ត្រូវឲ្យស្រឡាញ់គ្នាដូចជាទ្រង់បានស្រឡាញ់ពួកយើង
តាមរយៈការបម្រើ និងការអភ័យទោសឲ្យអ្នកដទៃដោយសេចក្តីស្រឡាញ់ពិតប្រាកដ នោះយើងអាចបានជាសះស្បើយ និងទទួលកម្លាំងដើម្បីយកឈ្នះលើឧបសគ្គផ្ទាល់ខ្លួនយើង ។
អំឡុងពេលអាហារយប់ថ្ងៃចុងក្រោយ ព្រះអង្គសង្គ្រោះបានប្រទានបញ្ញត្តិថ្មីមួយដល់ពួកសាវករបស់ទ្រង់ដោយមានបន្ទូលថា ៖
« ខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ។
គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯងគឺ ដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។
ពួកសាវករបស់ព្រះអង្គសង្គ្រោះត្រូវបានប្រទាននូវបញ្ញត្តិថ្មីមួយ ដើម្បីធ្វើអ្វីមួយកាន់តែច្រើន កាន់តែប្រសើរឡើង កាន់តែដូចព្រះឡើង ។ បញ្ញត្តិ និងការអញ្ជើញថ្មីនេះត្រូវបានសង្ខេបនៅក្នុងឃ្លាគន្លឹះមួយថា « ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។
សេចក្តីស្រឡាញ់គឺជាទង្វើ សេចក្តីស្រឡាញ់គឺជាការបម្រើ
« សេចក្តីស្រឡាញ់គឺជាអារម្មណ៍នៃភក្តីភាព ការខ្វាយខ្វល់ និងសេចក្តីស្មោះស្ម័គ្រ ។ តម្រាប់ដ៏ធំបំផុតអំពីសេចក្ដីស្រឡាញ់ ដែលព្រះមានដល់ពួកកូនចៅទ្រង់ គឺមាននៅក្នុងដង្វាយធួនដ៏និរន្តនៃព្រះយេស៊ូវគ្រីស្ទ » ។ យ៉ូហានបានកត់ត្រាថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ « សេចក្តីស្រឡាញ់ចំពោះព្រះ និងមនុស្សទូទៅគឺជាលក្ខណៈមួយនៃសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ជាច្រើនឆ្នាំកន្លងទៅ ពេលចៅប្រុសច្បងរបស់យើង ហូសេ អាយុបួនឆ្នាំកំពុងលេងជាមួយភរិយាខ្ញុំ ។ អំឡុងពេលដែលពួកគេកំពុងសើច និងសប្បាយជាមួយគ្នានោះ ចៅប្រុសរបស់យើងបានសួរថា « លោកយាយ តើលោកយាយស្រឡាញ់ចៅដែរឬទេ ? »
គាត់បានឆ្លើយប្រាប់ចៅវិញថា « ច៎ាស ហូសេ យាយពិតជាស្រឡាញ់ចៅណាស់ » ។
បន្ទាប់មកចៅប្រុសយើងបានសួរសំណួរមួយផ្សេងទៀត ៖ « តើលោកយាយដឹងថា លោកយាយស្រឡាញ់ចៅដោយរបៀបណា ? »
គាត់បានពន្យល់ប្រាប់ចៅប្រុសយើងអំពីអារម្មណ៍គាត់ ហើយក៏បានប្រាប់ចៅប្រុសយើងអំពីគ្រប់កិច្ចការដែលគាត់បានធ្វើ និងឆន្ទៈក្នុងការធ្វើកិច្ចការនោះដល់ចៅប្រុសយើង ។
ក្រោយមកភរិយាខ្ញុំបានសួរសំណួរដដែរនោះទៅហូសេវិញ រួមទាំងសំណួរដែលចាក់ទំលុះដួងចិត្តនេះថា ៖ « តើចៅដឹងថា ចៅស្រឡាញ់យាយដោយរបៀបណា ? »
ចៅប្រុសយើងបានឆ្លើយទាំងពុំដឹងខ្លួន និងស្មោះត្រង់ថា « ចៅស្រឡាញ់លោកយាយ ដោយសារចៅមានអារម្មណ៍នេះនៅក្នុងដួងចិត្តរបស់ចៅ » ។ ឥរិយាបថនៃសេចក្តីស្រឡាញ់របស់ហូសេចំពោះជីដូនគាត់នាថ្ងៃនោះ និងការបង្ហាញសេចក្តីស្រឡាញ់នោះជាប់ជានិច្ច គឺជាការរួមផ្សំគ្នានៃទង្វើ ព្រមទាំងអារម្មណ៍ដ៏ជ្រាលជ្រៅ ។
ស្តេចបេនយ៉ាមីនបានបង្រៀនថា « ហើយមើលចុះ យើងសុំប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានប្រាជ្ញា ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។
នៅក្នុងពិភពលោកសព្វថ្ងៃ ដែលមានការរងទុក្ខជាច្រើនដោយសារតែកាលៈទេសៈផ្សេងៗ នោះកាផ្ញើសារដែលមានសាររូបអាម៉ូជី (emoji) ឬការបិទនូវរូបភាពស្រស់ស្អាតមួយដោយមានពាក្យថា « ខ្ញុំស្រឡាញ់អ្នក » គឺជារឿងមួយដ៏ល្អ និងមានគុណតម្លៃ ។ ប៉ុន្តែអ្វីដែលពួកយើងជាច្រើនត្រូវធ្វើនោះគឺត្រូវទុកឧបករណ៍ចល័តរបស់យើងមួយអន្លើរ ហើយជួយអ្នកដទៃដែលមានតម្រូវការខ្លាំងដោយអស់ពីកម្លាំងពលំរបស់យើង ។ សេចក្ដីស្រឡាញ់ដែលគ្មានការបម្រើ គឺដូចជាសេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ។
សេចក្តីស្រឡាញ់គឺជាការអភ័យទោស
សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ដែលជាសេចក្តីសប្បុរសនោះ ពុំមែនគ្រាន់តែជំរុញចិត្តយើងឲ្យអនុវត្ត និងផ្តល់ការបម្រើនោះទេ វាថែមទាំងមានអនុភាពក្នុងការអភ័យទោស ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តី ។ ខ្ញុំសូមចែកចាយបទពិសោធន៍មួយជាមួយបងប្អូន ដែលវាបានជះឥទ្ធិពល និងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ថេត និងស្សារ៉ុន ជាឪពុកម្តាយរបស់ ឃូភើរ ដែលមានវត្តមាននៅទីនេះនាថ្ងៃនេះ បានផ្តល់ការអនុញ្ញាតឲ្យខ្ញុំចែកចាយអំពីអ្វីដែលបានកើតឡើង ដល់គ្រួសារពួកគេកាលពីជាងប្រាំបួនឆ្នាំកន្លងទៅ ។ ខ្ញុំនឹងប្រាប់អំពីបទពិសោធន៍នេះចេញពីទស្សនវិស័យរបស់ថេតដែលជាឪពុករបស់ ឃូភើរ ៖
នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៨ គឺជាថ្ងៃចូលរៀនដំបូង ហើយបងៗប្រុសរបស់ឃូភើរទាំងបីគឺ អៃវ៉ាន ហ្គារេត និងឡូហ្គេន កំពុងនៅចំណតឡានក្រុងរង់ចាំឡើងជិះឡាន ។ ឃូភើរដែលមានអាយុបួនឆ្នាំ បានជិះកង់របស់គាត់ ភរិយាខ្ញុំ ស្សារ៉ុន បានដើរ ។
ភរិយាខ្ញុំបានឆ្លងថ្នល់ ហើយលើកដៃធ្វើជាសញ្ញាឲ្យឃូភើរឆ្លងថ្នល់មកដែរ ។ នៅពេលដំណាលគ្នានោះ មានឡានមួយបានបើកមកយឺតៗបត់ឆ្វេង ហើយបានបើកកិនពីលើឃូភើរ ។
ខ្ញុំបានទទួលទូរសព្ទមួយពីអ្នកជិតខាងម្នាក់ ដែលបានប្រាប់ខ្ញុំថា ឃូភើរត្រូវឡានបុក ។ ខ្ញុំបានបើកឡានយ៉ាងលឿនទៅចំណតឡានក្រុងដើម្បីទៅមើលគាត់ ។ ឃូភើរកំពុងដេកនៅលើស្មៅ ដោយពិបាកដកដង្ហើម ប៉ុន្តែមើលទៅដូចជាគ្មានរបួសដែលអាចមើលឃើញឡើយ ។
ខ្ញុំបានលុតជង្គង់ចុះក្បែរឃូភើរហើយបាននិយាយពាក្យលើកទឹកចិត្តមួយចំនួនដូចជា « វានឹងមិនអីទេ ។ សូមចាំបន្តិច » ។ នៅគ្រានោះអ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់របស់ខ្ញុំ ណាថាន បានទៅដល់ទីនោះជាមួយភរិយាគាត់ ។ ភរិយាគាត់ផ្តល់យោបល់ថា យើងត្រូវផ្តល់ការប្រសិទ្ធពរបព្វជិតភាព ។ យើងបានដាក់ដៃពួកយើងលើក្បាលរបស់ឃូភើរ ។ ខ្ញុំពុំបានចាំពាក្យពេចន៍ដែលបានបន្លឺឡើងនៅក្នុងប្រសិទ្ធពរនោះទេ ប៉ុន្តែខ្ញុំចាំច្បាស់អំពីវត្តមានរបស់អ្នកដទៃទៀតដែលនៅជុំវិញពួកយើង ហើយនៅគ្រានោះហើយដែលខ្ញុំបានដឹងថា ឃូភើរនឹងស្លាប់ ។
ឃូភើរត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យ ប៉ុន្តែប្រាកដណាស់គាត់បានស្លាប់ ។ ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌កំពុងតែប្រាប់ខ្ញុំថា ការទទួលខុសត្រូវនៅលើផែនដីរបស់ខ្ញុំបានចប់ហើយ ហើយថា ឥឡូវនេះឃូភើរនៅក្នុងការឃុំគ្រងថែរបស់ទ្រង់ ។
យើងអាចចំណាយពេលមួយចំនួនជាមួយ ឃូភើរនៅមន្ទីរពេទ្យ ។ អ្នកធ្វើការនៅទីនោះបានរៀបចំគាត់ ដើម្បីឲ្យយើងអាចឱបគាត់ ហើយពោលពាក្យលាគ្នា ហើយទុកឲ្យយើងចំណាយពេលបានច្រើនជាមួយគាត់ បីត្រកងគាត់តាមចិត្តយើងប្រាថ្នា ។
នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ភរិយាខ្ញុំដែលកើតទុក្ខក្រៀមក្រំ និងរូបខ្ញុំបានសម្លឹងមុខគ្នា ហើយបានចាប់ផ្តើមនិយាយអំពីអ្នកដែលបានបើកឡាននោះ ។ យើងពុំស្គាល់គាត់ឡើយ ទោះជាយ៉ាងណាក្តីគាត់រស់នៅរំលងយើងមួយផ្លូវពីផ្ទះយើង ហើយនៅក្នុងតំបន់នៃវួដរបស់យើង ។
នៅថ្ងៃបន្ទាប់មកគឺជាថ្ងៃដ៏សែនលំបាកសម្រាប់ពួកយើង ដោយសារយើងពិតជាកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង ។ ខ្ញុំបានលុតជង្គង់ចុះ ហើយអធិស្ឋានដោយស្មោះអស់ពីចិត្តបំផុតដែលខ្ញុំធ្លាប់អធិស្ឋាន ។ ខ្ញុំបានទូលសូមឲ្យព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះខ្ញុំ ឲ្យដកយកសេចក្តីទុក្ខក្រៀមក្រំដ៏ខ្លាំងក្លានោះចេញពីខ្ញុំ ។ ទ្រង់បានធ្វើបែបនោះមែន ។
ក្រោយមកនៅថ្ងៃដដែលនោះ ទីប្រឹក្សាមួយរូបក្នុងគណៈប្រធានស្តេកយើង បានរៀបចំឲ្យពួកយើងជួបជាមួយនឹងយុវជននោះ—គឺអ្នកបើកឡាននោះ—និងឪពុកម្តាយរបស់គាត់នៅផ្ទះរបស់ទីប្រឹក្សានោះ ។ ស្សារ៉ុន និងខ្ញុំបានរង់ចាំយុវជន និងឪពុកម្តាយរបស់គាត់មក ។ នៅពេលយើងបើកទ្វារ យើងបានជួបគ្នាជាលើកដំបូង ។ ប៊ីស្សពរបស់ខ្ញុំបានខ្សឹបប្រាប់ខ្ញុំថា « សូមទៅរកគាត់ទៅ » ។ ស្សារ៉ុន និងខ្ញុំបានឱបគាត់ទាំងអស់គ្នាយ៉ាងណែន ។ យើងបានយំជាមួយគ្នាហាក់ដូចជាអស់ពេលយ៉ាងយូរ ។ យើងបានប្រាប់គាត់ថា យើងបានដឹងថា អ្វីដែលបានកើតឡើងគឺពិតជារឿងចៃដន្យ ។
វាគឺជាអព្ភូតហេតុចំពោះស្សារ៉ុន និងខ្ញុំ ដែលយើងទាំងពីរនាក់មានអារម្មណ៍បែបនោះ ហើយយើងនៅតែមានអារម្មណ៍ដដែលនោះ ។ តាមរយៈព្រះគុណនៃព្រះ យើងអាចជ្រើសយកផ្លូវត្រឹមត្រូវ ជាផ្លូវជាក់ស្តែង ជាផ្លូវតែមួយគត់ ហើយស្រឡាញ់យុវជនរូបនោះ ។
យើងប្រែជាស្និទ្ធស្នាលជាមួយគាត់ និងគ្រួសារគាត់អស់ជាច្រើនឆ្នាំ ។ គាត់បានចែកចាយឱកាសសំខាន់ៗដ៏មានតម្លៃបំផុតរបស់គាត់ជាមួយពួកយើង ។ យើងថែមទាំងបានទៅព្រះវិហារបរិសុទ្ធជាមួយគាត់ ពេលគាត់រៀបចំខ្លួនសម្រាប់បេសកកម្ម ។
បងប្អូនប្រុសស្រី ថេតបានដឹងដោយគ្មានមន្ទិលសង្ស័យថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ពួកយើង ។ គាត់ដឹងថា ការដែលអាចអភ័យទោស និងការសម្រាលបន្ទុករបស់គាត់តាមរបៀបនោះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយនៃការអភ័យទោស ។ បទពិសោធន៍ដ៏ផ្អែមល្ហែមនេះកើតមកពីការធ្វើតាមគំរូនៃអង្គដ៏គំរូអស្ចារ្យបំផុតរបស់យើង ។ នៅក្នុងព្រះគម្ពីរមរមន អាលម៉ាបានប្រកាសអំពីព្រះអង្គសង្គ្រោះថា ៖ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះក៏ដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់មកលើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ » ។
បងប្អូនប្រុសស្រី ឱនេះជារឿងដ៏អស្ចារ្យអ្វីម៉្លេះអំពីសេចក្តីស្រឡាញ់ និងការអភ័យទោសដ៏ពិតប្រាកដ ។ ដូចគ្នានេះផងដែរ យើងអាចមានអំណរ និងសុភមង្គល នៅពេលយើងបម្រើ និងអភ័យទោសឲ្យអ្នកដទៃ ។ ហ្គចជី ចៅប្រុសម្នាក់ទៀតរបស់យើងតែងតែនិយាយថា « តើយើងជាក្រុមគ្រួសារបែបណា ? » ហើយគាត់ឆ្លើយថា « យើងគឺជាគ្រួសារដ៏រីករាយ ! »
ប្រធាន ថូម៉ាស អេស ម៉នសុន បានទូន្មានយើង ដោយមានប្រសាសន៍ថា « ចូរយើងពិនិត្យមើលជីវិតរបស់យើង ហើយប្តេជ្ញាចិត្តធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយការមានចិត្តល្អ មានសេចក្តីស្រឡាញ់ និងមានសេចក្តីសប្បុរស » ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើង និងព្រះបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកយើង ហើយមានព្រះទ័យចង់ជួយយើងឲ្យអនុវត្ត ពេលយើងស្រឡាញ់គ្នាដូចពួកទ្រង់បានស្រឡាញ់ពួកយើង ។ ហើយខ្ញុំដឹងថា តាមរយៈការបម្រើ និងការអភ័យទោសឲ្យអ្នកដទៃដោយសេចក្តីស្រឡាញ់ពិតប្រាកដ នោះយើងអាចបានជាសះស្បើយ និងទទួលកម្លាំងដើម្បីយកឈ្នះលើឧបសគ្គផ្ទាល់ខ្លួនយើង ។ ហើយខ្ញុំសូមប្រកាសអំពីការណ៍នេះក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។