ខ្យល់គួចខាងវិញ្ញាណ
ចូរកុំឲ្យខ្យល់គួចនោះ អូសទាញអ្នកបានឡើយ។ នេះជាជំនាន់អ្នក---ដើម្បីឈរយ៉ាងរឹងមាំក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំសូមស្វាគមន៍អ្នកនាព្រឹកនេះ---ជាពិសេសចំពោះយុវវ័យទាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ និងនៅជុំវិញពិភពលោក ។ អ្នករស់នៅក្នុងជំនាន់ជម្រើសនៃជោគវាសនាជាក់លាក់ ហើយខ្ញុំនិយាយជាពិសេសទៅកាន់អ្នក ។
ជាច្រើនឆ្នាំកន្លងទៅ កាលយើងបានទៅសួរសុខទុក្ខគ្រួសារយើងនៅរដ្ឋផ្ល័ររីដា មានព្យុះកំបុតត្បួងមួយបោកបក់នៅក្បែរកន្លែងដែលយើងស្នាក់នៅ ។ មានស្ត្រីម្នាក់រស់នៅក្នុងផ្ទះចល័តមួយបានរត់ទៅបន្ទប់ទឹកគាត់ដើម្បីមានសុវត្ថិភាព ។ ផ្ទះចល័តនោះបានចាប់ផ្ដើមញ័រ ។ លុះមួយសន្ទុះក្រោយមក ។ គាត់បានឮសំឡេងអ្នកជិតខាងគាត់ថា ៖ « ខ្ញុំនៅបន្ទប់ខាងមុខនេះ » ។ កាលចេញពីបន្ទប់ទឹកនោះមក គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយដឹងថា ខ្យល់នោះបានគួចយកផ្ទះចល័តគាត់ទៅលើអាកាស ហើយបានធ្វើឲ្យវាមកទើរលើដំបូលផ្ទះចល័តរបស់អ្នកជិតខាងគាត់ ។
មិត្តវ័យក្មេងរបស់ខ្ញុំអើយ ពិភពលោកនេះនឹងមិនក្លាយជាទីស្ងប់ស្ងាត់ឡើយ កាលយើងខិតទៅកាន់តែជិតនឹងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ព្រះគម្ពីរប្រកាសថា « គ្រប់ទាំងអស់នឹងនៅក្នុងស្ថានភាពចលាចល »។1 ព្រិកហាំ យ៉ង់ បានថ្លែងថា « វាត្រូវបានបើកសម្ដែងដល់ខ្ញុំនៅគ្រាចាប់ផ្ដើមសាសនាចក្រនេះ ថាសាសានចក្រនេះ នឹងរីកសាយ រុងរឿង រីកចម្រើន ហើយកាន់តែធំ រីឯអំណាចរបស់សាតាំង ក៏កើនឡើងក្នុងកម្រិតដូចគ្នា ដែលដំណឹងល្អនឹងរីកសាយនៅក្នុងចំណោមប្រជាជាតិនៃផែនដីនេះដែរ» ។2
កង្វល់ដែលធំជាងការរញ្ជួយដី និង សង្គ្រាម3ដែលបានព្យាករណ៍ទៅទៀតនោះគឺ ខ្យល់គួចខាងវិញ្ញាណដែលអាចផ្ដាច់អ្នកចេញពីគ្រឹះខាងវិញ្ញាណរបស់អ្នក ហើយដាក់វិញ្ញាណអ្នកនៅទីដែលអ្នកនឹងនឹកស្មានមិនដល់ ពេលខ្លះអ្នកមិនបានទាំងដឹងខ្លួនថា អ្នកត្រូវបានផ្ដាច់ចេញឡើយ ។
ខ្យល់គួចដ៏អាក្រក់នេះ គឺជាការល្បួងពីមារសត្រូវ ។ អំពើបាបតែងមាននៅក្នុងពិភពលោកនេះ តែវាពុំធ្លាប់មាន ហើយងាយ នឹងទទួលយកដូចសព្វថ្ងៃនេះឡើយ ។ ពិតណាស់ មានកម្លាំងដ៏អស្ចារ្យមួយ ដែលនឹងធ្វើឲ្យខ្យល់គួចនៃអំពើបាបនេះស្ងប់បាន ។ វាហៅថា ការប្រែចិត្ត។
រាល់ខ្យល់គួចនៅក្នុងជីវិតនេះ មិនសុទ្ធតែកើតមកពីទង្វើអ្នកឡើយ ។ បាបខ្លះកើតឡើង ដោយសារការជ្រើសរើសខុសរបស់អ្នកដទៃ ហើយខ្លះកើតឡើងដោយសារនេះជាជីវិតរមែងស្លាប់ ។
កាលពីក្មេង ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានរងទុក្ខយ៉ាងខ្លាំងដោយមានជំងឺខួរឆ្អឹងខ្នង ។ កាល អែលឌើរ ដាល្លិន អេក អូក មានវ័យប្រាំពីរឆ្នាំ ឪពុកលោកបានស្លាប់ភ្លាមៗ ។ ពេលស៊ិស្ទើរ ខារូល អេហ្វ ម៉ាកខនឃី ក្នុងគណៈប្រធានយុវនារីទូទៅ មានវ័យជំទង់ ឪពុកម្ដាយគាត់បានលែងលះគ្នា ។ ឧបសគ្គនឹងកើតមានចំពោះអ្នក តែពេលអ្នកទុកចិត្តលើព្រះ វានឹងពង្រឹងសេចក្ដីជំនឿអ្នក ។
តាមធម្មជាតិ ដើមឈើដែលលូតលាស់ក្នុងបរិដ្ឋានដែលមានខ្យល់ខ្លាំង នឹងមានភាពរឹងមាំ ។ កាលខ្យល់បក់ខ្លាំងជុំវិញដើមឈើតូចមួយ វាជម្រុញឲ្យផ្នែកខាងក្នុងនៃដើមឈើនោះធ្វើរឿងពីរយ៉ាង ។ ទីមួយ វាធ្វើឲ្យឫសលូតលាស់កាន់តែលឿន ហើយចាក់កាន់តែជ្រៅ ។ ទីពីរ កម្លាំងនៅក្នុងដើមឈើនោះ ចាប់ផ្ដើមបង្កើតទម្រង់កោសិកាដែលធ្វើឲ្យគល់ និង មែកឡើងក្រាស់ ហើយអាចបត់បែនទៅតាមសម្ពាធខ្យល់បាន ។ ឫស និង មែកដ៏រឹងមាំទាំងនេះ ការពារដើមឈើនោះពីខ្យល់ដែលនឹងកើតមានម្ដងទៀត ។4
អ្នកពិតជាមានតម្លៃចំពោះព្រះ លើសពីដើមឈើមួយដើមទៅទៀត ។ អ្នកជាបុត្រា និងបុត្រីនៃទ្រង់ ។ ទ្រង់បានធ្វើឲ្យវិញ្ញាណអ្នករឹងមាំ ហើយធន់ទៅនឹងខ្យល់គួចនៃជីវិតនេះ ។ ខ្យល់គួចនៅក្នុងយុវវ័យរបស់អ្នក ដែលប្រៀបបាននឹងខ្យល់បក់បោកទៅលើដើមឈើតូចមួយ អាចបង្កើនកម្លាំងខាងវិញ្ញាណអ្នក ដោយរៀបចំអ្នកសម្រាប់អនាគត ។
តើអ្នករៀបចំខ្លួនសម្រាប់ខ្យល់គួចរបស់អ្នកតាមរបៀបណា? « ចូរចងចាំ...ចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជា ព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក … ព្រួញរបស់វានៅក្នុងខ្យល់គួច … កាលណាព្រិល និង ខ្យល់ព្យុះកំណាចទាំងអស់របស់វា បោកបក់មកលើកូន នោះវានឹងគ្មានអំណាច... ដើម្បីទាញកូនចុះ...ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ»។5 នេះជាសុវត្ថិភាពរបស់អ្នកនៅក្នុងខ្យល់គួចនោះ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា « ទីដែលបទដ្ឋាននៃសាសនាចក្រ និង បទដ្ឋានក្នុងសង្គម ដែលស្ទើរតែដើរស្របគ្នានៅគ្រាមួយ ឥឡូវនេះបែរទៅជាមានការបែងចែកដ៏ធំរវាងយើងទៅវិញ ហើយវាកំពុងតែរីកធំទៅៗ»។6 ចំពោះជនខ្លះ ការបែងចែកនេះ បង្កើតនូវភាពចលាចលខាងវិញ្ញាណដ៏ធំ។ ខ្ញុំសូមចែកឧទាហរណ៍មួយ។
កាលពីខែមុន គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកដប់ពីរនាក់ បានចេញលិខិតមួយដល់ថ្នាក់ដឹកនាំក្នុងសាសនាចក្រនៅជុំវិញពិភពលោក ។ មានមួយផ្នែកបានចែងថា ៖ «ការផ្លាស់ប្ដូរក្នុងច្បាប់ស៊ីវិល មិនអាចផ្លាស់ប្ដូរក្រិត្យវិន័យខាងសីលធម៌ ដែលព្រះបានបង្កើតឡើយ ។ ព្រះរំពឹងឲ្យយើងគាំទ្រ ហើយរក្សាព្រះបញ្ញត្តិទ្រង់ មិនថាទស្សនៈ និង និន្នាការក្នុងសង្គមមានភាពខុសគ្នាយ៉ាងណានោះទេ ។ ច្បាប់ព្រហ្មចារីភាពរបស់ទ្រង់ បានបញ្ជាក់យ៉ាងច្បាស់ថា ៖ ទំនាក់ទំនងខាងផ្លូវភេទ ដែលត្រឹមត្រូវ មានតែរវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ដែលបានរៀបការស្របតាមច្បាប់ ជាប្ដីប្រពន្ធប៉ុណ្ណោះ ។ យើងជម្រុញឲ្យអ្នកមើលឡើងវិញនូវ...គោលលទ្ធិដែលមានក្នុង ‹ក្រុមគ្រួសារ៖ ការប្រកាសដល់ពិភពលោក›» ។7
ទោះពិភពលោកនេះ ងាកចេញឆ្ងាយពីច្បាប់ព្រហ្មចារីភាពរបស់ព្រះក្ដី តែយើងមិនត្រូវធ្វើដូច្នោះឡើយ ។ ប្រធាន ម៉នសុន បានថ្លែងថា ៖ « ព្រះអង្គសង្គ្រោះនៃមនុស្សលោក បានរៀបរាប់ថា ទ្រង់ជាមនុស្សនៅក្នុងលោកិយនេះ តែពុំមែនជារបស់ផងលោកិយឡើយ ។ យើងក៏អាចរស់នៅក្នុងពិភពលោកនេះ តែពុំមែនជារបស់វាបានដែរ កាលយើងបដិសេធនូវគំនិត និង ការបង្រៀនខុសឆ្គង ហើយបន្តនៅពិតស្មោះត្រង់ចំពោះអ្វីដែលព្រះបានបញ្ជា» ។8
ទោះរដ្ឋាភិបាល និង មនុស្សល្អជាច្រើន បានកែនិយមន័យលើការរៀបការក្ដី តែព្រះអម្ចាស់មិនធ្វើដូច្នោះឡើយ ។ តាំងពីដំបូងមក ព្រះបានផ្ដើមការរៀបការរវាងបុរសម្នាក់ និង ស្ត្រីម្នាក់ គឺ---អ័ដាម និង នាងអេវ៉ា ។ ទ្រង់បានកំណត់គោលបំណងនៃការរៀបការ លើសលប់ជាងភាពរីករាយ និងក្ដីអំណរផ្ទាល់ខ្លួនរបស់ពួកមនុស្សពេញវ័យទៅទៀត វាជាការធ្វើអ្វីមួយដែលសំខាន់ជាង ដើម្បីបង្កើតបរិយាកាសដ៏ល្អមួយ សម្រាប់កុមារមកចាប់កំណើត ហើយទទួលការចិញ្ចឹមបីបាច់ ។ ក្រុមគ្រួសារ ជាទ្រព្យសម្បត្តិនៃស្ថានសួគ៌។9
ហេតុអ្វីបានជាយើងបន្តនិយាយពីរឿងនេះ? ដូចប៉ុលបានថ្លែងថា « ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ » ។10 ដូចពួកសាវកនៃព្រះគ្រីស្ទដែរ ទំនួលខុសត្រូវរបស់យើង គឺបង្រៀនដល់កូនចៅទ្រង់អំពីផែនការនៃព្រះដ៏បង្កបង្កើតរបស់យើង ហើយព្រមានអំពីផលវិបាកនៃការមិនគោរពតាមព្រះបញ្ញត្តិទ្រង់ ។
ថ្មីៗនេះ ខ្ញុំបាននិយាយនឹងក្មេងស្រីថ្នាក់ឡូរ៉លម្នាក់ រស់នៅសហរដ្ឋអាមេរិក។ ខ្ញុំសូមដកស្រង់ពីអ៊ីម៉ែលរបស់នាង៖
«នៅឆ្នាំមុននេះ មិត្តខ្ញុំមួយចំនួនក្នុងហ្វេសប៊ុក បានចាប់ផ្ដើមសរសេរគំនិតពួកគេស្ដីពីការរៀបការ ។ ភាគច្រើនចូលចិត្តការរៀបការភេទដូចគ្នា ហើយមានយុវវ័យ អិល.ឌី.អេស. មួយចំនួនតូច បានបង្ហាញថាពួកគេ «ចូលចិត្ត» ការសរសេរនោះ ។ ខ្ញុំមិនបានបញ្ចេញមតិទេ ។
« ខ្ញុំបានសម្រេចចិត្តប្រកាសពីជំនឿខ្ញុំលើការរៀបការបែបប្រពៃណីតាមវិធីដ៏ប្រុងប្រយ័ត្នមួយ ។
« នៅក្នុងរូបភាពព័ត៌មានខ្ញុំ ខ្ញុំបានថែមចំណងជើងថា ‹ខ្ញុំជឿលើការរៀបការរវាងបុរសម្នាក់ និង ស្ត្រីម្នាក់›។ រំពេចនោះ ខ្ញុំបានទទួលសារជាច្រើន ។ ‹ ឯងអត្មានិយមណាស់ ›។ ‹ ឯងចាំតែថ្កោលទោសគេ ›។ មានមិត្តម្នាក់ បានប្រៀបប្រដូចខ្ញុំទៅនឹងម្ចាស់ទាសករម្នាក់ ។ ហើយខ្ញុំបានទទួលសារនេះ ពីមិត្តសម្លាញ់ម្នាក់ ដែលជាសមាជិកសាសនាចក្រដ៏រឹងមាំម្នាក់ថា ៖ ‹ឯងត្រូវរស់នៅតាមកាលសម័យ។ រឿងទាំងឡាយកំពុងផ្លាស់ប្ដូរ ហើយឯងគួរធ្វើដូចគ្នាដែរ›។
នាងបានថ្លែងថា «ខ្ញុំមិនបានឈ្លោះតបទេ តែខ្ញុំក៏មិនបានដកយកពាក្យខ្ញុំវិញដែរ» ។
នាងបានបញ្ចប់ថា ៖ «ពេលខ្លះ ដូច ប្រធាន ម៉នសុន បានថ្លែងថា ‹អ្នកត្រូវតែឈរតែម្នាក់ឯង›។ សង្ឃឹមថា ក្នុងនាមជាយុវវ័យ យើងនឹងឈររួមគ្នាដោយមានភក្ដីភាពចំពោះព្រះ និងចំពោះការបង្រៀននៃពួកព្យាការីនៅរស់របស់ទ្រង់» ។11
កង្វល់ដ៏ធំសម្រាប់យើង គួរតែជាជនដែលកំពុងជួបបញ្ហានឹងការស្រឡាញ់មនុស្សភេទដូចគ្នា ។ វាជាខ្យល់គួចមួយដែលមានល្បឿនយ៉ាងលឿន ។ ខ្ញុំចង់សម្ដែងក្ដីស្រឡាញ់ និង ការកោតសរសើររបស់ខ្ញុំ ចំពោះអ្នកដែលប្រឈមនឹងការសាកល្បងនៃក្ដីជំនឿនេះដោយក្លាហាន ហើយនៅស្មោះចំពោះព្រះបញ្ញត្តិ!12 តែមនុស្សគ្រប់គ្នា ដែលមានសេរីភាពក្នុងការសម្រេចចិត្ត និង ជំនឿផ្ទាល់ខ្លួនរបស់គេ គួរទទួលបានចិត្តសប្បុរស និង ការគោរពពីយើងផងដែរ ។13
ព្រះអម្ចាស់មិនបានបង្រៀនយើងឲ្យស្រឡាញ់តែមិត្តយើងនោះទេ ក៏ឲ្យយើងស្រឡាញ់អ្នកគិតផ្ទុយពីយើងដែរ---សូម្បីតែអ្នកដែលបានបដិសេធយើងក្ដី ។ ទ្រង់មានបន្ទូលថា ៖ « ត្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណាដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាចអ្វី? » ...ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ?»14
ព្យាការី យ៉ូសែប ស៊្មីធ បានព្រមានយើងឲ្យ «ប្រុងប្រយ័ត្នពីឫកពាឆ្មើងឆ្មៃ» ហើយបើកចិត្តយើងចំពោះបុរសស្ត្រីគ្រប់រូប រហូតដល់យើងមានអារម្មណ៍ «ចង់លើកពួកគេដាក់លើស្មារ» ។15 ក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គ្មាននូវការចំអក ការបំពាន ឬការប្រកាន់សាសនាឡើយ ។
បើអ្នកឆ្ងល់ពីការប្រឹក្សារបស់ថ្នាក់ដឹកនាំសាសនាចក្រ សូមពិភាក្សានឹងឪពុកម្ដាយ និងថ្នាក់ដឹកនាំរបស់អ្នកអំពីកង្វល់ដ៏ស្មោះរបស់អ្នក ។ អ្នកត្រូវការកម្លាំងដែលកើតចេញពីការទុកចិត្តលើពួកព្យាការីរបស់ព្រះអម្ចាស់ ។ ប្រធាន ហារ៉ូល ប៊ី លី បានថ្លែងថា ៖ « សុវត្ថិភាពតែមួយគត់ដែលយើងមានក្នុងនាមជាសមាជិកសាសនាចក្រនេះគឺ...ត្រូវរៀនស្ដាប់បន្ទូល និង ព្រះបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានឲ្យ តាមរយៈព្យាការីទ្រង់ ។ ... វាជាអ្វីមួយដែលត្រូវការភាពអត់ធ្មត់ និង សេចក្ដីជំនឿ ។ អ្នកអាចនឹងមិនចូលចិត្តចំពោះអ្វីដែលកើតឡើង ។ ... វាអាចផ្ទុយពីទស្សនៈខាងនយោបាយ... ទស្សនៈខាងសង្គមរបស់អ្នក...វាអាចដាក់កំហិតដល់...ជីវិតអ្នកក្នុងសង្គម ។ តែបើអ្នកស្ដាប់រឿងទាំងនេះ ដូចជាវាចេញមកពីព្រះឱសរបស់ព្រះអម្ចាស់ផ្ទាល់ នោះ‹ទ្វារនរកនឹងពុំដែលឈ្នះអ្នកឡើយ... ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកំចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ...› (គ. និង ស. 21:6)» ។16
ការការពារដ៏អស្ចារ្យមួយទៀតពីខ្យល់គួចនៃជីវិត គឺព្រះគម្ពីរមរមន ។
កាលប្រធាន ហិនរី ប៊ី អាវរិង នៅក្មេង គ្រួសារគាត់បានផ្លាស់ទៅទីក្រុងថ្មីមួយ ។ ដំបូង គាត់បានឃើញថា ការប្ដូរលំនៅនោះគ្មានអ្វីរីករាយសោះ ហើយមានមិត្តតិច ។ លោកមានអារម្មណ៍ថា លោកមិនសូវចុះសម្រុងនឹងសិស្សនៅវិទ្យាល័យលោកទេ ។ ខ្យល់គួចនោះបានបោកបក់ឡើង ។ តើលោកបានធ្វើអ្វីខ្លះ? លោកបានចំណាយកម្លាំងដើម្បីសិក្សាព្រះគម្ពីរមរមន ដោយអានចប់ជាច្រើនដង ។17 ច្រើនឆ្នាំក្រោយមក ប្រធាន អាវរិង បានធ្វើទីបន្ទាល់ថា ៖ «ខ្ញុំ[ចូលចិត្ត]ត្រឡប់ទៅព្រះគម្ពីរមរមន ហើយទទួលការចិញ្ចឹមបីបាច់ខាងវិញ្ញាណជារឿយៗ»។18 «[វា]ជាទីបន្ទាល់ដែលបានសរសេរយ៉ាងមានឥទ្ធិពលបំផុតដែលយើងមានថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ»។19
ព្រះអម្ចាស់បានប្រទានវិធីមួយទៀត ដើម្បីឲ្យអ្នកឈរយ៉ាងរឹងមាំ វាជាអំណោយទានខាងវិញ្ញាណមួយ ដែលមានអំណាចលើសពីខ្យល់គួចនៃមារសត្រូវទៅទៀត! ទ្រង់បានថ្លែងថា ចូរ « ឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ» ។20
កាលខ្ញុំនៅក្មេង មានតែព្រះវិហារបរិសុទ្ធ 13 កន្លែងប៉ុណ្ណោះក្នុងសាសនាចក្រ ។ ឥឡូវនេះ មាន 142 កន្លែង ។ 85 ភាគរយនៃសមាជិកសាសនាចក្រ រស់នៅក្នុងចម្ងាយ 320 គ.ម. ពីព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់បានអនុញ្ញាតឲ្យជំនាន់អ្នកមានសិទ្ធិចូលទៅក្នុងព្រះវិហារបរិសុទ្ធទ្រង់ លើសពីជំនាន់ណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រពិភពលោក ។
តើអ្នកធ្លាប់ឈរក្នុងព្រះវិហារបរិសុទ្ធ ដោយស្លៀកពាក់ស រង់ចាំធ្វើបុណ្យជ្រមុជទឹកដែរទេ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? មាននូវអារម្មណ៍ដ៏អស្ចារ្យនៃភាពបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្ដីសុខសាន្តនៃព្រះអម្ចាស់ បានធ្វើឲ្យខ្យល់គួចនៃពិភពលោកស្ងប់បាត់ ។
អារម្មណ៍ដែលអ្នកមានក្នុងព្រះវិហារបរិសុទ្ធ គឺជាលំនាំមួយពីអារម្មណ៍ដែលអ្នកចង់បាននៅក្នុងជីវិតនេះ ។21
សូមស្វែងរកជីដូនជីតា និង បងប្អូនសាច់ឆ្ងាយរបស់អ្នក ដែលបានចែកឋានទៅ ។ សូមយកឈ្មោះពួកគាត់ទៅព្រះវិហារបរិសុទ្ធជាមួយអ្នក។22 ពេលអ្នករៀនពីជីដូនជីតាអ្នក នោះអ្នកនឹងឃើញពីលំនាំនៃជីវិត ការរៀបការ និងកូនចៅ ។ លំនាំនៃភាពសុចរិត ហើយពេលខ្លះជាលំនាំដែលអ្នកនឹងចង់ជៀសវាង។23
ក្រោយមកទៀតនៅក្នុងព្រះវិហារបរិសុទ្ធ អ្នកនឹងរៀនបន្ថែមទៀតពីការបង្កបង្កើតនៃពិភពលោកនេះ ពីលំនាំនៅក្នុងជីវិតរបស់អ័ដាម និង នាងអេវ៉ា ហើយសំខាន់បំផុត គឺអំពីព្រះអង្គសង្គ្រោះយើង ។
បងប្អូនប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ យើងស្រឡាញ់ ហើយកោតសរសើរដល់អ្នកខ្លាំងណាស់ ហើយបានអធិស្ឋានសម្រាប់អ្នក ។ ចូរកុំឲ្យខ្យល់គួចនោះអូសទាញបានឡើយ ។ នេះជាជំនាន់អ្នក---ដើម្បីឈរយ៉ាងរឹងមាំក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។24
សូមសង់គ្រឹះរបស់អ្នកឲ្យកាន់តែរឹងមាំនៅលើសិលានៃព្រះប្រោសលោះនៃអ្នក ។
សូមឲ្យតម្លៃដល់ឆាកជីវិត និង ការបង្រៀនដ៏អស្ចារ្យរបស់ទ្រង់ ឲ្យបានពេញលេញ ។
សូមធ្វើតាមគំរូ និង ព្រះបញ្ញត្តិទ្រង់ ឲ្យកាន់តែឧស្សាហ៍ថែមទៀត ។
សូមឱបក្រសោបឲ្យជាប់នឹងក្ដីស្រឡាញ់ សេចក្តីមេត្តា និង ព្រះគុណទ្រង់ ព្រមទាំងអំណោយទានដ៏អស្ចា្យនៃដង្វាយធួនទ្រង់ ។
បើអ្នកធ្វើដូច្នោះ ខ្ញុំសូមសន្យានឹងអ្នកថា អ្នកនឹងឃើញខ្យល់គួចនោះយ៉ាងច្បាស់---ជាការសាកល្បង ការល្បួង ការអូសទាញ ឬឧបសគ្គ ដើម្បីជួយអ្នកឲ្យរីកចម្រើន ។ ហើយពេលអ្នករស់នៅដោយសុចរិតពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំគិតថា បទពិសោធន៍របស់អ្នកនឹងបញ្ជាក់ដល់អ្នកម្ដងហើយម្ដងទៀតថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ សិលាខាងវិញ្ញាណដែលស្ថិតនៅក្រោមជើងអ្នក នឹងរឹងមាំ ហើយនឹងមានសុវត្ថិភាព ។ អ្នកនឹងរីករាយ ដែលព្រះបានដាក់អ្នកនៅទីនេះ ដើម្បីជាផ្នែកមួយនៃការរៀបចំចុងក្រោយសម្រាប់ការយាងមកដ៏រុងរឿងរបស់ទ្រង់ ។
ព្រះអម្ចាស់បានមានបន្ទូលថា « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ» ។25 នេះជាការសន្យារបស់ទ្រង់ចំពោះអ្នក ។ ខ្ញុំដឹងថា ការសន្យានេះពិត ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។