដេញថ្លៃថោកជាងគេ ។ ប្រាកដណាស់ គាត់នឹងទទួលបានប្រយោជន៍ដោយទទួលបានចំណែកប្រាក់ដែលគាត់បានដោះដូរជាមួយយើងវិញ ។
រួចគាត់បានឲ្យលេខប្រអប់សំបុត្រមួយ ដែលយើងអាចផ្ញើប្រាក់ទៅឲ្យគាត់វិញ ។ បន្ទាប់ពីបានពន្យល់ហើយ គាត់សម្លឹងទៅឪពុកខ្ញុំ រួចសួរថា « ដូច្នេះ យើងអាចដោះដូរបានទេ ? » ខ្ញុំភ្ញាក់ផ្អើលដោយឃើញឪពុកខ្ញុំក្រោកឈរឡើង ចាប់ដៃគាត់ ហើយប្រាប់ថា យើងសុំពេលគិតមួយរយៈសិន ។
បន្ទាប់ពីការប្រជុំ យើងចូលទៅក្នុងឡាន ហើយឪពុកខ្ញុំសួរខ្ញុំថា « តើកូនគិតថា យើងគួរធ្វើដូចម្ដេច ? »
ខ្ញុំបានឆ្លើយថា យើងមិនគួរទទួលយកការដោះដូរនេះទេ ។
រួចឪពុកខ្ញុំសួរថា « តើកូនមិនគិតថា យើងមានការទទួលខុសត្រូវចំពោះនិយោជិតទាំងអស់ ក្នុងការរក្សាបញ្ជីនៃការងារត្រឹមត្រូវទេឬ ? »
កាលខ្ញុំកំពុងគិតអំពីសំណួរគាត់ ហើយពីមុនខ្ញុំឆ្លើយ គាត់បានឆ្លើយសំណួរនេះដោយខ្លួនគាត់ ។ គាត់ថា « ស្ដាប់ណា រីគ កាលណាកូនទទួលយកសំណូក ឬធ្វើឲ្យខូចដល់ភាពស្មោះត្រង់របស់កូន វាពិបាកណាស់ដើម្បីស្ដារវាមកវិញ ។ កុំធ្វើបែបនេះឲ្យសោះ សូម្បីតែម្ដង » ។
មូលហេតុដែលខ្ញុំចែកចាយបទពិសោធន៍នេះ ព្រោះខ្ញុំមិនភ្លេចអ្វីដែលឪពុកខ្ញុំបានបង្រៀន ក្នុងដំណើរអាជីវកម្មទីមួយដែលខ្ញុំមានជាមួយគាត់ឡើយ ។ ខ្ញុំចែកចាយបទពិសោធន៍នេះដើម្បីបង្ហាញអំពី ឥទ្ធិពលគ្មានទីបញ្ចប់ដែលយើងមានក្នុងនាមជាឪពុក ។ បងប្អូនអាចស្រមៃពីទំនុកចិត្តដែលខ្ញុំមានទៅលើឪពុកខ្ញុំ ចំពោះចិត្តស្មោះរបស់គាត់ ។ គាត់បានរស់នៅក្នុងគោលការណ៍នេះក្នុងជីវិតរបស់គាត់ជាមួយម្ដាយខ្ញុំ កូនៗ និងមនុស្សដែលគាត់ប្រាស្រ័យទាក់ទង ។
បងប្អូនប្រុស ខ្ញុំអធិស្ឋានល្ងាចនេះ សូមឲ្យយើងដាក់ទំនុកចិត្តយើងលើព្រះអម្ចាស់ជាដំបូង ដូចនីហ្វៃបានធ្វើជាគំរូ ហើយតាមរយៈចិត្តស្មោះរបស់យើង យើងនឹងទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ ក៏ដូចជាទំនុកចិត្តពីភរិយា និងកូនៗយើងដែរ ។ ពេលយើងយល់ ហើយអនុវត្តគោលការណ៍ពិសិដ្ឋនៃទំនុកចិត្តស្ថាបនាលើភាពស្មោះត្រង់នេះ យើងនឹងស្មោះត្រង់ចំពោះក្ដីសញ្ញាដ៏ពិសិដ្ឋរបស់យើងដែរ ។ យើងនឹងជោគជ័យក្នុងការដឹកនាំគ្រួសារដោយក្ដីស្រឡាញ់ និងសុចរិតភាព ការផ្គត់ផ្គង់សេចក្ដីត្រូវការចាំបាច់ក្នុងជីវិត និងការការពារគ្រួសារខ្លួនពីសេចក្ដីអាក្រក់នៃលោកិយ ។ ខ្ញុំសូមថ្លែងសេចក្ដីទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។