ឆ្នាំ ២០១០-២០១៩
ផែនការ និង​សេចក្ដី​ប្រកាស
ខែ តុលា ២០១៧


2:3

ផែនការ និង​សេចក្ដី​ប្រកាស

ការ​ប្រកាស​អំពី​ក្រុម​គ្រួសារ​គឺជា​ការ​គូស​បញ្ជាក់​ជា​ថ្មី​របស់​ព្រះអម្ចាស់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​យើង​ត្រូវការ​ដើម្បី​គាំទ្រ​យើង​ឆ្លង​កាត់​ឧបសគ្គ​បច្ចុប្បន្នក្នុង​គ្រួសារ ។

ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ការ​ប្រកាស​អំពី​ក្រុម​គ្រួសារ​របស់​យើង សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ពរ ដោយ​មាន​គោលលទ្ធិ​ដាច់​ដោយ​ឡែក និង​របៀប​ខុស​គ្នា​នៃ​ការ​មើល​ទៅ​ពិភពលោក​នេះ ។ យើង​ចូល​រួម ហើយ​ថែម​ទាំង​លើក​កម្ពស់​នូវ​សកម្មភាព​ខាង​លោកិយ​ជា​ច្រើន ប៉ុន្តែ​ចំពោះ​ប្រធាន​បទ​មួយ​ចំនួន​យើង​ពុំ​បាន​ចូល​រួម​ឡើយ ដោយ​សារ​យើង​ខិតខំ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​សាវក​ទ្រង់ ទាំង​ពី​បុរាណ និង​បច្ចុប្បន្ន ។

I.

ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ ព្រះយេស៊ូវ​បាន​រៀបរាប់​អំពី​ជន​ដែល​« [ ឮ​ព្រះបន្ទូល ] » ប៉ុន្តែ ​​« មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ »​ ពេល​បន្ទូល​នោះ​ត្រូវ « ខ្ទប់ »​ដោយ « សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ » ( ​ម៉ាថាយ ១៣:២២) ។ ក្រោយ​មក ព្រះយេស៊ូវ​បាន​កែ​តម្រូវ​ពេត្រុស​ដោយ​សារ​​មិន​ចេះ​គិត « តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ » ដោយ​ប្រកាស​ថា « ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកិយ​ទាំងមូល​តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? » (ម៉ាថាយ ១៦:២៣, ២៦ ) ។ នៅ​ការ​បង្រៀន​ចុង​ក្រោយ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់​ថា « បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ … អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ » (យ៉ូហាន ១៥:១៩ សូមមើល​ផងដែរ យ៉ូហាន ១៧:១៤, ១៦) ។

ស្រដៀង​គ្នា​នេះ​ដែរ ការ​សរសេរ​របស់សាវក​កាល​ជំនាន់​ដើម​របស់​ព្រះយេស៊ូវ​ជា​រឿយៗ​ប្រើ​រូបភាព​នៃ​« លោកិយ៍ » តំណាង​ឲ្យ​ការ​ផ្ទុយ​ទៅ​នឹង​ការ​បង្រៀន​ដំណឹងល្អ ។​ សាវក​ប៉ុល​បាន​បង្រៀន​ថា « កុំ ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ » ( រ៉ូម ១២:២ ) ។ « ពីព្រោះប្រាជ្ញា​របស់​លោកិយនេះ​ជា​សេចក្តី​ល្ងង់​ល្ងើ​នៅចំពោះ​ព្រះ » (កូរិនថូសទី ១ ៣:១៩ ) ។ ហើយលោក​បាន​ព្រមាន​ថា ​« ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា … តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បឋម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះគ្រីស្ទ​ទេ » (កូល៉ុស ២:៨ ) ។ សាវក​យ៉ាកុប​បាន​បង្រៀន​​ថា « ដែល​ស្រឡាញ់​ដល់​លោកីយ៍​នោះ គឺ​ជា​ស្អប់​ដល់​ព្រះ … ហើយ​ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្ត​សំឡាញ់​នឹង​លោកីយ៍ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ »​(យ៉ាកុប ៤:៤ ) ។

ជា​រឿយៗ ព្រះគម្ពីរមរមន​ប្រើ​រូបភាព​​ស្ដីពី​ការ​ផ្ទុយ​នៃ​ « លោកិយ៍ »​ នេះ ។ នីហ្វៃ​បាន​ព្យាករ​អំពី​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​នៃ « អស់​អ្នក​ណា​ដែល​បាន​តាំង​ឡើង​ដើម្បី​រក​ប្រជាប្រីយភាព​ខាង​ឯ​ភ្នែក​មនុស្ស​លោក និង​អស់​អ្នក​ណា​ដែល​ស្វែង​រក … វត្ថុ​ខាង​លោកិយ »(នីហ្វៃទី ១ ២២:២៣ សូមមើល​ផងដែរ នីហ្វៃទី ២ ៩:៣០) ។ អាលម៉ា​បាន​ថ្កោល​ទោស​អស់​អ្នក​ដែល « អួត​ខ្លួន … ទៅ​លើ​វត្ថុ​ទាំងឡាយដែល​ឥត​ប្រយោជន៍​នៃ​លោកិយ »​(អាលម៉ា ៣១:២៧) ។ សុបិន​របស់​លីហៃ​បង្ហាញ​ថា អស់​អ្នក​ដែល​ខិតខំ​ដើរ​តាម​ដំបង​ដែក​ដែល​ជា​បន្ទូល​នៃ​ព្រះ នឹង​ជួ​ប​ការ​ផ្ទុយ​នៃ​លោកិយ ។ ពួក​អ្នក​កាន់​កាប់​ « អគារ​ដ៏​ធំ ហើយ​ទូលាយ »​ដែល​លីហៃ​បាន​ឃើញ​កំពុង​តែ « ចំអក​ឡក​ឡឺយ ហើយ​ចង្អុល​ដៃ » (នីហ្វៃទី ១ ៨:២៦–២៧, ៣៣) ។ នីហ្វៃ​បាន​រៀន​នៅ​ក្នុង​ការ​និមិត្ត​របស់​លោក​ដែល​បកស្រាយ​សុបិន​នេះ​ថា ការ​ចំអក និង​ការ​ផ្ទុយ​នេះ​បាន​កើត​ចេញ​ពី « ហ្វូងមនុស្ស​នៅ​លើ​ផែនដី … មនុស្ស​លោក ហើយ​និង​ប្រាជ្ញា​របស់​គេ … សេចក្ដីឆ្មើងឆ្មៃ​នៃ​មនុស្ស​លោក » (នីហ្វៃទី ១ ១១:៣៤–៣៦) ។

រូបភាព​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន

តើ​ការ​ដាស់​តឿន​ខាង​បទគម្ពីរ​ទាំង​នេះ និង​បទបញ្ញត្តិ​កុំ​ឲ្យ​ធ្វើ​ជា « របស់​ផង​លោកិយ » ឬ​បទបញ្ញត្តិ​សម័យ​ទំនើប​ឲ្យ « លះបង់ចោល​លោកិយ » មាន​ន័យ​ដូច​ម្ដេច ? » ( គ. និង ស. ៥៣:២ ) ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សង្ខេប​នូវ​ការ​បង្រៀន​ទាំង​នេះ​ថា « យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​បាន​រំកិល​ចេញ​យ៉ាងឆ្ងាយ​ចេញពី​រឿង​ខាង​វិញ្ញាណ ។ វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​បដិសេធ​រាល់​អ្វី​ទាំងអស់​ដែលមិន​សមស្រប​ទៅ​នឹង​បទដ្ឋាន​របស់​យើង ដោយ​បដិសេធ​​នូវ​ដំណើរការ​ដែល​ធ្វើ​ឲ្យយើង​បោះបង់​ចោល​នូវ​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​បំផុត ៖ ជា​ជីវិត​អស់​កល្ប​ក្នុង​នគរ​ព្រះ » ។

ព្រះ​បាន​បង្កើត​ផែនដី​នេះ​ស្រប​តាម​ផែនការ​ទ្រង់ ដើម្បី​ប្រទាន​កន្លែង​មួយ​ឲ្យ​កូនចៅ​ទ្រង់​បាន​ដក​ពិសោធន៍​ជីវិត​រមែង​ស្លាប់ ដែល​ជា​ជំហាន​ចាំបាច់​ឆ្ពោះ​ទៅ​រក​សិរីល្អ​ដែល​ទ្រង់​ចង់​ឲ្យកូនចៅ​គ្រប់​រូប​មាន ។ ខណៈ​ដែល​មាន​នគរ ​និង​សិរី​ល្អ​ខុសៗ​គ្នា នោះក្ដី​ប្រាថ្នា​ពិត​របស់​ព្រះវរបិតាសួគ៌​យើង​​សម្រាប់​កូនចៅ​ទ្រង់​គឺ​ជា​អ្វី​ដែល​ប្រធាន​ម៉នសុន​បាន​ហៅ​ថា « ជីវិត​អស់​កល្ប​នៅ​ក្នុង​នគរ​ព្រះ » ដែល​ជា​ភាព​តម្កើង​ឡើង​ជា​ក្រុម​គ្រួសារ ។ ការណ៍​នេះ​លើស​ពី​សេចក្ដី​សង្គ្រោះ​ទៅ​ទៀត ។ ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​ថា « នៅ​ក្នុង​ផែនការ​អស់​កល្ប​របស់​ព្រះ សេចក្តី​សង្គ្រោះគឺជា​បញ្ហា​ផ្ទាល់​ខ្លួន [ ប៉ុន្តែ ] ភាព​តម្កើង​ឡើងគឺជា​បញ្ហា​គ្រួសារ » ។

ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និង​ការ​ប្រកាស​ដ៏​បំផុត​គំនិត​អំពី​ក្រុម​គ្រួសារ ដែល​ខ្ញុំ​នឹង​ពិភាក្សា​នៅ​ក្រោយ​ទៀត គឺជា​ការ​បង្រៀន​ដ៏​សំខាន់ដើម្បី​ណែនាំ​ស្ដីពី​ការ​រៀបចំ​មនុស្ស​សម្រាប់​ភាព​តម្កើង​ឡើង ។ សូម្បី​តែ​យើង​ត្រូវ​រស់​នៅ​តាម​ច្បាប់​អាពាហ៍ពិពាហ៍ និង​ទំនៀម​ទម្លាប់​ផ្សេង​ទៀត​នៃ​ពិភព​លោក​មួយ​ដែល​ចុះ​អន់​ថយ​ក្ដី ក៏​ជន​ដែល​ស្វែង​រក​ភាពតម្កើង​ឡើង​ត្រូវ​តែ​ធ្វើ​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ជីវិត​គ្រួសារ​ស្រប​តាម​របៀប​របស់​ព្រះអម្ចាស់​ដែរ មិន​ថា​ការណ៍​នោះ​ខុស​ពី​របៀប​លោកិយ​យ៉ាងណា​ទេ ។

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​គ្មាន​ការ​ចងចាំ​អំពី​រឿង​ពី​មុន​កំណើត​យើង​ទេ ហើយ​ឥឡូវ​យើង​ជួប​នឹង​ការ​ផ្ទុយ ។ យើង​ធំ​ដឹង​ក្ដី​ឡើង​ខាង​វិញ្ញាណតាមរយៈ​ការ​ជ្រើស​រើស​គោរព​តាម​បទបញ្ញត្តិ​ព្រះនៅ​ក្នុង​ការ​តភ្ជាប់​នៃ​ការ​ជ្រើស​រើស​ត្រឹមត្រូវ ។ ការទាំង​នេះ​រួម​មាន​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ ព្រមទាំង​ការ​ប្រែ​ចិត្ត​ពេល​យើង​ជ្រើសរើស​ខុស ។ ផ្ទុយ​ទៅវិញ បើ​យើង​ខ្វះ​ជំនឿ​លើ​ផែនការ​ព្រះ ហើយពុំ​គោរព​ប្រតិបត្តិ ឬ​មិន​ធ្វើ​ដោយ​ចេតនា​នូវ​ទង្វើ​ដែល​តម្រូវ​ឲ្យ​ធ្វើ នោះ​យើង​លះបង់​ភាព​ធំ​ដឹង​ក្ដី​នោះ ។ ព្រះគម្ពីរមរមន​បង្រៀន​ថា « ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » (អាលម៉ា ៣៤:៣២) ។

II.

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​យល់​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​មាន​ទស្សនៈ​ជីវិត​មួយ​ដាច់​ដោយ​ឡែក​ដែល​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​ហេតុផល​សម្រាប់​បទបញ្ញត្តិ​ព្រះ ជា​ការ​មិន​ផ្លាស់​ប្ដូរ​នៃ​ពិធី​បរិសុទ្ធ​របស់​ទ្រង់​ដែល​តម្រូវ​ឲ្យ​មាន ​និង​តួនាទី​ដ៏​សំខាន់​នៃ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើងជួយ​យើង​ឲ្យ​រូច​ពី​ក្ដី​ស្លាប់ ហើយ​​តម្រូវ​ឲ្យ​យើង​ប្រែ​ចិត្ត នោះ​សង្គ្រោះ​យើង​ពី​អំពើ​បាប ។ ដោយ​មាន​ទស្សនៈ​ជីវិត​នោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​អាទិភាព និង​ការ​អនុវត្ត​ច្បាស់​លាស់ ហើយ​មាន​ពរ​ដោយ​មាន​កម្លាំង​ស៊ូទ្រាំ​នឹង​ការ​រសាយ​ចិត្ត និង​ការ​ឈឺចាប់​នៃ​ជីវិត​រមែង​ស្លាប់ ។

ដោ​យចៀស​មិន​រួច ទង្វើ​របស់​ជន​ដែល​ព្យាយាម​ធ្វើ​តាម​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​យល់​ខុស ឬ​ជម្លោះ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្ដិ​ដែល​ពុំ​ជឿ​គោលការណ៍នោះ ។ ជម្លោះ​បែប​នេះគឺ​មាន​ជានិច្ច ។ គ្រប់​ជំនាន់​ដែល​បាន​ខិតខំ​ធ្វើ​តាម​ផែនការ​ព្រះ​បាន​ជួប​ឧបសគ្គ ។ កាល​ពី​បុរាណ ព្យាការី​អេសាយ​បាន​ផ្ដល់​កម្លាំង​ដល់​សាសន៍​អ៊ីស្រាអែល ដែល​លោក​បាន​ហៅ​ថា « ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្តី​សុចរិត … ដែល​មាន​ច្បាប់​របស់​យើង​នៅ​ក្នុង​ចិត្ត​អើយ » ។ ចំពោះ​ពួកគេ​លោក​បាន​មាន​ប្រសាសន៍​ថា ‹ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ › (អេសាយ ៥១:៧, សូមមើល​ផងដែរ នីហ្វៃទី ២ ៨:៧) ។ ប៉ុន្តែ​ទោះ​ជាបុព្វហេតុ​នៃ​ជម្លោះ​ជាមួយ​នឹង​ជន​ដែល​ពុំ​​​យល់ ឬ​ជឿ​លើ​ផែនការ​ព្រះជា​អ្វី​ក៏​ដោយ ជន​ដែលពិតជាយល់​​ត្រូវ​បាន​បង្គាប់​ឲ្យរើស​​តាម​របៀប​របស់​ព្រះអម្ចាស់ជានិច្ច ជំនួស​ឲ្យ​របៀប​របស់​លោកិយ ។

III.

ផែនការ​ដំណឹងល្អ​ដែល​​គ្រួសារ​នីមួយៗ​គួរ​ធ្វើ​តាម​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​អស់​កល្ប និង​ភាព​តម្កើង​ឡើង​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ការ​ប្រកាស​របស់​សាសនាចក្រ​នៅ​ឆ្នាំ​១៩៩៥ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។ ពិតណាស់ ការ​ប្រកាស​របស់វា​មាន​ភាព​ខុស​គ្នា​ពី​ច្បាប់ ការ​អនុវត្ត និង​​ការ​និយាយ​គាំទ្រ​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​យើង​រស់​នៅ​នា​ពេលបច្ចុប្បន្ន ។ នៅ​សម័យ​យើង ភាព​ខុស​គ្នាដែល​ឃើញ​យ៉ាង​ច្បាស់​មាន ការ​រួម​រស់​នឹង​គ្នា​ដោយ​គ្មាន​ការ​រៀបការ អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា និង​ការ​ចិញ្ចឹម​បីបាច់​កូនចៅ​ក្នុង​ទំនាក់​ទំនង​បែប​នេះ ។ ជន​ដែល​មិន​ជឿ ឬ​មិន​ចង់​បាន​ភាព​តម្កើង​ឡើង ហើយ​ដែល​ត្រូវ​បាន​អូស​ទាញ​យ៉ាង​ខ្លាំង​ដោយ​របៀប​នៃ​លោកិយ​ចាត់​ទុក​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​នេះ​គ្រាន់​តែ​ជា​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​នៃ​គោលនយោបាយ​ដែល​គួរ​ផ្លាស់​ប្ដូរ ។ ផ្ទុយ​ទៅវិញ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អះអាង​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​កំណត់​នូវ​ប្រភេទ​ទំនាក់​ទំនង​គ្រួសារ​ដែលជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការ​អភិវឌ្ឍ​អស់កល្ប​យើង​អាច​កើត​ឡើង ។

យើង​បាន​ឃើញការ​ទទួល​យក​ជា​សាធារណៈនៃ​ការ​រួម​រស់​នឹង​គ្នា​ដោយ​គ្មាន​ការ​រៀបការ និង​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​កើន​ឡើង​យ៉ាង​លឿន ។ ការ​និយាយ​គាំទ្រ​ដ៏ម៉ឺង​ម៉ាត់​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​អប់រំ និង​តម្រូវការ​ការងារ​បង្កើត​ការ​ប្រឈម​ដ៏​លំបាក​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យើង​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ​តម្រូវការ​ដ៏​​ខ្លាំង​នៃ​ការ​ធ្វើ​តាម​​ក្រឹត្យវិន័យ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត និង​ការ​បង្រៀន​ផ្ទាល់​ខ្លួន​របស់យើង​ឲ្យមាន​តុល្យភាព កាល​យើង​ខិតខំ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់​គ្នា ។ ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ពេល​ខ្លះ​យើង​ជួប​នឹង​អ្វី​ដែល​អេសាយ​បានហៅ​ថា « ​សេចក្តី​ត្មះតិះដៀល​របស់​មនុស្ស » ប៉ុន្តែ​យើង​មិន​ត្រូវ​ខ្លាច​ឡើយ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ ដែល​បាន​ចេញ​ផ្សាយ​ជិត​ម្ភៃ​ប្រាំ​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​ត្រូវ​បាន​បកប្រែ​ជា​ច្រើន​ភាសា គឺជា​ការ​គូស​បញ្ជាក់​ជា​ថ្មី​របស់​ព្រះអម្ចាស់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​យើង​ត្រូវការ​ដើម្បី​គាំទ្រ​យើង​ឆ្លង​កាត់​ឧបសគ្គ​បច្ចុប្បន្នក្នុង​គ្រួសារ ។ ឧទាហរណ៍​ពីរ​គឺ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា និង​ការ​រួម​រស់​នឹង​គ្នា​ដោយ​គ្មាន​ការ​រៀបការ ។ ទើប​តែ ២០ ឆ្នាំ បន្ទាប់​ពី​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ តុលាការ​កំពូល​អាមេរិក​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ដោយ​ផ្លាស់​ប្រែ​អាពាហ៍​ពិពាហ៍​រាប់​ពាន់​ឆ្នាំ​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ ។ ភាគរយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​កុមារ​នៅ​អាមេរិក​ដែល​​មាន​ម្ដាយ​ពុំ​បាន​រៀបការ​នឹង​ឪពុក​បាន​កើន​ឡើង​បន្តិច​ម្ដងៗ ៖ ៥ ភាគរយ នៅ​ឆ្នាំ​១៩៦០ ៣២ ភាគរយ​នៅ​ឆ្នាំ​១៩៩៥ ហើយ​ឥឡូវ​នេះ​មាន​ ៤០ ភាគរយ ។

IV.

ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​ចាប់ផ្ដើម​ដោយ​ប្រកាស​ « ​ថា​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រីគឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ។ ការប្រកាស​នេះ ក៏​បាន​អះអាង​ផងដែរ​ថា « ភេទ​ គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ។ ការ​ប្រកាស​នេះ​ប្រកាស​បន្ថែម​ទៀត​ថា « ព្រះទ្រង់បានបញ្ជា​ថា អំណាច​ដ៏ពិសិដ្ឋ​នៃ​ការ​បង្កើត​កូនចៅ​​គឺ​ត្រូវ​ប្រើ​បានសម្រាប់​តែរវាងប្រុស ស្រី ដែល​បាន​រៀប​​អាពាហ៍​ពិពាហ៍​ពេញ​ច្បាប់ ជាប្តី​ប្រពន្ធ​ប៉ុណ្ណោះ » ។

ការ​ប្រកាស​នេះ​អះអាង​នូវ​កាតព្វកិច្ចជា​បន្ត​បន្ទាប់របស់​ស្វាមី និង​ភរិយា​ដើម្បី​​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែនដី និង « ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​របស់​ពួកគេ​ដើម្បី​ស្រឡាញ់ ហើយ​ថែទាំគ្នា និង​កូនចៅ​របស់​ពួកគេ »​ថា « កូនចៅ​មាន​សិទ្ធិ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​នឹង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្ដាយ ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំង​ស្រុង » ។ ការ​ប្រកាស​នេះ​ព្រមាន​ទាស់​នឹង​ការ​រំលោភ​បំពាន​លើ​ស្វាមី ឬ​ភរិយា ឬ​កូនចៅ ហើយ​អះអាង​ថា « សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន​នៅ​ពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។ ជា​ចុង​ក្រោយ ​ការប្រកាសនេះ​អំពាវនាវ​ឲ្យ​មាន​ការ​លើក​កម្ពស់នូវ​រង្វាស់​ជា​ផ្លូវការ « ដែល​បានតាក់តែង​ឡើង​នោះ ក្នុង​ការរក្សា​ទុក និង​ភាពរឹងមាំ​នៃ​ក្រុមគ្រួសារ ដើម្បី​ជាមូលដ្ឋាន​គ្រឹះ​ទៅដល់​សង្គម »។

នៅ​ឆ្នាំ​១៩៩៥ ប្រធាន​សាសនាចក្រ និង​ពួក​សាវក​១៤ រូប​ផ្សេង​ទៀត​របស់​ព្រះអម្ចាស់បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​ខាង​គោលលទ្ធិ​ដ៏​សំខាន់​ទាំង​នេះ ។ ក្នុង​នាម​ជា​សាវក​មួយ​រូប​ក្នុង​ចំណោម​សាវក​ទាំង​ប្រាំពីរ​រូប​នៅ​ពេល​នោះ​ដែល​នៅ​មាន​ជីវិត​រស់ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ចែកចាយ​អ្វី​ដែល​បាន​ដឹកនាំ​ទៅ​រក​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​ទុក​ជា​ព័ត៌មាន​ដល់​អស់​អ្នក​ដែល​ចង់​ពិចារណា​អំពី​ការ​ប្រកាស​នេះ ។

ការ​បំផុស​គំនិត​ដែល​បង្ហាញ​អំពី​សេចក្ដី​ត្រូវការ​សម្រាប់​ការ​ប្រកាស​មួយ​ស្ដីពី​ក្រុម​គ្រួសារ​បាន​កើត​មាន​ចំពោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កាល​ពី ២៣ ឆ្នាំ​មុន ។ វា​គឺជា​ការ​ភ្ញាក់​ផ្អើល​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​គិតថា សេចក្ដីពិត​ខាង​គោលលទ្ធិ​អំពី​អាពាហ៍​ពិពាហ៍ និង​គ្រួសារ​ត្រូវ​បាន​យល់​ដឹង​យ៉ាង​ល្អ​ដោយ​គ្មានការ​ថ្លែង​ជា​ថ្មី ។ យ៉ាង​ណា​ក៏​ដោយ យើង​បាន​ទទួល​អារម្មណ៍អំពី​ការ​បញ្ជាក់​នោះ ហើយ​យើង​បាន​ចាប់ផ្ដើម​អនុវត្ត ។ ប្រធានបទ​នានា​ត្រូវ​បាន​កំណត់ ហើយ​ពិភាក្សា​ដោយ​សមាជិក​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ជិត​មួយ​ឆ្នាំ ។ ពាក្យ​ពេចន៍​ត្រូវ​បាន​ដាក់​ស្នើ មើល​ឡើង​វិញ ហើយ​កែសម្រួល ។ យើងបាន​ទូល​អង្វរ​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ព្រះអម្ចាស់ប្រកប​ដោយ​ការ​អធិស្ឋាន​ សូម​ការ​បំផុស​គំនិតរបស់​ទ្រង់​លើ​អ្វី​ដែល​យើងគួរនិយាយ និង​របៀប​ដែល​យើង​គួរ​និយាយ​វា ។ យើង​ទាំងអស់​គ្នា​បាន​រៀន ​« មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ដូច​ដែល​ព្រះអម្ចាស់​បាន​សន្យា ​( គ. និង ស. ៩៨:១២) ។

រូបភាព​ប្រធាន ហ្គរដុនប៊ី ហ៊ិងគ្លី

អំឡុង​ដំណើរការ​នៃ​វិវរណៈ​នេះ អត្ថបទ​ដែល​បាន​ដាក់​ស្នើ​មួយ​ត្រូវ​បាន​ធ្វើ​បទបង្ហាញ​ជូន​គណៈប្រធាន​ទីមួយ​ដែល​គ្រប់​គ្រង ហើយ​ប្រកាស​ឲ្យប្រើ​ការ​បង្រៀន និង​គោលលទ្ធិ​ក្នុង​សាសនាចក្រ ។ បន្ទាប់​ពី​គណៈប្រធាន​ទីមួយ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធាន​សាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី ។ នៅ​ក្នុង​ការ​ប្រជុំ​ស្ត្រី​នា​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ​១៩៩៥ លោក​បាន​ណែនាំ​អំពី​ការ​ប្រកាស​នេះជាមួយ​នឹង​ពាក្យ​ទាំង​នេះ​ថា « មាន​សេច​ក្ដី​ពុំទៀងត្រង់ជាច្រើន​ត្រូវ​បាន​បង្ហាញ​ថាជា​សេចក្ដីពិត ដោយមាន​នូវការ​បោកបញ្ឆោត​ដ៏ច្រើន​អំពី​បទដ្ឋាន និងគុណតម្លៃ ហើយមាន​នូវការទាក់ទាញចិត្ត និង​ការ​ល្បួង​យ៉ាង​ច្រើន​ដែល​បានដុះ​ស្នឹម​ក្នុងពិភពលោកបន្តិចម្តង​ៗ យើង​មាន​អារម្មណ៍​ថាចាំបាច់​ត្រូវធ្វើការ​ព្រមាន ហើយត្រូវ​ព្រមានទុកជាមុន » ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​គឺជា​សេចក្ដី​ថ្លែង​ការណ៍​នៃ​សេចក្ដី​ពិត​អស់​កល្ប ជា​ព្រះឆន្ទៈរបស់​ព្រះអម្ចាស់​សម្រាប់​កូនចៅ​ទ្រង់ ដែល​ស្វែងរក​ជីវិត​អស់កល្ប​ជានិច្ច ។ វា​បាន​ក្លាយ​គ្រឹះ​នៃ​ការ​បង្រៀន និង​ការ​អនុវត្ត​ក្នុង​សាសនាចក្រ​រយៈពេល ២២ ឆ្នាំ​ហើយ ហើយ​នឹង​បន្ត​ដូច្នេះ​ទៀត​សម្រាប់​អនាគត ។ សូម​ពិចារណា​បង្រៀន​វា រស់​នៅ​តាម​វា ហើយ​នឹង​មាន​ពរ នៅពេល​អ្នក​អ្នក​បន្ត​ឈាន​ទៅរក​ជីវិត​អស់កល្ប​ជានិច្ច ។

សែសិប​ឆ្នាំ​មុន​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « គ្រប់​ជំនាន់​មាន​នូវ​ការ​សាកល្បង និង​ឱកាស​របស់​ខ្លួនដើម្បី​ឈរ​បង្ហាញ​ខ្លួន​ឯង » ។ ខ្ញុំ​ជឿថា ​ការ​ប្រើ និង​អាកប្បកិរិយា​យើង​ចំពោះ​ការ​ប្រកាស​ស្ដីពី​គ្រួសារ​គឺជា​ការ​សាកល្បង​មួយ​សម្រាប់​ជំនាន់​នេះ ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំង​អស់​ឈរ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​សាកល្បង​នេះ ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ការ​បង្រៀន​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដែល​បាន​បន្លឺ​ឡើង​ពីរ​ឆ្នាំ​ក្រោយ​ពី​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​ត្រូវ​បាន​ប្រកាស ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មើល​ឃើញ​អនាគត​អស្ចារ្យ​មួយ​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​គ្មាន​ភាព​ច្បាស់​លាស់ ។ បើ​យើង​តោង​ជាប់​នឹង​តម្លៃ​របស់​យើង បើ​យើង​ស្ថាបនា​នៅ​លើមរតក​របស់​យើង បើ​យើង​នឹង​ដើរ​ដោយ​ការ​គោរពនៅ​ចំពោះ​ព្រះអម្ចាស់ បើ​យើង​គ្រាន់​តែ​រស់​នៅ​តាម​ដំណឹងល្អ យើង​នឹង​មាន​ពរ​ដ៏​លើសលប់​អស្ចារ្យ ។ យើង​នឹង​ត្រូវ​បាន​គេ​មើល​មក​ថា​ជា​មនុស្សដ៏​ចម្លែក​ដែល​បាន​រក​ឃើញ​គន្លឹះ​ឆ្ពោះ​ទៅ​សុភមង្គល​ដ៏​ចម្លែក​មួយ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត និង​សារៈសំខាន់​អស់កល្ប​នៃ​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ ដែល​បាន​បើក​សម្ដែង​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​ ទៅ​កាន់​ពួក​សាវក​ទ្រង់​សម្រាប់​ភាពតម្កើង​ឡើង​របស់​កូនចៅ​​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣១:១–៤) នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ថូម៉ាស អេស ម៉នសុន «Stand in Holy Places» Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៨៣ ។

  2. រ័សុល អិម ណិលសុន «Salvation and Exaltation »Liahona ខែ​ឧសភា ឆ្នាំ​២០០៨ ទំព័រ ៧, ១០ ។

  3. សូម​មើល « The Family: A Proclamation to the World » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  4. សូមមើល ដាល្លិន អេក អូក «Love and Law» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦–២៩ ។

  5. សូមមើល « Disastrous’ Illegitimacy Trends » Washington Times ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០៦ គេហទំព័រ washingtontimes.com ។

  6. សូម​មើល Stephanie J. Ventura និង​អ្នក​ផ្សេង​ទៀត « Report of Final Natality Statistics, 1996 » Monthly Vital Statistics Report ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៨ ទំព័រ​៩ ។

  7. សូម​មើល Brady E. Hamilton និង​អ្នក​ផ្សេង​ទៀត « Births: Provisional Data for 2016 » Vital Statistics Rapid Release ខែ​មិថុនា ឆ្នាំ​២០១៧ ទំព័រ ១០ ។

  8. ប្រធាន​យុវនារី​ទូទៅ​របស់​យើង​បាន​ថ្លែង​យ៉ាង​ល្អ​អំពី​ការ​ប្រកាស​នេះ​នៅ​២០​ឆ្នាំ​ក្រោយមក ៖ « ​គ្រា​នោះ​យើង​ពុំ​សូវ​ដឹង​ពី​សារៈសំខាន់​ថា​តើយើងនឹង​ត្រូវ​ការ​សេចក្ដី​ប្រកាស​ជា​មូលដ្ឋាន​ទាំងនេះ នៅក្នុង​ពិភពលោក​សព្វថ្ងៃ ទុក​ជា​បទដ្ឋាន​ដែល​យើង​អាច​ប្រើ​ដើម្បី​វិនិច្ឆ័យ​អំពី​ការបង្រៀន​របស់​លោកិយ​នាពេល​សព្វថ្ងៃ​ដែល​បង្ហាញ​ដល់​យើង​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អ៊ិនធើរណិត អ្នកប្រាជ្ញ ទូរទស្សន៍ និង​ខ្សែភាពយន្ដ ព្រមទាំង​និតិពន្ធ​ខ្លាំង​យ៉ាងណា​នោះទេ ។ សេចក្ដីប្រកាស​អំពី​គ្រួសារ បានក្លាយ​ជា​បទដ្ឋាន​គោល​របស់​យើង​ដើម្បី​វិនិច្ឆ័យ​អំពី​ទស្សនៈវិជ្ជា​របស់​ពិភពលោក ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ទាំងឡាយ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​រង្វង់​សេចក្ដី​ថ្លែងការណ៍​នេះ គឺជា​ការពិត​នា​សព្វថ្ងៃ​នេះ ដូច​ជា​វា​មាន​កាលពី​មុន ពេល​វា​ត្រូវបាន​ផ្ដល់ឲ្យ​យើង​ដោយ​ព្យាការី​នៃ​ព្រះ​កាលពី​ជិត ២០ ឆ្នាំ​កន្លង​ទៅ​នោះ » (Bonnie L. Oscarson « Defenders of the Family Proclamation »Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៥ ) ។

  9. ហ្គរដុន ប៊ី ហ៊ិងគ្លី « Stand Strong against the Wiles of the World » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ ១០០ ។

  10. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Our Obligation and Challenge » regional representatives’ seminar, ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៧៧ » ទំព័រ ២ នៅ​ក្នុង ដេវីឌ អេ បែដណា « On the Lord’s Side: Lessons from Zion’s CampLiahonaខែ​កក្កដា ឆ្នាំ​២០១៧ ទំព័រ ១៩ ។

  11. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ១៨៦ សូម​មើល​ផង​ដែរ ហ្គរដុន ប៊ី ហ៊ិងគ្លី « Look to the FutureEnsignខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ទំព័រ ៦៩ ។