សំឡេងនៃព្រះអម្ចាស់
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅក្នុងសន្និសីទនេះពួកយើងបានស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។ ការសាកល្បងសម្រាប់ពួកយើងម្នាក់ៗគឺស្តីពីរបៀបដែលយើងឆ្លើយតប ។
ជាដំបូង ខ្ញុំសូមនិយាយពាក្យសម្តីដ៏ពិរោះសម្រាប់កុមារតូចៗ ។ មែនហើយ នេះជាសម័យប្រជុំចុងក្រោយ ហើយខ្ញុំជាអ្នកនិយាយចុងក្រោយ ។
ថ្មីៗនេះ អំឡុងពេលទៅព្រះវិហារបរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ ខ្ញុំមានការពេញចិត្តនឹងរូបគំនូរដែលមានចំណងជើងថា ទស្សននិមិត្តដំបូងមើលពីចម្ងាយ ។ រូបគំនូរនោះពិពណ៌នាអំពីពន្លឺ និងអំណាចមកពីស្ថានសួគ៌ពេលព្រះវរបិតា និងព្រះបុត្រាយាងមកជួបយុវជនយ៉ូសែប ស្ម៊ីធ ។
ដោយពុំធ្វើការប្រៀបធៀបជាមួយព្រឹត្តិការណ៍ដ៏ពិសិដ្ឋដែលជាការចាប់ផ្តើមនៅក្នុងការស្តារឡើងវិញ នោះខ្ញុំអាចស្រមៃឃើញរូបភាពដែលឆ្លុះបញ្ចាំងអំពីពន្លឺ និងអំណាចខាងវិញ្ញាណរបស់ព្រះយាងចុះមកកាន់សន្និសីទទូទៅនេះ ហើយជាលទ្ធផលអំណាច និងពន្លឺនេះមាននៅទូទាំងពិភពលោក ។
ខ្ញុំសូមផ្ដល់សាក្សីដល់បងប្អូនថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ថាទ្រង់បានដឹកនាំធុរៈកិច្ចនៃកិច្ចការដ៏ពិសិដ្ឋនេះ ហើយថាសន្និសីទទូទៅគឺជាគ្រាមួយដ៏សំខាន់បំផុតដែល ទ្រង់ប្រទានការណែនាំដល់សាសនាចក្រទ្រង់ និងដល់ពួកយើងម្នាក់ៗ ។
ត្រូវបានបង្រៀនពីស្ថានលើ
នៅថ្ងៃដែលសាសនាចក្របានបង្កើតឡើង ព្រះអម្ចាស់រើសតាំងយ៉ូសែប ស្ម៊ីធ ជាព្យាការី អ្នកឆុត និងសាវកនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយមានបន្ទូលទៅសមាជិកសាសនាចក្រដូច្នេះ ៖
« ដ្បិតពាក្យសម្ដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » ។
ដ្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ … ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក » ។
ក្រោយមកសមាជិកទាំងអស់ក្នុង គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏ត្រូវបានគាំទ្រ និងតែងតាំងជាសាវក អ្នកមើលឆុត និងអ្នកទទួលវិវរណៈផងដែរ ។
ឥឡូវនេះពេលយើងជួបគ្នាក្រោមការដឹកនាំរបស់ប្រធាន ថូម៉ាស អេស ម៉នសុន យើងរំពឹងចង់ឮ « ព្រះហឫទ័យនៃព្រះអម្ចាស់ … គំនិតនៃព្រះអម្ចាស់ … សំឡេងនៃព្រះអម្ចាស់ ហើយជាព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ » ។ យើងទុកចិត្តលើការសន្យារបស់ទ្រង់ ៖ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។
នៅក្នុងពិភពលោកសម័យទំនើបរបស់យើងដែលមានការរំជើបរំជួល និងច្របូកច្របល់នេះ ការទុកចិត្ត និងការជឿជាក់របស់យើងលើគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានសារៈសំខាន់ចំពោះការរីកចម្រើនខាងវិញ្ញាណ និងការកាន់ខ្ជាប់របស់យើង ។
យើងបានមកជួបជុំគ្នាសម្រាប់សន្និសីទដ៏អស្ចារ្យនេះ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់លាននាក់ និងអ្នកមានជំនឿផ្សេងទៀតជាង ២០០ ប្រទេស ដែលនិយាយជាង ៩៣ ភាសាចូលរួមក្នុងសម័យប្រជុំសន្និសីទទាំងនេះ ឬអានសារលិខិតសន្និសីទ ។
យើងបានមកទីនេះដោយបានអធិស្ឋាន និងរៀបចំខ្លួន ។ សម្រាប់ពួកយើងជាច្រើន មានក្តីបារម្ភដែលត្រូវការការយកចិត្តទុកដាក់ និងមានសំណួរដ៏ស្មោះសរពីចិត្ត ។ យើងចង់រំឭកសេចក្តីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការទប់ទល់នឹងការល្បួង ហើយចៀសវាងពីការបង្វែរអារម្មណ៍នានា ។ យើងមកដើម្បីត្រូវបានបង្រៀនពីស្ថានលើ ។
គំនិត និងព្រះទ័យរបស់ព្រះអម្ចាស់
ដោយសារគណៈប្រធានទីមួយ និងពួកដប់ពីរនាក់ដែលជាទូទៅថ្លែងសុន្ទរកថានៅក្នុងសន្និសីទនីមួយៗ នោះការទទួលខុសត្រូវដ៏ធំធេងក្នុងការរៀបចំសារលិខិតរបស់ពួកលោក គឺជាបន្ទុកដែលកើតឡើងដដែលៗ និងជាការទុកចិត្តដ៏ពិសិដ្ឋផងដែរ ។
ជាច្រើនឆ្នាំមកហើយ ពីមុនបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅ ខ្ញុំបានសួរអែលឌើរ ដាល្លិន អេក អូក ប្រសិនបើលោកបានរៀបចំសុន្ទរកថាផ្សេងៗពីគ្នាសម្រាប់សន្និសីទស្តេកនីមួយៗ ។ លោកបានឆ្លើយថា លោកពុំបានធ្វើបែបនោះទេ ប៉ុន្តែលោកបានបន្ថែមថា « ប៉ុន្តែសុន្ទរកថាសន្និសីទទូទៅរបស់ខ្ញុំគឺផ្សេងៗពីគ្នា ។ ខ្ញុំត្រូវធ្វើសុន្ទរកថាព្រៀងពី ១៥ ទៅ ២០ សុន្ទរកថាដើម្បីប្រាកដថា អ្វីដែលខ្ញុំនិយាយគឺជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំថ្លែង » ។
តើពេលណា និងរបៀបណាដែលការបំផុសគំនិតសម្រាប់សុន្ទរកថាសន្និសីទទូទៅកើតមានឡើង ?
ដោយគ្មានប្រធាទបទចាត់តាំងឡើយ យើងឃើញការសហការពីស្ថានសួគ៌យ៉ាងល្អប្រពៃទាក់ទងនឹងប្រធានបទ និងបាវចនានៃសេចក្តីពិតអស់កល្បជានិច្ចនៃសន្និសីទនីមួយៗ និងគ្រប់សន្និសីទ ។
បងប្អូនប្រុសម្នាក់របស់ខ្ញុំបានប្រាប់ខ្ញុំថា ប្រធានបទរបស់ពួកលោកសម្រាប់សន្និសីទនេះត្រូវបានប្រទានដល់ពួកលោកភ្លាមបន្ទាប់ពី សុន្ទរកថារបស់លោកបានថ្លែងរួចកាលពីខែមេសាកន្លងទៅ ។ បងប្អូនប្រុសម្នាក់ទៀតបានលើកឡើងថា បីសប្តាហ៍មុន គាត់នៅតែកំពុងអធិស្ឋាន និងទន្ទឹងចាំព្រះអម្ចាស់ ។ មានបងប្អូនប្រុសម្នាក់ទៀត នៅពេលសួរលោកអំពីរយៈពេលដែលបានចំណាយក្នុងការសរសេរសុន្ទរកថាជាពិសេសសុន្ទរកថាដែលងាយនឹងប៉ះពាល់អារម្មណ៍ នោះលោកបានតបថា ខ្ញុំចំណាយអស់ពេល « ម្ភៃប្រាំឆ្នាំ » ។
មានគ្រានានាដែលគំនិតសំខាន់អាចកើតមានឡើងភ្លាមៗ ប៉ុន្តែមាតិកា និងព័ត៌មានលម្អិតនៅតែតម្រូវឲ្យមានការខ្នះខ្នែងខាងវិញ្ញាណយ៉ាងខ្លាំង ។ ការតមអាហារ និងការអធិស្ឋាន ការសិក្សា និងសេចក្តីជំនឿគឺជាផ្នែកនៃដំណើរការនេះជានិច្ច ។ ព្រះអម្ចាស់ពុំសព្វព្រះទ័យនឹងការធ្វើពុតដែលអាចថមថយសំឡេងរបស់ទ្រង់ដល់ពួកបរិសុទ្ធទ្រង់ឡើយ ។
ជារឿយៗ ការណែនាំសម្រាប់សុន្ទរកថាសន្និសីទកើតឡើងអំឡុងពេលយប់ ឬពេលទាបភ្លឺ ជាពេលដែលសុន្ទរកថាខុសឆ្ងាយពីគំនិតក្នុងចិត្ត ។ រំពេចនោះ ការយល់ដឹងដែលពុំបានគិតទុកជាមុន ហើយមានគ្រាជាច្រើនដែលពាក្យពេចន៍ និងឃ្លានានាហូរមកយ៉ាងរលូនជាវិវរណៈដ៏សុទ្ធសាធ ។
ពេលបងប្អូនស្តាប់ សារលិខិតដែលបងប្អូនទទួលអាចជាសារលិខិតត្រង់ៗ ឬវាបានតម្រូវសម្រាប់អ្នក ។
ការឡើងនិយាយជាច្រើនឆ្នាំកន្លងទៅនៅក្នុងសន្និសីទទូទៅ ខ្ញុំបានប្រាប់ឃ្លាមួយដែលបានផុសឡើងក្នុងគំនិតខ្ញុំកាលខ្ញុំមានមន្ទិលសង្ស័យ ប្រសិនបើខ្ញុំត្រូវរៀបចំខ្លួនដើម្បីបម្រើបេសកកម្មឬអត់ ។ ឃ្លានោះគឺ « អ្នកពុំដឹងអ្វីៗទាំងអស់នោះទេ ប៉ុន្តែអ្នកដឹងល្មមគ្រប់គ្រាន់ហើយ ! » យុវនារីម្នាក់អង្គុយនៅក្នុងសន្និសីទទូទៅថ្ងៃនោះបានប្រាប់ខ្ញុំថា នាងកំពុងតែអធិស្ឋានអំពីការស្នើសូមឲ្យរៀបការ នាងឆ្ងល់ថា តើនាងបានស្គាល់យុវជននោះច្បាស់ប៉ុណ្ណាហើយ ។ ពេលខ្ញុំបាននិយាយពាក្យទាំងនោះ « អ្នកពុំដឹងអ្វីៗទាំងអស់នោះទេ ប៉ុន្តែអ្នកដឹងល្មមគ្រប់គ្រាន់ហើយ ! » នោះព្រះវិញ្ញាណបានបញ្ជាក់ដល់នាងថា នាង បានស្គាល់គាត់ល្មមគ្រប់គ្រាន់ហើយ ។ ពួកគេបានរៀបការដោយក្តីរីករាយអស់ជាច្រើនឆ្នាំ ។
ខ្ញុំសូមសន្យានឹងអ្នកថា នៅពេលអ្នករៀបចំខាងវិញ្ញាណអ្នក ហើយមកចូលរួមដោយការត្រៀមទុកជាមុនថា អ្នកនឹងស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ នោះគំនិត និងអារម្មណ៍នានានឹងកើតមានក្នុងគំនិតអ្នកដែលតម្រូវជាពិសេសសម្រាប់អ្នក ។ អ្នកទទួលអារម្មណ៍អំពីគំនិតនេះរួចទៅហើយក្នុងសន្និសីទនេះ ឬអ្នកនឹងទទួលបានអារម្មណ៍នោះ ពេលអ្នកសិក្សាសារលិខិតនៅជាច្រើនសប្តាហ៍ខាងមុខទៀត ។
សម្រាប់ពេលឥឡូវនេះ និងប៉ុន្មានខែខាងមុខទៀត
ប្រធាន ម៉នសុន បាន ថ្លែង ថា ៖
« សូមចំណាយពេលអានសារលិខិតសន្និសីទ » ។
« ពិចារណា [ សារលិខិតទាំងនោះ ] ។ … ខ្ញុំបានឃើញ … ថា ខ្ញុំបានទទួលបន្ថែមទៀតពីការបង្រៀនដ៏បំផុសគំនិតទាំងនេះ នៅពេលដែលខ្ញុំសិក្សាសារលិខិតទាំងនោះឲ្យបានស៊ីជម្រៅ » ។
ការបង្រៀននៃសន្និសីទទូទៅគឺជាការពិចារណា ដែលព្រះអម្ចាស់មានព្រះទ័យឲ្យមាននៅចំពោះមុខយើងសម្រាប់ពេលនេះ និងនៅប៉ុន្មានខែខាងមុខទៀត ។
អ្នកគង្វាល « ដើរមុន [ ចៀមរបស់គាត់ ] ហើយចៀមក៏ដើរតាមក្រោយទៅ ៖ ដ្បិតវាស្គាល់សំឡេងគាត់ » ។
ជារឿយៗ សំឡេងរបស់ទ្រង់ដឹកនាំយើងឲ្យផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់យើង ។ ទ្រង់អញ្ជើញយើងឲ្យប្រែចិត្ត ។ ទ្រង់អញ្ជើញយើងឲ្យ « មកតាមទ្រង់ » ។
សូមគិតអំពីសេចក្តីថ្លែងទាំងនេះដកស្រង់ចេញពីសន្និសីទនេះ ៖
កាលពីព្រឹកមិញ ប្រធាន ហិនរី ប៊ី. អាវរិង ថ្លែងថា ៖ « ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតាមានព្រះជន្មរស់ ហើយទ្រង់សព្វព្រះទ័យឲ្យបងប្អូនត្រឡប់ទៅផ្ទះដើម្បីទៅរកទ្រង់វិញ ។ នេះជាសាសនាចក្រពិតនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ទ្រង់ស្គាល់បងប្អូន ទ្រង់ស្រឡាញ់បងប្អូន ទ្រង់មើលថែបងប្អូន ។
កាលពីម្សិលមិញ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែងថា ៖ « ខ្ញុំថ្លែងទីបន្ទាល់ថា ពេលយើងចាប់ផ្ដើម ឬបន្តដំណើរដ៏អស្ចារ្យដែលនាំយើងទៅរកព្រះ នោះជីវិតយើងនឹងកាន់តែប្រសើរ…ហើយព្រះអម្ចាស់នឹងប្រើយើងក្នុងរបៀបគួរឲ្យកត់សម្គាល់ ដើម្បីប្រទានពរដល់មនុស្សជុំវិញខ្លួន ហើយនាំឲ្យមានគោលបំណងអស់កល្បរបស់ទ្រង់ » ។
កាលពីរសៀលម្សិលមិញ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា ៖ « ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ទាំងជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក » ។
មិ្សលមិញ អែលឌើរ ដាល្លិន អេក អូក បានថ្លែងថា ៖ « ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការប្រកាសស្ដីពីក្រុមគ្រួសារគឺជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតអស់កល្ប ជាព្រះឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់កូនចៅទ្រង់ដែលស្វែងរកជីវិតអស់កល្បជានិច្ច » ។
ហើយពីមុននេះបន្តិច អែលឌើរ អិម រ័សុល បាឡឺដ បានថ្លែងថា ៖ « យើងត្រូវឱបក្រសោបកូនចៅរបស់ព្រះដោយចិត្តអាណិតមេត្តា ហើយលុបបំបាត់នូវការរើសអើង រួមទាំងការប្រកាន់ពូជសាសន៍ ភេទ និង សញ្ជាតិ » ។
ដោយសារយើងមានពេលបន្ថែម នោះខ្ញុំចង់បន្ថែមអំពីយោបល់ខ្លីមួយអំពីអែលឌើរ រ៉ូបឺត ឌី ហែល ។ គណៈប្រធានទីមួយបានប្រាប់អែលឌើរ ហែល ថាលោកអាចថ្លែងសុន្ទរកថាខ្លីមួយនៅសម័យប្រជុំព្រឹកថ្ងៃអាទិត្យ ប្រសិនបើសុខភាពលោកអំណោយផល ។ ដោយសារតែសុខភាពលោកពុំអំណោយផល លោកបានរៀបចំសារលិខិត ដែលលោកបានបញ្ចប់កាលពីសប្តាហ៍មុន ហើយលោកបានចែកចាយវាជាមួយខ្ញុំ ។ ដោយលោកទើបតែចែកឋានទៅបានប្រហែលជាបីម៉ោង ខ្ញុំសូមចែកចាយតែបីបន្ទាត់មកពីសុន្ទរកថារបស់លោក ។
ពាក្យដកស្រង់ពីអែលឌើរ ហែល ៖ « នៅពេលយើងជ្រើសរើសដើម្បីមានសេចក្តីជំនឿ នោះយើងបានរៀបចំខ្លួនឈរនៅក្នុងវត្តមានរបស់ព្រះ ។… បន្ទាប់ពីការឆ្កាងព្រះអង្គសង្គ្រោះ នោះទ្រង់បានបង្ហាញអង្គទ្រង់ដល់អស់អ្នកដែល ‹ មានចិត្តស្មោះត្រង់ចំពោះទីបន្ទាល់អំពី [ ទ្រង់ ] កាលគេមានជីវិតរស់ជាមនុស្ស › ប៉ុណ្ណោះ ។ [គ. និង ស. ១៣៨:១២] ។ ពួកអ្នកដែល ‹ ដែលបដិសេធទីបន្ទាល់ … នៃ … ពួកព្យាការីពីបុរាណ [ ពុំបាន ] ឃើញវត្តមានរបស់ [ ព្រះអង្គសង្គ្រោះ ] ឬឃើញព្រះភក្ត្រទ្រង់ឡើយ › ។ [គ. និង ស. ១៣៨:២១] ។… ជំនឿរបស់យើងរៀបចំយើងដើម្បីចូលក្នុងវត្តមាននៃព្រះអម្ចាស់ » ។
ឱ វាជាក្តីសប្បុរសរបស់ព្រះអម្ចាស់អ្វីម៉្លេះ ដែលបំផុសគំនិតឲ្យប្រធាន រ័សុល អិម ណិលសុន ចាកចេញភ្លាមបន្ទាប់ពីចប់សម័យប្រជុំពេលព្រឹកនេះ ដោយពុំបរិភោគអាហារថ្ងៃត្រង់ ហើយប្រញាប់ទៅកៀកនឹងអែលឌើរ ហែល ដែលលោកប្រធានបានទៅដល់ ហើយនៅទីនោះដែលជាប្រធានកូរ៉ុមរបស់អែលឌើរ ហែល ជាមួយនឹងភរិយាជាទីស្រឡាញ់របស់អែលឌើរ ហែល គឺម៉ារី ហែល នៅពេលអែលឌើរ ហែល បានលាចាកលោកនេះទៅ ។
ការឆ្លើយតបទៅនឹងសំឡេងនៃព្រះអម្ចាស់
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅក្នុងសន្និសីទនេះពួកយើងបានស្តាប់ឮសំឡេងនៃព្រះអម្ចាស់ ។
យើងពុំគួរភ្ញាក់ផ្អើល ពេលពាក្យពេចន៍របស់អ្នកបម្រើរបស់ព្រះអម្ចាស់ថ្លែងផ្ទុយនឹងគំនិតនៃពិភពលោក ហើយជួនកាលផ្ទុយនឹងគំនិតផ្ទាល់របស់យើង ។ វាតែងតែកើតឡើងរបៀបនេះជានិច្ច ។ ខ្ញុំបានលុតជង្គង់ក្នុងព្រះវិហារបរិសុទ្ធជាមួយពួកបងប្អូនប្រុសរបស់ខ្ញុំ ។ ខ្ញុំបានឃើញសេចក្តីល្អនៃព្រលឹងរបស់ពួកលោក ។ ក្ដីប្រាថ្នាដ៏ធំបំផុតរបស់ពួកលោក គឺផ្គាប់ព្រះទ័យរបស់ព្រះអម្ចាស់ និងជួយកូនចៅរបស់ព្រះឲ្យត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញ ។
ពួកចិតសិបនាក់ គណៈប៊ីស្សពជាអធិបតី គណៈប្រធានសមាគមសង្គ្រោះ យុវនារី អង្គការបឋមសិក្សា និងអង្គការជំនួយទូទៅផ្សេងៗទៀតបានបន្ថែមការបំផុសគំនិតដ៏អស្ចារ្យចំពោះសន្និសីទនេះ ក៏ដូចជាតន្ត្រីដ៏ពិរោះ និងការអធិស្ឋានប្រកបដោយការគិតគូរ ។
មានព្រះឱរាដ៏ជាស្រឡាញ់ក្រៃលែងនៃការដឹកនាំពីសួគ៌ារង់ចាំការរកឃើញរបស់អ្នកនៅក្នុងសារលិខិតនៃសន្និសីទទូទៅ ។ ការសាកល្បងសម្រាប់ពួកយើងម្នាក់ៗគឺស្តីពីរបៀបដែលយើងឆ្លើយតបទៅនឹងអ្វីដែលយើងស្តាប់ឮ អ្វីដែលយើងអាន និងទទួលអារម្មណ៍ ។
ខ្ញុំសូមចែកចាយបទពិសោធន៍មួយអំពីការឆ្លើយតបទៅនឹងប្រសាសន៍របស់ព្យាការីមកពីជីវិតរបស់ប្រធាន រ័សុល អិម ណិលសុន ៖
នៅក្នុងឆ្នាំ ១៩៧៩ បន្ទាប់ពីត្រូវបានហៅជាអ្នកមានសិទ្ធិអំណាចទូទៅបានប្រាំឆ្នាំ បងប្រុស ណិលសុន បានចូលរួមការប្រជុំពីមុនសន្និសីទទូទៅ ។ « ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានអញ្ជើញអ្នកដែលមានវត្តមានទាំងអស់ឲ្យធ្វើអស់ពីសមត្ថភាពខ្លួនក្នុងការនាំយកដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ។ ក្នុងចំណោមប្រទេសជាច្រើនប្រធាន ឃឹមបឹល បានថ្លែងជាពិសេសអំពីប្រទេសចិន ដោយប្រកាសថា ‹ យើងគួរតែបម្រើដល់ប្រជាជនចិន ។ យើងគួរតែរៀនភាសារបស់ពួកគេ ។ យើងគួរតែអធិស្ឋានឲ្យពួកគេ ហើយជួយពួកគេ › » ។
នៅក្នុងអាយុ ៥៤ ឆ្នាំបងប្រុស ណិលសុន បានទទួលអារម្មណ៍មួយអំឡុងពេលប្រជុំនោះថា គាត់គួរតែសិក្សាភាសាចិនកុកងឺ ។ ទោះបីលោកជាវេជ្ជបណ្ឌិតវះកាត់បេះដូងដ៏មមាញឹកក្តី លោកបានរកគ្រូបង្វឹកជួយបង្រៀនលោកភ្លាម ។
មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមការសិក្សារបស់លោក វេជ្ជបណ្ឌិតណិលសុនបានចូលរួមសន្និបាតមួយ ហើយដោយពុំបានរំពឹងទុកលោកបានអង្គុយជាប់នឹង « វេជ្ជបណ្ឌិតវះកាត់ជនជាតិចិនដ៏ចំណានម្នាក់គឺវេជ្ជបណ្ឌិត អ៊ូ យីងកាយ ។… ដោយសារ [ បងប្រុសណិលសុន ] បានសិក្សាភាសាចិន នោះលោកបានចាប់ផ្តើមសន្ទនា [ មួយ ] [ ជាមួយវេជ្ជបណ្ឌិត អ៊ូ ] » ។
បំណងប្រាថ្នារបស់វេជ្ជបណ្ឌិត ណិលសុន ក្នុងការធ្វើតាមព្យាការីបាននាំឲ្យវេជ្ជបណ្ឌិត អ៊ូ មកទស្សនាទីក្រុង សលត៍ លេក ហើយវេជ្ជបណ្ឌិត ណិលសុន ធ្វើដំណើរទៅប្រទេសចិនបង្រៀន និងធ្វើការវះកាត់ផ្សេងៗ ។
សេចក្តីស្រឡាញ់របស់លោកចំពោះជនជាតិចិន និងសេចក្តីស្រឡាញ់ព្រមទាំងការគោរពរបស់ពួកគេចំពោះលោកបានរីកចម្រើនឡើង ។
នៅខែកុម្ភៈឆ្នាំ ១៩៨៥ ដប់ខែបន្ទាប់ពីការហៅរបស់លោកទៅក្នុងកូរ៉ូមនៃពួកដប់ពីរនាក់ អែលឌើរ ណិលសុន បានទទួលទូរសព្ទដ៏រំភើបមួយពីប្រទេសចិន ដោយសូមអង្វរឲ្យវេជ្ជបណ្ឌិត ណិលសុនទៅទីក្រុង ប៉េជីង ដើម្បីវះកាត់ជំងឺខ្សោយបេះដូងរបស់អ្នកចម្រៀងល្ខោនចិនម្នាក់ដ៏ល្បីល្បាញបំផុត ។ ដោយមានការលើកទឹកចិត្តពីប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី នោះអែលឌើរ ណិលសុន បានត្រឡប់ទៅប្រទេសចិនវិញ ។ ការវះកាត់លើកចុងក្រោយគេដែលលោកបានធ្វើគឺនៅសាធារណៈរដ្ឋប្រជាមានិតចិន ។
កាលពីពីរឆ្នាំមុន នាខែតុលា ឆ្នាំ ២០១៥ ប្រធាន រ័សុល អិម ណិលសុន ត្រូវបានផ្តល់ជាកិត្តិយសម្តងទៀតដោយការប្រកាសជាផ្លូវការហើយត្រូវបានគេដាក់ងារឲ្យលោកថា « សំឡាញ់ចាស់របស់ប្រទេសចិន » ។
ហើយម្សិលមិញ យើងបានស្តាប់ឮប្រធាន ណិលសុន ដែលឥឡូវនេះលោកមានអាយុ ៩៣ ឆ្នាំថ្លែងអំពីការអង្វរកររបស់ប្រធាន ថូម៉ាស អេស. ម៉នសុន ចំពោះ « យើងម្នាក់ៗ [ នៅក្នុងសន្និសីទកាលខែមេសា ] ឲ្យសិក្សា និងពិចារណាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃប្រកបដោយការអធិស្ឋាន » ។
ដូចជាអ្វីដែលលោកបានធ្វើ កាលជាវេជ្ជបណ្ឌិតវះកាត់បេះដូងដ៏មមាញឹក ពេលលោកបានជួលគ្រូបង្រៀនភាសាចិន នោះប្រធាន ណិលសុនក៏បានធ្វើតាមការទូន្មានរបស់ប្រធាន ម៉នសុន ភ្លាមផងដែរ ហើយបានអនុវត្តវាក្នុងជីវិតផ្ទាល់របស់លោក ។ លើសពីការគ្រាន់តែអាន លោកបានមានប្រសាសន៍ថា លោក « បានធ្វើបញ្ជីថា តើព្រះគម្ពីរមរមនគឺជាអ្វី អ្វីដែលវា អះអាងអ្វីដែលវា បដិសេធអ្វី ដែល បំពេញអ្វីដែលវា បញ្ជាក់និងអ្វីដែលវា បើកសម្តែង
ហើយគួរឲ្យចាប់អារម្មណ៍ណាស់ កាលពីព្រឹកមិញនេះ ប្រធាន ហិនរី ប៊ី អាវរិង ជាសាក្សីទីពីរ ដែលបានថ្លែងផងដែរ អំពីការឆ្លើយតបរបស់លោកចំពោះការក្រើនរំឭករបស់ប្រធានម៉ុនសុន ។ តើអ្នកចងចាំពីប្រសាសន៍ទាំងនេះដែរឬទេ ? « ដូចបងប្អូនជាច្រើនដែរ ខ្ញុំបានស្តាប់ពាក្យពេចន៍របស់ព្យាការីថា ជាសំឡេងនៃព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំ ។ ហើយដូចបងប្អូនជាច្រើនដែរ ខ្ញុំបានសម្រេចចិត្តធ្វើតាមពាក្យពេចន៍ទាំងនោះ » ។
សូមឲ្យយើងឃើញការណ៍នេះជាគំរូក្នុងជីវិតយើងផ្ទាល់ ។
ការសន្យា និងពរជ័យ
ខ្ញុំសន្យាថា នៅពេលអ្នកស្តាប់ឮសំឡេងនៃព្រះអម្ចាស់សម្រាប់អ្នក នៅក្នុងការបង្រៀននៃសន្និសីទទូទៅនេះ ហើយអនុវត្តតាមការបំផុសគំនិតទាំងនោះ នោះអ្នកនឹងទទួលអារម្មណ៍ពីការជះឥទ្ធិពលនៃស្ថានសួគ៌ក្នុងជីវិតអ្នក ហើយអស់អ្នកដែលនៅជុំវិញអ្នកនឹងបានទទួលពរ ។
អំឡុងពេលសន្និសីទនេះ យើងបានគិតអំពីព្យាការីជាទីស្រឡាញ់របស់យើង ។ ពួកយើងស្រឡាញ់លោក ប្រធាន ម៉នសុន ។ ខ្ញុំសូមបញ្ចប់ជាមួយនឹងប្រសាសន៍លោកដែលបានថ្លែងនៅលើវេទិកា ។ ខ្ញុំជឿថា នេះគឺជាពរជ័យដែលលោកចង់ផ្តល់ដល់ពួកយើងម្នាក់ៗនាថ្ងៃនេះ ប្រសិនបើលោកអាចនៅទីនេះជាមួយពួកយើង ។ លោកបានថ្លែងថា ៖ « កាលយើងចាកចេញពីសន្និសីទនេះទៅ ខ្ញុំសូមអធិស្ឋានឲ្យពរជ័យទាំងឡាយនៃស្ថានសួគ៌ចាក់ស្រោចមកលើបងប្អូនម្នាក់ៗ ។… ខ្ញុំសូមអធិស្ឋានថា ព្រះវរបិតាសួគ៌របស់យើងនឹងប្រទានពរដល់បងប្អូន និងគ្រួសាររបស់បងប្អូន ។ សូមឲ្យសារលិខិត និងវិញ្ញាណនៃសន្និសីទនេះជួយបំផុសគំនិតក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ—នៅផ្ទះ កន្លែងធ្វើការ ក្នុងការប្រជុំ និងក្នុងកិច្ចការគ្រប់ជំពូក » ។
លោកបានពោលបញ្ចប់ថា ៖ « ខ្ញុំស្រឡាញ់បងប្អូន ។ ខ្ញុំសូមអធិស្ឋានសម្រាប់បងប្អូន ។ សូមព្រះប្រទានពរដល់បងប្អូន ។ សូមឲ្យភាពសុខសាន្ដដែលទ្រង់បានសន្យាគង់នៅនឹងបងប្អូនពេលនេះ និងជានិច្ចតទៅ » ។
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។