លុះត្រាយើងជួបទៀត
សូមព្រះវិញ្ញាណដែលយើងបានទទួល អំឡុងពេលទាំងពីរថ្ងៃនេះ នឹងនៅជាមួយយើង ពេលយើងទៅធ្វើកិច្ចការនានារបស់យើងប្រចាំថ្ងៃនោះ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ សន្និសីទនេះអស្ចារ្យអ្វីម្ល៉េះទេ ។ យើងបានទទួលអាហារខាងវិញ្ញាណ ពេលយើងបានស្ដាប់ប្រសាសន៍ដ៏បំផុសគំនិតរបស់បងប្អូនប្រុសស្រី ដែលថ្លែងមកកាន់យើង ។ ចំណែកឯតន្ត្រីវិញ ក៏ល្អវិសេសណាស់ ហើយសារលិខិតទាំងឡាយ ត្រូវបានរៀបចំ និង ថ្លែងទៅកាន់យើង នៅក្រោមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយការអធិស្ឋានទាំងប៉ុន្មាន បាននាំយើងខិតទៅកាន់តែជិតស្ថានសួគ៌ ។ យើងត្រូវបានលើកតម្កើងតាមគ្រប់វិធី ពេលយើងបានចូលរួមជុំគ្នា ។
ខ្ញុំសង្ឃឹមថា យើងនឹងចំណាយពេលអានសារលិខិតសន្និសីទនេះ ពេលវាមាននៅលើ LDS.org អំឡុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយវាត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដី Ensign និង ទស្សនាវដ្ដី លីអាហូណា នាពេលខាងមុខនេះ ត្បិត វាមានតម្លៃដើម្បីយើងមើល និង សិក្សាដោយយកចិត្តទុកដាក់ ។
ខ្ញុំដឹងថា អ្នកចូលរួមជាមួយខ្ញុំសម្ដែងនូវការដឹងគុណដោយស្មោះ ចំពោះបងប្អូនប្រុសស្រីទាំងឡាយ ដែលបានដោះលែងពីតំណែង អំឡុងពេលសន្និសីទនេះ ។ ពួកគាត់បម្រើបានយ៉ាងល្អ ហើយបានផ្ដល់នូវការបរិច្ចាគដ៏សំខាន់ចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។ ការលះបង់របស់ពួកគាត់ ត្រូវបានបំពេញ ។
យើងក៏បានគាំទ្រ ដោយការលើកដៃ ដល់បងប្អូនប្រុស ដែលត្រូវបានហៅឲ្យទទួលតំណែងនៃការទទួលខុសត្រូវថ្មីផងដែរ ។ យើងសូមស្វាគមន៍ពួកគាត់ ហើយចង់ឲ្យពួកគាត់ដឹងថា យើងទន្ទឹងរង់ចាំបម្រើជាមួយពួកគាត់នៅក្នុងបព្វហេតុនៃលោកចៅហ្វាយ ។
នៅពេលយើងពិចារណាអំពីសារលិខិតទាំងឡាយ ដែលយើងស្ដាប់ឮ សូមឲ្យយើងសម្រេចចិត្តថានឹងធ្វើខ្លួនឲ្យល្អប្រសើរជាងកាលពីអតីតកាល ។ សូមឲ្យយើងមានចិត្តល្អ ហើយស្រឡាញ់អ្នកទាំងឡាយ ដែលពុំជឿ និងគ្មានបទដ្ឋានដូចយើង ។ ព្រះអង្គសង្គ្រោះ បាននាំសារលិខិតនៃសេចក្ដីស្រឡាញ់ និង ចិត្តល្អមកកាន់ផែនដីដល់មនុស្ស ទាំងប្រុសទាំងស្រី ។ សូមឲ្យយើងធ្វើតាមគំរូទ្រង់ជានិច្ច ។
យើងជួបនឹងឧបសគ្គធំៗជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃ ប៉ុន្តែ ខ្ញុំសូមអះអាងនឹងអ្នកថា ព្រះវរបិតាសួគ៌យើង មើលថែយើង ។ ទ្រង់នឹងដឹកនាំ ហើយប្រទានពរដល់យើង ពេលយើងដាក់សេចក្ដីជំនឿ និង ការទុកចិត្តទៅលើទ្រង់ ហើយទ្រង់នឹងទតឃើញយើង ឆ្លងកាត់ការលំបាកៗដែលយើងជួប ។
សូមឲ្យព្រះពរនៃស្ថានសួគ៌ ស្ថិតនៅនឹងយើងម្នាក់ៗ ។ សូមឲ្យគេហដ្ឋានយើងបានពោរពេញដោយសេចក្ដីស្រឡាញ់ សុជីវធម៌ និង មានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅ ។ សូមឲ្យយើងបន្ដចិញ្ចឹមបីបាច់ទីបន្ទាល់របស់យើងអំពីដំណឹងល្អ ដើម្បីវាក្លាយជាការការពារដល់យើង ដើម្បីទប់ទល់នឹងការធ្វើទុក្ខរបស់មារសត្រូវ ។ សូមឲ្យព្រះវិញ្ញាណដែលយើងទទួលបាន អំឡុងពេលពីរថ្ងៃកន្លងទៅនេះ នៅជាមួយនឹងយើងជានិច្ច ពេលយើងទៅធ្វើកិច្ចការទាំងឡាយ ក្នុងជីវិតប្រចាំថ្ងៃយើង ហើយសូមឲ្យយើងអាចធ្វើកិច្ចការរបស់ព្រះអម្ចាស់ជានិច្ច ។
ខ្ញុំថ្លែងទីបន្ទាល់ថា កិច្ចការនេះពិត ថាព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ហើយថាទ្រង់ណែនាំ និង ដឹកនាំសាសនាចក្រទ្រង់នៅលើផែនដីនេះ ។ ខ្ញុំសូមបន្សល់ទុកនឹងអ្នកនូវសាក្សី និង ទីបន្ទាល់របស់ខ្ញុំថា ព្រះជាព្រះវរបិតាសួគ៌យើង មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់យើង ។ ទ្រង់គឺពិតជាព្រះវរបិតារបស់យើង ហើយទ្រង់មានតួអង្គពិត ។ សូមឲ្យយើងបានដឹងថា ទ្រង់មានព្រះទ័យចង់មកជិតយើងខ្លាំងប៉ុណ្ណា ទ្រង់ចង់ជួយយើងប៉ុណ្ណា ហើយទ្រង់ស្រឡាញ់យើងប៉ុណ្ណា ។
បងប្អូនប្រុសស្រីខ្ញុំអើយ សូមឲ្យព្រះប្រទានពរដល់អ្នក ។ សូមឲ្យភាពសុខសាន្ដដែលទ្រង់បានសន្យាមាននៅនឹងអ្នកនាពេលនេះ និង ជានិច្ចតទៅ ។
ខ្ញុំសូមលាសិនហើយ រហូតដល់យើងជួបគ្នាម្ដងទៀតនៅប្រាំមួយខែក្រោយ ហើយខ្ញុំសូមថ្លែងដូច្នេះ នៅក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់យើង អាមែន ។